Grand News Asia Close

វិភាគអន្តរជាតិ៖ តើ BRICS ត្រៀមខ្លួនរួចរាល់ហើយឬ ដើម្បីកែសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក?

ដោយ៖ ម៉ម សុគន្ធ ​​ | 21 ម៉ោងមុន ទស្សនៈ-នយោបាយ 265
វិភាគអន្តរជាតិ៖ តើ BRICS ត្រៀមខ្លួនរួចរាល់ហើយឬ ដើម្បីកែសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក? វិភាគអន្តរជាតិ៖ តើ BRICS ត្រៀមខ្លួនរួចរាល់ហើយឬ ដើម្បីកែសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក?

(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំកំពូល BRICS លើកទី១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា នៅឯទីក្រុង Kazan នៃប្រទេសរុស្ស៉ី។ BRICS ត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ២០០៩ ដោយមានប្រទេសស្ថាបនិក ចំនួន៤ គឺប្រេស៉ីល រុស្ស៉ី ឥណ្ឌា និងចិន ខណៈមួយឆ្នាំក្រោយ អាហ្រ្វិកខាងត្បូងបានចូលរួម។ នៅឆ្នាំ២០២៤នេះ BRICS ទទួលបានសមាជិកបន្ថែម៤ទៀតរួមមានអ៉ីរ៉ង់ អេហ្ស៉ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម។ BRICS មានគោលដៅក្នុងការសម្របសម្រួលគោលនយោបាយការទូត និងសេដ្ឋកិច្ចនៃប្រទេសជាសមាជិករបស់ខ្លួន ជាមួយការបង្កើតស្ថាប័នហិរញ្ញវត្ថុថ្មីៗ និងមានបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ ប៉ុន្តែក្រុមអ្នកវិភាគលោកខាងលិចមើលឃើញថា BRICS ជួបផលលំបាកនឹងបញ្ហាផ្ទៃក្នុង ក្នុងនោះរួមទាំងទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក និងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ជាហេតុនាំឱ្យមានការសង្ស័យពីមហិច្ឆតារបស់ប្លុកមួយនេះដែលចង់បង្កើតរូបិយបណ្ណផ្ទាល់ខ្លួន និងបង្កើតស្ថាប័នថ្មីៗដើម្បីប្រជែងនឹងស្ថាប័ន ដែលមានស្រាប់គ្រប់គ្រងដោយសហរដ្ឋអាមេរិក តួយ៉ាងដូចជា G7 ធនាគារពិភពលោក និងក្រុមប្រឹក្សាសន្តិសុខ UN ជាដើម។

* តើលុយរបស់ BRICS អាចជំនួសលុយដុល្លារអាមេរិកឬ?
ក្រុមប្រទេស BRICS បានព្យាយាមកាត់បន្ថយអនុត្តរភាពនៃលុយដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មអន្តរជាតិអស់រយៈពេលជាមួយទសវត្សរ៍មកហើយ តាមរយៈការបង្កើនការប្រើប្រាស់រូបិយបណ្ណរបស់ ពួកគេ សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺលុយយ័នរបស់ចិនតែម្ដង។ ជាងនេះទៅទៀត ក៏មានផងដែរការជំរុញឱ្យបង្កើតរូបិយបណ្ណ BRICS ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពី ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។ ចំណែក រូបិយបណ្ណដទៃទៀតត្រូវបានលើកឡើងនៅឯកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៣ រួមមានការបង្កើតរូបបិយបណ្ណគ្រីបតូថ្មីមួយ (cryptocurrency) ឬក៏ប្រើប្រាស់រូបិយបណ្ណរួមរបស់ BRICS។ ប៉ុន្តែ ក្រុមអ្នកវិភាគលោកខាងលិចខ្លះនៅតែមានការសង្ស័យដោយពួកគេនិយាយថាមហិច្ឆតារបស់ BRICS គឺស្ថិតនៅលើផ្លូវវែងអន្លាយ នៅឡើយ។ ក៏ព្រោះថារូបិយបណ្ណណាមួយរបស់ BRICS នឹងតម្រូវឱ្យមានសម្បទាននយោបាយដ៏ធំ ក្នុងនោះរួមមានការបង្កើតធនាគាររួមមួយ សារពើពន្ធរួម និងការធ្វើសមហរណកម្មម៉ាក្រូសេដ្ឋកិច្ច។ នៅទីនេះ លុយដុល្លារអាមេរិក បានឈរជើងជារូបិយបណ្ណបម្រុងស្នូលរបស់ពិភពលោកជាយូរមកហើយ ពោលលុយដុល្លារអាមេរិកនៅត្រូវតែប្រើប្រាស់ក្នុងពាណិជ្ជកម្មពិភពលោកជាង៨០ភាគរយ ហើយក្រុមអ្នកជំនាញជាច្រើនក៏មានការសង្ស័យដែរថាតើរូបិយបណ្ណរបស់ BRICS អាចនឹងមានស្ថិរភាព ឬទទួលបានការជឿទុកចិត្តយ៉ាងទូលំទូលាយសម្រាប់ពាណិជ្ជកម្មសកលលោក ដែរឬក៏យ៉ាងណា?

