Grand News Asia Close

(វីដេអូ) សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចរចាបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA) សម្រាប់ការចរចារ ជាមួយប្រទេសថៃ ត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅ មក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 506


CMF:

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចរចាបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA) សម្រាប់ការចរចារ ជាមួយប្រទេសថៃ ត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅ មក បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេសគឺ ការគោរពអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចខ្វះបាន។

(៣០) កោះគុត៖ យករឿងនយោបាយមកលាយឡំនឹងបច្ចេកទេស នាំអោយខូចប្រយោជន៍ជាតិ

ចំណុចនេះ ខ្ញុំសូម​បើកវង់ក្រចក។ ពាក្យថាបើកវង់ក្រចកបានន័យថាវាមិនជាប់ផ្ទាល់ជាមួយរឿងចែក​សញ្ញាបត្រ  ឬសិក្សាវិស័យអប់រំ ប៉ុន្ដែវាពាក់ព័ន្ធជាមួយរឿងដែលបងប្អូនទាំងអស់ប្រហែលជាចង់ដឹងចង់លឺ ហើយក៏ជារឿងដែលប្រជាពលរដ្ឋរបស់យើងត្រូវវិភាគឲ្យបានច្បាស់លាស់ គឺរឿងដែលក្ដៅ។ រឿងប៉ុន្មានថ្ងៃនេះ សូម្បីបុណ្យ​អ៊ុំទូកក៏គេមិនឲ្យសុខដែរ គឺរឿងដែនសមុទ្រ រឿងកោះគុត។ (គេ)ថា ហេតុអីក៏រដ្ឋាភិបាលស្ងាត់ម្ល៉េះ? រដ្ឋាភិបាល​ប្រា​កដ​ជាមាន​ខ្លួនហើយបានជាអត់ហ៊ាននិយាយ។ ដល់យើងមិននិយាយ គេថាមែន! ចាប់បានហើយ។ គេឡើងមកវិភាគបែកផ្សែង។ អ្នកណាក៏ក្លាយជាអ្នកជំនាញព្រំដែន ជាងក្រុម​ឯកឧត្តម ឡាំ ជា ទៀត។ អ្នកវិភាគ ដោយទាំងអ្នកដែលស្រែកលឺជាងគេមួយនោះ គឺធ្លាប់ជាប់គុកដោយសារបង្ហោះព័ត៌មានក្លែងក្លាយរឿងព្រំដែន។ មានធ្វើកិច្ចសន្យាកាលពី ៦ឆ្នាំមុន ថាខ្ញុំឈប់បង្ហោះព័ត៌មានដែលខ្វះការពិចារណារឿងព្រំដែនហើយ (ប៉ុន្ដែ)​ឥលូវធ្វើទៀត។ រឿងនេះជារឿងព្រំដែន រឿងប្រទេសជាតិ បូរណភាពទឹកដី ដែលយើងទាំងអស់គ្នាត្រូវយល់។

ខ្ញុំសូម​បកស្រាយដោយខ្លី ដោយពន្យល់ថាហេតុអីបានជា(រដ្ឋាភិបាល)មិនយករឿងបច្ចេក​ទេសមកលាយនឹងរឿងនយោបាយ ដែលអាចធ្វើឲ្យយើងបាត់ផលប្រយោជន៍ជាតិ។ បើយើងគិតពីផល​ប្រយោជន៍ជាតិត្រូវយល់ការសំរេចចិត្តពេលណាត្រូវធ្វើអី។ សំនួរដែលគេចោទថា រដ្ឋាភិបាលនៅស្ងាត់​ជ្រាប​ អត់ហ៊ានតតាំងជាមួយថៃ ពេលដែលគេនិយាយថាស្អីៗ អញ្ចឹងទៅ។ គេចោទថារដ្ឋាភិបាលជំនាន់​ខ្ញុំនេះធ្វើឲ្យបាត់កោះគត់ បាត់ដែនសមុទ្រខ្មែរ។ គេថារដ្ឋាភិបាលត្រូវតែប្ដឹងទៅ ICJ ទៅស្អីអញ្ចឹងទៅ។ ខ្ញុំសុំពន្យល់ឲ្យខ្លីបែបនេះ។ ថ្ងៃនេះ មាននិស្សិតបញ្ញវន្ត ១ពាន់នាក់ ប្រហែលជាចង់ដឹង ប្រហែលជាចង់ឃើញរឿងហ្នឹងមានវិទ្យុនៅក្រៅប្រទេសផង ហើយអ្នកនយោ​បាយអស់ពីរឿងមួយចូលរឿងមួយអារឿង CLV- DTA អាអត់រឿងសោះក៏បង្កើតរឿងមួយទៅ សុទ្ធតែអ្នកជំនាញ។ អ្នកខ្លះពេលខ្លួនឯងនៅសភាមិនខ្ចីនិយាយ គិតថាត្រូវ ដល់ឥឡូវទើបឃើញឱកាសនយោបាយយកទៅនិយាយប៉ាតណាប៉ាតណី។ ហើយអ្នកខ្លះគឺអ្នកចេះគ្រប់។

(៣១) រដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ និងទទួលខុសត្រូវចំពោះជាតិ និងប្រជាជនការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

ខ្ញុំសូមផ្ញើសារឲ្យបងប្អូនជនរួមជាតិ។ ចម្លើយហេតុអីបានរដ្ឋាភិបាលនៅស្ងៀមមិននិយាយស្តីផ្អែកលើមូលដ្ឋាន ២។ ទី១ គឺភាពចាស់ទុំខាងនយោបាយ និងទី២ គឺការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ខ្ញុំនឹងពន្យល់។ មូលដ្ឋាន ២ នេះហើយបានជារាជរដ្ឋាភិបាល មិននិយាយស្តីរឿងនេះ … តើអ្វីទៅជាភាពចាស់ទុំ? ភាពចាស់ទុំមានមូលហេតុ៣។ ទី១ យើងប្រកាន់គោលការណ៍មិនយកភ្លើងចូលផ្ទះ។ ពាក្យចាស់ថាកុំយកភ្លើងចូលផ្ទះ។ រឿងបោះបង្គោលព្រំដែនយើងចរចាគ្នា បើនិយាយរឿងព្រំដែនកម្ពុជា-ថៃនេះ គឺយើងបានចរចាបោះបង្គោលព្រំដែនតាំងពី ២០០៦ ហើយនៅបន្តធ្វើមិនទាន់ចប់ទេ ទាំងព្រំដែនគោក និងព្រំដែនទឹក ក៏យើងមានការចរចា។ រឿងនេះវាកើតជារឿងដោយសារអី? ពីមុនមានរឿង ដោយសារនៅប្រ​ទេសជិតខាងយើង គណបក្សប្រឆាំង ក្រុមប្រឆាំងរដ្ឋាភិបាលបានលើកយករឿងនេះមកវាយប្រហាររដ្ឋាភិបាល​ថៃ រឿងទំនាស់ផ្ទៃក្នុងនយោបាយរបស់ថៃចោទថារដ្ឋាភិបាលថៃ ធ្វើឲ្យបាត់កោះគុតមកខ្មែរ។

អញ្ចឹងរដ្ឋាភិបាល(ថៃ)ត្រូវចេញតតាំងផ្ទៃក្នុង រឿងផ្ទៃក្នុងគេ។ តើចង់ឲ្យរដ្ឋាភិបាលខ្មែរទៅតតាំងយ៉ាងម៉េច? យើងថាមិនមែនជាការចាំបាច់សម្រាប់យើង។ ថៃគេថាអីថាទៅ រឿងឯកតោភាគីរបស់គេ។ ដូចយើង រឿងផ្ទៃក្នុង CLV-DTA វៀតណាម ឡាវ។ គេមិនធ្វើ គេមិនខ្ចីមាត់រឿងវាមិនមែនរឿង។ ភាពចាស់ទុំខាងនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនដូចអ្នកវិភាគទេ។ ចេះតែលើកចុះលើកឡើង។ ស្អីដែលនិយាយមានទម្ងន់។ សួរថាយើងត្រូវលូក​ដៃរឿងបញ្ហាផ្ទៃក្នុងប្រទេសគេធ្វើទេ? … មួយថាបាត់ ខ្មែរយក។ មួយថាអត់។ អញ្ចឹងគេតតាំងទៅ។ យើងចាំបាច់យកភ្លើងមកចូលផ្ទះធ្វើអ្វី? នេះជាភាពចាស់ទុំមួយ។ បើយើងក្មេងឈាមរាវ លោតលិចលោតកើត ឲ្យតែឃើញលោត លោតមិនស្រួលនាំរឿងចូលផ្ទះ។ អាហ្នឹងកត្តាទី ១។

ទី២ វិធីសាស្រ្តដោះស្រាយរបស់រដ្ឋាភិបាលគឺប្រកាន់យន្តការចាស់ទុំ ដោះស្រាយបញ្ហាព្រំដែនគឺយើងមានយន្តការផ្លូវការសម្រាប់ធ្វើ មិនមែនយន្តការ facebook យន្តការកាសែតនោះទេ។ មកដោះស្រាយព្រំដែននាំគ្នាឡងទៅវិញទៅមកតាម facebook តាមព័ត៌មាន ១៨ ឆ្នាំនេះផ្អើលរួចទៅហើយ។ យន្តការដោះស្រាយភាពផ្លូវការរបស់យើងគឺយើងផ្អែកទៅលើយន្តការដែលបានឯកភាពគ្នា គឺយើងមានយន្តការគណកម្មការព្រំដែន ២ ដោះស្រាយជាមួយថៃ។ ទី១ គឺ JBC ដោះស្រាយព្រំដែនគោក គណកម្មការកិច្ចការព្រំដែនគោកចំរុះ ទី ២ គឺ JTC គណកម្មាធិការបច្ចេកទេសចម្រុះដែលធ្វើការចរចាដើម្បីខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក និងកំណត់ព្រំដែនសមុទ្រ។ នេះជាយន្តការផ្លូវការ។ រដ្ឋាភិបាលគេធ្វើការអញ្ចឹង អ្នកឯងនិយាយអ្វីរឿងអ្នកឯង។ ផ្ទៃក្នុងខ្ញុំមិនដឹងទេ បើអ្នកឯងតវ៉ាមក និយាយជាមួយគ្នា ទល់មុខបានយកជាផ្លូវការ។

តើយើងចាំបាច់លោតទេ? និស្សិតបញ្ញវន្តរបស់យើង បងប្អូនរបស់យើង តើរដ្ឋាភិបាលចាំបាច់លោតលិចលោតកើតទេ? រឿងគេរឿងគេ។ បើយើងចង់ដោះស្រាយ យើងប្រើយន្តការដែលមានស្រាប់ផ្លូវការ។ អ្នកឯងចង់ថាអីរបស់អ្នកឯង មកនិយាយជាមួយខ្ញុំ បានខ្ញុំយកផ្លូវការ។ ខ្ញុំថាអីរបស់ខ្ញុំ ដូចគ្នាទាល់តែយន្តការផ្លូវការបានមានកំ​ណត់​ហេតុច្បាស់លាស់។ អាហ្នឹងគេហៅថារបៀបធ្វើការចាស់ទុំ។ តើចង់ឲ្យនាយករដ្ឋមន្រ្តីឡើងនិយាយមួយថ្ងៃៗបញ្ចេញសារតាម facebook រឿងទំនាស់នៅក្នុងប្រទេសគេទេ? វាមិនមែនរឿង(យើង)។ អញ្ចឹង បើចង់ដោះស្រាយ យើងត្រូវដោះស្រាយត្រង់ការងារនេះ។

ទី៣ គឺផ្អែកទៅលើមូលដ្ឋានជាក់ស្តែងនិយម ធ្វើអ្វីក៏ដោយត្រូវស្រាវជ្រាវឲ្យច្បាស់ឲ្យមានមូលដ្ឋានជាក់ស្តែង។ បងប្អូនអើយ នាំគ្នាមួយថ្ងៃៗបំផុសវិភាគលិច វិភាគកើតថារដ្ឋាភិបាលធ្វើឲ្យបាត់កោះនេះ។ រដ្ឋាភិបាលធ្វើឲ្យបាត់ដែនសមុទ្រនេះ។ សួរថាមូលដ្ឋានស្អី យកមកនិយាយ។ ខ្ញុំសូមបញ្ជាក់ ព្រំដែនថៃ-កម្ពុជា មកដល់ម៉ោងនេះយើងធ្វើការចរចាកំណត់តែព្រំដែនគោកទេ ដែលមានការឯកភាពគ្នាមួយចំនួន ៨០៥ គីឡូម៉ែត្រ បង្គោល ៧៣(លេខតែ ៧៣ទេ) តាមពិតបង្គោល ៧៤ ព្រោះអាបង្គោល ២២ ហ្នឹងវាមាន ២ បង្គោល។ ដើមឡើយវាមាន ៣ បង្គោលតាមព្រំដែនគេឲ្យមក ២២, ២២A, ២២B ដល់ក្រោយមកគេវាយបង្គោលមួយចោលសល់ ២។ អញ្ចឹងយើងរកឃើញហើយកិច្ចការព្រំដែន សន្ធិសញ្ញាបារាំងសៀម ១៩០៧ កំណត់ព្រំដែនគោក ៨០៥ គីឡូម៉ែត្រ បង្គោល ៧៣ យើងរកឃើញអស់ហើយ។ យើងចរចាគ្នា។ ឥឡូវឯកភាពគ្នា ៤២ បង្គោល ខ្វះ ៣២ ទៀត។ យើងធ្វើការមិនមែនងាយស្រួលទេ។ មិនមែនឃើញហើយឯកភាពទេ មួយមីលីម៉ែត្រៗយើងធ្វើការច្បាស់លាស់ណាស់។ ១៨​ ឆ្នាំហើយ ២០០៦-២០២៤ អាហ្នឹងព្រំដែនគោក។

(៣២) បើព្រំដែនសមុទ្រមិនទាន់បញ្ចប់ការចរចា​ តើយើងបាត់ស្អី?

ដោយឡែក ព្រំដែនសមុទ្រយើងមានទាន់មានដែលឯកភាពគ្នាពីអង្កាល? នៅចរចាគ្នាច្រើនដងហើយ ប៉ុន្តែមិនទាន់មានការឯកភាព។ បើមិនទាន់មានការឯកភាព តើយើងបាត់ស្អី? ខ្ញុំសួរ។ ចេះតែថាក្បត់ជាតិបាត់កោះ បាត់ស្អី បើមិនទាន់មានការឯកភាពផងហ្នឹង។ ហើយឲ្យទៅប្តឹង ICJ យ៉ាងម៉េច។ បើយើងមិនទាន់មានការឯកភាពស្អីផង។ គេសួរប្តឹងរឿងអ្វី? ហើយឲ្យរដ្ឋាភិបាលមិននៅស្ញៀម ឲ្យរដ្ឋាភិបាលរវល់តែតតាំងទៅពន្យល់ ICJ ស្អី។ វាអត់មានរឿង។ រឿងផ្ទះគេសោះ ឯងចង់យកមកដុតនៅក្នុងស្រុក។ ទុកឲ្យគ្នាសប្បាយបុណ្យអុំទូកខ្លះទៅអី។ ខ្ញុំមិននិយាយចេះតែនៅបកស្រាយផ្សេងៗទៀត។ ផ្អែកទៅលើមូលដ្ឋាននេះហើយ ឥឡូវខ្ញុំសួរដោយឆោតបងប្អូន និស្សិតបញ្ញវន្តនៅទីនេះ ឥឡូវក្រុមប្រឆាំងថៃចោទរដ្ឋាភិបាលថៃថាធ្វើឲ្យបាត់កោះគុតមកខ្មែរ នៅពេលដែលក្រុមប្រឆាំងខ្មែរចោទរដ្ឋាភិបាលខ្មែរថាធ្វើឲ្យបាត់កោះគុតទៅថៃ ឥឡូវកោះហ្នឹងវាបានទៅអ្នកណា?

ខ្ញុំសួរ។ ក្រុមប្រឆាំងថៃចោទរដ្ឋាភិបាលថៃថាបាត់កោះគុតមកខ្មែរ ឥឡូវគេកំពុងតតាំងបកស្រាយ ស្រាប់តែមកនៅក្នុងប្រទេសខ្មែរមកថារដ្ឋាភិបាលខ្មែរធ្វើឲ្យបាត់កោះគុតទៅថៃ ឥឡូវខ្ញុំសួរតើបាត់ទៅណា? បើមានតែតួអង្គ ២ ហ្នឹង មានតែអ្នកទី៣ ឬមួយក៏លិចចូលក្នុងសមុទ្រ? វាអត់ logic។ ហើយឲ្យរដ្ឋាភិបាលដោះស្រាយលេងសើចយ៉ាងម៉េច។ ចេះតែឡើង facebook ឡើងទៅថាម៉េច។ បើយើងចរចាគ្នាមិនទាន់មានការឯកភាពផង។ យើងនៅបន្តទាមទារអ្វីដែលយើងមាន។ គេនៅបន្តទាមទារអ្វីដែលគេបានទាមទារ។ នៅចរចាគ្នាមិនទាន់ឯកភាពទេដែនសមុទ្រជាមួយថៃ។ អញ្ចឹងសួរថាបាត់ស្អីនៅឯណា? បើមិនទាន់ឯកភាពគ្នា មិនទាន់មានស៊ីញេឯកភាពគ្នាថាអានេះឲ្យទៅអ្នកណា អានេះឲ្យទៅអ្នកណា? នៅទាមទាររៀងៗខ្លួន។ ហ្នឹងហើយដែលយើងមានតំបន់ត្រួតស៊ីគ្នានេះ។ ឥឡូវឲ្យរដ្ឋាភិបាលធ្វើស្អី? ឲ្យតែយើងមិនចេញពន្យល់ប្រាប់ថាយើងហ្នឹងដឹងហើយ ធ្វើឲ្យបាត់មែន ស្ងាត់ៗលួចស្រុះស្រួលគ្នា។ ខ្ញុំស្តាប់មិនបានទេ បងប្អូនជួយពន្យល់ខ្ញុំបន្តិច។មើលខាងណោះថាកោះមួយហ្នឹងបាត់មកយើង? ខាងយើងប្រាប់ថាអាកោះមួយហ្នឹងបាត់ទៅគេ។ ឥឡូវបាត់ទៅណា បើភាគីហ្នឹងបាត់ទាំងអស់គ្នា។ តើយើងត្រូវពន្យល់យ៉ាងម៉េច ? វាអត់មានអីត្រូវពន្យល់ មិនមែនបានន័យថារដ្ឋាភិបាលមិនពន្យល់ មិនចេញជាសាធារណៈពន្យល់បច្ចេកទេស ថារដ្ឋាភិបាលមិនទទួលខុសត្រូវទេ។ គណកម្មការព្រំដែននៅបន្តធ្វើការចរចា រឿង OCA។ ខ្ញុំមិនយកបកស្រាយព្រឹកនេះទេ ​ខ្ញុំទុកប្រធានបទទៅនិយាយរឿងរ៉ែថាមពលល្ងាចនេះ។ រឿង OCA តំបន់ត្រួតស៊ីគ្នាដែលជាប្រធានបទភ្ជាប់នេះ។ បើបងប្អូនចង់ដឹងរឿងហ្នឹង សូមមើលល្ងាចហ្នឹងតាមដានភាគបន្តល្ងាចនេះ ព្រោះរឿងវាច្រើន។

ឥឡូវទី ២ មិនត្រឹមតែភាពចាស់ទុំទេ យើងមានការទទួលខុសត្រូវចំពោះជាតិរបស់យើង រឿងព្រំដែនជារឿងរយៈពេលវែង។ ពេលខ្លះត្រូវការអត់ធ្មត់ណាស់ សួរអ្នកគណកម្មការព្រំដែន។ លុយទឹកទៅវាស់ ចរចាគ្នាអត់បាយ អត់ទឹកទល់ភ្លឺ ១ មីលីម៉ែត្រៗអត់ត្រូវគ្នារាប់សិបឆ្នាំ។ រឿងវារយៈពេលវែង មិនមែនចេះតែចង់ដោះបញ្ចប់ភ្លាមៗទេ អញ្ចឹងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។ ទី១ គឺការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជាឲ្យបានដាច់ខាត នេះជាការប្តេជ្ញាខ្ពស់ប្រ​កប​ដោយការទទួលខុសត្រូវ មិនមែននៅស៊ុមគ្រលុំលួចកាត់ឲ្យទេ មិនមែនដូចលួចឲ្យនំប៉័ងមួយលាក់ជិតទេ ព្រំដែនអ្នកណាក៏ឃើញតជំនាន់។ ការដោះស្រាយមួយៗទទួលខុសត្រូវការពារអធិបតេយ្យភាព ទី២ យើងប្រកាន់ជំ​ហរដោះស្រាយដោយសន្តិវិធីចៀសវាងការប្រើហឹង្សាតាមរយៈយន្តការបច្ចេកទេសនឹងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ យើងប្រើគណកម្មការ ប្រើច្បាប់អន្តរជាតិកំណត់ព្រំដែន សន្ធិសញ្ញាផ្សេងៗ បូកជាមួយបច្ចេកទេសខាងភូមិសាស្រ្តខាងព្រំដែននេះដើម្បីធ្វើការ និយាយអញ្ចឹងមិនមែនបានន័យថាយើងទន់ជ្រាយទេ។

យើងធ្លាប់លើកទ័ពទៅប្រយុទ្ធនៅព្រំដែន។ ឯកឧត្តម អគ្គបញ្ជាការនៅទីនេះ ទៅប្រចាំនៅនេះ យើងមិនចង់ទៅដោះស្រាយបែបហ្នឹងទេ? អ្នកខ្លះគេថាគេឡើងទៅលើកទ័ពវាយយកកម្ពុជាក្រោម។ ទៅវាយយកនេះយកនោះ វាយខ្លួនឯងទៅ។ ខ្ញុំធ្លាប់ធ្វើទ័ពហើយ។ ទាហានរបស់ខ្ញុំមានគ្រួសារ។ ទៅវាយស្អី រកដោះស្រាយដើម្បីមានសន្តិវិធី ដោះស្រាយបញ្ហាបញ្ចប់ដែលបន្សល់ពីរាប់រយឆ្នាំមុន ហើយបង្កើនមិត្តភាពប្រទេសជិតខាង បងប្អូនបន្តរស់នៅជាមួយគ្នា។ នេះគឺគោលការណ៍ ការដោះស្រាយដោយទទួលខុសត្រូវ មិនមែនឃើញវាយៗទេ មិនមែនឃើញឡើងដាក់ facebook ឡើងដាក់អីផ្សព្វផ្សាយប្រមូលមនុស្សប្រជាពលរដ្ឋដើម្បីបំផុសប្រជាជន ឈ្លោះគ្នាជាមួយប្រជាជន អាហ្នឹងគេមិនមែនហៅថាគោលនយោបាយដោះស្រាយបញ្ហារសើបដោយទទួលខុសត្រូវទេ បើបំផុសប្រជាជនឲ្យតែពាក់មុខយក្សដាក់គ្នាហ្នឹង ឲ្យតែកងទ័ពវាយគ្នាហ្នឹង តើយើងដោះស្រាយទេ? អត់ទេ។

ទី៣ ក្នុងន័យនេះរាជរដ្ឋាភិបាលតាមរយៈរដ្ឋលេខាធិការកិច្ចការព្រំដែនគឺត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើការចរចា ហើយយើងចាត់ទុកជាអ្នកធ្វើការងារមិនមែនលេងសើចទេរឿងព្រំដែនបងប្អូន។ រឿងព្រំដែនគឺជារឿងអនាគតវែងឆ្ងាយ។ យើងត្រូវធ្វើការដោយប្រុងប្រយ័ត្ន។ អញ្ចឹងហើយបានព្រំដែនថៃ ជាពិសេសព្រំដែនគោកស្រួលរកជាងព្រំដែនជាមួយឡាវ ជាមួយវៀតណាម ដោយសារព្រំដែនជាមួយឡាវ មួយផ្នែកនោះព្រំដែនរដ្ឋបាលអត់មានបោះបង្គោលទេ មានតែការគូសព្រំដែនឡាវ ព្រំដែនថៃ ព្រំដែនគោក ខ្ញុំនិយាយព្រំដែនគោក។ សមុទ្រយើងមិនដែលមានការកំណត់ព្រំដែនទេ។ យើងនៅចរចា។ អត់ទាន់ឯកភាពគ្នាទេ។ ខ្ញុំបញ្ជាក់ឡើងវិញ។ សន្ធិសញ្ញា ១៩០៧ នេះកំណត់ព្រំដែនគោក ៧៣ បង្គោល ៨០០ ដែនសមុទ្រអត់ទាន់មានដែលជជែកគ្នាត្រូវគ្នាម្តងណាទេ។ អញ្ចឹងមិនអាចថាអ្នកនេះបាត់នេះ អ្នកនេះចំណេញនោះទេ។

ខ្ញុំឃើញអ្នកជំនាញតាម facebook ហ្នឹងគឺថាខ្លាំងណាស់ និយាយដូចឯងច្បាស់ ច្បាស់ជាងខាងជំនាញច្បាប់ ខាងជំនាញរបស់រដ្ឋលេខាធិការ ដោយទាំងអ្នកដែលធ្លាប់បង្ហោះសន្ធិសញ្ញាក្លែងក្លាយជាប់គុកទៀតអត់ព្រមរាង។ ខ្លួនឯងមិនច្បាស់ទេ ហើយម្នាក់ហ្នឹងខ្ញុំចាំអង្កាលខ្ញុំថ្ងៃមុនចេញសារមកថាខ្ញុំទៅរៀននៅ west point នេះដោយសារពុករលួយ គេថាគេដាក់ពាក្យប្រឡង ខំប្រឡងដល់ជាប់។ មកជាប់ខ្ញុំវិញ។ ខ្ញុំថានែ ជេរពុករលួយកុំជេរខ្ញុំ អ្នកឯងកំពុងតែជេរអាមេរិកព្រោះអាមេរិកអ្នករើស។ ការប្រឡងរើសសាលាហ្នឹង គ្មានយើងទៅអន្តរាគមន៍ទេ។ អញ្ចឹងអ្នកឯងជេរទៅរឿងហ្នឹង បង្កើតរឿងអត់ប្រយោជន៍។ ឥឡូវរឿងមួយទៀតខ្ញុំផ្តាំសារទៅវិញ សន្យាហើយថា ៦ឆ្នាំមុនថាខ្ញុំមិនដាក់បង្កើតព័ត៌មានមិនច្បាស់លាស់ អត់ពិចារណាត្រឹមត្រូវរឿងព្រំដែនដែលនាំឲ្យប្រជាជនមានការបារម្ភ បំផុសនូវការយល់ខុសហើយជាតិនិយមអាចខុស ធ្វើឲ្យមានបញ្ហានៅក្នុងសង្គម យល់ច្រឡំលើរដ្ឋាភិបាល។ អញ្ចឹងការចរចាព្រំដែននេះ គឺប្រើពេលវេលា និងការទទួលខុសត្រូវហើយយើងត្រៀមលក្ខណៈគ្រប់ពេល នេះគឺជាការទទួលខុសត្រូវរបស់យើង ហើយយើងមិនធ្វើឲ្យបាត់នូវដែនដីរបស់យើង ឬអធិបតេយ្យភាពជាតិរបស់យើងទេក្នុងកិច្ចការព្រំដែននេះ។ សូមធានា។ សូមបងប្អូនជឿទុកចិត្តចុះ។ ​

ដែលស្រែកថារាជរដ្ឋាភិបាលមិនមាត់/ក គឺដោយសារយើងប្រកាន់និន្នាការជំហរចាស់ទុំ មិនចេះតែលោតលិច លោតកើត។ បើលោកអ្នកនយោបាយចាស់វស្សាខ្លួនឯង បន្តិចលោតលិចបន្តិចលោតកើត កុំនាំក្មេងលោតតាម ធ្វើចរិកក្មេងខ្លួនឯងទៅ ទុកឱ្យខ្ញុំធ្វើចរិកចាស់ទុំខ្លះផង។ មួយថ្ងៃៗជេរ ក្បត់ជាតិពីឪដល់កូន ក្បត់ជាតិកាត់កោះគុត ក្បត់ជាតិស្អីៗ … ដែនសមុទ្រមានបាត់មកពីណា មិនទាន់ចរចាចេញផង មិនទាន់ឯកភាពគ្នាផង បើថាឯកភាពគ្នាស៊ីញ៉េទាំងសងខាងបានយើងទៅមើលចំណុចណាដែលយើងឯកភាព វាបាត់ឬវានៅ។ បើឥឡូវមិនទាន់ចរចាឯកភាពគ្នាលើព្រំដែនសមុទ្រកន្លែងណាមួយផង តើបាត់យ៉ាងម៉េច?​ ខ្ញុំអត់យល់។ យើងមិនមាត់នាំគ្នាជំរុញបន្ថែម ខ្ញុំបកស្រាយឱ្យប្រជាពលរដ្ឋយើងបានស្ងប់ចិត្ត។ រឿងអ្នកនយោបាយចាស់វស្សា បញ្ញវន្តស្អីណាសាលាបារាំងយ៉ាងម៉េចខ្ញុំមិនដឹងទេ ឥឡូវកើតចលនា ៣ទៅ ៤ ដូរឈ្មោះ(រាប់)ភ្លេច។ ម្ដងនោះឱ្យអនុរបស់គាត់ទៅបង្កើតធ្វើប្រធានបានបន្តិចធ្លាក់មកធ្វើជាអនុវិញ។ មិនដឹងរឿងស្អីទៅបង្កើតរដ្ឋាភិបាល … ថាឥឡូវឈប់ជឿបោះឆ្នោតហើយ។ អញ្ចឹងប្រជាពលរដ្ឋ ៨លាន ២សែននាក់ទៅបោះឆ្នោត កាលពីឆ្នាំ២០២៣ … ហ្នឹងទុករឿងគេចុះ តែកុំយករឿងអីមករញេរញ៉ៃក្នុងស្រុក។

(៣៣) អ្នកទាមទាររដ្ឋាភិបាលអោយបញ្ចេញឯកសារនិងយុទ្ធវិធីចរចា ស្មើនឹងជាមនុស្សល្ងង់

ខ្ញុំសូមជូនសារទៅបងប្អូនប្រជាពលរដ្ឋ រដ្ឋាភិបាលមិនមាត់មិនក មិនមែនបានន័យរដ្ឋាភិបាលអត់ទទួលខុសត្រូវទេ មិនមែនរដ្ឋាភិបាលរួមគំនិត តែយើងមិនចាំបាច់ទៅយករឿងភ្លើងក្រៅផ្ទះដាក់ក្នុងផ្ទះ យើងដោះស្រាយតាមយុន្តការចាស់ទុំគឺយន្តការផ្លូវរដ្ឋនិងរដ្ឋ យើងដោះស្រាយផ្អែកលើគោលការណ៍ និងធ្វើសកម្មភាពផ្អែកលើកគោលការន៍ប្រាកដប្រាជា។ ទៅប្ដឹងយ៉ាងម៉េច​ ICJ យ៉ាងម៉េចបើយើងមិនទាន់ឯកភាពគ្នាផង។ បាត់អី? ដោយសារយើងមិនទាន់ឯកភាពគ្នាហ្នឹងហើយ បានជាយើងកំណត់មិនបាន។ យើងធ្វើស្អីមិនចេញបន្តចរចាគ្នាទៀតទៅ។ បន្តការពារផលប្រយោជន៍រៀងខ្លួន។ រឿងតែប៉ុណ្ណឹង។ ខ្ញុំនិយាយមួយម៉ោងមុនអត់អីទេ ឥឡូវមួយម៉ោងក្រោយបែកញើសខ្លួនឯង និយាយចំប្រធានបទក្ដៅបែកញើសតែម្ដង។ ខ្ញុំសង្ឃឹមថាបងប្អូននៅទីនេះប្រហែលជាបានស្ដាប់លឺ​​ក៏មានការព្រួយបារម្ភ។ ហេតុអីបានជារដ្ឋាភិបាលនៅស្ងៀមនៅពេលដែលខាង​ភាគីផ្សេងគេថាបោះគេនេះនោះ… រឿងគេថារឿងផ្ទៃក្នុងរបស់គេ។ បើចង់ឱ្យយើងទទួលស្គាល់មកចរចាគ្នាទៅ ទាល់តែមានការឯកភាពពីយើង បានយើងទទួលស្គាល់។ រឿងឯកតោភាគីអ្នកណាថាអីថាទៅ។ ហេតុអីបានជារដ្ឋាភិបាលមិនពន្យល់ រឿងកោះ។ រឿងបច្ចេកទេសគ្មានអ្នកណាគេឆ្កួតដល់ថ្នាក់ហ្នឹង។ បើអ្នកនយោបាយជាពិសេសអ្នកនយោបាយចាស់វស្សាទាមទារឱ្យគណកម្មការព្រំដែនមកធ្វើបទបង្ហាញលក្ខណៈបច្ចេកទេស ចរចាហ្នឹងដូចសម្លាប់ខ្លួនឯងចឹង។ ល្ងង់សុទ្ធ។ គណៈកម្មការព្រំដែន គណៈកម្មការព្រំដែនប្រទេសជិតខាងស្រាវជ្រាវរៀបចំមនុស្សឯកសារដូចសន្លឹកបៀរសំរាប់ទៅចរចា។ បើយើងបើកសន្លឹកបៀរមុននឹងចរចារហើយ ធ្វើម៉េចឈ្នះគេ។ ថាអត់តម្លាភាព។ តម្លាភាពចាំមើលលទ្ធផលទៅ។

បងប្អូន ខ្ញុំប្រៀបធៀបមិនមែនខ្ញុំជាអ្នកល្បែងទេ ​ប៉ុន្តែដោយសារស្រួលនិយាយ លេងកាតេ​​​​​ ​សន្លឹកបៀរកាន់នៅដៃ។ យើងទៅចរចាយកឈ្នះ ផលប្រយោជន៍រៀងៗខ្លួន បើសិនជាយើងរវល់តែឈ្លោះគ្នាឯង ប្រាប់គេឱ្យបង្ហាញសន្លឹកបៀរ មកពន្យល់សន្លឹកបៀរ យើងមានស្អីខ្លះយើងលេងយ៉ាងម៉េច ម្ខាងទៀតស៊ីផុយ។ យើងជាអ្នកចាញ់ គ្មានអ្នកណាទៅធ្វើកិច្ចការចរចាទេ … យើងពន្យល់ផ្ទៃក្នុងយើង លក្ខណៈចង្អៀតមុននឹងទៅចរចា។ អ្នកខ្លះថាបើរដ្ឋាភិបាលអត់លាក់លៀម ម៉េចក៏មិនចេញឯកសារនិងយុទ្ធវិធីចរចា។ វាស្មើនឹងល្ងង់សុទ្ធ។ យើងចរចាដើម្បីដឹងថាពេលដែលលទ្ធផលចុងក្រោយជាអ្វី ដែលជាតម្លាភាពជាមួយប្រជាពលរដ្ឋរបស់យើង ព្រោះនេះជាការងារដែលយើងត្រូវទទួលខុសត្រូវ ប្រជាពលរដ្ឋដឹងបាន។ អញ្ចឹងយើងត្រូវធ្វើម៉េចឱ្យបានផលអតិបរមា ដើម្បីពេលបើកបៀរឱ្យប្រជាពលរដ្ឋយើងឈ្នះ។ យើងបានប្រៀប។ បានផលប្រយោជន៍ដែលអាចទទួលយកបានទាំងសងខាង ​ហើយប្រទេសជាតិយើងបានទទួល។ បើថាអ្នកនយោបាយចាស់វស្សាទាមទារថារដ្ឋាភិបាលត្រូវតែពន្យល់ថាយើងមានឯកសារស្អីខ្លះ​ ត្រូវចរចាយ៉ាងម៉េច អាហ្នឹងស្មើនឹងហុច​ទៅឱ្យគេបាត់ទៅហើយ។ បានន័យថាល្ងង់សុទ្ធ។

(៣៤) អ្នកសាក់ខ្លួនទំហំដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ បន្តិចទៀតត្រូវសាក់ឡើងវិញ

បងប្អូននិស្សិតបញ្ញវន្ត ចង់បានពន្យល់ឥឡូវតែចាញ់គេពេលចរចា ឬមួយក៏ថាទុកការជឿលើរដ្ឋាភិបាលលើមន្ត្រីព្រំដែនរបស់យើងប្រមូលឯកសារកសាងមូលដ្ឋានច្បាប់ មូលដ្ឋានបច្ចេកទេស ដើម្បីចរចាប្រើយុទ្ធវិធីដើម្បីទាញផលប្រយោជន៍អតិបរមាឱ្យជាតិរបស់យើង ពេលដែលចប់ចរចាឯកភាព​គ្នាយើងបានផលឱ្យជាតិរបស់យើង ត្រូវទេ។ សុំឱ្យជឿទុកចិត្តលើរដ្ឋាភិបាល ជាមួយមន្ត្រីបច្ចេកទេសរបស់យើង។ បងប្អូនខំធ្វើការអត់បាយទឹក មិនមែនបងប្អូនចង់ក្បត់ជាតិទេ។ ល្ងាចមិញលោកជំទាវ កុយ ពិសី … ឯកសារហ្នឹងសម្ដេចតេជោធ្លាប់បង្ហាញរួចម្ដងមកហើយ។ ក្រោយពីយើងវាស់វែង អាហ្នឹងយើងមិនទាន់រៀបចំរាប់ដីកោះដីអីផង មានបងប្អូនខ្លះទៅសាក់លើខ្នង ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ។ មានអ្នកសាក់ទេ? ប្រយ័ត្នត្រូវដូរចេញណា។ យើងគ្រាន់តែវាស់កាលពីឆ្នាំ២០១២ ផ្ទៃក្រឡាដីរបស់យើងឡើង ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនទាន់រាប់កោះផង។ មិនមែនបាត់ក្រោម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទេ។ គ្រាន់តែយើងវាស់សាកល្បងប្រើបច្ចេកវិជ្ជា GPS ថ្មី តាមអ្វីដែលយើងបានឯកភាពគ្នាមកដល់ម៉ោងនេះ មិនទាន់រាប់ដីកោះរបស់យើងផងមាន ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ កើនជាង៣០០គីឡូម៉ែត្រការ៉េទៅហើយ។ អ្នកទៅសាក់ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ បន្តិចទៀតគួរតែទៅដូរទៅ។ ចាំពេលយើងចរចា មិនឱ្យបានក្រោម​  ១៨១ ០៣៥ គីឡូម៉ែត្រការ៉េទេ។ ឯកសារនេះអត់លាក់លៀមទេ។ សម្ដេចតេជោ បានបង្ហោះ និងបានបោះពុម្ភរាប់ពាន់​ចែក ពេលដែលសម្ដេចបកស្រាយនៅសភា៥ម៉ោង។

(៣៥) ប្រជាពលរដ្ឋយល់និងអោយតម្លៃស្ថិរភាព និងសាមគ្គីឯកភាព

ពេលគេរុញ CLV-DTA, ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ តែយើងមិនទាន់ប្រកាសជាផ្លូវការដោយសារយើងនៅចរ​ចា​ព្រំដែនទឹក ព្រំដែនអីបន្ថែមទៀត មានកោះមានអីផ្សេងៗ ជាច្រើន … ចប់ពីឆ្នាំ ២០១២ នោះវាលើស១៨១ ០៣៥ គីឡូម៉ែត្រការ៉េទៅហើយ។ នេះជាការពិតគ្មានអីលាក់លៀមទេ។ សួរថាយើងចរចាបាន បោះបង្គោលបានប៉ុណ្ណឹង មានដែលទៅវាយស្គរតាមផេកតតាំងទេ? យើងប្រកាន់អភិក្រមចាស់ទុំ។ គោលការណ៍ច្បាស់លាស់ ការ​ពារបានដាច់ខាតផលប្រយោជន៍ជាតិ អធិបតេយ្យជាតិ និងទឹកដី ដោះស្រាយបញ្ហាដែលបន្សល់ទុករាប់រយឆ្នាំដើម្បីឱ្យចប់ប្រកបដោយស្មារតីទទួលខុសត្រូវ មិន​ឱ្យបាត់បង់ទឹកដីនិងអធិបតេយ្យភាពជាតិ។ ធ្វើយ៉ាងណាផលប្រយោជន៍ជាតិរបស់យើងបានអតិបរមា នេះជាគោលការណ៍។ មិនចាំបាច់ស្រែកធ្វើមួយជំហានប្រកាសលំៗតាមហ្វេសប៊ុក តាមអីនោះទេ។ ពេលខ្លះការចរចាត្រូវការអត់ធ្មត់។ ហេតុអីបានមិនឃើញនាយករដ្ឋមន្ត្រីយើងចេញមក។ ស្ងាត់ម្លេះ។ តើឱ្យខ្ញុំចេញមកយ៉ាងម៉េច? ឱ្យខ្ញុំចេញមកមករាល់ថ្ងៃ គេឡងមកតតាំងគ្នាចុះឡើងៗ ដូចហែកទ្រូងឱ្យក្អែកចឹកតែខ្លួនឯង។ រឿងគេសោះមកដុតខ្លួនឯង។ រឿងដែលត្រូវចរចាចុះឡើងយ៉ាងម៉េច។ វាអត់។

ខ្ញុំសុំបញ្ជាក់មកវិញកាលដែលរដ្ឋាភិបាលរក្សាការស្ងាត់ស្ងៀម​ មិនមែនបានន័យថារដ្ឋាភិបាលមិនធ្វើការងារ មិនមែនថារដ្ឋាភិបាលបោះបង់នូវការចរចាយកផលប្រយោជន៍ជាតិរឿងទឹកដីនោះ មិនមែនថារដ្ឋាភិបាលគ្មានការទទួលខុសត្រូវនោះទេ។ ផ្ទុយទៅវិញយើងធ្វើការដោយភាពចាស់ទុំនិងការទទួលខុសត្រូវ។ ខ្ញុំគិតថាអ្វីដែលខ្ញុំនិយាយថ្ងៃនេះ អ្នកនយោបាយ/អ្នកវិភាគនឹងយកទៅកាត់ដើម្បីវាយបន្តទៀត។ ខ្ញុំសូមឱ្យវាយបែកញើសខ្លួនឯងចុះ។ ខ្ញុំសុំនិយាយតែប៉ុណ្ណឹង បងប្អូនអាចមានមូលដ្ឋានយល់ហើយ។ គ្មានពេលវេលាទៅលេងល្បែងកូនក្មេងឆ្លើយឆ្លងរឿងនេះទេ។ ព្រួយបារម្ភរឿងទឹកដីដូចគ្នា។ អ្នកមានវិទ្យុស្រែកចុះ​បញ្ចេញមតិចុះ។ រាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ មានការទទួលខុសត្រូវច្បាស់ យើងនឹងបន្តតាមអ្វីដែលយើងធ្វើ តាមយន្តការដែលយើងមានស្រាប់ ផ្លូវការបន្តចរចាដើម្បីផលប្រយោជន៍ជាតិរបស់យើង នេះគឺជាអ្វីដែលយើងធ្វើ ហើយខ្ញុំនឹងមិនឆ្លើយឆ្លងចុះឡើងរញេរញ៉ៃជាមួយអស់លោកនៅខាងក្រៅ។ ថាខ្ញុំស្ងាត់ ខ្ញុំអត់ហ៊ាន ខ្ញុំអត់ឆ្លើយគេថាម៉េចប្រទេសផ្សេង គេថាម៉េចរឿងរបស់គេ ឯកតោភាគីថាអីថាទៅ បើចង់និយាយមកទល់មុខ យើងចរចាគ្នា។

បើអ្នកនយោបាយវិភាគខាងក្នុងធ្វើអីធ្វើចុះ កុំបំផុសដូចថ្ងៃ១៨ សីហា បាតុកម្ម ផ្ដួលស្អីៗ។ ស្រុកខ្មែរគេកំពុងអុំទូក អ្នកឡើងពីទូក ២ម៉ឺននាក់ដើរពេញក្រុង ទៅបបួលគេ(ធ្វើបាតុកម្ម)ដូចបង់ក្លាដែស។ ផែនការរបស់គេ ពេលដែលប្រជាជនមកបុណ្យអុំទូករាប់ម៉ឺននាក់នេះ គេធ្វើម៉េចបំផុសយកពេលហ្នឹងដើម្បីធ្វើបាតុកម្ម បានខំនិយាយរឿងកោះគុត រឿងស្អីនេះតែទៅមិនរួច។  ប្រជាពលរដ្ឋរវល់តែមើល វ៉ាន់ដា  ខនសឺត ដល់ប្រជាពលរដ្ឋកំពុង​​មើល ព្រាប សុវត្ថិ, ពាក់មី កំពុងតែអុំទូក។ គេបរាជ័យហើយ ដោយសារប្រជាពលរដ្ឋយើងយល់ នឹងអោយតម្លៃនូវស្ថិរភាព និងពេលវេលាដែលយើងត្រូវសាមគ្គីឯកភាពគ្នា កុំគិតតែឈ្លោះគ្នាអត់ប្រយោជន៍ កុំ​យកភ្លើងក្រៅផ្ទះមកដុតផ្ទះខ្លួនឯងដោយគ្មានផលប្រយោជន៍ជាតិអីទាំងអស់។ នេះជាអ្វីដែលខ្ញុំសុំអរគុណប្រជាពលរដ្ឋយើង។ រឿងព្រំដែនរឿងទឹកកោះ ខ្ញុំបញ្ជាក់ហើយខ្ញុំសុំបិទវង់ក្រចកវិញ។ បើកវង់ក្រចកច្រើនតែបែកញើស។

 

អត្ថបទទាក់ទង