Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីតៃវ៉ាន់ សំងំអភិវឌ្ឍបណ្ដាញផ្កាយរណប ដោយគ្មាន Elon Musk?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 815
វិភាគអន្តរជាតិ៖ ហេតុអ្វីតៃវ៉ាន់ សំងំអភិវឌ្ឍបណ្ដាញផ្កាយរណប ដោយគ្មាន Elon Musk? វិភាគអន្តរជាតិ៖ ហេតុអ្វីតៃវ៉ាន់ សំងំអភិវឌ្ឍបណ្ដាញផ្កាយរណប ដោយគ្មាន Elon Musk?

(វ៉ាស៊ីនតោន)៖ នៅឯកោះតៃវ៉ាន់ រដ្ឋាភិបាលទីក្រុងតៃប៉ិ បាន និងកំពុងប្រឹងប្រែងធ្វើរឿងមួយដែលមិនទាន់មានប្រទេស ឬក្រុមហ៊ុនណាមួយអាចធ្វើបាននៅឡើយទេ នោះគឺផលិត បណ្ដាញផ្កាយរណបអ៉ិនធើណិតមួយ ដើម្បីជំនួស Starlink ដែលជាផ្កាយរណបអ៉ិនធើណិត ប្រតិបត្តិការដោយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk។

Starlink អាចអនុញ្ញាតឱ្យយោធា រោងចក្រថាមពល និងមន្ទីរពេទ្យ រក្សាការតភ្ជាប់អ៉ីនធើណិតបាន នៅពេលហេដ្ឋារចសម្ព័ន្ធចម្បងគាំងដំណើរការ តួយ៉ាងដូចជាក្នុងករណីរញ្ជួយដី នៅក្នុង ប្រទេសដែនកោះតុងហ្កា និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។ ការណ៍នេះក៏បានរំឮកដល់ក្រុមមន្ត្រី ក្នុងកោះតៃវ៉ាន់ដែរថាហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន ត្រូវតែមាន ភាពធន់អំឡុងកើតមានវិបត្តិ។ តៃវ៉ាន់ស្ថិតនៅចម្ងាយតែជាង ១២៨គីឡូម៉ែត្រប៉ុណ្ណោះពីចិនដែលបានព្រមានថានឹងប្រើកម្លាំងយោធាបង្រួបបង្រួមជាតិក្នុងករណីចំាបាច់។

តៃវ៉ាន់ធ្លាប់បានរងការវាយប្រហារព័ត៌មានវិទ្យា និងកំពុងប្រឈមមុខនឹងការកើនឡើងការធ្វើសកម្មភាពយោធាចិន នៅក្បែរដែនកោះរបស់ខ្លួនស្ទើរតែជាប្រចាំ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមិនមានភាពរឹងមាំឡើយ។ ជាឧទាហរណ៍៖ កាលពីឆ្នាំ២០២៣ កោះ Matsu ស្ថិតនៅកៀកនឹងឆ្នេររបស់ចិន បានជួបការរអាក់រអួលសេវាផ្គត់ផ្គង់ អ៉ីនធើណិតជាច្រើនខែ ក្រោយខ្សែកាបអ៉ីនធើណិតក្រោមសមុទ្រចំនួនរងការខូចខាត។ ខ្សែកាប fiber optic ទាំងនេះដែលភ្ជាប់កោះតៃវ៉ាន់ទៅនឹងអ៉ីនធើណិតបានដាច់សេវា ៣០លើក គិតចាប់តាំងពីឆ្នាំ២០១៧មក ហើយមូលហេតុដាច់សេវាភាគច្រើនបង្កឡើងដោយយុថ្កាទម្លាក់ចូលសមុទ្រពីកប៉ាល់ធំៗ។

ប៉ុន្តែ អ្វីដែលបានបង្កើនការព្រួយបារម្ភដល់ថ្នាក់ដឹកនាំតៃវ៉ាន់ ពីសេវាអ៉ីនធើណិត គឺសង្រ្គាមនៅអ៊ុយក្រែន។ ដោយសារតែប្រព័ន្ធទូរគមនាគមន៍ភាគច្រើនរបស់ខ្លួន ដាច់សេវាអ៉ីនធើណិត ដោយសារទម្លាក់គ្រាប់បែក និងការវាយប្រហារព័ត៌មានពីសំណាក់រុស្ស៉ី យោធាអ៊ុយក្រែនត្រូវបង្ខំចិត្តងាកទៅពឹងផ្អែកលើប្រព័ន្ធមួយគ្រប់គ្រងដោយលោក Elon Musk។ លោក Liao Jung-Huang ជានាយកវិទ្យាស្ថាន Industrial Technology Research Institute គាំទ្រដោយរដ្ឋាភិបាលតៃវ៉ាន់ បានសង្កត់ធ្ងន់ពីសារៈសំខាន់ដែលតៃវ៉ាន់ត្រូវតែមានផ្កាយរណបអ៉ីនធើណិត ផ្ទាល់ខ្លួន ដ្បិតប្រើរបស់ខ្លួនឯង វាស្រួលជាងប្រើរបស់អ្នកដទៃ។ «សង្រ្គាមនៅអ៊ុយក្រែនបានផ្ដល់ឱ្យនូវការឆ្លុះបញ្ចាំងមួយយ៉ាងស៊ីជម្រៅ ពោលទោះបីជាការផលិតផ្កាយរណបអ៉ីនធើណិត ត្រូវចំណាយច្រើនក៏ពិតមែន តែនៅក្នុងសេណារីយ៉ូពិសេស ផលប្រយោជន៍ដែលមានផ្កាយរណបអ៉ីនធើណិតផ្ទាល់ខ្លួន គឺគ្មានដែនកំណត់នោះទេ»។ នេះការជាយល់ឃើញរបស់លោក Liao Jung-Huang។

បច្ចុប្បន្ន ក្រុមហ៊ុន SpaceX កំពុងនាំមុខគេខាងឧស្សាហកម្មផ្កាយរណបអ៉ីនធើណិត។ តែព្រមពេលជាមួយគ្នា លោក Elon Musk ក៏បានបោះទុនរកស៊ីជាយូរមក​ហើយក្នុងប្រទេសចិនដែរ តាមរយៈក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla ដែលមានរោងចក្រផលិតដ៏ធំមួយក្នុងទីក្រុងសៀងហៃ។ ដូច្នេះហើយទើបក្រុមមន្ត្រីតៃវ៉ាន់ ជឿថាវាជារឿងចាំបាច់បំផុត និងល្អប្រសើរបំផុត ក្នុងការផលិតបណ្ដាញផ្កាយរណបមួយដែលពួកគេខ្លួនឯងជាអ្នកគ្រប់គ្រង។ តែការផលិតបណ្ដាញផ្កាយរណប ការបាញ់បង្ហោះ និងការបញ្ជាដោយផ្ទាល់ពីតៃវ៉ាន់ នឹងត្រូវចាយលុយរាប់ពាន់ លានដុល្លារ ហើយត្រូវប្រើពេលជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ និងធ្វើតេស្ដ។

ក្រុមហ៊ុន SpaceX បានចំណាយពេល៥ឆ្នាំ ដើម្បីបាញ់បង្ហោះផ្កាយរណបរាប់ពាន់គ្រឿងទៅគន្លងទាបរបស់ផែនដី។ ផ្កាយរណបក្នុងគន្លងនេះអាចបញ្ជូនសញ្ញាយ៉ាងលឿនរហ័ស ទៅកាន់ ផែនដី។ លោក Elon Musk បានអះអាងម្ដងហើយម្ដងទៀតថា បណ្ដាញផ្កាយរណបរបស់លោកនឹងគ្របដណ្ដប់នៅទូទាំងពិភពលោក ជាមួយការផ្ដល់សេវាអ៉ីនធើណិតលឿនរហ័ស។ មែនទែនទៅ មិនមែនមានតែលោក Elon Musk ទេ ដែលមានមហិច្ឆតាបែបនេះ សូម្បីតែថៅកែក្រុមហ៊ុន Amazon លោក Jeff Bezos ក៏បានប្រកាសផងដែរពីផែនការបង្កើតបណ្ដាញ អ៉ីនធើណិតនៅគន្លងទាបរបស់ផែនដី។ ប៉ុន្តែ ខណៈក្រុមហ៊ុន SpaceX កំពុងគ្រប់គ្រងជាងពាក់កណ្ដាលនៃផ្កាយរណបកំពុងដំណើរការនៅគន្លងផែនដី ក្រុមហ៊ុន Amazon ទើបតែបាញ់ បង្ហោះផ្កាយរណបបាន ២គ្រឿងប៉ុណ្ណោះ។

