វិភាគអន្តរជាតិ៖ លោក ត្រាំ នឹងធ្វើទស្សនកិច្ចមកកាន់តំបន់អាស៊ី តើនឹងមានរឿងអ្វីកើតឡើង?
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីនៅចុងសប្ដាហ៍នេះ ក្នុងបរិបទភាពមិនច្បាស់លាស់នៃអនាគតសេដ្ឋកិច្ចរបស់ពិភពលោក និងថាតើរូបលោកអាចនឹងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មអំឡុងកិច្ចប្រជុំមួយដែលត្រូវបានគ្រោងទុកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានដែរឬក៏យ៉ាងណា? ការដើរជំហានខុសណាមួយអាចនឹង ដាក់សម្ពាធបន្ថែមលើឧស្សាហកម្មអាមេរិកដែលកំពុងរងសម្ពាធស្រាប់ដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ ការបិទរដ្ឋាភិបាល និងជម្លោះនយោបាយ។
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២ កាលពីខែមករាមក យុទ្ធសាស្ត្រគ្មានការព្រាងទុករបស់លោក ត្រាំសម្រេចបានទាំងជោគជ័យ និងបរាជ័យ។ ក្នុងនោះហាម៉ាសបានប្រគល់ ចំណាប់ខ្មាំងទៅឱ្យអ៉ីស្រាអែល ប៉ុន្តែបទឈប់បាញ់ហ្កាហ្សានៅតែមានលក្ខណៈផុយស្រួយ។ រីឯសង្រ្គាមពាណិជ្ជកម្មជាមួយចិន ម្ដងឡើងកម្ដៅ ម្ដងចុះត្រជាក់ ហើយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅតែមិនទាន់អាចត្រូវបានដោះស្រាយបញ្ចប់នៅឡើយទេ បើទោះជាមានកិច្ចប្រឹងប្រែងយ៉ាងខ្លាំងរបស់លោក ត្រាំក៏ដោយ។ លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី២០ ខែតុលាថារូបលោកមានគម្រោង ធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងបន្ទាប់មក នឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុន។ លោកក៏គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងផងដែរ ជាទីដែលរូបលោកត្រូវបានរំពឹងថានឹងជួបលោក ស៊ី ជីនពីង។ ខាងក្រោមនេះជាចំណុចសំខាន់ៗគួរដឹងពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៊ី៖
* ជាដំណើរទស្សនកិច្ចដំបូងរបស់លោក ត្រាំមកកាន់តំបន់អាស៊ី ក្នុងអាណត្តិទី២
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក ត្រាំមកកាន់តំបន់អាស៊ី ចាប់តាំងពីបានត្រឡប់មកកាន់អំណាចសាជាថ្មីកាលពីខែមករាមក។ លោក ត្រាំ បានរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំជាច្រើនរូប មកពីតំបន់អាស៊ីនៅឯសេតវិមាន តែលោកមិនទាន់អាចពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំអាស៊ីដូចដែលលោកបានពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំនៅលើទ្វីបផ្សេងទៀតនោះទេ។ លោកស្រី Anna Kelly អ្នកនាំពាក្យរបស់ប្រធានាធិបតីអាមេរិក បាននិយាយថាលោក ត្រាំនឹងចូលរួមក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ជាច្រើននៅក្នុងតំបន់អាស៊ីដែលនឹងសម្រេចបាននូវកិច្ចព្រមព្រៀងដ៏អស្ចារ្យជាច្រើនសម្រាប់ សហរដ្ឋអាមេរិក។ យុទ្ធសាស្ត្ររបស់លោក ត្រាំ ចំពោះអាស៊ីគឺផ្តោតលើការប្រើប្រាស់ការគំរាមដំឡើងពន្ធគយ ដើម្បីដោះស្រាយនូវអ្វីដែលលោកហៅថាជាការអនុវត្តពាណិជ្ជកម្មមិនស្មើភាព និងបណ្ដាប្រទេស ដែលលោកចោទថារកស៊ីកេងចំណេញលើសហរដ្ឋអាមេរិក។ ក្រៅពីនេះ វាក៏មានការព្រួយបារម្ភផងដែរអំពីជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ព្រមទាំងលទ្ធភាពដែលភាពតានតឹងរវាងមេដឹកនាំទាំង២ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកក្រឡាប់ចាក់។
