វិភាគអន្តរជាតិ៖ ចិន និងជម្លោះនៅមជ្ឈិមបូព៌ា
(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមកំពុងផ្ទុះរាលដាលនៅក្នុងតំបន់មជ្ឈិមបូព៌ា ចិនហាក់ដូចជាកំពុងស្ថិតនៅក្នុងស្ថានភាពមួយល្អប្រសើរជាងសហរដ្ឋអាមេរិក នោះក៏ដោយសារតែ ចិនមានផលប្រយោជន៍ស្នូលតិចតួចប៉ុណ្ណោះដែលកំពុងស្ថិតនៅចំពោះមុខហានិភ័យ ជាពិសេសគឺការផ្គត់ផ្គង់ថាមពល។ ណាមួយ ចិនក៏ប្រហែលជាញញឹមនៅក្នុងចិត្តដែរ នៅពេលបានឃើញសហរដ្ឋអាមេរិកត្រូវជាប់ផុងក្នុងជម្លោះមួយ ដើម្បីការពារអ៉ីស្រាអែល ជាភារកិច្ចមួយដែលចង់ ឬមិនចង់បង្ខំឱ្យវ៉ាស៊ីនតោនត្រូវទាញការផ្តោត ឬបង្វែរ ធនធានរបស់ខ្លួនមួយចំនួនទៅកាន់មជ្ឈិមបូព៌ា។
ប៉ុន្តែ តាមពិតទៅ ចិនខ្លួនឯងក៏ប្រហែលជាកំពុង ឬអាចនឹងត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាកផងដែរ ក្នុងនោះអ៉ីរ៉ង់ដែលជាដៃគូរបស់ចិនបានបង្ហាញពីភាពទន់ខ្សោយខ្លាំង ជាងអ្វីដែលប៉េកាំងធ្លាប់បានរំពឹងទុកទៅទៀត។ ជ័យជម្នះរបស់អ៉ីស្រាអែលទាំងខាងយោធា និងការស៊ើបការណ៍សម្ងាត់បានបង្កឱ្យជាការសង្ស័យ និងការចោទសួរពី សមត្ថភាពថាតើអ៉ីរ៉ង់នៅតែរក្សាបាននូវអំណាច និងគុណតម្លៃជាយុទ្ធសាស្ត្របានដែរឬក៏យ៉ាងណា?
មកទល់នឹងពេលនេះ ចិនអាចពឹងផ្អែកលើអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ រុស្ស៉ី និងកូរ៉េខាងជើង ដើម្បីស៊ីសងគ្នាជាមួយសហរដ្ឋអាមេរិក។ តែក្នុងពេលដ៏ខ្លីខាងមុខ ចិនអាចនឹង ត្រូវជួបប្រទះនឹងស្ថានភាពមួយដែលត្រូវធ្វើការជ្រើសរើសថា «តើត្រូវផ្ដល់ជំនួយដោយបើកចំហដើម្បីជួយសម្ព័ន្ធមិត្ត ឬដៃគូរបស់ខ្លួនឱ្យបន្តការប្រយុទ្ធតស៊ូ ឬក៏ត្រូវដកថយ ហើយស្វែងរកការបន្ធូរបន្ថយភាពតានតឹងជាមួយលោកខាងលិច»។ បើមើលតែមួយជ្រុងលើការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក ពិតណាស់ចម្លើយ គឺវាមិនពិបាក ឆ្លើយនោះទេ នោះគឺចិនត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែលខ្លួនអាចធ្វើទៅបានដើម្បីបន្សាបឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។
ម្យ៉ាងវិញទៀត ដោយសារតែសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនមានហេតុផលរៀងៗខ្លួន ដើម្បីប្រឆាំងនឹងអំណាចអាមេរិក ចិនកាន់តែត្រូវជួយគាំទ្រធ្វើឱ្យពួកគេខ្លាំងគ្រប់គ្រាន់ អាចធ្វើឱ្យសហរដ្ឋអាមេរិកវិលក្បុង និងធ្វើឱ្យធនធានរបស់អាមេរិកចុះខ្សោយ ដូចដែលអ៉ីរ៉ង់បានជួយដល់សម័្ពន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងអ៉ីស្រាអែលដែរ។ ក៏ប៉ុន្តែ ការមើល តែមួយជ្រុលបែបនេះមានហេតុផលមិនគ្រប់គ្រាន់ ២យ៉ាង៖
ម្យ៉ាង៖ ទំនាក់ទំនងរបស់ចិនជាមួយរុស្ស៉ី អ៉ីរ៉ង់ និងកូរ៉េខាងជើង មិនមានភាពរឹងមាំដូចមើលពីខាងក្រៅទៅនោះទេ ហើយបើនិយាយពីផលប្រយោជន៍រួម និងគោលដៅយុទ្ធសាស្ត្រ ការហៅប្រទេសទំាង៤នេះ ជា«បក្សសម្ព័ន្ធមួយ» វាហាក់ដូចជារឿងបំផ្លើសពេក។ ប្រទេសទាំងនេះចងភ្ជាប់គ្នា គឺដោយសារតែពួកគេមើលឃើញអាមេរិកជាសត្រូវរួម ឬអាចនិយាយមួយបែបទៀតតាមសុភាសិតចិនថា «ដេកលើគ្រែតែមួយ តែយល់សប្តិខុសគ្នា»។ អ្វីដែលពួកគេម្នាក់ៗចង់បាន គឺចង់ទាញយកប្រយោជន៍ពីទំនាក់ទំនងរបស់ពួកគេ ជាជាងការលះបង់គ្រប់យ៉ាងដើម្បីរក្សាទំនាក់ទំនង។ ក្នុងន័យនេះ ម្នាក់ៗចង់ឱ្យដៃគូម្នាក់ផ្សេងទៀតប្រឹងឱ្យខ្លាំងដើម្បីបន្សាបអំណាចរបស់អាមេរិក រីឯខ្លួនឯងវិញប្រឹងបញ្ចៀស ជម្លោះដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ ពោលសរុបមកវិញ ចិនមិនអាចពឹងផ្អែកលើដៃគូរបស់ខ្លួនឱ្យលះបង់ប្រយោជន៍ស្នូលរបស់ពួកគេបាននោះទេ ហើយក៏មិនអាចឱ្យ ពួកគេប្រថុយគ្រោះថ្នាក់ដើម្បីតែប្រយោជន៍របស់ចិនបាននោះដែរ។
ចំណែក ម្យ៉ាងវិញទៀត៖ សមត្ថភាពរបស់អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ មានភាពទន់ខ្សោយជាងអ្វីដែលចិនធ្លាប់បានគិតទៅទៀត ហើយវាបានបង្ហាញកាន់តែច្បាស់ក្រោយ អ៉ីស្រាអែលសំពងហេសបូឡា និងទប់ស្កាត់ការបាញ់ស្រោចមីស៊ីលពីអ៉ីរ៉ង់បានដោយជោគជ័យ។ ក្នុងពេលបច្ចុប្បន្ន ចិនអាចលេងយុទ្ធសាស្ត្រជាមួយភាគីទាំងសងខាង ដោយក្នុងនោះ ម្ខាងអាចជួយគាំទ្រសេដ្ឋកិច្ចអ៉ីរ៉ង់តាមរយៈការទិញប្រេង ដោយមិនដើរឆ្លង «បន្ទាត់ក្រហម» តាមរយៈការផ្គត់ផ្គង់អាវុធដោយផ្ទាល់ ឬចូលរួមចំណែកគាំទ្រដល់ កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់នោះទេ។ និយាយពីទំនាក់ទំនងយោធារវាងចិន និងអ៉ីរ៉ង់វិញ មានព្រំដែនកំណត់ត្រឹមជានិមិត្តរូបដូចជាការធ្វើសមយុទ្ធជើងទឹករួមគ្នា ខណៈចិនក៏មាន ការប្រុងប្រយ័ត្នដូចគ្នានេះនៅក្នុងការគាំទ្ររបស់ខ្លួនចំពោះរុស្ស៉ី និងកូរ៉េខាងជើង ផងដែរ។
នៅក្នុងពេលនេះ រុស្ស៉ីប្រហែលជាចង់ជំរុញចិនផ្ដល់អាវុធទៅឱ្យអ៉ីរ៉ង់ ដែលកំពុងត្រៀមខ្លួនទប់ទល់នឹងការសងសឹកពីអ៉ីស្រាអែល ដែលកំពុងធ្វើសង្រ្គាមជាមួយសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ តួយ៉ាងហាម៉ាស និងហេសបូឡា។ ការផ្ដល់ជំនួយយោធាដោយផ្ទាល់ណាមួយពីចិន គឺមានតែជួយជំរុញល្បឿនប្រេះឆាទំនាក់ទំនងជាមួយលោកខាងលិច ខណៈគ្មានការធានា ណាមួយថាអ៉ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់មានសមត្ថភាព ឬមានឆន្ទៈគោរពតាមសន្យា ឬផ្ដល់អ្វីដែលចិនចង់បាននោះឡើយ។ ដូច្នេះជម្រើសផ្សេងដើម្បីបញ្ចៀសជម្លោះបើកចំហ ជាមួយសហរដ្ឋអាមេរិក នៅតែជាជម្រើសដ៏ទាក់ទាញបំផុតសម្រាប់ចិន។ ប៉ុន្តែជម្រើសបែបនេះនឹងតម្រូវឱ្យចិនបន្ធូរបន្ថយសារៈសំខាន់សន្តិសុខរបស់តំបន់មជ្ឈិមបូព៌ានៅក្នុង យុទ្ធសាស្ត្រសកលរបស់ខ្លួន ហើយនឹងរឹតត្បិតលើកាតព្វកិច្ចរបស់ចិនចំពោះដៃគូដែលមិនគួរ ឬមិនសូវឱ្យទុកចិត្តបាន។
គួរបញ្ជាក់ថា ការផ្សះផ្សារគ្នារវាងសហរដ្ឋអាមេរិក និងចិនមិនជារឿងងាយស្រួលនោះទេ ដោយសារតែការមិនជឿទុកចិត្តគ្នាទៅវិញទៅមក។ តែយ៉ាងណាក៏ដោយ ការបង្កើន ការប្ដេជ្ញាចិត្ត ឬការគាំទ្រចំពោះអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នឹងតម្រូវឱ្យចិនត្រូវលះបង់ច្រើន។ ដូច្នេះខណៈសហរដ្ឋអាមេរិកកំពុងវិលក្បុងនៅមជ្ឈិមបូព៌ា បញ្ហាស្មុគស្មាញ របស់ចិនក៏លេចចេញជារូបរាងជាបណ្ដើរៗដែរ៕