Grand News Asia Close

លោក Blinken ទៅដល់ទីក្រុងប៉េកាំង ដែលជាទស្សនកិច្ចលើកដំបូងក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋមន្រ្តីការបរទេសអាមេរិក នៅប្រទេសចិន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 283
លោក Blinken ទៅដល់ទីក្រុងប៉េកាំង ដែលជាទស្សនកិច្ចលើកដំបូងក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋមន្រ្តីការបរទេសអាមេរិក នៅប្រទេសចិន លោក Blinken ទៅដល់ទីក្រុងប៉េកាំង ដែលជាទស្សនកិច្ចលើកដំបូងក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋមន្រ្តីការបរទេសអាមេរិក នៅប្រទេសចិន

 

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃអាទិត្យនេះ បានទៅដល់ទីក្រុងប៉េកាំងហើយ ដែលវាគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ របស់ប្រមុខការទូតសហរដ្ឋអាមេរិកនៅប្រទេសចិន គិតក្នុងរយៈពេល៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

កំលុងពេលស្ថិតនៅទីក្រុងប៉េកាំងរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) ត្រូវគេរំពឹងថា នឹងជួបគ្នាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) និងមន្រ្តីការទូតកំពូលចិនលោក វ៉ាង យី (Wang Yi) ហើយលោក​ក៏អាចជួបប្រធានាធិបតីចិន លោក ស៉ី ជិនពីង តែម្តងផងដែរ ក្រោមគោលដៅព្យាយាមជំរុញឱ្យមានការបង្កើតខ្សែបណ្តាញទំនាក់ទំនង ដែលបើកចំហនិងរឹងមាំ ដើម្បីធានាថា ការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ នឹងមិនរាលដាលក្លាយទៅជាជម្លោះ។

ជាមួយគ្នានេះ មានក្តីរំពឹងថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោក ប៊្លីនខិន នឹងជួយត្រួសត្រាយផ្លូវសម្រាប់ជំនួបទ្វេភាគី ដែលអាចកើតឡើងបន្តបន្ទាប់ទៀត រួមមាន​ដំណើរទស្សនកិច្ចដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលែន (Janet Yellen) និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ាយម៉ុនដូ (Gina Raimondo) ជាដើម។ មិនតែប៉ុណ្ណោះ វាក៏អាចជួយឱ្យមានជំនួបរវាងលោក ស៉ី ហើយនិងប្រធានាធីបតីអាមេរិក លោក ចូ បៃដិន នៅកំលុងកិច្ចប្រជុំកំពូលអន្តរជាតិផ្សេងៗ ក្នុងឆ្នាំនេះផងដែរ។ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក បៃដិន បាននិយាយថា រូបលោកសង្ឃឹម​អាចជួបលោក ស៉ី ក្នុងពេលប៉ុន្មានខែខាងមុខ។

គួរបញ្ជាក់ថា កំលុងជំនួបទល់មុខគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុន នៅប្រទេសឥណ្ឌូណេស៉ី លោក បៃដិន និងលោក ស៉ី បានព្រមព្រៀងគ្នាចាត់វិធានការ ដើម្បីបន្ធូរបន្ថយ​​ក្តីព្រួយបារម្ភអំពីការផ្ទុះឡើងនៃសង្រ្គាមត្រជាក់ថ្មី ក្នុងនោះរួមមានទាំងការបញ្ជូនលោក ប៊្លីនខិន ឱ្យមកបំពេញទស្សនកិច្ចនៅចិន។ តាមពិតទៅលោក ប៊្លីនខិន ត្រូវមកធ្វើទស្សនកិច្ចនៅប្រទេសចិន តាំងតែពីខែកុម្ភៈ ឆ្នាំនេះម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យារពេល ក្រោយឧប្បត្តិហេតុបាឡុង​របស់ចិន ដែលទីក្រុងវ៉ាស៉ីនតោនចោទជាបាឡុងចារកម្ម បង្ហាញវត្តមានក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក ហើយភាពតានតឹងក៏បានកើនឡើង​ខ្លាំងសាជាថ្មីវិញ។ លោក ប៊្លីនខិន គឺជាមន្រ្តីជាន់ខ្ពស់​បំផុតរបស់រដ្ឋាភិបាលអាមេរិក ដែលបានមកបំពេញទស្សនកិច្ចនៅចិន គិតចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចកាលពីខែមករា ឆ្នាំ២០២១៕

អត្ថបទទាក់ទង