Grand News Asia Close

បុណ្យចូលឆ្នាំចិនឆ្នាំរោង៖ តើសត្វនាគតំណាងឱ្យអ្វីក្នុងវប្បធម៌ចិន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 1219
បុណ្យចូលឆ្នាំចិនឆ្នាំរោង៖ តើសត្វនាគតំណាងឱ្យអ្វីក្នុងវប្បធម៌ចិន? បុណ្យចូលឆ្នាំចិនឆ្នាំរោង៖ តើសត្វនាគតំណាងឱ្យអ្វីក្នុងវប្បធម៌ចិន?

(ប៉េកាំង)៖ សត្វនាគបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌ និងអរិយធម៌ចិនដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា «វប្បធម៌សត្វនាគ» ដែលមានលក្ខណៈពិសេសរបស់ចិនទៀតផង។

ដោយសារវប្បធម៌សត្វនាគ បានជ្រាបចូលជីវភាពរស់នៅរបស់ប្រជាជនចិន អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ អាស្រ័យហេតុនេះ មកទល់បច្ចុប្បន្នជនជាតិចិន នៅតែហៅខ្លួនឯងថាជា «ទាយាទសត្វនាគ»។

កាលពីរាប់ពាន់ឆ្នាំមុន កុលសម្ព័ន្ធជនជាតិហួរសៀ ( ជនជាតិចិនបច្ចុប្បន្ន ) ដែលរស់នៅតាមបណ្តោយទន្លេលឿង បានគោរពបូជាសត្វពស់ជាតូតឹម ( totem ) របស់ខ្លួន។ ក្រោយមកកុលសម្ព័ន្ធជនជាតិហួរសៀ បានបង្រួបបង្រួមកុលសម្ព័ន្ធដទៃទៀត ហើយក៏ស្រូបយកតូតឹមរបស់កុលសម្ព័ន្ធដទៃ បង្កើតបានជារូបសញ្ញាសត្វនាគដែលមានខ្លួនពស់ ក្បាលជ្រូក ស្នែងប្រើស ត្រចៀកគោ ពុកមាត់ពពែ ក្រញ៉ាំឥន្ទ្រី និងស្រកាត្រី ដូចជារូបសត្វនាគដែលយើងបានឃើញបច្ចុប្បន្ន។

តាំងពីដើមមក នាគចិនបានតំណាងឱ្យសិរីសួស្តី, អំណាច, សេចក្តីថ្លៃថ្នូរ, សំណាងល្អ, បញ្ញា, ថាមពល និងភាពអង់អាចក្លាហាន។ល។

ក្នុងសម័យបុរាណចិន សត្វនាគជាសញ្ញាសម្គាល់នៃព្រះរាជវង្សានុវង្ស ដែលបង្ហាញពីឫទ្ធានុភាពនិងកិត្យានុភាពស្តេចផែនដី ហើយព្រះចៅផែនដីតែងហៅខ្លួនឯងថាជា «នាគរាជចុះពីឋានសួគ៌» អាស្រ័យហេតុនេះ មានតែស្តេចផែនដីនិងព្រះរាជវង្សានុវង្ស ប៉ុណ្ណោះដែលអាចប្រើរូបសញ្ញាសត្វនាគ ដូចជាការប៉ាក់រូបនាគនៅលើព្រះពស្ត្រា ការដាក់បញ្ជូលធាតុនាគទៅក្នុងរចនាបថសំណង់ របស់របរប្រើប្រាស់នៅក្នុងព្រះរាជដំណាក់ និងផ្សេងៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងរាជបល្ល័ង្ក ដែលជាការស្តែងពីឫទ្ធានុភាព របស់អ្នកគ្រប់គ្រងផែនដី ។

ក្នុងសម័យបច្ចុប្បន្ន រូបសត្វនាគត្រូវបានប្រជាជនចិន ប្រើប្រាស់ជាទូទៅ ពោលគឺលែងជា «កម្មសិទ្ធិផ្តាច់មុខ» របស់នរណាទៀតឡើយ ។ ប្រជាជនចិនជឿជាក់ថា សត្វនាគអាចនាំមកនូវសិរីមង្គលនិងសំណាងល្អ ដូចនេះ ទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងពិធីសំខាន់ៗ គេតែងឃើញមានវត្តមាននៃរូបសត្វនាគនៅលើសម្ភារៈផ្សេងៗ។

