Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 508


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស និង អង្គសន្និបាត  ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមុខងារសាធារណៈ។

អង្គសន្និបាតនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធដែលបានជួបជុំគ្នា ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារ ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គ ក្នុងការអនុវត្តការងារកន្លងមក ។ ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី នៃក្រសួងមុខងារសាធារណៈ ពិតជាបានចូលរួមពិភាក្សា  ផ្លាស់ប្ដូរយោបល់ អំពីទិសដៅការងារបន្ត និង ស្វែងយល់កាន់តែច្បាស់ អំពីការខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មការងារគ្រប់គ្រង និង អភិវឌ្ឍវិស័យមុខងារសាធារណៈ និងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

ផ្អែកតាមរបាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ខ្ញុំសូមអបអរសាទរចំពោះដំណើរការសន្និបាតរយៈពេល ២ ថ្ងៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ សំដៅបន្តលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងការគិតគូរបន្ថែម ដើម្បីជំរុញល្បឿននៃការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យសម្រេចបានសមិទ្ធកម្មតាមគោលដៅកំណត់។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងមុខងារសាធារណៈសម្រេចបានរយៈពេល ១ ឆ្នាំកន្លងមកនេះ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យ មុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ការជំរុញអនុវត្តវិធានការគន្លឹះទាំង ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលក្រសួងបានដឹកនាំ សម្របសម្រួល និងជំរុញអនុវត្ត ប្រកបដោយការទទួលខុសត្រូវ មានវិជ្ជាជីវៈ និងប្រសិទ្ធភាព។ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ  និងការកែទម្រង់រដ្ឋបាលសាធារណៈ ទាំងក្នុងក្របខ័ណ្ឌការងារ (១). លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (២). គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, (៣). គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ជាតិ (៤). ក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្សរ៍របស់រាជរដ្ឋាភិបាល និង(៥). អនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

វិស័យមុខងារសាធារណៈ ត្រូវបានអភិវឌ្ឍ និងពង្រឹងការគ្រប់គ្រងជាបន្តបន្ទាប់ ជាមួយនឹងការបោះជំហានទៅមុខប្រកបដោយភាពប្រាកដនិយម និងវិជ្ជមាន ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនេះ យើងគួររំលឹកឡើងវិញ និងមើលថយក្រោយបន្តិចអំពីដំណើការនៃវិស័យមុខងារសាធារណៈ ដែលជាចំណែកដ៏សំខាន់នៃរដ្ឋបាលសាធារណៈ របស់កម្ពុជា ហើយមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងរបត់នយោបាយរបស់កម្ពុជា ក្នុងដំណាក់កាលផ្សេងៗ ជាពិសេស ដំណាក់កាលនៃការអនុវត្តគោលនយោបាយផ្សះផ្សា និងបង្រួបបង្រួមជាតិ។

ផ្តើមចេញពីបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋបាលសាធារណៈកម្ពុជាប្រឈមនូវបញ្ហាជាច្រើនរាប់មិនអស់។ ជាបន្តបន្ទាប់ ប្រព័ន្ធរដ្ឋបាលសាធារណៈត្រូវបានរៀបចំ ពង្រឹង និងកែលម្អជាលំដាប់ ជាពិសេស បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ (២៩ ធ្នូ ១៩៩៨) ក្រោមមគ្គុទ្ទេសក៍​ប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។  តាមរយៈ យុទ្ធសាស្ត្រត្រីកោណ និងចតុកោណទាំង ៤ ដំណាក់កាល កន្លងមក ការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្ត និងជំរុញជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងវិស័យសាធារណៈ ឈរលើអភិក្រម “កែទម្រង់រស់ មិនកែទម្រង់ស្លាប់“។

ជាការកត់សម្គាល់គួរជាទីមោទនៈរបស់យើង ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយក៏ជាប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលមានភាពធន់កម្រិតខ្ពស់ផងដែរ។ ជាក់ស្ដែង ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ យើងអាចរក្សាបាននូវស្ថិរភាពនៃស្ថាប័នសាធារណៈ និងការផ្ដល់សេវាធារណៈ ជូនប្រជាជនជាធម្មតា តាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងអាចគាំទ្រការងើបឡើងវិញយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ។

សុខសន្តិភាព និងការអភិវឌ្ឍ គឺជាមរតកដ៏ថ្លៃថ្លារបស់បុព្វការីយើង ហើយបានផ្តល់ជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ដំណើរបន្តនៃការកសាងសង្គមជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាន និងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន និងសង្គមជាតិ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ត្រូវបានដាក់ឱ្យអនុវត្ត និងប្រើប្រាស់ជាត្រីវិស័យក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ទៅតាមវិស័យអាទិភាព និងបានបង្កើតនូវយន្តការស្ថាប័ន ដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព ឱ្យឆ្លើយតបទាន់ពេលទៅនឹងគោលដៅអាទិភាព រួមមាន៖

១). គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ

២). គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈ ការពង្រឹងគុណភាពសាលារៀន ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា សម្រាប់ផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម-សេដ្ឋកិច្ច និងទីផ្សារការងារ និង

៣). គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) នាយករដ្ឋមន្រ្តីដឹកនាំការងាររដ្ឋបាលសាធារណៈ អប់រំ និងសុខាភិបាល តាមរយៈគណៈកម្មាធិការជាតិ

ទាក់ទងនឹងចំណុចនេះ យើងមានវិធានគន្លឹះ ៥ គឺរដ្ឋបាលសាធារណៈ (ជា)អាទិភាពទី១, ទី២ អប់រំ, ទី៣ សុខាភិបាល​, ទី៤ គឺពង្រឹងយន្តការដោះស្រាយ ថែរក្សាសុវត្ថិភាពភូមិឃុំសង្កាត់ ផ្ដោតលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី៥ ការចូលរួមពង្រឹងប្រព័ន្ធយុត្តិធម៌ តាមរយៈការដោះស្រាយ(ទំនាស់)ក្រៅប្រព័ន្ធតុលាការ។ ក្រសួងមហា​ផ្ទៃ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ទទួលដឹកនាំអនុវត្តវិធានគន្លឹះទី៤ និងក្រសួងយុត្តិធម៌ទទួលអនុវត្តវិធានគន្លឹះទី៥។ ដោយឡែក (ពីទី១ដល់)ទី៣ នាយករដ្ឋមន្រ្តីដឹកនាំផ្ទាល់ តាមរយៈការបង្កើតគណៈកម្មាធិការជាតិ។ ហេតុអ្វី? កំណែទម្រង់មុខងារសាធារណៈគឺជាការងារធំ។ កំណែទម្រង់វិស័យអប់រំ ក៏ការងារធំ។ វិស័យសុខាភិបាលក៏ជាការ​ងារធំ។ ប៉ុន្តែ នៅក្នុង(វិធានការគន្លឹះទាំង)នោះ អនុគណៈកម្មការដែលបង្កើតផ្ដោតទៅលើតែកិច្ចការសំខាន់ៗមួយចំនួន ពិសេសនៅថ្នាក់មូលដ្ឋាន។

ជាក់ស្ដែង នៅក្នុង(ការ)ពង្រឹងវិស័យមុខងារសាធារណៈ/រដ្ឋបាលសាធារណៈ យើងមានកិច្ចការច្រើន ប៉ុន្តែយើងជ្រើសយកតែ៣ភារកិច្ច/សកម្មភាពធំៗ គឺ ទី១ ការជ្រើសរើសមន្រ្តីថ្មី, ទី២ ការវិភាគមុខងារ និងទី៣ ការរៀបចំប្រព័ន្ធលើកទឹកចិត្ត។ រីឯការងារជាច្រើនផ្សេងទៀត ក្រសួង(អនុវត្ត)តាមផែនការដដែល។ វិស័យអប់រំក៏ដូចគ្នា។​ ការ​ងារកែទម្រង់ និងពង្រឹងវិស័យអប់រំធំណាស់។ តាំងពីមត្តេយ្យរហូតដល់ឧត្តមសិក្សា​ និងការបណ្ដុះបណ្ដាលគ្រូផ្សេងៗច្រើន។ ប៉ុន្តែ គណៈកម្មាធិការផ្ដោតតែទៅលើការពង្រឹងមូលដ្ឋាន … យើងអាចនិយាយថាពីថ្នាក់បឋមសិក្សាដល់ថ្នាក់ទី១២។ វិស័យសុខាភិបាលក៏ធំ ដែលក្រសួងដឹកនាំការងារក្នុងផែនការ ហើយគណៈកម្មាធិការផ្ដោតលើការពង្រឹងមូលដ្ឋាន បានន័យថា មណ្ឌលសុខភាព …។

(២) ការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រី ផ្តល់ទម្ងន់នយោបាយ សម្រេចលទ្ធផលបានលឿន និងបង្ហាញពីការទទួលខុសត្រូវ​

ហេតុអ្វីបានជាចាំបាច់ត្រូវបង្កើតបែបនេះ ខណៈដែលមានផែនការប្រចាំឆ្នាំអស់ហើយ? វាមានកត្តាសំខាន់៣៖ ទី១ ផ្ដល់ជាទម្ងន់ និងសារនយោបាយចំពោះកិច្ចការអាទិភាពទាំងនេះ ដោយយើងផ្ដោតទៅលើ(អភិក្រម)ពង្រឹងជាជាងពង្រីក។ ពង្រឹងកន្លែងណា? សកម្មភាពណាខ្លះក្នុងចំណោមសកម្មភាពទាំង ២០ ឬ៣០ ឬ៥០ ដែលក្រសួងធ្វើ។ យើងយក ១ ឬ២ មកពង្រឹងឱ្យខ្លាំង។ ដើម្បីពង្រឹងឱ្យខ្លាំង ចាំបាច់ទាល់តែមានការ​ងារពិសេសគឺផ្ដល់ទម្ងន់ និងសារនយោបាយនៃការគាំទ្រ។ ទី២ សម្រេចបានលទ្ធផលលឿន … ទោះបីជាក្រសួងទាំងបីនៅបន្តដឹកនាំ (វិស័យ​)មុខងារសាធារណៈនៅតែក្រសួងមុខងារសាធារណៈ ជាលេខាធិការដ្ឋាន វិស័យសុខាភិបាលនៅតែក្រសួងសុខាភិបាលដឹកនាំ  វិស័យអប់រំក៏យើងមានលេខាធិការដ្ឋាន គ.វ.អ មួយ ដែលឯកឧត្តម ហង់ជួន ណារ៉ុន នៅធ្វើការជាប្រចាំ ច្បិចរឿង ២-៣ នេះមក(ពិនិត្យដោះស្រាយ) ដើម្បីបង្កើនលឿន ទម្ងន់ និងការគាំទ្រ។ ត្រូវការសម្រេចលឿន ត្រូវការទម្ងន់ថវិកា និងការដោះស្រាយផ្សេងៗ ពិសេសជាងគេដើម្បីឱ្យរឹងមាំ។ សំខាន់គឺចំ​ណុចទី៣ ការទទួលខុសត្រូវ។ រឿងខ្លះជារឿងរសើបហើយស្មុគស្មាញ ពិសេសការកែទម្រង់មុខងារសាធារណៈ​នេះ ដែលនាយករដ្ឋមន្រ្តីត្រូវការទទួលខុសត្រូវផ្ទាល់។

(៣) ជួយមួយរយៈពេលខ្លីឱ្យសសរស្ដម្ភរឹងមាំ ដោយ​មានទម្ងន់នយោបាយ ថវិកាវត្ថុ និងការចាំបាច់មួយចំនួន

ក្នុងនាមជានាយករដ្ឋមន្រ្តី និងជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំអាចប្រតិភូកម្មសិទ្ធិឱ្យសិទ្ធិអ្នកផ្សេងដឹកនាំ(លើវិស័យឬកិច្ចការមួយចំនួន) ប៉ុន្តែខ្ញុំមិនអាចប្រតិភូកម្មការទទួលខុសត្រូវទេ។ រាល់ការការអនុវត្តក្នុងជួររដ្ឋាភិបាល គឺប្រមុខរាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវ។ មានការធ្វើប្រតិភូកម្មការងារតាមក្រសួងស្ថាប័នជាបន្តបន្ទាប់ ប៉ុន្តែទីបំផុតរាល់ការខ្វះខាត និងការទទួលខុសត្រូវទាំងអស់ ត្រូវ(ធ្លាក់)មក(លើ)ប្រមុខរាជរដ្ឋាភិបាល។ គឺកត្តាធំទាំង៣ នេះ ដែលយើងត្រូវធ្វើ … ហេតុអ្វីជាគណៈកម្មាធិការនេះពិសេស ហើយធ្វើតែការងារតូចមួយអញ្ចឹង។ ម៉េចក៏មិនធ្វើទាំងអស់។ មានអ្នកសួរខ្ញុំថា ក្នុងវិស័យមួយនេះ/នោះ ម្តេចក៏គណៈកម្មាធិការមិនធ្វើ(កិច្ចការ)ទាំងអស់។ សួរថា បើធ្វើទាំងអស់ តើក្រសួងទៅណា? ដែលគណកម្មាធិការធ្វើការងារនេះ មិនមែនជំនួសក្រសួងទេ។ យើងជួយក្នុងរយៈពេលមួយខ្លី ដើម្បីឱ្យកន្លែងសសរស្ដម្ភ/កន្លែងដែលសំខាន់នេះរឹងមាំ និងទៅមុខលឿន ដោយ​សារ​មានទម្ងន់ ទាំងនយោបាយ ទាំងថវិកាវត្ថុ និងការចាំបាច់មួយចំនួន

(៤) យន្តការអនុវត្តវិធានគន្លឹះ៥ អាទិភាព៦ ជាយន្តការអន្តរកាលពង្រឹងកិច្ចការ និងជួយដល់ក្រសួងស្ថាប័ន

នេះជាកិច្ចការសំខាន់ក្នុងការរៀបចំយន្តការនិងអនុវត្តវិធានគន្លឹះ ៥។ អាទិភាព៦ របស់រាជរដ្ឋាភិបាល បើបូក(វិធានគន្លឹះ ៥)ទៅ ឃើញគ្របដណ្ដប់លើគម្រោងនិងសកម្មភាពជាក់ស្ដែងមួយចំនួន។ បើយើងមើលនៅក្នុងទូទាំងប្រទេស មិនមែនធ្វើតែ១១ នោះទេ គឺយើងធ្វើទាំងអស់។ ធ្វើគ្រប់ផ្នែក គ្រាន់តែ១១​ នេះមានការតាមដានពិសេស ការជួយពិសេសនិង(ផ្ដល់)ទម្ងន់ពិសេសជាគន្លឹះត្រូវ(សម្រេច)លទ្ធផលឱ្យបានលឿនក្នុងរយៈពេលខ្លី ជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចការផ្សេងៗទៀត និងជួយទៅដល់ក្រសួងស្ថាប័ន ជាយន្តការអន្តរកាល។ ពេលណាដែលកិច្ចការទាំងអស់នេះបញ្ចប់ នឹងសមាហរណកម្មទៅក្នុងក្រសួងស្ថាប័ន។ ដូចជាការវិភាគ(មុខងារ) ឬការកែទម្រង់រដ្ឋបាលសាធារណៈនេះ គឺយើងបានធ្វើសមាហរណកម្មសឹងតែតាំងពីដើម​ទីរួចហើយទៅក្នុងក្រសួងមុខងារសាធារណៈ ប៉ុន្តែត្រូវការទម្ងន់ពិសេស ជួយលើសកម្មភាពមួយចំនួន ដូចជាការវិភាគមុខងារ។

មិនជាការងាយស្រួលទេ បើក្រសួងមួយទៅធ្វើ(ការងារនេះ)ជាមួយនឹងក្រសួងផ្សេងទៀត។ បើ​គ្មានទម្ងន់​ផ្ទាល់ពីនាយករដ្ឋមន្រ្តី ពិបាកនឹងធ្វើ(ឱ្យបានសម្រេច)។ សូម្បីតែ(រៀបចំ)ប៉ុណ្ណឹងហើយ(ក៏ដោយ) ក៏(នៅតែ)លំបាកផង។ ឱ្យអ្នកណាធ្វើ? មានពាក្យថា បើដំបៅមិនឈឺ កុំយកឈើចាក់ …​ បើមិនខូច កុំជួសជុល។ តែយើងត្រូវការវាយតម្លៃ កែសម្រួលឱ្យសមស្រប។ អញ្ចឹង តើអ្នកណាធ្វើ បើសិនជានាយករដ្ឋមន្រ្តីមិនទទួលខុសត្រូវ? ខ្ញុំប្រគល់សិទ្ធិឱ្យមុខងារសាធារណៈទៅធ្វើ ក្រុមការងារទៅធ្វើ ប៉ុន្តែបើសិនជាជះឥទ្ធិពលអាក្រក់ ប៉ះពាល់ ខ្ញុំជាអ្នកទទួលខុសត្រូវ។ ខ្ញុំប្រាប់ថាកុំខ្លាច។ នេះជាផលប្រយោជន៍រួម។ ខ្ញុំអត់ប្រគល់ឱ្យដាច់ទេ ហើយទទួលខុសត្រូវខ្លួនឯងទេ។ គាត់ទទួលខុសត្រូវជាមួយខ្ញុំ។ ខ្ញុំជាអ្នកទទួលខុសត្រូវជាមួយផលទាំងអស់ដែលពាក់ព័ន្ធ … សូម្បីតែក្រុមការងារដែលទៅវិភាគមុខងារហ្នឹង ក៏រត់មកវិញថា សុំរក្សាដដែល ហើយសុំពង្រីក។

(៥) ប្រើអភិក្រមរបស់កម្ពុជា ឬបើជៀសមិនផុតត្រូវវះកាត់ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពកិច្ចការ

កិច្ចការខ្លះរសើប។ បន្តិចទៀត ខ្ញុំនឹងបង្ហាញពីរូបមន្ត/អភិក្រមដែលកម្ពុជាធ្វើ ប្រៀបធៀបជាមួយនឹងប្រទេសជិតខាង និង/ឬប្រទេសនៅលើពិភពលោក។ យើងប្រើអភិក្រមគិតគូរគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែ កន្លែងខ្លះជៀសមិនផុតពីការត្រូវសម្រេចចិត្តវះកាត់ ដើម្បីយើងធានានូវនិរន្តរភាព និងប្រសិទ្ធភាពកិច្ចការ។ ទាំងនេះជាការងាររសើប ចាំបាច់ត្រូវតែមានទម្ងន់ ឆន្ទៈនយោបាយច្បាស់លាស់ កុំឱ្យមាន(មន្ទិល)ថា តើកំណែទម្រង់ហ្នឹងជារបស់ក្រសួង ឬរបស់អ្នកណា? ឬធ្វើតាមចិត្តរបស់រដ្ឋមន្រ្តី? មិនដូច្នោះទេ។ គឺឆ្លើយតបទៅនឹងការទទួលខុសត្រូវ ដែលយើងចាំ​បាច់ត្រូវធ្វើ។ ថ្ងៃនេះ ខ្ញុំសូមរំលេចបន្ថែមអំពីកំណែទម្រង់ដែលរសើបក្នុងវិធានការគន្លឹះមួយចំនួន ពាក់ព័ន្ធទៅនឹងកំណែទម្រង់មុខងារសាធារណៈ។ លើ(ការងារ)នេះ កន្លងទៅខ្ញុំក្ដាប់បានថា ការចុះវិភាគ(មុខងារ)នេះ ហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់។

មានពាក្យចចាមអារ៉ាម ធ្វើឱ្យមានការស្រពេចស្រពិល ដែលធ្វើឱ្យមានការលំ​បាកយល់ថា តើធ្វើឬមិនធ្វើ។ ហើយបើធ្វើ តើយកអភិក្រមណា? តើធ្វើនេះ មានការយល់ និងការគាំទ្រពីរាជរដ្ឋាភិបាល ឬគ្រាន់តែជា(ការចង់បានរបស់)សាមីក្រសួង? ខ្ញុំសូមយកឱកាសនេះបញ្ជាក់ និងសង្ឃឹមថា ការបញ្ជាក់ថ្ងៃនេះ អាចបញ្ចប់កង្វល់នានា … ត្បិតការងារនៅបន្តទៅទៀត។ រូបមន្តនៅតែបន្ត។ ក្រសួងនីមួយៗមានស្ថានភាពខុសគ្នានិងការកែទម្រង់ខុសគ្នា។ ទាក់ទងទៅនឹងកិច្ចការកំណែទម្រង់នេះ ឥឡូវមុននឹងឈានទៅដល់កំណែទម្រង់ដែលរសើប ខ្ញុំសូមយកចំណុចទាក់ទងនឹងវិធានការទី១ ក្នុងចំណោមវិធានគន្លឹះទាំង៥ គឺការពង្រឹងរដ្ឋបាលសាធារណៈ។ ក្នុងនេះ ដូចឯកឧត្តម ហ៊ុន ម៉ានី បានលើកហើយ យើងមានការងារ៣សំខាន់៖

[ចប់សេចក្ដីអធិប្បាយ១]

ទី១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព

ទី២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ទី៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៦) មុខងារសាធារណៈ សហការសាមីក្រសួងនិងអង្គភាព/ស្ថាប័នពាក់ព័ន្ធ ដឹកនាំការប្រឡងទទួលបានការជឿទុកចិត្តពីមហាជន

ទាក់ទងនឹងចំណុចទី១ (អំពីប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ)នេះ ខ្ញុំសូមកោតសរសើរចំពោះក្រសួងមុខងារសាធារណៈ ដែលបានសហការជាមួយក្រសួងសាមី អង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្វើកិច្ចការបានល្អ ទទួលបានការជឿចិត្ត និងទទួលយកពីមហាជន។ ខ្ញុំបានតាមមើលកិច្ចការនេះរាល់ពេលប្រឡង។ ខ្ញុំខ្លួនឯងធ្លាប់ធ្វើជាប្រធានគណៈកម្មការដឹកនាំ ឬចូលរួមនៅក្នុងការដឹកនាំគណៈកម្មការប្រឡងរើសនាយទាហាន។ ខ្ញុំដឹង។ យើងតាមដានមើល ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺមុនប្រឡង។ តើលេចវិញ្ញាសាឬទេ? ព្រោះធ្លាប់មាន(ករណីដូច​នេះ)។ ពេលខ្លះ ស្រាប់តែវិញ្ញាសាហ្នឹង(បង្ហោះ)ពេញហ្វេសប៊ុកមុនប្រឡងរួចទៅហើយ។ ទី២ ពេលប្រឡង មានសភាពការណ៍អីឬទេ ហើយទី៣ សំខាន់បំផុត ពេលប្រឡងរួច ចេញលទ្ធផល តើមានប្រតិកម្មឬអត់។ សម័យឥឡូវនេះ រឿងប្រជាពលរដ្ឋ ជាពិសេស យុវជនមិនខ្លាចនិយាយទេ តែហ៊ានរញ៉ីរញ៉ៃជាមួយ គាត់ថ្កោលទោស លាតត្រដាងនៅហ្នឹង។

