បទវិចារណកថា៖ ថ្ងៃជ័យជម្នះ ៧ មករា មរតកប្រវត្តិសាស្រ្តដែលមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ
នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយចូលដល់ក្រុងភ្នំពេញ និងយកឈ្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម បន្ទាប់ពីបើកការវាយប្រហារជាច្រើនថ្ងៃចេញពីស្រុកស្នូល ខេត្តក្រចេះ។ គឺនៅថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩នេះហើយដែលបានក្លាយជាមរតកប្រវត្តិសាស្រ្តដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់ជំនាន់ គួរចងចាំ ដោយមិនត្រូវបំភ្លេច ហើយមិនអាចបំភ្លៃ និងបំភ័ន្តបានឡើយ បើទោះបីជាកើតមិនទាន់ក្តីសម័យកាលនោះក្តី។
គិតមកត្រឹមថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥ នេះ គឺមានរយៈពេល ៤៦ឆ្នាំគត់ នៃការដួលរលំរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលត្រូវបានចាត់ទុកជាសម័យកាលដ៏ខ្មៅងងឹតបំផុតនៃព្រះរាជាណាចក្រមួយនេះ ហើយដែលតាមតួលេខ គឺមានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៣លាននាក់ បានស្លាប់ដោយកត្តាផ្សេងៗ រួមមាន ការសម្លាប់ ការធ្វើទារុណកម្ម ភាពអត់ឃ្លាន ធ្វើការដោយហួសកម្លាំង និងជំងឺផ្សេងៗ។
ថ្ងៃជ័យជម្នះ ៧ មករា ដែលជាមរតកប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន ក៏ជាថ្ងៃដែលប្រជាជាតិខ្មែរទាំងមូលមានសង្ឃឹមនឹងជីវិតឡើងវិញ និងជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរបានចាត់ទុកជាថ្ងៃកំណើតទី២របស់ខ្លួន ប៉ុន្តែបែរជាមានក្រុមមួយក្តាប់តូច ដែលបាននិរទេសខ្លួនទៅក្រៅប្រទេស តែងតែយកថ្ងៃនេះជាឈ្នាន់ដើម្បីវាយប្រហារលើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាទៅវិញ ដើម្បីតែផលប្រយោជន៍នយោបាយរបស់ក្រុមខ្លួន។
សូមមិត្តអ្នកអានក្រឡេកមើលពីសាវតា នៃថ្ងៃជ័យជម្នះ៧មករាបន្តិចវិញ។ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ អាចកើតឡើងបានក៏ដោយការចាប់ផ្តើមពីមនុស្សម្នាក់គឺ សមមិត្ត ហ៊ុន សែន ក្នុងវ័យ២០ឆ្នាំជាងប៉ុណ្ណោះ និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺសមមិត្ត នុច ថន សមមិត្ត ញឹក ហួន សមមិត្ត ស៊ូ គីម ស្រ៊ាង ហៅសាញ់ និងសមមិត្ត វ៉ា ប៉ោអ៊ាន បានចេញដំណើរពីតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 បច្ចុប្បន្នស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីជ្រើសរើសយកជាចំណុចចាប់ផ្ដើម ចូលទៅប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ក៏បានក្លាយជាទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរនៅពេលបច្ចុប្បន្ននេះ។
ពេលនោះហើយដែល សមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ នៃចលនារំដោះជាតិរហូតដល់ពិការភ្នែកម្ខាងកាលពីឆ្នាំ១៩៧៥។
បន្ទាប់ពីមានការគាំទ្រពីប្រទេសវៀតណាម សមមិត្ត ហ៊ុន សែន បានត្រលប់មកប្រទេសកម្ពុជាវិញ ហើយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ សមមិត្ត ហ៊ុន សែន បានរួមគ្នាជាមួយ សមមិត្ត ហេង សំរិន និងសមមិត្ត ជា ស៊ីម រួមទាំងសមមិត្តដទៃទៀត បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលគោលបំណងតែមួយគត់នៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា គឺដើម្បីរួមកម្លាំងគ្នាផ្តួលរំលំរបបខ្មែរក្រហម។
ក្រោមជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសសន៍ខ្មែរក្រហមបានដោយជោគជ័យ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយថ្ងៃជ័យជម្នះនេះ អាចចាត់ទុកជាដំណាក់កាលទី៣ បន្ទាប់ពីដំណាក់កាលនៃការចាកចេញទៅប្រទេសវៀតណាម របស់សមមិត្ត ហ៊ុន សែន និងថ្ងៃបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា។
តឹកតាងប្រវត្តិសាស្រ្តទាំងនេះ ជាក់ស្តែងណាស់បានបង្ហាញពីការលះបង់អាយុជីវិតរបស់យុទ្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា ហើយយើងមានសាក្សីរស់ជាច្រើនដែលបានឆ្លងកាត់របបខ្មែរក្រហម បានចងចាំ និងរម្លឹកដល់អ្នកបន្តវេនពីព្រឹត្តិការណ៍ទាំង៣នោះជាបន្តបន្ទាប់។
សច្ចភាព នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ គឺជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយដែលចាប់ពីពេលនោះមកកម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
បើទោះបីជាថ្ងៃ ៧ មករា ១៩៧៩ យើងបានរួចផុតពីក្រញ៉ាំបិសាច ប៉ុល ពត ក៏ពិតមែន ប៉ុន្តែការស្តារប្រទេសទាំងគ្មានអ្វីសោះនោះ គឺជារឿងដ៏សែនពិបាករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលម្ខាងខំប្រឹងការពារការវិលមកវិញរបស់ពួកខ្មែរក្រហម ម្ខាងខំប្រឹងកសាងប្រទេសក្រោមសម្ពាធនយោបាយ និងសេដ្ឋកិច្ចរបស់បច្ចឹមប្រទេស។
ហេតុដូច្នេះហើយទើប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ធ្លាប់បានថ្លែងថា៖ “ខ្ញុំតែងនិយាយជាមួយនឹងបរទេសមួយចំនួនដែលចូលចិត្តប្រដៅកម្ពុជា! ខ្ញុំថា ពួកអ្នកឯងកុំសាងកំហុសទី៣នៅកម្ពុជា។ កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជារួចមកហើយនោះ ទី១ គឺតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ និងទី២ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់រាប់លាននាក់”។
ថ្ងៃ “៧ មករា” គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទូទាំងប្រទេស ពីព្រោះនរណាៗក៏ទទួលស្គាល់ នរណាក៏ដឹងថាថ្ងៃនេះ ជាថ្ងៃដែលប្រជាជាតិខ្មែរបានរស់ឡើងវិញ ហើយនរណាដែលបដិសេធ “៧មករា” គឺអ្នកនោះជាអ្នកដែលបដិសេធការរស់រានមានជីវិតរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ហើយគាំទ្ររបបខ្មែរក្រហម។
បើទោះជាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ មានរយៈពេល ៤៦ឆ្នាំកន្លងមកហើយ ប៉ុន្តែស្មារតី៧មករានៅតែដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់រូប ដែលបង្ហាញពីការដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។
ដើម្បីបន្តរម្លឹកថ្ងៃ៧មករាដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាលក៏សម្រេចយកថ្ងៃ៧មករាជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិមួយ ព្រមទាំងអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកចំនួន០១ថ្ងៃ ក្នុងឱកាសទិវាបុណ្យជាតិនេះ។ សរុបមកវិញ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ និងជាមរតកប្រវត្តិសាស្រ្តដែលនឹងបន្តស្ថិតក្នុងដួងចិត្តនៃប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ និងមិនអាចបំភ្លៃ បំភ័ន្ត បំផ្លើស ដោយក្រុមអគតិណាមួយឡើយ។
ក្រុមជនអគតិទាំងនោះ បានព្យាយាមឱ្យប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ បំភ្លេចនូវអ្វីដែលកើតឡើងដ៏ឈឺចាប់នៅសម័យខ្មែរក្រហម ដែលនេះគឺជាចេតនាដ៏អាក្រក់បំផុតរបស់ពួកគេ។ សូមចងចាំថា បើគ្មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ គឺគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ! ដោយ AKP