ក្នុងពិធីអាពាហ៍ពិពាហ៍ រូបនាគនិងហង្សជារបស់មិនអាចខ្វះបាន ព្រោះសត្វនាគតំណាងឱ្យកូនប្រុស ឯសត្វហង្សតំណាងឱ្យកូនស្រី ដែលនាំមកនូវសិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មី ហើយនេះក៏ជាការរំលេចពីវប្បធម៌ចិនដែលជនជាតិចិន តែងហៅខ្លួនឯងថាជា «ទាយាទសត្វនាគ» ផងដែរ។

ក្នុងអក្សរសិល្ប៍ចិន ពាក្យ «នាគ» ត្រូវបានប្រើប្រាស់គួបផ្សំជាមួយនឹងពាក្យជាច្រើន បង្កើតជាកន្សោមពាក្យ ដែលប្រៀបធៀបអំពីរឿងរ៉ាវផ្សេងៗ ពិសេសតំណាងឱ្យភាពខ្លាំងក្លា, រឹងមាំ, ឫទ្ធានុភាព និងស្មារតីអង់អាចក្លាហានជាដើម ដែលជាធាតុផ្សំដ៏សំខាន់នៃអក្សរសិស្ប៍ដែលត្រូវបានប្រជាជនចិន និងអ្នករៀនសូត្រអក្សរចិនប្រើប្រាស់យ៉ាងទូលំទូលាយ។

គិតតាមប្រតិទិនចន្ទគតិចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះត្រូវជាឆ្នាំរោង ដូចនេះ ប្រជាជនចិនដែលមានវប្បធម៌សត្វនាគដ៏សម្បូរបែប និងមានមនោសញ្ចេតនាដ៏ពិសេស ចំពោះសត្វនាគជឿជាក់ថា ក្នុងឆ្នាំថ្មីនេះ ប្រទេសជាតិនឹងរឹតតែរុងរឿងថ្កុំថ្កើង មានសុខសន្តិភាព ប្រជាជនរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពក្សេមក្សាន្ត។

អ្វីដែលគួរបញ្ជាក់ផងដែរគឺថា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានសម្រេចចិត្តជាឯកច្ឆន្ទ ដោយកំណត់យកថ្ងៃបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំចិន) ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ។ តំណាងប្រទេសចិនបានថ្លែងថា «ក្នុងនាមជាថ្ងៃបុណ្យប្រពៃណីសំខាន់បំផុតរបស់ចិន បុណ្យចូលឆ្នាំចិនមិនត្រឹមតែជាឱកាស សម្រាប់ការជួបជុំគ្រួសារ និងទទួលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាការបន្តវេននូវទស្សនៈសន្តិភាព ភាពសុខដុមរមនានិងភាពចុះចម្រុងគ្នា ជាដើមដែលជាអរិយធម៌ចិន ហើយវាក៏ជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ដែលបង្ហាញពីសុខដុមនីយកម្មនៃក្រុមគ្រួសារ , សង្គមដែលប្រកបដោយបរិយាបន្ន និងការរស់នៅដោយចុះចម្រុងគ្នា រវាងមនុស្សជាតិនិងធម្មជាតិ។ ប្រទេសជាច្រើនបានកំណត់យក ថ្ងៃបុណ្យចូលឆ្នាំចិនជាថ្ងៃឈប់សម្រាកតាមច្បាប់ ហើយបច្ចុប្បន្នមានប្រជាជនប្រមាណមួយភាគប្រាំ នៅលើពិភពលោកបានអបអរថ្ងៃបុណ្យចូលឆ្នាំចិន តាមទម្រង់ខុសៗគ្នា ។»

ជាការពិតណាស់ ការផ្លាស់ប្តូរវប្បធម៌និងអរិយធម៌ជាមធ្យោបាយដ៏សំខាន់មួយ សម្រាប់ការយល់ដឹងអំពីប្រពៃណី និងទំនៀមទម្លាប់នៃប្រទេសមួយ ហើយក៏ជាវិធីសាស្ត្រដ៏ល្អសម្រាប់ការប្រាស្រ័យទាក់ទង នៃជាតិសាសន៍ទីទៃគ្នាផងដែរ ។ ការរៀនសូត្រនិងទទួលយកវប្បធម៌ និងអរិយធម៌ល្អៗទៅវិញទៅមក ពិសេសបុណ្យចូលឆ្នាំថ្មីដែលជានិមិត្តរូប នៃវប្បធម៌នៃជាតិសាសន៍នីមួយៗ នឹងអាចធ្វើឱ្យវប្បធម៌និងអរិយធម៌ទីទៃគ្នា មានភាពបរិយាបន្នទៅវិញទៅមក និងឈានដល់ភាពសុខដុមនីយកម្មនៃអរិយធម៌សកល ដែលជាបំណងប្រាថ្នារួមរបស់មនុស្សជាតិយើង៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទទាក់ទង