ខ្ញុំឃើញថាយើងប្រឡងបាន ៤២លើក ក្នុងនោះ ពាក់ព័ន្ធ ៨ក្រសួងស្ថាប័ន បេក្ខជន ១២ម៉ឺននាក់ ជ័យលាភី​​យកតែ ៤ ១៩៧នាក់ទេ ដោយប្រមាណជា ១១ម៉ឺននាក់ជាងត្រូវធ្លាក់។ ប៉ុន្តែជាង ១១ម៉ឺននាក់នេះ ធ្លាក់ដោយអស់ចិត្ត គ្មានអ្នកណារញ៉ីរញ៉ៃ គ្មានអ្នកណាដែលចេញមកនិយាយថា​ មិនអស់ចិត្តនឹងការប្រឡង ដោយសារអ្នកនេះអញ្ចេះអញ្ចុះ​ទេ។ យើងមានករណីមួយចំនួនតូចដែលត្រូវ ACU ចាត់ការផ្លូវច្បាប់ទៅលើមន្រ្តី ទៅលើបេក្ខជនមួយចំនួន។ តិចបំផុត។ តែនៅមាន។ ប៉ុន្តែ យើងចាត់ចែងលើ(រឿងនេះឱ្យបានល្អបំផុត)។ ខ្ញុំបានមើលការសម្ភាសន៍ឪពុកម្ដាយ (ដែលកូនបាន)ប្រឡងពីរតង់។ អ្នកដែលជាប់មួយតង់ (ត្រូវមកប្រឡងតង់ទី២)។ ជូនកូនមកប្រឡង គាត់ប្រាប់ថា “ទោះបីជាកូនខ្ញុំធ្លាក់តង់ទី២ ក៏ដោយ ក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះតង់ទី១ ៣០០០នាក់ យកតែ ៨០០នាក់ ហើយកូនខ្ញុំប្រឡងជាប់។ ខ្ញុំគ្មានអស់អីមួយរៀលនឹងពឹងអ្នកណាទេ”។ ឥឡូវ ៨០០នាក់ (ប្រឡង)យក ៣០០នាក់ ទោះជាធ្លាក់ ក៏គាត់មានមោទនភាព។ ខំប្រឹងសម្រាប់ឆ្នាំក្រោយ។ នេះហើយភាពយុត្តិធម៌ និងការជឿទុកចិត្តដែលយើងចង់បាន។

(៧) មនុស្សម្នាក់ដែលគ្មានឪពុកធ្វើធំ គ្មានលុយសូក ពឹងតែលើសមត្ថភាពខ្លួនឯង ត្រូវបានផ្ដល់នូវសង្ឃឹម

ខ្ញុំធា្លប់(ជួប)ពេលដែលខ្ញុំធ្វើ(ជាអ្នកដឹកនាំការ)ប្រឡងនាយទាហាន។ មានម្ដងនោះ ខ្ញុំចាំមិនភ្លេច។ យើងប្រឡង​ តង់​ទី១ អំពីវិញ្ញាសាគណិតវិទ្យា អក្សរសាស្រ្ត ភាសាអញ្ចឹងទៅ។ តង់ទី២ គឺសុខភាព។ ខ្ញុំបានហៅអ្នកប្រ​ឡងជាប់មកសួរ “មើលក្នុងប៉ុន្មាននាក់ដែល(ប្រឡង)ជាប់ហ្នឹង តើអ្នកដែលគិតថាខ្លួនប្រឡងមិនជាប់(មានអ្នកណាខ្លះ?)លើកដៃចង់ពាក់កណ្តាល។ ខ្ញុំហៅ(អ្នកជាប់)ម្នាក់មកសួរថា ម៉េចបានប្អូនឯងមិនគិតថាជាប់? គាត់ថា “តាមពិត ខ្ញុំអត់(ចង់)មកមើលដំណាក់កាលទី១ផង ព្រោះខ្ញុំគិតថាខ្ញុំធ្លាក់ហើយ។ ថ្ងៃទៅមើលឈ្មោះប្រឡងហ្នឹង​ ខ្ញុំជួបជា​មួយអ្នក(ដែលអង្គុយ)ក្បែរខ្ញុំ​។ គេជាកូនឧត្តមសេនីយ៍ទោ ហើយអះអាងថាគេប្រឡងជាប់ ហើយលុយប៉ុន្មាន ដែលឪគេនឹងជួយ (ទោះ)ខ្ញុំលក់ម៉ូតូក៏មិនគ្រប់ផង។ អញ្ចឹងខ្ញុំមកប្រឡងដោយគ្មានសង្ឃឹមទេ។

ខ្ញុំមិន(ចង់)មកមើល(លទ្ធផល)ផង។ គ្រាន់តែមក​បង្រ្គប់។ គាត់និយាយទាំងរអាក់រអួលនិងចង់យំផង។ ដល់ខ្ញុំសួរ ចុះអ្នកដែលអង្គុយជាប់ប្អូនឯង ដែលអួតថាឪពុកជាឧត្តមសេនីយ៍ទោហ្នឹង (ប្រឡង)ជាប់ទេ? អត់ជាប់ទេ។ មនុស្សម្នាក់ដែលគ្មានសង្ឃឹម ដោយសាររបស់ក្រៅខ្លួន គ្មានឪពុកធ្វើធំ គ្មានលុយទៅសូក ពឹងតែលើសមត្ថភាពខ្លួនឯង ដែលដំបូងថាអត់មានសង្ឃឹម តែយើងបានផ្ដល់សង្ឃឹមឱ្យគាត់។ សង្ឃឹមរបស់គាត់នេះបានជះឥទ្ធិពលទៅដល់អ្នកផ្សេងៗ នេះហើយដែលយើងចង់បាន។ ត្រូវការពេលវេលាដើម្បីប្ដូរ។ ទង្វើជាក់ស្ដែងរបស់យើង (នឹងធ្វើឱ្យមាន)ការ​(ផ្លាស់ប្ដូរ)ផ្នត់គំនិតនេះ។ នេះជាឆន្ទៈ និងភាពអស់ចិត្តរបស់យើង។ បើគ្មានភាពយុត្តិធម៌ ខ្ញុំជឿថាជាង ១១ម៉ឺននាក់នេះមិននៅស្ងាត់ទេ។ ចេញមកហើយ។ តែដែលគាត់មានការសុខចិត្ត គឺមកពីគេធ្វើបានសុក្រឹត …។

(៨) មានការគាំទ្រពីប្រជាជន យើងនឹងប្ដូរទម្លាប់/ផ្នត់គំនិត ឈានទៅសុក្រឹតភាពពេលណាមួយទូទាំងប្រទេស

ខ្ញុំសូមធ្វើការអបអរសាទរ ហើយសូមអរគុណណាស់ទៅដល់ក្រសួងមុខងារសាធារណៈ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងស្ថាប័នសាមី ដែលធ្វើកិច្ចការនេះ បូកជាមួយបងប្អូនស្ម័គ្រចិត្តចូលរួម ទាំងយុវជន នៅក្នុងការជួយគាំទ្រដល់ដំណើរការ(ប្រឡង)​ឱ្យបានជោគជ័យ។ ខ្ញុំអរគុណធំបំផុតដល់ឪពុកម្ដាយ ដល់បេក្ខជនផ្ទាល់ ដែលជ្រើសរើសចូលរួមក្នុងយន្តការនេះ ហើយខិតខំរៀនសូត្រប្រឡង(ដោយ)សមត្ថភាពផ្ទាល់ខ្លួន ដោយមិនខិតខំរកឪពុកម្ដាយ(ជួយ)អន្តរាគមន៍ រកច្រកផ្សេងៗដែលមិនស្មើភាព។ នេះគឺជាផ្នត់គំនិតរបស់យុវជន ដែលយើងចង់បាន។ បើគ្មានការចូលរួមរបស់ឪពុកម្ដាយ ប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជន បេក្ខជនផ្ទាល់តែម្ដង។ គ្មានកំ​ណើននៃការដាក់ពាក្យនេះទេ ហើយក៏គ្មានចូលរួមខិតខំប្រឡងប្រជែងដោយសមត្ថភាពខ្លួនឯងនោះទេ … ដែលថាសុក្រឹតមួយរយភាគរយនៅទូទាំងប្រទេស អត់ទាន់មានទេ ប៉ុន្តែបន្តិចម្ដងៗ យើងនឹងប្ដូរទម្លាប់ ប្ដូរផ្នត់គំនិត ដោយមានប្រជាជនគាំទ្រ។ យើងនឹងឈានទៅដល់សុក្រឹតភាពនៅពេលណាមួយទូទាំងប្រទេស … ខ្ញុំសូមឱ្យស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធនឹងការកែ(កិច្ចការ)ប្រឡង ខិតខំធ្វើឱ្យមានសុក្រឹតភាព ព្រោះយើងប្រឡងដើម្បីរើសមន្រ្តីរាជការស៊ីវិល ប្រឡងកងទ័ព នគរបាល … ដោយផ្ដល់ឱកាសស្មើគ្នា ដើម្បីយើងមានជំនឿទុកចិត្ត ដែលជាវិធីសាស្ត្រមួយល្អបំផុតក្នុងការជ្រើសរើស។

[ចប់សេចក្ដីអធិប្បាយ ២]

ចំណុចទី២ ជាចំណុចរសើប។ អញ្ចឹងសុំនិយាយទៅ ទី៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

[ផ្ដើមសេចក្ដីអធិប្បាយ ៣]

(៩) បន្តការប្រកួតប្រ​ជែងរកអង្គភាពក្នុងវិស័យអប់រំនិងសុខាភិបាល និងលើកទឹកជាថវិកា បណ្ណសរសើរ មេដាយ

ចំណុច(ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម)នេះ ផ្អែកសំខាន់មួយផ្នែកធំលើកត្តាទីពីរ គឺវិភាគមុខងារនិងការកំណត់។ ប៉ុន្តែ ទោះបីជាមិនទាន់(ធ្វើផ្នែក)ទីពីររួចក៏ដោយ ក៏យើងបានធ្វើខ្លះដែរ។ ដូចក្នុងរបាយការណ៍របស់ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើង។ ការគិតគូរពីការលើកទឹកចិត្ត ឱ្យក្រសួងស្ថាប័ននីមួយៗ មានឯករាជ្យភាព ត្រូវបានគិតគូរហើយ។ ខ្ញុំសូមអរគុណ ដល់ឯកឧត្តម លោកជំទាវ ជាប្រធានស្ថាប័ន គិតគូរពីការកែទម្រង់ប្រ​ព័ន្ធលើកទឹកចិត្តផ្ទៃក្នុងចំពោះមន្ត្រី។ អ្វីដែលយើងនិយាយក្នុងការកំណែទម្រង់មុខងារសាធារណៈ គឺក្របខ័ណ្ឌរាជរដ្ឋាភិបាលទាំងមូល បន្ថែមទៅលើក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ទាក់ទងនឹងការរៀបចំការប្រកួតប្រ​ជែងក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាល ដែលយើងបានធ្វើបន្តបន្ទាប់ហើយ។ សូមបន្តធ្វើតទៅទៀត សម្រាប់អង្គភាពគំរូដែលបានធ្វើការលើកទឹកចិត្ត មិនថាជាថវិកា ឬរង្វាន់លើកទឹកចិត្តផ្សេងៗ បណ្ណសរសើរ មេដាយ​

ទាក់ទងនឹងមេដាយ ម្សិលមិញខ្ញុំបានចេញសារមួយ។ ខ្ញុំបានផ្ដល់គោលការណ៍ … កាលពីថ្ងៃមុន ទៅវេទិការាជរដ្ឋាភិបាលជាមួយរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ខ្ញុំក៏បានឃើញមានការស្នើសុំការរៀបចំមេដាយជូនបុគ្គលិកជាគ្រូកិច្ចសន្យាដែលធ្វើការងារលើសពី ៣ឬ ៥ឆ្នាំ ហើយដែលកន្លងទៅមានការគិតគូរថាឱ្យបានតែបណ្ណសរសើរទេ។ នឹងស្នើ​មេដាយមិនបានឡើយ ដោយសារតែមានកិច្ចសន្យាតែមួយឆ្នាំៗ។ ខ្ញុំបានផ្ដល់គោលការណ៍(ឲ្យ)ពិនិត្យឡើង​វិញជាមួយខាងទីស្ដីការគណៈរដ្ឋមន្ត្រី គឺមិនមានគោលការណ៍ណាដែលហាមទេ។  ប៉ុន្តែ ជាក់ស្ដែងគឺពិបាកធ្វើ ដោយសារកិច្ចសន្យាមួយឆ្នាំៗ … ហេតុនេះក៏បានបើកឱ្យគិតគូរ។ មានមន្ត្រីជាច្រើន ជាពិសេសគ្រូៗ បានដាក់(ខម្មិន)មកថា ខ្ញុំធ្វើការក្របខ័ណ្ឌ ១០ឬ ២០ឆ្នាំ តែមិនទាន់បានមេដាយទេ។

រឿងនេះ មិនអាចបន្ទោសអ្នកណាទេ។ ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាលគ្រប់អាណត្តិតែងតែធ្វើជាបន្តបន្ទាប់។ ខ្ញុំឃើញ។ អាណត្តិនេះ ក៏មានក្រសួង ស្ថាប័ន បំពាក់មេដាយ ប៉ុន្តែមន្ត្រីទូទាំងប្រទេស កន្លែងខ្លះក៏អាចមានការឆកល្វែង។ ខ្ញុំឱ្យឆែកមើលនីតិវិធីរបស់យើង។ យើងមានសារាចរណែនាំ ២៤ឆ្នាំមុន គឺឆ្នាំ២០០១។ សារាចរណែ​នាំលេខ០១ ដែលឱ្យមានការស្នើសុំឆ្លាស់គ្នា ២ឆ្នាំម្ដង ដោយមួយឆ្នាំបាន១០%។ អញ្ចឹង ការរៀបចំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានតែ១០% (នៃចំនួនមន្ត្រី ដែល)ទម្រាំតែវិលជុំ ១០០នាក់ គឺចូល ២០ឆ្នាំ។ តែមន្ត្រីប្រែប្រួលរហូត​។ ដូចនេះអាចមានការលំបាក។ ខ្ញុំយល់ពីការធ្វើពេលនោះ គឺដោយសារយើងមិនអាចឱ្យធ្វើមេដាយម្ដង១០០% ទេ ដោយសារតែផ្អែកទៅលើទំហំថវិកាជាតិមានកំណត់។

(១០) ក្រុមការងារចំពោះកិច្ចស្រង់ចំនួនមន្ត្រីមានអតីតភាព ១០ឆ្នាំឡើងដើម្បីផ្តល់មេដាយ និងពិនិត្យកែសម្រួលសារាចរលេខ០១ ឆ្នាំ២០០១

ខ្ញុំបានឱ្យគោលការណ៍២។ ទី១ ចំពោះមុខ ធ្វើម្ដងជាទ្រង់ទ្រាយធំ។ បានន័យថា បង្កើតក្រុមការងារចំពោះកិច្ចនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើការជាមួយជំនាញពីក្រសួងស្ថាប័នពាក់ព័ន្ធ ចុះស្រង់(ចំនួន)តែម្ដង។ មន្ត្រីដែលមានអតីតភាព ១០ឆ្នាំឡើង ទាំងមន្ត្រីកិច្ចសន្យា ដែលមិនធ្លាប់បានមេដាយសោះ ដើម្បីរៀបចំជូនគាត់។ នេះគឺជាការងារចំពោះមុខ។ បើយកតាមលិខិតបទដ្ឋានគតិយុត្ត អាច(នឹងប្រើពេល)ធ្វើយូរ … យើងរើសតែម្ដង យកផ្អែកលើអតីតភាព។ ដូចកាលពីមុន យើងធ្វើនៅកងទ័ព។ ពេលនោះ យើងផ្អែកលើស័ក្តិ។ យកឆ្នាំ១៩៧៩ តែម្ដង ព្រោះពេលដែលយើងចង់បំពាក់ឱ្យ ពេលខ្លះនាយទាហានរាប់ម៉ឺននាក់ នៅមាន ១នាក់ឬ ២នាក់ ដែលចន្លោះប្រ​ហោង​។ នៅនាយចំណង់ ឬមួយក្រោមហ្នឹងនៅឡើយ តាំងឆ្នាំ១៩៧៩ មក។ យើងយក(គោលការណ៍)នេះជាគោលអនុវត្ត ដើម្បីយើងរៀបចំជូនគាត់។

ទី២ ពិនិត្យមើលនិង(គិតគូរឡើងវិញ)សារាចរណែនាំលេខ០១ (ឆ្នាំ២០០១)។ យើងមិនអាចឱ្យម្ដង១០០%ទេ តែយើងគិតមើលទៅលើការកែសម្រួលចំនួន/ទំហំកម្រិតណា ឬមួយក៏ភាពបត់បែនកម្រិតណា ដើម្បីអាចមានឱកាសផ្ដល់ជូនមន្ត្រីរបស់យើង។ រៀបចំលក្ខខណ្ឌផ្ដល់ឱ្យច្បាស់លាស់ផ្អែកទៅលើសមិទ្ធកម្មការងារ និងវិន័យសណ្ដាប់ធ្នាប់។ ខ្ញុំបញ្ជាក់ ធ្វើឱ្យសុក្រឹត។ ប្រយ័ត្នអ្នកអត់(ដែលមាន)មុខ ១០ឆ្នាំ មានតែឈ្មោះ ក៏បានមេដាយដែរ​។ ត្រូវឱ្យច្បាស់ ប្រាកដជាអ្នកដែលសកម្ម មន្ត្រីដែលធ្វើការងារជាប់ …។

សម្រាប់ការងារ២ នេះ ទីស្ដីការគណៈរដ្ឋមន្ត្រីបានរៀបចំក្រុមការងារចំពោះកិច្ច ហើយសូមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រៀមរៀបចំសហការដើម្បីធ្វើការឱ្យលឿន។ ស្រង់មន្ត្រីរបស់យើងដែលបាន(ធ្វើការ)លើស១០ឆ្នាំ អ្នកដែលអត់បានសោះ មិនមែនអ្នកដែលបានមេដាយហើយ ១០ឆ្នាំក្រោយអត់ទាន់បាន។ អត់ទេ។ ហ្នឹងទុកឱ្យក្រសួងស្ថាប័នស្នើ។  បើមិនអញ្ចឹងច្របូកច្របល់ណាស់។ បានន័យថាអ្នកដែលអត់បានសោះ ធ្វើការ១០ ឆ្នាំឡើង យើងរៀបចំមេដាយទីមួយឱ្យគាត់។ ក្រៅពីនោះ អ្នកដែលមានលក្ខខណ្ឌនេះ ខ្ញុំឱ្យក្រសួងស្ថាប័ន(ជាអ្នករៀបចំ)។ ការងារនេះធ្វើតែម្ដងទេ។ ករណីពិសេស។ ក្រៅពីហ្នឹងគឺសូមក្រសួងស្ថាប័នយកចិត្តទុកដាក់នៅក្នុងការផ្ដល់ជាលិខិតសរសើរ ជាបណ្ណសរសើរ ជាមេដាយជូនដល់មន្ត្រី ហើយជូនសិទ្ធិទៅក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកផ្ដល់ឱ្យ។

(១១) បណ្ណ/លិខិតសរសើរជាក្រដាសមួយសន្លឹកមានតម្លៃ ព្រោះជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង

ត្រឹមបណ្ណសរសើរ លិខិតសរសើរ កន្លែងខ្លះអត់ចាំបាច់មកពីរដ្ឋាភិបាលទេ។ កន្លែងខ្លះ ថ្នាក់ក្រោមជាតិចេញផ្ទាល់តែម្ដង។ រឿងតិចតួច យើងគិតថាក្រដាសមួយសន្លឹក មនុស្សរាប់ពាន់យើងខ្វះមួយ ប៉ុន្តែសម្រាប់មន្ត្រី និងបុគ្គលម្នាក់ៗ គឺមានតម្លៃខ្លាំងណាស់។ នេះគឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់គាត់។ យើងត្រូវផ្ដល់ការលើកទឹកចិត្ត។ មិនចាំបាច់តែលុយកាក់ឬប្រាក់ខែទេ។ ការទទួលស្គាល់នេះគឺជាអ្វីដែលល្អ។ ខ្ញុំដើរប្រមូលបណ្ណសរសើរដែលបានពីថ្នាក់ទីមួយ ទីពីរ លេខប៉ុន្មានដើម្បីអួតកូនវិញ។ ថាកូនឯងបានមេដាយច្រើន ឪពុកក៏បានដែរឃើញទេ។ បើសម្រាប់គណៈគ្រប់គ្រង គឺនាយកសាលា គាត់ផ្ដល់ឱ្យម្ដងរាប់រយនាក់ អាចមានន័យមួយ ប៉ុន្តែសម្រាប់ខ្ញុំពេលនោះគឺសប្បាយណាស់។ ឥឡូវកាន់តែមានមោទនភាពទៀត។ មើលឥស្សរជនមួយចំនួនដែលចូលនិវត្តន៍ ទៅផ្ទះគាត់ ខ្ញុំឃើញមានបន្ទប់មួយដាក់មេដាយ បណ្ណសរសើររបស់គាត់។ អ្នកខ្លះមានលិខិតសរសើរតាំងពីរៀនមុនសង្គ្រាម។ គាត់យកមកទុកទាំងអស់។ នេះបានន័យថាមានតម្លៃធំណាស់ ជាការលើកទឹកចិត្តធំ។ ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវបន្ត។ ខ្ញុំដឹងថាបានធ្វើច្រើនហើយ ប៉ុន្តែសូមពិនិត្យមើលកិច្ចការទាំងអស់នេះ។ សម័យឥឡូវអត់ពិបាកទេ។ ជំនាញធ្វើតែមួយភ្លែត ស្រង់បាន មានសុក្រឹតភាពក្នុងការធ្វើការងារនេះ។ សូមលើកទឹកចិត្តឱ្យអនុវត្តកម្មវិធីនេះបន្តទៅទៀត។

[ចប់សេចក្ដីអធិប្បាយ៣ ]

ការងារទី២ ជាការងាររសើបខ្លាំង គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៤]

(១២) ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ទាមទារឱ្យធ្វើការវាយតម្លៃ

ការងារ(ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន )នេះ ទាមទារឱ្យធ្វើការវាយតម្លៃ។ យើងបានធ្វើការកែទម្រង់ក្រសួង/ស្ថាប័នជាប់ជាប្រចាំ ខិតខំកែសម្រួល ពិសេសដំណាក់កាលមុនដែលយើងបោះឆ្នោត ចូលក្នុងដំ​ណាក់កាលអន្តរកាលសមាហរណកម្មធំ និងការកែទម្រង់ជាបន្តបន្ទាប់។ ប៉ុន្តែ យើងក៏ត្រូវមានពេលមួយ ដែលអាចឈប់បន្តិច (ពិនិត្យ)មើលជារួម។ កន្លងទៅ ក្រសួងស្ថាប័នមួយៗ មានការវាយតម្លៃរៀងខ្លួន។ ឡានប្រណាំងកំពុងតែបើកទៅមុខ អត់មានអីទប់ទេ។ ប៉ុន្តែ ឥឡូវចូលឆែកបន្តិចសិន។ តើយើងអាចធ្វើអីបន្ថែមទៀត ដើម្បីពង្រឹងឱ្យស្របតាមទិសដៅ និងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាតម្រូវការនៃសំណូមពរភារកិច្ចបច្ចុប្បន្ន។ ការងារនេះខ្ញុំបាន(គិតគូរ)តាំងពីដើមអាណត្តិ។ ខ្ញុំបានប្រកាសជាអាទិភាពធំដើម្បីពិនិត្យមើល។ ដើម្បីអី? ដើម្បីធានានូវប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីយើងរួមគ្នាធ្វើឱ្យមានការឯកភាពគ្នាជារដ្ឋាភិបាល ដើម្បីឱ្យយើងរួមគ្នាគិតគូរពីការដើរទៅមុខយ៉ាងណា។ កន្លែងណាដែលមានបញ្ហាយើងជួសជុល។ កន្លែងណាដែលល្អហើយ យើងពង្រឹងបន្ថែម។ កន្លែងណាដែលមិនទាន់មាន យើងត្រូវរៀបចំយ៉ាងម៉េចឱ្យស្រប។ ជួនកាលរចនាសម្ព័ន្ធក្រសួង ស្ថាប័នរបស់យើង រៀបចំមក ១០ឬ ២០ឆ្នាំហើយ។ កាលពីពេលនោះ អត់មានឌីជីថល អត់មាន e-government អត់មាន AI ទេ។ ឯកសារប្រើដៃទាំងអស់ … នេះមិនមែនជាការកែទម្រង់តែរចនាសម្ព័ន្ធទេ តែកែទម្រង់ទាំងរបៀបរបបការងារ លំហូរការងារ កែសម្រួលទាំងការពិនិត្យគ្រប់គ្រងមន្ត្រី

(១៣) អភិក្រម “ពង្រឹងជាងពង្រីក” និង “រៀបចំផ្ទះឱ្យបានរៀបរយ”

កាលពីមុន ជានីតិវិធីត្រូវការឯកសារ ២០មុខ។ ឥឡូវយើងកាត់ត្រឹម ១០មុខ ហើយធ្វើឌីជីថលទៀត។ ត្រូវមានស្ថាប័នដែលទទួលខុសត្រូវ ត្រូវមានអង្គភាព ត្រូវមានសមត្ថភាពសម្រាប់កិច្ចការនេះ … យើងមានអភិក្រមដែលត្រូវធ្វើដូចឯកឧត្តម ហ៊ុន ម៉ានី បានលើក។ អភិក្រមទី១ ពង្រឹងជាជាងពង្រីក។ អភិក្រមពង្រឹងជាជាងពង្រីក គឺពិនិត្យលើរចនាសម្ព័ន្ធអង្គភាព កែសម្រួលកុំឱ្យប៉ោង កុំឱ្យជាន់គ្នា សម្រួលតួនាទីភារកិច្ច បង្រួម និងករណីណាដែលត្រូវរៀបចំថ្មី ធ្វើឱ្យបានល្អ។ អភិក្រមទី២ រៀបចំផ្ទះឱ្យរៀបរយ។ ការរៀបចំផ្ទះឱ្យរៀបរយគឺការពិនិត្យនិងការពង្រាយមន្ត្រី កុំឱ្យជាន់តួនាទីការងាររបស់ក្រសួង ស្ថាប័ន។ នេះមិនមែនជាកិច្ចការដែល(មានតែ)កម្ពុជាដែលកំពុងធ្វើទេ។ គ្រាន់តែមានអភិក្រមខុសគ្នាប៉ុណ្ណោះ។ ឯកឧត្តម លោកជំទាវ អាចដឹងហើយ។ គ្រាន់តែឆ្នាំទៅ ប្រទេសដែលខ្ញុំឱ្យស្រង់មានហោចណាស់ក៏៦ ដែលធ្វើការកំណែទម្រង់រដ្ឋបាលសាធារណៈ ហើយជាប្រ​ទេស​មហាអំណាច មិនមែនប្រទេសតូចតាចទេ។

(១៤) ប្រទេសមួយចំនួន រាប់ទាំងមហាអំណាច ប្រើអភិក្រម បង្រួមដើម្បីពង្រឹង

ប្រទេសដែល(មាន)សេដ្ឋកិច្ចខ្ពស់ជាងយើង … មើលអភិក្រមនៃការកែទម្រង់នៃប្រទេសធំជាងគេគឺអាមេរិក។ គឺស្វែងរកប្រ​សិទ្ធភាពជាប្រទេសមហាអំណាចមួយ។ រដ្ឋបាល(ប្រធានាធិបតី ដូណាល់ ត្រាំម៍)បានបង្កើតក្រសួងប្រសិទ្ធភាពរាជរដ្ឋាភិបាល ដឹកនាំដោយមហាសេដ្ឋី Elon Musk។ ក្នុងរយៈពេលជាង ១ខែនេះ (ក្រសួង)បានកាត់មន្ត្រីចេញជាង ២០ម៉ឺនរួចហើយ។ ឥឡូវកំពុងពិចារណាលុបក្រសួងអប់រំមួយទៀត នៅថ្នាក់សហព័ន្ធ ដោយទុកឱ្យមន្ទីរអប់រំកម្រិតរដ្ឋធ្វើការងារបន្ត។ អង់គ្លេសទើបប្រកាសប៉ុន្មានថ្ងៃមុន កាត់បន្ថយអង្គភាពក្រោមស្ថាប័នសេវាសុខភាពជាតិ National Health Service។ កាត់៥០% ដោយប្រាប់ថាស្អែកមិនបាច់មកធ្វើការ។ ចប់។ ពី ១៣ ០០០នាក់ ទៅ ៦ ០០០នាក់។ កាត់ពាក់កណ្ដាល។ អាមេរិក ២០០ ០០០នាក់ ត្រូវបានប្រាប់ថាស្អែកមិនចាំបាច់មកធ្វើការ។ ប៉ាគីស្ថាន រដ្ឋាភិបាលសហព័ន្ធគ្រោងកាត់ ១៥០ ០០០ កន្លែង គឺជាការបង្រួមស្ថាប័ន។ ម៉ាឡេស៊ី លុប ៣ក្រសួង កែសម្រួល ៥ក្រសួង បង្រួម ៧ក្រសួង និងដាក់មន្ត្រីចូលនិវត្តន៍មុនកំណត់ ៣ម៉ឺននាក់ជាង។ វៀតណាមកាត់បន្ថយ៣០ក្រសួង-ស្ថាប័ន មក ២២ថ្នាក់ជាតិ កែសម្រួលថ្នាក់ក្រោមជាតិ និងមានគោលដៅកាត់បន្ថយមន្រ្តី ១០ម៉ឺននាក់ គ្រោងលុប(រដ្ឋបាលថ្នាក់)ស្រុកតែម្ដង ដោយទុកតែឃុំនិងខេត្ត។ Argentina គ្រោង(កាត់) ៧ម៉ឺននាក់​។ ឥឡូវកាត់បានជាង ៣ម៉ឺនហើយ។ ប្រទេសទាំងនេះ យកអភិក្រម “បង្រួមដើម្បីពង្រឹង” ជាបទពិសោធកាត់ពាក់កណ្ដាលដើម្បីពង្រឹង

(១៥) អភិក្រម “ពង្រឹងជាជាងពង្រីក” ទប់ស្កាត់ការរីកធំមិនទាន់ចាំបាច់ លើកលែងអប់រំ សុខាភិបាល និងកសិកម្ម

សួរថា តើកម្ពុជាយកអភិក្រមមួយណា? កម្ពុជាមាន model ខុសពីប្រទេសនានា។ (យើងធ្វើដោយមាន)ឯករាជ្យភាពផ្អែកទៅលើប្រសិទ្ធភាពក្រសួង-ស្ថាប័ន។ ប្រសិទ្ធភាពនៃការកែទម្រង់ប្រទេសមួយៗ មានភាពខុសគ្នា។ ខ្ញុំបាន​លើកពីបទពិសោធប្រទេសមួយចំនួនដែលកំពុងតែធ្វើបច្ចុប្បន្ននេះ តែក៏មានរូបមន្តប្រទេសផ្សេងទៀតដើម្បីពង្រឹងដែរ។ ឯ​វិធីសាស្រ្ត និងអភិក្រមរបស់កម្ពុជាគឺ “ពង្រឹងជាជាងពង្រីក។ យើងមិនបង្រួមដើម្បីពង្រឹងទេ ដោយសារមានកត្តាមួយចំនួន ដែលខ្ញុំនឹងបញ្ជាក់ជូន … ក្នុងរយៈពេលមួយឆ្នាំជាងនេះ យើងបានទប់ស្កាត់ការពង្រីកក្នុងវិស័យមួយចំនួនដែលមិនទាន់ចាំបាច់ លើកលែងតែអប់រំ សុខាភិបាល និងកសិកម្ម។ មួយចំនួន(ជា)ផែនការពង្រីកមន្រ្តីពីឆ្នាំចាស់។ ទាក់ទងនឹងរចនាសម្ព័ន្ធគឺមិនឲ្យពង្រីកលើសពីអ្វីដែលយើងមាន។ ពិនិត្យផ្ទះរបស់យើង បង្រួមឬមួយពង្រឹងអ្វីដែលមានស្រាប់ កែសម្រួលមួយចំនួន។ បើសិនជាត្រូវការរៀបចំបន្ថែម គឺត្រូវមានតុល្យភាពរវាងអ្វីដែលកាត់បន្ថយ/បង្រួម និងអ្វីដែលសុំថ្មីនេះ។ បានន័យថា អត់រីកប៉ោងបន្ថែមទេ។ ខ្ញុំប្រាប់ថា យករូបមន្ត កុំធ្វើយ៉ាបបន្ថែម។ រៀបចំខាងក្នុង។ ពេលដែលមុខងារសាធារណៈចុះជួប ក្រសួង-ស្ថាប័ននី​មួយៗសុំធ្វើយ៉ាបបន្ថែមទាំងអស់។ សុំដំឡើងកន្លែងនេះទៅជាអញ្ចេះ សុំពង្រីក សុំបង្កើត …។

(១៦) ពង្រឹងជាជាងពង្រីក តាមវិធីពង្រឹងថ្នាក់ក្រសួង-ស្ថាប័ន ដោយធ្វើការវិភាគមុខងារ និងកែសម្រួល

អញ្ចឹង ទាល់តែការងារចាំបាច់បែបណា? តើពង្រឹងអី? ពង្រឹងស្ថាប័ន និងប្រសិទ្ធភាព ក្នុងការបង្កើនការងារជួយផ្ដល់សេវាសាធារណៈ និងការងារជំនាញរបស់ខ្លួន។ អញ្ចឹង ពង្រឹងជាជាងពង្រីកនេះ យើងមិនធ្វើក្របខ័ណ្ឌថ្នាក់ជាតិ ដែលថាត្រូវកាត់ក្រសួងអីនោះទេ។ ក្រសួង-ស្ថាប័នយើងនៅរក្សាដដែល តែយើងពង្រឹងថ្នាក់ក្រសួង-ស្ថាប័ន​។ ក្រសួង-ស្ថាប័ននីមួយៗត្រូវធ្វើការវិភាគមុខងារ និងកែសម្រួល។ កន្លងមកនេះ ខ្ញុំបានឃើញក្រសួងមួយចំនួនបានធ្វើហើយ។ យើងបានឆ្លង(រួចហើយ ឧទាហរណ៍)ក្រសួងអប់រំកាត់បន្ថយបង្រួមនាយកដ្ឋានមួយចំនួន។ នា​យក​ដ្ឋានខ្លះបង្កើតទៅ អត់មានមនុស្ស អត់ដើរទេ។ មានតែក្បាលម៉ាស៊ីន។ អញ្ចឹងកាត់ចោល ឬបង្រួមមុខងារជា​មួយនាយកដ្ឋានណាមួយទៀត ដើម្បីធ្វើការងារ។ កន្លែងខ្លះដែលកំពុងតែកើន ហើយសម្ទុះខ្លាំងដែលជាអាទិភាព ត្រូវបង្កើនទម្ងន់។ អញ្ចឹង មានការស្នើសុំដំឡើងទៅជាអគ្គនាយក(ដ្ឋាន)។ ភាគច្រើនយើងបដិសេធមិនឲ្យដំឡើង​។ ប៉ុន្តែ ក្នុងករណីដែលថាមានតម្រូវការចាំបាច់ ឧទាហរណ៍ មិនមាននាយកដ្ឋានណាផ្សេងធ្វើការងារហ្នឹងទេ ដោយពីពេលរៀបចំមុនអត់មានរឿងបច្ចេកវិទ្យាទេ ត្រូវបង្កើនខាងហ្នឹង។ តែការបង្កើនថ្មីនេះ ត្រូវមានកាត់កងពីកន្លែងណាមក មិនឲ្យធ្វើយ៉ាបបន្ថែមទេ។

(១៧) “ពង្រឹងជាជាងពង្រីក” ដោយសម្រួលភារកិច្ច សហការគ្នាឲ្យច្រើន ឲ្យរឹងមាំ ឲ្យប្រសិទ្ធភាព រួមគ្នាធ្វើ”

ត្រូវតែចាំ​បាច់បំផុត … (កុំថា)ដោយសារមានមន្រ្តីត្រូវលើកទឹកចិត្ត ហើយអត់មានប្រអប់ឲ្យគាត់ ខ្ញុំត្រូវបង្កើតប្រអប់ឲ្យ​គាត់។ អត់បានទេ កុំកាត់ជើងតម្រូវស្បែកជើង។ នេះជាអភិក្រមដែលយើងបានធ្វើមកជាង ១ឆ្នាំនេះ។ ក្រសួងមុខងារសាធារណៈរត់មកប្រាប់ខ្ញុំពីរឿងសតិអារម្មណ៍មន្រ្តី។ ខ្ញុំសុំការយោគយល់ដើម្បីយើងរស់ទាំងអស់គ្នា។ យើងមិនប្រើអភិក្រមបង្រួមដើម្បីពង្រឹងទេ។ យើងត្រូវពង្រឹងជាជាងពង្រីកនូវអ្វីដែលមានស្រាប់។ ធ្វើឲ្យបានល្អ។ ពេល​​ចុះទៅខេត្តកំពង់ធំ ដោយមានរដ្ឋមន្រ្តី៣ រូប គឺកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក (ទៅជាមួយផង) មានអ្នកលើកយោបល់ឲ្យខ្ញុំថា “សម្ដេច! បង្រួមបីក្រសួងហ្នឹងចូលគ្នាទៅ”។ ខ្ញុំថា “របៀបកម្ពុជាផ្សេង​។ យើងរក្សា និងពង្រឹង ៣ក្រសួងនេះ។ សម្រួលភារកិច្ចឲ្យសហការគ្នាឲ្យច្រើន ឲ្យរឹងមាំ ឲ្យប្រសិទ្ធភាពល្អ រួមគ្នាធ្វើទៅ”។ យើងអត់យកដូចប្រទេសប៉ុន្មានដែលខ្ញុំបានលើក “បង្រួមដើម្បីពង្រឹង” ទេ តែយើងត្រូវមានអភិក្រមមួយតាមរបៀបយើង ហើយត្រូវហ៊ានទទួលខុសត្រូវ កែសម្រួលផ្ទៃក្នុងខ្លួនឯង

(១៨) មានចក្ខុវិស័យច្បាស់ មានការប្តេជ្ញាចិត្តខ្ពស់ ចូលរួមទាំងអស់គ្នា និងការលះបង់ ដើម្បីកែទម្រង់ជោគជ័យ

ខ្ញុំដឹងថាមានការលំបាក ពិសេសអ្នកនៅផ្ទាល់ គឺប្រឈមនឹងទស្សនៈខុសគ្នា ហើយភាគច្រើនកំណែទម្រង់មិនស្រួលទេ។ ដូចឯកឧត្ដម ហ៊ុន ម៉ានី បានលើក និងអ្វីដែលខ្ញុំបានលើកនេះ វាផ្អែកទៅលើបទពិសោធរបស់ខ្ញុំនៅកងទ័ព។ គ្មានកំណែទម្រង់ណាមួយងាយស្រួលនោះទេ។ ដើម្បីកំណែទម្រង់មានជោគជ័យត្រូវការកត្តា៤។

ទី១ គឺចក្ខុវិស័យ​ច្បាស់​លាស់។ តើយើងកែទម្រង់ដើម្បីអី? ដើម្បីបង្ហាញថាយើងបានធ្វើ ឬកែទម្រង់ដើម្បីធានាប្រសិទ្ធភាពឲ្យកាន់តែខ្ពស់ រយៈពេលវែង។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់។ ខ្ញុំឧស្សាហ៍និយាយថា បើសិនជាយកស្ករទៅឲ្យក្មេង មនុស្ស ១០នាក់ស្ម័គ្រចិត្តទៅទាំង ១០នាក់ ព្រោះក្មេងនឹងស្រឡាញ់។ តែបើក្មេងញ៉ាំហើយក្ដៅខ្លួន ត្រូវយកថ្នាំល្វីងទៅឲ្យគាត់។ សួរថាប៉ុន្មាននាក់ចង់ទៅ? មិនងាយទេ។ ត្រូវទៅខ្លួនឯង ព្រោះខ្លាចក្មេងខឹងស្អប់យើង។ ប៉ុន្តែ បើយើងមិនឲ្យថ្នាំល្វីងខ្លះទៅគាត់ (ក្មេងនឹងមិនជាទេឬមិនកែប្រែទេ) ព្រោះថ្នាំផ្អែមអត់ប្រសិទ្ធភាព។ យើងត្រូវ(តែឲ្យល្វីង/មានការកែប្រែ)ខ្លះ … ត្រូវផ្ដល់ការយោគយល់ ផ្ដល់តម្លៃទៅដល់បុគ្គល។ យើងក៏ត្រូវគិតឲ្យមានតុល្យភាពជាមួយនឹងផលប្រយោជន៍រួម។ ដោះស្រាយបែបណា ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់។ ក្នុងហេតុនេះហើយបានជាយើងគិតគូរថាមិនយកអភិក្រម “បង្រួមដើម្បីពង្រឹង” ដូចប្រទេសខ្លះ។ យើងយក “ពង្រឹងជាជាងពង្រីក” ដើម្បីថែរក្សាអ្វីដែលមាន កែសម្រួលតាមចាំបាច់ និងប្រើប្រាស់អ្វីដែលមានឲ្យកាន់តែមានប្រសិទ្ធភាព។ ទី៣ មានការចូលរួមទាំងអស់គ្នា។ ហេតុនេះហើយបានជាខ្ញុំធ្វើជាប្រធានគណៈកម្មាធិការ ព្រោះខ្ញុំនឹងត្រូវជាទម្ងន់និងទទួលខុសត្រូវលើកិច្ចការនេះ។ ខ្ញុំដឹង អ្នកនៅផ្ទាល់ ដូចជា ឪពុកម្ដាយ មានកិច្ចការត្រូវពន្យល់គាត់ … ការសម្រេចចិត្តជានយោបាយត្រូវតែធ្វើការកែទម្រង់ ត្រូវធ្វើការពង្រឹងស្ថាប័ន ត្រូវតែយកអភិក្រមណាមួយដើម្បីពង្រីក តែនីតិវិធីធ្វើត្រូវមានការគិតគូរ និងពិគ្រោះយោបល់ដើម្បីរកដំណោះស្រាយរួមគ្នា … (ទី៤ គឺការលះបង់ … សេចក្តីអធិប្បាយនៅ លេខ២១) …។

(១៩) ដំណោះស្រាយឈ្នះឈ្នះ តាមវិធីសាស្ត្រពង្រឹងអ្វីដែលមានស្រាប់ ក្នុងការសិក្សា DES វេជ្ជសាស្ត្រ

ម្សិលមិញ ខ្ញុំទៅមើលអ៊ំ។ [ឯកឧត្ដម ឈាង រ៉ា មកឬទេ?] ចេញមកវិញ ឯកឧត្ដម ឈាង រ៉ា និងពេទ្យមួយចំនួន មកជួបខ្ញុំ និងលើកឡើងថា ឥឡូវអ្នករៀន DES (Diplômes d’études spécialisées de la discipline MÉDICALE) អត់សូវមាំទេ ដោយសារយើងកាត់ពីរឆ្នាំ។ ពីមុន រៀន ៨ឆ្នាំហើយ បានទៅរៀន DES។ ឥឡូវ ៦ឆ្នាំ អាចប្រឡងចូល DES។ អ្នកដែលចេញមកខ្វះ ២ឆ្នាំ។ ដល់ពេលទៅពិគ្រោះ និងវិភាគជំងឺ មិនសូវច្បាស់។ គាត់សំ​ណូមពរថា សុំយកប្រព័ន្ធ ៨ឆ្នាំមកវិញ។ ខ្ញុំប្រាប់ថា ការពង្រឹងសមត្ថភាពត្រូវតែធ្វើ ប៉ុន្តែរកវិធីសាស្រ្តធ្វើណាដែលប៉ះពាល់តិច។ ឥឡូវរកវិធីឈ្នះឈ្នះ។ ឲ្យយោបល់ថា រយៈពេល ២ឆ្នាំ(ដែលថាខ្វះ)ហ្នឹង ផ្គុំដោយមេរៀនប៉ុន្មាន? ថ្នាក់ប៉ុន្មាន? ឧទាហរណ៍ថា ១០ថ្នាក់ យើងកុំចាំបាច់បន្ថែម ២ឆ្នាំ ដែលនាំឲ្យបន្ថែមពេលវេលា និងចំណាយថវិកា។ យើងឲ្យរៀន ៦ឆ្នាំដដែល តែរៀបមេរៀនដែលកាត់ចេញ ២ឆ្នាំ មកបញ្ចូលនឹង ៤ឆ្នាំនេះ។