* នៅក្នុងផ្ទះតែមួយ តែមិនទុកចិត្តគ្នា
បើតាមក្រុមអ្នកវិភាគលោកខាងលិច បន្ថែមពីលើបញ្ហាពាក់ព័ន្ធនឹងចក្ខុវិស័យសេដ្ឋកិច្ច ក្រុមប្រទេស BRICS ក៏កំពុងប្រឈមមុខផងដែរនឹងការកើនឡើងភាពតានតឹងផ្ទៃក្នុង និងការប្រជែងគ្នាដូចជា គូសត្រូវនៅក្នុងចំណោមប្រទេសជាសមាជិកមួយចំនួន។ ជាឧទាហរណ៍៖ ចិន និងឥណ្ឌា មានភាពតានតឹងនឹងគ្នាយូរអង្វែងពាក់ព័ន្ធនឹងជម្លោះទឹកដីនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំង២ ព្រមទាំង ការប្រកួតប្រជែងគ្នាយកតំណែងជាមេដឹកនាំសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៃក្រុមប្រទេស Global South។ បើតាមនិយាយពីប្លុកទាំងមូលវិញ BRICS បានជួបប្រទះរួចហើយដែរជាមួយនឹងបញ្ហា នៅក្នុងការសម្រេចចិត្ត។ នៅឯទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ មេដឹកនាំ BRICS បានព្យាយាមស្នើឱ្យការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN ប៉ុន្តែប្លុកមួយនេះមិនអាចប្រមូលបាន ការឯកភាពគ្នានៅក្នុងប្លុករបស់ខ្លួនបាននោះទេ។ មិនតែប៉ុណ្ណោះ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ធ្វើឱ្យការបែកបាក់គ្នាកាន់តែធំឡើងថែមទៀត។ ការថ្កោលទោស សម្ពាធការទូត ការទណ្ឌកម្ម និងការសម្ពាធពីសំណាក់លោកខាងលិចកុំឱ្យប្រទេសផ្សេងរកស៊ីជាមួយរុស្ស៉ី បានបង្កជាក្ដីកង្វល់ដល់សមាជិកផ្សេងទៀតរបស់ BRICS។ សមាជិក BRICS ភាគច្រើនចង់ស្ថិតនៅចំណុចកណ្ដាល ខណៈសមាជិកខ្លះទៀតមិនខ្វាយខ្វល់ពីទណ្ឌកម្មរបស់លោកខាងលិច។

