Grand News Asia Close

 បទវិចារណកថា៖ អរគុណ២៣ តុលា អរគុណសន្តិភាព!

ដោយ៖ ម៉ម សុគន្ធ ​​ | 4 ម៉ោងមុន ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 342
 បទវិចារណកថា៖ អរគុណ២៣ តុលា អរគុណសន្តិភាព!  បទវិចារណកថា៖ អរគុណ២៣ តុលា អរគុណសន្តិភាព!
ដោយខាល (KARL)
 
ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤
 
៣៣ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រជាជាតិនិងប្រជាជនកម្ពុជាពិតជារីករាយនឹងអ្វីដែលយើងមានសព្វថ្ងៃនេះ ដែលខុសគ្នាដូចមេឃនិងដី បើប្រៀបធៀបទៅនឹងអតីតកាលខ្មែរក្រហមដ៏មហាអស្ចារ្យ និងមហាលោតផ្លោះ។
 
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ យើងអបអរសាទរទិវាជាប្រវត្តិសាស្ត្រនេះ ដែលនាំមកនូវការបញ្ចប់ជម្លោះផ្ទៃក្នុង ការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកំពស់សិទ្ធិមនុស្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
 
សមិទ្ធិផលដែលមាននៅថ្ងៃនេះ គឺយើងមិនអាចបំភ្លេចនូវគុណូបការៈ និងជំនួបជាប្រវត្តិសាស្ត្រលើកទី១រវាងសម្តេចព្រះបរមតរនកោដ្ឋ នរោត្តមសីហនុ និងសម្តេចតេជោ​ ហ៊ុន សែន​ នៅ FERE-EN-TARDENOIS កាលពីថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ និងលើកទីពីរ នៅ SAINT-GERMAIN-EN-LAYE ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ១៩៨៨ នាសាធារណរដ្ឋបារាំង។
 
វីរបុរសទាំងពីរបានស្វែងរកឃើញការឯកភាពជាតិ១ មុននឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយភាគីជម្លោះទាំងបួន​ និងចូលរួមដោយប្រទេសហត្ថលេខីចំនួន១៩ប្រទេស។
 
បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ ប្រទេសទាំងនេះបានបញ្ចប់បេសកកម្មរបស់ខ្លួនទាំងស្រុង គ្មាននៅសេសសល់ភារកិច្ចអ្វីទៀតទេ ហើយព្រះរាជាណាចក្រកម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យ និងស្មើមុខស្មើមាត់ ដូចការថ្លែងរបស់លោក Jean David Levitte អតីតមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសបារាំងដែលបានចូលរួមតាំងពីដំបូងក្នុងដំណើរការចរចារស្វែងរកសន្តិភាពសម្រាប់ជម្លោះដ៏រាំរ៉ៃនៅកម្ពុជា តាមរយៈដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦។
 
ដូចការគូសបញ្ជាក់របស់លោក Jean David Levitte 
 
“គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនគួរតែបញ្ឈប់ចំពោះការនិយាយច្រំដែលពីតួនាទីរបស់ប្រទេសហត្ថលេខីទាំងនោះទៀត”។
 
សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកតែមួយគត់ដែលបាននិង កំពុងធានាបន្តមរតកទាំងនេះ ជាពិសេសការធានាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដើម្បីកូនចៅជំនាន់ក្រោយបន្តវេន ដែលមានសម្តេចធីបតី ហ៊ុន ម៉ាណែត​ ជាអ្នកបន្តកាច់ចង្កូតនាវាកម្ពុជាក្នុងល្បឿនមួយដ៏គួរឲ្យកត់សម្គាល់។
 
មាត្រា១៥នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងថា”មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងនៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានសិទ្ធិ និងសេរីភាពដូចមានចែងក្នុងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងក្នុងបណ្តាកិច្ចព្រមព្រៀងទាំងឡាយដែលពាក់ព័ន្ធដល់សិទ្ធិមនុស្ស“។
 
ខ្លឹមសារទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងជំពូកទី៣ស្តីពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋ(ចាប់ពីមាត្រា៣១ដល់មាត្រ៥០)ដែលចែងពីសិទ្ធិជាមូលដ្ឋានចំនួន៥គឺសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌។
 
មាត្រា៣១នៃរដ្ឋធម្មនុញ្ញចែងថា”ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ “។ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ​ភេទ ភាសា​ ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។
 
ក្នុងន័យនេះ គ្មានរណាម្នាក់អាចប្រកែកនឹងការពិតនេះបានទេ ហើយសិទ្ធិគ្រប់យ៉ាងរបស់ពលរដ្ឋខ្មែរត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញក្រោមម្លប់សន្តិភាព។
 
ប៉ុន្តែបើយើងក្រលេកទៅមើលសង្រ្គាមនៅហ្គាស្សា លោក​ Didier Fassin គ្រូបង្រៀននៅ Princeton និងជាសាស្រ្តាចារ្យនៅអនុវិទ្យាល័យបារាំងបានមានប្រសាសន៍ថា ”ពិតណាស់គឺពិភពបស្ចិមប្រទេសគ្មានមេរៀនសិទ្ធិមនុស្សដែលត្រូវផ្តល់ឲ្យទៀតទេដល់ប្រទេសដទៃជាច្រើនក្នុងពិភពលោក“ ដូចការចុះផ្សាយរបស់​ France 24 កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ (​https://f24.my/AfFT)​។
 
អរគុណ២៣តុលា  អរគុណសន្តិភាព!
 
ហេតុអ្វីបានជាត្រូវអរគុណសន្តិភាព?
 
អរគុណសន្តិភាព!ពាក្យនេះត្រូវបានសាទរយ៉ាងឱឡារិកដោយប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាជននានានៅលើសកលលោក ហើយជាពិសេសនៅឆ្នាំ២០២៣នេះ លោក Antonio Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិបានដាក់ចេញនូវពាក្យមួយគឺ “របៀបវារៈថ្មីសម្រាប់សន្តិភាព”  (New Agenda for Peace) ដោយបង្ហាញពីចក្ខុវិស័យពាក់ព័ន្ធនឹងរបៀបដែលសហគមន៍អន្តរជាតិអាចទប់ស្កាត់ជម្លោះ និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវនិរន្តរភាពនៃសន្តិភាព នៅពេលដែលពិភពលោកកំពុងតែជួបប្រទះវិបត្តិច្រំដែល និងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។
 
តាមគេហទំព័ររបស់កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP) ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ “របៀបវារៈថ្មីសម្រាប់សន្តិភាព”ផ្តោតសំខាន់ទៅលើប្រាំចំណុចដូចខាងក្រោម៖
 
-ពិភពលោកដែលកំពុងតែបែកបាក់កាន់តែខ្លាំង យើងត្រូវកសាង ទំនុកចិត្ត សាមគ្កីភាព និងគណនេយ្យភាពឡើងវិញ។
 
វេទិកាដែលអាចធ្វើបានដូចជា ”កិច្ចសន្ទនាអន្តរជាតិស្តីពីការ កសាងសន្តិភាពនិងការកសាងរដ្ឋ”(IDPS) 
 
-ការគាំទ្រភាពជាម្ចាស់របស់ប្រទេសដើម្បីការទប់ស្កាត់គឺជារឿង ដ៏មានសារៈសំខាន់ជាងគេ -ដំណោះស្រាយថ្មីគឺទាមទារសម្លេងថ្មី នៅលើតុធ្វើការសម្រេចចិត្ត -ការរួមបញ្ចូលគ្នាគឺជាកត្តាសំខាន់បំផុត
 
សម្រាប់រកបានសន្តិភាពនិងនិរន្តរភាពនិង ការទប់ស្កាត់ គួរតែជាគោលដៅសកល​សម្រាប់គ្រប់ប្រទេស មិនសម្រាប់តែប្រទេសដែលមានជម្លោះនោះទេ។
 
តើចក្ខុវិស័យនេះមានប្រសិទ្ធិភាពដែរឬទេ ឬមួយអង្គការសហប្រជាជាតិ ជាជនកំសាក (l’ONU est un machin) ដែលជាសារដ៏ ល្បីល្បាញរបស់លោក Charles De Gaule អតីតប្រធានាធីបតីបារាំង ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦០។
 
ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិរៀបចំមហាសន្និបាតនៅទី ក្រុងញូវយកដែលនៅទីនោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្រ្តីការបរទេសបានប្តូរវេនគ្នាឡើងថ្លែងសន្ទរកថាតាមខ្លឹមសាររៀងៗខ្លួន។
 
តើលោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានថ្លែងអ្វីខ្លះនៅទីនោះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤  ក្នុងពេលដែលប្រទេសរបស់គាត់កំពុងធ្វើសង្គ្រាមជាមួយ ភេវរករហាម៉ាសនៅតំបន់ហ្គាស្សា និងនៅមជ្ឈិមបូព៌ា?
 
គាត់បានរិះគន់យ៉ាងខ្លាំងក្លាចំពោះភាពស្ងប់ស្ងៀមរបស់សហគម អន្តរជាតិ និងបានស្តីបន្ទោសប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិថាមិនបានថ្កោលទោសគ្រប់គ្រាន់ចំពោះ ទង្វើរបស់ក្រុម Hamas និងHezbollah ដែលគាត់ចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពក្នុងតំបន់ ហើយ គាត់យល់ថាអាកប្បកិរិយាស្ងប់ស្ងាត់ឬអព្យាក្រឹត្យនេះ គឺមានន័យ ស្មើនឹងទម្រង់នៃការអត់អោនចំពោះភេវរកម្មដែលប៉ះពាល់ដល់ សុវត្ថិភាពពិភពលោកនិងសុវត្ថិភាពអ៊ីស្រាអែលនិយាយដោយឡែក។
 
ស្មេរពិតជាឆ្ងល់ថាហេតុអ្វីលោក Benjamin Netanyahu ហ៊ានថ្លែងសារខ្លាំងៗស្តីបន្ទោសប្រទេសចូលរួមជាច្រើនដែល អង្គុយស្តាប់គាត់និយាយយ៉ាងស្ងៀមស្ងាត់ ឬមកពីអ៊ីស្រាអែលមាន បងធំនៅពីក្រោយ “សហរដ្ឋអាមេរិក”?
 
