Grand News Asia Close

តំបន់ព្រំដែនកំពុងឡើងកម្តៅ៖ កម្ពុជាចាប់យកសន្តិវិធីមិនតបត ទល់នឹងការប្រើអាវុធរបស់ថៃ

ដោយ៖ Morm Sokun ​​ | 18 ម៉ោងមុន ទស្សនៈ-Opinion 1014
តំបន់ព្រំដែនកំពុងឡើងកម្តៅ៖ កម្ពុជាចាប់យកសន្តិវិធីមិនតបត ទល់នឹងការប្រើអាវុធរបស់ថៃ តំបន់ព្រំដែនកំពុងឡើងកម្តៅ៖ កម្ពុជាចាប់យកសន្តិវិធីមិនតបត ទល់នឹងការប្រើអាវុធរបស់ថៃ

 

តាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថានភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានព្រឹត្តិការណ៍បាញ់ប្រហារពីសំណាក់កម្លាំងយោធាថៃជាច្រើនលើកក្នុងពេលថ្មីៗនេះ។ ការចល័តកងទ័ព និងអាវុធធុនធ្ងន់ជាច្រើនចូលមកក្នុងតំបន់ជម្លោះបណ្តាលឲ្យបរិយាកាសសន្តិសុខនៅតាមបណ្តោយព្រំដែនឈានទៅឡើងកម្តៅ និងបង្កជាការព្រួយបារម្ភអំពីហានិភ័យដោយការបំផ្ទុះសង្គ្រាមបង្កឡើងដោយយោធាថៃ។

ព្រឹត្តិការណ៍ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានក្លាយជាចំណុចចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះយោធាថៃបានបើកការវាយប្រហារចំនួនពីរលើកតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ជិតព្រំដែនផ្សេងៗទៀត។ ទោះបីជាត្រូវបានវាយប្រហារជាច្រើនលើក កងកម្លាំងកម្ពុជានៅតែមិនបានតបតវិញឡើយ ដោយនៅតែបន្តគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួ និងគោលការណ៍អន្តរជាតិជាចម្បង។ ការគោរពបទបញ្ជានិងការអត់ធ្មត់របស់យោធាកម្ពុជានេះបានក្លាយជាភស្តុតាងបង្ហាញពីបំណងពិតប្រាកដរបស់កម្ពុជា ក្នុងការទប់ស្កាត់ក្នុងការធ្លាក់ចូលទៅក្នុងជម្លោះនៃការវាយប្រយុទ្ធគ្នាជាថ្មីទៀត។

សកម្មភាពបំពានកិច្ចព្រមព្រៀង និងបង្កភាពតានតឹងនេះបើ តាមសេចក្តីថ្លែងការណ៍ផ្លូវការ របស់ក្រសួងការពារជាតិ ការវាយប្រហាររបស់ភាគីថៃបានចាប់ផ្តើមតាំងពីម៉ោង ០៥:០៤ នាទីព្រឹក ដោយប្រើទាំងកងទ័ពជើងគោក រថក្រោះ និងអាវុធធុនធ្ងន់ជាច្រើនទៀតវាយប្រហារមកលើទឹកដីកម្ពុជា។ មុនព្រឹត្តិការណ៍នេះ ក៏មានការបាញ់ ផ្លោងរំខានជាច្រើនលើកនៅតំបន់ព្រលានថ្ម ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ចំការចេក ដែលបង្ហាញពីការកើនឡើងនៃសកម្មភាពបំពានជាបន្តបន្ទាប់។

ការយកអាវុធធុនធ្ងន់ចូលតំបន់ជម្លោះ និងការបាញ់គ្រាប់កាំភ្លើងជាច្រើនលើក ក្នុងចេតនាបង្កសង្គ្រាមជាថ្មីរបស់យោធាថៃ ត្រូវបានចាត់ទុកជាការបំពានច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពធ្ងន់ធ្ងរណាស់។ អ្នកវិភាគខ្លះមើលឃើញថា សកម្មភាពនេះអាចពាក់ព័ន្ធនឹងការចង់ប្រើអារម្មណ៍បែបជាតិនិយម សម្រាប់គោលដៅនយោបាយក្នុងស្រុករបស់ថៃ ឬក្នុងបំណងបង្កសម្ពាធលើដំណើរការចរចាព្រំដែន។

រីឯកម្ពុជាវិញកំពុងប្រើប្រាស់សន្តិវិធីជំនួសអាវុធ ដោយកម្ពុជាបានថ្កោលទោសសកម្មភាពបញ្ឆេះសង្គ្រាមនេះ និងជំរុញឲ្យសហគមន៍អន្តរជាតិ និងអាស៊ានឲ្យចូលរួមជួយដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃនេះតាមផ្លូវសន្តិវិធី។ ទោះបីជាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយយោធាថៃបានក៏ដោយក៏ កងកម្លាំងកម្ពុជានៅតែមិនប្រើប្រាស់អាវុធតបតទៅវិញដែរព្រោះ ដើម្បីជៀសវាងការបង្កើតជម្លោះដែលនាំឲ្យកើតចេញទៅជាសង្គ្រាមបង្ហូរឈាម និងចង់រក្សាឲ្យបាននូវស្ថិរភាពក្នុងតំបន់។

ជំហរនេះមិនមែនបង្ហាញពីការខ្សោយនៃសមត្ថភាពយោធាកម្ពុជាទេ ប៉ុន្តែជាការប្រើយុទ្ធសាស្ត្រមិនចង់ឱ្យមានសង្ក្រាមកើតឡើង ក្នុងន័យ ព្យាយាមរក្សាសន្តិភាព បង្កើនទំនុកចិត្តអន្តរជាតិ និងបញ្ជាក់ពីការគោរពច្បាប់អន្តរជាតិរបស់កម្ពុជា។ នេះសរបញ្ជាក់ឲ្យឃើញថាកម្ពុជា មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយជម្លោះតាមការទូត មិនមែនតាមអាវុធ។

គួរបញ្ជាក់ផងដែរថា ការមិនគោរពកិច្ចព្រមព្រៀងអន្តរជាតិរបស់ភាគីថៃ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសន្តិសុខនៅអាស៊ានទាំងមូល។ សកម្មភាពវាយប្រហារនេះមិនត្រឹមតែធ្វើឲ្យមានហានិភ័យនៃការផ្ទុះសង្គ្រាមទេ ប៉ុន្តែអាចធ្វើឲ្យមានការវាយតម្លៃឡើងវិញពីជំនឿងទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះភាពទទួលខុសត្រូវ និងតួនាទីរបស់ថៃក្នុងតំបន់ផងដែរ។

ព្រឹត្តិការណ៍ថ្ងៃទី៨ ធ្នូ ២០២៥ បង្ហាញយ៉ាងច្បាស់ពីការចង់បង្កភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ និងចង់បំផ្លាញកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគួឡាឡាំពួរបស់ភាគីថៃយ៉ាងពិតប្រកដ។ ម្យ៉ាងវិញទៀត កម្ពុជាបានបង្ហាញឲ្យឃើញពីភាពរឹងមាំទាំងយោធា និងឆន្ទៈសន្តិភាព ដោយប្រើការទូតជាឧបករណ៍សំខាន់ក្នុងការទប់ស្កាត់ជម្លោះ។ ដែលនេះជាការរក្សាជំហរបានយ៉ាងល្អ និងមានទំនួលខុសត្រូវខ្ពស់ ដែលកំពុងពង្រឹងភាពជឿទុកចិត្តពីអន្តរជាតិ និងបញ្ជាក់ថាកម្ពុជាជាប្រទេសចង់បានសន្តិភាព មិនមែនជាភាគីដែលចង់បង្កសង្គ្រាមឡើយ។

ទោះបីយ៉ាងណា ក្នុងស្ថានភាពដ៏អាក្រក់ បង្កឡើងដោយយោធាថៃ បាញ់ប្រហារមកលើកម្ពុជានេះ អ្វីដែលកំពុងប្រឈមមុខខ្លាំង គឺប្រមុខដឹកនាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់ មកកាន់តំបន់សុវត្ថិភាព និងបានបញ្ជាក់ថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ ។ សម្តេច ហ៊ុន សែន រំលឹកទៅកាន់មេបញ្ជាការគ្រប់ជាន់ថ្នាក់ អប់រំបងប្អូន នាយទាហាន ពលទាហាន ឱ្យបានយល់ដឹងគ្រប់ៗគ្នា ក្នុងស្ថានភាពនេះ ។

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យសាស្ត្រនយោបាយ

អត្ថបទទាក់ទង