* ហេតុអ្វី BRICS ពង្រីកសមាជិកបន្ថែម?
ការជំរុញឱ្យពង្រីកសមាជិកបន្ថែមក៏ជាបញ្ហានាំឱ្យមានការប្រេះឆាគ្នាដែរនៅក្នុងចំណោមប្រទេសជាសមាជិក BRICS។ ចិន និងរុស្ស៉ី បានគាំទ្រឱ្យមានការពង្រីកសមាជិកបន្ថែម តែប្រេស៊ីល និងឥណ្ឌា នៅមានការស្ទាក់ស្ទើរច្រើន ដោយសារតែបារម្ភថាធ្វើឱ្យឥទ្ធិពលរបស់ពួកគេនៅក្នុងប្លុកចុះខ្សោយ។ ដូច្នេះការជ្រើសរើសសមាជិកបន្ថែមគឺត្រូវធ្វើឡើងយ៉ាងប្រុងប្រយ័ត្នបំផុត។ ម្យ៉ាង ដោយការប្រជែង កាន់តែខ្លាំងរបស់ឥណ្ឌាជាមួយចិន ញូវដេលីពិតណាស់ មិនចង់ឃើញសមាជិកដែលស្និទ្នជាមួយចិនខ្លាំងពេកចូលរួមនៅក្នុង BRICS ពីព្រោះវាអាចជួយពង្រឹងឥទ្ធិពល និងសំឡេងរបស់ចិន។ ការបញ្ចូល អេហ្ស៉ីប និងអេត្យូពីជាសមាជិកនឹងជួយបង្កើនសំឡេងមកពីទ្វីបអាហ្វ្រិក។ អេហ្ស៊ីបមានទំនាក់ទំនងល្អខាងពាណិជ្ជកម្មជាមួយចិន និងឥណ្ឌា ក៏ដូចជាមានទំនាក់ទំនងនយោបាយជាមួយរុស្ស៉ី ហើយក្នុងនាម ជាសមាជិកថ្មីរបស់ BRICS អេហ្ស៉ីបចង់ទាក់ទាញការវិនិយោគបន្ថែមចូលក្នុងប្រទេសរបស់ខ្លួន និងស្ដារសេដ្ឋកិច្ចឡើងវិញ។ ចិនបានចាត់ទុកអេត្យូពី ជាប្រទេសមានសេដ្ឋកិច្ចធំទី៣ ក្នុងតំបន់អនុសាហារ៉ា ជាមួយការបោះលុយវិនិយោគរាប់ពាន់លានដុល្លារក្នុងប្រទេសអាហ្វ្រិកមួយនេះក្រោមគំនិតផ្ដួចផ្ដើមខ្សែងក្រវាត់ និងផ្លូវ។

ដោយឡែក ការបន្ថែមអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម អាចនឹងក្លាយជាការទទួលស្វាគមន៍ប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតចំនួន២នៅក្នុងពិភពអារ៉ាប់ និងជាប្រទេសផលិតប្រេងលេខ២ និងលេខ៨ នៅក្នុងពិភពលោកមកចូលរួមក្នុងប្លុក។ ទាំងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមសុទ្ធតែកំពុងដើរតួនាទីយ៉ាងខ្លាំងនៅក្រៅតំបន់របស់ខ្លួន។ អារ៉ាប៊ីសាអូឌីតកំពុងដឹកនាំកិច្ចចរចាសន្តិភាពបញ្ចប់ សង្រ្គាមនៅស៊ូដង់ រីឯអេមីរ៉ាតអារ៉ាប់រួម កំពុងដឹកនាំកិច្ចពិភាក្សាស្វែងរកស្ថិរភាពរវាងឥណ្ឌា និងប៉ាគីស្ថាន។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគមួយចំនួនបានព្រមានថាការប្រជែងឥទ្ធិពលគ្នារវាង អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម តាមរយៈការគំាទ្រភាគីជម្លោះរៀងៗខ្លួន តួយ៉ាងជម្លោះមជ្ឈិមបូព៌ា និងអាហ្វ្រិក អាចនឹងនាំបញ្ហាឈឺក្បាលឱ្យ BRICS។

ម្យ៉ាងវិញទៀត ការបញ្ចូលសមាជិកថ្មីរបស់ BRICS នាំឱ្យមានការចោទសួរអំពីទំនាក់ទំនងជាមួយលោកខាងលិច។ អ៉ីរ៉ង់ និងរុស្ស៉ីគឺប្រៀបដូចជាសត្រូវរបស់សហរដ្ឋអាមេរិក ខណៈចិនវិញកំពុងប្រជែង ឥទ្ធិពលទាំងខាងសេដ្ឋកិច្ច​ និងភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។ ដូចដែលអតីតប្រធានាធិបតីអ៉ីរ៉ង់ លោក Ibrahim Raisi បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីងថា «សមាជិកភាព របស់អ៉ីរ៉ង់ នៅក្នុង BRICS គឺជាការប្រឆាំងមួយទៅនឹងឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក»។ ក៏ប៉ុន្តែ ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង សុទ្ធតែមានទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិក ដូចគ្នាទៅនឹងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមផងដែរ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង