Grand News Asia Close

(វីដេអូ) សម្រងប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ស្ដីពីគំរោងកសាងព្រែកជីកហ៊្វូណន-តេជោ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1128

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គុំព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
បងប្អូនជនរួមជាតិជាទីស្រឡាញ់!

(១) ចលនាជាតិគាំទ្រគម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គម និងឯករាជ្យខាងនយោបាយ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ​មានបញ្ហាមួយចំនួនដែលត្រូវទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិននឹងប្រធានបទ ”ព្រែកជីកហ៊្វូណន-តេជោ”។ ជាដំបូង អនុញ្ញាតឱ្យខ្ញុំព្រះកុរណាខ្ញុំបានថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលផ្ដល់នូវការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ចំពោះ(គម្រោង)ព្រែកជីកហ៊្វូណន-តេជោ។ សូម្បី Profile Facebook, Profile Telegram, Profile WhatsApp និងមធ្យោបាយទំនាក់ទំនងដទៃទៀត ក៏មានការដាក់ Profile បង្ហាញការគាំទ្រសកម្មភាពរបស់រាជរដ្ឋា​ភិបាលទាក់ទងទៅនឹងការជីកព្រែកជីក(ហ៊្វូណន-តេជោ)នេះ។ ខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ ដើម្បីគាំទ្រដល់គម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គមផង និងមានចរិតជាឯករាជ្យខាងនយោបាយផង។

(២) នាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើសារគោរពអធិបតេយ្យភាពកម្ពុជា មកថ្នាក់ដឹកនាំកម្ពុជា

អ្វីដែលខ្ញុំព្រះករុណាខ្ញុំធ្វើការកត់សម្គាល់ក្នុងរយៈពេលកន្លងទៅនេះ ទន្ទឹមនឹងការគាំទ្រដ៏ទូលំទូលាយពីសំណាក់ប្រ​ជាពលរដ្ឋរបស់យើង ក៏នៅមានការបកស្រាយខ្លះពីសំណាក់មនុស្សមួយចំនួនជាជនជាតិកម្ពុជា ពីសំណាក់អ្នកសរសេរអត្ថបទសារព័ត៌មានមួយចំនួននៅក្រៅប្រទេស និងការបកស្រាយមួយចំនួនរបស់បងប្អូនប្រជាជនវៀតណាម ឬក៏មន្ត្រីរបស់វៀតណាម។ បន្ទាប់ពីការដែលខ្ញុំព្រះករុណាខ្ញុំបានថ្លែងសារជូនចំពោះប្រជាពលរដ្ឋនៅក្នុងឱកាសចូលរួមក្នុងវេទិកាសមាគមឧកញ៉ា ដែលខ្ញុំព្រះករុណាខ្ញុំបានពន្យល់ពីអ្វីដែលបានកើតឡើង ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានអញ្ជើញទៅចូលរួមខួបលើកទី៧០ឆ្នាំនៃជ័យរបស់វៀតណាម នៅ Dien Bien Phu សាធារណរដ្ឋសង្គមនិយមវៀតណាម។ តាមរយៈនៃជំនួបរបស់ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន, នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ក៏បានផ្ញើសារមកថ្នាក់ដឹកនាំកម្ពុជាអំពីការគោរពអធិបតេយ្យភាពរបស់កម្ពុជា។ ក៏ប៉ុន្តែគាត់ក៏បានត្អូញត្អែរពីអ្នកវិភាគ ក៏ដូចជាសារព័ត៌មានខ្លះ(ដែលបាន)ធ្វើការចុះផ្សាយ(មិនមានចរិតស្ថាបនា)។

(៣) កម្ពុជាមិនបានបំពានក្របខណ្ឌបរិស្ថានខ្លួនឯង ​ឬប្រទេសជិតខាង ទាំងប៉ែកខាងលើ និងប៉ែកខាងក្រោម

ថ្មីៗ នេះ យើងក៏បានឃើញការវិភាគរបស់អ្នកវិទ្យាសាស្ត្ររបស់វៀតណាមដែលមានការយល់ឃើញប្រហាក់ប្រ​ហែលជាមួយនឹងកម្ពុជា ទាក់ទិននឹងការមិនធ្វើឱ្យប្រែប្រួលប្រព័ន្ធលំហូរទឹកនៅផ្នែកខាងក្រោមនោះទេ។ ក៏ប៉ុន្តែ យើងក៏បានសង្កេ​តឃើញថា មានសារព័ត៌មានខ្លះនៅបង្ហាញកង្វល់ រាប់ទាំងជនជាតិវៀតណាមខ្លះក៏បានសរសេរអត្ថបទកាសែតយកទៅចុះផ្សាយជាមួយកាសែតបរទេសផ្សេងទៀតទាក់ទងនឹងកង្វល់ទាំងនោះ។ ពិតណាស់ថា(ការមាន)កង្វល់គឺជារឿងត្រឹមត្រូវ ប៉ុន្តែសម្រាប់ករណីព្រែកជីកហ៊្វូណន-តេជោ គឺគ្មានការចាំបាច់(ដើម្បីនឹងមាន)កង្វល់ទេ ដោយសារយើងបានធ្វើត្រឹមត្រូវទៅតាមក្រឹត្យក្រម។ សូមបញ្ជាក់ថា យើងមិនបាន(ធ្វើដោយ)បំពានណាមួយទៅលើក្របខ័ណ្ឌទាក់ទងនឹងបរិស្ថានសម្រាប់ខ្លួនឯង ឬសម្រាប់ការខូតខាតណាមួយរបស់​ប្រទេសជិតខាងយើង ទាំងនៅប៉ែកខាងលើ ក៏នៅប៉ែកខាងក្រោម គឺវៀតណាមនេះឯង។ យើងគ្មានសិទ្ធិនឹងទប់ស្កាត់ការមានកង្វល់ណាមួយនោះទេ ក៏ប៉ុន្តែ យើងមានសិទ្ធិនឹងពន្យល់ ជាពិសេសពន្យល់ដល់ប្រជាជនកម្ពុជាអំពីអ្វីដែលយើងចាំបាច់ត្រូវធ្វើ។

(៤) “ព្រែកជីកហ៊្វូណន-តេជោ” ជាការផ្ដើមគំនិតរបស់កម្ពុជា មិនមែនគំនិតផ្ដើមក្របខ័ណ្ឌខ្សែក្រវាត់និងផ្លូវទេ

ឥឡូវ ខ្ញុំព្រះករុណាខ្ញុំ សូមលើកឡើងនូវបញ្ហាមួយចំនួនទាក់ទិននឹងការលើកឡើងក្នុងរយៈពេលកន្លងទៅ។ ទី១ ខ្ញុំព្រះករុណាខ្ញុំ សូមទាក់ទាញការចាប់អារម្មណ៍របស់អ្នកកាសែតបរទេស ដែលខ្ញុំមិនដឹងថាអ្នកកាសែតបរទេសនោះ ជាអ្នកកាសែតដែលមាននិន្នាការប្រភេទណានោះទេ ក៏ប៉ុន្តែយោងទៅលើការដែលនិ​យាយចេញមកថា “ព្រែកជីកហ៊្វូណន-តេជោគឺជាគំនិតផ្ដួចផ្ដើមរបស់ចិន ក្នុងក្របខ័ណ្ឌខ្សែក្រវាត់និងផ្លូវ”។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែគូសបញ្ជាក់ថា “ព្រែកជីកហ៊្វូណន-តេជោ គឺជាព្រែកជីកដែលផ្ដួចផ្ដើមគំនិតទាំងស្រុងដោយភាគីកម្ពុជា”។ ចិនមិនបានដឹងរឿងនេះទេ។ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួម​​នៅក្នុងការសិក្សា។ យើងស្វះស្វែងរកក្រុមហ៊ុនចិនដើម្បីមកវិ​និយោគរួមគ្នាជាមួយនឹងកម្ពុជា ដើម្បីបង្កើតឡើងនូវការជីកព្រែកមួយនេះ។ ​ដូច្នេះ សូមអ្នកដែលតែងតែចោទប្រកាន់យើងអំពីក្របខ័ណ្ឌភូមិសាស្ត្រនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន បញ្ឈប់រឿង(ចោទប្រកាន់)នេះទៅ។ វាជាការឆោតល្ងង់ដែលអ្នកទាំងនោះលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា។ គំនិតផ្ដួចផ្ដើមវាចេញពីកម្ពុជាសុទ្ធសាធ។ ខ្ញុំព្រះករុណាខ្ញុំ ទៅឯសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រាប់ពីរឿងនេះទៅមេដឹកនាំចិនសូមឱ្យគាត់គាំទ្រ។ រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជា ក៏ស្នើសុំឱ្យគាត់គាំទ្រ។ គាត់មិនបានដឹងរឿងនេះទេ។ ដូច្នេះ (គំរោងព្រែកជីកហ៊្វូណនតេជោ) មិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃខ្សែក្រវាត់និងផ្លូវ ដែលចាត់ទុកថាជាគំនិតផ្ដួចផ្ដើមរបស់ចិននោះឡើយ។

(៥) ព្រែកជីកមានទទឹង ១០០ម៉ែត្រ ជ​​ម្រៅទឹក ៥ម៉ែត្រ មិនឆ្លើយតបតម្រូវការចល័តកងទ័ពតាមជើងទឹកទេ

នេះជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដើម្បីផលចំណេញខាងសេដ្ឋកិច្ចនិងឯករាជ្យភាពខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹក។ ម៉្យាងទៀត ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះបញ្ជាក់ឡើងវិញ និងជំទាស់ចំពោះជនល្ងង់ខ្លៅមួយចំនួន​ដែលចាត់ទុកព្រែកជីកហ៊្វូណន-តេជោ ថានឹងត្រូវបានប្រើដោយកងទ័ពជើងទឹករបស់ចិន។ ខ្ញុំគិតថា វាមានការគួរឱ្យខ្មាសអៀនណាស់សម្រាប់ជនទាំងឡាយណាដែលបានលើកគំនិតបែបនេះ។ សម្រាប់នាវាចម្បាំង បើទោះ​បីជាទន្លេមេគង្គកាលពីសម័យមុន ដែលមានកន្លែងខ្លះជាង ១០០០ម៉ែត្រ កន្លែងខ្លះ ១៥០០ម៉ែត្រ ឬយ៉ាងតិច ៨០០ម៉ែត្រ ​ក៏គង់(នាវាម៉ារីន)នឹងត្រូវបាញ់លិច។ ចុះទ​ម្រាំធ្វើកូនព្រែកជីកមួយដែលមានទទឹងត្រឹមតែ ១០០ម៉ែត្រ ផ្នែកខាងក្រោមមានត្រឹមតែ៨០ម៉ែត្រ ជ​​ម្រៅទឹក៤ ទៅ ៥ម៉ែត្រប៉ុណ្ណេះ តើវា(អាចឆ្លើយតបបានតាម)តម្រូវការក្នុងការចល័តកងទ័ពតាមជើងទឹកឬទេ? តើមានតម្រូវការក្នុងការប្រើប្រាស់ជើងទឹកដើម្បីប្រយុទ្ធនៅក្នុងស្ថានភាពភូមិសាស្ត្រមួយដែលមិនតម្រូវទេ? ប្រសិនបើអស់លោកមានមេទ័ពបែបនេះ គឺកងទ័ពនោះវានឹងបរាជ័យ។ បើសិនមានអ្នកណាមួយមកនិយាយជាមួយខ្ញុំ ខ្ញុំនឹងប្រាប់អ្នកឯងថា អ្នកឯងមិនចេះកងទ័ពទេ។ អ្នកឯងប្រើប្រាស់កងទ័ពទៅលើភូមិសាស្រ្តបែបនេះ ប្រើប្រាស់​​កងទ័ពជើងទឹកបែប​​នេះ នៅក្នុងស្ថានភាពដែល​​​​​​ផ្លូវគោកអាចចល័តបានងាយស្រួលជាង។

