ទស្សនៈមួយជ្រុង៖ តើអ្នកសារព័ត៌មានត្រូវធ្វើដូចម្តេច ដើម្បីទម្លុះភាពស្ងៀមស្ងាត់ដែលថៃបានបំពាន មកលើដែនអធិបតេយ្យជាតិខ្មែរ?

FN | នៅពេលដែលថៃបានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកមកលើតំបន់ប្រាសាទព្រះវិហារ, ប្រើប្រាស់គ្រាប់បែកចង្កោម, បាញ់កាំភ្លើងត្បាល់ និងកាំភ្លើងផ្លោង បាញ់ដាក់មកលើប្រាសាទបុរាណខ្មែរមួយចំនួន ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលបង្កឱ្យជីវិតមនុស្សបានស្លាប់ និងរងរបួសនោះ បេះដូងរបស់ខ្ញុំដែលជាប្រជាជនខ្មែរម្នាក់ បានពុះកញ្ជ្រោលជាខ្លាំង ប៉ុន្តែអ្វីផ្សេងមួយទៀតដែលនាំឱ្យបេះដូងខ្ញុំកាន់តែញាប់ញ័រខ្លាំងជាងនោះទៀត គឺភាពស្ងៀមស្ងាត់របស់ពិភពលោក។
ហេតុអ្វីបានជាអំពើហិង្សាថៃ ដែលមិនត្រឹមតែប្រើអាវុធបំពានច្បាប់អន្តរជាតិ, ទម្លាក់គ្រាប់បែកមកលើទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក, បញ្ជួនកម្លាំងចូលមកស្រេចនឹងចិត្ត ចង់ទន្ទ្រានយកទឹកដីខ្មែរ និងប្រាសាទបុរាណខ្មែរហើយ ពិភពលោកបែរជាមិនថ្កោលទោស និងបកអាក្រាតនូវមុខមាត់ពិតរបស់ថៃឈ្លានពាន?
ភាពស្ងៀមស្ងាត់របស់សារព័ត៌មានអន្តរជាតិ មិនមែនជារឿងចៃដន្យឡើយ។ វាជាវិធីសាស្ត្រមួយនៃរបៀបគ្រប់គ្រងដ៏ប៉ិនប្រសប់ នៃកត្តាអំណាចភូមិសាស្ត្រនយោបាយផង, រចនាសម្ព័ន្ធគ្រប់គ្រងអំណាចព័ត៌មានផង និងភាពប្រទាក់ក្រឡានយោបាយក្នុងតំបន់ផងដែរ។
ពិតមែនហើយ វិធីសាស្ត្រគ្រប់គ្រងលើព័ត៌មានបរទេសរបស់ថៃ ដែលជាប្រទេសធំ និងមានបទពិសោធន៍ច្រើនជាងកម្ពុជា ដែលជាប្រទេសទើបនឹងមានសន្តិភាពប្រមាណ ២៦ឆ្នាំក្រោមនយោបាយឈ្នះឈ្នះ ពិតជាមានកម្រិតខុសគ្នាឆ្ងាយ។
ប៉ុន្តែបើទោះបីកម្ពុជាមិនដូចប្រទេសថៃ ដែលសម្បូរណ៍ដោយល្បិចកលក៏ពិតមែន, កម្ពុជាក្នុងសម័យតេជោ-ធិបតី ក៏មិនត្រូវបណ្តោយឱ្យដៃនៃទង្វើឈ្លានពានរបស់ថៃនេះ បន្តបិទបាំងពិភពលោកទៀតបានឡើយ។
* តើយើងត្រូវរួមគ្នាប្រាប់ពិភពលោកនូវភាពខ្ទេចខ្ទាំវប្បធម៌ជាតិដែលថៃបានបំផ្លាញដោយរបៀបណា?
មានហេតុការណ៍បំពានរបស់ថៃជាច្រើន បានកើតឡើងវេលាចុងក្រោយនេះ ដែលជារឿងថៃបំពានដល់ច្បាប់អន្តរជាតិ ដូចជាការទម្លាក់គ្រាប់បែកដាក់មកលើបរិវេណប្រាសាទព្រះវិហារ ដែលបណ្តាលឱ្យខូចខាតសម្បត្តិបេតិកភណ្ឌពិភពលោកនេះ, ការទម្លាក់គ្រាប់បែកដាក់មកលើ វត្តតាមន្តសែនជ័យក្បែរប្រាសាទតាមាន់ធំ បណ្តាលឱ្យស្លាប់អាចារ្យម្នាក់ និងរបួសពលរដ្ឋ ៥នាក់ និងការប្រើប្រាស់គ្រាប់បែកចង្កោមជាដើម ដែលសុទ្ធសឹងតែជាទង្វើបំពានច្បាប់អន្តរជាតិ, ជាឧក្រិដ្ឋកម្មសង្គ្រាម ជាអំពើបំពានសិទ្ធិមនុស្ស និងសន្ធិសញ្ញាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទង្វើរំលោភបំពានរបស់ថៃ មានច្រើនជាងនេះច្រើនណាស់ ប៉ុន្តែខ្ញុំគ្រាន់តែរៀបរាប់ត្រួសៗលើចំណុចមួយចំនួនតែប៉ុណ្ណោះ។
បើយោងតាមច្បាប់អន្តរជាតិ ការទម្លាក់គ្រាប់បែកលើទីតាំងវប្បធម៌ និងសាសនានៅលើដែនដីកម្ពុជា មិនត្រឹមតែជាការបំពានច្បាប់សង្គ្រាមដ៏ធ្ងន់ធ្ងរទេ ប៉ុន្តែវាជាការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងនឹងជាតិខ្មែរជាសាធារណៈ។
សកម្មភាពទម្លាក់គ្រាប់បែកមកលើវត្ត, ព្រះវិហារ ឬប្រាសាទបុរាណ ដែលបណ្ដាលឱ្យបាត់បង់ជីវិតដល់អ្នកកាន់សីល និងពលរដ្ឋស៊ីវិល គឺជាការបាត់បង់យ៉ាងដំណំរបស់ជាតិខ្មែរ ដែលគេមិនអាចអត់ឱនបានឡើយ។ ថៃមិនត្រឹមតែបានបំពានច្បាប់សង្គ្រាមនោះទេ ប៉ុន្តែថៃក៏បានរំលោភផងដែរនូវអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ (Hague Convention 1954) ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងស្ថានភាពសង្គ្រាម ដែលទាំងកម្ពុជានិងថៃសុទ្ធតែជាហត្ថលេខី នៃអនុសញ្ញានេះ។
បន្ថែមពីនេះ សកម្មភាពបន្តបាញ់គ្រាប់ផ្លោងដាក់លើប្រាសាទបុរាណខ្មែរមិនស្រាកស្រាន ដូចជានៅប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងទីតាំងបេតិកភណ្ឌដទៃទៀត ដែលជាភស្តុតាងច្បាស់លាស់នៃទង្វើខុសច្បាប់របស់ថៃ ដោយសារតែមហិច្ឆតាមេដឹកនាំនយោបាយរបស់ខ្លួន។
ការប្រព្រឹត្តអំពើបែបនេះ មិនអាចបិទបាំងដោយភាពស្ងៀមស្ងាត់បានទេ។ ប្រជាជនកម្ពុជា សារព័ត៌មានជាតិ និងជនរួមជាតិកម្ពុជាទាំងអស់ ត្រូវស្ថិតនៅក្នុងចំណោមសម្លេងដ៏រឹងមាំសម្រាប់រំលេចការពិតនេះ ទៅកាន់សាកលលោក។ វាមិនត្រឹមតែជាស្មារតីជាតិទេ ប៉ុន្តែវាជាការការពារសក្តានុពល និងព្រលឹងនៃជាតិខ្មែរយើង តាមរយៈសម្លេងតែមួយរបស់ជាតិ។
* ដូច្នេះតើសារព័ត៌មានក្នុងប្រទេសកម្ពុជាត្រូវធ្វើអ្វី?
