Grand News Asia Close

(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, បិទសន្និបាតសុខាភិបាលលើកទី ៤២ (បូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ ឆ្នាំ២០១៨-២០២២ និងទិសដៅឆ្នាំ២០២៣និងឆ្នាំបន្ត) 07/03/2023

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 407

CNV:

ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងឱកាស បិទសន្និបាតសុខាភិបាលលើកទី ៤២ ដើម្បីបូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល ​​ ឆ្នាំ និង​​ លើកទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត  វេទិកានេះ, មានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលរាជធានី-ខេត្ត, តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់, ស្ថាប័នពាក់ព័ន្ធ, ទាំងវិស័យឯកជន និង ដៃគូអភិវឌ្ឍ ក្នុង វិស័យសុខាភិបាល ក្នុងការពិនិត្យ និងវាយតម្លៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល  ឆ្នាំ និងកំណត់ទិសដៅការងារ សម្រាប់អនុវត្ត នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត សំដៅ​​​រិះរកអភិក្រមសមស្រប និង មាន ប្រសិទ្ធភាព សម្រាប់ដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការ លើកកម្ពស់សុខភាពប្រជាជន និងកែលម្អប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់តែប្រសើរឡើង​ ។

តាមរយៈរបាយការណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ពីសមិទ្ធផល និង វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបានរវាងឆ្នាំ ២០១៨-២០២២ ដោយ បានកែលម្អប្រព័ន្ធសុខាភិបាល និង លើកស្ទួ​យសុខុមាលភាពប្រជាជនឱ្យប្រសើរឡើងជាលំដាប់, ខ្ញុំសូមយក ឱកាសនេះ កោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការផ្តល់សេវាបង្ការ, ព្យាបាល និង ថែទាំសុខភាព ជូនប្រជាជន នៅតាមប៉ុស្តិ៍សុខភាព, មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក នៅទូទាំងប្រទេស ។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ, គ្រូពេទ្យ, បុគ្គលិកសុខាភិបាល, ក្រុមគ្រូពេ​ទ្យស្ម័គ្រចិត្ត និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់, សប្បុរសជន, ប្រជាពលរដ្ឋ និង សហគមន៍ ដែលបានចូលរួមជាមួយរាជរដ្ឋាភិ​បាល ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានអនុវត្ត និង ពង្រឹងការអនុវត្តវិធានការចាំបាច់នានា ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយបានទប់ស្កាត់គ្រោះមហន្តរា​យនៃជំងឺកូវីដ-១៩ លើសុខភាពសាធារណៈ និង ​អនុញ្ញាត​ឱ្យ​កម្ពុជាអាចបើកប្រទេស សម្រាប់ សកម្ម​ភាពសង្គម-សេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍ និង បណ្តាប្រទេសជាមិត្ត ដែលបានឧបត្ថម្ភជាសម្ភារៈ, បរិក្ខារ, ឧបករណ៍​ពេទ្យ, វ៉ាក់សាំងកូវីដ-១៩, រថយន្តគិលានសង្គ្រោះ, ជំនួយបច្ចេកទេស និង ហិរញ្ញវត្ថុដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ។

{ចាប់ផ្តើមសេចក្តីអធិប្បាយ ១}

(១) ផ្ទេរវ៉ាក់សាំងដែលមិនទាន់ដឹកមកដល់កម្ពុជាជូនទៅមិត្តចិនវិញចំនួន១៥ លានដូស

ខ្ញុំគួរបញ្ជាក់ថា ព្រឹកមិញខ្ញុំបានអនុម័តលើសំណើឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពីបញ្ហាការផ្ទេរជូនទៅមិត្តចិនវិញនូវវ៉ាក់សាំងដែលមិនទាន់បានដឹកមកកាន់កម្ពុជា ចំនួន១៥ លានដូស ដោយសារសព្វថ្ងៃយើងនៅសល់ក្នុងស្តុកចំនួន៦ លានដូស ហើយចំនួនមនុស្សចាក់កាន់តែថយ។ បើយើងបន្តទុក ១៥ លានដូសហ្នឹងទៀត ក៏វាលំបាក។ ដូច្នេះ យើងក៏ផ្ទេរទៅឲ្យមិត្តចិនដើម្បីមិត្តចិត្តចែករំ​លែកទៅកាន់ប្រទេសនានាដែលគេកំពុងតែមានការខ្វះខាត។ (ម្យ៉ាងទៀត) យើងមិនអាចរក្សាទុកវ៉ាក់សាំង ដែលនៅមិនយូរប៉ុន្មាននឹងអស់សុពលភាព។ ដូច្នេះ ខ្ញុំបានអនុម័តរួចហើយ បន្ទាប់ពីត្រឡប់ពីទិវានារីព្រឹកមិញនេះ។

មានអ្នកហៅទូរស័ព្ទ។ ហៅមិនឈប់។ អញ្ចឹង គេដឹងលេខទូរស័ព្ទឬហៅច្រឡំ។ បើសិនជាអ្នកកំពុងតែមើលផ្សាយផ្ទាល់នេះ ថាអាហ្នឹងទូរស័ព្ទរបស់ខ្ញុំទេ ច្រឡំហើយ។ តាំងពីពេលប្រាប់ថាឲ្យភ្ជាប់ Channel telegram ខ្លះស្គាល់ Channel telegram ប៉ុន្តែមកដល់ពេលនេះ មាន ៥៩ ម៉ឺននាក់ដែលភ្ជាប់ដែលចាត់ទុកថា Channel telegram ដែលធំជាងគេ។ សង្ឃឹមថាស្អែកហ្នឹងវាអាចឡើងដល់ ៦០ ម៉ឺននាក់ ហើយនឹងអាចឡើងជាបន្តបន្ទាប់ទៀត។ អ្នកខ្លះមិនមកភ្ជាប់ Channel telegram អី រកលេខ Telegram … គាត់អត់ដឹងរបៀបប្រើ Channel telegram ប្រព័ន្ធផ្សព្វផ្សាយ។ ឥឡូវហ្នឹងគឺកំពុងតែផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ផង តាម facebook ផង តាម Channel  telegram ផង។ ឃើញអ្នកហៅទូរស័ព្ទចេះតែញ័រក្នុងហោប៉ៅរហូត មើលទៅឃើញឈ្មោះហ្នឹងសរសេរជាអង់គ្លេស។

{បញ្ចប់សេចក្តីអធិប្បាយ ១}

ភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាស្រ័យលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ ហើយការអភិវឌ្ឍធនធានមនុស្ស គឺអាស្រ័យសុខភាពល្អរបស់ប្រជាជន ដែលជំរុញដោយការផ្តល់សេវាសុខភាពល្អ, ពេញលេញ, គ្រប់គ្រាន់ និង ប្រកបដោយប្រសិទ្ធភាព ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹង ពង្រីក និង កែលម្អសេវាសុខភាពសាធារណៈ ហើយជារៀងរាល់ឆ្នាំ, រាជរដ្ឋាភិបាលបានបង្កើនថវិការដ្ឋ សម្រាប់វិស័យសង្គមកិច្ច ជាពិសេស វិស័យសុខាភិបាលសំដៅ ជំរុញជាប្រចាំនូវការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងការព្យាបាលសុខភាព ឱ្យកាន់តែល្អប្រសើរឡើង ។ លើសពីនេះ, រាជរដ្ឋាភិបាលទទួលស្គាល់ថា កំណើននៃលទ្ធភាព និង ឱកាសទទួលបាននូវសេវា  សុខភាពប្រកបដោយសមធម៌ គឺជាកត្តាដ៏មានសារៈសំខាន់មួយ ក្នុងការលើកស្ទួយកម្រិតជីវភាពប្រជាជននៅទូទាំងប្រទេស ឱ្យឆ្លងផុតពីគំនាបនៃភាពក្រីក្រ និង មានសុខុមាលភាព ក្នុងសង្គម ស្របតាមគោលដៅ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្ត និង ផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់​ការ​លើកកម្ពស់វិស័យសុខាភិបាល និ​ង​ ​​​គុណភាពនៃការផ្តល់សេវាសុខាភិបាលនៅកម្ពុជា ​ ដូចខាងក្រោម៖

ទី១. ជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ន, ជំងឺឆ្លងកាចសាហាវផ្សេងទៀត ដែលអាចកើតឡើងជាយថា- ហេតុ ​និង ព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈ ដូចជា ភាពស៊ាំនៃមេរោគនឹងឱសថផ្សះ, ជំងឺឆ្លងពីសត្វមកមនុស្ស, ហានិភ័យសុខភាពសាធារណៈទាក់ទងនឹងការប្រែប្រួលអាកាសធា​តុ, គ្រោះមហន្តរាយ ដូចជា ទឹកជំនន់ និង ភាពរាំងស្ងួត ជាដើម នៅតែជាការគម្រាមដល់សុខភាពសាធារណៈ ។ ក្នុងបរិការណ៍នេះ, ក្រសួងសុខាភិបាល និង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ឱ្យ​មានសមត្ថភាពគ្រប់គ្រាន់, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទាន់ពេលវេលា និង មានប្រសិទ្ធភាព ក្នុងការអង្កេតតាមដាន, ការស្រាវជ្រាវស្វែងរកករណី និង ការវាយតម្លៃស្ថានការណ៍ ព្រមទាំ​​​ងលើកកម្ពស់សមត្ថភាព ក្នុងការបង្ការទប់ស្កាត់, កាត់បន្ថយហានិភ័យ និង ការស្តារឡើងវិញ ក្រោ​យវិបត្តិនៃការរាតត្បាតនៃជំងឺឆ្លង ឬ គ្រោះអាសន្នសុខភាពសាធារណៈ ។

ទី២. ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និង សេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬ អតិថិជន និង ដើ​ម្បី​បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះ ចាំបាច់ត្រូវពង្រឹង ប្រសិទ្ធភាពនៃយន្តការតាមដាន និង វាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ, ក្រសួងសុខាភិបាលត្រូវពិនិត្យ និង រៀបចំការអភិវឌ្ឍ និង ការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប, ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និង ឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព, ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់ ។

ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ក៏ដូចជា ​ពង្រឹង​ការបណ្តុះ​បណ្តាលលើផ្នែកសុខាភិបាល​, ទាំងជំនាញរឹង និង ជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម​ កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់​ក្រមសីលធម៌​អាជីព ក្នុងវិស័យដ៏មានសារៈសំខាន់នេះ ។ ការបញ្ចូល ​ជំនាញទន់នៅក្នុងកម្មវិធីសិក្សា ជាពិសេស ក្រមសីលធម៌​អាជីព នៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់​ និងបន្ទាន់ ។ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រ កម្រិតឧត្តម និង មានបទពិសោធជាក់ស្តែង ក្នុងវិស័យសុខាភិបាល មកបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា និង គ្រឹះ​​ស្ថាន​​​បណ្តុះបណ្តាល ។ ក្រសួងសុខាភិបាលត្រូវបង្កើតយន្តការលើកទឹកចិត្តដល់សាស្រ្តាចារ្យ ក្នុងវិស័យសុខាភិបាល ឱ្យ​ធ្វើ​​ការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួច ទាំងចំណេះដឹងទ្រឹស្តី និង ការអនុវត្ត ជាក់ស្តែង ឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាសុខា ភិបាល ។

ទី៤ប្រព័ន្ធគាំពារសង្គម គឺជាឧបករណ៍គោលនយោបាយ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ឬ ភាពងាយរងគ្រោះ និង វិសមភាពសង្គម ព្រមទាំងការការពារមូលធនមនុស្ស និង ជួយជំរុញការលូតលា​ស់នៃសេដ្ឋកិច្ច ។ ដូច្នេះ, ក្រសួងសុខាភិបាល និង រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់កិច្ចសហការជាមួ​យ​ក្រសួង-ស្ថាប័ន និង យន្តការពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្ម​វិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និង គម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភា​ព ជាពិសេស ត្រូវធា​នាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មាន​លទ្ធភាពបង់ថ្លៃសេវា តាមរយៈការពង្រឹងយន្តការពិនិត្យតាមដាន និង វាយតម្លៃនិន្នាការនៃការប្រើប្រា​ស់សេវាថែទាំសុខភាព និង ប្រតិបត្តិការនៃកម្មវិធីមូលនិធិសមធម៌ និងបេ​ឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។

ទី៥. ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូម បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយ​ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ​ដែល​តម្រូវឱ្យមាន​ការព្យាបាល ​សុខភាព​ ប្រកបដោយទឹកចិត្តបរិសុទ្ធ និង​ គោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវា សុខាភិបាល ។

ទី៦. ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និង ជំរុញ​ ការផ្សព្វផ្សាយ និង ការអប់រំ លើម្ហូបអាហារ ​និង គ្រឿង​​បរិភោគ ដើម្បីបញ្ចៀស​ឱ្យបាននូវ​ផល​ប៉ះ​ពាល់​នៃ​អាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន, ​ដោយ​​ហេតុថា អាហារមួយចំនួនអាចបង្កផល​ប៉ះពាល់ខ្លាំង ​ដល់​សុខភាព និង អាយុជីវិតប្រជាជន ដែលការណ៍នេះ បង្កើនបន្ទុកចំណាយរបស់ប្រជាជន និង ​ចំណាយ ​បន្ថែមរបស់រាជរដ្ឋាភិបាល​លើវិស័យសុខាភិបាល ។

{ចាប់ផ្តើមសេចក្តីអធិប្បាយ ២}

(២) ពីឃ្លាន មកឆ្អែត មកឆ្អែតហើយឆ្ងាញ់ និងពេលនេះត្រូវមានសុវត្ថិភាពទៀត

អនុញ្ញាតិឲ្យខ្ញុំនិយាយបន្ថែមទៅលើចំណុចនេះបន្តិច។ ក្នុងរយៈពេលកន្លងទៅ ខ្ញុំបាននិយាយហើយថា ការចាប់ផ្តើមរបស់យើងក្រោយរបបប៉ុលពត ធ្វើម៉េចឲ្យតែបានឆ្អែត ទទួលទានអីក៏ទទួលទានដែរ។ ក្រោយមក យើងមិនត្រឹមតែបានឆ្អែតទេ យើងប្រឹងថាឲ្យឆ្អែតហើយ ឲ្យឆ្ងាញ់ទៀត។ ឥឡូវនេះ បញ្ហាបានមកដល់ គឺឆ្អែត ឆ្ងាញ់ ហើយធានាសុខភាព។ ​នោះគឺជាបញ្ហាដែលយើងត្រូវគិតរួមគ្នា។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវលើបញ្ហានេះឲ្យបានម៉ត់ចត់។ បើមិនដូច្នេះវាឆ្ងាញ់ថ្ងៃនេះ ក៏ប៉ុន្តែ ៣ ឆ្នាំក្រោយវាស្លាប់ដោយសារ(របស់ឆ្ងាញ់)ហ្នឹង។ ករណីដែលបានកើតឡើង ខ្ញុំមិនដឹងថាវាទៅដល់ណាហើយទេ  ករណីចង់កែសម្ផស្សហើយទៅវះនៅឯណាស្លាប់មនុស្សនោះ។ ហ្នឹងវារឿងពិត។ ខ្ញុំមិនទាន់បានទទួលរបាយការណ៍ក្រៅតែពីការផ្សព្វផ្សាយតាមssសារព័ត៌មាន​នោះ។ ឥឡូវហ្នឹងគឺថារឿងកែសម្ផស្សហ្នឹងគឺថាសម្បូរបែប មិនដឹងថាថ្ងៃក្រោយហ្នឹងទៅជាយ៉ាងម៉េចទេ។

(៣) សុវត្ថិភាពម្ហូបអាហារ ទាមទារការពិនិត្យពីការផលិត ការកែឆ្នៃ មុននឹងឲ្យមកចរាចរលើទីផ្សារ

នេះបើកើត(របប)ប៉ុល ពត សាជាថ្មី ងាប់តែម្តង។ អ្នកកែច្រមុះអី កែមាត់អី វះមុខមាត់ គេហៅកែសម្ផស្សស្អីគេហ្នឹង បើមានជំនាន់ ប៉ុល ពត សាជាថ្មីម្តងទៀតងាប់អស់តែម្តង។ ងាប់អ្នកហ្នឹងមុនគេតែម្តង ព្រោះមិនមែនជាស្បែកធម្មជាតិ​ មិនមែនជាច្រមុះធម្មជាតិ។ តែមិនស្រួលវៀចច្រមុះបណ្តោយ ព្រោះដាក់ខ្ទង់ច្រមុះវាបាត់ធម្មជាតិអស់ទៅ។ ពេលនេះ យើងត្រូវរកវិធីដោះស្រាយយ៉ាងម៉េច។ វាទំនាក់ទំនងជាមួយនឹងការផលិត។ បើសិនជាការផលិតសមស្រប វាផ្តល់នូវការបង្កើតជាចំណីអាហារឲ្យប្រជាពលរដ្ឋរបស់យើងមានសុវត្ថិភាពនិងសុខភាពល្អ។ ចំណុចនេះជាចំណុចត្រូវគិត។ ពីមុនត្រឹមតែឆ្អែត ក្រោយមកឲ្យឆ្អែតហើយឲ្យឆ្ងាញ់​។ ឥឡូវ  ឆ្អែត ឆ្ងាញ់ និងធានាសុវត្ថិភាព។ អញ្ចឹង យើងត្រូវដាក់ចេញគោលដៅនៃការដោះស្រាយ វាមិនគ្រាន់តែទាក់ទងមកដល់ពេលហូបចុកនិងពេលសម្រាកព្យាបាលជំងឺទេ គឺវាទាក់ទងតាំងពីការផលិត ការកែឆ្នៃខ្លះ គឺវាទាមទារឲ្យមានការពិនិត្យម៉ត់ចត់ មុននឹងឲ្យមកចរាចរលើទីផ្សារ។ ឃើញទេកន្លងទៅយើងបានផ្សព្វផ្សាយកុំឲ្យប្រើប្រាស់ទឹកសារ៉ូ ដែលធ្វើឲ្យស្លាប់មនុស្សនៅប្រទេសជាច្រើន។

(៤) មិនត្រូវអោយប្រជាជនកម្ពុជាក្លាយមុខសញ្ញាតេស្តថ្នាំរបស់ប្រទេសណាមួយឡើយ

អញ្ចឹងប្រទេសរបស់យើងមុននឹងនាំចូលស្អីៗ មក ក៏ត្រូវតែពិនិត្យថាអាហ្នឹងវាធានាសុវត្ថិភាពទេ។ វាច្បាស់ទេ។ សុំកុំឲ្យប្រជាជនកម្ពុជាក្លាយជាអ្នកដែលត្រូវគេធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឲ្យសោះ គឺគេប្រើប្រាស់មានប្រសិទ្ធភាពហើយ ច្បាស់ហើយ ចាំបញ្ជាទិញយកមកប្រើប្រាស់នៅក្នុងប្រទេសរបស់យើង។ ខ្ញុំនៅចាំថា ដូចជានៅឆ្នាំ ២០០៤ ពេលនោះខ្ញុំទៅសម្ពោធនៅអគារនៅសាលាពេទ្យ សាលាក្រហម ពេលនោះដូចជាឯកឧត្តម នុត សុខុម ធ្វើជារដ្ឋមន្រ្តី ស្រាប់តែទៅយកថ្នាំណានោះ គេផលិតបាននៅប្រទេសមួយ ខ្ញុំមិនបញ្ចេញឈ្មោះទេ មកសាកល្បងជាមួយនឹងប្រជាជនខ្មែរ។ ប្រជាជនគេអត់សាកល្បងទេ។ មកចង់សាកល្បងប្រជាជនខ្មែរ។ ខ្ញុំថាទេ អត់បានទេ។ ខ្ញុំមិនទទួលយកបានទេអាហ្នឹង។ កុំយកប្រជាជនខ្មែរធ្វើតេស្តសម្រាប់ឱសថដែលគេផលិត ទុកឲ្យគេធ្វើតេស្តសម្រាប់ខ្លួនគេហ្នឹងទៅ។ ប្រជាជនគេ ​បើវាមានសុវត្ថិភាព ចាំយើងយកមក។ គេផលិតហើយ គេមិនហ៊ានធ្វើតេស្តប្រជាជនគេផង បញ្ជូនមកឲ្យខ្មែរ បែរជាប្រុងទទួល។ អាហ្នឹងខ្ញុំមិនលេងជាមួយទេ។ ខ្ញុំនៅតែចាំច្បាស់អ្វីដែលខ្ញុំនិយាយ។ កម្ពុជាមិនមែនជាធុងសម្រាមបោះចោលនូវបច្ចេកវិទ្យាហួសសម័យ។ ខ្ញុំបានប្រកាសនៅឆ្នាំ ១៩៨៨។ កម្ពុជាអត់ត្រូវទទួលនូវអ្វីរបស់ដែលគេហួសសម័យនោះទេ រាប់ទាំងប្រព័ន្ធផ្នែក Digital ស្អីៗហ្នឹង។ អត់មានថាចាស់នៅស្រុកគេ មកថ្មីនៅស្រុកយើងទេ។

(៥) គួរពិសារភេសជ្ជៈមានជាតិស្ករដោយការពិចារណា

ឥឡូវក៏វាឆ្លើយតបជាមួយនឹងបញ្ហាហ្នឹងដែរ។ ឧទាហរណ៍ smart phone ចេញភ្លាមនៅប្រទេសផលិតមានប្រើប្រាស់ មកដល់កម្ពុជាក៏មានប្រើប្រាស់។ អត់មានថាស្តុកអាចាស់ៗ នៅស្រុកគេ មកលក់ជជុះនៅស្រុកយើងទេ។ សូមឲ្យយកចិត្តទុកដាក់។ ធ្វើម៉េចបញ្ហាម្ហូបអាហារចៀសវាងនូវផលប៉ះពាល់ ដែលវាជាការបង្កើនបន្ទុក។ ឥឡូវនេះ ខ្ញុំព្រួយបារម្ភទៅលើអ្នកចម្រៀងនិងពិធីករនិងពិធីការិនីរបស់យើង (អាចនឹងមានជំងឺ)ទឹកនោមផ្អែម។ ម៉េចបានទឹកនោមផ្អែម? (សូម្បីតែ)អ្នកចម្រៀងក៏ដោយ។ ថ្ងៃនេះច្រៀងឲ្យខារ៉ាបាវ ទៅភ្លក់ខារ៉ាបាវទៅ។ ស្អែកទៅ Bacchus ទៅភ្លក់ Bacchus ហ្នឹងទៅ ខានស្អែកច្រៀង អ៊ីឈីតាន់ (ក៏ដាក់ អ៊ីឈីតាន់ ទៅ)។ អញ្ចឹងទេ សុំផ្តាំទៅក្មួយៗអ្នកចម្រៀង ក៏ដូចជាពិធីករពិធីការិនីដែលត្រូវតែភ្លក់ឲ្យគេ គ្រាន់តែលើកអញ្ចឹងទៅបានហើយ។ ធ្វើដូចជាលេបទៅ។ ក្មួយៗកុំទៅលេបអី។ ច្រើនមុខណាស់។ ថ្ងៃក្រោយមិនដឹងជាកើតអីទេ តែមិនស្រួលច្រៀងមិនកើតទៀត … ថ្ងៃនេះឃើញលេបអានេះ ថ្ងៃនោះឃើញលេបអានោះ។ ចុះបើវាច្រើនមុខពេកអញ្ចឹង អ្នកគេផឹកគេផឹកទៅ ប៉ុន្តែសម្រាប់យើងត្រូវតែភ្លក់ហើយ ត្រូវតែលើកហើយ ប៉ុន្តែផ្តាំផ្ញើមិនបាច់ចាំលេបទេ។ កង្វល់ដែរ  យើងឃើញបាត់បង់អ្នកចម្រៀង បាត់បង់ពិធីករ ពិធីការិនី។ មនុស្សដូចតែគ្នាទេ អ្នកក៏ស្តាយដែរ ប៉ុន្តែដល់មើលឃើញតាមទូរទស្សន៍ច្រើនពេក ខ្ញុំគិតថាពួកហ្នឹងទឹកនោមផ្អែម។ ជាការរំលឹកទេ ច្បាស់ជាក្មួយៗមានវិធីការពារខ្លួនហើយ។

{បញ្ចប់សេចក្តីអធិប្បាយ ២}

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានសុខភាពល្អ និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត 

ខ្ញុំសូមប្រកាសបិទសន្និបាតសុខាភិបាលលើកទី ៤២ ដើម្បី “បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល ៥ ឆ្នាំ ២០១៨-២០២២ និង ទិសដៅឆ្នាំ ២០២៣” ចាប់ពីពេលនេះតទៅ៕

************

Selected Comments Samdech Techo Hun Sen,
at the Closing Session of the 42nd National Health Conference
[Unofficial Translation]


(1) To return the 15 million doses of vaccine that has not been delivered to Cambodia to China

[…] I have approved the request of HE Mam Bunheng, Minister of Health, to transfer back 15 million doses of vaccine that has not yet been shipped to Cambodia, as we currently have 6 million doses left in stock and there is only a small number of people to get it … we transfer to our China friend so that they can share it with countries that are in need. (On the other hand) we cannot hold the vaccine for its expiration […]

(2) From hungry stomach to full, to be full and delicious, and now to be safe too

[…] After the Pol Pot regime, we just did whatever we could to fill our stomachs … later, not only are we full, we try to be full and delicious. Now the problem has arrived, it has to be delicious and healthy. That is the problem that we have to think together … (taking) the case of a beautification, someone died in a surgery at a beauty salon …  there are numerous cases concerning beautification. We do not know what the next day will bring … (as for this food safety) it has to do with production as well. If the production is appropriate, it provides the healthy food for our people and they are safe and healthy […]

(3) Do not allow Cambodians to be subject to drug testing by any country

[…] Before importing anything, make sure it is safe. Do not let Cambodians be the ones to be tested for drugs by any country. They use it effectively and clearly safe, we then order to use in our country … I still remember exactly what I said. Cambodia is not a dumping ground for outdated technology. I announced in 1988. Cambodia does not have to accept anything that is outdated, including digital systems. There is no such thing as “old stuff in other countries become new ones in our country” […]

(4) Singers do not take drinks with high sugars, just sip it, to avoid diabetes We must now respond to challenging problems […] we must try every way we can to avoid problems causing from unhealthy food as it increases the (country’s burden). I am worried about singers and entertainers (that they may have diabetes in the future). Why will they catch diabetes? Contracting to sing for Carabao (energy drink), they had to Carabao. Tomorrow, they will go to the Bacchus to taste Bacchus. After tomorrow they sing for Ichitan (they also drink Ichitan). I would like to reprimand the singers as well as the MCs who have to taste them, to just sip it […]./.

អត្ថបទទាក់ទង