ពីមុន រៀនមក ៥ថ្នាក់ ឥឡូវក្នុងមួយឆ្នាំៗ យើងថែមពីរថ្នាក់។ បួនឆ្នាំទៅ។ អញ្ចឹងដល់ពេលរៀនចប់ គាត់នៅតែរៀន(មេរៀន) ២ឆ្នាំនេះដដែល។ តែជាជាងឲ្យបន្ថែម ២ឆ្នាំ យើងរកវិធីឲ្យរៀនមេរៀនទាំងហ្នឹង អត់ឲ្យរំលងទេ ហើយមិនថែមពេលវេលាទៀតផង។ គ្រាន់តែថា ក្នុងមួយឆ្នាំអាចរៀនច្រើនជាងមុនលើស ១ថ្នាក់ ឬ២ថ្នាក់ប៉ុណ្ណឹង​។ ដំណោះស្រាយនេះ យើងអាចបាញ់សត្វពីរក្នុងព្រួញតែមួយ។ ពេលវេលាក៏មិនកើន មេរៀនសិស្សក៏មិនរំលង សមត្ថភាពក៏មាន។ នេះហើយវិធីសាស្រ្តត្រូវច្នៃប្រឌិតបែបនេះ … ខ្ញុំសង្ឃឹមថា និស្សិតពេទ្យមិនរអ៊ូ មិនបាតុកម្ម ដោយគ្រាន់តែការបន្ថែមម៉ោង/ថ្នាក់ឲ្យរៀនក្នុង ៤ឆ្នាំនេះទេ ព្រោះធ្វើដូចនេះដើម្បីបង្កើនសមត្ថភាព គុណវុឌ្ឍិរបស់យើងជួយព្យា​បាលអ្នកជំងឺទេតើ។

នេះហើយជាដំណោះស្រាយ ជាជាងប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើង ហើយសម្រេចភារកិច្ចបាន។ នេះជាការពង្រឹងអ្វីដែលមានស្រាប់ រកវិធីពង្រឹងជាជាងពង្រីក។ ពង្រឹងគុណភាពក្នុង ៦ឆ្នាំ ជាជាងឡើងដល់ ៨ឆ្នាំ។ បើយើងយកវិធីចាស់ យើងថែមពីរឆ្នាំ។ អញ្ចឹង DES ត្រូវបាត់ពីរឆ្នាំ។ តែបើយើងយករូបមន្តនេះ … ឧទាហរណ៍ ២ឆ្នាំនេះមាន ១២ថ្នាក់ យើងយកមកចែកក្នុង ៤ឆ្នាំនេះ ៣ថ្នាក់ៗ (នឹងគ្រប់២ឆ្នាំ)ដូចគ្នា ឬមួយបន្ថែម បញ្ចូលនៅកន្លែងណាឲ្យគាត់ទៅ។

(២០) ដើម្បីដឹង “ខ្វះមន្ត្រី និង/ឬលើសមន្ត្រី” ត្រូវមើលតាមការវិភាគមុខងារ ការកំណត់តួនាទី ភារកិច្ច

កំណែទម្រង់ដូចគ្នា។ អ្វីដែលយើងមានស្រាប់ ប្រើពីមូលដ្ឋានហ្នឹង។ អញ្ចឹងហើយ បានជាយើងមិនឲ្យរើសមន្រ្តីថ្មីច្រើនក្នុងដំណាក់កាលដែលយើងកែទម្រង់ ព្រោះវាមានស្ថានភាព “លើសតែខ្វះ ខ្វះតែលើស”។ នេះហើយដែលទាមទារឱ្យផ្អាកបន្តិចដើម្បីពិនិត្យមើល។ ដើម្បីដឹងយ៉ាងម៉េចថា “ខ្វះនិងលើស” ត្រូវមើលទៅតាមការវិភាគមុខងារ កំណត់ឲ្យបានច្បាស់តួនាទី ភារកិច្ច មិនមែនផ្អែកទៅលើអារម្មណ៍ប្រធាននាយកដ្ឋានថា ខ្ញុំមានអារម្មណ៍ថាខ្វះ។ បើផ្អែកទៅលើអារម្មណ៍ ខ្ញុំគិតថា ប្រធាននាយកដ្ឋានណាក៏ខ្វះដែរ តែយើងត្រូវផ្អែកទៅលើវិទ្យាសាស្រ្តពិត ការជជែកគ្នាជាសមូហភាព។ ខ្ញុំទទួលស្គាល់ ពេលប្រជុំផ្ទាល់ ប្រហែលជាមានការលើកផ្សេងៗ តែយើងខិតខំពង្រឹងដើម្បីធានាដោះស្រាយដោយយុត្តិធម៌សម្រាប់បុគ្គល ឲ្យមានតុល្យភាពជាមួយយុត្តិធម៌នៃស្ថាប័ន ដើម្បីការរីកចម្រើនរយៈពេលវែង។ សូមឲ្យមានការចូលរួមពីមន្រ្តី ពីថ្នាក់ដឹកនាំរបស់យើងទាំងអស់គ្នាផ្អែកទៅលើមូលដ្ឋានមួយ។

(២១) បើមិនធ្វើកំណែទម្រង់នៅស្ថាប័នដែលមិនប្រសិទ្ធភាព ក៏បានន័យថា លះបង់ចោលប្រសិទ្ធភាពហើយ

ទី៤ គឺការលះបង់ … មិនអាចថាមិនមានការលះបង់ឡើយ។ បើយើងមិនធ្វើកំណែទម្រង់នៅស្ថាប័នមួយដែលមិនមានប្រសិទ្ធភាព ក៏បានន័យថា យើងកំពុងតែលះបង់ចោលប្រសិទ្ធភាពរួចទៅហើយ។ មិនមែនបានន័យថា (ដែលមិនធ្វើកំណែទម្រង់) យើងមិនលះបង់នោះទេ។ ការពិតគឺយើងកំពុងតែលះបង់ប្រសិទ្ធភាពស្ថាប័ន និងរយៈពេលវែង។ បើយើងពង្រាយមន្រ្តីមិនត្រូវ យើងកំពុងតែលះបង់ឱកាសរបស់មន្រ្តីដែលអាចមានសក្ដានុពល។ ព្រោះគាត់មានសក្តានុពល តែមិនសូវមានការងារ និងមានឱកាសបញ្ចេញសមត្ថភាព។ យើងបានលះបង់(ឱកាស និងប្រសិទ្ធភាពហើយ)។ មិនមែនយើងមិនហ៊ានធ្វើ ហើយរួចខ្លួន មិនលះបង់នោះទេ។ យើងសម្រេចចិត្តអីក៏ដោយតែងតែមានការលះបង់។ យើងសម្រេចចិត្តមិនកែ ក៏មានការលះបង់។ បើយើងសម្រេចចិត្តមិនកែ យើងបាត់បង់ឱកាសបង្កើនប្រសិទ្ធភាព។ បើយើងមិនហ៊ានរៀបចំនិងពង្រាយមន្រ្តី ការពង្រឹងគុណវុឌ្ឍិមន្រ្តី យើងលះបង់​ឱកាសនៃស្ថាប័នដែលមានធន​ធានមនុស្សល្អ យើងនឹងលះបង់​ឱកាសនៃមន្រ្តីទាំងនោះ ដែលមិនមានការងារធ្វើ។ នាយកដ្ឋានខ្លះត្រូវការមនុស្ស ២០នាក់ តែគាត់មាន ៨០នាក់។ តើប៉ុន្មាននាក់មានការងារធ្វើពិតប្រាកដ? នាយកដ្ឋានមួយដែលត្រូវការមនុស្ស ៥០នាក់ តែមានតែ ២០នាក់ យើងកំពុងបាត់ប្រសិទ្ធភាពនៃស្ថាប័ន​។ នេះហើយគឺជាការធ្វើជម្រើស ធ្វើក៏លះបង់ឬមិនធ្វើក៏លះបង់។ តែបើលះបង់ តើលះបង់មួយណាជ្រើសមួយណា។

(២២) ធ្វើ​កំណែទម្រង់ក៏លះបង់ មិនធ្វើកំណែទម្រង់ក៏លះបង់

គ្មានជម្រើសអីក្រៅតែពីខំធ្វើការកែទម្រង់តាមអ្វីដែលយើងធ្វើបាន ដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័ន បម្រើប្រជាពលរដ្ឋ និងបង្កើនឱកាសឱ្យពង្រាយមន្ត្រីមានការងារធ្វើស្មើដៃគ្នា។ នេះហើយជាការកែទម្រង់។ ការសម្រេចចិត្តគឺបែបនេះ។ យើងមិនធ្វើក៏បញ្ហា យើងធ្វើក៏បញ្ហា តែយើងត្រូវដាក់អភិក្រមមួយ ថាតើយើងរកអី? យកអី? … ធ្វើ​កំណែទម្រង់ក៏លះបង់ មិនធ្វើកំណែទម្រង់ក៏លះបង់។ ប៉ះដូចគ្នា។ ធ្វើក៏ប៉ះ មិនធ្វើក៏ប៉ះ បើពាក្យសាមញ្ញ។ ប៉ុន្តែ យើងមិនធ្វើអភិក្រមដូចប្រទេសប៉ុន្មានខាងលើដែលប្រាប់មន្ត្រីឱ្យវេចបង្វិចទៅ មិនបាច់មកធ្វើការទេ។ ស្ថាប័នមួយចំនួន ដោយទាំង USAID មកស្រុកយើង ទាំងអាស៊ីសេរី ទាំង VOA អី ប្រាប់ថាមិនបាច់មកទេ មិនបាច់តវ៉ា​។ ឥឡូវតវ៉ាថាអត់ទេ បទបញ្ជារដ្ឋាភិបាល។ ដើម្បីកែសម្រួលរឿងអី? រដ្ឋាភិបាល ត្រាំម៍ គាត់គិតពីការកាត់ចំណាយរបស់រដ្ឋាភិបាល ហើយជាពិសេសចំណាយទៅលើអ្វីដែលមិនពាក់ព័ន្ធផ្ទាល់នឹងផលប្រយោជន៍ក្នុងសហរដ្ឋអាមេរិក។ អញ្ចឹងកាត់ចំណាយរាប់ពាន់លាននៅក្រៅ ដើម្បីយកទៅទប់ការចំណាយនៅខាងក្នុង ពិសេសក្នុងដំណាក់កាលដែលប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មកើតឡើង។ ត្រូវការធានា Fiscal Discipline បានន័យថា វិន័យនៃសារពើពន្ធ គោលនយោបាយការចំណាយ។ តែប្រទេសគេផ្សេង (សម្រាប់)ប្រទេសយើងអត់អញ្ចឹងទេ។

(២៣) មិនលុបឬបង្រួមក្រសួង/ស្ថាប័ន តែបែងចែកសម្រួលភារកិច្ចក្នុងនាយកដ្ឋានឬកន្លែងមិនចាំបាច់

ចាំបាច់យើងត្រូវធ្វើកិច្ចការសំខាន់៣។ ទី១ រចនាសម្ព័ន្ធ។ យើងមិនលុបក្រសួងស្ថាប័ន ឬបង្រួមក្រសួងស្ថាប័ន ដូចមានសំណើឱ្យបង្រួមក្រសួង ៣នោះទេ តែត្រូវរៀបចំតួនាទីភារកិច្ច សម្របសម្រួលឱ្យបានច្បាស់ បង្កើននូវសហថាមពលនៃក្រសួងទាំង៣ ដែលមានមន្ត្រីស្រាប់។ កន្លែងណាដែលជាន់គ្នា យើងគិតគូរទៅ។ អ្នកណានាំមុខ អ្នកណាដែលត្រូវបង្រួមកន្លែងណា? កន្លែងណាដែលត្រូវធ្វើការ មិនសហការគ្នាល្អ ត្រូវពង្រឹងហើយសហការគ្នាឱ្យល្អ។ យើងកែសម្រួលនៅក្នុងក្រសួង-ស្ថាប័ន។ កន្លងទៅមានការរៀបចំកែសម្រួលបង្រួមអង្គភាព ដូចក្រសួងកសិ​កម្មបង្រួមមន្ទីរពិសោធន៍មួយចំនួន ក្រសួងរ៉ែ និងថាមពល ថ្ងៃមុនរាយការណ៍មកខ្ញុំបង្រួមប៉ុន្មាននាយកដ្ឋានឯណោះ ប៉ុន្តែទៅបង្កើតអគ្គនាយកដ្ឋានមួយ … គាត់ថាបង្រួមប៉ុន្មានអគ្គនាយកដ្ឋានដែលមិនចាំបាច់ ឬមួយក៏បញ្ចូលគ្នា។ តែនៅក្នុងកិច្ចការដែលថ្មី ឧទាហរណ៍យើងត្រៀមកិច្ចការពាក់ព័ន្ធនឹង Clean energy, Net zero អីនេះ វាអត់មានអ្នកធ្វើ។ អញ្ចឹងគេបង្កើត តែមនុស្សមិនឱ្យប៉ោងលើស។ មិនកាត់ប៉ុន្តែយើងមិនឱ្យប៉ោងលើស។ កែសម្រួលនិងតម្រូវមុខងារ រៀបចំបំប៉នគាត់ឱ្យអស់។

ទី២ ការបែងចែកសម្រួលភារកិច្ចនៅក្នុងនាយកដ្ឋាន ឬមួយកន្លែងមិនចាំបាច់ ដែលមានមនុស្សគ្រាន់តែចតចោល​។ យើងពង្រឹងមើលកន្លែងនោះ។ ការរៀបចំនោះខ្ញុំសូមឱ្យមើល២។ ទី១ មន្ទីរពិសោធន៍ និងទី២ សាលាចំណុះក្រសួង។ ទី(១) ក្រសួង-ស្ថាប័នគឺមានមន្ទីរពិសោធន៍ច្រើនស្រដៀងៗគ្នានៅរាយប៉ាយ។ ក្នុងក្រសួងខ្លួនឯងមួយ​ៗ ក្រសួងខ្លះក៏មានច្រើនក៏បានធ្វើការបង្រួម ហើយនៅក្នុងទូទាំងប្រទេស ទូទាំងរដ្ឋាភិបាលក៏មានច្រើន។ អញ្ចឹងជំ​ហានបន្ទាប់ត្រូវគិតគូរចងក្រងដាក់ជាវិស័យ។ ជួនកាលមន្ទីរពិសោធន៍ខ្លះទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធខាងដែនដីក៏មាន ខាងសាធារណការក៏មាន។ យើងមើលខាងវិស័យជាចង្កោមគឺមួយកម្រិតណា។ ពង្រឹងកិច្ចសហការយ៉ាងណា កែសម្រួលយ៉ាងម៉េចឱ្យស៊ីគ្នា។ យើងមានច្រើនដើម្បីពិនិត្យមើល។ ការបង្កើតថ្មីនោះក៏ត្រូវច្បាស់លាស់​។

(២៤) ផ្តល់គោលការណ៍បង្កើតថ្មី លុះត្រាជាការងារថ្មី គ្មានអ្នកធ្វើ ឬមិនអាចសម្រួល/បន្ថែមភារកិច្ចទៅយន្តការដែលមានស្រាប់

បើចាំបាច់ គោលការណ៍បង្កើតថ្មីទាល់តែអញ្ចេះ ទី១ អត់មានអ្នកណាធ្វើសោះ ជាការងារថ្មី។ ទី២ មិនអាចកែសម្រួល ឬបន្ថែមភារកិច្ចទៅអ្នកណាដែលមានស្រាប់ឱ្យធ្វើការងារហ្នឹង … បើអ្នកផ្សេងធ្វើមិនទាន់ពេញ Capacity ហើយភ្ជាប់ជាមួយគាត់ ថែមភារកិច្ចឱ្យគាត់ទៅ។ កុំទៅបង្កើតអង្គភាពមួយទៀត។ បង្កើនថែមតែ TOR ឱ្យគាត់ ថែមទាំងភារកិច្ចឱ្យទៅ គាត់មានមធ្យោបាយមានអី ហើយធ្វើការងារស្រដៀងគ្នា។ ការរៀបចំស្នើសុំថ្មី បើចាំបាច់បំផុត ហើយគ្មានអ្នកណាធ្វើ មិនឱ្យលើសពីអ្វីដែលមានស្រាប់ បានន័យថាកាត់កងគ្នា ថយមួយថែមមួយ ។ បើអត់ទេ វិធីសាស្ត្រល្អគឺប្រគល់ភារកិច្ចបន្ថែមទៅយន្តការណាដែលមានស្រាប់ អង្គភាពណាដែលមានស្រាប់ ឬបង្កើនកម្រិតឱ្យធ្វើ ជាជាងទៅបង្កើតថ្មី។ បើបង្កើតថ្មីត្រូវការក្បាលម៉ាស៊ីនដឹកនាំ ត្រូវការមន្ត្រី ហើយយើងកាន់តែខ្សត់ …។

(២៥) ភារកិច្ចរបស់សាលាតាមក្រសួង គួរផ្តោតលើការបណ្តុះបណ្តាលមន្ត្រី ជាវគ្គបំប៉នរយៈពេលខ្លី

អំពីបន្ទប់ពិសោធន៍និងសាលាចំណុះក្រសួងស្ថាប័ន។ យើងមាន ១២៨សាលាចំណុះឱ្យក្រសួងស្ថាប័ន។ ភាគច្រើននៅក្រោមក្រសួងអប់រំ និងក្រសួងការងារ តែក៏មានក្រសួងស្ថាប័នមួយចំនួនមានសាលាចំណុះ។ កន្លងទៅមាននិន្នាការសុំដំឡើងកម្រិតទៅជាគ្រឹះស្ថានសាធារណៈ បើកថ្នាក់ដូចសាកលវិទ្យាល័យឯកជនដើម្បីបានធនធាន។ ខ្ញុំបានឱ្យគោលការណ៍កំណត់ឡើងវិញ។ សា​លា​ទាំងនេះខុសពីសាលាតាមក្រសួងស្ថាប័នពីជំនាន់ទសវត្សរ៍៨០ ឬ ទសវត្សរ៍៩០។ ពេលនោះ យើងអត់មានសាលាឯកជនធ្វើការបណ្តុះបណ្តាលជំនាញច្រើនទេ។ អញ្ចឹងសាលារដ្ឋបណ្តុះបណ្តាលមន្ត្រីនៅហ្នឹង។ ឥឡូវយើងមានជំនាញច្រើនណាស់ ដែលសាលាឯកជនគាត់ធ្វើរយៈពេលវែងគឺ ៤ឆ្នាំ។ លើកលែងតែជំនាញមួយចំនួនដូចជា ការទូត និងវិទ្យាស្ថានការទូតរបស់ក្រសួងការបរទេស មិនងាយសាលាឯកជនណាធ្វើទេ។ គេមានបង្រៀនទំនាក់ទំនងអន្តរជាតិខ្លះ តែវិទ្យាស្ថានការទូតផ្សេង។ បើក្នុងវិស័យកង​ទ័ព សន្តិសុខជាតិ ខ្ញុំអត់និយាយទេ ព្រោះអត់មានអ្នកណាមានសិទ្ធិទៅបង្រៀនរឿងការងារសន្តិសុខជាតិ ឬមួយក៏រឿងយោធា ឬមួយក៏នគរបាលទេ។ អាហ្នឹងផ្តាច់មុខហើយ។

កន្លងទៅមានស្ថាប័នមួយចំនួនបានស្នើមកចង់ដំឡើងសាលាទៅជាគ្រឹះស្ថានសាធារណៈ បើកបង្រៀនយកលុយ។ ខ្ញុំបដិសេធ។ ខ្ញុំមើលទៅថាតើមានតម្រូវការចាំបាច់ ឬទេ? ភារកិច្ចរបស់សាលាតាមក្រសួងនីមួយៗ គួរតែផ្តោត​ខ្លាំងលើការបណ្តុះបណ្តាលមន្ត្រី មិនចាំបាច់ទៅបើក(បង្រៀន)គួរ ឱ្យដូចប្រកួតជាមួយសាលាឯកជនទៅលើជំនាញការងារមួយចំនួនដែលសាលាឯកជនមានហើយនោះទេ។ ប្រមូលផ្តុំធនធានត្រឹមតែរៀបចំគួររយៈពេលខ្លី វគ្គបំប៉នរយៈពេលខ្លី វគ្គមធ្យមអាចថាត្រឹម ១ឆ្នាំ បំប៉នទៅដល់មន្ត្រី។ នេះគួរតែជាភារកិច្ចរបស់សាលានៅចំណុះក្រសួងស្ថាប័នភាគច្រើន។ សាលាចំណុះក្រសួងអត់ចាំបាច់ទៅបណ្តុះបណ្តាលមុខវិជ្ជា Management ឬ Accounting ឬមួយក៏សេដ្ឋកិច្ច ហើយឱ្យបរិញ្ញាបត្រទៅគេទេ។ បើសិនជាសាលាឯកជនមានជំនាញនេះហើយ។ ថ្ងៃមុន ខ្ញុំបានប្រាប់ក្រសួងព័ត៌មានហើយថា ជំនាញហ្នឹងមានបង្រៀននៅ DMC មានអីហើយ ឱ្យគេបង្រៀនរយៈពេលវែងទៅ។ យើងបើករយៈពេលខ្លីសម្រាប់បណ្តុះបណ្តាលមន្ត្រី វគ្គបណ្តុះបណ្តាលអ្នកកាសែតស្អីៗហ្នឹង ជា​វគ្គរបស់យើង។

(២៦)​ បើដំឡើងសាលាចំណុះក្រសួងជាគ្រឹះស្ថាន នឹងត្រូវបន្ថែមមន្ត្រី នាំឱ្យប៉ោងក្របខ័ណ្ឌ

បើសិនជាយើងដំឡើងសាលាចំណុះក្រសួងជាគ្រឹះស្ថាន យើងត្រូវការបន្ថែមមន្ត្រី បន្ថែមក្របខ័ណ្ឌចាត់តាំង។ ពិតណាស់ ថវិកាមួយចំនួននឹងបានមកពីចំណូលហើយ ប៉ុន្តែរដ្ឋត្រូវទទួល(រែកពុន)មួយ​ចំនួន។ វាប៉ោងក្របខ័ណ្ឌរបស់យើង។ សូម្បីក្រសួងផែនការ ថ្ងៃមុនខ្ញុំបានឱ្យកែសម្រួលវិញ។ សូមគោលការណ៍យោគយល់។ ក្រសួងផែនការបានស្នើទៅជាគ្រឹះស្ថានសាធារណៈ ដើម្បីបើកវគ្គជាសាកលវិទ្យាល័យ ដំឡើងទៅ ៤ឆ្នាំ ហើយសុំពង្រីក​។ អញ្ចឹងបានខ្ញុំថា ឥឡូវវគ្គដែលចូលរៀនបានប៉ុន្មានឱ្យគាត់បញ្ចប់ទៅ ហើយសូមផ្តោតមកធ្វើផែនការបង្រៀនតែមន្ត្រីរឿងផែនការ រឿងទិន្នន័យទៅ។ បង្រៀនមិនអស់ក្នុងមួយឆ្នាំ ព្រោះយើងខ្វះមន្ត្រីជំនាញស្ថិតិ ជំនាញអីនេះច្រើន។ បើយើងធ្វើតែផែនការបណ្តុះបណ្តាលមន្ត្រីរបស់យើង មិនចាំបាច់ដំឡើងទៅជាសាកលវិទ្យាល័យ ហើយយកនិស្សិតធម្មតាមករៀនខាង Statistics ឬ Econometrics អីទេ ទុកឱ្យសាលាឯកជនគេធ្វើទៅ។ នេះខ្ញុំសូមលើកជាឧទាហរណ៍ជាក់ស្តែង។

អញ្ចឹងសូមជូនទៅក្រសួងទាំងអស់ចំពោះជំនាញដែលមានវិស័យឯកជនធ្វើ ទុកឱ្យគេធ្វើជាវគ្គរយៈពេលវែង ៤ឆ្នាំ បង្កើតជាបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់អីនោះ។ លើកលែងតែជំនាញដែលមិនមានអ្នកណាបង្រៀន គឺយើងអាច តែនៅតែផ្តោតលើការបង្រៀនមន្ត្រីរបស់យើងដដែល។ វគ្គខ្លះអាចបើកមួយចំនួនដូចវិទ្យាស្ថានការទូត ឬមួយអីហ្នឹង តែមិនត្រូវចាំបាច់ធ្វើជាវិទ្យាស្ថានដែលថាបង្រៀនរយៈពេល ៤ឆ្នាំ ជាបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតអីនោះទេ។ ខ្ញុំសូមឱ្យពិចារណា។ ក្រុមការងារគិតគូរមើលលើចំណុចនេះ។ បានន័យថា សាលាយើងមិនគួរទៅជាស្ថាប័នប៉ោងរបស់ក្រសួងស្ថាប័នណា ដែលមិនមានការចាំបាច់នៅក្នុងការបណ្តុះបណ្តាលជំនាញ ដែលមានហើយដោយវិស័យឯកជន លើកលែងតែយើងធ្វើភារកិច្ចណាដែលពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលមន្រ្តី ទៅលើជំនាញដែលបម្រើឱ្យការងារតែម្តង។

(២៧) “ពង្រឹងជាជាងពង្រីក” គឺពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិឱ្យមានជំនាញច្បាស់លាស់

អញ្ចឹង សូមឱ្យគោលការណ៍បែបនេះ ដើម្បីជូនដំណឹងទៅចៅក្រសួងទាំងអស់។ មានអ្នកចង់ស្នើសុំ។ ឃើញក្រ​សួងនេះក្រសួងនោះមានសាលាដូចសាកលវិទ្យាល័យឯកជន។ អ្វីដែលមានហើយរក្សាចុះ។ អ្នកដែលធ្វើការ ៤ ១០ឆ្នាំ បណ្តុះបណ្តាល ២០ឆ្នាំអីទៅហើយត្រូវរក្សាចុះ។ ប៉ុន្តែ សុំបង្កើតថ្មីនេះ ខ្ញុំសូម(មិនអនុញ្ញាត) … នេះហើយការពង្រឹងជាជាងពង្រីក។ ពង្រឹងសមត្ថភាពសាលារបស់ក្រសួងស្ថាប័នជំនាញ ដើម្បីធ្វើការពង្រឹងសមត្ថភាពមន្ត្រីនៅក្នុងវិស័យជំនាញ នៅក្នុងជំនាញរបស់ខ្លួននេះឯង។ ផ្តោតទៅលើអាហ្នឹងទៅ។ ផ្តោតទៅលើធនធានដែលមានមក មន្ត្រីដែលមាន និងរៀបចំផែនការដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិមានជំនាញកាន់តែច្បាស់លាស់លើជំនាញរបស់ក្រសួងស្ថាប័នដែលត្រូវធ្វើការបណ្តុះបណ្តាលនេះ។ យើងធានាធ្វើបែបនេះ រដ្ឋក៏មានការចំណាយថវិកាមួយចំនួន មន្ត្រីក៏មួយចំនួន តែមានប្រសិទ្ធភាព។ អញ្ចឹងការងារសម្រាប់ស្ថាប័ន ២នេះ ចំណុះឱ្យក្រសួង ទាំងមន្ទីរពិសោធន៍ ទាំងសាលាចំណុះឱ្យក្រសួងស្ថាប័ន។

(២៨) ក្រសួងអប់រំបណ្តុះបណ្តាល Academics ក្រ​សួង​ការងារបង្រួមមកបណ្តុះបណ្តាលវិជ្ជាជីវៈ

ថ្ងៃមុនក្រសួងអប់រំ និងក្រសួងការងារដូចបានឯកភាពគ្នាហើយ។ ក្រសួងអប់រំបណ្តុះបណ្តាល Academics ក្រ​សួង​ការងារសុំបង្រួមមកត្រឹមបណ្តុះបណ្តាលតែវិជ្ជាជីវៈប៉ុណ្ណោះ ហើយយកជាជំនាញ expertise, specialist នៅក្នុងការបណ្តុះបណ្តាលជាជំនាញចំតែម្តង ហើយរៀបចំវគ្គផ្សេងៗ ស្រាវជ្រាវបន្ថែមគឺផ្តោតទៅលើវិជ្ជាជីវៈតែម្តង។ ការបណ្តុះបណ្តាលចំណេះដឹងទូទៅជាបែប Academics ទុកឱ្យក្រសួងអប់រំគាត់ធ្វើ។ អញ្ចឹងយើងពង្រឹងបែបនេះ។ ខ្ញុំអត់ចាំបាច់លុបសាលាក្រសួងអប់រំ ឬលុបសាលាក្រសួងការងារទេ។ ប៉ុន្តែ យើងត្រូវពង្រឹងចែកតួនាទីរបស់ខ្លួន។ បើមនុស្សម្នាក់ៗ ស្ថាប័នមួយធ្វើតែការងារ២ ប្រាកដណាស់គាត់មានធនធានពេលវេលា ការវិនិយោគទៅលើការពង្រឹង ២មុខហ្នឹង ជាជាងឱ្យគាត់ពង្រឹង ១២មុខ។ បើឱ្យស្ថាប័នមួយបង្រៀន ១២មុខ ត្រូវដំ​ឡើងមន្ត្រីឱ្យគាត់ ត្រូវចំណាយធនធានលើ ១២មុខនេះ។ វិនិយោគលើ ១២នេះ។ គាត់អត់ជំនាញទាំង ១២ទេ។ តែបើឱ្យធ្វើការបណ្តុះបណ្តាលតែ ២មុខ ដាក់វិនិយោគទាំងអស់ទៅលើការបណ្តុះបណ្តាលជំនាញតែ ២នេះ គឺកាន់​តែជំនាញខ្លាំង និងប្រសិទ្ធភាពខ្ពស់។

នេះការកែទម្រង់សាលាពាក់ព័ន្ធទៅនឹងការកែទម្រង់រចនាសម្ព័ន្ធ។ ខ្ញុំសូមឱកាសនេះបញ្ជាក់ឱ្យហើយ កុំឱ្យមានការជជែកគ្នា ឬមួយថា ទេ! ស្នើសុំសិនទៅ។ ឥឡូវខ្ញុំប្រាប់ហើយមិនបាច់ស្នើសុំទៅទៀតទេ។ ជជែកគ្នាទៅ។ ខ្ញុំប្រាប់អម្បាញ់មិញហើយ បើអត់ច្បាស់យកវីដេអូទៅចាក់មើលឡើងវិញ។ ចំពោះសាលាចំណុះស្ថាប័ន យើងមិនពង្រីកអង្គភាពចំណុះ តែសាលាខ្លួនឯងត្រូវគិតគូរ (បណ្ដុះបណ្ដាលមន្ដ្រីខ្លួនឯង)។ សូម្បីក្រសួងកសិកម្មមានសាលាប៉ុន្មាននៅខាងក្នុងកំពុងតែគិតគូរ។ ព្រោះវាយតម្លៃទៅ សាលាខ្លះអស់សក្តានុពល ដោយសារចំនួនសិស្សថយ។ រឿងផ្សេងៗ ឥឡូវសក្តានុពលកន្លែងខ្លះ …។

(២៩) ពង្រឹងដើម្បីប្រសិទ្ធភាព បង្កើនសមត្ថភាពជាជាងពង្រីក

ត្រូវពង្រឹងៗ មើលគេថាដំណាក់កាល បង្រួមជាដំណាក់កាលចុងក្រោយ។ ដំណាក់កាលប្រើប្រាស់ឱ្យអស់លទ្ធភាព​។ យើងខិតខំធ្វើ។ តែបើចាំបាច់ យើងក៏ត្រូវបង្រួម។ ប៉ុន្តែត្រូវធ្វើឱ្យអស់លទ្ធភាពសិន។ ប្រើឱ្យអស់លទ្ធភាពនូវអ្វីដែលមានស្រាប់ ស្របទៅតាមស្ថានភាពបច្ចុប្បន្ន … ល្ងាចមិញ ជិះឡានមកឃើញនៅចិន គេបង្កើតក្រុមហ៊ុនមួយធំ។ គេសាកល្បង អត់មានប្រើមនុស្សទេ។ ឲ្យ robot ធ្វើទាំងអស់ ហើយបិទភ្លើងចោលទៀត ព្រោះ robot អាចធ្វើទាំងក្នុងទីងងឹតបាន។ អញ្ចឹងគេសន្សំថ្លៃភ្លើង។ robot មាន Infrared (IR) ស្អីៗធ្វើ។ យើងមិនទាន់ដល់ហ្នឹងទេ ប៉ុន្តែនេះគ្រាន់តែជាការកែទម្រង់ផ្អែកទៅលើស្ថានភាពជាក់ស្តែង។ យើងមិនអាចលោតដល់ទិញ robot មកឲ្យធ្វើជំនួសកម្មករយើងទេ។ មិនឱ្យទៅធ្វើកិច្ចការហ្នឹងទេ ប៉ុន្តែយើងក៏មិនអាចនៅតែប្រើដៃរហូតដែរ​។ យើងនឹងធ្វើការងារវិវឌ្ឍជាជំហានៗ ឲ្យសមស្របទៅតាមអភិក្រម មិនបង្រួមដើម្បីពង្រឹង តែពង្រឹងដើម្បីពង្រីកប្រសិទ្ធភាព ពង្រឹងដើម្បីបង្កើនសមត្ថភាពជាជាងពង្រីក។ មិនកាត់ទេ មិនប្រាប់ថាឥឡូវ ១០-២០ម៉ឺននាក់ស្អែកមិនបាច់មកធ្វើការទេ។ តែយើងត្រូវហ៊ានធ្វើនៅក្នុងក្រសួងស្ថាប័ននីមួយៗ។ ក្រសួងស្ថាប័ននីមួយៗដែលមិនចាំបាច់ ដូចជាគ្រូបង្រៀន ដូចជាពេទ្យ យើងដឹងហើយ តាមមូលដ្ឋានកំពុងខ្វះ។ យើងមិនអាចរង់ចាំទេ។

(៣០) ពង្រឹងរចនាសម្ព័ន្ធ ត្រូវគិតពីលំហូរការងារដើម្បីកើនប្រសិទ្ធភាព

ក្រសួងស្ថាប័នមួយចំនួនត្រូវវិភាគមុខងារឲ្យឆាប់ដើម្បីយើងដឹងថាកន្លែងណា។ ពេលហ្នឹងដឹងហើយ ស្នើមន្រ្តីទាល់តែប្រាប់ខ្ញុំថាត្រូវបំពេញកន្លែងណាខ្លះ។ ជំនាញអី? ជំនាញមន្រ្តីដែលមានស្រាប់ត្រូវរៀបចំវគ្គបណ្តុះបណ្ដាលស្អីខ្លះឲ្យគាត់ដើម្បីឲ្យគាត់អាចប្រើប្រាស់សក្តានុពល។ ទី២ គឺលំហូរការងារ។ យើងពង្រឹងរចនាសម្ព័ន្ធឲ្យគិតពីលំហូរការងារដើម្បីកើនប្រសិទ្ធភាព។ កិច្ចការងារនេះត្រូវគិតពីការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការព្យាយាមប្រើប្រព័ន្ធ digital ឲ្យបានច្រើន។ ខ្ញុំបានជជែកជាមួយឯកឧត្តម យក់ ប៊ុនណា ល្ងាចមិញ។ គ្រាន់តែសេវាទូទាំងរដ្ឋាភិបាល ទាក់ទងស្ថាប័នផ្សេងៗ ជាង ៣០០០សេវា។ ជួនកាលឯកសារ២ ទៅ៣ កន្លែង គាត់ត្រូវការតម្រូវការឯកសារដដែល។ ជួនកាលឯកសារជាន់គ្នា។ កន្លែងខ្លះត្រូវការអត្តសញ្ញាណបណ្ណ ត្រូវការបណ្ណគ្រួសារ ត្រូវការសំបុត្រកំណើត … សេវាមួយទៀតទាមទារដូចគ្នា។  បើសិនជាយើងធ្វើបែបនេះ យើងនឹងមិនអាចដើរលឿនទេ។ រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធីរបៀបរបបការងារមិនទំនើបកម្មឲ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ។ រចនាសម្ព័ន្ធណាដែលរក្សាដដែល កន្លែងខ្លះត្រូវរក្សាដដែលចុះ តែកែសម្រួលនីតិវិធីដើម្បីពន្លឿន​។

(៣១) ការពង្រឹងលំហូរ និងប្រសិទ្ធភាពការងារ ជាផ្នែកសំខាន់នៃកំណែទម្រង់

ក្រសួងពាណិជ្ជកម្ម ខ្ញុំឲ្យពិនិត្យថ្ងៃមុន ហើយឮសូរថាតម្លៃកន្លែងខ្លះកើនជាងអាណត្តិមុនផង។ ត្រូវ។ មើលអាហ្នឹងឲ្យច្បាស់។ យើងធ្វើកំណែទម្រង់ដើម្បីឲ្យតម្លៃហ្នឹងចុះ មិនឲ្យកើនទេ។ ពិនិត្យមើលទាំងផ្លូវការ ទាំងក្រៅផ្លូវការ កាត់បន្ថយតាមរយៈការរៀបចំនីតិវិធី កុំឲ្យស្មុគស្មាញ ធ្វើ digital ឲ្យបានច្រើន។ ក្រសួងពាណិជ្ជកម្មបានធ្វើច្រើនតាំងពីជំនាន់ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយមកឯកឧត្តម ប៉ាន សូរស័ក្តិ ជំទាវ ចម និម្មល។ កន្លែងខ្លះយើងដាក់(ពាក្យឱ្យ)បំ​ពេញអនឡាញ ហើយ submit តែម្តង។ ឥឡូវ យើងដាក់ CamDX។ អញ្ចឹង ឯកសារដាក់តែម្តង scan ចូលគឺក្រសួងស្ថាប័នទាំងអស់ចែកគ្នា ជាជាងគាត់រត់ទៅ ១០កន្លែង។ អញ្ចឹង ៣០០០ កន្លែងនេះ សង្ឃឹមថាក្រុមការងារដែលជជែករកវិធីកែសម្រួល កាត់នីតិវិធីស្មុគស្មាញចេញ កាត់ដំណាក់កាលហ្នឹងឱ្យច្រើន។ នៅវៀតណាម គេកាត់ស្រុកចោល។ យើងមិនបាច់ដល់ហ្នឹងទេ។ ស្ថាប័នមានតែកាត់នីតិវិធីមួយចំនួនចោល។ ក្នុងកងទ័ពយើងកាត់កងវរសេនាធំចោលមួយ។ យើងឲ្យកងវរសេនាតូច មួយកងពលតូច ពីមុនមាន ២ ឬ ៣ថ្នាក់។ ឥឡូវយើងកាត់ចោលមួយដើម្បីការបញ្ជាលឿន ស្រាល កាត់បន្ថយចំនួនក្បាលម៉ាស៊ីន។ អញ្ចឹងការថែទាំ ការពង្រឹង លំហូរការងារ និងប្រសិទ្ធភាពនេះជាផ្នែកសំខាន់នៃកំណែទម្រង់

ខាងក្រសួងដែនដី ឯកឧត្តម សាយ សំអាល់ បញ្ជូនមកខ្ញុំប្រចាំថ្ងៃ។ គាត់អាចដឹងមនុស្សមកសុំធ្វើ mortgage ធ្វើ hypothec អីភ្លាមៗ។ កាលមុន ត្រូវទៅសួរតាមស្ថាប័ន ព្រោះកន្លែងខ្លះ គេចុះពិនិត្យ។ ឥឡូវប្រើប្រព័ន្ធ verify.com របស់ ឯកឧត្តម ជា វណ្ណដេត អាចផ្ទៀងផ្ទាត់បញ្ជីដាក់ hypothec នៅធនាគារបានលឿន បញ្ជាក់ផ្ទៀងផ្ទាត់អី។ ក្រសួងអប់រំដូចគ្នា។ ត្រូវការបញ្ជាក់សញ្ញាបត្រអី គាត់ចូលទៅ verify.com ធ្វើបាន។ នេះហើយជាគោលការណ៍ក្នុងការពង្រឹងរដ្ឋបាល digital។ ការអនុវត្តជាជំហានៗកន្លងទៅ ខ្ញុំសូមអរគុណគ្រប់បណ្តាស្ថាប័នទាំងអស់ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរៀបចំ CamDX ស្ថាប័នដែលខិតខំធ្វើប្រព័ន្ធ digital ផ្ទាល់ខ្លួន។ ឯកឧត្តម ជា វណ្ណដេត ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលនាំមុខនៅក្នុងការធ្វើការងារនេះ។ សូមខិតខំធ្វើយ៉ាងណាឲ្យនីតិវិធី និងប្រព័ន្ធការងាររបស់យើងកាន់តែល្អប្រសើរ កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយតម្លៃទៅដល់ប្រជាពលរដ្ឋដែលប្រើប្រាស់។ សំខាន់បំផុតគឺធានាការគ្រប់គ្រងទិន្នន័យបាន។ អត់មានប្រព័ន្ធនេះហើយ យើងគ្រប់គ្រងអត់បានទេ។ គ្រាន់តែខ្ញុំសួររឿងនាំធ្យូងទៅក្រៅប៉ុន្មានក្រុមហ៊ុន? ខ្ញុំសួរក្រសួងពាណិជ្ជកម្មទិន្នន័យផ្សេង គយទិន្នន័យផ្សេង CDC ទិន្នន័យផ្សេង។ យើងអត់មានប្រព័ន្ធ។ ខ្ញុំសួរ CDC ថាតើដឹងវិនិយោគប៉ុន្មាននៅក្នុងស្រុក? គាត់ថាគាត់ក្តាប់បានតែប្រព័ន្ធទិន្នន័យនៅ CDC ទេ។ អនុគណៈកម្មការវិនិយោគថ្នាក់ខេត្តគាត់អត់ដឹងទេ។  អញ្ចឹងបង្រួមទិន្នន័យនេះជាមួយគ្នា ដើម្បីយើងដឹងស៊ីសង្វាក់។

(៣២) កំណែទម្រង់ចាប់ផ្តើមពីក្បាលម៉ាស៊ីនដឹកនាំយន្តការ

នេះហើយជាការខិតខំកំណែទម្រង់។ ត្រូវបន្តទៅទៀត។ ក្នុងន័យនេះ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ដែលជារដ្ឋមន្រ្តីតាមបណ្តាក្រសួងតាំងពីអាណត្តិមុនៗ ដែលខិតខំជំរុញការកែទម្រង់ជាជំហាន​ៗ ហើយក៏សូមសរសើរដល់ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ក្រសួងស្ថាប័ននៅក្នុងអាណត្តិនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំនៅក្នុងការពង្រឹងសេវាសាធារណៈ មិនត្រឹមតែកែសម្រួល process ទៅលើរចនាសម្ព័ន្ធតួនាទី ភារកិច្ច តែរបៀបរបប លំហូរការងារនេះគឺបានធ្វើ ហើយជាអាទិភាពដែលត្រូវបន្តធ្វើ … នេះជាការរៀបចំនៅក្នុងគណៈកម្មាធិការដើម្បីកែលម្អនូវ process កែទម្រង់នេះត្រូវការលឿន។ ដើម្បីកុំឲ្យឆ្លងកាត់នីតិវិធី ឆ្លងក្រសួងស្ថាប័នអីច្រើនថ្នាក់ នាយករដ្ឋមន្រ្តីដឹកនាំផ្ទាល់លើគណៈកម្មាធិការហ្នឹងតែម្តង។ ជជែកគ្នាហើយសួរបណ្តោយ កាត់តែម្តង។ ទីបំផុតខ្ញុំដឹកនាំប្រជុំផ្ទាល់ វះកាត់ច្រើនណាស់។ បើរវល់តែសួរចុះឡើង ពិបាក​។ ដោយហេតុនេះហើយ បានជាកំណែទម្រង់ចាប់ផ្តើមពីក្បាលម៉ាស៊ីនដឹកនាំ យន្តការដឹកនាំកំណែទម្រង់នេះតែម្តង​។ ត្រូវមានវិធីសាស្រ្តផ្លូវកាត់ ផ្តល់ទម្ងន់ និងឆ្លើយតបជាក់ស្តែងតែម្តង។ នេះក៏ជាមូលហេតុមូលដ្ឋានមួយ ដែលគណៈកម្មាធិការ នាយករដ្ឋមន្រ្តីដឹកនាំផ្ទាល់ទៅលើការងាររសើបនេះ ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាព។ អញ្ចឹងការកែសម្រួលនីតិវិធីនេះត្រូវបន្តធ្វើ។

(៣៣) “ពង្រឹងជាជាងពង្រីក” ពង្រាយមន្ដ្រីមានសមត្ថភាពតាមសំណូមពរភារកិច្ច តាមអភិក្រម 5R

ចំណុចទី៣ ធនធានមនុស្សជាចំណុចរសើបបំផុត។ កែសម្រួលរចនាសម្ព័ន្ធ កែសម្រួលលំហូរការងារ ជាកិច្ចការមួយ ជាអភិក្រមមួយដែលយើងធ្វើខុសពីប្រទេសផ្សេង ដែលបង្រួមដើម្បីពង្រឹង។ យើងប្រើវិធីសាស្រ្តពង្រឹងជាជាងពង្រីកដើម្បីបង្កើនប្រសិទ្ធភាពផ្ទៃក្នុងស្ថាប័ន រួមទាំងបង្កើនប្រសិទ្ធភាពនូវការប្រើប្រាស់មន្រ្តី ព្រោះមនុស្សជាកត្តាកំណត់នៃអ្វីៗទាំងអស់ ទាំងចំនួន ការពង្រាយនូវសមត្ថភាពមន្ដ្រី ត្រូវពិនិត្យពិចារណាឲ្យស្របតាមសំណូមពរភារកិច្ច ហើយបណ្តុះបណ្តាលគាត់ បំប៉នសមត្ថភាពឬមួយក៏ការកែសម្រួលផ្ទៃក្នុងស្ថាប័ន ឬកម្រិតណាទៅតាមដែលអាចធ្វើទៅបាន។ ការកែសម្រួលនេះគឺយកតាមអភិក្រម 5R។ 5R ជាភាសាអង់គ្លេស ទី១ Retain បានន័យថាថែរក្សា។ ទី២ Retrain បានន័យថាបណ្តុះបណ្តាលពង្រឹងសមត្ថភាព ហើយថែរក្សានូវការងារដែលមានស្រាប់។ ទី៣ Reassign បានន័យថាពង្រាយក្នុងក្រសួងស្ថាប័ន ឬមួយក៏មន្រ្តីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។ ទី៤ Retrench កាត់បន្ថយ អ្នកដែលអត់មកធ្វើការធ្វើអីហ្នឹង។ ហ្នឹងមិនមែននៅតែយើងទេ។ ថ្ងៃមុននៅអាមេរិក អ្នកបើកលុយ Social Security ខ្លះអា​យុ ៥០០ឆ្នាំ។ នៅលើក្រដាស និងនៅលើដីវាខុសគ្នា។ គាត់ថា មានមួយម៉ឺននាក់ដែលមានអាយុ ២០០ឆ្នាំ នៅបន្តបើក Social Security។ អញ្ចឹង សូម្បីតែប្រទេសមហាអំណាចដែលដើរបង្រៀនពីរឿងរដ្ឋបាលមានប្រសិទ្ធភាពហ្នឹងក៏មានបញ្ហាដែរ។ ទី៥ Recruit បានន័យថាជ្រើសរើសថ្មី។

ទី១ Retain ថែរក្សាមន្រ្តីដែលមានជំនាញត្រឹមត្រូវ មានសមត្ថភាព មានអតីតភាព មានឆន្ទៈ ចំជំនាញរក្សាគាត់ កុំឲ្យគាត់ចេញទៅណា លើកទឹកចិត្តគាត់ ផ្តល់ការងារឲ្យកាន់តែច្រើន ការទទួលខុសត្រូវឲ្យគាត់។ ជួនកាលគាត់មានគុណវុឌ្ឍិហើយ តែយើងប្រើចំគុណវុឌ្ឍិគាត់ ឲ្យឱកាសគាត់បានខំប្រឹង។

ទី២ Retrain បានន័យថាបណ្តុះបណ្តាលហើយរក្សា។ អ្នកធ្វើការនៅក្នុងហ្នឹងជួនកាលគាត់មាន ២០នាក់ តែធ្វើការបានតែ ៥នាក់ដោយសារ ១៥ទៀតមិនមែនថាគាត់លើសទេ តែគាត់អត់ទាន់មានគុណវុឌ្ឍិច្បាស់។ អញ្ចឹងហត់តែ ៥នាក់។ កន្លែងហ្នឹងអត់ទាន់លើសទេ។ ត្រូវបណ្តុះបណ្តាលអ្នក ១៥នាក់ឲ្យគាត់មានសមត្ថភាពជួយធ្វើការឲ្យបានច្រើន ជាជាងទៅសុំមន្រ្តីថ្មី។

ទី៣ Reassign។ បើសិនជាបណ្តុះបណ្តាលហើយថែរក្សាហើយ មានមន្រ្តីមួយចំនួនដែលអត់ចំជំនាញ ឬមួយក៏លើស កុំសុំមន្រ្តីថ្មី។ ពិនិត្យលទ្ធភាពឲ្យពង្រាយតាមស្ថាប័នអង្គភាពណា ចំណុះដែលកំពុងតែខ្វះ ហើយឲ្យឱកាសគាត់ធ្វើការ ព្រោះអ្នកខ្លះលើស អត់មានសមត្ថភាព។ មិនមែនគាត់មិនចង់ធ្វើការទេ តែដោយសារអត់កន្លែងអង្គុយ ឬមួយក៏អត់មានការងារ។ គាត់អត់បានបញ្ចេញសមត្ថភាព … កន្លែងខ្លះគាត់អត់សូវធ្វើការ។ អ្នកខ្លះសុំទៅថ្នាក់ក្រោមជាតិ ឲ្យទៅក្រោមជាតិទៅកន្លែងដែលក្រោមជាតិខ្វះ។

ទី៤ Retrench។ ក្រោយពីយើងធ្វើ៣ ផ្តល់ឱកាសហើយ គាត់នៅតែមិនមកធ្វើការ បាត់មុខរយៈពេលយូរ ហ្នឹងគួរតែកាត់ទៅ។  យើងមិនមែនប៉ះដៃកាត់ដៃទេ ដើម្បីសន្សំអ្វីដែលមានយកមកជួយអ្នកដែលមានមុខ។ ថ្ងៃមុនលោកគ្រូម្នាក់សុំ ថ្នាក់ក្រោមជាតិសុំមន្រ្តីច្រើន គ្រូច្រើន។ ខ្ញុំថារឿងបរិមាណមិនប្រាកដថាចំណេញទាំងអស់ទេ។ បរិមាណច្រើន ពាក្យខ្មែរថា មនុស្សកាន់តែច្រើន បានផលតិចៗ ដូចគ្នា។ យើងឲ្យមនុស្សដែលមានស្រាប់ពង្រឹងសក្តានុពលធ្វើឲ្យច្រើន យកច្រើននេះទៅចែកអ្នកចំនួនតិច ឲ្យបានច្រើនម្នាក់ៗ ល្អជាង។ បើសិនជាល្បឿននៃការពង្រីកមន្រ្តី ស្មើនឹងល្បឿនឬមួយក៏លឿនជាងល្បឿនកញ្ចប់ថវិកាក្រសួង បានន័យថាបន្ទុកបុគ្គលិកនៅតែច្រើន ការលើកទឹកចិត្តមន្រ្តីធ្វើការនៅតែតិច ព្រោះយើងត្រូវពុះចែកគ្នា។ អញ្ចឹងហើយបានជាយើងត្រូវធ្វើម៉េច៣ ខាងលើនេះ ប្រើប្រាស់ធនធានស្រាប់ដែលមានប្រសិទ្ធភាព ថវិកាដែលទម្លាក់ទៅហ្នឹង ប្រើប្រាស់នៅក្នុងការលើកទឹកចិត្តមន្រ្តីដែលមានមុខបច្ចុប្បន្នឲ្យចំគោលដៅ ឲ្យកាន់តែច្រើនជាជាងរកអ្នកថ្មីមកចែកគ្នា ដែលនាំឱ្យបាត់​ទាំងប្រសិទ្ធភាពទាំងឱកាសអ្នកកំពុងធ្វើការ ហើយផលដែលបានចែកគ្នាកាន់តែតូចទៅៗ។

ទី៥ Recruit គឺរើសថ្មី។ ក្រោយពីវិភាគការងារ ត្រូវតែមានហេតុផលឲ្យបានច្បាស់ រើសឲ្យចំជំនាញ។ បើមិនចំជំនាញត្រូវតែមានវគ្គបណ្តុះបណ្តាលឲ្យចំជំនាញឲ្យគាត់ដើម្បីចូល។ ដូចគ្រូបង្រៀនអញ្ចឹង ជួនកាលយើងរើសមន្រ្តីជំនាញមួយចំនួន រដ្ឋបាលអត់មានអី។ ជំនាញខ្លះទូទៅងាយស្រួលទេ។ ប៉ុន្តែកន្លែងខ្លះបច្ចេកទេសច្បាស់​លាស់ ដូចជាស្ថិតិត្រូវការជំនាញស្ថិតិ ត្រូវធ្វើការងារស្ថិតិ។ នៅក្នុងស្ថាប័នស្ថិតិ មានរដ្ឋបាល មានហិរញ្ញវត្ថុ អាហ្នឹងជំនាញរបស់គេមួយទៀត។ វិស្វកម្ម កុំយកអ្នករៀនពេទ្យទៅធ្វើវិស្វករ។ ត្រូវការអង្គភាពកសាងស្ពានថ្នល់ស្រាប់​តែយកអ្នក management ទៅគ្រោះថ្នាក់ ព្រោះជំនាញនេះត្រូវការបណ្តុះបណ្តាលរយៈពេលវែង អត់មានរៀនតាម YouTube ឬ បំប៉ន ៦ខែទេ។ តែបើអង្គភាពវិស្វកម្មនេះមានអ្នកការងាររដ្ឋបាល អូខេ! យកចុះ តែកុំឲ្យគាត់ទៅកាន់គម្រោង ឬមួយក៏ធ្វើការងារវិស្វកម្ម។ នេះគឺការ recruit ការរើសថ្មី។

(៣៤) អភិក្រម 5R ផ្តល់លទ្ធភាព និងយុត្តិធម៌ដល់មន្ត្រីមានអតីត​ភាពការងារ ឆន្ទៈ តែមិនទាន់មានឱកាស

អញ្ចឹងអភិក្រម ៥នេះ ខ្ញុំហៅថា 5R ក្រុមការងារបានយកទៅធ្វើហើយ។ ថ្ងៃមុនខ្ញុំឲ្យ៤ ខ្ញុំអត់ថែមរឿង recruit ព្រោះខ្ញុំមិនទាន់ប្រាប់រឿង។ កុំទាន់និយាយរឿងរើសថ្មី និយាយរឿងមានស្រាប់។ ប្រើឲ្យអស់សមត្ថភាពសិន យើងផ្តល់ឱកាស។ ការវះកាត់ជាដំណាក់កាលចុងក្រោយ។ ក្រោយពីយើងផ្តល់លទ្ធភាព ៣ខាងលើ បើមិនអញ្ចឹង​ទេ យើងមិនអាចដោះស្រាយបញ្ហាដែលជាបន្ទុកជាតិរបស់យើងនោះទេ។ ខ្ញុំសូមឲ្យមានការយោគយល់ បើមានការប៉ះពាល់ ហើយសុំឲ្យមានការចូលរួម បើសិនជាយើងមិនធ្វើទេ បើនិយាយពីចង់ អ្នកណាក៏ចង់ដែរ។ អ្នកណាអ្នកធ្វើៗ យ៉ាងម៉េច។ ខ្ញុំអាចសួរទៅ ១០០នាក់ មានគំនិតទាំង១០០ ប៉ុន្តែសួរថា ហ៊ានធ្វើអត់? នេះជាចំណុចគន្លឹះ។ ចង់ធ្វើអ្វី ធ្វើបាន អ្នកណាក៏មានគំនិតដែរ ធ្វើយ៉ាងម៉េច? អ្នកណាក៏មានគំនិតដែរ ប៉ុន្តែហ៊ានធ្វើអត់? តែយើងមិនមែនដំឡូងមូល។ យើងមិនមែនងើបពីដេកមកពាក់កណ្តាលប្រាប់ទៅឲ្យឈប់។ យើងគិតគូរគ្រប់ជ្រុងជ្រោយ ផ្អែក​ទៅលើស្ថានភាពជាក់ស្តែង។ យើងផ្តល់លទ្ធភាពយុត្តិធម៌ទៅមន្ត្រីដែលបានកំពុងបំពេញភារកិច្ច និងមានអតីត​ភាពការងារ មានឆន្ទៈ តែកន្លងទៅប្រហែលជាអត់ទាន់មានឱកាស ព្រោះនៅគរគ្នា ឬអត់កន្លែងការងារ ឬអី យើងឲ្យឱកាសនេះដើម្បីធ្វើ ផ្តល់ឱកាសដើម្បីស្ថាប័នមួយៗ មានលទ្ធភាពប្រើប្រាស់មន្ត្រីរបស់ខ្លួនអស់។

(៣៤) ជៀសវាង កន្លែងចន្លោះមិនមានអ្នកធ្វើ កន្លែងដែលធ្វើគឺជាន់គ្នា  

ខ្ញុំសូមឲ្យមន្ត្រីទាំងអស់យោគយល់ និងចូលរួម។ បើមិនចឹងទេ យើងមិនអាចទៅរួចទេ ។ បើរៀបផ្ទះខ្លួនឯងមិនស្អាត មិនមានរបៀបរៀបរយផង កុំទៅនិយាយរឿងបម្រើសេវាជូនប្រជាពលរដ្ឋ។ នៅក្នុងរដ្ឋាភិបាលដូចគ្នា សូម្បី​កិច្ចការងារខ្លះ បន្តិចទៀតខ្ញុំត្រូវហៅរដ្ឋមន្ត្រីពីរក្រសួងមកអង្គុយជជែកគ្នា ដើម្បីអារកាត់ឲ្យច្បាស់។ ការងារណាឲ្យទៅអ្នកណា? ព្រោះសម្របសម្រួលថ្នាក់ក្រសួង ផ្ទៃក្នុងក្រសួង ហ្នឹងក្រុមការងារអាចធ្វើហើយ ប៉ុន្តែដល់ថ្នាក់រដ្ឋមន្ត្រីហើយ ទាល់តែនាយករដ្ឋមន្ត្រីហៅមកវះកាត់។ បើមិនចឹងទេ គឺកន្លែងដែលចន្លោះអត់មានអ្នកណាធ្វើ កន្លែងដែលធ្វើគឺជាន់គ្នា។ យើងនៅតែមានបញ្ហារហូត។ បើសិនជាកាត់ ប្រាកដជាប្រគល់ឲ្យមួយហើយ។ អ្នកមួយទៀតដែលធ្លាប់តែធ្វើ ត្រូវតែខាតបន្តិចហើយ។

ថ្ងៃមុន ខ្ញុំកែសម្រួលរឿងគ្រប់គ្រងស្ថានីយបញ្ចូលអគ្គិសនីឡាន EV មិនទាន់ច្បាស់គ្នា រវាងក្រសួងសាធារណការ ដែលមាននាយកដ្ឋានទទួលរៀបចំហេដ្ឋារចនាសម្ព័ន្ធហ្នឹង ជាមួយខាងរ៉ែ និងថាមពល ដែលគ្រប់គ្រងតម្លៃអគ្គិសនី​។ អញ្ចឹងគ្រាន់តែស្ថានីយបញ្ចូលថាមពលមួយហ្នឹង ត្រូវឆ្លងក្រសួង ២។ ការ៉ាសសាំង គ្រប់គ្រងដោយក្រសួងរ៉ែ និងថាមពល ដល់ស្ថានីយ(បញ្ចូលឋាមពលអគ្គិសនី)នេះ ក្រសួងសាធារណការ។ អញ្ចឹង មិនដឹងធ្វើការសហការ​គ្នាយ៉ាងម៉េច។ យកល្អ កែសម្រួលតែមួយ។ ត្រូវគិតថា ការបញ្ចូលអគ្គិសនីនេះ វាមិនខុសពីប្រេងសាំងបញ្ចូលទៅឡានដែរ។ អញ្ចឹង យើងឲ្យទៅក្រសួងរ៉ែ និងថាមពល គ្រប់គ្រងទៅ ទាំងស្តង់ដាអីហ្នឹង ព្រោះកុំឲ្យមានបញ្ហា ក្រែងលោពាក់ព័ន្ធសុវត្ថិភាពឆេះមួយការ៉ាស់ហ្នឹង។

សុខចិត្តឲ្យក្រសួងសាធារណការ ទទួលគ្រប់គ្រងបច្ចេកទេសរថយន្ត EV មិន EV ឲ្យតែពាក់ព័ន្ធរឿងបច្ចេកទេសរថយន្ត ត្រូវតែសាធារណការទាំងអស់។ យើងចែកគ្នាឲ្យដាច់អញ្ចឹង ប៉ះនាយកដ្ឋានមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគាត់ធ្លាប់ធ្វើការនេះ។ តែបើយើងមិនវះ យើងនឹងជាចំណាប់ខ្មាំងនៃបញ្ហានេះរហូត។ ហេតុនេះខ្ញុំសូមឲ្យមានការចូលរួម ហើយសូមឲ្យមានការយោគយល់ វះកាត់ ដាក់ថ្នាំល្វីងរយៈពេលខ្លី តែយើងមិនកាត់ដៃទេ យើងវះដើម្បីព្យាបាល។ ត្រូវចូលរួមដើម្បីយើង(ធានាប្រសិទ្ធភាព)រយៈពេលវែង។ យើងបានដើរទាំងអស់គ្នា។ នេះគឺជាការអភិក្រមនៅក្នុងការរៀបចំពង្រឹងធនធានមនុស្ស។

(៣៥) ធ្វើជំរឿនមន្ត្រី រៀបចំប្រព័ន្ធឌីជីថល និងធ្វើ E-ID

ខ្ញុំសូមឲ្យពង្រឹងការជំរឿនមន្ត្រីឲ្យបានច្បាស់លាស់។ យើងធ្វើដូច ១០ឆ្នាំមុន ឬមួយឆ្នាំ២០១០។ ខ្ញុំមិនចាំ។ តែយើងអត់បានជំរឿនមន្ត្រីម្តងទៀតទេ។ ឥឡូវ ពេលខ្លះមនុស្សនៅក្នុងបញ្ជីនៅក្រសួងនេះនៅស្ថាប័ននេះ តែធ្វើការជាក់ស្តែងនៅឯនោះ។ សូមឲ្យធ្វើជំរឿនមន្ត្រី ហើយរៀបចំប្រព័ន្ធឌីជីថលឲ្យច្បាស់។ ឥឡូវយើងមានលំៗ បានន័យថា ដល់ខែទម្លាក់(លុយទៅ) ATM ប៉ុន្តែយើងអត់ដឹងថាអ្នកណានៅឯណាទេ។ បើយើងអត់ដឹងថានៅណា ការផ្ទេរមន្ត្រី ក៏យើងគ្រប់គ្រងអត់បាន។ ហេតុនេះហើយ ទើបបានជាយើងមាន “កន្លែងដែលលើសនិងកន្លែងដែលខ្វះ” ហើយចង់ដឹងកន្លែងលើសកន្លែងខ្វះម្តងៗ ត្រូវតែចុះទៅធ្វើម្តងទៅ។ មួយឆ្នាំក្រោយចង់ដឹងដល់ណា ចុះម្តងទៀតទៅ។ ដូចនេះ ចាំបាច់ត្រូវធ្វើជំរឿន។ ជាជំហានបន្ទាប់ មិនទាន់ឥឡូវទេ។ យើងធ្វើកែសម្រួលអញ្ចឹង ប៉ុន្តែសូមឲ្យក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រៀមលក្ខណៈធ្វើផ្ទៃក្នុងខ្លួនឯងឲ្យហើយទៅ។

យើងធ្លាប់ធ្វើជំរឿនប្រជាពលរដ្ឋ … ត្រូវមើលការគ្រប់គ្រងនេះ។ បើសិនយើងមិនអាចគ្រប់គ្រងទិន្នន័យបានទេ យើងមិនអាចធ្វើអ្វីបានទាំងអស់។ លំៗទាំងអស់។ ហ្នឹងដូចកងទ័ពច្បាស់ហើយលើបញ្ជី ១ម៉ឺននាក់ ឬ ១ពាន់នាក់ ឬ ៥០០នាក់ ស្រាប់តែដល់ពេលប្រយុទ្ធ ដាក់បទបញ្ជាទៅ កសាងផែនការពីលើមកបានតែ ៥០នាក់។ បញ្ហា។ ក្រ​សួង-ស្ថាប័នដូចគ្នា។ ឈានបន្តិចម្តងៗ ក្នុងការគ្រប់គ្រង។ បន្តិចទៀត ចៅហ្វាយខេត្តក៏ត្រូវដឹងថាក្នុងខេត្តរបស់ខ្លួន មានមន្ត្រីប៉ុន្មានពាន់នាក់ នៅឯណាខ្លះ ផ្ទេរទៅណា។

បន្តិចទៀត យើងធ្វើវិមជ្ឈការសិទ្ធិមួយចំនួនទៅឲ្យស្រុក។ ចៅហ្វាយខេត្តត្រូវដឹងថា គាត់ផ្ទេរមន្រ្តីចំណុះរបស់គាត់ទៅណាខ្លះ។ ត្រូវមានទិន្នន័យ។ កុំឲ្យនាយករដ្ឋមន្ត្រីសួរខេត្ត ឬមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសួរ ស្រាប់តែអត់ដឹង។ ស្រុកគាត់ផ្ទេរបាត់។ សាលានេះមានគ្រូប៉ុន្មាន មណ្ឌលសុខភាពនេះមានគ្រូប៉ុន្មាន ទាញបញ្ជីមក មន្ទីរឲ្យមកមានប៉ុណ្ណេះ ដល់ចុះទៅមើលអត់ដឹងថាស្រុកបានផ្ទេរ ២ឆ្នាំហើយ។ អត់បានធ្វើរាយការណ៍មក។ មានតែករណីហ្នឹង? យើងធ្វើជំរឿនហ្នឹង។

ថ្ងៃក្រោយភ្ជាប់ជាមួយផែនការ រាល់ការផ្ទេរមន្ត្រីត្រូវប្រើប្រព័ន្ធ E-ID ដែលមន្ត្រីមួយៗ ប្រជាជនយើងម្នាក់ៗ មាន ID ហ្នឹង ដូចប្រទេសគេ។ គាត់ទៅដល់ណា security ហ្នឹងដឹងទាំងអស់។ ហ្នឹងគឺជាការគ្រប់គ្រងរដ្ឋបាល។ ពេលណាធ្វើបាន? វាអាស្រ័យទៅលើលទ្ធភាព និងកិច្ចការ ប៉ុន្តែអ្វីដែលសំខាន់គឺការសម្រេចចិត្តជាចក្ខុវិស័យ និងទិសដៅនយោ​បាយទៅហើយ។ អត់ដើរថយក្រោយទេ។ អញ្ចឹង ដើម្បីឈានទៅដល់ការធ្វើ ID ការធ្វើអីបាន ពេលនេះត្រូវរៀប​ចំការគ្រប់គ្រងទិន្នន័យឲ្យបាន។ ក្នុងនោះ ការគ្រប់គ្រងមន្ត្រី គឺផ្អែកទៅលើការរៀបចំប្រព័ន្ធ និងការធ្វើជំរឿន

(៣៦) បង្កើនប្រសិទ្ធភាពពង្រាយមន្ត្រី ឱ្យមានឱកាសប្រើប្រាស់ជំនាញជួយប្រទេសជាតិ

ទី២ បង្កើនប្រសិទ្ធភាពក្នុងការពង្រាយមន្ត្រី ដែលមានស្រាប់ ដែលសូមឲ្យប្រើឲ្យអស់លទ្ធភាព។ មន្ត្រីមានកាលវិភាគមុខងារ ដែលយើងដឹងហើយថា មានប៉ុន្មានពិតប្រាកដ ហើយនៅកន្លែងណាខ្លះ ដើម្បីក្រសួងមួយៗ អាចធ្វើការវិភាគ គិតគូរបាន ពង្រាយឲ្យត្រូវ ជាជាងស្នើសុំ តែស្នើសុំមក គឺថវិកាជាតិត្រូវបន្ថែមមនុស្សហើយ។ អញ្ចឹងបន្ទុកបុគ្គលិកយើងអត់ថយទេ។ ដំឡើងឲ្យក្រសួងប៉ុន្មានឆ្នាំ គឺដំឡើងចាយលើមន្ត្រីដែលថ្មីហ្នឹងហើយ។ នៅពេលដែលមន្ត្រីចាស់មិនទាន់អស់លទ្ធភាព។ តែបើយើងមិនបង្កើន ចំនួនមន្ត្រីមាន ៦០នាក់ ថវិកាប៉ោងលើកក្រោយអាចបង្កើននិងលើកទឹកចិត្តក៏ ៦០នាក់ ហើយថវិកាអាចយកទៅ operation យកទៅធ្វើកិច្ចការផ្សេងៗបានច្រើន ជាជាងបន្ទុក។

ពិនិត្យមើលការពង្រាយមន្ត្រី។ សំខាន់បំផុត ផ្តល់ឱកាសឲ្យមន្ត្រីដែលមានឈ្មោះ មានជំនាញ ចង់ធ្វើការ តែឥឡូវអត់ទាន់មានលទ្ធភាព ដោយសារកន្លែងខ្លះមនុស្សច្រើនហើយ ទៅជួយការងារនៅកន្លែងណាទៀត។ យើងរៀប​ចំប្រព័ន្ធលើកទឹកចិត្តកន្លែងណា។ គេថា មន្ត្រីប្រមូលផ្តុំគ្នាតែកន្លែងមានទឹកហូប កន្លែងមានគម្រោង កន្លែងអត់គម្រោងអត់ទេ។ មិនមែនទាំងអស់គ្នាទេ ហើយក៏អាស្រ័យលើយើងចៅក្រសួងជាអ្នកកំណត់។ ប្រព័ន្ធលើកទឹកចិត្ត យើងត្រូវជួយ។ ហ្នឹងហើយដែលខ្ញុំថា ការលើកទឹកចិត្តថ្ងៃក្រោយគឺផ្តោតទៅលើជំនាញសំខាន់ៗ ដូចជាក្របខ័ណ្ឌគោលនយោបាយអី។ មន្ត្រីដែលទទួលការតាក់តែងក្របខ័ណ្ឌគោលនយោបាយអត់សូវមានគម្រោង សរសេរតែគោលនយោបាយឲ្យគេទេ។ អញ្ចឹងការលើកទឹកចិត្តអីគឺតម្រង់ទិសទៅតែឯណោះ។ គាត់អត់មានលទ្ធភាពចុះទៅកាន់គម្រោង ធ្វើគម្រោងអីទេ។ អត់មានបេសកកម្មទេ។ គាត់អង្គុយសរសេរ។ តែខួរក្បាលគាត់សំខាន់​។

អញ្ចឹងការសម្រួចការឧបត្ថម្ភទៅដល់មុខងារដែលសំខាន់ក្នុងស្ថាប័ននីមួយៗ គឺត្រូវគិតគូររឿងហ្នឹង។ ខ្ញុំបានឲ្យគោលការណ៍ហើយ ដូចអត់ទាន់បានគិតគូររឿងហ្នឹង។ យើងអាចសាកល្បងជាវិស័យតែម្តង អប់រំ សុខាភិបាល។ តែក្នុងក្រសួងមួយៗ ដោយសារចៅក្រសួងខ្លះមានថវិការបស់ខ្លួនសម្រាប់ការលើកទឹកចិត្តហើយ។ គ្រប់ក្រសួងសុទ្ធតែមាន គ្រាន់តែតិចឬច្រើន ក្រសួងខ្លះមានចំណូលបន្ថែម។ ក្រសួងខ្លះអត់មានទេ ដូចកិច្ចការនារីអី មានតែប្រាក់អីតិចតួចទេ តែក្រសួងខ្លះគាត់មានសេវាកម្ម ប្រាក់អប្បហារមួយចំនួន គឺយកចិត្តទុកដាក់នៅក្នុងការលើកទឹកចិត្ត ហើយក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏គិតគូរដូចគ្នា។ ការពង្រាយបែបនេះគឺយើងធ្វើ។ បើយើងមិនជំរុញបែបនេះទេ យើងលំបាកហើយ។ តែជំរុញប៉ះអារម្មណ៍ហើយដំបូង នៅពេលដែលស៊ាំទៅគឺស្រួលហើយ។ គាត់ធ្លាប់ធ្វើការនៅនេះ មួយអាទិត្យមកបង្ហាញមុខប៉ុន្មានដង ព្រោះអត់សូវមានការងារ។ ដល់ទៅនោះ មួយអាទិត្យត្រូវបង្កើន ៥ថ្ងៃអីចឹង គាត់ប្រហែលជារអ៊ូហើយ។

ប៉ុន្តែ មើលជុំវិញ ការចូលរួមរបស់គាត់ក្នុងការជួយជាតិតាមជំនាញរបស់គាត់បានកើនច្រើន ក្រសួងស្ថាប័នកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសូមអរគុណក្រសួងស្ថាប័នជាច្រើន ដែលបានខិតខំក្នុងមួយឆ្នាំនេះ រៀបចំយន្តការមួយចំនួនពង្រឹងក្នុងការគ្រប់​គ្រងមន្ត្រី។ មិនស្រួលទេ ប៉ុន្តែជាការងារដែលយើងត្រូវធ្វើទាំងអស់គ្នា។ គេលើកយោបល់ឲ្យកាត់ឲ្យអី។ យើងមិនយករូបមន្តបង្រួមអីទេ ប៉ុន្តែអ្វីដែលមានស្រាប់ត្រូវធ្វើវិធានការពង្រឹងការប្រើប្រាស់ និងការគ្រប់គ្រងឲ្យកាន់​តែមានប្រសិទ្ធភាព និងផ្តល់ឱកាសឲ្យស្ថាប័នកាន់តែមានប្រសិទ្ធភាព ឲ្យមន្ត្រីកាន់តែមានឱកាសជួយដល់ការប្រើប្រាស់ជំនាញរបស់គាត់ជួយដល់ប្រទេសជាតិ តាមក្រសួង ស្ថាប័ន នេះយើងត្រូវធ្វើ

(៣៧) របៀបធ្វើការរបស់រដ្ឋាភិបាល គឺដើម្បីផលប្រយោជន៍ជាតិ យុត្តិធម៌សម្រាប់មន្ត្រី យុត្តិធម៌ដើម្បីស្ថាប័ន និងយុត្តិធម៌ដើម្បីប្រទេសជាតិ

ខ្ញុំពន្យល់ហើយពីចក្ខុវិស័យ ហើយមូលហេតុអ្វីបានជាយើងធ្វើរបៀបនេះ? អ្នកខ្លះអាចស្តាប់ហើយ ចេញមករិះគន់ មិនស្រួលវាយប្រហារ ថារដ្ឋាភិបាលគ្មានភាពក្លាហានដូចប្រទេសគេ។ ហេតុអ្វីរដ្ឋាភិបាលមិនធ្វើផាំងៗដូចគេ ស្រួល នៅជជែកចរចាពិគ្រោះយោបល់ម្ល៉េះ។ ប្រាកដគេនឹងវាយប្រហារ គេវាយប្រហារតែរហូតហ្នឹង។ យើងត្រូវថែរក្សាអភិក្រម ពង្រឹងជាជាងពង្រីក។ ប៉ុន្តែ ភាពបត់បែននៃការអនុវត្ត តាមរយៈការធ្វើកំណែទម្រង់ប៉ុន្មានចំ​ណុចនេះ ត្រូវតែធ្វើ។ ចាំមើលៗថា ម៉េចមិនដូចអ្នកនេះមិនដូចអ្នកនោះ។ រឿងគេផ្សេង។ រឿងកម្ពុជា យើងមានរបៀបរបបធ្វើការរបស់យើង។ យើងយល់ពីស្ថានភាពរបស់យើង។ យើងធ្វើដើម្បីផលប្រយោជន៍ជាតិយើង យុត្តិធម៌សម្រាប់មន្ត្រី និងយុត្តិធម៌ដើម្បីស្ថាប័ន និងយុត្តិធម៌ដើម្បីប្រទេសជាតិ។ តុល្យភាពធ្វើវិធីសាស្រ្តខ្មែរដើម្បីប្រសិទ្ធភាពខ្មែរ អត់មានទៅកូពីពីណាមកទេ។ អ្នកឯងរិះគន់អីរិះទៅ … ខ្ញុំសូមឲ្យមន្ត្រីរបស់យើងយោគយល់ ព្រោះអាចមានការយល់ច្រឡំ រំជើបរំជួល ថាពីមុនស្រួលណាស់ ឥឡូវមករញ៉ីរញ៉ៃ …។

(៣៨) វះកាត់ តម្រឹម កែសម្រួល ឲ្យមានប្រសិទ្ធភាព ដើម្បីជួយវិស័យឯកជន ការវិនិយោគស្រុកឲ្យលឿន

កំណែទម្រង់មានជាប់រហូតមក មិនមែនឈប់ទេ។ មើលពីប៉ុន្មានអាណត្តិមុន យើងកែទម្រង់វិមជ្ឈការ វិសហមជ្ឈ​ការ ផ្ទេរសិទ្ធិទៅ(ថ្នាក់ក្រោមជាតិ)គឺការកែទម្រង់រហូត។ យើងត្រូវតែកែបន្តទៀត។ សួរថាកែចប់ត្រឹមនេះទេ ឬ? អត់ទេ ប្រទេសប៉ុន្មានដែលខ្ញុំលើក សុទ្ធតែប្រទេសមហាអំណាច ដូចចក្រភពអង់គ្លេស ដូចអាមេរិក អាហ្សង់ទីន អីកែរហូត។ គ្រប់ប្រទេសទាំងអស់ គេកែដូចគ្នា។ យើងអត់មាននៅនឹងថ្កល់ទេ។ ស្ថានភាពពិភពលោកប្រែប្រួល ស្ថានភាពតម្រូវការប្រជាជនប្រែប្រួល ស្ថានភាពបច្ចេកវិទ្យាប្រែប្រួល ស្ថានភាពរបៀបរបបនៃការប្រកួតប្រជែងក៏ប្រែប្រួល ទាមទារឲ្យយើងប្រែប្រួលជាប្រចាំ ដើម្បីស្របនិងដើរទាន់គេ។ យើងទៅនិយាយពីប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងម៉េច? បើវិស័យឯកជនយើងត្រូវការរដ្ឋគាំទ្រ ហើយបើរដ្ឋយើងអត់ប្រសិទ្ធភាព គ្រាន់តែប្រសិទ្ធភាពការងារវាថ្លៃខ្ពស់ជាងគេ វាស្មុគស្មាញជាងគេ។ ទាល់តែយើងហ៊ានវះកាត់ខ្លះ តម្រឹមខ្លះ កែសម្រួលខ្លះ ឲ្យយើងប្រសិទ្ធភាពខ្ពស់ ដើម្បីជួយវិស័យឯកជនយើង ការវិនិយោគស្រុកយើង ឲ្យលឿន ឲ្យអស់ថោក ឲ្យប្រ​សិទ្ធភាព ទើបយើងហៅគេ ទាក់ទាញគេមកបានច្រើន ប្រកួតប្រជែងដែរ។ អញ្ចឹងគឺទាមទារឲ្យរដ្ឋាភិបាលរបស់យើងត្រូវកែទម្រង់ជាប់ជាប្រចាំ ឲ្យប្រសិទ្ធភាពកាន់តែល្អ មានគណនេយ្យភាព និងការទទួលខុសត្រូវ ….។

ខ្ញុំសូមឲ្យមើល ជាពិសេសរឿងសេវា។ តាមក្រសួងស្ថាប័នមួយៗ សូមធ្វើម៉េចរកវិធីកាត់បន្ថយទៅ។ ជាពិសេសតម្លៃប្រៀបធៀបពីមុន។ បើមិនល្អជាងមុន កុំឲ្យអាក្រក់ជាងមុន។ ហ្នឹងគោលការណ៍អភិក្រម បើមិនល្អជាងមុន កុំឲ្យអាក្រក់ជាងមុន។ បើពីមុនអស់១០០ ចំណាយតែ ៥ថ្ងៃ ឥឡូវគួរតែអស់ ១០០ ចុះមកនៅ ៣ថ្ងៃទៅ ឬមួយរក្សាដដែល ឬមួយអស់ត្រឹម៨០ ហើយចុះមកនៅ ៣ថ្ងៃ។ ហ្នឹងកាន់តែប្រសើរទៀត។ សូមធ្វើកិច្ចការនេះ។ សេវាជាង ៣ពាន់នេះ ត្រូវកែសម្រួលហើយ។ កន្លែងខ្លះដូច ខ្ញុំនិយាយអញ្ចឹង តម្រូវការឯកសារគឺស្មុគស្មាញ។

ថ្ងៃមុនខ្ញុំឲ្យកែហើយរដ្ឋបាលថ្នាក់ក្រោមជាតិ រឿងវិស័យភាពយន្ដ។ ពេលដែលគេសុំថត(រឿង) គេសុំទៅក្រសួងវប្បធម៌។ ក្រសួងវប្បធម៌មើល Script មើលអីអស់ហើយ ថាអត់ប៉ះពាល់។ គេចេញ license ឲ្យថត។ អញ្ចឹងពេលទៅសុំទីតាំង កាលពីមុនរដ្ឋបាលរាជធានី ក្រុង ខេត្ត ស្រុក របស់យើងសុំ Script ហ្នឹងម្ដងទៀតទៅមើល។ (វា)អត់ចំាបាច់។ អ្នកមើលអត់ជំនាញផង។ វាយូរ។ Script កុនខ្លះ(វាក្រាស់ទៅទៀត)។ អញ្ចឹង យើងកុំទាមទារ។ ឥឡូវដូចបានធូរហើយ។ មានខេត្តណានៅទាមទារ?

បន់ឲ្យតែគេទៅថតនៅខេត្ត/ស្រុកយើងទៅ គេបានអាជ្ញាបណ្ណពីលើមកហើយ។ សាច់រឿងក្រសួងមើលហើយ វាអត់ប៉ះពាល់អីទេ។ យើងមិនបាច់មើលទេ។ យើងមើលតែលក្ខខណ្ឌយើងសុំទីតាំងកន្លែងណា? ម៉ោងប៉ុន្មាន? ដើម្បីយើងធ្វើចរាចរណ៍សម្រួលអីឲ្យទៅ ឲ្យតែគេទៅថតទៅកុំស្មុគស្មាញពេក។ ដល់(ពិបាកពេក) អញ្ចឹងគេថាទៅថតកុនខេត្តនេះ កុំទៅខេត្តនេះពិបាកណាស់។ ទីតាំងល្អ ប៉ុន្ដែទៅថតយ៉ាប់ណាស់ ព្រោះទៅសុំ ៥ថ្ងៃ អ្នកថតកុនមួយថ្ងៃៗ គាត់ចំណាយទៅលើ crew ច្រើនណាស់។ ជួលឧបករណ៍ជួលអីគេ។ អញ្ចឹងបើឲ្យមួយថ្ងៃគាត់ចាយតិច អញ្ចឹងការគិតគូរបែបនេះត្រូវធ្វើឲ្យច្រើន។

(៣៩) រករូបមន្ដឈ្នះឈ្នះ បើកច្រកកម្រិតណាមួយ ដើម្បីផ្ទេរផ្ទូរគ្នា

កិច្ចការមួយទៀត គឺការផ្ទេរមន្ដ្រី។ ក្នុង ២ឆ្នាំនេះ យើងផ្អាកបន្ដិច ដោយសារយើងកំពុងធ្វើកិច្ចការនេះ។ ឥឡូវក្រ​សួងមុខងារសាធារណៈត្រូវជជែកជាមួយ(ក្រសួងនានា/អប់រំ) សាកមុនគេរឿងគ្រូបង្រៀន រកវិធីដោះស្រាយ ដើម្បីយើងធានាការបើកច្រកក្នុងការផ្ទេរមួយចំនួន ប៉ុន្ដែរក្សានូវបរិមាណដើម្បីតុល្យភាព។ យើងរករូបមន្ដណាមួយឈ្នះឈ្នះមើល។ ប្រសិនបើយើងបើកទាំងមូលគឺយើងគ្រប់គ្រងអត់បាន ខាតសិស្សនៅមូលដ្ឋាន។ សាលាធំផ្សេងបើកថា្នក់មិនកើតដោយសារអត់គ្រូ គ្រូផ្ទេរចេញអស់។ ប៉ុន្ដែគ្រូដែល(បង្រៀន) រយៈពេលយូរ កម្រិតណាមួយដែលខ្វះ យើងបើកច្រកកម្រិតណា ជាពិសេសការផ្ទេរដោះដូរគ្នាមួយចំនួនមួយទល់មួយ ឬមួយយ៉ាងណា ឧទាហរណ៍។ បើកច្រកបែបនេះ កន្លែងខ្លះយើងគិតគូរមើលទៅ។ លក្ខខណ្ឌណាខ្លះ។ លោកគ្រូអ្នកគ្រូដាក់សារមកសុំ។ ខ្ញុំឲ្យគិតគូរទៅលើរឿងនេះ។ យើងមិនបិទរហូតជាអចិន្ដ្រៃយ៍នោះទេ ជាដំណាក់កាលអន្ដរកាល។ តែយើងរើសមើលពិនិត្យមើល ហើយលក្ខខណ្ឌបញ្ជូនមន្ដ្រីថ្មី គ្រូថ្មី លក្ខខណ្ឌបត់បែនកម្រិតណា រយៈពេលវែងឬយ៉ាងម៉េច។យើងដៃម្ខាងមនោសញ្ចេតនាចំពោះគ្រូៗ ប៉ុន្ដែ(ម្ខាងទៀត)មនោសញ្ចេតនាចំពោះសិស្សរាប់ពាន់នាក់របស់យើង។

នៅរាជធានីភ្នំពេញ សិស្សយើងមានលទ្ធភាព អត់ខ្វះគ្រូទេ ប៉ុន្ដែនៅខេត្តរតនគិរី មណ្ឌលគិរី កំពង់ចាម មិនបាច់ទេសូម្បីនៅជាយក្រុងនេះក៏មានបញ្ហាប្រឈមដែរ។ យើងអាចមានសិស្សស្ម័គ្រចិត្តអីទៅ។ អញ្ចឹងការគិតគូរយើងត្រូវគិតគូរពីតុល្យភាព ផ្តល់ឱកាស យុត្ដិធម៌ ការយកចិត្តទុកដាក់ទៅលើលោកគ្រូ អ្នកគ្រូ ហើយអាចមន្ដ្រីជំនាញផ្សេង ក្នុងការផ្ទេរ ប៉ុន្ដែត្រូវគិតគូររៀបចំនីតិវិធីរបៀបណា គិតគូរឡើងវិញ ដើម្បីយើងធានានូវតុល្យភាព។ ខ្ញុំបានទទួលសារ និងសូមផ្ដាំទៅលោកគ្រូអ្នកគ្រូដែលដាក់សារមក។ យើងបានឲ្យគិតគូររៀបចំ(នីតិវិធី) ហើយសូមយោគយល់ក្នុងដំណាក់កាលអន្ដរកាលនេះ ដោយសារយើងកំពុងប្រឈមនូវបញ្ហាខ្វះសាលា ខ្វះគ្រូនៅតាមមូលដ្ឋាន ដោយសារកំណើនសិស្សច្រើន ហើយប្រសិនបើ(គ្រូ)ផ្ទេរចេញពីមូលដ្ឋានអស់ទៀត យើងនឹងមានបញ្ហាច្រើន​។ យើងនឹងគិតគូរការងារនេះ ជាការងារអាទិភាពដើម្បីអាចសាកល្បងធ្វើ pilot នៅកន្លែងណា ហើយចាប់ផ្ដើមពីវិស័យអប់រំ ព្រោះលោក/អ្នកគ្រូ ច្រើនជាងគេ។ នេះដែលយើងកន្លងទៅការបំពេញត្រូវលក្ខខណ្ឌ។

(៤០) ចងក្របខ័ណ្ឌនឹងកន្លែង ជាជាងចងមនុស្សនឹងក្របខ័ណ្ឌ

មានគ្រូកិច្ចសន្យាមួយចំនួន ដែលយើងបំពេញជាគ្រូកិច្ចសន្យាបច្ចេកទេសនោះ។ កិច្ចសន្យាបច្ចេកទេសគឺគាត់បានអត្ថប្រយោជន៍បែបនេះ។ គាត់បានប្រាក់ខែដូចគ្រូក្របខ័ណ្ឌដែរ ប៉ុន្ដែគាត់មានកុងត្រានៅបំពេញកន្លែងនោះ ២ឆ្នាំ ៣ឆ្នាំ ៤ឆ្នាំ ៥ឆ្នាំ។ បានន័យថាគាត់ធ្វើការមិនមែនប្រាក់ខែ ៧០% ៨០% ទេ គឺប្រាក់ខែ(ដូចគ្រូក្របខ័ណ្ឌ) ១០០% និយាមប្រឡងអីដូចគ្នា មានលក្ខខណ្ឌកម្រិតណាមួយ។ ក្របខ័ណ្ឌពេញយើងពិបាក … អញ្ចឹងមានតែចងក្របខ័ណ្ឌនៅនឹងកន្លែង។ បើចងមនុស្ស នឹងបាត់មនុស្ស។ បើចងប្រអប់នៅនឹងកន្លែងប្រអប់ហ្នឹង។ ថេរ។ នឹងមានមនុស្សទៅបំពេញ។ យើងគិតអត្ថប្រយោជន៍ឲ្យគាត់ លក្ខខណ្ឌដូចគ្រូដែរ។

អាចថាលោកគ្រូខ្លះ (អាយុ) ៣៥ ឆ្នាំហើយ។ គាត់មានបរិញ្ញាបត្រ ធ្លាប់នៅភ្នំពេញ។ តែឥឡូវគាត់រស់នៅមណ្ឌលគិរី។ គាត់អាចបង្រៀនមុខវិជ្ជាជីវវិទ្យាបាន។ អញ្ចឹងអាចចូលជាក្របខ័ណ្ឌមន្ដ្រីកិច្ចសន្យាជំនាញនេះ នៅពេលដែលយើងខ្វះមន្ដ្រី។ គាត់ទទួលអត្ថប្រ​យោជន៍ដូចគ្នា ប៉ុន្ដែត្រូវមានការប្រឡងកម្រិតណាមួយ យក qualification ប៉ុន្ដែមិនឲ្យគាត់ចូលជាមន្ដ្រីក្របខ័ណ្ឌទេ។ យើងមិន(ដាក់)លក្ខខណ្ឌ(អាយុ)ទេ។ គាត់អាចអាយុ ៤០អីបាន ព្រោះអីឥឡូវយើងចងក្រោម ៣០ឆ្នាំ។ គាត់អាចអាយុច្រើន ប៉ុន្ដែត្រូវប្រឡង ហើយត្រូវប្រឡងរយៈពេលខ្លីណាមួយបើមានគុណវុឌ្ឍិ។ យើងគិតប៉ុន្មានភាគរយ។ ឧទាហរណ៍ សាលាមួយហ្នឹងយើងត្រូវការគ្រូ យ៉ាងហោចណាស់៦០%។ ហ្នឹងដូចរោងចក្រកិនកៅស៊ូ ត្រូវមានកៅស៊ូប៉ុន្មានហិកតាដើម្បីធានាឲ្យរោងចក្រដំណើរការ។ ក្រៅពីហ្នឹងទិញប៉ុន្មានទៀត កុំឲ្យដួល។ ត្រូវការធានាប៉ុន្មាន។

យើងគិតគូរពីក្របខ័ណ្ឌចងនឹងកន្លែង ជាជាងចងមនុស្សនឹងក្របខ័ណ្ឌ។ អញ្ចឹង ពេលដែលលោកគ្រូក្របខ័ណ្ឌផ្ទេរ យើងនៅមាន(គ្រូ)ក្របខ័ណ្ឌ(កិច្ចសន្យា)បម្រុងនៅកន្លែងនេះ ហើយបៀវត្សអត្ថប្រយោជន៍ដូចគ្នានឹងលោកគ្រូក្របខ័ណ្ឌ (ប៉ុន្ដែ)គាត់អត់ឡើងកាំមន្ដ្រីទេ ប៉ុន្ដែកាំប្រាក់គាត់ឡើងស្មើនឹងមន្ដ្រី។ ឧទាហរណ៍ គាត់ចូលបង្រៀនជាគ្រូបឋម។ លោកគ្រូបឋម(ក្របខ័ណ្ឌ)ធម្មតាប៉ុន្មានឆ្នាំ គាត់ឡើងមួយកាំ។ លោកគ្រូកិច្ចសន្យាដែលជ្រើសរើសតាមបច្ចេកទេសប្រឡងចូល គាត់អត់ចូលក្របខ័ណ្ឌ គាត់លើសអាយុ គាត់បង្រៀនបានរយៈពេលប៉ុណ្ណឹង គាត់មិនឡើង(ថ្នាក់) ប៉ុន្ដែប្រាក់ខែគាត់ឡើងដូចគ្នា។ អញ្ចឹងគាត់មានជម្រើស ៥ឆ្នាំ។ គាត់ចេញទៅ អ្នកផ្សេងអាចចូលមក។ យើងរើសកន្លែងហ្នឹង។

ពេលនេះ យើងនឹងអាចធានាបានការបើកច្រកឲ្យមន្ដ្រីក្របខ័ណ្ឌអាចផ្ទេរក្នុងកម្រិតណាមួយ ហើយយ៉ាងហោចប្រ​អប់នៅនឹងកន្លែង។ បើលោកគ្រូក្របខ័ណ្ឌផ្ទេរទៅ ប្រអប់ទៅហើយ អត់មានប្រអប់ឲ្យកន្លែងហ្នឹងទៀតទេ។ ប៉ុន្ដែនេះ យើងមានប្រអប់ដើម្បីរកមនុស្ស។ ការប្រឡងសម្រាប់គ្រូក្របខ័ណ្ឌជារឿងមួយ ប៉ុន្ដែសម្រាប់គ្រូបច្ចេក​​ទេស ដែលត្រូវការប្រាក់ខែ អត្ថប្រយោជន៍ ប.ស.ស អីដូចគ្នានេះ គឺគាត់ត្រូវប្រឡង ហើយមានការបំប៉ន កម្រិតណាមួយ មិនចាំបាច់ ៤ឆ្នាំក៏បាន ប៉ុន្ដែត្រូវមានការប្រឡង មានគុណវុឌ្ឍិកម្រិតណាមួយ។ បើគាត់ធ្លាប់ជាគ្រូបង្រៀនហើយ គាត់ប្ដូរកន្លែងទៅ ហើយមានជំនាញ ហើយឥឡូវជាមន្ដ្រី គាត់លុបក្របខ័ណ្ឌហើយ គាត់អាចចូលបាន ព្រោះគាត់ធ្លាប់ប្រឡងជាប់ហើយ ក្នុងរយៈពេល ៥ឆ្នាំ ឬមួយអី។

(៤១) គ្រូកិច្ចសន្យាបច្ចេកទេសជាបុគ្គលមានគុណវុឌ្ឍិ មានបច្ចេកទេស ជួយបំពេញកន្លែងខ្វះចាំបាច់

នេះគេហៅថាមន្ដ្រីកិច្ចសន្យាបច្ចេកទេស។ ការប្រឡងអីដូចគ្នា គ្រាន់តែអត់ក្របខ័ណ្ឌបំពេញ។ គាត់អាចឈប់ ឬបន្ដ ហើយអាយុយើងអត់គិត។ លើកលែងថាគាត់អាយុ ៧០ឆ្នាំ ឬមួយអាយុច្រើនខ្លាំងសុខភាពអីយ៉ាងម៉េច។ហ្នឹងដែលយើងគិតកាលមុនពីលោកគ្រូនៅកន្លែងលំបាក កន្លែងដែលខ្វះគ្រូ សម្រាប់គ្រូដែលចូលនិវត្ដន៍មានជំនាញ កន្លែងដែលលំបាកអត់មនុស្សបំពេញ មិនមែនកន្លែងដែលមានមនុស្សទេ ខ្ញុំសូមបញ្ជាក់ គឺលក្ខខណ្ឌបែបនេះ។ គេ​សួរ បើគាត់គ្រូចូលនិវត្ដន៍ហើយ ហៅគ្រូកិច្ចសន្យាយ៉ាងម៉េច? សូមឲ្យគិតអញ្ចេះ លោកគ្រូចូលនិវត្ដន៍ ជាអតីត​អាជីពរបស់គាត់។ មិនខុសពីអតីតនិស្សិតទេ ជាបុគ្គលម្នាក់ដែលមានគុណវុឌ្ឍិ ដែលស្ម័គ្រចិត្តមកបង្រៀន​។ អញ្ចឹងយើងក៏អាចហៅគាត់គ្រូកិច្ចសន្យាដែរ គ្រាន់តែអតីតភាពគាត់ធ្លាប់ធ្វើគ្រូ រឿងតែប៉ុណ្ណឹង។ មិនបាច់គ្រូកិច្ចសន្យា គ្រូនិវត្ដន៍ ដូរឈ្មោះអីច្រើនទេ។ បង្កើតឈ្មោះច្រើននាំតែមានការរើសអើងទេ។ គ្រាន់តែគិតថាគាត់ជាបុគ្គលម្នាក់ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់មានបច្ចេកទេស សម្រាប់យើងឲ្យមកជួយបំពេញកន្លែងដែលខ្វះចាំបាច់ ជាពិសេសគ្រូបង្រៀន ឬមណ្ឌលសុខភាពរបស់យើង

ប៉ុន្ដែ មិនឲ្យកិច្ចការនេះជាកន្លែងដែលទៅហាម ឬមួយទៅដណ្ដើមកន្លែងមន្ដ្រីថ្មី ដែលយើងអាចបញ្ជូនទៅទេ។ មិនមែនឲ្យថាគាត់កិច្ចសន្យាអចិន្ដ្រៃយ៍ទេ។ ត្រូវបំពេញលក្ខខណ្ឌ ដែលយើងអត់មានមន្ដ្រីបំពេញទៅទេ ហើយត្រូវតាមនិយាមក្រសួងអប់រំ ដែលធ្វើផែនការពី(ថ្នាក់)កណ្ដាល។ បើយើងអត់គ្រូទេ ខ្ញុំសួរថា ឧទាហរណ៍នៅខេត្តក្រចេះ មានលោកគ្រូជីវវិទ្យា២នាក់។ ម្នាក់ៗគាត់បង្រៀនមួយថ្នាក់សិស្ស ៤៥ នាក់ បើមានលោកគ្រូម្នាក់ចូលនិវត្ដន៍។ យើងរកគ្រូម្នាក់ទៀតថ្មីក្មេងបញ្ជូនទៅអត់បាន។ យើងមានតែជម្រើសមួយទេ។ ប្រសិនបើយើងអត់យកលោកគ្រូដែលមានគុណវុឌ្ឍិនៅហ្នឹង មិនបាច់ថាលោកគ្រូចូលវិវត្ដន៍ទេ លោកគ្រូក្មេងក៏ដោយ ឬមន្ដ្រីកិច្ចសន្យាចូលបំពេញទេ យើងមានជម្រើសតែមួយទេគឺផ្គួបថ្នាក់។ បានន័យថា សិស្សកើនពីមួយថ្នាក់ ៤៥ ទៅជា ៩០ នាក់ ហើយ ព្រោះយើងអត់គ្រូ។ ក្នុងរយៈពេលតែមួយឆ្នាំក៏ដោយ ក៏គុណភាពអប់រំសម្រាប់សិស្សប៉ុន្មានសិបនាក់នេះជាបញ្ហា។ នេះខ្ញុំជាការដែលខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត មិនមែនជាការជ្រើសរើសយកហេតុផលមិនឲ្យលោកគ្រូក្មេងៗមានឱកាសចូលការងារទេ ប៉ុន្ដែ យើងបំពេញដំណាក់កាលអន្ដរកាលនូវណាដែលខ្វះ ហើយរកគ្រូថ្មីៗ មានជំនាញទៅមិនទាន់ដល់។

នេះជាការដោះស្រាយបច្ចេកទេសការបំពេញគ្រូ និងការរើសចូលថ្មីរបស់យើង។ ការផ្ទេរដែលយើងបិទក្នុងរយៈពេលមួយរយៈនេះ ឥឡូវពិនិត្យឡើងវិញ តើយើងដើរទៅមុខរយៈពេលណា រៀនពីបទពិសោធអតីតកាលពីការអនុវត្ដកន្លងទៅ មើលតម្រូវការជាក់ស្ដែងរបស់មន្ដ្រីក្នុងការផ្ទេរ និងតម្រូវការនៃការបំពេញភារកិច្ចបម្រើប្រជាជន ធ្វើយ៉ាងណាឲ្យមានតុល្យភាពរបស់យើង ពង្រឹងអ្វីដែលមានស្រាប់ រួមទាំងយន្ដការនៃការផ្ទេរ និងការគ្រប់​គ្រង​មន្ដ្រីរបស់យើង នេះជាកិច្ចការចាំបាច់ ដែលយើងត្រូវធ្វើ។

(៤២) សង្ឃឹមថាអាណត្ដិនេះអាចរៀបផ្ទះបានពី ៧០ % ទៅ ៨០% ដើម្បីឈានដំណើរទៅមុខកាន់តែប្រសើរ

ខ្ញុំសុំបន្ថែមអំពីការកំណែទម្រង់ និងការបិទបូកសរុបថ្ងៃនេះ ជាការសង្ខេបនូវទិសដៅ និងចក្ខុវិស័យនៃការងារដែលបានធ្វើ និងអ្វីដែលយើងត្រូវបន្ដធ្វើក្នុងអាណត្ដិនេះ។ សង្ឃឹមថា ក្នុងអាណត្ដិនេះយើងអាចរៀបផ្ទះរបស់យើងបាន៧០% ទៅ៨០% ក្នុងគោលការណ៍ ដើម្បីឈានដំណើរទៅមុខកាន់តែល្អប្រសើរ។ ពេលដំបូងលំបាក រត់ហត់ ឈឺសាច់ដុំ តែដល់យើងរត់យូរទៅ យើងអាចមានសុខភាពកាន់តែល្អ បេះដូងយើងមានចលនាកាន់តែល្អច្រើន សំខាន់ខ្លួនយើងរត់កាន់តែលឿន។ យើងមិនទៅយកវិធីបូមខ្លាញ់ចេញទេ ប៉ុន្ដែយើងធ្វើវិធីហាត់កីឡាដើម្បីឲ្យកន្លែងដែលលើសផ្ទេរមកជាសាច់ដុំកាន់តែមានប្រសិទ្ធភាពជាង។ ប្រទេសខ្លះគេប្រើវិធីលឿនគឺបូមខ្លាញ់ ឬ ចៀរខ្លាញ់ចេញ ប៉ុន្ដែយើងប្រើប្រាស់វិធីពង្រឹងនៅអ្វីដែលមានស្រាប់ ប្រើប្រាស់ខ្លាញ់ឲ្យក្លាយជាសាច់ដុំ ហើយដើរទៅមុខទាំងអស់គ្នា ព្រោះយើងមានស្ថានភាពលើសតែខ្វះ បូកជាមួយនឹងការពង្រីកមិនទាន់មានប្រសិទ្ធភាព។ អញ្ចឹងកុំនិយាយរឿងកាត់ពាក់កណ្ដាល។ យើងមិនទាន់ដឹងថាលើសខ្វះប៉ុណ្ណា ព្រោះយើងត្រូវគិតគូរវិភាគមុខងារយ៉ាងម៉េច សំណូមពរមន្ដ្រីយ៉ាងម៉េច ដោះស្រាយឲ្យអស់លទ្ធភាព ពង្រឹងអ្វីដែលមានស្រាប់។

(៤៣) កំណែទម្រង់រដ្ឋបាលសាធារណៈ ជាបេះដូងនៃកំណែទម្រង់ និងប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល

តាមរយៈការថែទាំមន្ដ្រីដែលមានជំនាញលើកកំពស់គុណវុឌ្ឍិ ផ្ដល់តួនាទីឲ្យគាត់បន្ថែម បើគាត់មានលក្ខណៈសម្បត្ដិ​ឲ្យការទទួលខុសត្រូវកាន់តែធំ បើអាចធ្វើទៅបាន។ បណ្ដុះបណ្ដាលនៅនឹងកន្លែង មន្ដ្រីដែលអត់មានជំនាញ ឲ្យគាត់កាន់តែមានប្រសិទ្ធភាព។ លើសពីនេះ យើងអាចកែសម្រួលក្នុងស្ថាប័ន ឬទៅថ្នាក់ក្រោមជាតិក្នុងស្ថាប័ន​។ ចំពោះអ្នកដែលមិនអាចកែក្នុងការបាត់មុខរយៈពេលវែង យើងគិតគូរពីវិធីក្នុងការកែសម្រួល ដើម្បីសន្សំថវិកា កន្លែងក្នុងការរើសថ្មី រើសចំជំនាញក្នុងការធ្វើការ។ បំពេញឲ្យត្រូវ រក្សាឲ្យនៅ ជាវិធីដែលដើរទៅមុខ។ កំណែទម្រង់រដ្ឋបាលសាធារណៈជាបេះដូងនៃកំណែទម្រង់ និងប្រសិទ្ធភាពនៃរាជរដ្ឋាភិបាលរបស់យើង។ ប្រសិនបើក្រ​សួងស្ថាប័នសាធារណៈរបស់យើងអត់ប្រសិទ្ធភាព កុំនិយាយដល់រឿងផ្ដល់សេវាឲ្យសោះ កុំនិយាយដល់ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឲ្យសោះ។ ទៅមិនរួចទេ។ ការកែសម្រួលស្ថាប័ន ការគ្រប់គ្រងមន្ដ្រីរបៀបរបបការងាររបស់មន្ដ្រី ត្រូវតែធ្វើជាជំហានៗ ត្រូវហ៊ានលះបង់ និងស្នើសុំការចូលរួមទាំងអស់គ្នាដើម្បីទាំងអស់គ្នា។

[បញ្ចប់សេចក្ដីអធិប្បាយ ៤]

ក្នុងឱកាសនេះផងដែរ ខ្ញុំសូមផ្តល់ការណែនាំការងារអាទិភាពមួយចំនួន ក្នុងឆ្នាំ២០២៥ ដល់ក្រសួងមុខងារសាធារណៈ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ  ដូចតទៅ ៖

១. ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ វិស័យមុខងារសាធារណៈ ត្រូវខិតខំអនុវត្តតួនាទី មុខងារ និងភារកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍របស់រាជរដ្ឋាភិបាល ។

២. ក្រសួងមុខងារសាធារណៈ ត្រូវបន្តអនុវត្តការប្រឡងជ្រើសរើសមន្ត្រី ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ ស្ដីពីការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងធានាដល់បេក្ខជន “ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត” ព្រមទាំងបន្តជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេស/ជំនាញ ផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យឆ្លើយតបនឹងគោលការណ៍“ការបំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ” និង “ប្រសិទ្ធភាព នៃការអនុវត្តការងារ” ។

៣. ក្រសួងមុខងារសាធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការក្នុងការជំរុញដំណើរការនៃការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដោយផ្តោតលើមុខងារ រចនាសម្ព័ន្ធ សេវា អភិក្រម​ការងារ ធនធានមនុស្ស និងថវិកា ឱ្យសម្រេចបាននូវលទ្ធផលកែលម្អជាក់ស្តែងជាបណ្តើរៗ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក”។

៤. ក្រសួងមុខងារសាធារណៈ ត្រូវបន្តជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធផលការងារនៅតាមក្រសួង-ស្ថាប័ន។

៥. ក្រសួងមុខងារមុខងារសាធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅក្នុងក្របខ័ណ្ឌនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ត្រូវបន្តគាំទ្រ និងជំរុញចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងផ្សព្វផ្សាយនូវឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការដឹកនាំ និងគ្រប់គ្រងអង្គភាព ឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាព។

៦. ក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំ សម្របសម្រួល ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្តែងរបស់ក្រសួង-ស្ថាប័ន និងការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដើម្បីកំណត់ឱ្យបានជាក់លាក់នូវព័ត៌មាន និងទិន្នន័យគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព ដើម្បីគាំទ្រដល់ការអនុវត្តវិធានការកែលម្អក្រសួង-ស្ថាប័ន ការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស និងហរិញ្ញវត្ថុ និងការបំពេញមុខងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

៧. ក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំ សម្របសម្រួលជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្នភាពគ្រឹះស្ថានអប់រំសាធារណៈ នៅមូលដ្ឋាន រួមមាន៖ វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមត្តេយ្យសិក្សា និងការជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានទាំងនេះ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវព័ត៌មាន និងទិន្នន័យគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព ដើម្បីគាំទ្រដល់ការអនុវត្តវិធានការកែលម្អស្ថាប័ន ការគ្រប់គ្រង និងប្រើប្រាស់ ធនធានមនុស្ស និងថវិកា និងការផ្តល់សេវាអប់រំមូលដ្ឋាន កាន់តែមានប្រសិទ្ធភាព។

៨. ក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំ សម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្នភាពអង្គភាពសុខាភិបាលនៅមូលដ្ឋាន រួមមាន៖ មន្ទីរពេទ្យ​បង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ កម្រិត៣ មណ្ឌលសុខភាព និងការជំរឿនមន្ត្រីជាក់ស្តែង នៅតាមអង្គភាពទាំងនេះ ដើម្បីកំណត់ឱ្យបាននូវព័ត៌មាន និងទិន្នន័យគ្រប់ជ្រុងជ្រោយ និងប្រកប​ដោយគុណភាព។

៩. ក្រសួងមុខងារសាធារណៈ ត្រូវបន្តផ្ដល់ការគាំទ្រ ដឹកនំា សម្របសម្រួល និងជំរុញការអភិវឌ្ឍ ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ ជាពិសេស ការពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងអង្គភាពសាធារណៈ នៅតាមក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិ ឱ្យឆ្លើយតបនឹងតម្រូវការនៃការងារជាក់ស្ដែង និងទស្សនវិស័យនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

១០. ក្រសួងមុខងារសាធារណៈ ក្នុងនាមជាស្ថាប័នទទួលបន្ទុកលើការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ផ្ដល់ការគាំទ្រ និងដឹកនំាសម្របសម្រួលឱ្យកាន់តែប្រសើរ​ជាមួយគ្រប់ការដ្ឋានកែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីធានានូវសង្គតិភាព សុខដុមនីយកម្ម និងប្រសិទ្ធភាពខ្ពស់ នៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល។

ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ និងតួអង្គពាក់ព័ន្ធ ដែលបានខិតខំបំពេញមុខងារ និងភារកិច្ច ប្រកបដោយបុរេសកម្ម សកម្ម នវានុវត្តន៍ ស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ” នាពេលនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ​ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

ការបើកវត្សរ៍សម្រាប់ខែមេសា និងឧសភា សាលាក្រុងរៀបចំរថយន្ត bus ជូនប្រជាជនទៅខេត្ត

ក្នុងឱកាសឆ្នាំថ្មីនេះ អំពីការរៀបចំបៀវត្សរ៍របស់មន្ដ្រីរាជការ ម្សិលមិញឃើញក្រសួងមុខងារសាធារណៈបានចេញ(ការណែនាំ) គឺបើក(បៀវត្សរ៍)តែមួយដងទេ ក្នុងខែ៤នេះ។ រាល់ដងយើងបើក២ ដង (ក្នុងមួយខែ) ប៉ុន្ដែដើម្បីបងប្អូនបានលុយទៅចូលឆ្នាំ ជូនម្ដាយឪពុក យើងបើកសរុបតែមួយដង ក្នុងខែ៤ នេះ។ យ៉ាងយូរត្រឹមបំផុតត្រឹមថ្ងៃទី១១ ខែ៤ហើយបូកជាមួយប្រាក់ឧបត្ថម្ភ៥ ម៉ឺនរៀលសម្រាប់មន្ដ្រីរាជការ មន្ដ្រីចូលនិវត្ដន៍អី បើកជាមួយគ្នាតែម្ដង។ ខែឧសភា ប្រាក់ខែទី១ បើកនៅសប្ដាហ៍ទី១ លើកទី​២ នៅសប្ដាហ៍ទី ៣។ អ្នកខ្លះថារដ្ឋអស់លុយហើយបានទៅបោះពុម្ពក្រដាស ២០ម៉ឺនរៀល។ អត់អស់ទេ។ បើកទាន់ពេល ហើយបើកឌុបឲ្យទៀតសម្រាប់ខែ៤ នេះ។

ឯកឧត្តម ឃួង ​ស្រេង យើងរៀបចំឡាន bus ជូនប្រជាជនទៅខេត្តដូចរាល់ដង។ សូមរៀបចំ។ ឮសូរអ្នកខ្លះសន្សំបានច្រើន។ អ្នកខ្លះពីភ្នំពេញ មណ្ឌលគិរី ម្នាក់អស់៨ ទៅ១០ ម៉ឺន។ អ្នកខ្លះទៅមួយគ្រួសារសន្សំបាន១០០ ទៅ២០០ ដុល្លារដែរ ទៅមួយជើងមកមួយជើង បូកចូលគ្នាច្រើន។ ឆ្នាំទៅ យើង(ជូនពលរដ្ឋយើង)បានច្រើន។ សូមរៀបចំការងារនេះបន្ដទៀត។ បានតិចបានច្រើន យើងជួយសម្រួលដល់បងប្អូនធ្វើដំណើរ។ free bus ពីសាលារាជធានីភ្នំ​ពេញ ជូនបងប្អូនយើងតាមបណ្ដាខេត្តតទៅទៀត។ អង្គរសង្ក្រាន្តអ្នកណាកក់(ផ្ទះសំណាក់)មិនទាន់ អូតែលផ្កាយ ១ពាន់ សូមកុំឲ្យភ្លៀង៕

អត្ថបទទាក់ទង