(វីដេអូ) បាថកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមប្រធានបទ “កម្ពុជា និង អាស៊ាន, អាស៊ាន និង ពិភពលោក
- ឯកឧត្តមបណ្ឌិត កៅ គីមហួន អគ្គលេខាធិការអាស៊ាន,
- ឯកឧត្តមលោកជំទាវ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និង ឯកអគ្គរដ្ឋទូតទីម័រខាងកើត,
- ឯកឧត្តមលោកជំទាវ ឯកអគ្គរដ្ឋទូត, តំណាងអង្គទូតនៃបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន និងបណ្តាប្រទេសដៃគូផ្សេងទៀត,
- ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងធ្វើបាឋកថាទាក់ទងនឹងអាស៊ាន ក្នុងនាមជាអតីតប្រមុខរាជរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានមួយរូប ដែលបានធ្វើជាប្រធានប្តូរវេនអាស៊ាន រហូតដល់ទៅ ៣ លើកនៅក្នុងអាជីពនយោបាយរបស់ខ្ញុំ។ ខ្ញុំពិតជាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ជាមួយអាស៊ាន ហើយខ្ញុំសូមឆ្លៀតយកឱកាសនេះ នៅទីកន្លែងនេះ ដើម្បីសម្តែងការគោរពដល់បណ្តាស្ថាបនិកដ៏ឧត្តុង្គឧត្តមរបស់អាស៊ាន ព្រមទាំងអតីតមេដឹកនាំអាស៊ានទាំងឡាយ ដែលបានបូជាកម្លាំងកាយ និងស្មារតី, និងចូលរួមចំណែកជាបញ្ញាញាណ ប្រកបដោយគតិបណ្ឌិត នៅក្នុងការកសាង, រៀបចំរចនាសម្ព័ន្ធស្ថាប័ន, និងនិម្មាបនកម្មតំបន់ ដែលយកសន្តិភាព និងប្រជាជន ជាស្នូល។
ជាមួយនឹងភាពចម្រុះដ៏សម្បូរបែបរបស់អាស៊ាន ទាំងលើទិដ្ឋភាពនយោបាយ, សេដ្ឋកិច្ច, និងវប្បធម៌, ខ្ញុំពិតជាមិនអាចនិយាយជំនួសឱ្យប្រទេសអាស៊ានទាំងអស់នោះឡើយ តែខ្ញុំអាចចែករំលែកបានពីជ្រុងមួយ នៃទស្សនៈរបស់ប្រទេសសមាជិក ដែលចូលក្រោយគេ ប៉ុន្តែ មិនមែនសមាជិកកូនពៅ ដោយសារថា យើងនឹងមានបន្ថែមប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។ ដោយហេតុថា អាស៊ាន តែងតែបានទាក់ទាញការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកស្រាវជ្រាវ និងអ្នកតាមដាន នយោបាយអន្តរជាតិ, ដូច្នេះ ខ្ញុំនឹងមិនរ៉ាយរ៉ាប់ច្រើនអំពីបញ្ហាប្រឈមជាទូទៅដែលអាស៊ាន បាននិងកំពុងជួបប្រទះនោះទេ។ ខ្ញុំចង់យកឱកាសនេះ ផ្តោតលើរឿងរ៉ាវល្អៗកាលពីអតីតកាល និងទស្សនៈវិស័យប្រកបដោយសុទិដ្ឋិនិយមរបស់អាស៊ាន នាពេលអនាគត។ ខ្ញុំនឹងបែងចែកបទបង្ហាញរបស់ខ្ញុំ ជា ២ ផ្នែកធំៗ។ សម្រាប់រឿងរ៉ាវពីអតីតកាល ខ្ញុំចង់ផ្តោតលើទំនាក់ទំនង “កម្ពុជា និងអាស៊ាន”, ហើយសម្រាប់រឿងរ៉ាវអនាគត ខ្ញុំចង់ផ្តោតលើទំនាក់ទំនង “អាស៊ាន និងពិភពលោក” ហើយតាមរយៈនេះ ខ្ញុំសូមស្នើឱ្យទស្សនិកជនទាំងឡាយ ទាញសេចក្តីសន្និដ្ឋានដោយខ្លួនឯងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អាស៊ាន ដែលខ្ញុំគិតថា មិនមានចម្លើយដាច់ណាត់នោះឡើយ។
ផ្នែកទី១ “កម្ពុជា និងអាស៊ាន”
នៅក្នុងមួយជីវិតរបស់ខ្ញុំ ការលំបាកទាំងឡាយដែលខ្ញុំបានជួបប្រទះ ហើយត្រូវខិតខំជំនះ គឺជាបទពិសោធដ៏មានតម្លៃ មិនមែនសម្រាប់តែខ្លួនខ្ញុំនោះទេ ប៉ុន្តែ ក៏មានអត្ថន័យជាប្រវត្តិសាស្ត្រ និងមានលក្ខណៈជាទស្សនវិជ្ជាដឹកនាំ របស់ប្រទេសកម្ពុជា ដែលយើងតែងតែទទួលអារម្មណ៍ថា ជាប្រទេសអាភ័ព្វ ជួបទុក្ខវេទនា និងសោកនាដកម្ម រាប់មិនអស់។ ប៉ុន្តែ នៅក្នុងជំនាន់របស់ខ្ញុំ នៅក្រោមការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា, ខ្ញុំមានមោទនភាពនឹងនិយាយថា កម្ពុជា មិនមែនជាប្រទេសកំសត់ទៀតឡើយ ហើយក្រសែភ្នែកអន្តរជាតិ ក៏ចាប់ផ្តើម មើលមកប្រទេសកម្ពុជា ក្នុងមនោសញ្ចេតនាគោរព និងផ្តល់តម្លៃ ក្នុងនាមជាប្រទេស ដែលមានសមត្ថភាពចូលរួមរៀបចំរបៀបវារៈ និងនិម្មាបនកម្មតំបន់ ប្រកបដោយការទទួលខុសត្រូវ ចំពោះសន្តិភាព និងប្រជាជន។
ខ្ញុំមិនមែនមានតែបទពិសោធកសាងប្រទេសពីបាតដៃទទេនោះទេ សូម្បីតែវត្តមានរបស់កម្ពុជា នៅក្នុងអាស៊ានក៏ខ្ញុំជាអ្នកគូសវាសរៀបចំផ្លូវ ពីចំណុចសូន្យដែរ។ ដើម្បីយល់បានពីទស្សនៈកម្ពុជា, មានភាពចាំបាច់ដែលយើងត្រូវយល់ពីស្ថានភាព និងបទពិសោធ ដែលកម្ពុជា បានឆ្លងកាត់ ដើម្បីស្វែងយល់ថា ថ្នាក់ដឹកនាំរបស់កម្ពុជា ជាទូទៅ, មិនមែនតែខ្ញុំម្នាក់ឯងទេ, ចង់បានអ្វី ចង់ទាមទារអ្វីសម្រាប់កម្ពុជា? ចំណុចចាប់ផ្តើមរបស់យើង កើតចេញពីភាពឯកោ ខាងនយោបាយ ការទូត និងសេដ្ឋកិច្ច ហើយភាពតភ្ជាប់របស់កម្ពុជា ជាមួយនឹងអាស៊ាន មានឫសគល់ចេញពីភាពឯកានេះឯង ពោលគឺសេចក្តីស្រេកឃ្លាន ចង់បានការទទួលស្គាល់ស្មើមុខ ស្មើសិទ្ធិ, និងការចង់បានការគោរពពេញលេញ លើឯករាជ្យអធិបតេយ្យ និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិមួយ នៅក្នុងតំបន់។
