វិភាគអន្តរជាតិ៖ លោក ដូណាល់ ត្រាំ អង្គុយលើច្បាប់?
(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack Smith បានសម្រេចចិត្តទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ ដែលលោកបានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន រួមទាំងការកាន់កាប់ឯកសារសម្ងាត់ដោយខុសច្បាប់របស់លោក ត្រាំ។ នេះជាជោគជ័យផ្លូវច្បាប់ដ៏ធំមួយរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ដែលបានទទួល ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ហើយនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក ត្រាំ ធ្លាប់បានសន្យាថានឹងបណ្ដេញលោក Jack Smith ចេញពីតំណែងភ្លាមៗ នៅពេលរូបលោកឡើងកាន់អំណាច។ ដូច្នេះតើការទម្លាក់ចោលការចោទប្រកាន់លោក ត្រាំ មានន័យយ៉ាងណាចំពោះនីតិរដ្ឋ?
តែព្រមពេលជាមួយគ្នា ជ័យជម្នះរបស់លោក ត្រាំ បាន និងកំពុងបង្កឱ្យមានការចោទសួរសាជាថ្មីរវាងនីតិរដ្ឋ និងព្រំដែននៃអំណាចរបស់ប្រធានាធិបតីអាមេរិក ខណៈសម្រាប់ក្រុមអ្នករិះគន់ និងអ្នកច្បាប់ដែលចង់ឃើញលោក ត្រាំ ទទួលខុសត្រូវផ្លូវច្បាប់ចំពោះទង្វើខុសច្បាប់ដែលរូបលោករងការចោទប្រកាន់ វាក៏ជារឿងខកចិត្តមួយផងដែរ។ ពីព្រោះថាអំណឹះតទៅ លោក ត្រាំ នឹងត្រូវចំណាយពេល៤ឆ្នាំ ក្នុងនាមជាបុរសដ៏មានឥទ្ធិពលបំផុតម្នាក់ នៅក្នុងពិភពលោក ដោយលែងត្រូវភ័យព្រួយទៅនឹងការចោទប្រកាន់ពីបទល្មើសសហព័ន្ធណាមួយក្នុងពេលកំពុងកាន់អំណាច។ រឿងបែបនេះបានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយ តាមរយៈលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា និងកាន់តែច្បាស់ ទៅទៀត កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ក្រោយលោក Jack Smith សម្រេចចិត្តទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌសហព័ន្ធទាំង២ខាងលើ។
លោក Jack Smith នៅក្នុងឯកសារមួយមានកម្រាស់៦ទំព័រ ដាក់ជូនលោកស្រីចៅក្រម Tanya Chutkan ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានសង្កត់ធ្ងន់ថា «ក្រសួងយុត្តិធម៌ និងប្រទេសជាតិទាំងមូលមិនធ្លាប់បានជួបប្រទះនឹងកាលៈទេសៈ ដូចពេលនេះនោះទេ។ ជាកាលៈទេសៈមួយដែលការចោទប្រកាន់កម្រិតសហព័ន្ធប្រឆាំងពលរដ្ឋម្នាក់ ដែលគណៈវិនិច្ឆយបញ្ជាក់ថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ និងការកាត់ទោសខាងព្រហ្មទណ្ឌ ត្រូវបានដំណើរការ ចំពេលជនជាប់ចោទបានក្លាយជាប្រធានាធិបតីជាប់ឆ្នោត»។ បើតាមលោក Smith ការសម្រេចចិត្តទម្លាក់ចោលការចោទប្រកាន់លោក ត្រាំ ធ្វើឡើងដោយផ្អែកលើនីតិវិធីរបស់ក្រសួងយុត្តិធម៌អាមេរិក។ «នីតិវិធីរបស់ក្រសួង (យុត្តិធម៌) នោះគឺថារដ្ឋធម្មនុញ្ញាបានតម្រូវឱ្យករណីនេះគួរតែត្រូវបានទម្លាក់ចោល មុននឹងជនជាប់ចោទស្បថឡើងកាន់តំណែង។ ពោលគឺការសម្រេចចិត្តមិនមែនធ្វើឡើងដោយផ្អែកលើភាពស័ក្តិសម ឬភាពរឹងមាំនៃសំណុំរឿងប្រឆាំងនឹង ជនជាប់ចោទនោះឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Smith ស្របពេលលោកស្រីចៅក្រម Chutkan បានទម្លាក់ចោលការចោទប្រកាន់ជាផ្លូវការប្រឆាំងលោក ត្រាំ ក្នុងសំណុំរឿងព្យាយាមកែប្រែលទ្ធផលបោះឆ្នោត ប្រធានាធិបតីកាលពីឆ្នាំ២០២០ រីឯលោក Smith ប្រកាសបិទបញ្ចប់ការប៉ុនប៉ងរបស់លោកក្នុងការចោទប្រកាន់ដាច់ដោយឡែកមួយឡើងវិញប្រឆាំងលោក ត្រាំ ពាក់ព័ន្ធនឹងការកាន់កាប់ឯកសារសម្ងាត់ដោយខុសច្បាប់។
នីតិវិធីរបស់ក្រសួងយុត្តិធម៌អាមេរិក ដែលរដ្ឋអាជ្ញាពិសេសយកមកធ្វើជាសំអាង គឺត្រូវបានប្រកាន់ខ្ជាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ។ នីតិវិធីនេះបានកំណត់ថាការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងប្រធានាធិបតីម្នាក់ កំពុងកាន់អំណាច នឹងបំពានលើរដ្ឋធម្មនុញ្ញអាមេរិក ដោយបំផ្លាញសមត្ថភាពរបស់ប្រធានាធិបតី ក្នុងការអនុវត្តតួនាទីរបស់ខ្លួន។ ទាំងគណៈវិនិច្ឆយ និងលោក Smith សុទ្ធតែធ្លាប់បានបង្ហាញថាមានភស្តុតាងគ្រប់គ្រាន់អាច បញ្ជាក់បានថាលោក ត្រាំ ពិតជាបានប្រព្រឹត្តខុសច្បាប់ពិតមែន។ តែនៅចុងបញ្ចប់ លោក ត្រាំ នៅតែអាចរួចខ្លួនពីសំណាញ់ច្បាប់។
នៅក្រោមរបបដឹកនាំតាមបែបប្រជាធិបតេយ្យ ជាពិសេសនៅសហរដ្ឋអាមេរិកតែម្ដង មេដឹកនាំ និងប្រជាជនគឺត្រូវបានអះអាងថាស្ថិតនៅក្រោមស្ដង់ដារច្បាប់តែមួយ។ តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៅថ្ងៃនេះ គឺប្រជាជនអាមេរិកខ្លួនឯងជាអ្នកចង់បាន ពីព្រោះពួកគេបានបោះឆ្នោតគាំទ្រឱ្យលោក ត្រាំ ត្រឡប់មកកាន់អំណាចវិញសាជាថ្មី បើទោះជាមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីពិរុទ្ធភាព និងទង្វើខុសឆ្គងរបស់លោក ត្រាំ ក៏ដោយ។
គួរបញ្ជាក់ថា ក្រោយរួចផុតពីបទចោទសហព័ន្ធ លោក ត្រាំ នៅត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីសំណាក់អាជ្ញាធរក្នុងរដ្ឋ Georgia និង New York ហើយក្នុងនាមជាប្រធានាធិបតី លោក ត្រាំ មិនមានសិទ្ធិអំណាចលូកលាន់ ក្នុងកិច្ចការរបស់រដ្ឋទាំងនេះឡើយ។ ប៉ុន្តែ សំណុំរឿងនៅឯតុលាការនៃរដ្ឋទាំង២នេះកំពុងស្ថិតក្នុងភាពមន្ទិលសង្ស័យ ដោយសារតែតុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីខែកក្កដាកន្លងទៅបានសម្រេចថាលោក ដូណាល់ ត្រាំ មានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស ចំពោះសកម្មភាពផ្លូវការដែលលោកបានប្រព្រឹត្ត អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ម្យ៉ាង កាលពីសប្ដាហ៍មុន ចៅក្រមដែលកាន់សំណុំរឿងសូកលុយបំបិទមាត់របស់លោក ត្រាំ ក្នុងរដ្ឋ New York ក៏បានសម្រេចចិត្តពន្យារពេលប្រកាសសាលក្រមផ្តន្ទាទោសលោក ត្រាំ ដោយគ្មានកាលកំណត់ផងដែរ។ លោក ត្រាំ ត្រូវបានតុលាការរដ្ឋ New York សម្រេចឱ្យជាប់ពិរុទ្ធលើបទចោទព្រហ្មទណ្ឌ៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារអាជីវកម្មដើម្បីបិទបាំងការចំណាយលុយ ១៣០ ០០០ដុល្លារ ដើម្បីបំបិទមាត់តារាអាសអាភាសម្នាក់ឈ្មោះ Stormy Daniels កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោតប្រធានាធិបតីកាលឆ្នាំ២០១៦។ តែលោក ត្រាំ បានច្រានចោលការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងរូបលោក៕ ប្រភព៖ Fresh News