Grand News Asia Close

សន្តិភាពរបស់កម្ពុជាកំពុងត្រូវបានបំផ្លាញដោយសកម្មភាពឈ្លានពានរបស់ថៃ

ដោយ៖ សុវណ្ណា ពិទូ ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1006
សន្តិភាពរបស់កម្ពុជាកំពុងត្រូវបានបំផ្លាញដោយសកម្មភាពឈ្លានពានរបស់ថៃ សន្តិភាពរបស់កម្ពុជាកំពុងត្រូវបានបំផ្លាញដោយសកម្មភាពឈ្លានពានរបស់ថៃ

”សន្តិភាព” គឺជានិម្មិតិរូបប្រវត្តិសាស្ត្រដ៏មានតម្លៃនិងមានសារៈសំខាន់មិនអាចកាត់ថ្លៃបានរបស់ប្រទេសកម្ពុជា ដែលត្រូវរកបានដោយការលំបាកបំផុតតាមរយៈការលះបង់អាយុជីវិតរបស់ប្រជាជននិងថ្នាក់ដឹកនាំកម្ពុជាជាច្រើននាក់និងច្រើនជំនាន់មកហើយ។ បន្ទាប់ពីសង្គ្រាម អស្ថិរភាព និងវិបត្តិនយោបាយដ៏យូរអង្វែងរបស់កម្ពុជាបានឈានមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយ។ ប៉ុន្តែពេលនេះសន្តិភាពរបស់កម្ពុជា កំពុងប្រឈមនឹងការរង្គោះរង្គើនិងបំផ្លិចបំផ្លាញជាបន្តបន្ទាប់ ដោយសារសកម្មភាពឈ្លានពាន និងការរំលោភបំពានលើអធិបតេយ្យភាពជាតិកម្ពុជាពីសំណាក់ភាគីល្មោភសង្គ្រាមឈ្លានពានថៃនៅតាមតំបន់ព្រំដែន។

ប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ថៃ គឺពោរពេញដោយភាពស្មុគស្មាញ និងបញ្ហាជម្លោះព្រំដែនកើតចេញការបកស្រាយផែនទីមិនស្របគ្នា បញ្ហាប្រាសាទ និងដែនដីមួយចំនួន បានក្លាយទៅជាចំណុចក្ដៅផ្នែកនយោបាយ។ កត្តាសំខាន់ ដែលជំរុញឲ្យកើតមានសកម្មភាពឈ្លានពានពីភាគីថៃ មិនមែនមានតែបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធជាមួយនយោបាយផ្ទៃក្នុងថៃផងដែរ។ នៅពេលដែលវិបត្តិផ្ទៃក្នុងរបស់ថៃឡើងកម្តៅនិងមានការបែកបាក់ ពេលនោះមេដឹកនាំថៃគ្រប់ជំនាន់តែងតែបង្វែរស្ថានការណ៏ដើម្បីស្តារប្រជាប្រិយភាពតាមរយៈការយកបង្កើតជម្លោះព្រំដែនធ្វើជាត្រីមុខ ជាពិសេស ក្នុងគ្រាដែលថៃប្រឈមនឹងវិបត្តិសេដ្ឋកិច្ច នយោបាយ និងការបែងចែកអំណាច ។ ការលើកយកបញ្ហាជាតិនិយម និងជម្លោះជាមួយប្រទេសជិតខាងតែងត្រូវបានប្រើជាឧបករណ៍ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណៈ។ ដោយសារកម្ពុជាធ្លាប់មានប្រវត្តិជម្លោះស្តីអំពីបញ្ហាព្រំដែននេះស្រាប់ជាយូរមកហើយ ដូច្នេះជាញឹកញាប់បញ្ហាព្រំដែនតែងត្រូវបានក្លាយជាគោលដៅយុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងនយោបាយរបស់ប្រទេសថៃជាញឹកញាប់។

ដូច្នេះហើយទើបបានជាធ្វើឲ្យកម្ពុជារមែងត្រូវក្លាយជាជនរងគ្រោះ ដោយថៃតែងតែអូសទាញកម្ពុជាឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃភ្លើងសង្គ្រាមជាមួយខ្លួនជារើយៗដូចពេលនេះជាដើម។ ទោះជាយ៉ាងណា ពេលនេះ ទាំងក្នុងតំបន់ និងពិភពលោក កំពុងលើកទឹកចិត្តការដោះស្រាយជម្លោះដោយសន្តិវិធី សកម្មភាពប្រើកម្លាំង ការរំលោភឈ្លានពានចូលតំបន់ព្រំដែន ការគំរាមកំហែងយោធាឬការរំលោភកិច្ចព្រមព្រៀងសន្តិភាពបង្កឡើងដោយភាគីថៃ គឺជាការធ្វើឲ្យសន្តិភាពមួយដែលកម្ពុជាកំពុងថែរក្សាការពារ ត្រូវរងការបំផ្លិចបំផ្លាញដោយយោធាថៃយ៉ាងគួរឲ្យព្រួយបារម្ភបំផុត។

