សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ ក្នុង“កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦”
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ និងបានអញ្ជើញ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្លែងនូវថ្លែងសុន្ទរកថា និងចំណាប់អារម្មណ៍។ មុននឹងចាប់ផ្តើមកិច្ចពិភាក្សាចង្អៀត, ឯកឧត្តម ចូកូ វីដូដូ បានស្នើឱ្យបណ្តាញសារព័ត៌មានចាកចេញពីបន្ទប់ប្រជុំ ។ ជាកិច្ចបន្ទាប់, ឯកឧត្ដម ចូកូ វីដូដូ បានអញ្ជើញតាមលំដាប់អក្សរថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំថ្លែងសុន្ទរកថា និងបានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ មានចំណាប់អារម្មណ៍។
ចំពោះកម្ពុជា, ថ្លែងក្នុងកិច្ចប្រជុំ, សម្ដេចធិបតី បានលើកឡើងនូវចំណុចសំខាន់ដូចខាងក្រោម៖
១. កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជា, គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។
២. សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ, សម្ដេចធិបតី បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
៣. សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។
ចំពោះលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦, បណ្តាថ្នាក់ដឹកនាំអាស៊ានប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់តំបន់ទាំងមូល៕