ពិតជាគ្មាននរណាជឿទេថាសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស  អាចផ្ទុះឡើងបានយ៉ាងសន្ធោសន្ធៅបែបនេះពីព្រោះថាអ៊ីស្រាអែល
 
មានសន្តិភាពរយៈពេល៥០ឆ្នាំគត់ តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៧៣​។ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ កន្លះសតវត្សរ៍ក្រោយមក សង្រ្គាមបានផ្ទុះឡើងនៅពេលដែលអ៊ីស្រាអែល​ ​ជាពិសេសយុវវ័យ កំពុងតែអបអរសាទរបុណ្យឯករាជ្យ រាំលេងកំសាន្តសប្បាយ ក្នុងបរិយាកាសជឿជាក់ ហើយប្រជាជនអ៊ីស្រាអែល បានឱកាសឈប់សម្រាក។ ហាម៉ាសបានសម្លាប់យុវជនអ៊ីស្រាអែលដោយគ្មានញញើតដៃ ចាប់រំលោភស្រ្តី បោះទារកជាល្បែងដូចលេងបាល់ទាត់មុននឹងសម្លាប់ ចាប់បងប្អូនអ៊ីស្រាអែលជាចំណាប់ខ្មាំង ព្រៃផ្សៃដូចសត្វតិរិច្ឆាន​។
 
អស់រយៈពេលជាងពីរឆ្នាំហើយដែលសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅនៅមាត់ច្រកទ្វារនៃទ្វីបអ៊ឺរ៉ុប ដែលធ្វើឲ្យសហគមអ៊ឺរ៉ុបទាំង២៧ប្រទេស​​ ត្រូវរួបរួមគ្នា ពីព្រោះថាភ្លើងសង្រ្គាមបាននិងកំពុងឆាបឆេះនៅជាប់នឹងរបងផ្ទះ បើមិនជួយពន្លត់ទេ សង្រ្គាមនឹងរីករាលដាលដល់ផ្ទះរបស់ខ្លួន។
 
បច្ចុប្បន្ននេះ យើងបាននិងកំពុងឃើញហើយថាជម្លោះខាងលើនេះ មិនដឹងជាថ្ងៃណាត្រូវបញ្ចប់ទេ ហើយក៏មិនដឹងថានឹងរីករាលដាលដល់ណាទៀតដែរ ហើយសង្គ្រាមលោកលើកទីបីអាចនឹងចេញជារូបរាងពិតប្រាកដឬយ៉ាងណា គ្មាននរណាអាចនឹងទស្សន៍ទាយត្រូវនោះទេ​ ប៉ុន្តែអ្វីដែលត្រូវគឺថានៅកម្ពុជាមានសន្តិភាពពិតប្រាកដ គឺសន្តិភាពដែលយើងរកបានដោយកំរ តាមរយៈការលះបង់ដ៏ធំធេង និងច្រើនឥតគណនា ហើយត្រូវនាំគ្នាថែរក្សាឲ្យស្ថិតស្ថេរគង់វង្សជាដរាបតរៀងទៅ។
 
អរគុណសន្តិភាព!
 
សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកតែមួយគត់ដែលបាននិងកំពុងធានាបន្តមរតកទាំងនេះ ជាពិសេសការធានាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដើម្បីកូនចៅជំនាន់ក្រោយបន្តវេនដែលមានសម្តេចធីបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តកាច់ចង្កូតនាវាកម្ពុជាក្នុងល្បឿនមួយដ៏គួរឲ្យកត់សម្គាល់។
 
ចំពោះការគិតរបស់ជនអគតិមួយចំនួន ឬអ្នកមិនបានឆ្លងកាត់មហាវិនាសកម្មនាសតវត្សរ៍ទី២០នៅកម្ពុជា ដែលមិនគាំទ្រ និងរិះគន់ថាតើត្រូវអរគុណសន្តិភាពអីទៀត បើកម្ពុជាមានសន្តិភាពជាច្រើនឆ្នាំមកហើយ តាំងពីចុងឆ្នាំ១៩៩៨ គឺជារឿងរបស់ពួកគេ ព្រោះថាការលើកឡើងបែបនេះ មិនខុសពីពាក្យចាស់ពោលថា “បើស្រលាញ់ ផឹកទឹកទន្លេក៏ផ្អែម ហើយបើស្អប់ ស៊ីអំពៅក៏ជូរ “។

 

 

 

 

អត្ថបទទាក់ទង