ចំណុចចាប់ផ្តើមរបស់កម្ពុជា ជាមួយអាស៊ាន មិនមែនជារឿងរ៉ាវល្អប៉ុន្មាននោះទេ ព្រោះថា នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ អាស៊ាន គឺជាស្ថាប័នឈានមុខ ដឹកនាំការបដិសេធភាពស្របច្បាប់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ដែលនៅពេលនោះត្រូវបានចាត់ទុកថា ជារដ្ឋាភិបាលនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន័ ប៉ុល ពត ដោយកងទ័ពវៀតណាម ត្រូវបានអាស៊ានចាត់ទុកថា ជាការកាន់កាប់ប្រទេសកម្ពុជា ដោយប្រទេសវៀតណាម។ យើងត្រូវដឹងច្បាស់ថា កាលៈទេសៈពេលនោះ ឥទ្ធិពលនៃសង្គ្រាមត្រជាក់ បានក្លាយជាផ្សែងបាំងមុខមេដឹកនាំមួយចំនួន ទាំងក្នុងតំបន់ និងក្រៅតំបន់ ឱ្យមើលឃើញថា ភាពជាកុម្មុយនីស្ត គឺជាឧក្រិដ្ឋកម្ម ដែលធ្ងន់ធ្ងរជាងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទៅទៀត ហើយជាលទ្ធផល រដ្ឋាភិបាលដែលរំដោះប្រជាជន និងប្រជាជនកម្ពុជា ដែលនៅរស់រានមានជីវិត ត្រូវទទួលរងទណ្ឌកម្មយ៉ាងអយុត្តិធម៌ អស់រយៈកាល ១២ ឆ្នាំ បន្ថែមទៀត ហើយរដ្ឋាភិបាលដែលមានសមាសភាពឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ បែរជាទទួលបានអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិទៅវិញ។ នេះគឺជាតថភាពប្រវត្តិសាស្ត្រ និងជាជម្រៅនៃភាពឯការបស់កម្ពុជា។
ប៉ុន្តែ ការចងចាំរបស់យើងក៏មិនមែនមានតែមួយទិស ដោយគ្មានភាពប្រទាញប្រទង់នោះដែរ ព្រោះថា នយោបាយអន្តរជាតិ នៅពេលនោះ ពិតជាស្មុគស្មាញខ្លាំងណាស់។ ខ្ញុំចង់គូសរំលេចពីភាពផ្ទុយគ្នាមួយ នោះគឺអន្តរាគមន៍របស់អាស៊ាន នៅក្នុងដំណើរការកសាងសន្តិភាព របស់កម្ពុជា។ ម្ខាង, អាស៊ានប្រឆាំងនឹងភាពស្របច្បាប់របស់រដ្ឋាភិបាលដែលកាន់កាប់ក្រុងភ្នំពេញ, តែម្ខាងទៀត, អាស៊ានគឺជាអន្តការីដ៏សំខាន់បំផុតមួយ ដែលជួយជំរុញឱ្យមានសន្តិភាពនៅកម្ពុជា ដោយមានការចូលរួមពីរដ្ឋាភិបាលដែលអាស៊ាន មិនរាប់អាន និងដាក់ឱ្យឯកាទៅវិញ។
ត្រង់ចំណុចនេះ, ខ្ញុំត្រូវនិយាយឱ្យច្បាស់ថា កម្ពុជាពិតជាបានជំពាក់គុណអាស៊ាន។ យើងចងចាំមិនភ្លេចទេថា ការកសាងសន្តិភាពរបស់កម្ពុជា មានចំណែកដ៏ធំមួយរបស់អាស៊ាន ទោះបីជាពេលនោះកម្ពុជាមិនទាន់ក្លាយជាសមាជិកអាស៊ានក៏ដោយ។ សូមស្រមៃមើលចុះ តើថៃបានដើរតួនាទីប៉ុណ្ណា នៅក្នុងការទទួលថែទាំជនភៀសខ្លួនរបស់កម្ពុជា និងការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនជិត ៤ សែននាក់[1]? ហេតុអ្វីបានជាឯកឧត្តម ឆាវាលីត យុងឆៃយុទ្ធ សុខចិត្តសម្របសម្រួលឱ្យមានការចរចារវាងភាគីរបស់កម្ពុជា ទាំងនៅលើទឹកដីថៃ ហើយថែមទាំងនៅទឹកដីជប៉ុនទៀត? ហេតុអ្វីបានជាឥណ្ឌូនេស៊ី សុខចិត្តផ្តល់ទីតាំងចរចាដល់កម្ពុជា ហើយឯកឧត្តម អាលី អាឡាតះ សុខចិត្តចូលខ្លួន មកធ្វើជាមជ្ឈត្តករ នៅក្នុងជម្លោះដែលនៅឆ្ងាយពីប្រទេសខ្លួន ហើយប្រហែលជាមិនមានផលជះផ្ទាល់ដល់សន្តិសុខរបស់ខ្លួននោះ? នេះគឺជាស្មារតីទទួលខុសត្រូវលើផលប្រយោជន៍នៃសន្តិសុខតំបន់ ដែលជាស្មារតីស្ថាប័នរបស់អាស៊ាន ដែលមើលឆ្ងាយលើសពីវិសាលភាពនៃផលប្រយោជន៍ និងព្រំដែននៃប្រទេស។ អំណាចទន់ អំណាចចរចា ដោយគ្មានគ្រាប់កាំភ្លើង យន្តការពហុភាគីនិយមដែលត្រូវការការចូលរួមពីតួអង្គច្រើន។ បើយើងប្រៀបធៀបនឹងបច្ចុប្បន្ន, នៅពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងភាពច្របូកច្របល់, យើងលែងឮទៀតហើយនូវវេទិកាចរចាអន្តរភាគីកម្រិតអន្តរជាតិ, យើងលែងឮទៀតហើយនូវភាពស៊ីវិល័យផ្នែកការទូត ដែលយកការចរចាជាធំ ទោះបីជាភាគីណាមួយ មិនមានការទទួលស្គាល់ក៏ដោយ។ ខ្ញុំសូមរំលឹកថា ជាក់ស្តែង ប្រទេសអាស៊ាន មិនបានទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញនោះទេ ហើយរដ្ឋាភិបាលក្រុងភ្នំពេញ ក៏មិនបានទទួលស្គាល់ភាគីខ្មែរក្រហមដែរ។ ដូច្នេះ ការប្រមូលគ្រប់ភាគីពាក់ព័ន្ធឱ្យមកចូលតុចរចាដោយសន្តិវិធី ភាពថ្លៃថ្នូរ និងស៊ីវិល័យ គឺជាកត្តាសំខាន់ណាស់។
មេរៀនប្រវត្តិសាស្ត្រនេះ នៅតែមានតម្លៃមកទល់បច្ចុប្បន្ន នៅត្រង់ចំណុចថា បើទោះបីជាអាស៊ាន ចាត់ទុករដ្ឋាភិបាលណាមួយមិនស្របច្បាប់ក៏ដោយ, ដើម្បីសន្តិសុខ សន្តិភាព និងស្ថិរភាពរួម, អាស៊ាន នៅតែបន្តជំរុញការចរចា ទាំងផ្លូវការ និងមិនផ្លូវការ, ទាំងបើកចំហ និងសំងាត់ ដើម្បីផលប្រយោជន៍ធំដែលមិនអាចតថ្លៃបាន នោះគឺសន្តិភាពសម្រាប់តំបន់ទាំងមូល។ អាស៊ានគ្មានការអល់អែក ឬ ខ្លាចបាត់បង់កិត្តិយស ដោយសារថា បានទាក់ទងជាមួយប្រទេសកុម្មុយនីស្ត ឬ ប្រទេសមិនមានឯករាជ្យពេញលេញនោះទេ ព្រោះសន្តិភាពសម្រាប់តំបន់ទាំងមូលមានសារៈសំខាន់ ជាងភាពត្រឹមត្រូវផ្នែកមនោគមវិជ្ជា ដែលអរូបីទៅទៀត។ ប្រជាជនគឺរស់នឹងសន្តិភាព ហើយប្រជាជនអាចស្លាប់ដោយមនោគមវិជ្ជា ដូច្នេះ យើងអាចវាយតម្លៃបានថា អាស៊ាននៅពេលនោះ បានប្រកាន់ខ្ជាប់លទ្ធិប្រាកដនិយមមួយកម្រិត នៅពេលដែលអាស៊ាន បានចរចាជាមួយនឹងរដ្ឋាភិបាលក្រុងភ្នំពេញដែលពួកគេគិតថា មិនស្របច្បាប់។ អាស៊ានបានគោរពភាពជាម្ចាស់ និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ដោយមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ តែអាស៊ានបានចូលរួមសម្របសម្រួលកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដោយមានការស្នើសុំ និងការទទួលស្គាល់តួនាទីរបស់អាស៊ាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា មុននឹងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ អាស៊ាន គឺជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវឱ្យមានការចរចារវាងភាគីទាំង ៤ របស់កម្ពុជា។ ក្រោយពេលដែលយើងបានរៀបចំរាជរដ្ឋាភិបាល នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ យើងក៏ចាប់ផ្តើមមានទំនាក់ទំនងការទូត ពេញមុខ ពេញមាត់ ជាមួយនឹងបណ្តាប្រទេសអាស៊ានឡើងវិញ ហើយខ្ញុំក៏បានសម្លឹងឃើញឱកាសជាច្រើន និងភាពចាំបាច់ជាយុទ្ធសាស្ត្រ ដែលកម្ពុជាត្រូវខិតខំចូលជាសមាជិកអាស៊ានឱ្យបាន ហើយក្រោមការដឹកនាំរបស់ខ្ញុំ, ខ្ញុំបាននាំកម្ពុជាចូលជាសមាជិក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បានន័យថា នៅចុងខែមេសា ខាងមុខនេះ គឺជាខួបទី ២៦ ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើថាមភាព និងវិសាលភាពការទូតរបស់កម្ពុជា។ នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវបំផុតមួយរបស់កម្ពុជា ដែលមានវិសាលភាពធំទូលាយ មិនត្រឹមតែទៅលើ ទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ច និងវប្បធម៌នោះទេ តែថែមទាំងលើទិដ្ឋភាពអភិបាលកិច្ចរដ្ឋផងដែរ។ ដូច្នេះ អាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូង និងការចងចាំរបស់ខ្ញុំ។ មានមូលហេតុសំខាន់ ៤ ដែលខ្ញុំគិតថា កម្ពុជាត្រូវតែចូលអាស៊ានឱ្យបាន ហើយកត្តាទំាងនេះ នៅតែមានសារសំខាន់ដដែល ទោះបីជានៅក្រោយពេលជិត ៣០ ឆ្នាំនៃការសម្រេចចិត្តក៏ដោយ។ ឥឡូវខ្ញុំសូមលើកពីមូលហេតុទាំង ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ាន[2] នោះគឺ៖
ទី១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក៖ កត្តានេះជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន។ ជាទស្សនៈរួមនៃអ្នកដឹកនាំខ្មែរ, យើងមានការចងចាំថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍របស់បរទេស ទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ នៅពេលដែលឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច បានរាលដាលដល់កម្ពុជា, ហើយមានការលូកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុង ដែលឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលនោះហើយដែលជាចំណុចចាប់ផ្តើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅនៃការបែកបាក់ផ្ទៃក្នុង, ហើយកម្ពុជាបាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួន, កម្ពុជាបានក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងផង និងជាសង្គ្រាមស៊ីវិល ប្រល័យពូជសាសន៍ជាតិឯងផង។ ចេញពីមេរៀនប្រវត្តិសាស្ត្រនេះ, គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង របស់អាស៊ាន ពិតជាមានភាពទាក់ទាញជាពិសេស សម្រាប់កម្ពុជា។
ទី២. ស្មារតីសហគមន៍៖ ស្មារតីសហគមន៍ គឺការធ្វើការដោយគោរពគោលការណ៍កុងសង់ស៊ីស។ រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា គ្មានប្រទេសតូច គ្មានប្រទេសធំ, គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ, គ្មានប្រទេសចាស់ គ្មានប្រទេសថ្មី។ អាស៊ានមិនបានធ្វើការតាមរយៈការបោះឆ្នោតយកសម្លេងភាគច្រើននោះទេ ព្រោះការណ៍នេះ នឹងអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន។ ថ្វីត្បិតតែពេលខ្លះ គោលការណ៍នេះអាចបង្កើតឱ្យមានភាពតានតឹងខ្លះ, ប៉ុន្តែ បើវាយតម្លៃជារួម លើប្រវត្តិសាស្ត្រ យើងឃើញថា គោលការណ៍នេះ គឺជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការធានាឯកភាព និងសាមគ្គីភាពយូរអង្វែងរបស់អាស៊ាន បើទោះបីត្រូវឆ្លងកាត់វិញ្ញាសាលំបាកបែបណាក៏ដោយ។
យើងពិតជាបានស្តាប់ឮនូវការអត្ថាធិប្បាយ ដែលចង់សើរើគោលការណ៍កុងសង់ស៊ីស និងការចោទប្រកាន់ដោយប្រយោលថា ប្រទេសចូលថ្មី បំពានសិទ្ធិវ៉េតូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់នេះ ខ្ញុំចង់សួរត្រឡប់ទៅវិញថា តើជាការពិតដែរឬទេ ដែលប្រទេសសមាជិកដើម មានជំហរឯកភាពគ្នា លើគ្រប់បញ្ហានៅក្នុងតំបន់នោះ ? ពិតជាមិនអាចទៅរួចទេ ដូច្នេះ ហើយបិតាស្ថាបនិកអាស៊ានក៏បានប្រមើលឃើញទិដ្ឋភាពបែបនេះដែរ នៅពេលដែលពួកគាត់រៀបចំឱ្យមានគោលការណ៍កុងសង់ស៊ីស។ អាស៊ានមានភាពចម្រុះខ្លាំង ហើយប្រទេសនីមួយៗ សុទ្ធតែមានការពិចារណាលើផលប្រយោជន៍តំបន់ ទន្ទឹមគ្នានឹងផលប្រយោជន៍ប្រទេស ដែលការថ្លឹងថ្លែងទាំងនេះ ពិតជាមិនអាចដូចគ្នាឥតខ្ចោះ នៅគ្រប់កាលៈទេសៈនោះទេ។ ការធានាឯកភាពក្នុងតំបន់, “សាមគ្គីភាពក្នុងភាពចម្រុះ” និងភាពស្អិតរមួតស្ថាប័ន, ត្រូវការ “កាវបិត” ដែលមានប្រសិទ្ធភាព និងប្រកបដោយបញ្ញាញាណ (sophisticated) នោះគឺគោលការណ៍កុងសង់ស៊ីសនោះឯង។ តាមពិត, ក្នុងការអនុវត្តជាក់ស្តែង កុងសង់ស៊ីស មិនមែន “រឹងត្អឹង” នោះទេ។ ឧបមាថា ថ្ងៃនេះ យើងមិនអាចមានកុងសង់ស៊ីស លើគោលជំហរណាមួយ យើងអាចស្ទាបស្ទង់ដឹងថា តើបន្ទាត់ក្រហមនៃគោលជំហររបស់ប្រទេសពាក់ព័ន្ធផ្សេងទៀតនោះ គឺជាអ្វី។ ដូច្នេះ នេះគឺជាសិល្បៈដែលមានលក្ខណៈជាស្ថាប័ន របស់អាស៊ាន នៅក្នុងការកែសម្រួល, សម្របសម្រួលអត្ថន័យ, ខ្លឹមសារ ឬ មធ្យោបាយណាមួយ នៃគោលជំហរ ដែលសមាជិកទាំងអស់អាចទទួលយកបាន។ ច្បាស់ណាស់ថា ការសម្របសម្រួលបែបនេះ ត្រូវការពេលវេលាច្រើន ប៉ុន្តែ គោលការណ៍នេះ បានធានានូវភាពសុខដុមផ្ទៃក្នុងអាស៊ាន អស់រយៈកាល ៥៨ ឆ្នាំមកហើយ។ យើងអាចមានចិត្តអន្ទះសារ នៅពេលដែលយើងឃើញមានការរាំងស្ទះលើបញ្ហាណាមួយ ដែលអាស៊ានពុំមានគោលជំហររួម ប៉ុន្តែ បើមើលលើមាគ៌ា ៥៨ ឆ្នាំដែលយើងបានដើររួមគ្នា យើងគួរតែមានមោទនភាពទៅវិញទេ ដែលយើងអាចនៅធ្វើការជាមួយគ្នាបាន, រីកចម្រើនជាមួយគ្នាបាន នៅពេលដែលស្ថាប័នពហុភាគី ឬ ស្ថាប័នតំបន់ និងអនុតំបន់ ជាច្រើនផ្សេងទៀត បានថមថយឥទ្ធិពល ឬ ក៏បាត់មុខពីវេទិកាការទូតតែម្តង។ ត្រង់នេះ យើងត្រូវតែគោរព និងផ្តល់តម្លៃ ដល់បញ្ញាញាណប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់បិតាស្ថាបនិករបស់អាស៊ាន ហើយប្រទេសសមាជិកទាំងអស់ សុទ្ធតែមានចំណែក នៅក្នុងការថែរក្សាប្រពៃណីដ៏ឧត្តុង្គឧត្តមរបស់អាស៊ាន ដែលយើងបានខិតខំកសាងរួមគ្នាអស់រយៈពេលជាយូរមកហើយ។
ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម តាមរយៈការជំរុញសមាហរណកម្ម៖ មានទិដ្ឋភាពច្រើននៃសមាហរណកម្ម ដែលប្រទេសសមាជិកទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍ តាមរយៈការពង្រឹងភាពតភ្ជាប់ទាំងរូបវន្ត និងផ្នែកទន់, ការគិតគូររួមគ្នា ដើម្បីជំរុញវិស័យដែលមានប្រយោជន៍រួម, និងការបង្រួមគម្លាតនៃការអភិវឌ្ឍ។ យើងបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលពង្រឹងភាពតភ្ជាប់ក្នុងតំបន់ ដើម្បីបង្កើនការផ្លាស់ប្តូរទំនិញ និងប្រជាជន, ហើយឧទាហរណ៍ជាក់ស្តែងបំផុតនោះ គឺការលើកលែងទិដ្ឋាការសម្រាប់ការបម្លាស់ទីរបស់ប្រជាជន នៅក្នុងតំបន់ទាំងមូលតែម្តង។ ការកាត់បន្ថយគម្លាត រវាងប្រទេសអាស៊ានចាស់ និងអាស៊ានថ្មី តាមរយៈគំនិតផ្តួចផ្តើមស្តីសមាហរណកម្មអាស៊ាន ដែលបានចាប់ផ្តើមពីឆ្នាំ២០០០ មកជាពិសេស លើការពង្រឹងសមត្ថភាពស្ថាប័ន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការនៃការធ្វើសមហរណកម្ម ដោយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មី ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង។
