Grand News Asia Close

វិបត្តិនយោបាយថៃ កំពុងគំរាមកំហែងសេដ្ឋកិច្ច និងទំនុកចិត្តវិនិយោគ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 591
វិបត្តិនយោបាយថៃ កំពុងគំរាមកំហែងសេដ្ឋកិច្ច និងទំនុកចិត្តវិនិយោគ ក្រុមបាតុករទាមទាទម្លាក់នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត់ ជុំវិញវិបត្តិនយោបាយស្រុកថៃថ្មីៗនេះ ។ រូបភាព ៖ AFP

បញ្ហានយោបាយ កំពុងគំរាមកំហែងដល់ការវិនិយោគនៅក្នុងប្រទេសថៃ​។ អស្ថិរភាពនយោបាយ នឹងជះឥទ្ធិពលដល់ការវិនិយោគ ដោយសារទំនុកចិត្តលើនាយករដ្ឋមន្ត្រីកំពុងធ្លាក់ចុះ។ អ្នកជំនាញយល់ឃើញថា វិស័យឯកជនមិនអាចរៀបចំផែនការវិនិយោគ ដើម្បីដោះស្រាយផលប៉ះពាល់ពីភាពមិនច្បាស់លាស់ខាងនយោបាយនោះទេ។
ការលេចធ្លាយនៃកិច្ចសន្ទនាឯកជនរវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានបង្កឱ្យមានការគំរាមកំហែងដល់ស្ថិរភាពរបស់រដ្ឋាភិបាលថៃ។ បញ្ហានយោបាយបានក្លាយជាក្តីបារម្ភដ៏ធំសម្រាប់សហគមន៍ធុរកិច្ច និងវិនិយោគិននៅស្រុកថៃ ខណៈ ជម្លោះផ្ទៃក្នុងរវាងគណបក្សចម្រុះ ទំនងជានឹងផ្ទុះឡើង។ លោកស្រី ផែថងថាន បានប្រកាសថា លោកស្រីនឹងបន្តកាន់តំណែង និងមិនលាលែង ឬរំលាយសភាឡើយ។

ស្ថានភាពនយោបាយផុយស្រួយនៅថៃ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ច ស្របពេលប្រទេសនេះកំពុងស្ថិតក្រោមសម្ពាធពីក្រៅជុំវិញជម្លោះនៅមជ្ឈិមបូព៌ា និងគោលនយោបាយពន្ធគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

វាគឺជាពេលដែលវិស័យឯកជននៅថៃ​ ត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនយោបាយដែលអាចកើតឡើង មិនថាជាការរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ការរំលាយសភា ឬ ការធ្វើរដ្ឋប្រហារនោះទេ។

លោក Chak Reungsinpinya នាយកគ្រប់គ្រង និងជាប្រធានផ្នែកស្រាវជ្រាវនៅ Maybank Securities បានប្រាប់កាសែត Bangkok Post នៅថ្ងៃទី២៤ ខែមិថុនា ថា សេណារីយ៉ូដ៏ល្អបំផុត និងអាចទៅរួចនោះគឺ លោកស្រី ផែថងថាន លាលែងពីតំណែងភ្លាមៗ ប៉ុន្តែរក្សាសម្ព័ន្ធភាពចម្រុះឱ្យនៅរួមគ្នាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី។ នេះនឹងធានាបាននូវស្ថិរភាពរបស់រដ្ឋាភិបាល និងអនុញ្ញាតឱ្យច្បាប់ថវិកាឆ្នាំ ២០២៦ អាចឆ្លងកាត់ដំណើរការសភាតាមធម្មតា។

សេណារីយ៉ូទីពីរគឺ លោកស្រី ផែផែថាន នៅតែបន្តកាន់អំណាច ទោះបីជាប្រជាប្រិយភាពរបស់លោកស្រីធ្លាក់ចុះក៏ដោយ។ នៅក្នុងករណីនេះ រដ្ឋាភិបាលចម្រុះនឹងមិនអាចទ្រទ្រង់បានយូរទេ ហើយការបោះឆ្នោតមុនកាលកំណត់ អាចនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ អាស្រ័យលើពេលវេលាដែលសម្ព័ន្ធភាពនេះរំលាយ វាអាចនឹងប៉ះពាល់ ឬមិនប៉ះពាល់ដល់ដំណើរការថវិកា ប៉ុន្តែនឹងបង្កើតភាពមិនច្បាស់លាស់ខាងនយោបាយ។

