Grand News Asia Close

សេចក្ដីចម្លងសារពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពី ការបន្តផែនការអភិវឌ្ឍភូមិភាគឦសាន ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 353

CMF: 23 September, 2024

ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់!

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម CLV-DTA។ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកជាសំណូរថា បើរាជរដ្ឋាភិបាលបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ហើយ តើផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញហើយ ក្នុងនោះរួមមាន ការធ្វើទស្សនកិច្ចតាមបណ្ដោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើគម្រោងកសាងផ្លូវក្រវាត់ព្រំដែន និងផែនការអភិវឌ្ឍតំបន់ភូមិភាគឦសានរបស់កម្ពុជា នៅតែបន្ត ឬយ៉ាងណា?

ខ្ញុំធ្លាប់បាននិយាយនៅក្នុងវេទិកាសាធារណៈជាច្រើនលើករួចមកហើយនាពេលកន្លងទៅទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាននៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកដី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភូមិភាគឦសានផ្ទាល់តែម្ដង។ ហេតុដូច្នេះ ការបន្តអនុវត្តគោលនយោបាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់យើង គឺនៅរក្សាដដែល គ្មានផ្លាស់ប្ដូរ ប្រែប្រូល រួមទាំងការបោះបង្គោលព្រំដែនជាមួយនឹងប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភាគឦសានឆ្នាំ២០២៥ ដែលខ្ញុំបានប្រកាសកន្លងទៅ នៅរក្សាដដែល។

ហើយឆ្លៀតនៅក្នុងឱកាសនេះផងដែរ ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតទៅលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលគិតមកដល់ពេលនេះ មានប្រមាណ(ជាង) ៧០ម៉ឺននាក់ បានស្ម័គ្រចិត្តចូលរួម ហើយគិតជាថវិកាប្រមាណ ២១លានដុល្លារសហរដ្ឋអាមេរិក។​​ វិភាគទានស្ម័គ្រចិត្តដែលទទួលបានទាំងអស់នេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតទៅលើការកសាងផ្លូវក្រវាត់ព្រំដែន។

ខ្ញុំសូមបញ្ជាក់ផងដែរថា ការកសាងផ្លូវក្រវាត់ព្រំដែនបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩៤ រវាងព្រំដែនយើងជាមួយនឹងប្រទេសជិតខាងបី។​ ហើយរហូតមកដល់បច្ចុប្បន្ន យើងសម្រេចបានប្រមាណ ១៣០០គីឡូម៉ែត្រ ដែលនៅសេសសល់ប្រមាណ ១៣០០គីឡូម៉ែត្រទៀត ដែលនឹងត្រូវធ្វើបន្ត។ ដោយសង្កេតឃើញថា ចលនានៃការបរិច្ចាគថវិកានៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែននៅតែមានការចូលជាហូរហែ ក្រុមការងារមូលនិធិនឹងបន្តទទួលយករហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។ ហើយនៅពេលបញ្ចប់ ក្រុមការងារមូលនិធិនឹងជម្រាបជូនដំណឹងអំពីទិន្នន័យចុងក្រោយ រួមជាមួយនឹងផែនការច្បាស់លាស់នៅក្នុងការប្រើប្រាស់មូលនិធិនេះ ដោយឈរលើគោលការណ៍តម្លាភាព និងគណនេយ្យភាព។

ជាមួយនឹងគ្នានេះផងដែរ ចំពោះការរៀបចំដំណើរទស្សនកិច្ចនៅខេត្តក្នុងភូមិភាគឦសាន នៅរាល់ចុងសប្ដាហ៍ ចន្លោះពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ គឺនៅបន្តរក្សាដដែល ដើម្បីបងប្អូនប្រជាពលរដ្ឋមានឱកាសបានទៅទស្សនាការអភិវឌ្ឍជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនរបស់ប្រទេសកម្ពុជាយើង។ សូមអរគុណ!

 

អត្ថបទទាក់ទង