(៦) ដើម្បីប្រឆាំងកម្ពុជាក្នុងក្របខ័ណ្ឌភូមិសាស្ត្រនយោបាយ និងដើម្បីតម្រង់ការប្រឆាំងទៅចិន ហ៊ានធ្វើអំពើឆោតល្ងង់រហូតបំផ្លើសពីការប្រើនាវាចម្បាំងក្នុងកូនព្រែកដ៏តូចមួយ

បន្ថែមលើនោះ បើអ្នកឯងបានយកនាវាចូលមក​ (ព្រែកដែលមានទទឹងមាត់លើ)ត្រឹមតែ ១០០ម៉ែត្រ ហើយបើ​នាវានៅក្នុងចន្លោះកណ្ដាល វា(នឹងនៅក្នុងចម្ងាយ)ត្រឹមតែ ៥០ម៉ែត្រពី(ច្រាំង)សងខាងទេ។ បើទំហំនាវា ១០ម៉ែត្រទៀ​​ត ក៏(ចន្លោះពីនាវាទៅច្រាំងក៏មាន)ត្រឹមតែ ៤៥ម៉ែត្រ។ ដូច្នេះ​ក្នុងចម្ងាយនេះ B40 និង B41 អាចបាញ់នាវានេះបានហើយ។ ដូច្នេះ អ្នកមិនស័ក្តិសមជាបញ្ញវន្ត ឬអ្នកស្រាវជ្រាវនៅក្នុងយុទ្ធសាស្ត្រ កុំថាឡើយដល់យុទ្ធសាស្ត្រជាសេនាធិការកងទ័ព ឬមេបញ្ជាការកងទ័ព សូម្បីតែយុទ្ធសាស្ត្រនៃកងឈ្លបដែលវាយឆ្មក់ក៏វាមិ​នសមស្របផង។ ខ្ញុំពិតជាមើលស្រាលសមត្ថភាពវិភាគរបស់អ្នកឯង។ (គ្រាន់តែ)ដើម្បីប្រឆាំងនឹងកម្ពុជាក្នុងក្របខ័ណ្ឌភូមិសាស្ត្រនយោបាយ និងដើម្បីតម្រង់ទៅរកការប្រឆាំងចិន អ្នកឯងហ៊ានធ្វើអំពើឆោតល្ងង់ រហូតលើកឡើងពីការប្រើនាវានៅតាមកូនព្រែកដ៏តូចមួយនេះ។ តើមានហេតុផលទេនៅក្នុងការចល័តនាវាចម្បាំងនៅក្នុងកូនព្រែកជីកដ៏តូច ដែលសូម្បីតែបត់កប៉ាល់ក៏បត់មិនរួចផង (មិនបាច់)និយាយដល់នាវាចម្បាំង​។

(៧) សូមបញ្ឈប់នយោបាយដាក់កម្ពុជាក្នុងក្រប​ខ័ណ្ឌភូមិសាស្ត្រនយោបាយ ផ្សារភ្ជាប់ព្រែកជីកហ៊្វូណនតេជោទៅនឹង​កង្វល់សន្តិសុខវៀតណាម ដោយតម្រង់ឆ្ពោះទៅប្រឆាំងចិន

ខ្ញុំទទួលស្គាល់ថា នៅពេលដែលព្រែកជីកនេះត្រូវបានធ្វើរួចរាល់ វាក៏នឹងមានការល្បាតតាមអូប៊័រ កាណូតតូចៗ ដើម្បីមើល​។ នេះជាបញ្ហាធម្មតានៃសន្តិសុខតាមដងព្រែកជីក ដែលនោះវាជាសមត្ថកិច្ចរបស់នគរបាល វាមិនមែនជាសមត្ថកិច្ចរបស់កងទ័ពទេ។ ប្រទេសយើងមិនមែនជាប្រទេសមានសង្គ្រាមនោះដែរ។ បើមានសង្គ្រាម​ក៏គ្មានការចាំបាច់ប្រើប្រាស់កូនព្រែកដ៏តូចមួយនេះ ដែលគ្រាន់តែជា(ច្រកចេញចូលសំរាប់)ការដឹកជញ្ជូនផ្លូវទឹកនោះទេ។ សូមបញ្ឈប់នយោបាយយកកម្ពុជាធ្វើជាក្រប​ខ័ណ្ឌភូមិសាស្ត្រនយោបាយ ដែលតម្រង់ឆ្ពោះទៅរកការប្រឆាំងចិន ដោយផ្សារភ្ជាប់ព្រែកនេះជាមួយនឹង​កង្វល់សន្តិសុខរបស់វៀតណាម ក្នុងពេលដែលវៀតណាមនិងកម្ពុជា​មានទំនាក់ទំនងល្អ​ ក្នុងពេលដែលវៀតណាម និងចិនមានទំនាក់ទំនងល្អជាមួយគ្នា។ តើមានការចាំបាច់ដើម្បីច្បាំងគ្នានៅទីនេះទេ? ​វាមិនមានទាល់តែសោះ។​ ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការលើកឡើងទាំងឡាយ ទាក់​ទង​ជាមួយនឹងបញ្ហាព្រែកជីកនេះថា គ្មានជាប់ទាក់ទងនឹងការផ្ដួចផ្ដើមកម្រិតណាមួយរបស់ចិននៅក្នុងក្របខ័ណ្ឌខ្សែក្រវាត់និងផ្លូវនោះទេ ប៉ុន្តែគឺជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជាសុទ្ធសាធបម្រើឱ្យតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងឯករាជ្យខាងនយោបាយសម្រាប់ការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។

(៨) រកឯករាជ្យភាពខាងនយោ​បាយលើការដឹកជញ្ជូន ហួសពីក្របខណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

ខ្ញុំសូមនិយាយឱ្យបានច្បាស់ថ្ងៃនេះ ជាសារសម្រាប់កូនខ្មែរទៅថ្ងៃអនាគតថាត្រូវតែរកឯករាជ្យភាពខាងនយោ​បាយឲ្យខាងតែបានលើការដឹកជញ្ជូនដែលទៅហួសពីក្របខណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ទាក់ទងនឹងបញ្ហាបច្ចេកទេស យើងបានធ្វើរួចហើយ។ ថ្ងៃមុន ខ្ញុំបាននិយាយ(ម្តងរួចហើយ)។ ថ្ងៃនេះ ចង់បង្ហាញបន្តិច(ថែមទៀត)។ (ការតម្រូវតាម)កិច្ចព្រមព្រៀងឆ្នាំ ១៩៩៥ សម្រាប់(ការប្រើប្រាស់)ដៃទន្លេ​ យើងបានធ្វើត្រឹមត្រូវរួចហើយ គឺ “មាត្រាទី៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥”។ កម្ពុជាមានកាតព្វកិច្ចធ្វើការជូនដំណឹងទៅគណៈកម្មការរួមឱ្យបានជ្រាប មុនពេលអនុវត្តការងារសាងសង់ និងបញ្ចប់កាតព្វកិច្ចធ្វើការពិគ្រោះយោបល់ជាមុន ឬត្រូវមានកិច្ចព្រមព្រៀងជាក់លាក់ពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ​។ កម្ពុជាបានបំពេញរួចរាល់ហើយ គ្មានការចាំបាច់ណាមួយដើម្បីនឹងចរចា​ទេ។

ខ្ញុំគួរតែបញ្ជាក់ថា ជាការគួរសម នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពេលទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិ​យមវៀតណាមកាលពីចុងឆ្នាំទៅ បានជូនដំណឹងជូននាយករដ្ឋមន្រ្តីវៀតណាមរួចហើយ។ នៅពេលដែលឯកឧត្ដមរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម To Lam មកទស្សនកិច្ចនៅកម្ពុជា ខ្ញុំក៏បានជម្រាបជូនគាត់។ នៅពេលដែលឯកឧត្ដម Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកទស្សនកិច្ច ខ្ញុំក៏បានជូនដំណឹងទៅគាត់ជាការគួរសម។ បើយោងទៅលើកិច្ចព្រមព្រៀងមាត្រាទី ៥នេះ គឺមិនមានតម្រូវការចាំបាច់ណាមួយសម្រាប់ការចរចានោះទេ។ មានតែ(ការប្រើប្រាស់)ទន្លេមេទេ ដែលតម្រូវឲ្យមានការពិគ្រោះយោបល់ជាមុន ឬកិច្ចព្រមព្រៀងជាក់លាក់ជាមុន។ ហើយទន្លេមេនេះទៀតសោត កា​រជូនដំណឹង ការពិគ្រោះយោបល់ជាមុន គឺចាំបាច់ត្រូវតែធ្វើ។

(៩) ករណីទន្លេវ៉ៃគោ ប្តូរពីទាញទឹកពីទន្លេមេគង្គមេ ទៅទាញទឹកពីទន្លេតូចជាដៃទន្លេមេគង្គ

ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ នៅកម្ពុជា រឿងនេះធ្លាប់បានធ្វើរួចមកហើយ​គឺករណីទន្លេវ៉ៃគោ ដែលកម្ពុជាបានទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិនយកមកធ្វើ។ កាលពីដើម យើងចង់យកទឹកចេញពីទន្លេមេគង្គតែម្ដង នៅម្ដុំពាមជរ ​ឬពាមរក៍ នៅខេត្តព្រៃវែង ដើម្បីទម្លាយកាត់ខេត្តព្រៃវែងទៅកាន់ខេត្តស្វាយរៀង។ ប៉ុន្តែ ពេលនោះ គណៈកម្មការមេគង្គតម្រូវឲ្យយើង​មានការពិគ្រោះយោបល់ និងមានកិច្ចព្រមព្រៀង។ គណៈកម្មការមេគង្គមិនអនុញ្ញាតឲ្យយើងបង្វែរទឹកចេញពីទន្លេមេនេះទៅកាន់ផ្នែកផ្សេងទៀតទេ។ អញ្ចឹងយើងក៏ផ្អាក។ យើងក៏ចាប់ផ្ដើមសិក្សាមួយខ្សែទៀតចេញពីទន្លេតូច ដែលគិតពីទន្លេមេគង្គទៅទន្លេតូចមានចម្ងាយ ១៣គីឡូម៉ែត្រ … ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានស្ថានីយបូមទឹកឆ្លងកាត់ខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយជ្រុំ ខេត្តស្វាយរៀង។ ប្រឡាយមេនេះមានប្រវែង ១៤០គីឡូម៉ែត្រ និងប្រឡាយរងប្រវែង ៤៤គីឡូម៉ែត្រ មុខកាត់ ១៥ ទៅ ១០០ម៉ែត្រ ជម្រៅ ១០ម៉ែត្រ។ ទន្លេវ៉ៃគោក្នុងខេត្តស្វាយរៀងមានប្រវែង ៧០គីឡូម៉ែត្របន្ថែមទៀត ដែលអាចស្រោចស្រពបាន ១២ម៉ឺនហិកតា។ នេះជារឿងដែលយើងធ្លាប់ធ្វើ ហើយយើងគោរពបានពេញលេញបែបបទដែលមានក្នុងមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥។

