Grand News Asia Close

រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ នឹងបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប នាសប្តាហ៍ក្រោយ, នេះបើតាម Reuters 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 116
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ នឹងបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប នាសប្តាហ៍ក្រោយ, នេះបើតាម Reuters  រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ នឹងបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប នាសប្តាហ៍ក្រោយ, នេះបើតាម Reuters 

(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) ត្រូវគេរាយការណ៍ថា នឹងបំពេញទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប នាសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

តៃវ៉ាន់ដែលត្រូវចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន គឺពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសអឺរ៉ុបណាមួយឡើយ លើកលែងតែបុរីវ៉ាទីកង់។ ទីក្រុងប៉េកាំងតែងតែចេញមុខថ្កោលទោសជានិច្ច ចំពោះការធ្វើប្រាស្រ័យទាក់ទងគ្នា ក្នុងទម្រង់ណាមួយរវាងមន្រ្តីតៃវ៉ាន់និងមន្រ្តីបរទេស ក្រោមហេតុផលថា វាគឺជាទង្វើជំរុញឱ្យមានការទទួលស្គាល់ជាអន្តរជាតិថា តៃវ៉ាន់គឺដាច់ដោយឡែកពីចិន។ យោងតាមប្រភពដែលទីភ្នាក់ងារ Reuters ទទួលបាន លោក វូ ត្រូវគេរំពឹងថា នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក ដែលជាទីស្នាក់ការកណ្តាល​របស់សហភាពអឺរ៉ុប។

បន្ថែមពីនេះលោករដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប្រាកផងដែរ។ លោក វូ ត្រូវគេរំពឹងថា នឹងចូលរួមសន្និសីទសន្តិសុខមួយ នៅទីក្រុងប្រាកនាថ្ងៃទី១៤ ខែមិថុនា ហើយលោកនឹងឡើងថ្លែងសុន្ទរកថាភ្លាមៗ បន្ទាប់ពីប្រធានាធិបតីឆែក លោក ផេតឺ ផាវែល (Petr Pavel) បើកព្រឹត្តិការណ៍នេះ។ វាត្រូវគេមើលឃើញថា ជារឿងខុសពីធម្មតាមួយ ដ្បិតក្រុមមេដឹកនាំអឺរ៉ុបជាទូទៅ មិនដែលបង្ហាញវត្តមាន​ក្នុងកម្មវិធីជាមួយក្រុមមន្រ្តីតៃវ៉ាន់នោះឡើយ នាពេលកន្លងមក។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២១ លោក វូ ក៏ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុបផងដែរ ដើម្បីចូលរួមព្រឹត្តិការណ៍និងសន្និសីទ​ផ្សេងៗ។ កាលពីខែមករា ដើមឆ្នាំនេះ លោក ផាវែល ដែលពេលនោះ មានឋានៈជាប្រធានាធិបតីជាប់ឆ្នោត ហើយនិងមេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ មិនយូរប៉ុន្មាននោះឡើយក្រោមការជាប់ឆ្នោតរបស់លោក ក្នុងសកម្មភាពមួយដែលបានធ្វើឱ្យទីក្រុងប៉េកាំង ​មានការមិនពេញចិត្ត៕

អត្ថបទទាក់ទង