លោកស្រី Bonnie Glaser ជាអ្នកជំនាញមកពីស្ថាប័ន German Marshall Fund មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «ប្រាកដណាស់ បណ្ដាប្រទេសក្នុងតំបន់នឹងសាទរវត្តមានរបស់ លោក ដូណាល់ ត្រាំ ប៉ុន្តែលោកស្រីមិនគិតនោះទេថាវត្តមានរបស់លោក ត្រាំ អាចនឹងលុបបំបាត់ការសង្ស័យរបស់ពួកគេចំពោះសហរដ្ឋអាមេរិក»។ លោក Michael Green វិញដែលធ្លាប់បម្រើការក្នុង ក្រុមប្រឹក្សាសន្តិសុខជាតិក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក George W. Bush’s និងសព្វថ្ងៃជាថ្នាក់ដឹកនាំនៃស្ថាប័ន United States Studies Centre ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បាននិយាយថាវាមិនមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់តំបន់អាស៊ីឡើយពីលោក ត្រាំ ហើយគេគ្រប់គ្នាមានតែរង់ចាំមើលថាតើលោក ត្រាំ នឹងធ្វើអ្វីតទៅទៀត។ ចំណែកអ្នកជំនាញផ្សេងទៀតយល់ថាវិធីសាស្ត្រ របស់លោក ត្រាំ ផ្ដោតតែមួយគត់លើផលចំណេញ។ «តែទោះជាបែបនេះក្ដី ជប៉ុន និងកូរ៉េខាងត្បូងនៅតែមានបំណងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក»។ នេះជាការយល់ឃើញរបស់លោក Anthony Kim ជាអ្នកជំនាញខាងកិច្ចការសេដ្ឋកិច្ចអន្តរជាតិមកពីស្ថាប័ន Heritage Foundation។
* គម្រោងរបស់លោក ត្រាំ អាចប្រែប្រួលបានគ្រប់ពេល
ម៉ាឡេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងគូឡាឡាំពួក្នុងនាមជាប្រធានប្ដូរវេន ជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំមួយដែលលោក ត្រាំ បានចូលរួមតែមួយលើកគត់កាលពីអាណត្តិទី១ ហើយ សូម្បីតែប្រជុំតាមប្រព័ន្ធវីដេអូ អំឡុងការឆ្លងរាតត្បាតកូវីដ១៩ ក៏លោកមិនបានចូលរួមនោះដែរ។ យ៉ាងនេះក្ដី កិច្ចប្រជុំកំពូលក្នុងឆ្នាំនេះបានផ្ដល់ឱកាសមួយឱ្យលោក ត្រាំ ដើម្បីអួតពីកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព របស់លោកដែលជាស្នួលដ៏សំខាន់មួយនៃរបៀបវារៈនយោបាយការបរទេសរបស់លោក។ នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅគូឡាឡាំពួ លោក ត្រាំត្រូវបានរំពឹងថានឹងធ្វើជាអធិបតីនៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ។ ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនប្រទេសទាំង២កាលពីខែកក្កដាកន្លងទៅ ហើយលោក ត្រាំ បានគំរាមដំឡើងពន្ធលើប្រទេសទាំង២ ប្រសិនបើពួកគេមិនព្រមបញ្ឈប់ ការប្រយុទ្ធគ្នាទេនោះ។ កម្ពុជា និងថៃបានយល់ព្រមទទួលយកបទឈប់បាញ់ ក្រោមការសម្របសម្រួលពីម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចបន្ទាប់របស់លោក