Grand News Asia Close

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ English ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1326


វនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្ត ការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថាកន្លងមក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ក្រោមហេតុផលដូចជា៖ បំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មីនិងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃ។ រហូតមក ដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំងហើយគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើងនិងបានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃនៅតែពុំទាន់តែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBCរបស់ខ្លួនជាផ្លូវការនៅឡើយ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា
ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតព្រមទាំងអនុញ្ញាតឱ្យ ប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងប្រកបដោយ សុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែ លើដីជាក់ស្តែង ភាគីថៃបាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជានិងធ្វើ សកម្មភាពដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនទាំងស្រុងដូចខាងក្រោម៖


Press Release | Thailand Repeatedly Delayed JBC Meetings and Border Survey Work Due to Internal Political Processes

អត្ថបទទាក់ទង