វិភាគអន្តរជាតិ៖ ឪពុកជាប់គុក កូនអស់អំណាច តើយុគសម័យត្រកូល Shinawatra ដល់ទីបញ្ចប់មែនឬ?
(បាងកក)៖ តុលាការកំពូលថៃ នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា បានចេញសាលក្រមបង្គាប់ឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra អនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំឡើងវិញ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យជំនួសឱ្យការជាប់ពន្ធនាគារ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។ តុលាការកំពូលថៃបានសម្រេចថាការសម្រាកព្យាបាលរបស់ លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ ក្នុងសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនត្រូវបាន រាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ»។
លោក Thaksin បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួនឯងនៅបរទេសអស់រយៈពេល១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកត្រូវបានតុលាការផ្តន្ទាទោសឱ្យ ជាប់ពន្ធគារ៨ឆ្នាំ ពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមនៅត្រឹម១ឆ្នាំ។ ប៉ុន្តែលោកបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកកក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក Thaksin បានដេកសម្រាកព្យាបាលដល់ទៅ៦ខែ មុននឹងត្រូវបានដោះលែងឱ្យ នៅក្រៅឃុំ។
សាលក្រមកាត់ទោសលោក Thaksin កើតមានឡើងបន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី Paetongtarn កាលពីថ្ងៃទី២៩ ខែសីហា ត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ សម្រាប់ការរំលោភបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ ក្រោយលោកស្រីឡើងកាន់អំណាចបានត្រឹម១ឆ្នាំ។ ឪពុកត្រូវជាប់គុក កូនអស់អំណាច តើនេះមានន័យថាយុគសម័យរបស់ត្រកូល Shinawatra ដល់ទីបញ្ចប់ហើយមែនឬ? គេពិបាកឆ្លើយបន្តិចព្រោះនយោបាយប្រែប្រួលមិនទៀងទាត់។ តែអ្វីដែលគេអាចនិយាយបាននៅពេលនេះនោះគឺខណៈត្រកូល Shinawatra កំពុងថយចុះប្រជាប្រិយភាព និងឥទ្ធិពលនៅលើឆាកនយោបាយថៃ គណបក្សប្រជាជនថៃ (People’s Party) បាន និងកំពុងលេចមុខឡើងជាគូប្រជែងធំតែមួយគត់របស់ក្រុមឥស្សរជនមានអំណាចនៅក្នុងប្រទេសថៃ។ ផ្ទុយពីត្រកូល Shinawatra ដែលធ្វើនយោបាយពឹងផ្អែកលើប្រជាប្រិយភាពរបស់បុគ្គល និងទ្រពសម្បត្តិ គណបក្សប្រជាជនថៃបានដាក់ចេញនូវរបៀបវារៈនយោបាយកំណែទម្រង់សំខាន់ៗដូចជា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណែទម្រង់ស្ថាប័នយោធា និងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះចេស្ដាជាដើម។
