បទវិចារណកថា៖ ទោះមិនមានអង្គមីទ្ទីង និងការជួបជុំធំដុំ ក៏ថ្ងៃនេះនៅតែជាថ្ងៃកំណើតទី២ របស់កម្ពុជា
#បទវិចារណកថា
ព្រឹត្តិការណ៍នៃការជួបជុំប្រារព្ធពិធីរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ មិនមានរៀបចំធំដុំទេ ប៉ុន្តែថ្ងៃនេះនៅតែជាខួបកំណើតទី២របស់ប្រជាពលរដ្ឋកម្ពុជា ហើយក៏នៅតែជាថ្ងៃប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបាន ជាពិសេសគឺទុក្ខវេទនា ដែលពលរដ្ឋបានឆ្លងកាត់នៅក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
មូលហេតុចម្បងដែលពិធីរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា មិនអាចរៀបចំបានដូចរាល់ដងគឺដោយ សារតែកម្ពុជាកំពុងតែស្ថិតនៅក្នុងអំឡុងពេលនៃការអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយមួយ ក្រោយពេលដែលថៃបានបង្កសង្រ្គាមឈ្លានពានកម្ពុជាទាំងកំរោល ក្នុងគោលបំណងដណ្តើមកាន់កាប់ទឹកដី និងប្រាង្គបា្រសាទនានាក្នុងបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែន ក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួន។
នៅក្នុងស្ថានភាពបែបនេះ ទោះបីជាមិនមានការជួបជុំ ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែបន្តរំឭកនូវរឿងរ៉ាវប្រវត្តិសាស្រ្តនៅមុន៤៧ឆ្នាំកន្លងទៅ។ កុំបំភ្លេចប្រវត្តិនៃទុក្ខវេទនាដែលយើងបានជួបប្រទះ ហើយក៏កុំប្រហែសនឹងស្ថានភាពនៃការគំរាមកំហែងសន្តិភាពនៅកម្ពុជានាសម័យបច្ចុប្បន្ន ដោយរួមទាំងមហិច្ឆិតានៃប្រទេសថៃ ដែលបានអនុវត្តមកលើប្រទេសកម្ពុជាជាបន្តបន្ទាប់ នៅក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ជាពិសេសគឺព្រឹត្តិការណ៍ចុងក្រោយដែលកើតមានឡើងនៅក្នុងរយៈពេល ២១ ថ្ងៃ ពោលគឺពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែដឹកនាំរាជរដ្ឋាភិបាល បានផ្ញើសាររំលឹកព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត៤៧ ឆ្នាំកន្លងទៅនេះហើយមិនតែប៉ុណ្ណោះ សម្តេចក៏បានរំលេចនូវអ្វីដែលថៃបានបង្កមកលើកម្ពុជា ដូច្នេះវាក៏ជាព្រឹត្តិការណ៍មួយ ដែលយើងទាំងអស់គ្នាត្រូវតែចងចាំ។
សកម្មភាពដែលថៃបានបង្កមកលើកម្ពុជានៅរយៈពេល២១ ថ្ងៃចុងក្រោយនេះ តាមរយៈការបើកការឈ្លានពានទាំងបំពាន ហើយវាយប្រហារមកលើកម្ពុជាដោយមិនរើសគោលដៅទោះជាស៊ីវិល ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទ ទាំងជើងគោក អាកាស និងជើងទឹក ដែលបណ្តាលឱ្យជនស៊ីវិល ៣២នាក់ស្លាប់ របួសជាង ៩០នាក់ ភៀសសឹកជាង ៦០ម៉ឺននាក់ ដែលរហូតមកដល់ពេលនេះ មានគ្រួសារជាច្រើននៅមិនទាន់បានវិលត្រឡប់ទៅលំនៅស្ថានរបស់ពួកគេបាននៅឡើយទេ ដោយសារតែយោធាថៃ បានបំពានដែនអធិបតេយ្យភាពកម្ពុជា ១៤ទីតាំង នៅពេលដែលប្រទេសទាំងពីរកំពុងតែអនុវត្តបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ តំបន់ទាំងនោះ រួមមាន ភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកូន នៃខេត្តបន្ទាយមានជ័យ តំបន់ភ្លុកដំរី និងច្រកអន្តរជាតិថ្មដា ឬច្រកជ័យជំនះ នៃខេត្តពោធិ៍សាត់ តំបន់អានសេះ តំបន់តាថាវ និងតំបន់ភ្នំទ្រព្យ នៃខេត្តព្រះវិហារ និងតំបន់អូស្មាច់ ប្រាសាទខ្នារប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូលគ្រួស នៃខេត្តឧត្តរមានជ័យ។
មកដល់ពេលនេះ ផលវិបាកចម្បងមួយទៀត នៃអំពើឈ្លានពានដ៏ឃោឃៅរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានបើកការវាយប្រហារនៅក្នុងទឹកដីនៃខេត្តចំនួន៧ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប គឺសំណល់គ្រាប់មិនទាន់ផ្ទុះ សំណល់នៃសាធារតុគីមីពុល ឥទ្ធិពលនៃគ្រាប់បែកចង្កោមដែលថៃបានប្រើប្រាស់មកលើកម្ពុជា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន វត្តអារាម លំនៅស្ថានប្រជាពលរដ្ឋ មន្ទីរពេទ្យ ប្រាសាទបុរាណជាដើម ហើយអ្វីដែលសំខាន់នោះ គឺពលរដ្ឋស៊ីវិលរាប់ពាន់នាក់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅស្ថានវិញបាន ដោយសារតែយោធាថៃបានព័ទ្ធយក ដោយដាក់ទូកុងទឺន័រ រាយបន្លាលួស និងដោតទង់ជាតិ។
កម្ពុជាតែងតែចាត់ទុកសន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់ខ្លួន ពីព្រោះតែយើងធ្លាប់ហែលឆ្លងសង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រហូតដល់របបប្រល័យពូជសាសន៍ និងសង្រ្គាមស៊ីវិលបន្តនៅព្រំដែន ដែលអូសបន្លាយរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ចាប់តាំងពីពេលនោះមក ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុខសន្តិភាពពេញលេញ និងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែទើបតែប៉ុន្មានខែចុងក្រោយនេះ ដែលយើងត្រូវជួបប្រទះសង្រ្គាមជាថ្មី ដែលបង្កដោយយោធាថៃ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវគ្រប់វិធានការទាំងស្វ័យការពារខ្លួន ការចរចា ការបើកសមរភូមិការទូត រហូតដល់សម្រេចបាននូវបទឈប់បាញ់។ ប៉ុន្តែអ្វីដែលកម្ពុជាបានរងគ្រោះគឺមិនទាន់បញ្ចប់ទេ ហើយកម្ពុជាក៏មិនធ្វើសម្បទានអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួន ដូច្នេះសូមអត់ធ្មត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល ដើម្បីយើងអាចរក្សាបាននូវសន្តិភាព ស្ថេរភាព និងវិបុលភាពសម្រាប់កម្ពុជា និងតំបន់ទាំងមូល។
សរុបទៅ ទោះបីជាពិធីរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំនេះ មិនអាចរៀបចំបានយ៉ាងធំដុំដូចរាល់ដងក្តី ក៏តម្លៃប្រវត្តិសាស្រ្ត និងអត្ថន័យជីវិតរបស់ថ្ងៃនេះនៅតែជាសញ្ញានៃ “ការចាប់កំណើតជាថ្មី” របស់ប្រជាជនកម្ពុជា និងជាការរំលឹកអំពីទុក្ខវេទនាដែលប្រទេសជាតិ និងប្រជាពលរដ្ឋបានឆ្លងកាត់។ ក្នុងបរិបទបច្ចុប្បន្ន កម្ពុជាកំពុងប្រឈមមុខនឹងការគំរាមកំហែងសន្តិភាព និងអធិបតេយ្យភាពពីសកម្មភាពឈ្លានពានរបស់ថៃ ដែលបានបង្កឱ្យមានការបាត់បង់ជីវិត ការរងរបួស ការភៀសសឹក និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើន។ ស្ថានភាពនេះបង្ហាញថា ការរំឭកប្រវត្តិសាស្រ្តមិនមែនគ្រាន់តែជាការចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាការរំឭកឱ្យមានការប្រុងប្រយ័ត្នចំពោះបច្ចុប្បន្ន និងអនាគត។ ក្នុងនាមជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមយូរអង្វែង កម្ពុជាបានជ្រើសរើសផ្លូវសន្តិភាព តាមរយៈការការពារខ្លួន ការចរចា និងការទូត ដោយមិនធ្វើសម្បទានលើអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិឡើយ។ ដូច្នេះ ការរួបរួម ស្មារតីអត់ធ្មត់ និងការជឿទុកចិត្តលើរាជរដ្ឋាភិបាល គឺជាគន្លឹះសំខាន់ ដើម្បីរក្សាសន្តិភាព ស្ថេរភាព និងវិបុលភាពរបស់កម្ពុជាឱ្យបានយូរអង្វែងបន្តទៀត៕
AKP






