Grand News Asia Close

ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ សង្រ្គាមបែបគណិតវិទ្យារបស់អ៉ីរ៉ង់៖ ដ្រូន ២០ ០០០ដុល្លារ ប្រយុទ្ធជាមួយមីស៊ីល Patriot ៤លានដុល្លារ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ប្រភពផ្សេងៗ ព័ត៌មានជាតិ 1013
ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ សង្រ្គាមបែបគណិតវិទ្យារបស់អ៉ីរ៉ង់៖ ដ្រូន ២០ ០០០ដុល្លារ ប្រយុទ្ធជាមួយមីស៊ីល Patriot ៤លានដុល្លារ ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ សង្រ្គាមបែបគណិតវិទ្យារបស់អ៉ីរ៉ង់៖ ដ្រូន ២០ ០០០ដុល្លារ ប្រយុទ្ធជាមួយមីស៊ីល Patriot ៤លានដុល្លារ

(វ៉ាស៊ីនតោន)៖ រយៈពេល៣ថ្ងៃមកនេះ សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់បានក្លាយជាទៅជាសង្រ្គាមមួយដែលគូភាគីម្ខាងៗបានព្យាយាមវាយបំបាក់កម្លាំង និងធនធាន គ្នាទៅវិញទៅមកបន្តិចម្ដងៗ។ ការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់របស់អ៉ីរ៉ង់ បាន និងកំពុងដាក់សម្ពាធលើប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក និងប្រទេសជាដៃគូ រាប់ពីបារ៉ែន រហូតដល់អេមីរ៉ាតអារ៉ាប់រួម ដើម្បីឱ្យស្ដុកអាវុធថយចុះ។ លទ្ធផលនៃការប្រយុទ្ធគ្នាគឺអាស្រ័យលើថាតើភាគីណាមួយអស់គ្រាប់មុន។

ដ្រូនប្រយុទ្ធអ៉ីរ៉ង់ Shahed-136 បានបន្តវាយប្រហារលើគោលដៅនៅទូទាំងតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃចន្ទ និងចូលដល់ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦។ ប៉ុន្មានថ្ងៃមកនេះ អ៉ីរ៉ង់បានបាញ់ដ្រូន​ និងមីស៊ីលវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ហេដ្ឋារចនាសម្ព័ន្ធប្រេង និងអគារស៊ីវិល ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនដោយសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីកំពូលៗរបស់អ៉ីរ៉ងជាច្រើននាក់។ តាមអេមីរ៉ាតអារ៉ាប់រួម ប្រព័ន្ធការពារដែនអាកាសផលិតដោយ សហរដ្ឋអាមេរិក Patriot បានបាញ់ស្ទាក់កម្ទេចដ្រូន Shaheds និងមីស៊ីលរបស់អ៉ីរ៉ង់មួយផ្នែកធំបានដោយជោគជ័យ ពោលគឺអត្រាស្ទាក់ចាប់ជោគជ័យមានដល់ទៅ៩០ភាគរយ។ ប៉ុន្តែ ការប្រើ គ្រាប់មីស៊ីលមួយគ្រាប់មានតម្លៃ ៤លានដុល្លារ ទៅបាញ់កម្ទេចដ្រូនមួយគ្រឿងមានតម្លៃ ២០ ០០០ដុល្លារ វាជាបញ្ហាមួយដែលបានបង្កភាពស្មុគស្មាញដល់អ្នករៀបចំផែនការយោធា នៃក្រុមប្រទេសលោកខាងលិចចាប់តាំងពីដើមទីនៃសង្រ្គាមអ៊ុយក្រែនមកម្ល៉េះ នោះគឺ «អាវុធមានតម្លៃថោកអាចបំផ្លាញធនធានដែលត្រៀមទុកសម្រាប់ទប់ទល់នឹងការគំរាមកំហែងធំៗ ដូចជាមីស៊ីលជាដើម»។

ក្នុងន័យនេះប្រសិនបើសង្រ្គាមនៅតែបន្តដូចសព្វថ្ងៃ អ៉ីរ៉ង់ ឬសហរដ្ឋអាមេរិកអាចប្រឈមមុខនឹងការខ្វះខាតគ្រាប់ក្នុងពេលប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខ។ ថាតើនរណាអាចទ្រំាបានយូរជាង នឹងក្លាយជា អ្នកមានប្រៀបយ៉ាងពិតប្រាកដ។ ក្រុម Proxy ឬចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ត្រូវបានអ៉ីស្រាអែលសំពងយ៉ាងចាស់ដៃក្នុងសង្រ្គាមហ្កាហ្សា ហើយសមត្ថភាពមីស៊ីលរបស់អ៉ីរ៉ង់ក៏រងការខូចខាត ដោយសារតែការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលក្នុងសង្រ្គាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ដែរ។ ចាប់តាំងពីនោះមក អ៉ីរ៉ង់បានចាប់ផ្ដើមព្រមានជារឿយៗពីផលវិបាក និងការខាតបង់ នៃការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក ពីព្រោះអ៉ីរ៉ង់ដឹងថាប្រទេសអារ៉ាប់ដែលគាំទ្រលោក ត្រាំមិនចង់ជាប់ផុងក្នុងសង្រ្គាមនោះទេ។ ជាក់ស្ដែង មុននឹងស្លាប់ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ធ្លាប់បានព្រមានថាការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់នឹងបង្កទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។

លោកស្រី Kelly Grieco ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Stimson Center បាននិយាយថា «យុទ្ធសាស្ត្របំបាក់កម្លាំងសត្រូវឱ្យចុះខ្សោយបន្តិចម្ដងៗជាមធ្យោបាយល្អមួយក្នុងការគិតរបស់អ៉ីរ៉ង់។ ដ្បិតពួកគេបានគណនាថាកាលណាប្រព័ន្ធការពារដែនអាកាសអាចនឹងអស់ ឬថយចុះគ្រាប់មីស៊ីល វានឹងធ្វើឱ្យឆន្ទៈនយោបាយរបស់បណ្ដាប្រទេសអារ៉ាប់ចុះខ្សោយ ហើយជំរុញឱ្យពួកគេដាក់សម្ពាធលើ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលឱ្យបញ្ឈប់ប្រតិបត្តិការ មុននឹងអ៉ីរ៉ង់ខ្លួនឯងអស់គ្រាប់មីស៊ីល ឬដ្រូន»។ ការវិភាគផ្ទៃក្នុងមួយដែលសារព័ត៌មាន Bloomberg បានឃើញ បានឱ្យដឹងថាស្ដុកគ្រាប់មីស៊ីល នៃប្រព័ន្ធការពារដែនអាកាស Patriot របស់កាតាអាចទ្រាំបានរយៈពេល៤ថ្ងៃ ប្រសិនបើជាប្រើប្រាស់ក្នុងកម្រិតដូចបច្ចុប្បន្ន។ កាតាត្រូវបានរាយការណ៍ដែរថាបានជំរុញជាលក្ខណៈឯកជនឱ្យបិទបញ្ចប់ សង្រ្គាម។

បន្ទាប់ពីធ្វើសង្រ្គាមជាមួយអ៉ីស្រាអែលកាលពីឆ្នាំមុន អ៉ីរ៉ង់ត្រូវបានវាយតម្លៃថានៅមានមីស៊ីលបាលិស្ទីគ ២០០០គ្រាប់។ តែបើតាមការវិភាគដោយលោកស្រី Becca Wasser ជាអ្នកជំនាញខាងកិច្ចការ យោធានៃសារព័ត៌មាន Bloomberg Economics អ៉ីរ៉ង់មានស្ដុកដ្រូន Shahed ក្នុងចំនួនដ៏ច្រើន ខណៈរុស្ស៉ីដែលជាអ្នកផលិតដ៏សំខាន់មួយដែរនោះមានសមត្ថភាពផលិតដ្រូន Shahed ក្នុងអត្រា រាប់រយគ្រឿងក្នុងមួយថ្ងៃ។ លោកស្រី Wasser បន្ថែមទៀតថាអ៉ីរ៉ង់បានបាញ់គ្រាប់ជាង ១២០០គ្រាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយក្នុងនោះភាគច្រើនជាដ្រូន Shahed។ នេះមានន័យថាអ៉ីរ៉ង់អាចសន្សំសំច្ចៃមីស៊ីលបាលិស្ទីគសម្រាប់បន្តការវាយប្រហារ។ ដោយឡែកនិយាយពីខាងសហរដ្ឋអាមេរិកវិញ លោកស្រី Wasser យល់ថាអ្នករៀបចំការវាយប្រហារទំនងជាមិនបាន បញ្ជូនគ្រាប់គ្រប់គ្រាន់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីបន្តធ្វើប្រតិបត្តិការរយៈពេល៤សប្ដាហ៍ ឬយូរជាងនេះដូចដែលលោក ត្រាំ បានអះអាងនោះទេ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា «នេះមិនមែនជាអ៉ីរ៉ាក់ ហើយវាក៏មិនមែនជាសង្រ្គាមគ្មានទីបញ្ចប់នោះដែរ»។ និយាយពីការការពារវិញ អ៉ីរ៉ង់នៅមានមធ្យោបាយតិចតួចប៉ុណ្ណោះ។ ពីព្រោះការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ បានបំផ្លាញប្រព័ន្ធការពារដែនអាកាស ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៉ី S-300។ ដូច្នេះហើយទើប យន្ដហោះចម្បាំងអាមេរិក និងអ៉ីស្រាអែលអាចធ្វើប្រតិបត្តិការក្នុងដែនអាកាសអ៉ីរ៉ង់ ដោយមិនមានសេចក្ដីរាយការណ៍ពីឧបសគ្គអ្វីទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសជាដៃគូក្នុងតំបន់មជ្ឈិមបូព៌ាប្រើប្រាស់ជាចម្បងប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ដែលបាញ់ចេញ គ្រាប់មីស៊ីល PAC-3។ បើតាមក្រុមហ៊ុន Lockheed Martin បើទោះជាមន្ទីរបញ្ចកោណបានជំរុញបង្កើនការផលិតក៏ពិតមែន តែមានមីស៊ីល PAC-3 ជាង ៦០០គ្រាប់ប៉ុណ្ណោះត្រូវបានផលិត ក្នុងឆ្នាំ២០២៥។ ផ្អែកលើចំនួនគ្រាប់មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ដែលត្រូវបានរាយការណ៍ថាត្រូវបានបាញ់ទម្លាក់ វាអាចមានមីស៊ីលរាប់ពាន់គ្រាប់ទំនងជាត្រូវបាញ់ចេញក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមក៏ធ្វើប្រតិបត្តិការប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ដែលជាខែលមួយត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ដើម្បីស្ទាក់បំផ្លាញមីស៊ីលទំនើបៗ និងហោះក្នុងល្បឿនលឿន។ នេះមានន័យថា THAAD មិនទំនងជាត្រូវបានប្រើក្នុងសង្រ្គាមប៉ុន្មានថ្ងៃមកនេះទេ ខណៈមីស៊ីលមួយគ្រាប់នៃប្រព័ន្ធនេះមានតម្លៃដល់ទៅ ១២លានដុល្លារ។

សហរដ្ឋអាមេរិកក៏បានប្រើប្រាស់ផងដែរយន្ដហោះចម្បាំងបំពាក់មីស៊ីល Advanced Precision Kill Weapon System ដែលមួយគ្រាប់មានតម្លៃចន្លោះពី ២០ ០០០ ដល់ ៣០ ០០០ដុល្លារ ហើយនេះមិនទាន់រាប់បញ្ចូលថ្លៃចំណាយលើការធ្វើប្រតិបត្តិការហោះហើររបស់យន្ដហោះចម្បាំងផង។ ការអភិវឌ្ឍប្រព័ន្ធប្រឆាំងដ្រូនមិនទាន់មានភាពទូលំទូលាយទេក្នុងតំបន់មជ្ឈិមបូព៌ា រីឯការប្រើប្រាស់ ប្រព័ន្ធឡាស៊ែរ កាំភ្លើងស្វ័យប្រវត្តិ ឬសូម្បីតែដ្រូនមួយចំនួនទៀតអាចជាមធ្យោបាយចំណាយតិចដើម្បីការពារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីសំន្សំសំច្ចៃអាវុធទំនើបៗ សម្រាប់ទល់នឹងការគំរាមកំហែងធំៗ។ ប្រព័ន្ធអាវុធឡាស៊ែរ Iron Beam ផលិតដោយក្រុមហ៊ុនអ៉ីស្រាអែល Rafael អាចដោះស្រាយបញ្ហាទាំងនេះ។ ប៉ុន្តែកងកម្លាំងស្វ័យការពារអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថាខ្លួនមិនទាន់បានប្រើប្រព័ន្ធអាវុធនេះក្នុងសង្រ្គាមនៅឡើយទេ។ ប្រសិនបើការវាយប្រហាររបស់អ៉ីរ៉ង់ក្នុងកម្រិតដូចបច្ចុប្បន្ននៅតែបន្តធ្វើឡើង ស្ដុកគ្រាប់មីស៊ីល PAC-3 នៅក្នុងតំបន់អាចនឹងថយចុះគួរឱ្យបារម្ភក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ តែព្រមពេលជាមួយគ្នា បើបាញ់មីស៊ីល ឬដ្រូនក្នុងកម្រិតដូចគ្នានេះ នោះអ៉ីរ៉ង់ក៏ប្រឈមមុខនឹងការធ្លាក់ចុះស្ដុកដូចគ្នាដែរ ហើយបើរឿងបែបនេះកើតឡើងមែន សង្រ្គាមអាចឈានចូលដំណាក់កាលជាប់គាំង។

លោក Ankit Panda ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Carnegie Endowment for International Peace បានគូសបញ្ជាក់ថា «ក្នុងពេលដំណាលគ្នា ស្ដុកមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ ប្រហែលជានឹងថយចុះ តែរបបអ៉ីរ៉ង់ខ្លួនឯងប្រហែលជានៅតែមានសមត្ថភាពបន្តរស់រានមានជីវិត បើទោះជាស្ថិតក្នុងភាពចលាចលក៏ដោយ។ នេះហាក់ដូចជាលទ្ធផលមួយដែលផ្អែកលើ ៦០ម៉ោងដំបូង នៃសង្រ្គាមនេះ»៕ -Fresh News-

អត្ថបទទាក់ទង