នៅឯតៃវ៉ាន់វិញ រដ្ឋាភិបាលទីក្រុងតៃប៉ិ បាននិយាយថាខ្លួនមានបំណងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដំបូងទៅកាន់គន្លងផែនដីនៅឆ្នាំ២០២៦ និងផ្កាយរណបទី២ ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ ខណៈកំពុងអភិវឌ្ឍផ្កាយរណបសាកល្បង៤គ្រឿងបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសន្យាទម្លាក់កញ្ចប់ថវិកា ១.៣ពាន់លានដុល្លារ សម្រាប់កម្មវិធីអវកាសរបស់តៃវ៉ាន់ ក្នុងការអភិវឌ្ឍផ្កាយរណបសាកល្បងទាំងនេះឱ្យក្លាយជាទៅជាបណ្ដាញផ្កាយរណបអ៉ីនធើណិតមួយពេញលេញ ដែលគ្រប់គ្រង និងបញ្ជាចេញពីតៃវ៉ាន់។ ខណៈបណ្ដាញផ្កាយរណបនេះកំពុងស្ថិតក្រោមការអភិវឌ្ឍ រដ្ឋាភិបាលតៃវ៉ាន់បានចុះកិច្ចព្រមព្រៀងជាច្រើន ដើម្បីអាចប្រើបណ្ដាញផ្កាយរណបដែលមានស្រាប់ ព្រមទាំងមានផែនការដាក់ពង្រាយស្ថានីយចំនួន៧០០ដែលមានសមត្ថភាពទទួលសញ្ញាផ្កាយរណប។ កាលពីខែសីហា ឆ្នាំ២០២៣ តៃវ៉ាន់បានក្លាយជាដៃគូក្រុមហ៊ុន SES របស់ប្រទេស លុចសំបួ និងក្នុងខែវិច្ឆិកា ឆ្នាំដដែល ក្រុមហ៊ុនតៃវ៉ាន់ Chunghwa Telecom បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនអឺរ៉ុប Eutelsat OneWeb។ ភាពជាដៃគូនេះអាចផ្ដល់ឱ្យតៃវ៉ាន់ ប្រើប្រាស់បណ្ដាញផ្កាយរណបរបស់គេសិន ទម្រាំអភិវឌ្ឍបានបណ្ដាញផ្កាយរណបខ្លួនឯងបាន។

លោក Yisuo Tzeng ជាអ្នកស្រាវជ្រាវម្នាក់មកពី Institute for National Defense and Security Research ជាវិទ្យាស្ថានស្រាវជ្រាវមួយគាំទ្រដោយក្រសួងការពារជាតិតៃវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «យើងចាំបាច់ត្រូវវិនិយោគលើប្រព័ន្ធលើសពីមួយ ពីព្រោះយើងមិនអាចដាក់ពងមាន់នៅក្នុងកន្ត្រកតែមួយទេ»។ តាមលោក លោក Liao Jung-Huang វិញ ក្រុមហ៊ុនតៃវ៉ាន់ច្រើនជាង ៤០ បានចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ផ្កាយរណប។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៥ ដល់២០១៦ គ្រប់ផ្កាយរណបទាំងអស់របស់តៃវ៉ាន់ ត្រូវបានបាញ់បង្ហោះនៅក្នុងសហរដ្ឋអាមេរិក ទៅកាន់គន្លងផែនដី រហូតដល់ប៉ុន្មានឆ្នាំថ្មីៗនេះ ទើបផ្កាយរណបស្រាវជ្រាវ និងឧតុមិយមតៃវ៉ាន់ត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ុនបារាំង Arianespace រួមទាំងក្រុមហ៊ុន SpaceX។ បើតាមអ្នកជំនាញដូចជា លោក Yisuo Tzeng តៃវ៉ាន់មិនគួរពឹងផ្អែកទាំងស្រុងលើផ្កាយរណប Starlink នោះទេ ដោយសារតែទំនាក់ទំនងរកស៊ីយ៉ាងស៊ីជម្រៅរបស់លោក Elon Musk ជាមួយចិន ដោយក្នុងនោះចិនគឺជាទីផ្សារធំបំផុត សម្រាប់ក្រុមហ៊ុន Tesla ក្រៅពីសហរដ្ឋអាមេរិក។ «តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើយើងពឹងផ្អែកលើផ្កាយរណប Starlink ហើយលោក Musk បែជាសម្រេចចិត្តផ្ដាច់សេវា អ៉ីនធើណិត ដោយសារតែរងសម្ពាធពីចិន ឬដោយសារតែលោកមានផលចំណេញយ៉ាងធំពីទីផ្សារចិន។ នេះហើយជារឿងដែលយើងត្រូវពិចារណា»។ នេះគឺជាការបញ្ជាក់របស់លោក Yisuo Tzeng៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង