សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ តើមានការចាំបាច់ទេដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ បើសូម្បីតែតួនាទីជានាយករដ្ឋមន្ត្រី ក៏ខ្ញុំមិនបន្តធ្វើដែរនោះ?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
វត្តមានរបស់ខ្ញុំ មិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុកលើកទឹកចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការទឹកដី។
បងប្អូនមេបញ្ជាការកងទ័ព បានហៅខ្ញុំថា(អគ្គភស្តុភារជាន់ខ្ពស់)។ ខ្ញុំពេញចិត្ត និងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។ មុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង។
សារព័ត៌មានថៃមួយបានចុះផ្សាយថា ខ្ញុំដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។ ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ។
ខ្ញុំជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ តើមានការចាំបាច់ទេដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ ដែលសូម្បីតែតួនាទីជានាយករដ្ឋមន្ត្រី ក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។ ឈប់បានឈប់ទៅ និងសូមកុំចូលមកឈ្លានពាន Facebook ខ្ញុំទៀត»៕