Grand News Asia Close

សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ប្ដេជ្ញាផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 378
សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ប្ដេជ្ញាផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ប្ដេជ្ញាផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង

(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប លោកប្រធាន APF បានគោរពជម្រាបជូនសម្តេចធិបតី អំពីបំណងរបស់ APF ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលនេះជាពេលវេលាដ៏សមស្របសម្រាប់ក្រុមហ៊ុនបារាំងពិចារណា និងស្វែងរកទីផ្សារបន្ថែមទៀតនៅក្នុងទ្វីបអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា ដែលជាប្រទេសស្ថាបនិក នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងជាប្រទេសដែលបានដាក់បេក្ខភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។ លោកប្រធាន APF បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យ៝កាន់តែច្បាស់បន្ថែមទៀត ព្រោះកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ ។ បន្ថែមលើនេះ លោកប្រធាន APF ក៏មានជំនឿថា នេះជាឱកាសល្អក្នុងការផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង ដោយសារតែកម្ពុជាអាចនឹងក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ហើយកម្ពុជាក៏មានឱកាសបង្ហាញនូវភាពទាក់ទាញដល់វិនិយោគិន ជាមួយនឹងទំនាក់ទំនងដ៏ល្អរវាងបារាំង និងកម្ពុជា នាពេលកន្លងមក។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងសម្ដែងនូវក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោក Geoffroy Roux De Bezieux ហើយសម្តេចធិបតីបានលើកឡើងថា ក្រៅពីអ្វីដែលក្រុមហ៊ុនបារាំងបានវិនិយោគនៅប្រទេសដទៃ ក្រុមហ៊ុនគួរតែពិចារណាស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលមានច្បាប់វិនិយោគ និងបរិស្ថានដ៏ល្អប្រសើរសម្រាប់ការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី វិស័យថាមពលកកើតឡើងវិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម។ សម្តេចធិបតីក៏បានថ្លែងអំណរគុណចំពោះលោកប្រធាន APF សម្រាប់ការជួយផ្សព្វផ្សាយ និងការផ្តល់ព័ត៌មានជាច្រើនអំពីកម្ពុជាជូនដល់ក្រុមហ៊ុនបារាំង ដែលកម្ពុជាក៏មានបំណងផ្សារភ្ជាប់ខ្លួនទៅក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។ សម្តេចធិបតីក៏បានបង្ហាញនូវសេចក្តីសង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបន្តអនុវត្តនូវអភិក្រមដែលមាន លក្ខណៈប្រាកដនិយម ក្នុងការគាំទ្រដល់ការធ្វើវិនិយោគ តាមរយ:ការបង្កើតបរិស្ថានអំណោយផល និងការផ្តល់ដំណោះស្រាយជាក់ស្តែងចំពោះវិស័យជាក់លាក់ ដើម្បីឱ្យអ្វីៗអាចដំណើរការបាន និងការធ្វើប្រតិបត្តិការអាជីវកម្មទទួលបានជោគជ័យ។

អត្ថបទទាក់ទង