ជ័យជម្នះរបស់គណបក្សប្រជាជនថៃ (អតីតគណបក្ស Move Forward) ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ បានបង្ហាញរួចទៅហើយថាប្រជាជនថៃ ជាពិសេសយុវជនជំនាន់ក្រោយរបស់ថៃចង់បានអ្វី និងគាំទ្រនរណា។ ប៉ុន្តែ ការរារាំងមិនឱ្យលោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្ត្រី វាបានបង្ហាញពីការពិតដែលថាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោត មិនប្រាកដថាអាចឡើងកាន់អំណាចទេ។ ព្រឹទ្ធសភា តុលាការធម្មនុញ្ញ និងក្រុមអ្នករាជានិយមបានព្យាយាមយ៉ាងខ្លាំងរារាំងកុំឱ្យបក្សប្រជាជនថៃឡើងកាន់អំណាចដឹកនាំប្រទេស។ តែយ៉ាងណាក៏ដោយ ផ្ទុយពីគណបក្សភឿថៃដឹកនាំដោយត្រកូល Shinawatras បក្សប្រជាជនថៃមិនមែនត្រូវបានកម្ចាត់ដោយការបំបាក់នោះទេ។ ផ្ទុយទៅវិញពួកគេបានពង្រឹងអត្តសញ្ញាណរបស់ខ្លួនក្នុងនាមជាអ្នកតំណាងនៃសំឡេងអ្នកចង់បានការធ្វើកំណែងទម្រង់ ជាពិសេសនៅក្នុងចំណោមអ្នកបោះឆ្នោតជាយុវជនថៃ។
រាប់ឆ្នាំមកនេះ ត្រកូល Shinawatras ធ្វើនយោបាយដោយពឹងផ្អែកលើការសម្របខ្លួនដើម្បីរស់រានបន្តក្នុងឆាកនយោបាយថៃ ដោយជាញឹកញាប់ពួកគេតែងតែធ្វើសម្បទាន ឬលះបង់ជាជាងទទួលបាន ផលចំណេញ។ ជាឧទាហរណ៍៖ លោក Thaksin ក្រោយត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣ រូបលោកមិនហ៊ានហើបមាត់និយាយពីការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ យោធា និងរបបរាជានិយមនោះទេ ដោយសុខចិត្តព្យាយាមស្វែងរកកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីបន្តជីវិតនយោបាយគ្រួសាររបស់លោក។ តែសម្បទានទាំងនោះនៅតែមិនអាចផ្គាប់ចិត្តពួកឥស្សរជនមានអំណាច ហើយនៅទីបំផុតកូនស្រីរបស់ លោកត្រូវរបូតតំណែង រីឯលោកផ្ទាល់ត្រូវជាប់គុកថែមទៀត។ គណបក្សប្រជាជនថៃបានចាត់ទុកខ្លួនជាគូប្រជែងប្រឆាំងនឹងប្រព័ន្ធនយោបាយអភិរក្សនិយម ដោយនៅពេលត្រកូល Shinawatra ធ្វើការសម្របសម្រួល គណបក្សប្រជាជនចេញមុខតតាំង ហើយនៅពេលត្រកូល Shinawatra ធ្វើនយោបាយផ្តោតលើប្រជាប្រិយភាពរបស់បុគ្គល គណបក្សប្រជាជនថៃព្យាយាមស្វែងរកការធ្វើកំណែងទម្រង់ ស្ថាប័ន។ ខណៈប្រជាប្រិយភាពគ្រួសារកំពុងធ្លាក់ចុះ ត្រកូល Shinawatra បច្ចុប្បន្នហាក់ខ្សោះកម្លាំងទៅហើយ ដោយយុទ្ធសាស្ត្ររបស់ខ្លួនអាចឱ្យគេព្យាករបាន ការសម្រុះសម្រួលតែងនាំឱ្យមានការខាតបង់ ហើយសមត្ថភាពប្រមូលប្រជាប្រិយភាពក៏ថយចុះទៅទៀត។ តួយ៉ាង ខុសពីលោក Thaksin និងប្អួនស្រីរបស់លោក គឺលោកស្រី Yingluck ដែលការបណ្ដេញអ្នកទាំង២ចេញពីតំណែងនាំឱ្យមាន បាតុកម្មតវ៉ាពីសំណាក់ក្រុមអាវក្រហម ការដកតំណែងលោកស្រី Paetongtarn មិនបានបំផុសឱ្យបាតុកម្មអ្វីឡើយ។
ដូច្នេះការដកតំណែងលោកស្រី Paetongtarn មិនមែនត្រឹមតែជាភាគថ្មីនៃនយោបាយដ្រាម៉ារបស់ថៃប៉ុណ្ណោះទេ តែវាក៏អាចជាសញ្ញាមួយនៃទីបញ្ចប់យុគសម័យត្រកូល Shinawatra ផងដែរ។ ក្នុងន័យនេះ ទោះជាគ្រួសារ Shinawatra ប្រហែលជានៅតែអាចឈ្នះអាសនៈខ្លះ និងមានឥទ្ធិពលមួយចំនួនក្នុងតំបន់ជាមូលដ្ឋានរបស់ខ្លួន តែសមត្ថភាពក្នុងការកំណត់របៀបវារៈជាតិ ឬចង់ធ្វើជាតំណាងស្មារតីនៃការតស៊ូ អាចនឹងសាបរលាបបន្តិចម្ដងៗ៕
-Fresh News-