ត្រាំ នោះគឺជប៉ុន។ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីប៉ុន្មានខែមុននេះ ដោយជប៉ុនសន្យាវិនិយោគទំហំទឹកប្រាក់ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។ ជប៉ុននៅពេលនេះកំពុងស្ថិតក្នុងខណៈពេលនៃនយោបាយអន្តរកាលមួយដ៏សំខាន់ ក្រោយលោកស្រី Sanae Takaichi ត្រូវបានរដ្ឋសភាជ្រើសតាំងជា នាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន នៅថ្ងៃទី២១ ខែតុលា។ លោកស្រី Takaichi ជាមនុស្សម្នាក់ដែលគាំទ្រគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែល ត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០២២។ លោក ត្រាំ មានទំនាក់ទំនងជិតស្និទ្ធយ៉ាងខ្លាំងជាមួយលោក Abe កាលពីអាណត្តិទី១ ហើយលោកស្រី Takaichi ត្រូវបានគេជឿថានឹងមានទំនាក់ទំនងជិតស្និទ្ធជាមួយ លោក ត្រាំ។ ប៉ុន្តែ សម្រាប់លោក Michael Green ការធ្វើការជាមួយលោក ត្រាំ និងការបញ្ចុះបញ្ចូលឱ្យលោកបបន្តរក្សាការប្ដេជ្ញាចិត្តចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកតម្រូវឱ្យមានអន្តរទំនាក់ទំនង និងការជឿទុកចិត្តក្នុងកម្រិតមួយដែលមិនទាន់មានមេដឹកនាំអាស៊ីណាមួយមាននៅឡើយទេ។
* កូរ៉េខាងត្បូងជាកន្លែងឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ
លោក ត្រាំ បាននិយាយថាលោកនឹងអង្គុយចុះចរចាជាមួយលោក ស៊ី ជីនពីង នាឱកាសដែលមេដឹកនាំទាំង២ ចូលរួមកិច្ចប្រជុំកំពូល APEC នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ភាពតានតឹងបានឡើងកម្ដៅ ក្នុងពេល ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បន្ទាប់ពីចិនបានប្រកាសពីការរឹតត្បិតលើការនាំចេញរ៉ែកម្រ។ លោក ត្រាំបានគំរាមថានឹងដំឡើងពន្ធ១០០ភាគរយទំនិញរបស់ចិនជាការសងសឹក។ តាមលោក Rush Doshi ដែលធ្លាប់ បម្រើការលើគោលនយោបាយស្ដីពីចិនក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន វាអាចមានលទ្ធផល ៣ ពីជំនួបរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង នោះគឺមានកិច្ចព្រមព្រៀង គ្មានកិច្ចព្រមព្រៀង និងផលវិបាក។ លោកបន្ថែមថាចិនកំពុងមានទំនុកចិត្តខ្ពស់លើខ្លួនឯង ក្រោយលោក ត្រាំ ដកថយជានិច្ចពីការគំរាមឡើងពន្ធគយលើចិននាពេលកន្លងមក នៅពេលចិនគំរាមរឹតត្បិតលើការនាំចេញរ៉ែកម្រ។
លោក ត្រាំ កាលពីថ្ងៃចន្ទ ទី២០ ខែតុលា បាននិយាយថា «ចិនបានចាត់ទុកសហរដ្ឋអាមេរិកជាមួយការគោរពដ៏អស្ចារ្យ ចាប់តាំងពីរូបលោកត្រឡប់មកកាន់អំណាចសាជាថ្មីមក»។ ដោយឡែក សំណួរមួយទៀត នោះគឺកិច្ចចរចាពាណិជ្ជកម្មរបស់លោក ត្រាំជាមួយកូរ៉េខាងត្បូងដែលកំពុងប្រឈមនឹងពន្ធគយអាមរិកដែលអាចនឹងបង្កការខូចខាតដល់ឧស្សហកម្មរថយន្ដរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងត្បូង នៅតែមានការស្ទាក់ស្ទើរក្នុងការទទួលយកសំណើរបស់លោក ត្រាំ ដែលទាមទារឱ្យសេអ៊ូលបោះទុនវិនិយោគ ៣៥០ពាន់លានដុល្លារ ដូចដែលជប៉ុនបានធ្វើ៕
-Fresh News-