ទី១៖ រួមគ្នាបង្កើតក្រុមព័ត៌មានអន្តរជាតិរបស់ខ្មែរ៖ ការបង្កើតក្រុមផ្សព្វផ្សាយនយោបាយបរទេស ជាមួយនឹងអ្នកឯកទេសព័ត៌មានអន្តរជាតិ គឺជាប្រយោជន៍មួយដើម្បីឱ្យអ្នកកាសែតបរទេស ទាំងនោះអាចជួយផ្សព្វផ្សាយការពិត ដែលថៃចង់ព្យាយាមបិទបាំងរឿងបំពានលើទឹកដីខ្មែរ ពីពិភពលោក។
ក្រុមព័ត៌មានអន្តរជាតិរបស់ខ្មែរ ដែលរួមមានអ្នកសារព័ត៌មានជើងចាស់ អ្នកឯកទេសប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការទូតជាដើម គឺជាក្រុមមួយដែលអាចនាំរឿងពិតទាំងនេះប្រាប់សកលលោក។ ក្រុមនេះ ត្រូវតែសម្របសម្រួលការចេញផ្សាយជាប្រព័ន្ធនៃវីដេអូ របាយការណ៍ បញ្ជីជនរងគ្រោះ និងភ័ស្តុតាងជាក់ស្តែង ដែលបង្ហាញពីការបំពានរបស់ថៃ តាមរយៈការចែករំលែកជាភាសាសំខាន់ៗ ដែលពិភពលោកប្រើប្រាស់ដូចជា បារាំង អង់គ្លេស ចិន ជប៉ុន ជាដើម។
ទី២៖ ការប្រើប្រាស់អំណាចសារព័ត៌មានជាតិ៖ សារព័ត៌មានក្នុងស្រុក គួរត្រូវបានលើកទឹកចិត្ត និងគាំទ្រយ៉ាងខ្លាំង ដើម្បីចេញផ្សាយរាល់ព័ត៌មានទាន់ហេតុការណ៍ ឬព័ត៌មានទាំងឡាយស្ដីពីប្រវត្តិសាស្ត្រទឹកដីខ្មែរ ព្រមទាំងបង្ហាញការបំពាន និងអំពើឈ្លានពានរបស់ថៃ។ ព័ត៌មានទាំងនេះ គួរត្រូវបានបកប្រែឲ្យបានទាន់ពេលវេលាទៅជាភាសាអង់គ្លេស ខ្មែរ បារាំង ចិន និងជប៉ុន ដើម្បីឲ្យសាររបស់កម្ពុជាអាចឮទៅដល់ភាគីអន្តរជាតិ និងជាពិសេសដើម្បីអោយពិភពលោកយល់ច្បាស់ពីភាពពិត នៃទង្វើអាក្រក់របស់ថៃមកលើអធិបតេយ្យភាពរបស់យើង។
យ៉ាងណាក៏ដោយ ការប្រើប្រាស់អំណាចព័ត៌មាននេះ ត្រូវបង្កើតលើមូលដ្ឋាននៃសុចរិតភាព វិជ្ជាជីវៈ និងឯកភាពជាតិ។ អ្វីត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គេមិនត្រូវបង្កើត ឬបង្ហោះព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ដោយវាអាចធ្វើឲ្យឥទ្ធិពលនៃសារព័ត៌មានជាតិរបស់យើង ត្រូវគេចាត់ទុកថាខ្វះវិជ្ជាជីវៈ ដែលនឹងបង្កភាពបាត់បង់សេចក្ដីទុកចិត្តពីសាធារណជនជាតិ និងអន្តរជាតិ។
យើងបានសង្កេតឃើញថា ពាក់ព័ន្ធនឹងការផ្សាយអំពីសកម្មភាពឈ្លានពានរបស់ថៃកន្លងមកនេះ មានការផ្សាយព័ត៌មានមិនពិតមួយចំនួន ដែលព័ត៌មានមិនពិតទាំងនោះ គឺជាទង្វើ ដែលបន្ទាបកិត្តិយសដល់អ្នកសារព័ត៌មានខ្មែរ ដែលមានអាជីពត្រឹមត្រូវច្បាស់លាស់នោះទៅវិញទេ។
យើងជាសារព័ត៌មានជាតិគប្បីត្រូវធ្វើខ្លួនឯង ជាឧបករណ៍យុទ្ធសាស្ត្រដែលធ្វើឱ្យគេជឿជាក់ ទើបវាជាអាវុធដ៏មានអានុភាព ដែលមិនត្រឹមសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឈ្មោះរបស់ជាតិខ្មែរផងដែរ។ យើងជាអ្នកសារព័ត៌មានខ្មែរ ត្រូវថែរក្សាសិទ្ធិនៃការផ្សាយព័ត៌មានត្រឹមត្រូវ មិនបំប៉ោង មិនបំភ្លៃ ដើម្បីជួយលើកកម្ពស់កេរ្តិ៍ឈ្មោះសារព័ត៌មានជាតិ។ នេះជាវិធីសាស្ត្រដ៏សមរម្យបំផុត ដើម្បីឲ្យពិភពលោកបានឮនូវសំឡេងពិតរបស់កម្ពុជា ដែលមិនមែនជាសម្លេងព័ត៌មានមិនពិតឡើយ។
ទី៣៖ ប្រើសម្លេងប្រជាជនកម្ពុជា៖ យើងត្រូវជូនឱកាសដល់កម្លាំងយុវជន បុគ្គលសង្គមស៊ីវិល និងសិល្បករជាតិ ដើម្បីចូលរួមក្នុងយុទ្ធនាការបង្កើនសម្លេងក្នុងបណ្តាញសង្គម និងសិល្បៈសាធារណៈ។ ការបង្ហោះសារព័ត៌មានខ្លីៗ បទយកការណ៍ តាមរយៈវិធីសាស្ត្រ Tik Tok ឬតាមបណ្តាញសង្គមផ្សេងៗ មានតួនាទីយ៉ាងសំខាន់ ក្នុងការដាស់តឿនចិត្តមនុស្សដែលស្រឡាញ់ជាតិ ជាជាងការនិយាយញុះញង់អំពីជាតិសាសន៍ខ្លួនឯង។
ដូច្នេះ ភាពស្ងៀមស្ងាត់របស់ពិភពលោកចំពោះអំពើឈ្លានពានរបស់ថៃ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែបណ្តាលមកពីភាពមិនទាន់រួបរួមគ្នា ដែលមានប្រសិទ្ធភាពរបស់ជនរួមជាតិខ្មែរ និងការមិនទាន់យល់ដឹងច្បាស់អំពីចំណុចសំខាន់ៗ ដែលអាចទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។
ការបន្ស៊ីគ្នាដើម្បីភាពរួបរួមតែមួយនេះ គឺដើម្បីថែរក្សាប្រទេសជាតិ តាមរយៈអំណាចសារព័ត៌មានជាតិ ក្នុងពេលដែលកម្ពុជាកំពុងរងការរំលោភឈ្លានពានដោយប្រទេសថៃ។ វិធីសាស្ត្រនេះ គប្បីជាឧទាហរណ៍នៃការប្រើប្រាស់ព័ត៌មានជាអាវុធ ដើម្បីបំបែកភាពស្ងៀមស្ងាត់របស់ពិភពលោក និងក៏អាចមានប្រសិទ្ធភាពរារាំងជ្រៀតជ្រែកនយោបាយរបស់ក្រុមជ្រុលនិយមដែលចង់បំផ្លាញអធិបតេយ្យភាព និងសន្តិភាពជាតិកម្ពុជាផងដែរ។
ទស្សនៈរបស់អ្នកសារព័ត៌មានជើងចាស់ លោក ម៉ារ យ៉ារិទ្ធិ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ និងប្រធានមជ្ឈមណ្ឌល បង្រៀនសារព័ត៌មានរបស់ Fresh News៕