Grand News Asia Close

វិភាគអន្តរជាតិ៖ តើអាណត្តិទី៣ របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi មានន័យយ៉ាងណាចំពោះពិភពលោក?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 362
វិភាគអន្តរជាតិ៖ តើអាណត្តិទី៣ របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi មានន័យយ៉ាងណាចំពោះពិភពលោក? វិភាគអន្តរជាតិ៖ តើអាណត្តិទី៣ របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi មានន័យយ៉ាងណាចំពោះពិភពលោក?

(ញូវដេលី)៖ ឥណ្ឌាបាន និងកំពុងដើរតួនាទីកាន់តែសំខាន់នៅលើឆាកនយោបាយការទូតសកល ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ហើយតាមរយៈ អាណត្តិទី៣ របស់មេដឹកនាំគណបក្សអ្នកជាតិនិយមហិណ្ឌូរូបនេះ គេនឹងបានឃើញលោក Modi កាន់តំណែងជាតួឯកដ៏សំខាន់ម្នាក់។ លោក Modi បានចាត់ទុកប្រទេសរបស់លោក គឺជាមេដឹកនាំមួយនៃក្រុមប្រទេស Global South ដោយមានរូបលោកផ្ទាល់ជាប្រមុខអ្នកនាំពាក្យក្រុមប្រទេសទាំងនេះ ខណៈការកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌារយៈពេល ៥ឆ្នាំ បន្ថែមទៀត នឹងផ្ដល់ឱ្យរូបលោកនូវភាពចាស់ទុំ និងឧត្តមភាពនៅក្នុងចំណោមមេដឹកនាំមហាអំណាចធំៗរបស់ពិភពលោក បើទោះជាគណបក្សរបស់លោកបាត់បង់សំឡេងភាគច្រើន នៅក្នុងសភាក៏ដោយ។

បើតាមលទ្ធផលបោះឆ្នោតរាប់បានជាង ៩៩ភាគរយ កាលពីថ្ងៃទី៤ ខែមិថុនា គណបក្ស Bharatiya Janata Party (BJP) និងគណបក្សជាសម្ព័ន្ធមិត្តទទួលបានសំឡេងភាគច្រើន ដាច់ខាតនៅសភា។ ប៉ុន្តែ គណបក្ស BJP ផ្ទាល់របស់លោក Modi ទទួលបានអាសនៈត្រឹមតែ ២៤០តែប៉ុណ្ណោះ បើធៀបទៅនឹងអាណត្តិមុនដែលក្ដោបបានអាសនៈ ដល់ទៅ៣០៣ អាសនៈ។ នេះមានន័យថាគណបក្សរបស់លោក Modi នឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើគណបក្សជាសម្ព័ន្ធមិត្តដើម្បីអនុម័តច្បាប់នានា។

ក្រុមអ្នកវិភាគបាននិយាយថាដើម្បីទប់ទល់ជាមួយចិន សហរដ្ឋអាមេរិក និងក្រុមប្រទេសអឺរ៉ុបត្រូវការការជួយមិនអាចខ្វះបានពីឥណ្ឌា ហើយភាពចាំបាច់របស់ឥណ្ឌាបានធ្វើឱ្យពួកគេ ត្រូវបិទភ្នែកម្ខាង បើកភ្នែកម្ខាងចំពោះការព្រមានរបស់ក្រុមសកម្មជនការពារសិទ្ធិមនុស្សដែលបានចោទប្រកាន់លោក Modi កំពុងដឹកនាំឥណ្ឌាឆ្ពោះទៅរករបបផ្ដាច់ការ។ ដូច្នេះតើ ជ័យជម្នះរបស់លោក Modi មានន័យយ៉ាងណាចំពោះពិភពលោក?

* សហរដ្ឋអាមេរិក និងអឺរ៉ុប
ឥណ្ឌាជាសមាជិកមួយនៃក្រុមប្រទេស Quad រួមជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ដែលក្រុមអ្នកវិភាគបាននិយាយថាត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការកើនឡើង ឥទ្ធិពល និងសកម្មភាពទាមទាររបស់ចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីឆ្នាំ២០២៣ បានក្រាលព្រំក្រហមទទួលស្វាគមន៍លោក Modi យ៉ាងគគ្រឹកគគ្រេង និងបានហៅទំនាក់ទំនងរបស់វ៉ាស៊ីនតោនជាមួយទីក្រុងញូវដេលីថា «ភាពជាដៃគូដ៏មានសារៈសំខាន់បំផុតនៃស.វទី២១នេះ»។ រហូតដល់ខែកុម្ភៈកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន បានអនុម័តការលក់យន្ដហោះដ្រូនក្នុងទំហំទឹកប្រាក់ ៤ពាន់លានដុល្លារឱ្យឥណ្ឌា ដើម្បីជួយឥណ្ឌាពង្រឹងសមត្ថភាពការពារតំបន់ព្រំដែនរបស់ខ្លួនដែលកំពុងមាន ជម្លោះទឹកដីជាមួយចិន។

ការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងឥណ្ឌា បានប្រព្រឹត្តទៅ បើទោះជាក្រុមអ្នកការពារសិទ្ធិមនុស្សបានដំឡើងសំឡេងព្រមានពីការគំរាមកំហែងធ្ងន់ធ្ងរដល់ ប្រជាធិបតេយ្យ និងការកើនឡើងសកម្មភាពរើសអើងប្រឆាំងអ្នកកាន់សាសនាអ៉ីស្លាមជាង ២០០លាននាក់ក្នុងប្រទេសឥណ្ឌាក្រោមដឹកនាំរបស់លោក Modi ក៏ដោយ។ កាលពីឆ្នាំមុន ផងដែរ ក្រសួងយុត្តិធម៌អាមេរិកថែមទាំងបានចោទប្រកាន់ពលរដ្ឋឥណ្ឌាម្នាក់ ពាក់ព័ន្ធនឹងផែនការធ្វើឃាតមួយនៅក្នុងទីក្រុង New York ក្រោមការបញ្ជាពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ឥណ្ឌាទៀតផង។ ឥណ្ឌាក៏បាន និងកំពុងពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសអឺរ៉ុបដែរ ជាមួយក្ដីសង្ឃឹមថាអាចនឹងពង្រីកកិច្ចព្រមព្រៀងយោធារាប់ពាន់លានដុល្លារជាមួយបារាំង ក្នុងនោះដូចជាការទិញយន្ដហោះចម្បាំង Rafale និងនាវាមុជទឹកប្រភេទ Scorpene។

*​ ចិន
ទីក្រុងប៉េកាំង និងទីក្រុងញូវដេលី សុទ្ធសឹងតែជាសមាជិកដូចគ្នានៅក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលមានរុស្ស៉ីជាសមាជិកដែរ។ ប៉ុន្តែទំនាក់ទំនងរវាងមហាយក្សអាស៊ី ទាំង២ បានធ្លាក់ដុនដាបខ្លាំងក្នុងឆ្នាំ២០២០ ក្រោយកងទ័ពនៃប្រទេសទាំង២ បានប៉ះទង្គិចគ្នាដោយហិង្សាបណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ នៅតំបន់ជម្លោះព្រំដែន មានប្រវែងជាង ៣៥០០គីឡូម៉ែត្រជាមួយគ្នា។ កងទ័ពនៃប្រទេសទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងខ្លួនៗផងនោះ នៅតែបន្តសម្លឹងដាក់គ្នាទៅវិញទៅមក យ៉ាងយកចិត្តទុក ដាក់ជាទីបំផុត និងបន្តអះអាងពីអធិបតេយ្យលើទឹកដីកំពុងមានវិវាទ។ តែទោះជាឈ្លោះគ្នារឿងទឹកដីក៏ពិតមែន ក៏ចិននៅតែជាដៃគូពាណិជ្ជកម្មធំទី២ របស់ឥណ្ឌានៅឡើយ។

លោក Jayant Prasad ជាអតីតមន្ត្រីការទូតជាន់ខ្ពស់ម្នាក់បាននិយាយថាលោកផ្ទាល់រំពឹងទំនាក់ទំនងជាគូសត្រូវរវាងចិន និងឥណ្ឌា នឹងមិនរលាយបាត់ទៅណានោះទេ ហើយឥណ្ឌា និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងបន្តរួមដៃគ្នាខ្ទប់ការកើនឡើងឥទ្ធិពលរបស់ចិន។ រដ្ឋាភិបាលស្ដាំនិយមរបស់លោក Modi បានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន និងបង្កើនកញ្ចប់ថវិកាយោធា១៣ភាគរយកាលពីឆ្នាំមុន តែការបង្កើននេះស្មើនឹងត្រឹមតែ១ភាគ៤នៃកញ្ចប់ថវិកាយោធារបស់ចិនតែប៉ុណ្ណោះ។

* ក្រុមប្រទេស GLOBAL SOUTH
លោក Modi ក្នុងសប្ដាហ៍នេះបានចាត់ទុកទីក្រុងញូវដេលី ជាសំឡេងដ៏ខ្លាំង និងដ៏មានសារៈសំខាន់របស់ក្រុមប្រទេស Global South ហើយកាលពីឆ្នាំមុន ឥណ្ឌាក៏បានរៀបចំកិច្ចប្រជុំ សំឡេងនៃក្រុមប្រទេស Global South ឬ Voice of the Global South ដែរ ក្នុងបរិបទទីក្រុងញូវដេលីកំពុងប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកតំណាងមួយរបស់អាស៊ី អាហ្រ្វិក និងបណ្ដាប្រទេសអាមេរិកខាងត្បូង។ ក្រោមក្រសែភ្នែករបស់លោក Modi ដែលសហភាពអាហ្វ្រិកក្លាយជាសមាជិកអចិន្ត្រៃយ៍ G20​ គឺវាស្របតាមការអះអាងរបស់លោកដែល ថាបណ្ដាប្រទេសកំពុងអភិវឌ្ឍគួរតែអាចបញ្ចេញសំឡេងរបស់ខ្លួន ក្នុងការសម្រេចចិត្តធំៗរបស់ពិភពលោក។ ឥណ្ឌាក៏ជាសមាជិកសហស្ថាបនិកនៃក្រុម BRICS ផងដែរ។

* រុស្ស៉ី
ទីក្រុងញូវដេលី និងទីក្រុងមូស្គូ មានទំនាក់ទំនងល្អជាមួយគ្នាតាំងតែពីសម័យសង្រ្គាមត្រជាក់មកម្ល៉េះ ហើយមកទល់នឹងបច្ចុប្បន្ន រុស្ស៉ីនៅតែជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់ឥណ្ឌា។ ឥណ្ឌារបស់លោក Modi បានគេចវេសថ្កោលទោសដោយផ្ទាល់លើសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន និងបានបោះឆ្នោតអនុបវាទលើដំណោះស្រាយថ្កោលទោសរុស្ស៉ី ហើយបន្តទិញប្រេងពីរុស្ស៉ីក្រោមការលក់ចុះថ្លៃ។ លោក Modi កាលពីខែមីនា បានផ្ញើសារអបអរលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់ការទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ប្រធានាធិបតីរុស្ស៉ី ភ្ជាប់ជាមួយការសង្កត់ធ្ងន់ថាលោកសម្លឹងឆ្ពោះទៅមុខដើម្បីអភិវឌ្ឍទំនាក់ទំនងពិសេសរវាងឥណ្ឌា និងរុស្ស៉ី។

* ប៉ាគីស្ថាន
រដ្ឋាភិបាលរបស់លោក Modi បានបដិសេធទំនាក់ទំនងជាមួយគូសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួន គឺប៉ាគីស្ថានចាប់តាំងពីទីក្រុងញូវដេលី បានចោទប្រកាន់ថាទីក្រុងអ៉ីស្លាម៉ាបាដ ជាអ្នកនៅ ពីក្រោយការវាយប្រហារភេរវកម្មលើទឹកដីឥណ្ឌា។ ឥណ្ឌា និងប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ធ្លាប់ផ្ទុះសង្រ្គាមនឹងគ្នា៣លើកមកហើយ រួមទាំងការប៉ះទង្គិចគ្នាតូចៗ នៅតាមតំបន់ព្រំដែនចាប់តាំងពី១៩៤៧មក ដោយមានតំបន់ Kashmir គឺជាបេះដូងនៃជម្លោះរវាងប្រទេសទាំង២។ កាលពីឆ្នាំ២០១៥ លោក Modi បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ប៉ុន្តែទំនាក់ទំនងបានធ្លាក់ចុះដុនដាបជាថ្មីឆ្នាំ២០១៩។

លោក Modi កាលពីខែមីនាកន្លងទៅនេះ បានផ្ញើសារអបអរសាទរដល់លោក Shehbaz Sharif ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ នេះគឺជាការបង្ហាញសុចន្ទៈដ៏កម្រ មួយរវាងមេដឹកនាំនៃប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង