ដៃម្ខាងការពារទឹកដី និងដៃម្ខាងទៀតការពារសេចក្តីសុខរបស់ប្រជាជន
ថ្មីៗនេះ ក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេសតែងតែបង្ហោះសាររិះគន់ និងចោទប្រកាន់ថា រាជរដ្ឋាភិបាលព្រងើយកន្តើយចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ តើការចោទប្រកាន់នេះមានមូលដ្ឋានត្រឹមត្រូវដែរឬទេ? ហើយហេតុអ្វីបានជាក្រុមប្រឆាំងនៅតែបន្តលើកឡើងដដែលៗ?
ជាក់ស្តែង សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនបានព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។ ជាឧទាហរណ៍ កម្ពុជាបានតវ៉ាជាផ្លូវការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់តាទុំ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ១០ និងលេខ១១ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ក្នុងការបញ្ជាក់ជំហរមិនទទួលស្គាល់ការរំលោភបំពានណាមួយមកលើបូរណភាពទឹកដីកម្ពុជាឡើយ។ លិខិតតវ៉ាក៏ជាឯកសារផ្លូវការដែលមានសារៈសំខាន់ផ្នែកច្បាប់ និងជាភស្តុតាងសម្រាប់ការពារជំហររបស់កម្ពុជា ក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ រហូតដល់មានដំណោះស្រាយពេញលេញ និងយុត្តិធម៌។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា បញ្ហាព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជាក៏ប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងឡើយ។ គោលជំហរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបោះបង់ចោលគោលការណ៍សន្តិវិធី។
ភស្តុតាងមួយទៀត គឺការនាំយកបញ្ហាព្រំដែនទៅដោះស្រាយតាមយន្តការការទូត និងវេទិកាពាក់ព័ន្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ ការប្រើប្រាស់មធ្យោបាយទាំងនេះមានគោលបំណងការពារផលប្រយោជន៍ជាតិ និងបញ្ជាក់ជំហររបស់កម្ពុជាចំពោះសហគមន៍អន្តរជាតិ។ ជំហរដែលផ្អែកលើសន្តិវិធី និងច្បាប់អន្តរជាតិនេះក៏ជាមូលដ្ឋានសម្រាប់កម្ពុជាស្វែងរកការគាំទ្រពីប្រទេស និងភាគីដែលគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី។
ដូច្នេះ ការចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនបានចាត់វិធានការដោះស្រាយបញ្ហាព្រំដែន គឺមិនអាចមើលរំលងសកម្មភាពការទូត និងការតវ៉ាជាផ្លូវការដែលបានធ្វើឡើងនោះទេ។ ការការពារអធិបតេយ្យភាពមិនមែនមានតែការប្រើកម្លាំងប៉ុណ្ណោះឡើយ ប៉ុន្តែក៏រួមមានការប្រើប្រាស់ច្បាប់ ឯកសារផ្លូវការ និងយន្តការអន្តរជាតិ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសផងដែរ។
ក្រៅពីការការពារទឹកដី រាជរដ្ឋាភិបាលក៏ត្រូវយកចិត្តទុកដាក់លើការការពារអាយុជីវិត និងសេចក្តីសុខរបស់ប្រជាពលរដ្ឋផងដែរ។ ការប្រកាន់ខ្ជាប់នូវយន្តការដែលមានស្រាប់ និងកិច្ចព្រមព្រៀងនានា ជាពិសេសសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសការផ្ទុះសង្គ្រាម និងការបង្ហូរឈាមសារជាថ្មី។
ប្រសិនបើការប្រយុទ្ធគ្នាផ្ទុះឡើងវិញ ទាហាន និងប្រជាពលរដ្ឋអាចស្លាប់ ឬរងរបួស ខណៈជនភៀសសឹកដែលទើបតែទទួលបានទីជម្រកថ្មីអាចត្រូវបង្ខំចិត្តភៀសខ្លួនជាថ្មីម្តងទៀត។ អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់គឺប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេស ជាពិសេសអ្នកនៅតាមតំបន់ព្រំដែន មិនមែនក្រុមប្រឆាំងដែលនៅក្រៅប្រទេសនោះឡើយ។ ហេតុនេះ ការដោះស្រាយបញ្ហាដោយសន្តិវិធីមិនមែនជាការបោះបង់ការការពារទឹកដីឡើយ ប៉ុន្តែជាការខិតខំការពារទាំងអធិបតេយ្យភាពជាតិ និងអាយុជីវិតប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដីនិងផ្ទះជូនគ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ អ្នកទទួលផលពីគម្រោងនេះរួមមាន គ្រួសារជនភៀសសឹក គ្រួសារក្រីក្រ និងគ្រួសារកងកម្លាំង។
ចំពោះជនភៀសសឹក រាជរដ្ឋាភិបាលបានផ្តល់ទីជម្រក សេវាទឹកស្អាត អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែសម្រាប់គ្រួសារ និងសមាជិកគ្រួសារ ព្រមទាំងការជួយទំនុកបម្រុងជីវភាពរស់នៅប្រចាំថ្ងៃ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ និងការផ្តល់លទ្ធភាពឱ្យពួកគេមានទីជម្រក និងជីវភាពរស់នៅសមរម្យ ក្នុងគ្រាដែលពួកគេប្រឈមនឹងការលំបាកដោយសារបញ្ហាព្រំដែន។
សរុបមក រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមមធ្យោបាយសន្តិវិធី ដោយប្រើប្រាស់ច្បាប់អន្តរជាតិ កិច្ចសន្ទនា និងយន្តការដែលមានស្រាប់ ដើម្បីការពារផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ទន្ទឹមនឹងនេះ ការរក្សាសន្តិភាព និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ជាកាតព្វកិច្ចដ៏សំខាន់មួយដែរ។
ការការពារទឹកដី និងការការពារសេចក្តីសុខរបស់ប្រជាជន គឺជាកាតព្វកិច្ចពីរដែលមិនអាចបំបែកចេញពីគ្នាបាន។ កម្ពុជាត្រូវប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង និងបញ្ចៀសការបាត់បង់ជីវិត បាត់បង់ផ្ទះសម្បែង និងការភៀសខ្លួនជាថ្មីរបស់ប្រជាពលរដ្ឋ៕
ដោយ៖ មាន មេត្តា





