បញ្ញាវន្តដែលសល់ជីវិតពីរបបប្រល័យពូជសាសន៍ ចង់លើកឡើងពីប្រវត្តិសាស្ត្រកម្ពុជាបែបឧបមាថា «ប្រសិនបើសម្តេចតេជោ ហ៊ុន សែន ពុំបានភៀសខ្លួនដើម្បីទៅរកកម្លាំងរំដោះប្រជាជនពីរបបខ្មែរក្រហមទេ តើប្រវត្តិសាស្ត្រនឹងទៅជាយ៉ាងណា?»
(ភ្នំពេញ)៖ ក្នុងឱកាសដែលនៅទូទាំងប្រទេសកម្ពុជាប្រារព្ធទិវានៃការចងចាំ ២០ ឧសភា លោក ឆាំង យុ អ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ចង់លើកឡើងពីប្រវត្តិសាស្ត្រកម្ពុជាបែបឧបមាថា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន ពុំបានភៀសខ្លួនដើម្បីទៅរកកម្លាំងរំដោះប្រជាជនពីរបបខ្មែរក្រហមទេ? ប្រសិនបើគ្មានកងកម្លាំងប្រឆាំងនឹងរបបខ្មែរក្រហមកើតមានឡើង? ហើយប្រសិនបើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានបង្កើត ឬអនុវត្តគោលនយោបាយឈ្នះឈ្នះ? តើប្រវត្តិសាស្ត្រកម្ពុជានឹងទៅជាយ៉ាងណា?
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ប្រជាជនកម្ពុជាបានប្រារព្ធទិវានៃការចងចាំ ដើម្បីរំឭកការចងចាំជាសាធារណៈអំពីរបបប្រល័យពូជសាសន៍ដែលកើតមាននៅក្នុងប្រទេសកម្ពុជា, ផលប៉ះពាល់យ៉ាងដំណំបន្សល់ទុកពីរបបនេះចំពោះប្រជាជនកម្ពុជា និងអន្តរកាលរបស់ប្រទេសកម្ពុជារួចផុតពីភាពព្រឺព្រួចនៃរបបខ្មែរក្រហម ឈានទៅកាន់យុគសម័យសន្តិភាព, ការជាសះស្បើយ និងការផ្សះផ្សា។ តួអង្គដ៏លេចធ្លោនៅក្នុងអន្តរកាលដ៏លំបាកលំបិននេះ គឺសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោ ដែលដើមដំបូងឡើយជាសមាជិកនៃរបបខ្មែរក្រហម ក៏ប៉ុន្តែក្រោយមកមានសេចក្តីស្រងាកចិត្តយ៉ាងខ្លាំងចំពោះរបបនេះ។ សម្តេចតេជោ បានដឹកនាំកងកម្លាំងប្រឆាំងមួយក្រុម ដោយទទួលបានជំនួយពីរដ្ឋាភិបាលវៀតណាម ហើយបានយកឈ្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការពិតនិងប្រវត្តិសាស្ត្រ គឺមិនអាចក្លែងបន្លំបានទេ ក៏ប៉ុន្តែភាពត្រឹមត្រូវនៃតថភាពជាក់ស្តែង អាចនឹងបំភ័ន្តតាមរយៈទំនោរនយោបាយ ដែលបង្កជាភាពខុសពីការពិតនៃតថភាពជាក់ស្តែងនោះ។ នៅក្នុងអត្ថបទខ្លីមួយនេះ ខ្ញុំបានចោទជាសំណួរថា តើតួនាទីប្រវត្តិសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងខ្មែរក្រហមបានធ្លាក់ទៅជាជនរងគ្រោះនៃទំនោរនយោបាយ ដោយផ្អែកលើតថភាពជាក់ស្តែង ឬយ៉ាងណា?
ប្រវត្តិសាស្ត្របែបឧបមា គឺជាជំពូកនៃប្រវត្តិសាស្ត្រដែលប្រមើមើល និងប្រឌិតឡើងដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយឬច្រើន ដែលបានកើតមានឡើងខុសពីព្រឹត្តិការណ៍ពិតជាក់ស្តែង។ ប្រវត្តិសាស្ត្របែបឧបមាផ្តល់នូវគោលគំនិតដ៏សំខាន់ដើម្បីពិចារណាអំពីប្រវត្តិសាស្ត្រកម្ពុជា និងប្រវត្តិសាស្ត្រនៃដំណើរតស៊ូរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រឆាំងនឹងខ្មែរក្រហម។
នៅក្នុងវប្បធម៌លោកខាងលិច មានឧទាហរណ៍ជាច្រើនស្តីអំពីប្រវត្តិសាស្ត្របែបឧបមា ឬការប្រឌិតឡើងនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ “The Man in the High Castle” និពន្ធដោយ ហ្វីលីព ខេ. ឌីក (Philip K. Dick) គឺជាឧទាហរណ៍មួយសម្រាប់អ្នកអានក្នុងការត្រិះរិះពិចារណាថា តើពិភពលោកនឹងទៅជាយ៉ាងណា ប្រសិនបើមហាអំណាចអ័ក្ស (Axis Powers) បានយកឈ្នះលើសង្គ្រាមលោកលើកទី២។ ប្រវត្តិសាស្ត្របែបឧបមាចោទជាសំណួរដែលបណ្តុះផ្នត់គំនិតចំពោះប្រវត្តិសាស្ត្រពិត ថាតើប្រសិនបើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកើតឡើងក្នុងស្ថានភាពផ្សេង តើមានលទ្ធផលយ៉ាងដូចម្តេចទៅវិញ។ ប្រវត្តិសាស្ត្របែបឧបមា គឺពិតជាចាំបាច់ចំពោះការយល់ដឹងអំពីប្រវត្តិសាស្ត្រពិត ពីព្រោះថាប្រវត្តិសាស្ត្របែបឧបមាជំរុញឲ្យយើងគិតពិចារណាដោយល្អិតល្អន់លើសពីការពិត, ចោទជាសំណួរនិងគោលគំនិតក្នុងការពិចារណា និងសន្មតថាតើតថភាពជាក់ស្តែងរបស់យើងសព្វថ្ងៃនឹងទៅជាយ៉ាងណា ប្រសិនបើព្រឹត្តិការណ៍ប្រវត្តិសាស្ត្របានប្រព្រឹត្តទៅខុសពីការពិត។
ពុំទាន់មានប្រវត្តិសាស្ត្របែបឧបមាណាមួយ ត្រូវបាននិពន្ធឡើងអំពីប្រទេសកម្ពុជាស្ថិតនៅក្រោមរបបខ្មែរក្រហមនៅឡើយទេ។ ប្រសិនបើមានប្រវត្តិសាស្ត្របែបឧបមាសម្រាប់កម្ពុជា នោះគឺពិតជាផ្តល់ជាអត្ថប្រយោជន៍សម្រាប់ការត្រិះរិះពិចារណាថា តើប្រទេសកម្ពុជានឹងក្លាយទៅជាយ៉ាងណា ប្រសិនបើព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងការផ្តួលរំលំ និងការបំផ្លាញចលនាខ្មែរក្រហម ពុំមានវត្តមានឡើង ឬកើតមានឡើងក្នុងស្ថានភាពមួយផ្សេងទៅវិញ។
ការពិភាក្សាវែកញែកយ៉ាងល្អិតល្អន់អំពីប្រវត្តិសាស្ត្របែបឧបមាអាចជំរុញឲ្យមានសំណួរសំខាន់ៗជាច្រើន។ ជាឧទាហរណ៍៖ ប្រសិនបើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានភៀសខ្លួនចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៧? ប្រសិនបើគ្មានកងកម្លាំងប្រឆាំងនឹងរបបខ្មែរក្រហមកើតមានឡើង? ហើយប្រសិនបើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានបង្កើត ឬអនុវត្តគោលនយោបាយឈ្នះឈ្នះ?
សំណួរទាំងអស់ខាងលើ បណ្តុះការគិតសម្រាប់បុគ្គលឲ្យពិចារណាថា តើរបបខ្មែរក្រហមអាចបន្តអាយុកាលរបស់ខ្លួនបានយូរជាងការជាក់ស្តែង ទាំងផ្នែកយោធានិងផ្នែកនយោបាយដែរឬទេ។ ប្រសិនបើចលនាខ្មែរក្រហមនៅតែបន្តមានវត្តមាន តើនឹងមានឥទ្ធិពលអ្វីខ្លះកើតឡើងចំពោះសុខុមាលភាពទូទៅ និងស្ថានការណ៍របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន? តើប្រទេសកម្ពុជា ឬតំបន់អាស៊ីអាគ្នេយ៍មានស្ថានភាពយ៉ាងណាលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាព ប្រសិនបើស្ថានការណ៍ក្នុងអតីតកាលត្រូវបានដោះស្រាយខុសពីនេះ? ដោយពិចារណាទៅលើការសន្មតខាងលើ យើងអាចនឹងលើកឡើងជាចម្ងល់មួយថា៖ តើប្រជាជនចំនួនរាប់ពាន់ ឬរាប់លាននាក់ទៀតត្រូវរងទុក្ខវេទនា និងបាត់បង់ជីវិតឬយ៉ាងណា ប្រសិនបើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ កើតមានឡើងក្នុងទម្រង់មួយផ្សេងទៀត? តើមានបេក្ខភាពដទៃទៀត ដែលមានសមត្ថភាពនិងមានការប្តេជ្ញា ដូចសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំដ៏ឈ្លាសវៃមួយរូបក្នុងការផ្តួលរំលំរបបខ្មែរក្រហមឬទេ?
ពិតប្រាកដណាស់ មិនមែនមនុស្សគ្រប់គ្នាអាចផ្តល់សេចក្តីសន្និដ្ឋានដូចៗគ្នាចំពោះសំណួរខាងលើទេ ហើយមនុស្សគ្រប់គ្នាក៏មិនចាំបាច់ត្រូវតែឆ្លើយតបដូចៗគ្នាដែរ។ គិតគូរអំពីប្រវត្តិសាស្ត្របែបឧបនា គឺមិនមែនជាការលន់តួការពារចំពោះរាជរដ្ឋាភិបាលបច្ចុប្បន្ន ឬថ្នាក់ដឹកនាំសព្វថ្ងៃនោះទេ ក៏ប៉ុន្តែយើងត្រូវទទួលស្គាល់អំពីគុណសម្បត្តិដែលត្រូវទទួលស្គាល់។ ការផ្តួលរំលំនិងការបំផ្លាញចលនាខ្មែរក្រហម ស្ថិតក្រោមឥទ្ធិពលនៃកត្តាជាច្រើន ក៏ប៉ុន្តែកត្តាគន្លឹះដ៏ចាំបាច់បំផុតមួយ គឺរាជរដ្ឋាភិបាលថ្មីមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមទ្រឹស្តី ប្រសិនបើប្រជាជនកម្ពុជានិងប្រទេសកម្ពុជា ស្ថិតនៅក្នុងប្រវត្តិសាស្ត្របែបឧបមា ពោលគឺក្រោមការដឹកនាំនៃរដ្ឋាភិបាលដទៃ ប្រជាជនកម្ពុជាអាចនឹងមានភាពប្រសើរជាងនេះ។ តាមការពិតទៅ ប្រជាជនកម្ពុជាអាចនឹងរស់នៅដោយលំបាកលំបិនទៅវិញទេ។
អនាគតរបស់ប្រទេសកម្ពុជា មិនមែនពឹងផ្អែកតែទៅលើការទទួលយកជារួមចំពោះប្រវត្តិសាស្ត្រតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអាស្រ័យទៅលើការប្តេជ្ញារបស់យើងចំពោះការចោទជាសំណួរ និងឆ្លើយតបចំពោះសំណួរពិបាកៗ ទោះបីជាចម្លើយទាំងនោះអាចនឹងមិនបម្រើចំពោះអត្ថប្រយោជន៍ឬទំនោរនយោបាយយ៉ាងណាក្តី៕ ដោយ៖ Fresh News