Grand News Asia Close

បទវិចារណកថា៖ រាជរដ្ឋាភិបាលមិនអាចឱ្យសេដ្ឋកិច្ចរលំ ព្រោះការកំណត់ពន្ធ ៤៩ភាគរយ របស់អាមេរិក ឡើយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ ទស្សនៈ-នយោបាយ 368
បទវិចារណកថា៖ រាជរដ្ឋាភិបាលមិនអាចឱ្យសេដ្ឋកិច្ចរលំ ព្រោះការកំណត់ពន្ធ ៤៩ភាគរយ របស់អាមេរិក ឡើយ បទវិចារណកថា៖ រាជរដ្ឋាភិបាលមិនអាចឱ្យសេដ្ឋកិច្ចរលំ ព្រោះការកំណត់ពន្ធ ៤៩ភាគរយ របស់អាមេរិក ឡើយ

ការកំណត់អត្រាពន្ធថ្មីដ៏ខ្ពស់មកលើកម្ពុជា ដែលចេញដោយរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ពោលគឺ៤៩ភាគរយ ពិតជាធ្ងន់ធ្ងរ ប៉ុន្តែសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល។ ការកំណត់ពន្ធនេះវាពិតជាប៉ះពាល់ខ្លាំង ពីព្រោះអាមេរិកគឺជាប្រភពទីផ្សារធំជាងគេរបស់កម្ពុជា ប៉ុន្តែរាជរដ្ឋាភិបាលដាច់ខាតមិនឱ្យសេដ្ឋកិច្ចរបស់ប្រទេសដួលរលំ ដោយសារតែការសម្រេចកំណត់ពន្ធនេះបានឡើយ។

តាមស្ថិតិបានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កម្ពុជា និងសហរដ្ឋអាមេរិក មានទំហំពាណិជ្ជកម្មទេ្វភាគីប្រមាណ ១០,១៨ពាន់លានដុល្លារ នៅក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃ ៩,៩ពាន់លានដុល្លារ ហើយនាំចូលមកវិញគឺ ជាង២៦៤លានដុល្លារ។

ផ្អែកតាមស្ថិតិដែលកត់ត្រាដោយកម្ពុជា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកគឺធំមែន ហើយអាមេរិកគឺជាទីផ្សារធំជាងគេរបស់កម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាមេរិកមិនមែនជាទីផ្សារតែមួយរបស់ទំនិញកម្ពុជាឡើយ។ ​កម្ពុជានៅមានទីផ្សារធំៗផ្សេងទៀត ដូចជាក្រុមប្រទេស ដែលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់​ ដែលហៅថា RCEP ប្រទេសសមាជិកអាស៊ាន ចិន និងសហគមន៍អឺរ៉ុប។

ស្ថិតិខាងកម្ពុជាបានបង្ហាញទៀតថា កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានតម្លៃសរុប ២៦,៦ពាន់លានដុល្លារ ដែលក្នុងនោះ នាំចេញទៅទីផ្សារអាមេរិកមានទំហំ ៣៧,១៩ភាគរយ តែ RCEP ក៏មានទំហំធំដែរគឺប្រមាណជា ជិត៣៤ភាគរយ។ ក្រៅពីនោះនៅមានអាស៊ាន ១៩ភាគរយ សហគមន៍អឺរ៉ុប១៦,៥៥ ភាគរយ និងចិន ៦,៥៦ភាគរយថែមទៀត។

ផ្អែកតាមមូលដ្ឋាននៃស្ថិតិនេះបង្ហាញថា ការកំណត់ពន្ធថ្មីរបស់សហរដ្ឋអាមេរិកមកលើកម្ពុជាដែលនឹងចូលជាធរមាននៅរង្វង់ថ្ងៃទី០៩ ខែមេសា ខាងមុខនេះ គឺជាង៣៧ភាគរយប៉ុណ្ណោះ ហើយការប៉ះទង្គិចនេះ​មិនមែនប៉ះតែកម្ពុជាទេ គឺប្រទេសផ្សេងៗក៏ប៉ះដែរ ដូច្នេះកម្ពុជានៅតែមានគន្លឹះដែលត្រូវគិតគូរដើម្បីធ្វើយ៉ាងណាក៏ដោយគឺនៅតែអាចឱ្យវិនិយោគិនអាចផលិតដើម្បីនាំចេញបាននៅក្នុងតម្លៃប្រកួតប្រជែងជាមួយនឹងគេបាន។