ចំណែកជម្រើសទីបីគឺ នាយករដ្ឋមន្ត្រីរំលាយសភាភ្លាមៗ និងប្រកាសការបោះឆ្នោតមុនកាលកំណត់ ដែលតាមច្បាប់ត្រូវធ្វើឡើងក្នុងរយៈពេល ៤៥-៦០ ថ្ងៃ។ នេះអាចបណ្តាលឱ្យដំណើរការថវិកាពន្យារពេលរហូតដល់ពីរខែ រហូតដល់សភាថ្មីចូលកាន់តំណែង។ អំឡុងពេលបោះឆ្នោត នឹងមានភាពមិនច្បាស់លាស់ខាងនយោបាយ។

សេណារីយ៉ូអាក្រក់បំផុត គឺការធ្វើរដ្ឋប្រហារយោធា ទោះបីជាលោក Chak យល់ថា លទ្ធភាពនេះស្ទើរតែមិនអាចកើតមានក៏ដោយ។ ការធ្វើរដ្ឋប្រហារនឹងប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការថវិកា និងទំនុកចិត្តរបស់វិនិយោគិន។ ទោះយ៉ាងណា មេបញ្ជាការកងទ័ពថៃ ឧត្តមសេនីយ៍ Pana Klaewplodthuk បានប្រកាសភ្លាមៗថា លោកនឹងគោរពដំណើរការប្រជាធិបតេយ្យ។

លោក Poj Aramwattananont ប្រធានសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បានលើកឡើងថា វិស័យឯកជនអាចទទួលយករដ្ឋាភិបាលគ្រប់ប្រភេទ ដរាបណាវាត្រូវបានបង្កើតឡើងស្របច្បាប់ និងទទួលស្គាល់ទាំងក្នុងស្រុក និងអន្តរជាតិ។ លោកបន្តថា វិស័យឯកជនមិនបានរៀបចំវិធានការពិសេសណាមួយ ដើម្បីដោះស្រាយផលប៉ះពាល់ពីភាពមិនច្បាស់លាស់ខាងនយោបាយនោះទេ។

ទន្ទឹមនេះ លោក Dhanakorn Kasetrsuwan ប្រធានក្រុមប្រឹក្សាដឹកជញ្ជូនជាតិថៃបានសង្កត់ធ្ងន់ថា ការទំនាក់ទំនងច្បាស់លាស់ មានសារៈសំខាន់អំឡុងពេលផ្លាស់ប្តូរនយោបាយ។ លោកជឿថា ការទំនាក់ទំនងនេះ អាចជួយបង្កើនការយោគយល់ និងទំនុកចិត្តក្នុងចំណោមសហគមន៍អន្តរជាតិ ដោយធានាថាការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញជាវិជ្ជមាន និងបង្ហាញក្តីសង្ឃឹមដល់សាធារណជន។

យ៉ាងណាមិញ វិនិយោគនឹងពិបាកចៀសផុតពីផលប៉ះពាល់នៃការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីស្ថិរភាពរបស់រដ្ឋាភិបាល ខណៈនាយករដ្ឋមន្ត្រីកំពុងបាត់បង់ទំនុកចិត្តពីសាធារណជន។

ជារួម បើទោះបីជាថៃនៅតែជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ ប៉ុន្តែភាពមិនច្បាស់លាស់ខាងនយោបាយ និងបញ្ហាសេដ្ឋកិច្ចអន្តរជាតិអាចរារាំងកំណើន។ ការទំនាក់ទំនងច្បាស់លាស់ និងគោលនយោបាយគាំទ្រពីរដ្ឋាភិបាល អាចជួយរក្សាទំនុកចិត្តរបស់វិនិយោគិន៕

អត្ថបទទាក់ទង