(១០) សូមផ្ដល់មតិទៅរាជរដ្ឋាភិបាលថា គួរបើកការដ្ឋានព្រែកជីកហ៊្វូណនតេជោឱ្យបានឆាប់

យើងបានធ្វើទន្លេវ៉ៃគោ ដែលគំនិតដើមរបស់យើងគឺទាញទឹកចេញពីពាមជរ និងពាមរក៍ ចូលទៅស្រោចស្រពលើផ្ទៃដៃម្ខាងទៀតនៃខេត្តព្រៃវែង និងទម្លាយទៅស្វាយរៀង។ ក៏ប៉ុន្តែ នោះមិនមែនជាដៃទន្លេមេគង្គទេ។ វាជាទន្លេមេ។ អញ្ចឹងយើងត្រូវមានការពិគ្រោះយោ​បល់។ គេមិនឲ្យធ្វើ យើងក៏មិនធ្វើ។ ប៉ុន្តែយើងទៅចាប់យកទន្លេតូចដែលជាដៃនៃទន្លេមេគង្គវិញ។ ករណីដូចគ្នានេះ សម្រាប់ព្រែកជីកហ៊្វូណន-តេជោ គឺយើងយកចេញពីដៃទន្លេបាសាក់ (បានន័យថា)ដៃនៃដៃទន្លេ បានសេចក្ដីថា ទន្លេបាសាក់ជាដៃនៃទន្លេមេគង្គ ហើយយើងចាប់ជីកព្រែកពីដៃនៃដៃទន្លេមេគង្គ គឺទន្លេបាសាក់នេះឯង។ នេះជាចំណុចដែលសូមជម្រាបថា យើងបានធ្វើសព្វគ្រប់ហើយ។ ខ្ញុំសូមផ្ដល់មតិទៅនាយករដ្ឋមន្រ្តីថ្មី ទៅរាជរដ្ឋាភិបាល កុំយប់យន់សុបិន្តច្រើន។ បើបើកការដ្ឋានបានកាន់តែឆាប់គឺធ្វើទៅ កុំរង់ចាំអីទៀត នាំតែមានសាធារណៈមតិពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងទេ។ ជំរុញបើកការដ្ឋានឲ្យបានឆាប់។ គ្មានត្រូវរង់ចាំអ្វីតទៅទៀតទេ។ យើងត្រូវគិតទៅដល់សេដ្ឋកិច្ចរបស់យើង និងឯករាជ្យភាពរបស់យើង។

(១១) ៨០គម នៃព្រែកជីកហ៊្វូណនតេជោ គឺប្រឡាយលេខ ១៥ កសាងដោយរាជរដ្ឋាភិបាលមុន និងកំពុងប្រើប្រាស់ជាប្រព័ន្ធស្រោចស្រព និងជាប្រព័ន្ធដឹកជញ្ជូន

ខ្ញុំព្រះករុណាខ្ញុំក៏គួរតែបញ្ជាក់ថា នៅក្នុង ១៨០គីឡូម៉ែត្រនៃព្រែកជីក មាន ៨០គីឡូម៉ែត្រហើយ ដែលខ្ញុំព្រះករុណាខ្ញុំបានដឹកនាំធ្វើក្នុងក្របខ័ណ្ឌ(នៃរាជរដ្ឋាភិបាលមុន២)។ ឯកឧត្ដម ប៉ុល សារឿន ដែលពេលនេះជាទីប្រឹក្សារាជរដ្ឋាភិបាល និងពេលនោះជាអភិបាលខេត្តតាកែវ(ជាអ្នកអនុវត្ត)។ ប្រឡាយលេខ ១៥ ប្រវែង ៨០គីឡូម៉ែត្រនេះ គឺខ្ញុំព្រះករុណាខ្ញុំដឹកនាំឲ្យធ្វើ។ ប្រឡាយ ៨០គីឡូម៉ែត្រនោះហើយ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយក៏ជាប្រព័ន្ធដឹកជញ្ជូនផង។ យើងគ្រាន់តែត្រូវពង្រីកវាតែប៉ុណ្ណោះ។ វានឹងក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនដ៏ល្អ។ នៅកន្លែងដទៃទៀតក៏ដូចគ្នា។ មានកន្លែងតិចណាស់ដែលយើងធ្វើថ្មីដើម្បីទម្លាយវាមកតភ្ជាប់ជាមួយនឹងទន្លេ។ ប៉ុន្តែ ភាគច្រើនគឺមានស្នាមដានរួចទៅហើយ …។

ប្រវែង ៨០គីឡូម៉ែត្រ នៃប្រឡាយលេខ ១៥ កាលពីឆ្នាំ ១៩៩៣ មានការឃោសនាថា ប្រឡាយនេះ(នឹងក្លាយ)ជាព្រំដែនកម្ពុជា–វៀតណាម។ សូមអ្នកដែលបានប្រឆាំងនឹងផែនការនេះ ហើយលើកឡើងថានៅពេលដែលជីករួចហើយ ព្រែកជីកនេះនឹងក្លាយទៅជាព្រំដែនរវាងវៀតណាមនិងកម្ពុជា (ត្រូវពិចារណាឡើងវិញ)។ នេះជា(ការថ្លែងនៃ)ជនជាតិខ្មែរដែលនិរទេសខ្លួនទៅក្រៅប្រទេស។ ខ្ញុំគ្រាន់តែសួរទៅអ្នកវិញថា​ បើព្រែកជីកនេះជីករួចហើយវាក្លាយទៅជាព្រំដែនវៀតណាមនិងកម្ពុជា ហេតុអីបានវៀតណាមចាំបាច់មានកង្វល់? វៀតណាម(គួរ)ត្រូវស្វាគមន៍ ព្រោះនឹងបានទឹកដីកម្ពុជា តាំងពីខេត្តកណ្ដាលក្បែរផ្ទះខ្ញុំនេះទៅ។ ពីផ្ទះខ្ញុំទៅតំបន់ដែលត្រូវជីកនោះវាមិនឆ្ងាយទេ។ បើអញ្ចឹងហេតុអីវៀតណាមជំទាស់ បើវាគង់តែនឹងក្លាយជាព្រំដែនរវាងកម្ពុជានិងវៀតណាមនោះ? ឬមួយអ្នកមានចេតនាអ្វី? អ្នកត្រូវចាំ ផលប្រយោជន៍កម្ពុជាគឺធំណាស់នៅទីកន្លែងនេះ។

(១២) ផលប្រយោជន៍ទី១៖ ព្រែកជីកបង្កើតបានជាប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងកាត់បន្ថយចម្ងាយនិងថ្លៃដឹកជញ្ជូន

ខ្ញុំព្រះករុណាខ្ញុំធ្លាប់បានលើកកាលពីពេលជំនួបជាមួយសមាគមឧកញ៉ា កាលពីចុងខែមេសាកន្លងទៅ អំពីផលប្រយោជន៍(ពីព្រែកជីក)នេះ។ ខ្ញុំព្រះករុណាខ្ញុំបញ្ជាក់ឡើងវិញ។ ទី១ (ការបង្កើតបានជា)ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងដែលយើងអាចធ្វើសមារណកម្មការដឹកជញ្ជូនឲ្យមានភាពងាយស្រួល។ វាជារឿងមួយដែលផ្ដល់នូវផលចំណេញយ៉ាងធំទៅលើការដឹកជញ្ជូន។ តារាងសិក្សាប្រៀបធៀបពី(ផលនៃ)ការដឹកជញ្ជូនមានច្រើនណាស់។ យើងចំ​ណេញយ៉ាងតិចជាមធ្យម ចម្ងាយផ្លូវដែលយើងត្រូវឆ្លងកាត់ គឺមិនទាន់គិតជាលុយទេ។ គិតតែទាក់ទិននឹងចម្ងាយផ្លូវ យើងចំណេញ ១៦៩គីឡូម៉ែត្រ។ បងប្អូនប្រជាពលរដ្ឋគិតទៅ ១៦៩គីឡូម៉ែត្រ បើបើកឡាន/ម៉ូតូអស់សាំងប៉ុន្មាន? ហើយចំណាយពេលប៉ុន្មាន? អញ្ចឹង ផលចំណេញនេះធំណាស់សម្រាប់ជាតិយើង។ យើងដោះស្រាយបញ្ហាបានច្រើន នៅពេលយើងជីកព្រែកនេះបាន។​ វាផ្ដល់ឲ្យយើងនូវភាពងាយស្រួលក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ព្រោះការដឹកតាមផ្លូវគោក ឡានមួយដឹកបានតែមួយកុងតឺន័រទេណា។ បើនាវាមួយ សាឡង់មួយ ដឹកជញ្ជូនតាមផ្លូវទឹកនេះ យើងអាចដឹកបាន ២០ ឬ ៣០ កុងតឺន័រ ស្មើនឹង ២០ ឬ៣០ឡាន។ អញ្ចឹងផលចំណេញធំណាស់ខាងសេដ្ឋ​កិច្ចសម្រាប់ប្រទេសយើង។ តាមរយៈនៃភាពងាយស្រួលលើប្រព័ន្ធដឹកជញ្ជូន យើងមានផលចំណេញទៅលើការប្រកួតប្រជែង។ យើងប្រកួតប្រជែងមិនឈ្នះគេទេ បើសិនជាតម្លៃដឹកជញ្ជូនរបស់យើងនៅតែខ្ពស់។ តាមរយៈការប្រកួតប្រជែងមិនឈ្នះនេះ ការទាក់ទាញវិនិយោគិនក៏មិនងាយស្រួល … យើងត្រូវមានប្រព័ន្ធដឹកជញ្ជូនមួយសមស្រប អនុគ្រោះសម្រាប់អ្នកវិនិយោគ។ យើងត្រូវមានប្រព័ន្ធទាក់ទាញវិនិយោគជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាំងដឹកជញ្ជូន អគ្គិសនី ទឹក កម្មករ អ្នកឯកទេស និងប្រព័ន្ធផ្សេងៗទៀត …។

(១៣) ផលប្រយោជន៍ទី២៖ បង្កើតប្រព័ន្ធស្រោចស្រពទិសនិរតី បង្កើតមុខរបរ បង្កើនរដូវដាំដុះ

ចំណុចទី២ យើងនឹងបង្កើតបាននូវប្រព័ន្ធស្រោចស្រពនៅទិសនិរតីរបស់ប្រទេសកម្ពុជា។ អរគុណដល់ព្រះពិរុណដែលបានបង្អុរមកធ្វើឲ្យតំបន់មួយចំនួន(មានទឹក) ឯតំបន់មួយចំនួននៅតែមិនទាន់មានទឹក។ ឆ្នាំនេះ ដោយសារតែការរាំងស្ងួត សូម្បីតែខេត្តតាកែវ មានការដឹកទឹក(ទៅផ្គត់ផ្គង់)នៅកន្លែងខ្លះ។ បើសិនជាយើងមានព្រែកជីកនេះ យើងអាចទាញទឹកឲ្យប្រជាជនសម្រាប់បង្កបង្កើនផល ឬសម្រាប់ប្រើ​ប្រាស់។ ប្រជាពលរដ្ឋនឹងបង្កើតបាននូវមុខរបរនានា រួមទាំងដំណាំស្រូវពីការធ្វើតែម្ដងទៅការធ្វើពីរដង ឬបីដង ដំណាំដាំដុះអាចធ្វើបានខួបប្រាំងខួបវស្សាតាមដងព្រែក និងប្រព័ន្ធប្រឡាយដែលចេញពីទីនោះ។ ខ្ញុំយល់ស្របជាមួយនឹងអ្នកវិទ្យាសាស្រ្តរបស់វៀតណាមមួយចំនួន ដែលថាទឹកវាបាត់បង់តិចតួចណាស់ បើប្រៀបធៀបទៅនឹងលំហូរមេគង្គ។ ប៉ុន្តែបើសិនជាមានការប្រើប្រាស់ជាប្រព័ន្ធស្រោចស្រព នឹងអាចបាត់ច្រើនជាងហ្នឹង តែវានៅតែតូចបើធៀបនឹងលំហូរមេគង្គ។ ការពគេអាចគន់គូរបានថា ស្រូវមួយហិកតា តើវាត្រូវការទឹកប៉ុន្មាននៅក្នុងរដូវប្រាំង? វាមិនត្រូវការទឹកក្នុងរដូវវស្សាពេលដែលមានភ្លៀងទេ ហើយក្នុងរដូវប្រាំងនោះ តើវាត្រូវការទឹកប៉ុន្មាន? គេអាចគ្រប់គ្រងទិន្នន័យនេះបាន។ វាមិនដល់កម្រិតបាត់ទឹករហូតទៅដល់ ៥០%។

(១៤) ការលើកឡើងថា ព្រែកជីកហ៊្វូណនតេជោ នឹងធ្វើឱ្យបាត់ទឹកពីទន្លេមេគង្គ ៥០% ជាការមិនត្រឹមត្រូវ

ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំនិយាយ(ថាមានការលើកឡើងថាបាត់)ដល់ទៅ ៧០%។ តែដល់មើលទិន្នន័យនៃការសិក្សា គេផ្សព្វផ្សាយពីវិទ្យាស្ថាន កាន់ថឺ ថា(ការបាត់បង់មាន) ៥០%។ ខ្ញុំចោទសួរត្រឡប់ទៅវិញថា បាត់ ៥០% តើវាទៅណា? ខ្ញុំព្រះករុណាខ្ញុំទទួលយក(ការទទួលខុសត្រូវ) ប្រសិនបើកម្ពុជាខ្លួនឯងជីកព្រែកនេះរួចហើយ ដោយគ្មានទ្វារទឹក ហើយទុកឲ្យទន្លេមេគង្គក៏ហូរ ទន្លេបាសាក់ក៏ហូរ តាមព្រែកជីកហ៊្វូណន–តេជោ ធ្លាក់ទៅសមុទ្រ ដែលវានឹងធ្វើឲ្យបាត់បង់ទឹក មិនមែនប៉ះពាល់ត្រឹមតែវៀតណាមទេ វាប៉ះពាល់ដល់កម្ពុជាខ្លួនឯង ប៉ះពាល់ដល់ទន្លេសាប ដល់ខេត្ដកណ្ដាល ខេត្តព្រៃវែងនៅជាប់នឹងព្រំដែនវៀតណាម។ ប៉ុន្តែ កម្ពុជាមិនល្ងង់រហូតទាញទឹកប្រៃពីកែប យកមកទម្លាក់នៅកែបខ្លួនឯង ខេត្តកំពត ខេត្តតាកែវ និងមកដល់ខេត្តកណ្ដាលទេ។ យើងមិនឲ្យទឹកប្រៃចូលមកក្នុងព្រែកជីកនេះទេ ព្រោះវាគ្រោះថ្នាក់ដល់ប្រជាជនកម្ពុជា។ យើងត្រូវការទឹកសាប។ ដូច្នេះហើយយើងត្រូវមានសន្ទះទឹក។ នៅពេលខែប្រាំង យើងបិទទឹកសាបមិនឲ្យចូលទៅក្នុងសមុទ្រ ហើយមិនឲ្យទឹកសមុទ្រចូលមកក្នុងព្រែកទឹកសាបទេ។ ដូច្នេះ ការលើកឡើងថានឹងបាត់ទឹក ៥០% គឺមិនត្រឹមត្រូវ។ ប៉ុន្ដែ វានឹងជាការត្រឹមត្រូវក្នុងករណីកម្ពុជាខ្លួន​ឯងមិនបានធ្វើ​ទ្វារទឹក។ បើមិនធ្វើទ្វារទឹក គម្រោងនេះក៏មិនបានទទួលការអនុម័តឲ្យធ្វើដែរ។

(១៥) ​ប្រព័ន្ធស្រោចស្រពបានពីព្រែកជីកហ៊្វូណនតេជោ នឹងជួយបង្កើតភាពបៃតងនៃទិសនិរតីកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើការពន្យល់ម្ដងហើយម្ដងទៀត ទាំងពន្យល់ទាំងបរទេស ទាំងមិត្តភក្ដិនៅក្នុងប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ពន្យល់ដល់និស្សិត។ ល្មមគ្រប់គ្រាន់ដើម្បីយល់ហើយ។ ខ្ញុំព្រះករុណាខ្ញុំមិនចាំបាច់លើកឡើង​នូវបច្ចេកទេសបែបនេះទេ ក៏ប៉ុន្ដែអ្វីដែលខ្ញុំព្រះករុណាខ្ញុំគួររំលេច គឺកម្ពុជាមិនល្ងង់រហូតទៅដល់សុខៗ ទៅទាញទឹក​ប្រៃចូលមកបំផ្លាញទឹក(សាប)ខ្លួនឯងនោះទេ។ អញ្ចឹង ចំណុចទីពីរនៃផលប្រយោជន៍គឺយើងនឹងបង្កើតបាននូវ​ប្រព័ន្ធស្រោចស្រពនៅទិសនិរតី ដែលនិយាយតាមមួយបែប ជួយឲ្យមេគង្គ ឬក៏បណ្ដាប្រទេសតាមអាងទន្លេមេគង្គ ឬក៏ហោចណាស់និយាយមួយផ្នែកភាពបៃតងនៃទិសនិរតីនៃប្រទេសកម្ពុជា។ ឥឡូវក្រែងនាំគ្នានិយាយពីភាពប្រែប្រួលនៃអាកាសធាតុ និយាយពីបញ្ហាបៃតង។ ឥឡូវកម្ពុជាកំពុងតែធ្វើអាបៃ​តងហើយ។ តាមរយៈព្រែកជីកនេះ វានឹងកើតឡើងនូវការដាំដុះ និងការដាំដើមឈើ កន្លែងមួយចំនួនដែលធ្លាប់ខ្វះទឹកដាំអីមិនបាន គឺនឹងមានទឹកស្រោចស្រព​។ នេះជាប្រព័ន្ធបៃតង ដែលកម្ពុជាត្រូវសម្រេចឱ្យបាន។ ហ្នឹងជាផលប្រយោជន៍ទីពីរ ដែលកម្ពុជានឹងអា​ចមានប្រព័ន្ធស្រោចស្រពដ៏ល្អ។ ស្រូវ(អាចធ្វើ)ពីម្ដង ពីរដង បីដង។ ដំណាំដាំដុះអាចមានផ្គត់ផ្គង់ទីផ្សារ ប្រជាពលរដ្ឋអាចធ្វើការដាំដុះបាន មិនខ្វះទឹកប្រើប្រាស់។

(១៦) ប្រយោជន៍ទី៣៖ ជម្នះទឹកជំនន់នៅភាគនីរតី ប្រយោជន៍ទី៤៖ ផលវារីវប្បកម្ម និងទី៥៖ ផលពីទេសចរណ៍

ឯ(ប្រយោជន៍)ទីបី យើងនឹងជម្នះបានទឹកជំនន់ដែលធ្លាប់តែជន់លិចនៅទិសនិរតីនៃប្រទេសកម្ពុជា។ ពេលដែលជន់លិចខ្លាំង យើងបញ្ចេញទឹកនេះទម្លាក់ទៅសមុទ្រ។ វាកាត់បន្ថយបាននូវការលិចលង់ដែលធ្លាប់តែកើតមាន។ នៅខេត្តកំពង់ស្ពឺក៏អាចទម្លាក់មកបានដែរ តាមច្រកណាមួយ។ ខេត្តកណ្ដាល តាកែវ កំពត កែប ទម្លាក់ចេញទៅសមុទ្រ។ នៅក្នុងខែភ្លៀងនោះ ទុកទឹកយកធ្វើអី? ខែប្រាំងទើបមានតម្រូវការដើ​ម្បីនឹងទប់ទឹកកុំឲ្យទឹកសាប​ធ្លាក់ទៅសមុទ្រ និងកុំឲ្យទឹកសមុទ្រចូលក្នុង(ព្រែកជីក) ព្រោះទឹកជោរទឹកនាច។ អញ្ចឹងផលប្រយោជន៍គឺជួយប្រជាពលរដ្ឋរបស់យើងកុំឲ្យលិចលង់។ ឯផលប្រយោជន៍ទី ៤ គឺប្រជាពលរដ្ឋរបស់យើងអាចទទួលបាននូវផលត្រីតាមដងព្រែកជីកនេះ ព្រោះពួកគាត់អាច​នេសាទ។ មិនត្រឹមតែនេសាទទេ ពួកគាត់អាចចិញ្ចឹមត្រី បង្កង ឬចិញ្ចឹមអីផ្សេងៗទៀតនៅតាមហ្នឹងដើម្បី​ផ្គត់​ផ្គង់តម្រូវការ​នៅក្នុងគ្រួសាររបស់គាត់ ឬតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក (ដោយ​សារ)ប្រជាជនចេះតែកើន យើងក៏មានតម្រូវការដើម្បីផលិត … សូមថែមមួយចំណុចលើសពីថ្ងៃមុន គឺទី៥៖ វិស័យទេសចរណ៍ក៏ជាផ្នែកមួយ(ដែលនឹងរីកចំរើន) អាចចូលទៅក្នុងក្របខណ្ឌតារារះនៃទិសនិរតី ដែលមិនចាំតែមាត់សមុទ្រទេ ក៏ប៉ុន្ដែនៅពេលដែលមានព្រែកជីកបែបនេះ គេអាចនឹងមានតំបន់ទេសចរណ៍កើតឡើងនៅតាមដៃព្រែក ប្រជាជនក៏អាចរកចំណូលបានតាមរយៈនៃវិស័យទេសចរណ៍ដែរ។