តាមអត្រាដែលសហរដ្ឋអាមេរិកបានប្រកាស គ្រប់ប្រទេសគឺជាប់ពន្ធទាំងអស់ ហើយប្រទេសដែលមានផលិតផលប្រកួតប្រជែងជាមួយនឹងកម្ពុជាក៏ជាប់ដែរ អាស្រ័យលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងប្រទសនីមួយៗតែប៉ុណ្ណោះ។ ករណីដូចជា ឡាវជាប់ ៤៨ភាគរយ វៀតណាម៤៦ភាគរយ មីយ៉ាន់ម៉ា ៤៤ភាគរយ ថៃ ៣៦ភាគរយ ឥណ្ឌូនេស៊ី៣២ភាគរយ ម៉ាឡេស៊ី ២៤ភាគរយ ប្រុយណេ ២៤ភាគរយ ហ្វីលីពីន១៧ភាគរយ​​ ហើយសិង្ហបុរី ១០ភាគរយ ដូច្នេះនៅក្នុងករណីដែលកម្ពុជាអាចដោះស្រាយនៅកម្រិតលំអៀងរវាងការកំណត់ពន្ធធៀបនឹងថ្លៃដើមផលិតនៅកម្ពុជា ដែលមានប្រសិទ្ធភាព វាក៏នៅតែអាចរក្សាបានភាពទាក់ទាញ និងលទ្ធភាពនៃការប្រកួតប្រជែងរបស់ទំនិញកម្ពុជានៅទីផ្សារសហរដ្ឋអាមេរិក។

ម្យ៉ាងវិញទៀតផ្អែកតាមអ្វីដែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា យើងអាចដឹងថា កម្ពុជានៅមានពេលវេលាច្រើនដើម្បីចរចាជាមួយនឹងសហរដ្ឋអាមេរិក ដោយសារតែការបញ្ជាទិញគឺគេបានចុះហត្ថលេខាអស់ហើយ នៅក្នុងករណីក្រុមហ៊ុនលុបចោលការបញ្ជាទិញ គឺពួកគេត្រូវបង់សំណងដែលមានទំហំលើសទំហំដែលពួកគេត្រូវបង់ពន្ធ​។​

ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ ផលប៉ះពាល់គឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដែរ គឺមានមុនពេលដែលពន្ធត្រូវបានដាក់ ហើយការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះដែរ គឺដាក់គ្រប់ប្រទេសដែលនាំចេញទៅទីផ្សារនៅអាមេរិក។ ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។ ចំណែកវិស័យស្បែកជើង ការបញ្ជាទិញគឺភាគច្រើនគឺដាក់ ៣ឆ្នាំជាប់គ្នា ដូច្នេះការបញ្ជាទិញឆ្នាំនេះ គឺសម្រាប់ឆ្នាំ២០២៦ និង២០២៧ផងដែរ។

សរុបទៅប្រទេសណាក៏ត្រូវដំបងលោកត្រាំដែរ ហើយសម្រាប់កម្ពុជារាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការ និងការដោះស្រាយបញ្ហាផលប៉ះពាល់ដ៏មានប្រសិទ្ធភាពមួយ ឆ្លើយតបនឹងបញ្ហា​នេះ។​ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការជាមួយអាមេរិក និងដៃគូពាក់ព័ន្ធដើម្បីបង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បីរក្សាឧត្តមភាពផលិកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់យើង។ ផ្សាយ៖ កន ចំណាន អត្ថបទ៖ AKP

អត្ថបទទាក់ទង