ទស្សនៈមិត្តអ្នកអាន ថ្ងៃ៧ មករា នៅតែស្ថិតក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបព្រោះជាថ្ងៃនៃសច្ចៈភាពប្រវត្តិសាស្ត្រ !
ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ អត្ថន័យនៃថ្ងៃ៧ មករា នៅតែត្រូវបានប្រជាជនកម្ពុជានៅទូទាំងប្រទេសទទួលស្គាល់ និងផ្តល់តម្លៃយ៉ាងខ្ពស់ដោយផ្អែកទៅលើតម្លៃនៃសច្ចៈភាពប្រវត្តិសាស្ត្រពិតៗដែលប្រជាជនជំនាន់មុនធ្លាប់បានឆ្លងកាត់ និងបន្តផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយ ដើម្បីបញ្ចៀសកុំឱ្យពួកគេមានការដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះម្តងទៀត។
សម្រាប់រូបខ្ញុំផ្ទាល់ ថ្ងៃ៧ មករា គឺជាថ្ងៃកំណើតទី២ ជាថ្ងៃរស់រានមានជីវិតជាថ្មី ជាថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសុខសន្តិភាពនៅកម្ពុជាក្រោយពេលដែលបានឆ្លងកាត់ទុក្ខលំបាកក្នុងភ្លើងសង្រ្គាមស៊ីវិលជិត៥ឆ្នាំ(១៩៧០-១៩៧៥) និងរបបអាវខ្មៅប្រល័យពូជសាសន៍អស់រយ់ពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ(១៩៧៥-១៩៧៩)។
ជ័យជំនះ៧មករានៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជា និងស្ថិតស្ថេរជាអមតៈ។ ជនដែលបដិសេធមិនទទួលស្គាល់ថ្ងៃ៧មករា គឺជាជនអគតិរមិលគុណមិនទទួលស្គាល់ការរស់រានមានជីវិតរបស់ខ្លួនឯងនិងក្រុមគ្រួសាររបស់ខ្លួន។ ប្រជាជនកម្ពុជាដែលធ្លាប់បានឆ្លងកាត់របបវាលពិឃាតហើយនៅរស់រានមានជីវិតពីការសម្លាប់សុទ្ធតែបានចាប់កំណើតជាថ្មីនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ក្រោយថ្ងៃរំដោះការកសាងប្រទេសឡើងវិញត្រូវបានចាប់ផ្តើមចេញពីចំនុចសូន្យលើគ្រប់វិស័យ។ អ្វីៗគ្រប់យ៉ាងរួមទាំងធនធានមនុស្ស សេដ្ឋកិច្ចជាតិ ហេដ្ឋារចនាសម្ព័ន្ធនានា បានចាប់ផ្តើមពីបាតដៃទទេក្រោយពីរបបខ្មែរក្រហមបានកំទេចឱ្យក្លាយទៅជាផេះគ្មានសល់។ នៅក្នុងដំណាក់កាលនោះវីរៈជនដែលជាថ្នាក់ដឹកនាំប្រទេសបានខិតខំប្រមែរប្រមូលដោយលំបាកនូវគ្រប់ធនធានទាំងអស់ដើម្បីកសាងប្រទេសឱ្យបានរីកចម្រើន និងមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។
យើងអាចធ្វើការប្រៀបធៀបអំពីការរីកចម្រើនរបស់ប្រទេសជាតិទាំងមូលដោយគ្រាន់តែធ្វើការប្រៀបធៀបពីជីវភាពនៅក្នុងរង្វង់គ្រួសារយើងនីមួយៗក៏យើងអាចដឹងបានដែរថាតើពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះយើងមានការប្រែប្រួលផ្លាស់ប្តូរអ្វីខ្លះនៅក្នុងក្រុមគ្រួសារបស់យើង?
អ្វីដែលសំខាន់បំផុតនោះគឺយើងទទួលបានមុនគេនូវសិទ្ធិរស់រានមានជីវិត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិក្នុងការស់រានមានជីវិតក៏យើងគ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតដែលយើងបានផ្ញើនៅជាមួយនឹងអង្គការដែលគេមិនដឹងថាតើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណាក៏យើងមិនស្គាល់ដែរ។និយាយឱ្យស្រួលស្តាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសគឺជាទាសករដាច់ថ្លៃដែលពួកខ្មែរក្រហមអាចយកទៅប្រើ ធ្វើទារុណកម្ម និងសម្លាប់នៅពេលណាក៏បាន។
ផ្ទុយពីសព្វថ្ងៃនេះយើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធទទួលបាននូវការអប់រំ សិទ្ធិសម្តែងមតិ សិទ្ធិសម្រេចខាងនយោបាយ ការគោរពប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់សាសនាសព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ។ ទាំងអស់នេះគឺជាអ្វីដែលយើងបាននិងកំពុងទទួលអំពីការប្រែប្រួលនៃសិទ្ធិផ្នែកស្មារតីដោយមិនមានការភ័យខ្លាច។
លើវិស័យហេដ្ឋារចនាសម្ព័ន្ធរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកសាងជាបន្តបន្ទាប់ដូចជាប្រឡាយ ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារខ្ពស់ៗ តូចធំរីកដូចផ្សិតនាំមកនូវសោភ័ណ្ឌភាព និងភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងអស់នេះមិនមែនជាការទទួលបានមកដោយគ្មានការគិតគូរឬទទួលបានដោយការធ្លាក់ពីលើមេឃនោះទេតែវាបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅគ្រប់លំដាប់ថ្នាក់រួមគ្នាជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋពីគ្រប់ស្រទាប់វណ្ណៈផងដែរ។ សមិទ្ធផលដែលលេចធ្លោរទាំងអស់នេះគឺជាភស្តុតាងដែលមិនអាចប្រកែកបាន ដើម្បីធ្វើការប្រៀបធៀបនូវអ្វីដែលពួកខ្មែរក្រហមបានបន្សល់ទុកក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
ទោះបីជាបច្ចុប្បន្ននេះសេដ្ឋកិច្ចសកលលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់នៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច និងបញ្ហាសង្គ្រាមនៅបណ្តាប្រទេសមួយចំនួនក្តី ក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវកំណើននៃសេដ្ឋកិច្ចជាតិក្នុងរង្វង់ពី៤% ទៅ៦% ក្នុងមួយឆ្នាំ ដែលធ្វើឱ្យប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗកើនដល់ជិត២ ០០០ ដុល្លារក្នុងមួយឆ្នាំ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។
ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាគឺពិតជាថ្ងៃសច្ចៈភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលកូនខ្មែរគ្រប់ៗរូបត្រូវចងចាំជានិច្ច ជាពិសេសត្រូវចងចាំពីគុណបំណាច់របស់ស្ថាបនិកថ្ងៃ៧ មករា ដែលជាវីរៈជនរំដោះជាតិនិងប្រជាជន និងជាស្ថាបនិកក្នុងការស្តារ កសាង និងអភិវឌ្ឍជាតិកម្ពុជាឱ្យបានរីកចម្រើន និងទទួលបាននូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។
ដើម្បីជាការដឹងគុណចំពោះស្ថាបនិកថ្ងៃ៧ មករា ដែលជាវីរៈជនរំដោះជាតិនិងប្រជាជន យើងជាកូនខ្មែរគ្រប់រូបដែលជាអ្នកស្នងមរតកថ្ងៃ៧ មករា ត្រូវតែបន្តរក្សានូវសមិទ្ធផល ៧ មករា ឱ្យបានគង់វង្សស្ថិតស្ថេរជាអមតៈ ដោយហេតុថាថ្ងៃ៧ មករា គឺពិតជាថ្ងៃនៃ សច្ចៈភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលកូនខ្មែរគ្រប់រូបត្រូវចងចាំមិនអាចបំភ្លេចបានឡើយ៕
ដោយ៖ ឌី វីរៈ