Grand News Asia Close

ទស្សនៈ៖ ការលើកឡើងថា ការសាងសង់ព្រែក​ជីកហ្វូណន​តេជោ បានបម្រើ​ឱ្យនា​វាយោធា​របស់​ចិន វាគ្រាន់តែ​ជាក្តី​ស្រមៃ​របស់អ្នក​ដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1083
ទស្សនៈ៖ ការលើកឡើងថា ការសាងសង់ព្រែក​ជីកហ្វូណន​តេជោ បានបម្រើ​ឱ្យនា​វាយោធា​របស់​ចិន វាគ្រាន់តែ​ជាក្តី​ស្រមៃ​របស់អ្នក​ដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ទស្សនៈ៖ ការលើកឡើងថា ការសាងសង់ព្រែក​ជីកហ្វូណន​តេជោ បានបម្រើ​ឱ្យនា​វាយោធា​របស់​ចិន វាគ្រាន់តែ​ជាក្តី​ស្រមៃ​របស់អ្នក​ដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ — ការលើកឡើងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ព្រែកជីកនេះ បានបម្រើឱ្យនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ។ តែកុំបារម្ភនឹងកម្ពុជា កម្ពុជាចេះគិតហើយ កម្ពុជាពេលនេះត្រូវកំណត់ជោគវាសនាដោយខ្លួនឯង។
«ខ្ញុំសូមពន្យល់ និងដើម្បីជួយបញ្ជាក់ឱ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ។ កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ»។
ចំពោះការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការឡើងកាន់អំណាចដោយការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដូច អាម៉េរិក ដែល George W. Bush កូនរបស់លោក George Bush ដែរ។ ប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម របបប៉ុលពត ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានសម្លាប់ប្រជាជនជិត៣លាននាក់ ក្នុងនោះមានបញ្ញាជនជាច្រើន ហេដ្ឋារចនាសម្ព័ន្ធប្រទេសត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ និងមានប្រទេសប៊ុលហ្គារីជាសាក្សីស្រាប់ ដែលបានមកឃើញ និងជួយកម្ពុជា នាឆ្នាំ១៩៧៩ នាទសវត្សរ៍ ៨០ និង ៩០។ រីឯបំណុលដែលកម្ពុជាបានខ្ចីពីបរទេស រួមទាំងប្រទេសចិន គឺជាកម្ចីសម្រាប់យកមកកសាងប្រទេស ដូចជា ផ្លូវ ស្ពាន ជាច្រើន និយាយរួម គឺចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹង ពុំមែនយកមកសម្រាប់ចំណាយចរន្តឡើយ។
សម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ កាន់កាប់ភាគហ៊ុន ៥១% និង OCIC ៤៩% នៅក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ។ ការវិនិយោគរបស់កំពង់ផែទាំងពីរ នឹងគ្របដណ្តប់លើ ២១ គីឡូម៉ែត្រ ហើយវាជាលើកដំបូងនៃការសាងសង់ និងមានគោលដៅសម្រាប់ប្រតិបត្តិការផ្លូវទឹក ស្របពេលដែល ៤៩%ទៀត នឹងគ្រប់គ្រងដោយ OCIC ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលបានចុះបញ្ជីជាសាធារណៈ និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) នឹងរួមគ្នាកាន់កាប់ភាគហ៊ុន ចំនួន ៥១% នៅក្នុង Funan Techo Inland Waterways and Logistics Co.Ltd មានភារកិច្ចអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ ១,៧ពាន់លានដុល្លារ។ ព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីខេត្តកណ្តាល ដល់ខេត្តកែប ។
យោងតាមឯកសាររបស់ផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃនេះ ការវិនិយោគរបស់កំពង់ផែទាំងពីរ នឹងគ្របដណ្តប់លើព្រែកជីកក្នុងប្រវែង ២១គីឡូម៉ែត្រ ដំបូង។ ពួកគេក៏នឹងរួមគ្នាធ្វើការតាមផ្លូវទឹកផងដែរ ។ PAS ដែលនឹងកាន់កាប់ ២៦% នៅក្នុងប្រតិបត្តិការនេះបាននិយាយថា ប្រតិបត្តិការនៃការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងជួយពង្រីកសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាទៅកាន់ដែនសមុទ្រ។ ដូចគ្នានេះដែរ PPAP ដែលមានភាគហ៊ុន ២៥% បាននិយាយថាប្រតិបត្តិការរបស់ពួកគេ នឹងពង្រីកផ្លូវដឹកជញ្ជូនពីទីតាំងរបស់ខ្លួនទៅ « កំពង់ផែសមុទ្រក្នុងស្រុក និងគោលដៅអន្តរជាតិ»។ ការរួមភាគហ៊ុននេះ គឺធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដល់ពួកគេក្នុងការវិនិយោគលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥សីហា២០២៤ ។ «PAS មានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសជាខ្លាំង ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជឿជាក់លើពួកយើង ហើយពួកយើង ពិតជាមានមោទនភាពចំពោះឱកាសក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក្នុងវឌ្ឍនភាពរបស់កម្ពុជា »។ នេះជាការលើកឡើងរបស់ PAS ។

ទន្ទឹមនេះ ភាគហ៊ុនដែលនៅសល់ស្មើនឹង ៤៩% នឹងត្រូវកាន់កាប់ដោយក្រុមហ៊ុន Overseas Cambodia Investment Corp (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ដំបូងឡើយ កម្ពុជារំពឹងថា ការវិនិយោគរបស់ចិននឹងជាផ្នែកមួយនៃការអភិវឌ្ឍគម្រោងព្រែកជីកនេះ ដោយផ្អែកលើគម្រូសាងសង់-ប្រតិបត្តិការ-ផ្ទេរ ។ យ៉ាងណាមិញ អវត្តមាននៃការវិនិយោគពីបរទេសមានន័យថា ការបណ្តាក់ទុនពីក្នុងស្រុកនឹងកើតមានឡើងតាមរយៈភាពជាដៃគូទាំងសាធារណៈ និងឯកជន ។ ការកាន់កាប់ភាគហ៊ុនដោយកំពង់ផែកម្ពុជា និងក្រុមហ៊ុន OCIC នៅក្នុងកិច្ចប្រតិបត្តិការនេះ តំណាងឱ្យការអភិវឌ្ឍពេញលេញរបស់កម្ពុជា ៕

ដោយ៖ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍

 

អត្ថបទទាក់ទង