Grand News Asia Close

ក្រុមហ៊ុន Excellent Associates Group Limited បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 371
ក្រុមហ៊ុន Excellent Associates Group Limited បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្រុមហ៊ុន Excellent Associates Group Limited បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
 
នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន។
 
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែលរួមមា​ន​ ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត​ ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។
 
ជាការឆ្លើយតប សម្តេចបវរធិបតី បានបង្ហាញក្តីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី​ បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ​ និង​វិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។​ ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម​ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែបធម្មជាតិ និងជីគីមី ជាដើម។
 

អត្ថបទទាក់ទង