ផលប៉ះពាល់នៃសកម្មភាពឈ្លានពាននេះ មិនត្រឹមតែប៉ះពាល់ដល់ផ្នែកយោធា និងសន្តិសុខជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទីតាំង អាជីវកម្ម ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើននាក់បានរងរបួស ស្លាប់ និងប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបង្ខំចិត្តត្រូវជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីគេចចេញពីការវាយប្រហារដោយកម្រោលនិងដោយគ្មានរើសមុខពីសំណាក់យោធាថៃ។ ពិសេសជាងនេះទៅទៀត គឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន សកម្មភាពពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងភាពជឿជាក់របស់សហគមន៍អន្តរជាតិ។ កសិករ ពាណិជ្ជករ កម្មករ និងពលរដ្ឋធម្មតា គឺជាអ្នករងគ្រោះដោយផ្ទាល់ ពីការបិទច្រកព្រំដែន ការរឹតបន្តឹងចរាចរណ៍ និងបរិយាកាសភ័យខ្លាចដែលកើតឡើងរៀងរាល់ពេលមានភាពតានតឹង។

សកម្មភាពវាយប្រហាររបស់យោធាថៃខាងលើនេះ មិនមែនគ្រាន់តែជាការប៉ះទង្គិចតាមព្រំដែននោះទេ ប៉ុន្តែគឺជាសង្គ្រាមឈ្លានពានយ៉ាងពិតប្រាកដនិងជាការបង្កឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដោយបង្កឲ្យមានការស្លាប់បាត់បង់អាយុជីវិត រងរបួស ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងធ្ងន់ធ្ងរដ៏គួរឱ្យសោកស្តាយជាទីបំផុត។

នៅមុខស្ថានការណ៍ដ៏ស្មុគស្មាញនិងគ្រោះថ្នាក់នេះ កម្ពុជាបានបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព ការអត់ធ្មត់ និងការដោះស្រាយតាមផ្លូវការទូត និងច្បាប់អន្តរជាតិ។ រដ្ឋាភិបាលកម្ពុជា បានបន្តប្រើប្រាស់យន្តការទ្វេភាគី ការចរចា និងតាមរយៈផ្លូវច្បាប់អន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌ដោយសន្តិវិធី។ ទោះជាយ៉ាងណា ការអត់ធ្មត់ និងការមិនចង់បង្កសង្រ្គាម មិនមានន័យថា កម្ពុជាត្រូវលះបង់អធិបតេយ្យភាពរបស់ខ្លួនឡើយ។ ការការពារដែនដី និងសុវត្ថិភាពជាតិ គឺជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែងណាស់ សន្តិភាព មិនអាចកើតចេញពីការប្រើចុងអាវុធ កម្លាំងទ័ព ឬការគំរាមកំហែងដាក់គ្នាបានឡើយ។ សន្តិភាពពិតប្រាកដ ត្រូវតែកើតចេញពីការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការគោរពច្បាប់អន្តរជាតិ និងការទទួលខុសត្រូវរួមគ្នាក្នុងនាមជាប្រទេសជិតខាង។ កម្ពុជាបានជ្រើសរើសផ្លូវសន្តិភាពសម្រាប់ប្រទេសរបស់ខ្លួនជាយូរមកហើយ ប៉ុន្តែសន្តិភាពនេះ អាចត្រូវរក្សាបានទាល់តែភាគីថៃ បញ្ឈប់សកម្មភាពឈ្លានពាន និងត្រឡប់មកកាន់តុចរចា ដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ជាពិសេស ត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ បើថៃជាប្រទេសមួយដែលបានប្រកាសក្តែងៗថា ជាអ្នកស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិមែន គួរណាស់ទាំងរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយព្រំដែនដោយសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា ហើយមិនត្រូវវាយប្រហារលើជនស៊ីវិល ក្រោមហេតុផលជាលេសដើម្បីធ្វើអំណះអំណាងដោយគ្មានមូលដ្ឋានអ្វីទាំងអស់ក្នុងការដណ្តើមយកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបាននោះទេ។
ផ្ទុយទៅវិញ ការសម្រេចចិត្តងាកថយក្រោយរបស់ថៃ ចេញពីអំពើឈ្លានពានមកលើកម្ពុជា អាចជាបច្ច័យល្អខ្លះៗ ដើម្បីស្តារមុខមាត់ និងអំពើឈ្លានពានរបស់ខ្លួនបានទាន់ពេលវេលា ដែលមេដឹកនាំថៃមិនអាចតាំងខ្លួនឯងជ្រុលហួសហេតុធ្វើជា មេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនោះទេ ។ ប្រមុខដឹកនាំរបស់កម្ពុជា និងកងទ័ពដ៏ក្លាហានរបស់កម្ពុជា ក្រោមស្មារតីសាមគ្គីភាពជាតិដ៍រឹងមាំ ជាពិសេស ប្រជាជននិងសហគមន៏អន្តរជាតិនឹងមិនអាចឈរឱបដៃមើលអំពើឈ្លានពានមកលើប្រជាជន និងដែនអធិបតេយ្យរបស់កម្ពុជាទាំងកំរោល និងការបំផ្លិចបំផ្លាញបង្កសង្គ្រាមដោយថៃតាមតែអំពើចិត្តបានឡើយ។ការជ្រើសរើសក្នុងការប្រើប្រាស់កម្លាំងយោធានិងសព្វាវុធដើម្បីវាតទីដណ្តើមទឹកដីនិងចង់កែប្រែប្រវត្តិសាស្ត្រគឺមិនអាចធ្វើឡើងបាននោះទេនៅក្នុងយុគសម័យនាពេលបច្ចុប្បន្ននេះ៕

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង