(វីដេអូ) សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន បំពាក់ឋានន្តរស័ក្ដិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបំពាក់ឋានន្តរស័ក្ដិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
———–
សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំមានការរីករាយ ក្នុងនាមជាប្រមុខរដ្ឋស្ដីទី តំណាងឲ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពាក់ឋានន្តរស័ក្ដិ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន។ ខ្ញុំសូមឆ្លៀតយកឱកាសនេះបញ្ជាក់បន្តិច។ ខ្ញុំមិនបញ្ជាក់តាមអ្វីដែលជាការព្រៀងទុកទេ។ ខ្ញុំគ្រាន់តែលើកឡើងអំពីចំណុចមួយចំនួនដើម្បីយើងអាចចាត់ទុកជា(ដំណើរវិវត្តន៍នៃ)ប្រវត្តិសាស្រ្ត។ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំក៏ (១) បានផ្ដល់នូវឯកសារប្រមាណជា ២០ឬ ៣០គីឡូក្រាម ជូនទៅនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ជូនទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ពិនិត្យមើល ដោយឯកសារទាំងនោះមានការពាក់ព័ន្ធនឹងរឿងសាំញ៉ាំជាច្រើនក្នុងប្រវត្តិសាស្រ្ត។ សៀវភៅទាំងអស់ដែលខ្ញុំបានសរសេរគឺបានបញ្ជូនទៅទីនោះ។
អ្វីដែលខ្ញុំចង់បញ្ជាក់ដំបូងបំផុត គឺសម្រាប់ពួកយើងដែល(ត្រូវបានបំ)ពាក់ឋានន្តរស័ក្ដិជូននៅថ្ងៃនេះ គឺបានចូលទាហាន មិនតិចជាង ៥៥ឆ្នាំទេ។ ខ្ញុំនិងសម្ដេច ម៉ែន សំអន ចូលទាហានស្មើគ្នា គឺនៅឆ្នាំ១៩៧០។ គិតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំ។ ដោយឡែក សម្ដេចពិជ័យសេនា ទៀ បាញ់ គឺលឿនមុននោះ ដោយសភាពការណ៍ពេលនោះ (គាត់)ត្រូវគេ(យកទៅ)បាញ់សម្លាប់។ គាត់មិនមែនឈ្មោះ ទៀ បាញ់ ទេ។ ឈ្មោះ ទៀ សង្វាន។ ប៉ុន្តែ ដោយគេយកទៅបាញ់មិនស្លាប់ ទើបបានជាហៅថា ទៀ បាញ់។ នេះជាប្រវត្តិ។ ប្រវត្តិនៃការស្គាល់គ្នារវាងខ្ញុំ និងសម្ដេច ម៉ែន សំអន បើគិតមកដល់ពេលនេះមានរយៈពេល ៤៨ឆ្នាំ គឺនៅចុងឆ្នាំ១៩៧៧ គឺនៅពេលដែលខ្ញុំចូលក្នុងផ្ទៃក្នុងប្រទេសដើម្បីស្វះស្វែងរកភរិយា។ ខ្ញុំមានជំងឺ ក៏បានទៅសម្រាកមន្ទីរពេទ្យ។ គាត់បាននាំបងប្រុសម្នាក់ដែលឥឡូវទទួលមរណភាពទៅហើយទៅសួរសុខទុក្ខខ្ញុំនៅមន្ទីរពេទ្យ។ នោះគឺជា (២) ការចាប់ផ្ដើមនៃការប្រមូលកម្លាំងបន្ទាប់ដើម្បីឈានមកបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាស្នូលនៃកងទ័ពបច្ចុប្បន្ននេះ។ ខ្ញុំមិនមែនគ្រាន់តែជាមេទាហាននោះទេ តែខ្ញុំក៏ជាអ្នកបង្កើតទាហានផងដែរ។
សម្រាប់សម្ដេចពិជ័យសេនា ទៀ បាញ់ ពួកយើងបានស្គាល់គ្នានៅខែមករា ឆ្នាំ១៩៧៩ នៅ(អតីតស្ថាន)ទូតឆេកូ(ស្លូវាគី ដែល)ឥឡូវនេះ គឺជាទីស្នាក់ការសហភាពអឺរ៉ុប។ (ទៀ បាញ់) បានបំពេញមុខងារជារដ្ឋមន្រ្តីការពារជាតិក្នុងអាណត្តិនាយករដ្ឋមន្រ្តីរបស់ខ្ញុំ រយៈពេល ៣៥ឆ្នាំ។ គាត់បានធ្វើជានាយអគ្គសេនាធិការរង បន្ទាប់ទៅត្រូវបានបញ្ជូនទៅធ្វើជារដ្ឋមន្រ្តីក្រសួងសាធារណការ ដឹកជញ្ជូន និងប្រៃសណីយ៍។ កាលពីពេលនោះ មិនមានការបំបែកក្រសួងបែបនេះទេ។ ប៉ុន្តែ នៅពេលដែលការចរចាចាប់ផ្ដើម រដ្ឋមន្រ្តីការពារជាតិនិងរដ្ឋមន្រ្តីការបរទេសរបស់យើង មិនគាំទ្រការចរចាទេ។ និយាយឲ្យត្រង់ ពេលនោះ ឯកឧត្ដម កុយ ប៊ុនថា ធ្វើជារដ្ឋមន្រ្តីការពារជាតិ។ យើងបានធ្វើការស្ទង់មតិផ្ទៃក្នុង។ ពេលនោះ ខាងក្រសួងការពារជាតិលើកមតិត្រឡប់មកវិញថា ប្រសិនបើមានការចរចា គឺស្មើនឹងលុបចោលសមិទ្ធផលដែលយើងបានកសាង ឬដែលពេលនោះហៅថាសមិទ្ធផលសង្គមជាតិ។ ងាកមកខាងការបរទេស ខ្ញុំបានចេញមកកាន់តំណែងនាយករដ្ឋមន្រ្តីផង និងបន្តធ្វើជារដ្ឋមន្រ្តីការបរទេសផង ក្នុងរយៈពេលខ្លីមួយ។ ខ្ញុំត្រូវប្រគល់ការងារជារដ្ឋមន្រ្តីការបរទេសឲ្យទៅឯកឧត្ដម គង់ គាំ។ ជារដ្ឋមន្រ្តីការបរទេស (ឯកឧត្ដម គង់ គាំ)ប្រឆាំងនឹងការចរចា។ មានបទឧទ្ទេសនាមរបស់គាត់នៅក្នុងសភាមិនផ្ដល់ការគាំទ្រណាមួយទេ។ ដូច្នេះ ខ្ញុំត្រូវបង្ខំចិត្តដោះដូររដ្ឋមន្រ្តីពីររូប។ ទីមួយ រដ្ឋមន្រ្តី កុយ ប៊ុនថា ឲ្យទៅកាន់ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ហើយត្រូវយកសម្ដេចពិជ័យសេនា ទៀ បាញ់ មកធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិ។ ទីពីរ ដូរឯកឧត្ដម គង់ គាំ រដ្ឋមន្រ្តីការបរទេសទៅជារដ្ឋមន្រ្តីក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ។ ឯក្រសួងការបរទេស គឺខ្ញុំទៅកាន់ខ្លួនឯងតែម្ដង។
(៣) ទាហានមិនមែនត្រូវការឈាមទាហាន១០០% ទេ។ ទាហានត្រូវការឈាម៥០% ជាទាហាន និង៥០% ទៀតជាឈាមនយោបាយ។ មិនអាចនិយាយតែពីរឿងវាយគ្នា ដោយមិននិយាយពីអ្វីផ្សេងនោះទេ។ ខ្ញុំនៅចាំបានកិច្ចការដំបូងដែលខ្ញុំប្រគល់ឲ្យសម្ដេចពិជ័យពេលដែលបានហៅឱ្យទៅជួបនៅផ្ទះខ្ញុំ នៅវិមានឯករាជ្យ គឺប្រគល់ឲ្យសម្ដេចពិជ័យសេនា រកវិធីធ្វើអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលថៃ។ នេះគឺជា (៤) កិច្ចការទី១ ដែលគាត់ត្រូវធ្វើក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ។ មិនមែនឲ្យទៅវាយកងទ័ពថៃទេ តែត្រូវរកវិធីគ្រប់យ៉ាងដើម្បីធ្វើអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលថៃ កុំឲ្យកម្លាំងនេះគាំទ្រខ្មែរក្រហមក្នុងប្រតិបត្តិការយោធា ដែលមុននោះ ធ្លាប់មានទាំងថ្មើរជើងខ្លះ និងធ្លាប់ទាំងគាំទ្រដោយកាំភ្លើងធំខ្លះ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើកិច្ចការនោះដោយជោគជ័យ ធ្វើឲ្យស្ថានភាពការចូលពាក់ព័ន្ធនៃកម្លាំងយោធានិងរដ្ឋបាលថៃ ជាមួយកងទ័ពត្រីភាគី ជាពិសេសខ្មែរក្រហម ត្រូវបានកាត់បន្ថយ និងជាបណ្ដើរៗ ឈានដល់ការដំណើរទស្សនកិច្ចរបស់ខ្ញុំនៅទីក្រុងបាងកក ខែមករា ឆ្នាំ១៩៨៩។
ខ្ញុំអាចនិយាយបានថា នៅពេលដែលមានសភាពការណ៍កើតឡើង ខ្ញុំហាក់ដូចជាមាននិស្ស័យមួយ(អោយដឹង)ពីធម្មជាតិ ហើយដែលទេវតាបានចារថា ត្រូវមានរដ្ឋមន្រ្តីការពារជាតិមួយនេះ។ ដោយហេតុនេះហើយ គាត់បានធ្វើជារដ្ឋមន្រ្តីការពារជាតិ រយៈពេល ៣៥ឆ្នាំ ក្នុងមុខតំណែងនាយករដ្ឋមន្រ្តី ៣៨ឆ្នាំ(របស់ខ្ញុំ)។ មាន(សម្តេចពិជ័យសេនា) ទៀ បាញ់ មួយនាក់ប្រៀបដូចមានមួយកងពលនៅក្បែរ។ នេះគឺជាវិញ្ញាណពិតរបស់ខ្ញុំ។ នៅពេលណាមានសភាពការណ៍ពិបាកកើតឡើង គឺតែងមានវត្តមានរបស់ ទៀ បាញ់។ នេះជារឿងនៃអតីតកាល។ ដោយឡែក សម្ដេច ម៉ែន សំអន គឺ(ជាអ្នក)បានផ្សារភ្ជាប់ជាមួយចលនាជាហូរហែមក តាមរយៈការកសាងកម្លាំងទ័ពជាមួយគ្នា និងការកសាងកម្លាំងក្នុងជួរបក្ស។ និយាយរួម គឺដំណើរការជាមួយគ្នា។
បើនិយាយពី (៥) នយោបាយឈ្នះឈ្នះ អាចនិយាយបានថា ប្រសិនបើគ្មានសម្ដេចពិជ័យសេនា ទៀ បាញ់ ទេ ខ្ញុំមិនប្រាកដទេថា តើវានឹងបានជោគជ័យឬអត់។ រឿងនេះសំខាន់ណាស់។ ពេលនោះ តាមប្រភពចារកម្មដែលផ្ដល់ព័ត៌មានមក ធ្វើឱ្យយើងគ្រោះថ្នាក់បាត់ទៅហើយ។ ប៉ុន្តែ ភាពនឹងនររបស់សម្ដេចពិជ័យ គឺការវិភាគសភាពការណ៍។ ខ្ញុំលើកឧទាហរណ៍។ ផ្នែកចារកម្មផ្ដល់ព័ត៌មានថា អ៊ី ឈាន កំពុងជួប តាម៉ុក នៅសណ្ឋាគារមួយ បន្ទប់ប៉ុណ្ណេះអីប៉ុណ្ណេះ។ (បើស្តាប់តាមព័ត៌មាននេះ) វាងាប់ អ៊ី ឈាន បាត់ទៅហើយ។ បើងាប់ អ៊ី ឈាន ទៅ អ្នកណាដឹកនាំប៉ៃលិន? ហើយបើប៉ៃលិនបះបោរ ផ្ដាច់ខ្លួនទៅជាមួយ តាម៉ុក វិញ ដូចដែលព័ត៌មាននោះបានផ្តល់មក តើវាគ្រោះថ្នាក់ប៉ុណ្ណា? មិនមាន អ៊ី ឈាន មក(ចូលរួម)នៅវិមានសន្ដិភាពនេះទេ។ មិនអញ្ចឹង? អ៊ី ឈាន ត្រូវបានសម្ដេចពិជ័យសេនាការពារប្ដូរផ្ដាច់។ ខ្ញុំជឿលើសម្ដេចពិជ័យ។ ព័ត៌មាន(មួយនេះ)និយាយរួម ចាក់សម្លាប់ អ៊ី ឈាន។ សុក ភាព ល្មមទេ។ អ៊ី ឈាន ទើបធ្ងន់។ ប្រសិនបើពេលនោះ យើងលុះដោយការជឿព័ត៌មានចារកម្ម ស្តីពីការឃុបឃិតរបស់ អ៊ី ឈាន ជាមួយ តាម៉ុក មិនចាំបាច់ខ្មែរក្រហមវាយយកវិញទេ គ្រាន់តែបងប្អូនប៉ៃលិនមិនធ្វើសមាហរណកម្ម ឬក៏ងាកទៅរកខ្មែរក្រហមវិញ ក៏គ្រប់គ្រាន់ដើម្បីនឹងបំផ្លាញចោលការខិតខំប្រឹងប្រែង(អនុវត្តនយោបាយឈ្នះឈ្នះ)របស់យើងដែរ។ នោះហើយជាបញ្ហាទាក់ទងនឹងការវិភាគនិងវាយតម្លៃសភាពការណ៍។ យើងបានយល់ព្រមថា អ៊ី ឈាន, សុក ភាព ជាពិសេស អ៊ី ឈាន ហ្នឹងហើយជាអ្នកដេញវាយ តាម៉ុក។ រឿងអី អ៊ី ឈាន ទៅចរចាជាមួយ តាម៉ុក កើត។ មិនអាចទៅរួចទេ។ ជាបន្តបន្ទាប់ គឺយើងបានធ្វើកិច្ចការដ៏ល្អជាមួយគ្នា។
ខ្ញុំសូមបញ្ជាក់ដែរ នៅពេលដែលព្រះរាជក្រឹត្យបានមកដល់ ខ្ញុំបានបង្ហោះសារព្រះរាជក្រឹត្យទាំងពីរនេះ។ ទូលព្រះបង្គំខ្ញុំសូមយកឱកាសនេះ អរគុណព្រះគុណចំពោះព្រះករុណាជាអង្គម្ចាស់ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនចំពោះសម្ដេចពិជ័យ ក៏ដូចជាសម្ដេច ម៉ែន សំអន។ មានខម្មិនមួយចូលមកថា បាត់(មិនឃើញការប្រទានដល់) សម្ដេច ស ខេង។ ខ្ញុំក៏បានចូលទៅឆ្លើយតបថា សម្ដេច ស ខេង ជាស៊ីវិល។ គាត់មិនពាក់ស័ក្ដិដូចជាទាហានទេ។ ការពិត នៅឆ្នាំ ១៩៩៧-១៩៩៨ សម្ដេចក្រឡាហោមបាននិយាយថា “បើសិនជាខ្ញុំពាក់ស័ក្ដិ ខ្ញុំពាក់តែស័ក្ដិ៥ ទេ។ អត់ពាក់ស័ក្ដិធំជាងហ្នឹងទេ”។ ពេលហ្នឹងយើងកំពុងតែអតិផរណាស័ក្ដិ។ សូមបញ្ជាក់ថា (៦) កុំមកព្យាយាមបំបែកផ្ទៃក្នុងគណបក្សប្រជាជន។ អ្នកឯងត្រូវចាំ។ អ្នកឯងកាន់តែបំបែកខ្ញុំ អ្នកឯងបែកខ្លួនឯង។ សូមកុំ(ចង់)បំបែកគណបក្សប្រជាជនឱ្យសោះ។ អ្នកដែលធ្លាប់បំបែកបំបាក់គណបក្សប្រជាជនទាំងប៉ុន្មាន គឺបែកខ្លួនឯងទាំងអស់។ ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ។ (អ្នកចង់បំបែកគឺ)បែកខ្លួនឯងទាំងអស់។ បក្សប៉ុន្មានហើយដែលចង់បំបែកគណបក្សប្រជាជន ប៉ុន្តែទីចុងបំផុត លទ្ធផលគឺបែកខ្លួនឯងទាំងអស់។ ខ្ញុំនឹងបន្តធ្វើនូវកិច្ចការនេះ ដោយមិនទុកឱ្យអ្នកឯងរួចខ្លួនទេ …។
ខ្ញុំសូមនិយាយរឿងនេះបន្តិចចំពោះមុខនាយទាហានទាំងឡាយនៅទីនេះ។ ខ្ញុំតែងតែនិយាយថា (៧) មេទាហានខ្លះ ពូកែជំនាញខាងការវាយលុក ប៉ុន្តែមិនពូកែខាងការទប់ទល់ទេ។ ឯនាយទាហានខ្លះ ពូកែខាងការទប់ទល់ តែមិនពូកែខាងការវាយលុកទេ។ (ពេលនោះ) ខ្ញុំត្រូវការនាយទាហានដែលមានសមត្ថភាពទាំងពីរ ទាំងវាយលុកទាំងទប់ទល់។ វាយលុកមានតម្លៃស្មើនឹងការទប់ទល់។ ការទប់ទល់មានតម្លៃស្មើនឹងការវាយលុក។ អញ្ចឹងត្រូវដើរជើងទាំងពីរ។ នៅទីនេះ បើ ហ៊ុន សែន និយាយបែបនេះ អ្នកទាំងឡាយត្រូវដឹងថា ហ៊ុន សែន មានចំណេះគ្រប់គ្រាន់ទាំងវាយលុកនិងទាំងទប់ទល់។ អ្នកត្រូវយល់ទៅលើចំណុចនេះ … ការបង្កើតទ្រឹស្ដី (៨) ការរៀបចំយុទ្ធសាស្រ្ត យុទ្ធវិធី ដូចដែលយើងប្រើប្រាស់មួយរយៈកាល ហៅថា “កម្ទេចកម្លាំងរស់ តាមរយៈចាត់តាំងទប់ទល់”។ សត្រូវមើលមិនឃើញយុទ្ធវិធីនេះទេ។
យើងដកកម្លាំងទាំងអស់មកប្រមូលផ្ដុំ តាំងពីនៅកងពល១៧៩, កងពលលេខ៦, កងពលលេខ៤ លើកលែងតែ(កងពលលេខ)១៩៦ និង៩៥ ដែលយកមកពង្រឹងនៅកំពីងពួយ និងនៅភ្នំធិបតី ក្រោយពីបាក់នៅប៉ៃលិន។ ក្រៅពីនោះ យើងប្រមូលផ្ដុំកងទ័ពឡើងវិញ។ ខ្មាំងឃើញដូច្នេះ គឺចេះតែចូលមកវាយលុក។ ចូលមកម្ដងអស់៥០, ម្ដងអស់២០ ម្ដងអស់ប៉ុណ្ណោះអស់ប៉ុណ្ណោះ។ ដល់ទៅកម្លាំងខ្សោយហើយ យើងចាប់ផ្ដើមវាយចេញទៅតែម្ដង។ រឿងនោះ មានព្រះករុណាបិតា និងហ្លួងម៉ែនៅជាសាក្សីនៅឡើយ។ ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩១ នៅឯហ្សាកាតា ព្រះអង្គមានព្រះរាជបន្ទូលថា ខ្មែរក្រហមភូតខ្ញុំ។ ខ្មែរក្រហមបាននិយាយនៅពេលសន្និសីទប៉ារីសពេលនោះថា បើកងទ័ពវៀតណាមដកចេញ រដ្ឋាភិបាល ហ៊ុន សែន ប៉ើងដូចក្រដាស។ (ព្រះករុណាបិតាមានបន្ទូល) “ប៉ុន្តែ ឯកឧត្តម មិនត្រឹមតែមិនប៉ើងទេ នៅវាយយកដីជិតអស់ហើយ”។ យើងប្រើប្រាស់យុទ្ធវិធីនេះ នៅចុងឆ្នាំ១៩៨៩ និងដើមឆ្នាំ១៩៩០ ហើយបន្តក្នុងចន្លោះចុងឆ្នាំ១៩៨៩ និងដើមឆ្នាំ១៩៩០។ យើងបានប្រើប្រាស់យុទ្ធវិធីកំទេចកម្លាំងរស់តាមរយៈការចាត់តាំងទប់ទល់។
បន្ទាប់ពីហ្នឹងទៅ យើងចាប់ផ្តើមវាយឡើង។ ពេលដែលខ្ញុំចរចាជាមួយព្រះករុណា បង្កើត SNC នៅឯទីក្រុងបាងកក សម្តេចពិជ័យ ក៏ទៅជាមួយខ្ញុំ។ ពេលនោះយើងអត់មានស្មាតហ្វូនដូចឥឡូវទេ។ ត្រូវយកវិទ្យុទាក់ទង ៧៥១ ទៅដាក់លើសណ្ឋាគារ ផ្លាហ្សា អីមួយនោះ។ ហូ សិទ្ធី នេះអ្នកកាន់វិទ្យុទាក់ទង។ ពេលចុះទៅបញ្ជានៅឯសមរភូមិ (៩) ខ្ញុំកំណត់ឱ្យ កែ កឹមយ៉ាន វាយយកស្វាយចេកឱ្យបានយ៉ាងយូរបំផុតម៉ោង៣។ ខ្ញុំត្រូវការឧត្តមភាពយោធានេះដើម្បីសង្កត់ចិត្តចរចានាពេលល្ងាចនោះ។ ប៉ុន្តែ នៅម៉ោងប្រហែល ២កន្លះ ហូ សិទ្ធី បានទៅដាស់ខ្ញុំដែលកំពុងសម្រាក ប្រាប់ថា យើងបានវាយយកស្វាយចេករួចស្រេចទៅហើយ។ ខ្ញុំបានទូលទៅព្រះករុណាថា “ពេលដែលព្រះអង្គយាងចូលទៅភូមិសេរីភាព សូមមេត្តាប្រយ័ត្នប្រយែង។ ទូលបង្គំមិនទទួលខុសត្រូវលើសន្តិសុខទេ។ ឥឡូវ កងទ័ពរបស់ទូលបង្គំកំពុងឆ្ពោះទៅថ្មពួក ដើម្បីវាយរំដោះយកថ្មពួក”។ កាលលនោះ យើងបាត់ស្វាយចេក បាត់ថ្មពួក ដោយឡែកតែភ្នំស្រុកមិនមានបញ្ហាទេ។ យើងវាយយកស្វាយចេក និងឈានឆ្ពោះទៅរកថ្មពួក ហើយក៏មិនឆ្ងាយពីភូមិសេរីភាព។ នេះគឺជាអនុស្សាវរីយ៍មួយចំនួន។
មុនទៅដល់ប្រវត្តិឋានន្តរស័ក្តិរបស់កម្ពុជា អនុញ្ញាតឱ្យខ្ញុំថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលឱ្យខ្ញុំខ្ចីវិមានសន្តិភាពធ្វើពិធីបំពាក់ឋានន្តរស័ក្តិ។ បន្តិចទៀត ខ្ញុំនឹងមានទីកន្លែងខ្លួនឯង។ កន្លែងនេះខ្ញុំកសាង តែខ្ញុំមិនបាននៅទីនេះទេ ហើយអ្នកដែលនៅទីនេះ ក៏មិនប្រាកដថានៅទីនេះបាន ១០០ឆ្នាំដែរ។ ប៉ុន្តែ យើងធ្វើទៅ។ ខ្ញុំទៅធ្វើនៅព្រឹទ្ធសភាមួយទៀត ដែលវាមិនជាធំប៉ុនវិមានសន្តិភាពទេ ក៏ប៉ុន្តែខ្ញុំនឹងមានវិមានខ្លួនឯង។ ស្នើ ឯកឧត្តម ប្រាក់ សុខុន បើទោះបីជាមកនៅរដ្ឋាភិបាល ក៏សូមបន្តធ្វើប្រធានគណៈកម្មាធិការកសាងនេះ។ ឆ្នាំក្រោយ បើថាធ្វើកម្មវិធីបែបនេះ ខ្ញុំមិនចាំបាច់ខ្ចីកន្លែងនេះធ្វើទេ។ ថ្ងៃនេះវាគាប់ជួនអញ្ចេះ។ ដំបូងគឺគ្រោងនៅព្រឹកថ្ងៃទី២៤ មីនាទេ។ អញ្ចឹងបានឥឡូវកម្មវិធីត្រូវជាន់គ្នា។ កម្មវិធីរបស់នាយករដ្ឋមន្ត្រីនៅសាលាតាខ្មៅ កំពុងតែសម្ពោធនៅហ្នឹងដែរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួនត្រូវអមដំណើរ។ នៅទីនេះគឺត្រូវធ្វើមួយទៀត។ អញ្ចឹងគ្រាន់តែទូរទស្សន៍ក៏បែងចែកគ្នាផ្សាយ។ អ្នកណាផ្សាយនៅទីនេះ អ្នកផ្សាយនៅទីនោះ ព្រោះជាន់គ្នា។ ខ្ញុំកំពុងត្រៀមទទួលយកការឈឺចាប់មួយ ដែលនឹងកើតនៅពេលខាងមុខនេះ។ ដូច្នេះ អ្វីៗត្រូវត្រៀមរៀបចំឱ្យហើយ ព្រោះពេលនោះនឹងអវត្តមានរបស់ខ្ញុំក្នុងមួយរយៈ។ រឿងនេះវាទាក់ទងជាមួយជីវិតមនុស្សក្នុងក្រុមគ្រួសារ ក៏ប៉ុន្តែគេនឹងអាចដឹងរឿងនេះក្រោយ។ ជីវិតមនុស្សវាមិនទៀងទេ កើតចាស់ឈឺស្លាប់។
ខ្ញុំនិយាយពីប្រវត្តិទាក់ទិននឹងឋានន្តរស័ក្តិទាហាននៅកម្ពុជា។ យើងបែងចែកជាដំណាក់កាល។ ដំណាក់កាលទី១ គឺពី(ការទទួលបាន)ឯករាជ្យរបស់កម្ពុជាមកដល់ឆ្នាំ១៩៧០។ ពេលនោះ បើយើងមើលនៅក្នុងខ្សែភាពយន្តឯកសារ ព្រះករុណាព្រះបិតា ព្រះអង្គពាក់តែ ឧត្តមសេនីយ៍ផ្កាយ២ ក្នុងពេលដែលព្រះអង្គធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ហើយនិងពេលដែលព្រះអង្គអុចទៀនជ័យពេលបុណ្យឯករាជ្យម្តងៗ។ ប៉ុន្តែក្រោយមក យើងឃើញមានឧត្តមសេនីយ៍ផ្សេងៗ ពាក់ផ្កាយ៣។ មិនដឹងថាតើព្រះករុណាបិតាព្រះអង្គពាក់ផ្កាយប៉ុន្មាន? យើងបានឃើញសម្តេចចក្រី ញឹក ជូឡុង បានឃើញ លន់ នល់ បានឃើញអ្នកដទៃទៀតពាក់ផ្កាយ៣ … មកដល់ឆ្នាំ១៩៧០ គឺប្រទេសកម្ពុជាមានថ្នាក់សេនាប្រមុខគឺ សេនាប្រមុខ លន់ នល់។ ហ្នឹងប្រវត្តិស័ក្តិ។ ជំនាន់ ប៉ុល ពត មិនមានស័ក្តិពាក់ទេ។ ជំនាន់រដ្ឋកម្ពុជា មកដល់ឆ្នាំ ១៩៨៧-១៩៨៨ ទើបធ្វើស័ក្តិឱ្យពាក់។ ពេលនោះតឹងតែងណាស់។ សូមជម្រាបជូន។ ថ្នាក់អនុភូមិភាគ ដូចជា ឡុង សុភាព ឱ្យពាក់តែស័ក្តិ ៤កន្លះទេ។ ប្រធានភូមិភាគឱ្យពាក់តែស័ក្តិ៥ ទេ។ ស័ក្តិដែលធំជាងគេបានតែ ហ៊ុល សាវ័ន គឺផ្កាយ១ ពេលបញ្ជូនពីភូមិភាគ៤ ទៅភូមិភាគ៥ ជំនួស ព្រំ ឌិន។ ក្រៅពីនោះទាំង ព្រំ ឌិន និង ឡុង សុភាព គឺពាក់តែស័ក្តិ៥ ទេ។ (១០) ការរៀបចំនៅពេលនោះយើងមានការតឹងតែង។ ប៉ុន្តែ ពេល(អនុវត្ត)កិច្ចព្រមព្រៀងទីក្រុងប៉ារីស ការប្រកួតប្រជែងឋានន្តរស័ក្តិបានចាប់ផ្តើមដែរ។ អ្នកដែលមកពីព្រំដែន ពីត្រីភាគី ដែលមានកងទ័ពនិងកងទ័ពរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ សុទ្ធតែផ្កាយធំៗ។ អញ្ចឹង តម្រូវឱ្យខាងក្នុងនេះដំឡើងឱ្យធំដែរ។
និយាយពីប្រវត្តិនៃការពាក់ឋានន្តរស័ក្តិរបស់ខ្ញុំ។ អាចធ្វើជាការចងចាំថា តើ ហ៊ុន សែន ពាក់ស័ក្តិពីពេលណា? ខ្ញុំធ្វើទាហានតាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ រហូតដល់ថ្ងៃទី១៨ មិថុនា ឆ្នាំ១៩៩៣ ទើបខ្ញុំពាក់ស័ក្តិ។ តើត្រូវពាក់ស័ក្តិរបៀបម៉េច? រឿងនេះពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រ ដែលខ្ញុំសូមចែករំលែកជូនអ្នកទាំងអស់គ្នានៅពេលនេះ។ (១១) ក្រោយការបោះឆ្នោត មានបញ្ហាប្រឈមច្រើនណាស់។ ក្នុងផ្ទៃក្នុងរបស់គណបក្សប្រជាជន មានអ្នកទទួលស្គាល់លទ្ធផលបោះឆ្នោត និងមានអ្នកមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ ក្នុងហ្នឹងក៏មានការបង្កើតអបគមន៍នៅប៉ុន្មានខេត្ត រួមមានព្រៃវែង ស្វាយរៀង កំពង់ចាម។ ខ្ញុំត្រូវផ្សងព្រេងគ្រោះថ្នាក់មួយ។ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ យើងបើកការប្រជុំសភា។ យ៉ាស៊ូស៊ី អាកាស៊ី បានរៀបចំឧទ្ធម្គាគចក្រមួយឲ្យខ្ញុំទៅខេត្តកំពង់ចាម ឬព្រៃវែង ឬទៅស្វាយរៀង។ ខ្ញុំថាមិនបានទេ។ ខ្ញុំឲ្យ គន់ គីម ឡើងតាមផ្លូវទឹក។ ខ្ញុំក៏ឡើងផ្លូវទឹក ដោយសារបងប្រុសរបស់ខ្ញុំកាន់កាប់ខេត្តកំពង់ចាម ត្រូវគេទៅបោកថាត្រូវធ្វើអបគមន៍ បូកជាមួយយោធភូមិភាគទី២ ដែលកាលនោះ ញឹក ហួន កាន់។
រថពាសដែករាប់សិបគ្រឿងត្រូវបានចល័តទៅដាក់ពង្រាយនៅឯអូររាំងឪ ហើយរថពាសដែកនោះហើយ ដែលយកមកទុកលាក់នៅបាភ្នំ ហើយយករថពាសដែកនោះ ធ្វើរដ្ឋប្រហារថ្ងៃ ២កក្កដា ឆ្នាំ១៩៩១។ (១២) រឿងរ៉ាវវាមិនតូចទេ ប៉ុន្តែយើងចេះសម្របសម្រួលសភាពការណ៍ដើម្បីធ្វើឲ្យសភាពការណ៍ហ្នឹងន។ បេសកកម្មរបស់ខ្ញុំ គឺត្រូវនាំព្រះអង្គម្ចាស់ចក្រពង្ស និងឯកឧត្តម ស៊ិន សុង មកថ្វាយព្រះករុណា។ ខ្ញុំធ្វើដំណើរប្រកបដោយគ្រោះថ្នាក់។ ខ្ញុំទៅតោងកំពង់ចាមភ្លាម។ ពេលដែលខ្ញុំតោងកំពង់ចាមនោះ វិទ្យុអ៊ុនតាក់ផ្សាយថា ព្រះអង្គម្ចាស់ចក្រពង្សបានចាកចេញពីព្រៃវែងទៅវៀតណាមហើយ។ ខ្ញុំក៏ធ្វើដំណើរចេញពីខេត្តកំពង់ចាមចូលមកព្រៃវែង។ ខ្ញុំបានមកជួប ស៊ិន សុង។ ខ្ញុំសូមជម្រាបរឿងនេះ។ ស៊ិន សុង ដែលជាមិត្តភក្តិកំសត់កម្រ រួមបង្កើតឈ្មោះរណសិរ្សសង្គ្រោះជាតិកម្ពុជា បានលាចាកលោកទៅហើយ។ ក្រៅពីក្រុមរបស់ខ្ញុំ មានក្រុម ស៊ិន សុង ដែលភៀសខ្លួនទៅវៀតណាមដែរ ជាមួយ ស ណូត ក៏បានឯកភាពយកឈ្មោះរណសិរ្សសង្គ្រោះជាតិកម្ពុជា។ ពេលនោះ ស៊ិន សុង មានកាំភ្លើងមួយដើមនៅហ្នឹងចង្កេះ។ ខ្ញុំអត់មានកាន់អាវុធទេ។ ខ្ញុំចូលដេកថ្ងៃនៅបន្ទប់របស់ ស៊ិន សុង។ ពេលនោះ (ស៊ិន សុង)ចូលមកក្នុងបន្ទប់។ ស៊ិន សុង ដកកាំភ្លើងម៉ាករូឡូចេញមក និងដាក់(វាទុក)។ ខ្ញុំនៅរង់ចាំព្រះអង្គម្ចាស់ចក្រពង្ស រហូតដល់ម៉ោងប្រហែលជា ៧កន្លះល្ងាច ទើបព្រះអង្គម្ចាស់ចក្រពង្សមកពីវៀតណាម ដល់ព្រៃវែង។ ខ្ញុំនាំឯកឧត្តម ស៊ិន សុង និងព្រះអង្គម្ចាស់ ចក្រពង្ស ចូលថ្វាយបង្គំគាល់ព្រះករុណានៅថ្ងៃទី១៧(មិថុនា ១៩៩៣)។
ពេលហ្នឹង ប្រហែលជាសម្តេចក្រឡាហោមនៅចាំ។ មុនខ្ញុំចូលទៅព្រះបរមរាជវាំង សម្តេចក្រឡាហោមបានមកជួបជាមួយខ្ញុំ។ មុនពេលប្រជុំសភាមួយថ្ងៃ គឺនៅ (១៣) ថ្ងៃទី១៣ ខែមិថុនា ខ្ញុំបានដឹកនាំការប្រជុំមួយនៅទីស្នាក់ការគណបក្ស ដែលក្នុងហ្នឹងបានប្រាប់ទៅសមាជិកសមាជិកាសភានៃគណបក្សប្រជាជន ៥១នាក់ បូកជាមួយថ្នាក់ដឹកនាំដទៃទៀតថាយើងត្រូវច្បាមយក ២/៣។ បើមិនច្បាមយក ២/៣ទេ គឺមហន្តរាយ ព្រោះ ហ៊្វុនស៊ិនប៉ិច បូក សឺន សាន គឺគ្រប់គ្រាន់នឹងបំផ្លាញយើងចោលហើយ។ ប៉ុន្តែ កុំភ្លេចថារដ្ឋធម្មនុញ្ញត្រូវអនុម័តដោយ ២/៣។ បើគ្មាន CPP គឺអត់(អាចធ្វើ)ទេ។ អញ្ចឹង សុខចិត្តឲ្យរដ្ឋកម្ពុជានៅបន្តអញ្ចឹង។ ខ្ញុំបានផ្តាំផ្ញើ។ ប៉ុន្តែពេលដែលទៅដល់កំពង់ចាម ខ្ញុំហត់ពេកហើយ។ ប្រជុំសភាពីព្រឹក ល្ងាចត្រូវឡើងទៅដល់កំពង់ចាម។ បានឲ្យគេកោសខ្យល់។ ស្រាប់តែវិទ្យុទាក់ទងពីភ្នំពេញមកថា បង ជា ស៊ីម បង ហេង សំរិន ឲ្យខ្ញុំត្រឡប់មកភ្នំពេញដោយសារតែមានការប្រជុំនៅទីក្រុងភ្នំពេញ។ ខ្ញុំបានឆ្លើយតបថា “នៅភ្នំពេញងាប់អស់មនុស្សហើយនៅ?”
ខ្ញុំកំពុងតែបំពេញបេសសកម្មប្រកបដោយគ្រោះថ្នាក់ បែរជាហៅខ្ញុំមកចូលវាំងប្រជុំ ព្រោះប្រជុំទាំង អ៊ុន តាក់ និង SNC។ ខ្ញុំមិនមកទេ។ ខ្ញុំនៅចាំ។ ពេលហ្នឹង បង ជា ស៊ីម និងបង ហេង សំរិន ចូលទៅប្រជុំ បានសម្រេចទៅលើគោលការណ៍ ៥០ បូក ១។ រឿងហ្នឹងហើយដែលសម្តេចក្រឡាហោម បាន(លើកឡើង)ថា ឥឡូវបើគោលការណ៍ ៥០ បូក ១ ដោះស្រាយយ៉ាងម៉េច? ថ្ងៃហ្នឹង ខ្ញុំចូលទៅគាល់ព្រះករុណា នៅខាងក្រោយកន្លែងដែលធ្លាប់ទទួលសារកាលពីពេលអតីតរដ្ឋកម្ពុជា។ ពេលនោះ ខ្ញុំបានទូលព្រះករុណាថា (១៤) ខាងទូលបង្គំមិនយល់ព្រមនឹងគោលការណ៍ ៥០ បូក ១ សម្រាប់បង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅពេលខាងមុខទេ។ ២/៣ គឺជាគំនិតរបស់គណបក្សប្រជាជនដើម្បីទប់ទល់ការបំផ្លាញ។ ហ្នឹងនិយាយប្រវត្តិសាស្ត្រថ្ងៃហ្នឹងតែម្តង។ មេយុទ្ធសាស្ត្រនៅនេះ មេបញ្ចេញគំនិតនៅនេះ។ ក្រែងលោពេលខ្ញុំស្លាប់ទៅ អ្នកមិនបានដឹងរឿងគឺមិនដឹងរឿង។
រឿងនេះ គេអាចមានទូរទស្សន៍ គ្រាន់តែថាទូរទស្សន៍ជាតិរបស់យើង មិនសូវចេះយកឯកសារទាំងឡាយមក(ប្រើប្រាស់)តែប៉ុណ្ណឹងទេ។ ដាក់មេទូរទស្សន៍មួយណាក៏នៅតែប៉ុណ្ណឹង។ វាមិនទៅមុខ។ សង្ឃឹមថា រដ្ឋមន្ត្រីព័ត៌មាននឹងធ្វើការប្រមូលយកឯកសារទាំងឡាយដែលមានពីមុនមក ជាឯកសារមានផលប្រយោជន៍។ ពេលហ្នឹងព្រះករុណាលោកបើកផ្លូវតែប៉ុណ្ណេះទេ។ លោកថា ហ្នឹងស៊ីសងលើឯកឧត្តមពិភាក្សាជាមួយភាគីដទៃ។ តែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ អញ្ចឹង បានយើងពិភាក្សាជាមួយភាគីដទៃ ប្រើប្រាស់រូបមន្ត ២/៣។ គំនិតរបស់យើងពេលនោះ បើអ្នកឯងមិនព្រមគោលការណ៍ ២/៣ ទេ ខ្ញុំមិនព្រមអនុម័តរដ្ឋធម្មនុញ្ញទេ។ ព្រោះបើអត់មាន CPP ចូលរួមអនុម័តរដ្ឋធម្មនុញ្ញ បានសេចក្តីថារដ្ឋធម្មនុញ្ញអត់ចេញរួចទេ។ អញ្ចឹងរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា និងការគ្រប់គ្រងតំបន់ដដែល គឺត្រូវបន្ត។
ថ្ងៃនេះយើងចេញអាថ៌កំបាំងយុទ្ធសាស្ត្ររបស់យើង។ ក្រោយពីថ្ងៃទី១៧ ថ្ងៃទី១៨(មិថុនា ១៩៩៣) មុនពេលដែលខ្ញុំចេញមក ខ្ញុំបានទៅជួបជាមួយបង ជា ស៊ីម។ បង ជា ស៊ីម ពេលនោះមិនទាន់សម្តេចទេ។ យើងប្រមូលផ្តុំគ្នានៅចំការមន។ ខ្ញុំក៏ទៅនៅចំការមនដែរដើម្បីងាយស្រួលកងកាពារ។ ទៅផ្ទះបាយ បងសាយ (ភូថង) ហើយអញ្ជើញ បងសាយ(ភូថង) មកផ្ទះបង ជា ស៊ីម។ បានខ្ញុំចេញពីផ្ទះ បង ជា ស៊ីម ធ្វើដំណើរមកផ្លូវសម្តេចប៉ាន គឺដំណាក់សម្តេចក្រុមព្រះ។ អញ្ចឹងភាគីរបស់ រដ្ឋកម្ពុជាពេលនោះមានខ្ញុំ មាន សុខ អាន មានប៉ុន្មាននាក់ យើងប្រជុំចង្អៀតទេ។ ប៉ុន្តែខ្ញុំចាំថា(ភាគីហ្វ៊ុនស៊ីនប៉ិចមាន)សម្តេចក្រុមព្រះ ឯកឧត្តម យូ ហុកគ្រី និងម្នាក់ទៀត ខ្ញុំចាំមិនច្បាស់កន្លែងហ្នឹង។ ខ្ញុំបានប្រាប់សម្តេចក្រុមព្រះថា (១៥) ឥឡូវអញ្ចេះដើម្បីធានាដល់ការសម្រេចបាននូវការទុកចិត្តគ្នា ដើម្បីរៀបចំរដ្ឋធម្មនុញ្ញ ទូលបង្គំស្នើថា៖ យើងត្រូវបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ រដ្ឋាភិបាលរបស់ទូលបង្គំ នឹងរលាយក្រោយពេលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ។ បង្កើតរដ្ឋាភិបាលថ្មីហើយ ទើបរដ្ឋបាលទូលបង្គំត្រូវរលាយ។ ឥឡូវទូលបង្គំសុខចិត្តរំលាយចោលរដ្ឋាភិបាលរបស់ទូលបង្គំ បង្កើតឡើងនូវរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដោយមានសហនាយករដ្ឋមន្រ្តី។ នេះជាសំណើរបស់ខ្ញុំ។
ពេលហ្នឹងយើងបានឯកភាពគ្នាបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន។ សម្តេចក្រុមព្រះឯកភាពភ្លាម។ ខ្ញុំថាបើយើងនៅតែបន្ត(មិនចុះសម្រុង) ទោះបីភាគីរបស់ព្រះអង្គមានសម្លេងឆ្នោត ៥៨កៅអី ទូលបង្គំមាន ៥១ ក៏ព្រះអង្គមិនធ្វើអីបានទេក្នុងតំបន់របស់ទូលបង្គំគ្រប់គ្រង។ អត់ធ្វើអីកើតទេ។ យើងមិនអាចទុកចិត្តគ្នាដើម្បីបង្កើតអនុម័តរដ្ឋធម្មនុញ្ញទេ។ ពេលហ្នឹងព្រះអង្គព្រម។ បន្ទាប់ទៅ យើងពិភាក្សាពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ ពេលនោះ ខ្ញុំត្រូវធ្វើជាសហរដ្ឋមន្រ្តីការពារជាតិ រណឬទ្ធិ-ហ៊ុន សែន ធ្វើរដ្ឋមន្រ្តីមហាផ្ទៃ រណឬទ្ធិ-ហ៊ុន សែន។ និយាយឲ្យអស់តែម្តងទៅបើបានជាជ្រុលនិយាយ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសតម្រូវឲ្យ អ៊ុនតាក់ ត្រួតពិនិត្យលើក្រសួង ៥ មានមហាផ្ទៃ, ព័ត៌មាន, ហិរញ្ញវត្ថុ, ការពារជាតិ និងយុត្តិធម៌។ អញ្ចឹង ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស យើងបង្កើតក្រសួងសន្តិសុខមួយទៀត។ ក្រសួងសន្តិសុខទុកឲ្យ ស៊ិន សុង កាន់។ ក្រសួងមហាផ្ទៃទុកឲ្យសម្តេចក្រឡាហោម។ ពេលហ្នឹងខ្ញុំអញ្ជើញសម្តេចក្រឡាហោមមកជួប ដើម្បីឲ្យទៅកាន់មហាផ្ទៃ។
(១៦) យើងបានបំបែកក្រសួងមួយចំនួន។ គេកំណត់ឲ្យត្រួតពិនិត្យក្រសួងមហាផ្ទៃ។ មានត្រួតពិនិត្យក្រសួងសន្តិសុខឯណា។ អញ្ចឹងទេបានបង្កើតក្រសួងហ្នឹងឡើង។ រឿងវាអញ្ចេះ។ ហ្នឹងល្បិចនៅក្នុងល្បិច។ និយាយឲ្យអស់តែម្តងទៅ។ គ្រូកិច្ចព្រមព្រៀងប៉ារីសខ្លះ មិនដឹងថាគ្រូស្អី។ អត់យល់ ដល់វាជ្រុលពេកទៅ។ យើងជាអ្នកធ្វើកិច្ចព្រមព្រៀងប៉ារីស គ្រាន់តែវិសោធនកម្មមិនដឹងប៉ុន្មានចំណុចទេ ក្នុងពេលដែលត្រីភាគីគាំទ្រដែលគ្មាន reserve គ្មានបម្រុង តែរដ្ឋកម្ពុជាមានបម្រុងទុក។ កែកន្លែងណា អីកន្លែងណា។ សូម្បីតែស្ថានភាពនៃការបោះឆ្នោត ប្រទេសធំទាំង៥ គ្រោងប្រព័ន្ធសមាមាត្រទូទាំងប្រទេស។ តែខ្ញុំមិនព្រមទេ។ ដំបូងយើងចរចានៅ Pattaya ថាខាងនោះសមាមាត្រទូទាំងប្រទេស ខាងនេះថាឯកត្តនាមសិន។ ប៉ុន្តែ ខ្ញុំហៅបង ចែម ស្ងួន មកផ្ទះ ពិគ្រោះថាធ្វើយ៉ាងម៉េច។ ថាបើសមាមាត្រទូទាំងប្រទេសដូចដែលអ៊ុនតាក់ ខ្មែរក្រហមចូលពេញសភា ព្រោះសន្លឹកឆ្នោតផ្គុំ។ អញ្ចឹងបានជា(មានប្រព័ន្ធ)សមាមាត្រតាមខេត្តនេះ។ យើងយកប្រព័ន្ធហ្នឹងទៅឯកភាពគ្នានៅ New York។
(១៧) សូមផ្តាំតកូនតចៅ យកសមាមាត្រតាមខេត្ត រក្សាសមាមាត្រតាមខេត្តទៅ។ យើងក៏កំពុងពិនិត្យដែរ។ តើយើងអាចនឹងរៀបចំគណនេយ្យភាពពីសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោត ដូចដែលរដ្ឋសភាកំពុងធ្វើទេ? ឥឡូវភូមិភាគ មិនដឹងថាអ្នកណាទៅនៅភូមិភាគណា អ្នកណាទៅនៅភូមិភាគណា ព្រោះភូមិភាគមួយមាន៤ ទៅ៥ ខេត្ត។ អញ្ចឹង តើគួររៀបចំជាមណ្ឌលបោះឆ្នោតព្រឹទ្ធសភា ដែលត្រូវធ្វើការកែទម្រង់ឲ្យទៅជាមួយមណ្ឌលបេក្ខភាពមួយប៉ុន្មាននាក់អញ្ចឹងទៅ រៀប ២៥មណ្ឌល ឧទាហរណ៍ទេ។ យើងសិក្សា។ យើងសិក្សាបញ្ហាហ្នឹង។ ពេលដែលខ្ញុំទៅព្រឹទ្ធសភា បានខ្ញុំដឹងថា សមាជិកព្រឹទ្ធសភាពមិនដឹងថាអ្នកណាចុះទៅត្រង់ណា អ្នកណាចុះទៅត្រង់ណាទេ។ អញ្ចឹង យើងក៏ត្រូវសិក្សាពីកិច្ចការហ្នឹងដែរ កែប្រព័ន្ធដើម្បីឲ្យសមាជិកសភាមួយៗ មានគណនេយ្យភាពជាមួយនឹងអង្គបោះឆ្នោត។ បើមិនអញ្ចឹងអង្គុយស៊ីប្រាក់ខែនៅហ្នឹង អត់មានទៅជួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើផ្លូវអីមួយបន្តិច ធ្វើទំនប់មួយ ឬក៏ជួយបូមទឹកទេ។ ខ្ញុំគិតថាត្រូវតែធ្វើ។
បកមកដល់ត្រឹមវគ្គឯកភាពគ្នាហើយ។ សម្តេចក្រុមព្រះនិងខ្ញុំឯកភាពគ្នា។ យើងចរចាគ្នាប្រហែលជាម៉ោង៣ រហូតដល់ម៉ោង៥ ជាង។ ខ្ញុំត្រឡប់ទៅវិញ។ ខ្ញុំចូលរាយការណ៍ឲ្យបង ជា ស៊ីម ព្រោះផ្ទះនៅមិនឆ្ងាយពីគ្នាទេ។ យើងបានឯកភាពគ្នា។ ស្រាប់តែម៉ោងប្រហែលជា ១០យប់ យើងទទួលព័ត៌មានពីព្រះបរមរាជវាំងមកថាសម្តេច ជា ស៊ីម មិនឯកភាពជាមួយនឹងអ្វីដែលលោក ហ៊ុន សែន ជាមួយព្រះអង្គម្ចាស់ រណឬទ្ធិ (បានឯកភាពគ្នាទេ)។ ពេលហ្នឹងអត់មានស្តេចក្រុមឃុន សម្តេចក្រុមលួង ស្តេចក្រុមព្រះអីទេ នៅជាព្រះអង្គម្ចាស់ទេ។ យើងទទួលពីក្នុងវាំងមកវិញ។ អ្នកដែលជូនសារឲ្យយើងគឺអតីតអគ្គរដ្ឋទូតបារាំងឈ្មោះ Philippe Coste បានជូនសារមកតាមលោកឧកញ៉ា ហួត វ៉ាន់ថន ថា នៅព្រះបរមរាជវាំងមានការលើកឡើងបែបនេះ។
ខ្ញុំក៏មិនដឹងថាតើត្រូវដោះស្រាយរបៀបម៉េច។ វិធីមានតែមួយ។ ខ្ញុំបានជូនសារទៅតាមបង ហួត វ៉ាន់ថន ដើម្បីជូនសារទៅអគ្គរដ្ឋទូតបារាំង និងទូលថ្វាយទៅព្រះករុណាថា តើខ្ញុំនិងបងជា ស៊ីម ទៅជាមួយគ្នាបានដែរឬអត់? មានតែវិធីហ្នឹងទេ ព្រោះមានអ្នកទៅបំភាន់ថាអត់ត្រូវគ្នាទេ។ និយាយរួមត្រូវគ្នា តែ(ថា)បង ជា ស៊ីម ជាអ្នកជំទាស់។ ពេលហ្នឹងហើយដែលមានការហៅបង ជា ស៊ីម ថាក្បាលរឹង។ ឯក្បាលទន់ គឺ ហ៊ុន សែន។ វាទៅជាអញ្ចេះ។ ដំណាក់កាលវាខុសគ្នា។ ពីមុន (១៨) គេបែងចែកក្រុមបង ជា ស៊ីម, ស ខេង អីហ្នឹងជាក្រុមក្បាលរឹង។ ក្រុមក្បាលទន់គឺក្រុម ហ៊ុន សែន។ ក្រោយមក ទៅជាក្រុម ស ខេង ជា ស៊ីម ជាក្រុមក្បាលទន់ ហើយក្រុម ហ៊ុន សែន ជាក្បាលរឹងទៅវិញ។ ហ្នឹងគេថាទៅតាមកាលៈទេសៈ។ អ្នកឯងលោតខុសចង្វាក់។ ខាងនេះអត់ទេ រាំស្លូ រាំក្បាច់ រាំត្រូវក្បួនខ្លាំងណាស់។ អ្នកឯងមើលមិនស្គាល់ទេ។ ពេលហ្នឹងបានទទួលព្រះរាជានុញ្ញាត។ សូមចាំគឺនៅថ្ងៃទី១៨ ខែ មិថុនា (១៩៩៣) គឺជាខួបចម្រើនព្រះជន្មព្រះវស្សាហ្លួងម៉ែ។ ពេលហ្នឹងកំពុងមានពិធីជប់លៀងមួយនៅឯភោជនីយ៍។ ខ្ញុំនិងបង ជា ស៊ីម បានទៅដល់។ (ប៉ុន្ដែ)យើងអត់បានដឹងរឿងពិធីជប់លៀងទេ។ យើងមានស្លៀកពាក់អីត្រឹមត្រូវ។ ទៅដល់ ព្រះករុណាក៏បានឲ្យបង ជា ស៊ីម អង្គុយស្ដាំព្រះហស្ថព្រះអង្គ។ ហ្លួងម៉ែ និងព្រះករុណា អាកាស៊ី ក៏អង្គុយនៅនឹងតុនឹងដែរ។ ឯ ខ្ញុំ និង សម្ដេច ក្រុមព្រះ ត្រូវអង្គុយទល់មុខគ្នា។
ពេលហ្នឹង ព្រះករុណាបានសួរថា «ខ្ញុំលឺថា ឯកឧត្តម ជា ស៊ឹម» ព្រោះព្រះករុណាលោកមិនហៅ “ឯកឧត្តម ជា ស៊ីម” ទេ ជំទាស់ជាមួយនឹងការដែល ទ្រង់ រណឫទ្ធិ និង ឯកឧត្តម ហ៊ុន សែន បានឯកភាពគ្នា។ តើអញ្ចឹងមែនឬទេ? បង ជា ស៊ីម បញ្ជាក់ថា អត់ទេ។ ទូលបង្គំគាំទ្រ។ ដល់ទៅអញ្ចឹង ព្រះករុណា លោកបានទទួលរបាយការណ៍ ពីព្រះអង្គម្ចាស់រណឬទ្ធិ ហើយ ប៉ុន្ដែលោកចង់ស្ដាប់ខ្ញុំថា តើការព្រមព្រៀងវា(មាន)ស្អីខ្លះ? ខ្ញុំទូលថ្វាយព្រះករុណា ថា ការព្រមព្រៀងនោះ ទី១ គឺរដ្ឋាភិបាលទូលបង្គំត្រូវបញ្ឈប់ ហើយជំនួសមកវិញដោយរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលមានសហនាយករដ្ឋមន្ដ្រី គឺព្រះអង្គម្ចាស់ រណឫទ្ធិ និងទូលបង្គំ ធ្វើជាសហនាយករដ្ឋមន្ដ្រី។ ក្រៅពីនោះក៏នឹងធ្វើជាសហរដ្ឋមន្ដ្រីការពារជាតិ និងមហាផ្ទៃ។ ឯការស្រុះស្រួលក្នុងកងទ័ព គឺប្រគល់ឲ្យឯកឧត្តម កែ គឹមយ៉ាន ជានាយអគ្គសេនាធិការ និង ឯកឧត្តម ញឹក ប៊ុនឆៃ ជានាយអគ្គសេនាធិការរង និងមានអគ្គសេនាធិការរងមួយចំនួនទៀត។ ប៉ុន្តែអ្នកទីមួយគឺ កែ គឹមយ៉ាន និងអ្នកទីពីរគឺ ញឹក ប៊ុនឆៃ។ មុនពេលដែលខ្ញុំចេញទៅ ប៉ុល សារឿន នៅជានាយអគ្គសេនាធិការ បានប្រាប់ខ្ញុំថា “បងកុំគិតពីខ្ញុំ។ គិតពីអ្វីដែលត្រូវធ្វើ”។ អញ្ចឹងបានជាខ្ញុំសម្រេចយក កែ គឹមយ៉ាន ធ្វើនាយអគ្គសេនាធិការ។ ក្រោយមកក៏មានសហអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធគឺសម្ដេចក្រុមព្រះ និងខ្ញុំ។ សហអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ ខុសពីសហអគ្គបញ្ជាការកងយោធពល ព្រោះកងកម្លាំងប្រដាប់អាវុធគ្របដណ្ដប់ទាំងទាហ៊ាន និងកងកម្លាំងប្រជាប់អាវុធទាំងអស់។
ពេលដែលព្រះករុណាលោកបានជ្រាបរឿងហើយ ខ្ញុំក៏បាននិយាយនឹងព្រះករុណាថា ឥឡូវទូលបង្គំចូលធ្វើរដ្ឋមន្ដ្រីការពារជាតិ ប៉ុន្ដែអត់មានសក្ដិពាក់ទេ។ លឺថាសម្ដេចក្រុមព្រះមានសក្ដិពាក់។ (ខ្ញុំនិយាយលេងទេពេលហ្នឹង)។ រឿងនឹងនិយាយបកក្រោយបន្ដិច។ ក្នុងពេលដែលខាងរដ្ឋកម្ពុជាតម្រឹមស័ក្ដិ នៅឯខាងត្រីភាគីនៅដីថៃ ស័ក្ដិមានអស់ទៅហើយ។ ក្នុងហ្នឹង សម្ដេចក្រុមព្រះជា Général Hors Classe គឺនាយឧត្តមសេនីយ៍ផុតលេខហ្នឹងឯង។ (១៩) ព្រះករុណា ក៏លោកសួរមកខ្ញុំថា “ឯកឧត្តម ហ៊ុន សែន! បើខ្ញុំប្រទាន Général Hors Classe ឲ្យឯកឧត្តម តើឯកឧត្តមទទួលទេ? ខ្ញុំថា “អរព្រះគុណព្រះអង្គ”។ លោកក៏បានងាកទៅសួរបង ជា ស៊ីម ថា “ឯកឧត្តម ជា ស៊ីម បើខ្ញុំប្រទានឲ្យឯកឧត្តម Général Hors Classe តើឯកឧត្តមទទួលទេ?”។ (បង ជា ស៊ីម ) ទទួលអរព្រះគុណ។ ព្រឹកឡើង ក៏មានចេញព្រះរាជក្រឹត្យ ថ្ងៃទី១៩ ខែមិថុនា(១៩៩៣)មក ៣នាក់ គឺ បង ជា ស៊ីម បង ហេង សំរិន និង ខ្ញុំ ជាឧត្តមសេនីយ៍ផុតលេខ។ ព្រះអង្គចេញជាភាសាបារាំង។ សូម្បី គោរមងាររបស់ខ្ញុំជា «សម្ដេច» ពីដំបូង ក៏អត់មានព្រះរាជក្រឹត្យជាភាសាខ្មែរទេ។ ជាព្រះរាជក្រឹត្យផ្ទាល់ព្រះហស្ថ។ អញ្ចឹងបានអត់មានព្រះរាជក្រឹត្យ។ យើងមកជជែកគ្នានៅទីស្ដីការគណៈរដ្ឋមន្ដ្រីចាស់ពីអតិផរណាស័ក្ដិគឺចូលដល់ឆ្នាំ១៩៩៤។ អញ្ចឹងយកការស្រុះស្រួលគ្នាមួយ គឺកាត់មួយស័ក្ដិម្នាក់ពីផ្កាយ៥ មកផ្កាយ៤ ផ្កាយ ពីផ្កាយ៤ មកផ្កាយ៣។ ចុះមួយស័ក្ដិម្នាក់ទាំងអស់។ ឆ្នាំ១៩៩៤ យើងបានអនុវត្ដគោលការណ៍ហ្នឹង។ ហេតុហ្នឹងហើយបានជាពីផ្កាយ ៥ ខ្ញុំមកនៅផ្កាយ៤ វិញ។
តើខ្ញុំឡើងផ្កាយ៥ នេះពីពេលណាមកវិញ? … រឿងទាំងអស់នេះ ព្រះករុណាព្រះអង្គធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ២លើក។ ទី១ កាលពីមុន ខ្ញុំមានគោរមងារជាសម្ដេចទេ។ ប៉ុន្តែក្រោយមក ព្រះអង្គបានឱ្យសម្ដេចចៅហ្វាវាំងនិមន្តព្រះសង្ឃរាជពិភាក្សាតើអ្នកណាយកគោរមងារអី? បានជាចេញសម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចធម្មពោធិសាល សម្ដេចពញាចក្រី។ ពេលហ្នឹង សម្ដេចព្រះសង្ឃរាជប្រើពាក្យត្រឹមមហាទេ តែព្រះករុណាអង្គឯងថែមអគ្គមហា អីអញ្ចឹងទៅ។ យើងអត់បានដឹងទេ។ ស្រាប់មានព្រះរាជក្រឹត្យប្រកាស។ ក្រោយមក ផ្កាយមាស៥ ត្រូវបានដំឡើងជូន ៣នាក់។ យើងអត់បានដឹងទៀត។ នេះជាព្រះរាជទាន មិនមែនជាសំណើទេ។ អ្នកណាសុខៗទៅស្នើស័ក្តិពាក់ខ្លួនឯង។ អត់ទេ។ (២០) ឆ្នាំ២០០៧ ដដែល គឺព្រះអង្គព្រះរាជទាននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សាជាថ្មីម្ដងទៀត។ ប៉ុន្តែ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មិនត្រូវបានប្រគល់អោយសម្ដេចក្រុមព្រះទេ នៅតែជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ព្រោះត្រូវបានបញ្ចុះស័ក្តិម្ដងហើយ មិនត្រូវបានតម្លើងមកវិញ។ ប៉ុន្តែនៅក្នុងជួរកងទ័ពពេលហ្នឹង ចាប់ផ្ដើមរកអត្តលេខសម្ដេចក្រុមព្រះ០០០០១ ឯខ្ញុំ០០០០២។ ហ្នឹងអត្តលេខ។ ចំណាំ។ កុំអ្នកណាយកទៅពាក់។ ចាំខ្ញុំស្លាប់សិនចាំយក។ ឥឡូវ០០០០១ ប្រហែលជាមិនទាន់មានអ្នកណាទេ។ គួរតែទុកអោយ២ នាក់ហ្នឹងចុះ។ សម្ដេចក្រុមព្រះនិងខ្ញុំ។ មិនដឹងបង ជា ស៊ីម និងបង ហេង សំរិន លេខប៉ុន្មាន ប៉ុន្តែដឹងតែខ្ញុំ ០០០០២ សម្ដេចក្រុមព្រះ ០០០០១។ សូន្យប៉ុន្មានដងឯណោះព្រោះទ័ពយើងរាប់ម៉ឺននាក់។
មកដល់ពេលនេះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ គឺមាន២រូប។ ទី១ គឺខ្ញុំដែលកំពុងឈរនៅទីនេះ និងទី២ គឺសម្ដេច ហេង សំរិន។ ថ្ងៃនេះ យើងនឹងមាននាយឧត្តមសេនីយ៍ផ្កាយមាស៥ ចំនួន ២រូបទៀតគឺសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេច ម៉ែន សំអន។ ខ្ញុំពិតជាមានមោទនភាពរីករាយ ដោយឥស្សរជនទាំងពីរទទួលបានពីព្រះមហាក្សត្រនូវការព្រះរាជទានឋានន្តរស័ក្តិនេះ ដែលជាការឆ្លើយតបចំពោះគុណបំណាច់ដែលបានធ្វើកិច្ចការបម្រើជាតិ។ បើនិយាយពីរាជានិយម មកដល់ពេលនេះ សម្ដេចទាំងពីរក៏ជាអ្នករួមចំណែកទៅលើការបង្កើតរាជានិយមឡើងវិញ ទាំងដំណាក់កាលនៃការចាប់ផ្ដើមចរចា ការធ្វើរដ្ឋធម្មនុញ្ញ និងការការពារព្រះមហាក្សត្ររហូតដល់ពេលនេះ។ បាវចនាជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានធ្វើទាំងអស់។ ដូច្នេះស័ក្តិសម។ ខ្ញុំសូមថ្លែងនូវការកោតសរសើរ អរគុណចំពោះ (២១)ឥស្សរជនទាំងពីរដែលបានជួយខ្ញុំ រួមដំណើរជាមួយខ្ញុំ និងឥរស្សជនដទៃទៀតរបស់គណបក្សប្រជាជន ក៏ដូចជារាជរដ្ឋាភិបាល ក្នុងរយៈពេលដ៏យូរ។
ការនៅជាមួយគ្នា នៅលើពិភពលោក តើមានបក្សប៉ុន្មានដែលមានលទ្ធភាពធ្វើបានប៉ុនគណបក្សប្រជាជនកម្ពុជា។ ៥ក្រុម រួមគ្នាបង្កើតបានជាមួយក្រុម រួមរស់នៅជាមួយគ្នា ៤៨ឆ្នាំ។ តើមានបក្សណានៅលើពិភពលោក ឬនៅកម្ពុជាអាចធ្វើបានបែបនេះ។ ខ្ញុំសុំនិយាយម្ដងទៀត កុំព្យាយាមបំបែកបំបាក់គណបក្សប្រជាជន។ អ្នកកាន់តែធ្វើអ្នកកាន់តែគ្រោះថ្នាក់ខ្លួនឯង។ ត្រូវដឹង។ ពេលដែលគេវាយយើងៗ ត្រូវតែវាយចំណុចខ្សោយរបស់គេ នៅកន្លែងណាមួយ។ អ្នកត្រូវចាំ។ យកល្អទុកអោយទៅតាមដំណើរធម្មជាតិទៅ។ ពួកអ្នកឯងគ្មានសមត្ថភាពទេ។ ផ្ទុយទៅវិញ ពួកអ្នកឯងបែកខ្លួនឯង មិនចាំបាច់ខ្ញុំទៅបំបែក។ ពេលណាដែលគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលរឹង ពេលនោះហើយដែលសត្រូវរបស់យើងត្រូវបែកបាក់ដោយខ្លួនឯង។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមនៅទីនេះ។
ជូនពរសម្ដេចទាំងពីរ និងអង្គពិធី សូមជួបប្រទះតែសេចក្ដីសុខសេចក្ដីចំរើន ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ បើទោះបីជាពេលនោះ ខ្ញុំប្រហែលជាមិនបានទទួលការសប្បាយរីករាយ ត្បិតប្រហែលជាពេលវេលានៃការកាន់ទុក្ខក៏ដោយ។ នេះគឺជាការជូនដំណឹងខ្លះ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានសេចក្ដីសុខ សេចក្ដីចំរើនជាមួយនឹងពុទ្ធពរ និងពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