Grand News Asia Close

ឥណ្ឌូណេស៊ី ស្នើឡើងនូវផែនការសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 316
ឥណ្ឌូណេស៊ី ស្នើឡើងនូវផែនការសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឥណ្ឌូណេស៊ី ស្នើឡើងនូវផែនការសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

(FN-សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍នេះបានស្នើឡើងនូវផែនការសន្តិភាពមួយសម្រាប់បញ្ចប់សង្រ្គាម ក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យ មានការបង្កើតតំបន់គ្មានយោធាមួយ និងការបោះឆ្នោតប្រជាមតិរៀបចំឡើងដោយអង្គការសហប្រជាជាតិក្នុងតំបន់ជម្លោះទឹកដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

លោក ប្រាប៉ូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ធ្វើការកត់សម្គាល់ខាងលើ ទៅកាន់រដ្ឋមន្ត្រីការពារជាតិ និងក្រុមមន្ត្រីយោធាមកពីជុំវិញពិភពលោក នៅឯវេទិកា សន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី។ បើតាមលោក ស៊ូប៊ីយ៉ាន់តូ តំបន់គ្មានយោធាគួរតែត្រូវស្ថិតនៅក្រោមការឃ្លាំមើលពីកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ រីឯការបោះឆ្នោតប្រជាមតិរៀបចំឡើងដោយអង្គការសហប្រជាជាតិវិញ គួរតែត្រូវបានធ្វើឡើងដោយសម្រេចទៅតាមសេចក្ដីប្រាថ្នានៃ ប្រជាជនភាគច្រើនដែលកំពុងរស់នៅក្នុងតំបន់ជម្លោះទឹកដី។ «ខ្ញុំសូមស្នើថាវេទិកា Shangri-La dialogue គួរតែស្វែងរកគំរូមួយ…នៃសេចក្ដប្រកាសដោយស្ម័គ្រចិត្ត ដែលជំរុញឱ្យអ៊ុយក្រែន និងរុស្ស៉ី ចាប់ផ្ដើមកិច្ចចរចាស្វែងរកសន្តិភាពជាបន្ទាន់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ូប៊ីយ៉ាន់តូ។

គួរបញ្ជាក់ថា ការស្នើឡើងរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក ចូកូ វីដូដូ ទៅកាន់ទីក្រុងមូស្គូ និងទីក្រុងកៀវ កាលពីឆ្នាំ២០២២ ជាពេលដែលលោកបានបង្ហាញពីបំណងដើរតួនាទីជាអ្នកសម្របសម្រួលស្វែងរកសន្តិភាព។ ប៉ុន្តែ ទាំងរុស្ស៉ី និងអ៊ុយក្រែន មិនទាន់បានបង្ហាញពីចេតនាត្រឡប់មករកតុចរចាវិញនោះទេ ខណៈអ៊ុយក្រែនផ្ទាល់តែបានទទូចថារូបមន្តសន្តិភាពរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ការដកកងទ័ពរុស្ស៉ីទាំងអស់ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាម៕

អត្ថបទទាក់ទង