ខ្ញុំចង់គូសបញ្ជាក់ថា មានការយល់ខុសមួយចំនួនថា កម្ពុជា ឬ ប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច នឹងអូសជើងអាស៊ានឱ្យដើរយឺត។ តាមពិត ប្រទេសចូលថ្មី មិនបានអូសដំណើរ ពឹងពាក់ ឬ ដណ្តើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្តែង។ នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ ២៤ ប៊ីលានដុល្លារប៉ុណ្ណោះ[3] ប៉ុន្តែ នៅឆ្នាំ ២០២៤ ផសស របស់អាស៊ាន ១០ ប្រទេស មានរហូតដល់ ៣,៨ ទ្រីលានដុល្លារ ដែលជាសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ ៤ នៅឆ្នាំ ២០៣០[4] ហើយទំហំពាណិជ្ជកម្មទំនិញបានកើនដល់ ៣,៥ ទ្រីលានដុល្លារ ជិតស្មើនឹងទំហំ ផសស ក្នុងនោះ ២១,៥% ជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន។ ទំហំវិនិយោគបរទេសសរុប មានដល់ទៅ ២២៩,៨ ប៊ីលាន ហើយក្នុងនោះ ៩,៥% គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។ តួលេខនេះបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញ ទាំងពាណិជ្ជកម្ម និងវិនិយោគ គឺមានតែការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើងដែរ។ ប្រទេសនីមួយៗ សុទ្ធតែមានភាពម្ចាស់ការលើសេដ្ឋកិច្ចរៀងៗខ្លួន។ បានន័យថា “នំសេដ្ឋកិច្ចអាស៊ាន” (economic pie) មិនបានបាត់បង់ដោយសារការដណ្តើមពីសមាជិកថ្មីណាមួយនោះទេ គឺទំហំនៃ “នំសេដ្ឋកិច្ចអាស៊ាន” គឺកាន់តែធំឡើង ហើយគ្រប់សមាជិកទាំងអស់ សុទ្ធតែអាចទទួលផលប្រយោជន៍ពីកំណើននៃទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ។
សមាហរណកម្មអាស៊ាន គឺជាគន្លឹះជោគជ័យដ៏ធំបំផុតមួយរបស់អាស៊ាន ដែលធ្វើឱ្យអាស៊ានកាន់តែមានភាពទាក់ទាញសម្រាប់ពិភពលោក។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកដើរយឺត ជាមួយនឹងភាពមិនប្រាកដប្រជា អាស៊ាននៅតែអាចមានសម្ទុះសេដ្ឋកិច្ច ៤,៥% នៅឆ្នាំ ២០២៤ និង៤,៧% នៅឆ្នាំ ២០២៥ ហើយស្ថាប័នពហុភាគីជាច្រើនតែងតែលើកឡើងថា អាស៊ានគឺជាក្បាលម៉ាស៊ីនដឹកនាំសេដ្ឋកិច្ចមួយ យ៉ាងសំខាន់ផងដែរ។
នៅពេលដែលនិយាយពីសមាហរណកម្ម យើងតែងតែគិតគូរដល់ទិដ្ឋភាពសេដ្ឋកិច្ច ប៉ុន្តែ យើងច្រើនតែមើលរំលងពីទិដ្ឋភាពនៃសមាហរណកម្មផ្នែកយន្តការស្ថាប័ន ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការរៀបចំគោលនយោបាយ តាមរយៈរចនាសម្ព័ន្ធនៃយន្តការស្ថាប័នផ្ទៃក្នុង អាស៊ាន ដែលប្រទាក់ក្រឡាចាក់ស្រេះ លើគ្រប់វិស័យ។ ជាក់ស្តែង គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាលនៃប្រទេសសមាជិក ស្ទើរតែគ្មានវិស័យណាមួយ ដែលគ្មានកិច្ចសហប្រតិបត្តិការអាស៊ាន នោះទេ។ យន្តការសម្របសម្រួលស្ថាប័ន បានផ្តល់ឱកាសឱ្យប្រទេសសមាជិករៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធ ខិតខំពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីឱ្យមានភាពត្រដំត្រសងទៅនឹងកម្រិតតំបន់។ អ្វីដែលសំខាន់បំផុតនោះគឺថា យន្តការទាំងនេះ បានផ្តល់លទ្ធភាពឱ្យអាស៊ាន អាចរៀបចំគោលនយោបាយរួម និងកំណត់ទិសដៅអនាគតរួមលើគ្រប់វិស័យ សំដៅធានាបាននូវការគិតគូរកម្រិតតំបន់ ទៅលើសុខុមាលភាពរបស់ប្រជាជន នៅក្នុងតំបន់ទាំងមូល។ ឧទាហរណ៍ ការគិតគូរលើការត្រៀមទប់ទល់នឹងកូវីដ, ការត្រៀមទប់ទល់នឹងការសើរើខ្សែច្រវាក់ផ្គត់ផ្គង់សកល, ការគិតគូរពីបច្ចេកវិទ្យាសិប្បនិម្មិត, ទេសចរណ៍ក្នុងតំបន់, ពលករទេសន្តប្រវេសន៍, និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ ការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយច្របាច់បញ្ចូលនូវឧត្តមភាពប្រៀបធៀបនៃប្រទេសនីមួយៗ គឺជាមធ្យោបាយដ៏មានសារសំខាន់ នៅក្នុងការជំរុញសមាហរណកម្ម ដែលផ្តល់នូវអត្ថប្រយោជន៍ រាប់មិនអស់ និងមិនចេះរីងស្ងួត ដល់ប្រជាជន នៅក្នុងតំបន់ទាំងមូល។
ទី៤. ច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា៖ អាស៊ានមានដៃគូច្រើន ដូច្នេះ នៅពេលកម្ពុជាក្លាយទៅជាសមាជិកអាស៊ាន បានន័យថា កម្ពុជាក៏នឹងក្លាយទៅជាដៃគូជាមួយបណ្តាប្រទេសទាំងនោះ ដោយស្វ័យប្រវត្តិ។ អាស៊ានគឺជាច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា។ និម្មាបនកម្មដែលដឹកនាំដោយអាស៊ាន មានការរីកចម្រើនជាលំដាប់ ហើយតាមរយៈនេះ កិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ ក៏កាន់តែវិវឌ្ឍជឿនលឿន ទាំងលើវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ។ ត្រឹមខែតុលា ឆ្នាំ២០២៤ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) បានកើនឡើងដល់ ៥៥ ប្រទេស ហើយប្រទេស ឬ ស្ថាប័នក្រៅពីអាស៊ាន ចំនួន ៩៥ មានអង្គទូតរបស់ខ្លួនប្រចាំអាស៊ាន ហើយអាស៊ានវិញ ក៏បានបង្កើតគណៈកម្មាធិការអាស៊ាននៅប្រទេសទីបី ឬ នៅអង្គការអន្តរជាតិ បានដល់ចំនួន ៥៥។ អាស៊ានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងដៃគូសន្ទនាសំខាន់ៗ ដូចជា ចិន, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, អូស្ត្រាលី-ញូវហ្សេលែន, ហើយក៏មាន FTA ជាមួយនឹងហុងកុងផងដែរ។ បន្ថែមលើនេះ, អាស៊ានក៏មានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចាប់ផ្តើមចរចា នៅឆ្នាំ២០១២ ហើយចូលជាធរមាននៅឆ្នាំ២០២២ ដែលជាឆ្នាំដែលកម្ពុជា ធ្វើជាប្រធានប្តូរវេនអាស៊ាន។ នៅឆ្នាំ២០២៣ RCEP មានទំហំពាណិជ្ជកម្មដល់ទៅ ២ ទ្រីលានដុល្លារ ហើយវិនិយោគបរទេសពីប្រទេសសមាជិក RCEP ក្រៅពីអាស៊ាន ក៏មានទំហំរហូតដល់ ៦៦,៣ ប៊ីលានដុល្លារ។ កាលានុវត្តភាពការទូតដែលគោរពយន្តការពហុភាគីនិយមដែលផ្អែកលើច្បាប់, និងការអនុវត្តពាណិជ្ជកម្មពហុភាគី ដែលសេរី, បើកចំហ, មានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ ដែលអាស៊ាន បានប្រកាន់យកជាយូរមកហើយ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនអនេក ដល់ប្រទេសសមាជិក និងប្រទេសដៃគូ ដូច្នេះហើយ ការចូលជាសមាជិកអាស៊ាន គឺមានអត្ថប្រយោជន៍យ៉ាងធំធេង ហើយចាប់តាំងពីចូលជាសមាជិករួចមក កម្ពុជា ក៏បានបំពេញតួនាទី នៅក្នុងការពង្រីកឱ្យកាន់តែធំថែមទៀតនូវកាលានុវត្តភាពការទូតដែលអាស៊ានមាន។
ផ្នែកទី ២ “អាស៊ាន និងពិភពលោក”
ឥឡូវ, ខ្ញុំសូមចូលដល់ផ្នែកទី ២។ លើប្រធានបទនេះ ខ្ញុំចង់គូសរំលេចថា អាស៊ាន លែងជាតួអង្គស្ថាប័ន (regional actor) តំបន់ទៀតហើយ, អាស៊ាន បាននិងកំពុងក្លាយជាតួអង្គសកល (global actor) ដែលមានភាពសកម្ម រស់រវើក ព្រមទាំងមានការទទួលស្គាល់ពីតួអង្គសកលផ្សេងៗទៀតផងដែរ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ខ្ញុំនឹងមិនលើកពីបញ្ហាប្រឈម ឬ ឧបសគ្គ ដែលអាស៊ាន និង ពិភពលោក កំពុងជួបប្រទះនោះទេ ព្រោះប្រធានបទនេះ មានការវែកញែកទូលំទូលាយរួចទៅហើយ។ នៅក្នុងវេទិកានេះ ខ្ញុំចង់គូសរំលេចពីអនាគតនៃតួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មអភិបាលកិច្ច កម្រិតពិភពលោក ព្រោះថា ខ្ញុំមើលឃើញអនាគតអាស៊ាន ដែលនឹងអាចក្លាយជា “ប៉ូលនយោបាយសេដ្ឋកិច្ច” មួយនៅក្នុងពិភពលោក។ ជាមួយនឹងប្រជាជនជាង ៦៧០ លាននាក់ ដែលជាទំហំធំបំផុតទី ៣ នៅលើពិភពលោក, និងទំហំសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក, តួនាទីរបស់អាស៊ាននៅក្នុងការកំណត់របៀបវារៈអភិបាលកិច្ចសកល ពិតជាមិនអាចមើលរំលងបានឡើយ។ សណ្តាប់ធ្នាប់ពិភពលោក កំពុងតែវិវត្តឈានទៅរក “ពហុប៉ូល” ដែលមានតួអង្គកាន់តែច្រើនឡើង ដែលបានបង្កើនទាំងទំហំសេដ្ឋកិច្ច អំណាចការទូត និងយោធា ដែលធ្វើឱ្យតួអង្គទាំងនោះ ខិតខំទាមទារប្រព័ន្ធអភិបាលកិច្ច ដែលមានអនុលោមភាព ទៅនឹងតថភាពថ្មីនៃស្ថានភាពតុល្យភាពអំណាចនៅលើពិភពលោក។ តួអង្គដែលលេចឡើងថ្មី ចង់មានតួនាទីកាន់តែធំឡើង នៅក្នុងការសម្រេចរបៀបវារៈនៃអភិបាលកិច្ចពិភពលោក ដែលមានលក្ខណៈប្រជាធិបតេយ្យជាងមុន យុត្តិធម៌ជាងមុន ដូច្នេះ ការប្រទាញប្រទង់អំណាច បានរុញច្រានឱ្យមហាអំណាចមួយចំនួន ដើរប្រាស់ចាកពីវិធាននៃអភិបាលកិច្ចសកល ដែលខ្លួនបានខិតខំបង្កើតឡើង ក្រោយសង្គ្រាមលោកលើកទី ២ ដែលបាននិងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ មានភាពរង្គោះរង្គើ ជាពិសេស យន្តការពហុភាគីនិយមដែលផ្អែកលើវិធានច្បាប់។
ក្នុងកាលៈទេសៈបែបនេះ អាស៊ានពិតជាមានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើវិធានច្បាប់ផង និងកាន់តែមានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង។ ទៅថ្ងៃអនាគត អាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទីពី “ការធ្វើប្រតិកម្មចំពោះពិភពលោក” (reacting to the world ) ទៅជាអ្នកដែលអាចមានលទ្ធភាពជួយ “រៀបចំពិភពលោក” (creating the world) វិញ។
នៅក្នុងទិសដៅនេះ, អាស៊ានអាចមានអភិក្រម ២ យ៉ាង។ ទី១ គឺយើងអាចពង្រឹងសមត្ថភាពខ្លួនឯង និងទី២ គឺការពង្រឹងអន្តរកម្មរបស់អាស៊ាន ជាមួយនឹងស្ថាប័នពហុភាគីដែលមានឥទ្ធិពល។ យើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការជំរុញសមាហរណកម្មកាន់តែស៊ីជម្រៅ។ ការរៀបចំ “ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥” ដែលនឹងត្រូវអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលនាខែ ឧសភា ខាងមុខនេះ គឺជាជំហានមួយ នៅក្នុងទិសដៅដ៏ត្រឹមត្រូវ។ “ចក្ខុវិស័យសហគមន៍អាស៊ាន” មានផែនការយុទ្ធសាស្ត្រ (strategic plans) លើសសរស្តម្ភទាំង ៣ និង ការពង្រឹងភាពតភ្ជាប់ ដែលបានប្រមើលមើល “អាស៊ានដែលមានការអភិវឌ្ឍជឿនលឿន ក្នុងនាមជាមជ្ឈមណ្ឌលនៃកំណើន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” (We envision a developed ASEAN as the epicentre of growth in the Indo-Pacific region)។ ដើម្បីឱ្យពិភពខាងក្រៅ អាចទទួលយកអាស៊ាន និងមានទំនុកចិត្តកាន់តែខ្លាំងក្លាទៅលើអាស៊ានបាន, លុះត្រាតែអាស៊ាន មានសមត្ថភាពរឹងមាំ, អាចជួយពិភពខាងក្រៅបាន តាមសមត្ថភាពរបស់ខ្លួន, និងអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោក និងដៃគូដែលមានសុឆន្ទៈជាមួយអាស៊ាន។
វិធីសាស្ត្រទី២ គឺការពង្រឹងអន្តរកម្ម។ យើងអាចពង្រឹងអន្តរកម្ម ដោយប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ឬ ក៏ប្រើប្រាស់យន្តការពហុភាគីផ្សេងៗទៀត ដែលឆ្លើយតបទៅតាមសម័យកាល ឬ កាលៈទេសៈ។ ពេលខ្លះ យើងក៏អាចមើលឃើញ “និន្នាការងាកចេញពីអាស៊ាន” របស់ប្រទេសសមាជិកមួយចំនួន ដើម្បីចូលរួមជាមួយស្ថាប័នសម័យទំនើបផ្សេងទៀត ដើម្បីបង្កើនឧត្តមភាពនៃប្រទេសរបស់ខ្លួន។ នេះគឺជាជម្រើសយុទ្ធសាស្ត្រដែលយើងមិនអាចបដិសេធបានឡើយ។ ប៉ុន្តែ នៅពេលដែលអាស៊ាន ឬ ប្រទេសសមាជិកចូលរួមនៅក្នុងស្ថាប័នពហុភាគី ណាមួយ ក្រៅពីយន្តការដែលដឹកនាំដោយអាស៊ាន យើងក៏ត្រូវប្រុងប្រយ័ត្នចំពោះភាពលម្អៀងទៅលើមហាអំណាចណាមួយ ដែលកំពុងប្រកួតប្រជែងគ្នា ដែលធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះ លិចចុះ ឬ លេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណាច ឬ ថ្នាក់ដឹកនាំនៃប្រទេសមហាអំណាច។ ដូច្នេះ ខ្ញុំនៅតែជឿជាក់ថា អាស៊ានគួរផ្តល់ទំងន់ ទៅលើការខិតខំអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ានវិញ ព្រោះថា ស្ថាប័នរបស់យើង មានលក្ខណៈជាអព្យាក្រឹត្យជាង ហើយយើងអាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និងច្រើនតំបន់ ដោយមិនប្រកាន់មនោគមវិជ្ជា។ អ្វីដែលសំខាន់នោះគឺយន្តការរបស់អាស៊ាន មានភាពអចិន្ត្រៃយ៍ និង មានស្ថិរភាពជាង ទោះបីជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន ប្រែប្រួលក៏ដោយ។ ក្នុងន័យនេះ, ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ លេខាធិការដ្ឋាន អាស៊ានដែលបាននិងកំពុងបំពេញតួនាទីយ៉ាងល្អ នៅក្នុងការធានាភាពអចិន្ត្រៃយ៍ ឬ ចីរភាព នៃយន្តការកិច្ចសហប្រតិបត្តិការ, ការងារសម្របសម្រួលដ៏ច្រើនលើសលុប, ការរៀបចំចងក្រងកំណត់ត្រាជាលក្ខណៈស្ថាប័ន, និងការជំរុញការគិតគូរស្រាវជ្រាវ ពីទិសដៅអនាគតសម្រាប់អាស៊ាន។ ការពង្រឹងសមត្ថភាពនៃលេខាធិការដ្ឋានអាស៊ាន នៅពេលដែលអាស៊ាន ក្លាយជា “ប៉ូលមួយនៃពិភពលោក” គឺជាកត្តាពុំអាចខ្វះបាន ប៉ុន្តែ អ្វីដែលសំខាន់គឺយើងត្រូវធានាថា លេខាធិការដ្ឋានអាស៊ាន នឹងមិនដើរតួជំនួសឱ្យប្រទេសសមាជិក ឬ ដើរលើសបន្ទាត់អធិបតេយ្យនៃប្រទេសសមាជិកនោះឡើយ។
ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” អាស៊ាន មានតួនាទីសំខាន់ ក្នុ្ងងការលើកស្ទួយសន្តិភាព។ ពិតណាស់ថា ការប្រកួតប្រជែងដណ្តើមអនុត្តរភាពរបស់ប្រទេសមហាអំណាច មិនស្ថិតនៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់អាស៊ាន នោះឡើយ។ ប៉ុន្តែ អាស៊ាន អាចគ្រប់គ្រងស្ថានការណ៍ នៅក្នុងតំបន់របស់ខ្លួនបាន, អាចជំនះការខិតខំចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងតំបន់អាស៊ានបាន, អាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាង (proxy wars) របស់ប្រទេសមហាអំណាចនៅក្នុងតំបន់របស់យើងបាន។ អាស៊ានក៏អាចបញ្ចេញឥទ្ធិពលរបស់ខ្លួន លើសន្តិភាពលើសពីកម្រិតតំបន់ផងដែរ។
ការពង្រឹងសមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើការសម្របសម្រួល និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់បណ្តាមេដឹកនាំនៃសមាជិកអាស៊ានដែរ។ អាស៊ាន មិនអាចក្លាយជា “ប៉ូលមួយនៃពិភពលោក” បានទេ ប្រសិនបើថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ពុំមានទំនាក់ទំនងជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក, មានស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន, និងពុំមានទំនាក់ទំនងលើសពីកម្រិតការងារផ្លូវការ។ ពេលខ្លះយើងមានការងារច្រើនពេក, យើងយកចិត្តទុកដាក់ បារម្ភទៅលើរបៀបវារៈរបស់ប្រទេសមហាអំណាចខ្លាំងពេក, យើងភ្លេចគិតពីប្រទេសជិតខាង, ភ្លេចបារម្ភពីសមាជិកគ្រួសារក្នុងតំបន់អាស៊ានរបស់យើង។ ខ្ញុំពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើនភាពសុខដុមនៅក្នុងតំបន់។
សម្រាប់អនាគតខាងមុខ, យើងនៅតែអាចរៀនសូត្រពីប្រវត្តិសាស្ត្រ ហើយប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងច្បាស់ថា គោលការណ៍របស់អាស៊ាន ពិតជារូបមន្តដ៏មានប្រសិទ្ធភាពបំផុត នៅក្នុងការគ្រប់គ្រងស្ថាប័នតំបន់ ដែលមានភាពចម្រុះ។ អាស៊ានត្រូវតែឈរឱ្យបានរឹងមាំនៅក្នុងការការពារ និងរក្សាគោលការណ៍ របស់ខ្លួន ទោះបីជាពេលខ្លះយើងទទួលការរិះគន់ក៏ដោយ។ ប៉ុន្តែ ចុងក្រោយ ប្រវត្តិសាស្ត្រគឺជាចៅក្រមដាក់ពិន្ទុលើសមិទ្ធផលរបស់យើង ហើយយើងមិនត្រូវវិនិច្ឆ័យអាស៊ាន ត្រឹមតែមួយឆ្នាំ ឬ ពីរឆ្នាំនោះទេ, យើងត្រូវមើលសមិទ្ធផលមួយទសវត្សរ៍ ពីរទសវត្សរ៍ ឬ ច្រើនជាងនេះ ដើម្បីឱ្យដឹងថា តើអាស៊ានដើរលើផ្លូវត្រូវ ឬ យ៉ាងណា? ទោះបីជាមានការរិះគន់ច្រើនក្តី, ស្ថិរភាព និងចីរភាពរបស់អាស៊ាន និងកំណើននៃកម្លាំងសេដ្ឋកិច្ចដ៏អស្ចារ្យរបស់អាស៊ាន គឺជាសក្ខីភាពជាក់ស្តែងបំផុតថា រូបមន្តរបស់អាស៊ាន គឺមានប្រសិទ្ធភាព ហើយរូបមន្តនេះ គួរត្រូវបានពង្រីកផ្សព្វផ្សាយបន្ថែមទៀត នៅក្នុងសហគមន៍នៃពិភពលោក ដែលគោរពភាពចម្រុះ។
សម្រាប់អនាគតខាងមុខ, អាស៊ាន ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” នឹងក្លាយជានិមិត្តរូបនៃនយោបាយនិយមកណ្តាល, គ្មានសាសនាជ្រុលនិយម, គ្មានវប្បធម៌នយោបាយជ្រុលនិយម ដែលផ្តោតខ្លាំងទៅលើមនោគមវិជ្ជាណាមួយ ឬ ប្លុកណាមួយ។ អាស៊ាន នឹងក្លាយជា “ប៉ូលមួយនៃពិភពលោក” ដែលមានភាពបត់បែនខ្ពស់ និងមានភាពជាក់ស្តែងនិយម, ដែលមិនយកប្រទេស ឬ តំបន់ណាមួយជាសត្រូវ, ហើយក៏មិនក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងនោះដែរ។ តើយើងអាចបង្កើតក្តីសង្ឃឹមដល់អ្នកជំនាន់ក្រោយរបស់យើងបានប៉ុណ្ណា? បើយើងមិនអាចបង្កើតក្តីសង្ឃឹម ឬ សុបិន សម្រាប់ប្រជាជនអាស៊ាន, ពិភពលោកខាងក្រៅក៏មិនអាចសង្ឃឹមលើអាស៊ានបានដែរ។ យើងស្រមៃថា អាស៊ាននឹងមានមហាវិទ្យាល័យលំដាប់ពិភពលោកនៅទូទាំងតំបន់; អាស៊ាននឹងមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក; ជារោងចក្រ និងជាទីផ្សារដ៏ទាក់ទាញរបស់ពិភពលោក; អាស៊ានជាទីតាំងរៀបចំវេទិកាការទូតលំដាប់ពិភពលោក, រៀបចំកីឡាពិភពលោក World Cup; អាស៊ានជាទីប្រមូលផ្តុំដ៏ទាក់ទាញសម្រាប់ប្រជាជន នៅលើពិភពលោក ដែលចង់មកធ្វើការ ឬ មករស់នៅ ក្នុងសង្គមស៊ីវីល័យ មានភាពសុខដុម ចម្រុះជាតិសាសន៍ និងប្រព័ន្ធសង្គមកិច្ចល្អប្រសើរ។ ទាំងនេះគឺជាក្តីសុបិន ហើយខ្ញុំជឿជាក់ថា អនាគតពិភពលោក គឺនៅអាស៊ី, អនាគតពិភពលោក គឺនៅអាស៊ាន។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី,
ខ្ញុំសង្ឃឹមថា បទបង្ហាញខាងលើរបស់ខ្ញុំ នឹងចូលរួមចំណែកផ្តល់ជាពុទ្ធិសម្រាប់សាធារណជននៅលើវេទិកាអន្តរជាតិ ដើម្បីឱ្យពួកគេបានស្គាល់ និងយល់កាន់តែច្បាស់ពីអាស៊ាន, និងពីសមិទ្ធផល ក៏ដូចជាយន្តការការងាររបស់អាស៊ាន ដែលយកសន្តិភាព និងស្ថិរភាពតំបន់ ធ្វើជា
មូលដ្ឋានស្នូល ដើម្បីជំរុញសមាហរណកម្ម និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី សូមទទួលបាននូវសិរីសួស្តី, ជ័យមង្គល, វិបុលសុខមហាប្រសើរ និងជោគជ័យ នៅក្នុងគ្រប់ភារកិច្ចរបស់ខ្លួន។
សូមអរគុណ!