(១៧) «យើងបានបំពេញភារកិច្ចតាមកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ រួចហើយ»

ឥឡូវ ខ្ញុំព្រះករុណាខ្ញុំគ្រាន់តែបញ្ជាក់ថា​ រាជរដ្ឋាភិបាលគួរតែប្រញាប់ប្រញាល់បើកការដ្ឋាន។ កុំ​ចាំទៀត។ ការជូនដំណឹងទៅគណៈកម្មការមេគង្គវាជាការគ្រប់គ្រាន់ហើយ។ កិច្ចព្រមព្រៀងវាតម្រូវឲ្យយើងធ្វើ​ប៉ុណ្ណឹង។ កន្លងទៅនេះ មានបងប្អូនខ្មែរយើងវាយសារមកសួរខ្ញុំថា តើគេអាចលើកបញ្ហាព្រែកជីកហ៊្វូណន-តេជោ យកមកនិយាយ​(ជាមួយយើងឬទេ)។ ខ្ញុំបានប្រាប់ទៅវិញថា ក្នុងករណីដែលគេសួរដោយការគួរសម យើងអាចនឹងពន្យល់ទៅវិញ ប៉ុន្ដែក្នុងករណីនៃការលើកឡើងជាសំណួរដោយខ្វះការគួរសម មិនចាំបាច់ឆ្លើយទេ គ្រាន់តែប្រាប់ថា «ពួកខ្ញុំបានបំពេញភារកិច្ចតាមកិច្ចព្រមព្រៀងមេគង្គ ១៩៩៥ រួចហើយ»។ ហ្នឹងជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់។ ខ្ញុំព្រះករុណាខ្ញុំគ្រាន់តែលើកមកបញ្ជាក់ដើម្បីងាយស្រួលយើងធ្វើការវិនិច្ឆ័យជាមួយគ្នា រវាងផលប្រយោជន៍ព្រែកជីកដែលយើង(នឹង)ធ្វើនេះ ជាមួយបញ្ហាដែលយើងកំពុងជួបប្រទះសព្វថ្ងៃ។ យើងមានកិច្ចព្រមព្រៀងដឹកជញ្ជូនជាមួយ​នឹងវៀតណាម … ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រី ឆ្លងកាត់នាយករដ្ឋមន្ដ្រីវៀតណាមប្រហែលជាជិត ១០នាក់។ តាំងពីនាយករដ្ឋមន្ដ្រី Phạm Văn Đồng, Phạm Hùng បន្ដបន្ទាប់មកទៀត ស្ទើរតែ ១០ នាយករដ្ឋមន្ដ្រី។ ហ៊ុន សែន បានឆ្លងកាត់ការចរចាច្រើន។ យើងមានកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវទឹក។

(១៨) កត្តា ៦ ដែលធ្វើអោយការដឹកទំនិញឆ្លងកាត់វៀតណាមបង្កការខាងបង់

(យើង)មិនអាចថាទន្លេនេះជាទន្លេរបស់កម្ពុជាទេ។ វាជាទន្លេអន្ដរជាតិ។ ប៉ុន្ដែវានៅក្នុងទឹកដីវៀតណាម។ អញ្ចឹងយើងត្រូវមានកិច្ចព្រមព្រៀង ដែលសព្វថ្ងៃកំពុងតែ(ស្ថិតក្នុង)នីតិវីធី។ ទី១ បំពេញបែបបទស្នើសុំការ​អនុញ្ញាតឆ្លងកាត់ទំនិញ និងនាវាជាច្រើនដំណាក់កាល និងច្រើនប្រភេទ។ ទី២ តម្រូវឲ្យសុំការអនុញ្ញាតជាមុនពីអាជ្ញាធរវៀតណាមក្រុងហាណូយ ឬហូជីមិញ។ ទី៣ តម្រូវឲ្យមានការត្រួតពិនិត្យគ្រប់ប្រភេទកុងតឺន័រដែលឆ្លង​កាត់ទាំងអស់។ ទី៤ តម្រូវឲ្យមានការលើកដាក់ច្រើនដង។ ទី៥ ការអនុវត្ដនីតិវិធីស្មុគស្មាញ ប្រើប្រាស់ពេលវេលា​យូរ និងចំ​ណាយថវិកាច្រើន។ ទី៦ ករណីមានការរឹតបន្ដឹងអនុវត្ដនីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ ក៏ត្រូវឆែកគ្រប់ទូរកុងតឺន័រ ពន្យារពេលធ្វើដំណើរពី ១០ ទៅ ១៤ថ្ងៃ និងចំណាយថវិកាច្រើន។ រឹតបន្តឹងការនាំចូលទំនិញប្រើប្រាស់រួច និងនាំចេញកសិផលដូចជាស្រូវ ​ស្វាយ ចេក ពីកម្ពុជា ដែលត្រូវបង់ថ្លៃ license នោះពី ៩០០ ទៅ ១០០០ដុល្លារ/ឆ្នាំ និងត្រូវបង់ស្ដុកនាំចេញកសិផល ២០ ទៅ ៣៥ដុល្លារក្នុងមួយទូរ។ នៅវៀតណាមទល់នឹងសមុទ្រ។ ពេលដែលទឹកនាច នាវាត្រូវរង់ចាំទឹកជោរ ទើបធ្វើដំណើរ។ ដូច្នេះវាត្រូវកកស្ទះទាំងនាវាវៀតណាមទាំងនាវាកម្ពុជា ព្រោះទឹកនាច កប៉ាល់វាមិនអាចទៅរួច។ ច្រកទ្វារព្រំដែនវៀតណាមមិនបើកដំណើរការ ២៤ម៉ោង ដូចចែងក្នុងកិច្ចព្រមព្រៀងដឹកជញ្ជូនទ្វេភាគីទេ។ នាវាកម្ពុជាត្រូវរង់ចាំ ដែលធ្វើឲ្យកកស្ទះនិងខាតពេលវេលា​។ ទោះបីមានកិច្ចព្រមព្រៀងដំណើរការ ​យើងមិនអាចឆ្លងកាត់ខាងវៀតណាមបានតាមចិត្តចង់នោះទេ …។

(១៩) គួរធ្វើដំណើរក្នុងទឹកដីគេដោយត្រូវសុំច្បាប់​/បែបបទរាល់ពេល ឬក៏ធ្វើដំណើរដោយមិនបាច់សុំច្បាប់ក្នុងទឹកដីខ្លួនឯង

ប្រសិនបើយើងធ្វើរួចហើយ អនុវត្តនីតិវិធីថ្មី ការបំពេញបែបបទស្នើសុំការអនុញ្ញាតឆ្លងកាត់ និងនាវាតែមួយកន្លែងក្នុងទឹកដីកម្ពុជា … ព្រោះតាមនីតិវិធីផ្ទៃក្នុងកម្ពុជា មិនមានការលើកដាក់ទំនិញច្រើនដង ហើយនាវាអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់ ក្នុងដីរបស់យើង។ ឥឡូវ សូមអ្នកដែលប្រឆាំងនឹងគម្រោងនេះជ្រើសរើសទៅ រវាងម្ខាងពេលធ្វើដំណើរត្រូវសុំច្បាប់​ ធ្វើបែបបទ និងម្ខាងទៀតពេលធ្វើដំណើរមិនបាច់សុំច្បាប់ទេ ព្រោះជាទឹកដីខ្លួនឯង។ ម្ខាងត្រូវបង់លុយឲ្យគេដើម្បីបានឆ្លងកាត់ និងម្ខាងទៀតមិនចាំបាច់បង់លុយទេ។ ការបង់ថ្លៃដឹកជញ្ជូនវាត្រូវតែធ្វើ ព្រោះយើងត្រូវរកលុយជីកព្រែកហ្នឹង។ វាត្រូវអស់ ១៧០០ លានដុល្លារ។ អញ្ចឹងការធ្វើដំណើរវាត្រូវតែមានការបង់ថ្លៃ ដើម្បីរំលស់យកថ្លៃវិនិយោគនឹងមកវិញ។ អញ្ចឹង អ្នកដែលប្រឆាំងនឹង(ការកសាង)ព្រែកជីកនេះ អ្នកឯងមានបំណងអីពិតប្រាកដ? (អ្នកទាំងនោះជា)ជនជាតិខ្មែរ(ផង)។ បើជាជនបរទេស​ ខ្ញុំក៏មិនថា … ឥឡូវអ្នកឯងជ្រើសរើសទៅ។ ឆ្លងកាត់ម្ដងត្រូវ​សុំច្បាប់គេម្ដង ឆ្លងកាត់គេពីរដងត្រូវសុំច្បាប់គេពីរដង និងម្ខាងទៀតមិនចាំបាច់សុំច្បាប់ទេ ព្រោះនេះជានីតិវិធីផ្ទៃក្នុង ចង់ធ្វើដំណើរពេលយប់ក៏បានពេលថ្ងៃក៏បាន … ដោយយើងចំ​ណាយតែលើ(ការប្រើប្រាស់)កំពង់ផែ និងម្ខាងទៀតគឺចំណាយចំណែកតូចណាមួយក្នុងការប្រើចំណែកផ្លូវ(ទឹក)តែដែលវាផ្ដល់ផលចំណេញជាង និងមិនទាន់គិតពីចម្ងាយផ្លូវផង។

(២០) អត្ថប្រយោជន៍ប្រៀបធៀបនៃចម្ងាយផ្លូវដឹកជញ្ជូន ពីកំពង់ផែផ្ទៃក្នុង ទៅកំពង់ផែនៅវៀតណាម និងកំពង់ផែក្នុងស្រុក តាមព្រែកជីកហ៊្វូណនតេជោ

នៅទីនេះ មានតារាងប្រៀបធៀប(ការចំណាយនិងចម្ងាយផ្លូវ)ពីកំពង់ផែស្វយ័តភ្នំពេញទៅកំពង់ផែ Cai Mep របស់វៀតណាម​ចម្ងាយ ៣៧៣គីឡូម៉ែត្រ។ ឯចម្ងាយពីកំពង់ផែស្វយ័តភ្នំពេញទៅកំពង់ផែកំពត ចម្ងាយ ២៣៧គីឡូម៉ែត្រ ​ចំណេញ ១៣៥គីឡូម៉ែត្រ។ ហ្នឹងនិយាយពីចម្ងាយសម្រាប់កំពង់ផែ។ មួយទៀតពីកំពង់ផែស្វយ័តភ្នំ​ពេញទៅកំពង់ផែ Cai Mep ៤៣៣គីឡូម៉ែត្រ និងពីកំពង់ផែស្វយ័តភ្នំពេញទៅកំពង់​ផែកំពតចម្ងាយ ២៣៧ គី​ឡូម៉ែត្រ។ យើងជិតជាង ១៩៦ គីឡូម៉ែត្រ។ អ្នកឯងរើសទៅ។ ការសិក្សានេះគឺហ្មត់ចត់ខ្លាំងណាស់។ ការប្រៀបធៀបកំពង់ផែស្វយ័តភ្នំពេញទៅកំពង់ផែ Cai Mep របស់វៀតណាម ៣៧៣ គីឡូម៉ែត្រ និងកំពង់ផែស្វយ័តភ្នំពេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សូម្បីតែយើងទៅកំពង់ផែក្រុងព្រះសីហនុក៏យើងចំណេញចម្ងាយផ្លូវ ៦៩ គីឡូម៉ែត្រ។ លោកឯងរើសទៅ។ មួយទៀត ពីកំពង់ផែស្វយ័តភ្នំពេញទៅកំពង់ផែ Cai Mep របស់វៀតណាមចម្ងាយ ៤៣៣ គីឡូម៉ែត្រ ហើយមួយទៀតពីកំពង់ផែស្វយ័តភ្នំពេញ ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំងាយ ៣០៣ គីឡូម៉ែត្រ។ ចម្ងាយជិតជាង ១៣០ គីឡូម៉ែត្រ … ទី១ ដឹកចម្ងាយឆ្ងាយ ទី២ បង់ថ្លៃដឹកជញ្ជូនឲ្យវៀតណាម ប្រៀបជាមួយនឹងចម្ងាយផ្លូវដែលតិចជាង ហើយដែលយើងប្រើប្រាស់ផ្លូវខ្លួនឯង និងការបង់ថ្លៃតិចជាងចំណាយដើម។ អ្នកឯងរើសទៅ … ខ្ញុំក៏ចង់ឲ្យម្នាក់ហ្នឹងប្រឆាំងដល់ចប់ជីវិតរបស់គាត់។

(២១) ព្រះបាទអង្គឌួងគិតពីការតភ្ជាប់ផ្លូវទឹកដឹកជញ្ជូន ពីផ្ទៃក្នុងប្រទេស ទៅសមុទ្រ តាំងពីឆ្នាំ ១៨៤០

​​រឿងនេះសួរថា អង្កាលពីមុនម៉េចក៏មិនធ្វើ? ខ្ញុំសូមបញ្ជាក់ថា បើយោងទៅលើការសិក្សា ព្រះបាទអង្គឌួងព្រះអង្គបានគិតអំពីបញ្ហានេះតាំងពីឆ្នាំ ១៨៤០ ឬក្រោយនោះបន្តិចដែលមានផ្លូវលេខ ៥១ តភ្ជាប់ផ្លូវ ៤១ ដែលគេហៅថា ផ្លូវព្រះបាទអង្គឌួង។ ព្រះអង្គក៏បានគិតអំពីរឿងហ្នឹង មិនមែនមិនគិតទេ។ ក៏ប៉ុន្តែ យើងមានលទ្ធភាពឯណានឹងធ្វើបាននោះ? សួរថាប៉ុន្មានឆ្នាំកន្លងទៅនេះ ម៉េចក៏មិនធ្វើ? (កន្លងមកនេះ) កម្ពុជាក្រ រកតែបាយស៊ីវាមិនគ្រប់ផង។ ឆ្នាំ ២០០២ ហើយ នៅខ្វះអង្ករស៊ីនៅឡើយទេ។ ខ្ញុំនៅចាំ។ ឥណ្ឌាផ្តល់ឲ្យ ២ ម៉ឺនតោន នៅឆ្នាំ២០០២។ ក្រោយមក ខ្ញុំបានដាក់ចេញគោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករមួយលានតោន។ យើងសម្រេចជោគ​ជ័យ ដែលបរិមាណផលស្រូវនៅសល់ជាង ៦លានតោន។ ពីការអត់ស្រូវស៊ី ទៅជាមានស្រូវស៊ីគ្រប់គ្រាន់ លើសតំរូវ​ការ ហើយយើងមានការនាំចេញទៀតផង។

(២២) កម្ពុជាមិនជ្រើសយកអ្នកណា ហើយប្រឆាំងអ្នកណាទេ, រដ្ឋាភិបាលចាស់ឬរដ្ឋាភិបាលថ្មី ជារដ្ឋាភិបាលអនុវត្តគោលនយោបាយគណបក្សប្រជាជនតែមួយ

អត្ថប្រយោជន៍ខាងសេដ្ឋកិច្ចវាជារឿងមួយហើយ ប៉ុន្តែខ្ញុំសុំផ្តាំផ្ញើទៅប្រជាពលរដ្ឋសូមចាប់អារម្មណ៍លើឯករាជ្យភាពខាងនយោបាយ និងបញ្ហាការដឹកជញ្ជូន។ ខ្ញុំគ្រាន់តែនិយាយអញ្ចេះ។ យើងអត់មានត្រូវការធ្វើជាសត្រូវរបស់វៀតណាមទេ ហើយវៀតណាមក៏គ្មានការចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ មានអាក្រុមចាក់ដោត … ស្អីក៏ភូមិសាស្រ្តនយោបាយដែរ។ ឲ្យតែវាចង់ប្រឆាំងចិន គឺវាប្រឆាំងដល់កម្ពុជា។ កម្ពុជាមិនជ្រើសរើសយកអ្នកណាទាំងអស់ គឺរើសធ្វើជាមិត្តទាំងអស់ នេះជាគោលនយោបាយ។ មិនថារដ្ឋាភិបាលចាស់ ឬរដ្ឋាភិបាលថ្មីទេ គណបក្សប្រជាជនតែមួយ គោលនយោបាយតែមួយទេ។ កុំមកចង់ឲ្យកូនធ្វើខុសពីឪ ឬអ្នកជំនាន់ក្រោយធ្វើខុសពីអ្នកជំនាន់មុន។ អត់ទៅរួចទេ។ ការបោះឆ្នោតនៅកម្ពុជា គឺប្រព័ន្ធសមាមាត្រ។ បានសេចក្តីថាបក្សមានតួនាទី។ សូមផ្តាំផ្ញើទៅអ្នកដែលឆោតល្ងង់ខាងនយោបាយថា ការបោះឆ្នោតនៅកម្ពុជាគឺបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ។ បក្សមានសិទ្ធិដាក់អ្នកណា ធ្វើអីៗ អ្នកណាឈរឈ្មោះ អ្នកណាមិនឈរឈ្មោះ បក្សមានសិទ្ធិ។ ខ្លះតបថា ទាល់​តែ ហ៊ុន ម៉ាណែត ធ្វើខុសពីឪ ទើបសភាពការណ៍ល្អប្រសើរ។ មិនថាកូនមិនថាឪទេ តែធ្វើខុសគោលនយោបាយរបស់គណបក្សគឺមានរឿង។ មិនមែនជាការគំរាមកំហែងទៅដល់នាយករដ្ឋមន្រ្តីថ្មីទេ ក៏ប៉ុន្តែជាការបកស្រាយឲ្យ(ក្រុម)អ្នកឯងយល់អំពីប្រព័ន្ធបោះឆ្នោតសមាមាត្រ គឺបក្សមានសិទ្ធិនឹងមើលការអនុវត្តគោលនយោបាយ។

(២៣) ជាប្រធានគណបក្សកាន់អំណាច មានសិទ្ធិគ្រប់គ្រាន់តំណាងឲ្យជាតិខ្មែរដើម្បីនឹងនិយាយ/ពន្យល់

ពិតហើយ មិនមែនបក្សទៅជំនួសការសម្រេចចិត្តខាងនយោ​បាយ ឬការសម្រេចចិត្តធ្វើនេះធ្វើនោះរបស់នាយករដ្ឋមន្រ្តីទេ។ កាល​ដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តី ខ្ញុំក៏មិនឲ្យបក្សមកឡូកឡំការសម្រេចចិត្តរបស់ខ្ញុំដែរ ក៏ប៉ុន្តែខ្ញុំក៏ត្រូវតែអនុវត្តនូវគោលនយោបាយរបស់គណបក្សដែរ ព្រោះគណបក្សមានរបបប្រជុំជាសន្និបាតគណៈកម្មការកណ្តាល ជាការប្រជុំគណៈអចិន្រ្តៃយ៍ ជាមហាសន្និបាតទូទាំងប្រទេសរបស់គណបក្ស។ ដាក់ចេញនូវកម្មវិធីនយោបាយដើម្បីរាជរដ្ឋាភិបាលយកទៅច្នៃប្រឌិតអនុវត្ត។ គ្រប់ផ្នែកយកទៅអនុវត្ត។ សូមកុំភាន់ច្រឡំ។ គោលនយោបាយរបស់គណបក្ស និយាយដូច្នេះ។ ថា “ទេ! ​ជាប់គំនាបឪពុក”។ (ឬមួយ)ទាល់តែកូនប្រឆាំងឪ អ្នកជំនាន់ក្រោយប្រ​ឆាំងអ្នកជំនាន់មុន (ទើប)បានពួកអ្នកឯងសុខចិត្ត(មែនទេ)? គ្មានផ្លូវទេ។ ប្រាប់អ្នកឯងឲ្យហើយ។​ ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ដើម្បីនឹងនិយាយតំណាងឲ្យជាតិខ្មែរទាំងមូល ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ដោយមិនទាន់និយាយទៅដល់ប្រធានព្រឹទ្ធសភា ឬស្អីៗទេ … ថ្ងៃនេះ ខ្ញុំនិយាយទៅកាន់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទៅកាន់ប្រជាពលរដ្ឋវៀតណាម និងអ្នកដទៃទៀតដែលត្រូវការស្តាប់ការពន្យល់របស់ខ្ញុំ។ ខ្ញុំមិនត្រូវការឲ្យប្រជាជនកម្ពុជាទៅស្អប់ប្រជាជនវៀតណាមនោះទេ ខ្ញុំក៏មិនត្រូវការឲ្យប្រជាជនវៀតណាមយកកម្ពុជាធ្វើជាសត្រូវដែរ។

(២៤) មិនត្រឹមជាផលប្រយោជន៍សេដ្ឋកិច្ច​និងសង្គម តែគិតពីឯករាជ្យភាពនយោបាយលើការដឹកជញ្ជូនផ្លូវទឹក

រឿងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វាជាបញ្ហាមួយហើយ ដែលខ្ញុំបានលើកប្រៀបធៀប ប៉ុន្តែសូមប្រជាជនកម្ពុជាចាំឲ្យច្បាស់ សម្តីរបស់ហ៊ុន សែន ថ្ងៃនេះ ចង់ចង្អុលបង្ហាញឲ្យទៅឆ្ងាយជាងសេដ្ឋកិច្ច​និងសង្គម នោះគឺឯករាជ្យភាពខាងនយោបាយលើបញ្ហាដឹកជញ្ជូនផ្លូវទឹក។ ហេតុអីបានខ្ញុំនិយាយអញ្ចឹង? ចោទចេញជាសំណួរមួយកាលពីក្នុងទសវត្សរ៍ ៦០ ក្នុងពេលដែលវៀតណាមខាងត្បូងរបស់ធៀវគី (Thiệu-Ky) Nguyễn Văn Thiệu, Ngô Đình Diệm កាលពីមុន ហើយ ធៀវគី មិនត្រូវរ៉ូវជាមួយកម្ពុជាដែលដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ តើយើងដឹកជញ្ជូនផ្លូវទឹកបានឬអត់? ចាំទេកន្លែងហ្នឹង? សូម្បីឥឡូវនេះ យើងមានកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវទឹក ក៏យើងនៅតែពិបាកដែរ។ ទោះបីមេដឹកនាំវៀតណាមនិងខ្ញុំមានការស្រុះស្រួលគ្នាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅពេលភ្នាក់​ងារអនុវត្តជ្រុលនៅខាងក្រោម ក៏ធ្វើឲ្យយើងលំបាក។ ខ្ញុំនិយាយនេះ សូមបញ្ជាក់បញ្ញវន្តយើងខ្លះ មន្រ្តីយើងខ្លះ ឬក៏មតិសាធារណៈខ្លះលើកឡើងត្រឹមតែផលចំណេញខាងសេដ្ឋកិច្ចថា វៀតណាមខ្លាចខាតបង់សេដ្ឋកិច្ច។ ខ្ញុំគួរតែការពារវៀតណាមត្រង់ហ្នឹងបន្តិចចុះ។ វៀតណាមជាប្រទេសលូតលាស់ខាងសេដ្ឋកិច្ច។ មិនយូរប៉ុន្មានវៀតណាមក្លាយទៅជាប្រទេសក្នុងក្របខ័ណ្ឌប្រទេស២០ គេហៅថា G20។ ដូច្នេះ វៀតណាមមិនពឹងផ្អែកទៅលើចំណូលបានមកពីការដឹកជញ្ជូនរបស់កម្ពុជាទេ។ ឯកម្ពុជាក៏ធ្លាប់បង់ថ្លៃឲ្យវៀតណាមរួចហើយដែរ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវគិត ត្រូវនាំគ្នាចាំឲ្យច្បាស់ គឺឯករាជ្យភាពខាងការដឹកជញ្ជូន។

(២៥) ព្រែកជីកហ៊្វូណនតេជោ បង្កាវិបាកដឹកជញ្ជូនទាំងដោយកត្តាធម្មជាតិ នីតិវិធី និងទំនាក់ទំនង

ពីមុនថាយើងអត់មានលទ្ធភាពធ្វើ ចុះពេលនេះមានលទ្ធភាពធ្វើ ម៉េចក៏មិនធ្វើ? ខ្ញុំលើកឧទាហរណ៍ត្រង់ចំណុចតែមួយ។ ជម្រៅទឹករាក់ខាងភាគីប្រទេសវៀតណាម វានាចត្រូវរង់ចាំពេលវេលាទឹកជោរដើម្បីធ្វើដំណើរ។ ធ្វើឲ្យកកស្ទះ និងខាតពេលវេលា។ ហ្នឹងរឿងឧបសគ្គខាងផ្នែកធម្មជាតិ។ ប៉ុន្តែ ខ្ញុំលើកបកត្រឡប់មកវិញ។ ខ្ញុំបន់ស្រន់ថា កុំឲ្យមានរឿងនោះកើតឡើងទៅថ្ងៃអនាគត។ នៅពេលណាមួយទំនាក់ទំនងរវាងប្រទេសទាំង២ មានបញ្ហា តើអ្នកឯងអាចដឹកជញ្ជូនចេញតាមវៀតណាមបានរួចទៀតទេ? … ថ្ងៃនេះ វាអត់មានបញ្ហាទេ។ ប៉ុន្តែសម្លឹងមើលទៅ ៥០ឆ្នាំ ១០០ឆ្នាំទៀត តើវាមានបញ្ហាទេ? … ប្រទេសមួយត្រូវតែមានសន្តិភាពជាមួយគ្នា មិត្តភាពជាមួយគ្នា សហប្រតិបត្តិការជាមួយគ្នា មិនអាចធ្វើជាសត្រូវជាមួយគ្នាមួយជីវិតទេ ប៉ុន្តែការប៉ះទង្គិចណាមួយវាដូចអណ្តាតនិងធ្មេញអញ្ចឹង។ សូម្បីតែអណ្តាត និងធ្មេញជួនកាលវាខាំប៉ះគ្នាដែរ។ បើប៉ះគ្នា តើយើងវាយកម្ទេចទាំងធ្មេញ ទាំងអណ្តាត កាត់អណ្តាតចោល និងវាយធ្មេញបំបាក់គ្រវាត់ចោល ឬក៏ត្រូវសម្រួលថាកុំឲ្យធ្មេញខាំអណ្តាតតទៅទៀត? អស់លោកជ្រើសរើសយកទៅ។ ខ្ញុំចង្អុលបង្ហាញឲ្យធ្វើនេះ ក្នុងគោលដៅរយៈពេលវែង។

(២៦) “ខ្ញុំជឿថា មេដឹកនាំវៀតណាមក៏ចង់ឲ្យកម្ពុជាឯករាជ្យ”

បើធ្វើអាព្រែកជីកហ្នឹងហើយ (យើងមានការធានា)រាប់ពាន់រាប់ម៉ឺនឆ្នាំ។ ផ្លូវដឹកជញ្ជូនដែលយើងត្រូវការខាងវៀតណាម យើងក៏នៅតែបន្តហើយបង់លុយឲ្យវៀតណាមទៅ។ យើងនិងវៀតណាមកំពុងតែចរាចរទំនិញក្នុងទំហំពាណិជ្ជកម្មទ្វេភាគី ១០ពាន់លានដុល្លារ។ ឥឡូវ រវាងវៀតណាមនិងកម្ពុជា ទំហំពាណិជ្ជកម្មគឺប្រហាក់ប្រហែលគ្នា។ យើងនាំចេញទៅវៀតណាមកាន់តែច្រើន យើងនាំចូលពីវៀតណាមក៏មានទំហំកាន់តែច្រើន។ ពីមុនយើងនាំចូលពីវៀតណាមច្រើនជាងនាំចេញ។ ឥឡូវមានតុល្យ​ភាព។ យើងអត់ត្រូវការធ្វើជាសត្រូវ(នឹងគ្នាទេ)។ យើងត្រូវការធ្វើជាមិត្ត។ ខ្ញុំជឿថាវៀតណាមក៏ចង់ឲ្យកម្ពុជាឯករាជ្យដែរ។ ខ្ញុំជឿថា មេដឹកនាំវៀតណាមក៏ចង់ឲ្យកម្ពុជាឯករាជ្យដែរ ហើយក៏មិនចង់ឲ្យនាវាពីកម្ពុជាហូរហៀរទៅដោយទំនិញដែលវៀតណាមចាប់បង្ខំត្រូវតែធ្វើការត្រួតពិនិត្យកុងតឺន័រទាំងអស់ដែលឆ្លងកាត់ ព្រោះក្រែងមានអាវុធ ក្រែងមានគ្រឿងញៀន ក្រែងមានស្អីនៅក្នុងហ្នឹង។ វាអត់មានការខាតបង់អីទៅដល់វៀតណាមទេ។ ផ្ទុយទៅវិញវាជាសេដ្ឋកិច្ចដែលបំពេញឲ្យគ្នា។

(២៧) ព្រែកជីកហ៊្វូណនតេជោ នឹងបន្ថយឥទ្ធិពលវៀតណាមលើកម្ពុជា

ខ្ញុំសូមអរគុណចំពោះអ្នកវិទ្យាសាស្រ្តវៀតណាមដែលបានចេញមកអះអាងថា បើព្រែកជីកនេះដំណើរការ វា(នឹងអស់បរិមាណទឹកដែលហូរចូលសមុទ្រ)ចំនួនតូចណាស់ បើប្រៀបធៀបជាមួយនឹងទឹកទន្លេមេគង្គដែលកំពុងហូរ(សព្វថ្ងៃដោយធម្មជាតិ)។ ក្នុងករណីដែលការបង្ក​បង្កើនផលកើន ក៏វាមានចំនួនតូចដែរ បើប្រៀបធៀបជាមួយនឹងទន្លេមេគង្គដែលកំពុងហូរ។ វានឹងមិនបាត់ដល់ទៅ ៥០% ដូចដែលវិទ្យាស្ថាន កឹនថឺ បានធ្វើការអះអាងទេ។ ខ្ញុំជំទាស់(ពីការគណនារបស់វិទ្យាស្ថាន កឹនថឺ និង) ត្រូវតែជូនសារទៅប្រជាពលរដ្ឋ។ ពិតហើយ ខ្ញុំនៅមាន ១០ឆ្នាំ ២ដងកន្លះ ឬក៏ ៣ដងទៀត ក៏ប៉ុន្តែខ្ញុំត្រូវតែនិយាយពីពេលនេះដើម្បីជំរុញការអនុវត្តជាក់ស្តែងលើការ(កសាងហេដ្ឋារចនាសម្ព័ន្ធ)ដឹកជញ្ជូនផ្លូវទឹក។ សូមប្រជាពលរដ្ឋខ្មែរមើលឱ្យហួសពីព្រំដែននៃផលចំណេញខាងសេដ្ឋកិច្ច និងសង្គម ទៅជាផលចំណេញនៃឯករាជ្យខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹក។ មានជនបរទេសមួយចំនួនបានចាប់ផ្តើមសរសេរ។ ខ្ញុំគិតថាគេសរសេរត្រូវ។ គេថា ប្រសិនបើកម្ពុជាជីកបានព្រែកជីកនេះបាន ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជានឹងត្រូវបានកាត់បន្ថយ។ វាជារឿងពិត។ ខ្ញុំទទួលស្គាល់ ព្រោះតែកាលណាយើងពឹងដង្ហើមគេ ពឹងផ្លូវរបស់គេ ជំពាក់ត្រូវតែសម្រុះសម្រួល។ គេទារថ្លៃ យើងឱ្យថ្លៃ។ ប៉ុន្តែមិនដល់កម្រិតគេទាមទារមិនសមហេតុសមផលទេ។ ពេលខ្លះ យើងក៏ត្រូវតែយល់។

(២៨) ថ្ងៃ ១៨ មីនា ២០២០ វៀតណាមបិទព្រំដែនដោយសារជំងឺកូវីដ១៩

ខ្ញុំសុំលើករឿងមួយដែលអ្នកទាំងអស់គ្នាមិនបានដឹង។ ថ្ងៃ១៨ ខែមីនា ឆ្នាំ២០២០ វៀតណាមបានបិទព្រំដែនទាំងអស់ … សម័យកូវីដ-១៩ វៀតណាមបិទព្រំដែនទាំងអស់។ ខ្ញុំភ្ញាក់ឡើង ស្រាប់តែគេរាយការណ៍មកថា ឥឡូវស្ទះផ្លូវលេខ ៦ក៏ស្ទះ ផ្លូវលេខ ៧ ភ្ជាប់តៃនិញក៏ស្ទះ។ គ្រប់ច្រកទាំងអស់ស្ទះ។ ឡានយើងដឹកជញ្ជូនចូលទៅវៀតណាម។ អញ្ចឹងខ្ញុំក៏ឱ្យបញ្ជាទៅថា ឥឡូវបើគង់តែបិទទំនិញ បិទទាំងអស់កុំឱ្យប្រជាជនឆ្លងកាត់ទៅមករកគ្នាតែម្តង។ ខ្ញុំឱ្យបញ្ជាឱ្យបិទទាំងអស់។ អញ្ចឹងវៀតណាមគាត់ត្រូវពិបាកដែរ។ ដោយសារអណិកជនវៀតណាមនៅកម្ពុជាច្រើន ហើយមានបងប្អូននៅប្រទេសវៀតណាម។ អញ្ចឹងពេលឆ្លងមកកម្ពុជាៗ អត់ឱ្យឆ្លង។ អញ្ចឹងត្រូវស្វះស្វែងរកការចរចាភ្លាម។ នេះគឺជាការទូទាត់បញ្ជីទៅវិញទៅមក។ រឿងនេះ កើតមានតាំងពីជំនាន់នាយករដ្ឋមន្ត្រី ង្វៀន ស៊ួនហ្វុក ដែលក្រោយមកឡើងជាប្រធានរដ្ឋ ហើយត្រូវលាលែងពីតំណែង។ វៀតណាមមិនមែនមិនដឹងទេ។​ ពេលនោះគឺបិទព្រឹបអត់ឱ្យយើងដឹងអីបន្តិច។ បានខ្ញុំសួរ ង្វៀន ស៊ួនហ្វុក ថាម៉េចបានមិនឱ្យខ្ញុំដឹងសោះ? ថាគាត់ជាប់ទៅខេត្ត ចង់ហៅទូរស័ព្ទមកប្រាប់។ ប៉ុន្តែបិទក្រោមហេតុផលកូវីដ-១៩ … ពេលនោះ មានឆ្លងមនុស្សម្នាក់។ កាលពេលនោះឆ្លងមនុស្សនៅខេត្តព្រះសីហនុ ប៉ុន្តែជារួចទៅហើយ។ ចុះបើករណីបែបនេះវាកើតឡើងតទៅទៀត តើកម្ពុជាត្រូវធ្វើរបៀបម៉េច? បើកើតឡើងក្នុងពេលដែលយើងត្រូវដឹកជញ្ជូនទំនិញនាំចេញ បើសិនជាផលិតផលកសិកម្មដូចជា ចេក ដូចជាស្វាយ ដូចជាស្អីៗ តើវាខូចទេ?

(២៩) “ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ … មិនឱ្យមិត្តភក្តិជួបការលំបាកដោយសារយើង ឬយើងជួបការលំបាកដោយ​សារ​​មិត្តភក្តិ”

សូមកត់ត្រាទុកថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន បាននិយាយដល់ឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹកដោយមិនត្រូវឱ្យមិត្តភក្តិជួបការលំបាកដោយសារយើង ឬយើងជួបការលំបាកដោយ​សារ​​មិត្តភក្តិ។ ពេលនេះមេដឹកនាំនៃប្រទេសទាំង ២ កំពុងត្រូវរ៉ូវគ្នា។ ខ្ញុំជាអ្នកដែលបានទទួលជំនួយឧបត្ថម្ភពីវៀតណាម​វាយពួក ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្លួនខ្ញុំហ្នឹងតែម្តងគឺជាអ្នកឆ្លងកាត់ទៅវៀតណាមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។យើងបានទទួលជោគជ័យក្នុងរយៈកាលនៃការគ្រប់គ្រងដោយគណបក្សប្រជាជន រយៈពេលជាង ៤៥ឆ្នាំ។ ទំនាក់ទំនងល្អជាង ២ ភាគ ៣ នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺគ្រប់គ្រងដោយគណបក្សប្រជាជន។ ព្រំដែនដែលធ្លាប់មានអរិភាពពីជំនាន់ធៀវគី និងជំនាន់ខ្មែរក្រ​ហមត្រូវបានប្រែក្លាយទៅជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ។ ៨៤% នៃព្រំដែនត្រូវបានបោះបង្គោលរួចហើយ។ នៅសល់ ១៦%។ ខ្ញុំចង់បញ្ជាក់ បើគង់តែព្រែកជីកនេះក្លាយទៅជាព្រំដែនរវាងកម្ពុជា និងវៀតណាម ចាំបាច់ទៅចរចាអានៅចំណុចសេសសល់ ១៦% ទៀតធ្វើអី? ឱ្យគេតែម្តងទៅ។ នេះជាការចោទប្រកាន់ដ៏ឆ្កួតលីលានៃជនជាតិខ្មែរមួយចំនួនដែលក្បត់ជាតិឯង។

(៣០) មេដឹកនាំវៀតណាមគ្រប់ជំនាន់អរគុណកម្ពុជាដែលជួយឲ្យវៀតណាមសំរេចបានការឯកភាពទឹកដី

មេដឹកនាំវៀតណាមធ្លាប់បានជួយខ្ញុំ។ ប៉ុន្តែជាមួយគ្នានេះ មេដឹកនាំវៀតណាមគ្រប់ជំនាន់តែងអរគុណចំពោះកម្ពុជា ទៅលើបញ្ហាដែលកម្ពុជាបានជួយវៀតណាមឱ្យរំដោះភាគខាងត្បូងវៀតណាម ឈានទៅដល់ការឯកភាពវៀតណាម។ អញ្ចឹងបានជាយើងដាក់ស្តូបអនុស្សាវរីយ៍ ដាក់អក្សរទាំងសងខាង។ វៀតណាមជួយកម្ពុជាលើបញ្ហាអីខ្លះ? កម្ពុជាជួយវៀតណាមលើបញ្ហាអីខ្លះ? នេះជាពាក្យសម្តីនៃសុន្ទរកថារបស់ប្រធានរដ្ឋ ឬនាយករដ្ឋមន្ត្រីវៀតណាមគ្រប់ជំនាន់ ដែលខ្ញុំបានធ្វើប្រាស្រ័យទាក់ទង។ គាត់មិនដែលចោលនូវការថ្លែងអំណរគុណសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានជួយដល់វៀតណាមកាលពីពេលនោះ។ ប្រជាជនកម្ពុជាក៏បានជួយដល់វៀតណាមលក់ជាស្បៀងអាហារ ថ្នាំពេទ្យ នៅតាមព្រំដែន រហូតទៅដល់អាមេរិកទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជាទៀតផង។ ដូច្នេះ វាមានទៅមានមក នៅក្នុងការជួយគ្នា ក្នុងការរំដោះប្រទេសចេញពីអាណានិគមនិយមបារាំង និងពីពួកចក្រពត្តិ ក្នុងការឈ្លានពាននោះ។ នេះជាចំណុចដែលខ្ញុំគួរបញ្ជាក់​។

(៣១) ខំពង្រឹងខ្លួនឱ្យមានឯករាជ្យនយោបាយ សេដ្ឋកិច្ច និងគ្រប់ផ្នែក អ្វីដែលគួរធ្វើ ធ្វើបាន ធ្វើទៅ …

ដែលខ្ញុំថ្លែងសារបញ្ជាក់ឡើងវិញថ្ងៃនេះ ដោយសារតែក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ វាកក្រើក(ពីរឿងព្រែកជីកហ្នឹង)។ ខ្ញុំតាមមើល … អ្នកវិទ្យាសាស្ត្ររបស់វៀតណាមមួយចំនួនចេញមកអះអាងត្រឹមត្រូវណាស់ ប៉ុន្តែក៏មានអ្នកជនជាតិវៀតណាមមួយចំនួនឆោឡោ និយាយជាមួយកាសែតក្នុងស្រុកមិនឆ្អែត សរសេរកាសែតទៅផ្សាយនៅខាងក្រៅ ជាភាសាអង់គ្លេស។ គួរកត់សម្គាល់ថា សម្រាប់ជនជាតិវៀតណាមដែលសរសេរនោះ ដូចជាមិនបានឃើញ(លើកឡើងពី)ភូមិសាស្ត្រនយោបាយតទៅទៀតទេ … ឥឡូវវៀតណាមកំពុងខ្វះខាតទឹក ដែលធ្វើឱ្យទឹកប្រៃចូលមកក្នុងទន្លេមេគង្គ ដែលខាងវៀតណាមហៅ Sông Cửu Long … មានបរទេសមួយចំនួននៅតែនិយាយថា(គំរោងព្រែកជីកហ៊្វូណនតេជោ)ហ្នឹង ជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន ក្នុងពេលដែលចិនអត់បានដឹងអីទាំងអស់។ វាជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ១០០%។ ខ្ញុំផ្តាំហើយផ្តាំទៀត ខិតខំពង្រឹងខ្លួនឡើងឱ្យមានឯករាជ្យភាពទាំងខាងនយោបាយ ទាំងខាងសេដ្ឋកិច្ច និងគ្រប់ផ្នែក ប៉ុន្តែវាលំបាកធ្វើណាស់នៅក្នុងស្ថានភាពនៃប្រទេសក្រីក្រ។ អ្វីដែលយើងគួរធ្វើ ធ្វើបាន ធ្វើទៅ ដើម្បីឯករាជ្យភាពរបស់ប្រទេស។ សួរថា ឥឡូវអត់ឯករាជ្យទេឬ? ថាមានឯករាជ្យ ក៏ប៉ុន្តែវាត្រូវពឹងគេ។ មានឯករាជ្យ តែពឹងគេនេះ វាពិបាក។

(៣២) សន្តិភាព គ្មានស្ថិរភាព (១៩៥៥ដល់១៩៧០), សង្គ្រាម និងប្រល័យពូជសាសន៍ (១៩៧០ដល់់១៩៧៩) មិនអាចអោយជីកព្រែកបានទេ

ខ្ញុំតែង​និយាយថា កុំអារឿងអុកស៊ី(សែន)ត្រូវគេយកមកដាក់ឱ្យ។ គេចង់ឱ្យក៏ឱ្យ គេមិនចង់ឱ្យក៏ផ្តាច់។ ចុះពីមុនក៏មិនធ្វើ? ថាពីមុន អ្នកឯងស្គាល់ប្រទេសនេះហើយតើ។ ឆ្នាំ១៩៥៣ ទើបបានឯករាជ្យ ក្នុងមួយពេលឯករាជ្យហ្នឹង បោះឆ្នោតឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០។ ឥឡូវយើងថារយៈពេលពីឆ្នាំ ១៩៥៤ ទៅចុះ ១៦ឆ្នាំ។ តើមានអ្វីខ្លះពេលនោះ? លទ្ធភាពធ្វើបានប៉ុណ្ណឹង ជំនាន់សម្តេចឪរបស់យើង វាច្រើនណាស់ទៅហើយ ទុកឱ្យកូនចៅជំនាន់ក្រោយបានទទួលផលពីសន្តិភាព។ តែខ្វះស្ថិរភាព។ ម៉េចបានខ្ញុំនិយាយថា សន្តិភាព ខ្វះស្ថិរភាព ក្នុងជំនាន់ព្រះករុណាបិតា សង្គមរាស្រ្តនិយម។ គឺដោយសារវាមានពួកក្រហម ពួកខៀវ ពួកស ធ្វើបាបព្រះអង្គ។ ខ្មែរក្រ​ហមនៅពេញព្រៃ។ ពួកខ្មែរខៀវនៅតាមព្រំដែនជាមួយនឹងថៃ។ ពួកខ្មែរសនៅតាមព្រំដែនជាមួយវៀតណាម។ អាហ្នឹងនៅខាងក្នុង។ ក្រៅពីនោះនៅមានការទម្លាក់គ្រាប់បែកដោយអាមេរិក និងវៀតណាមខាងត្បូងតាមព្រំដែន។ នោះហើយជាសន្តិភាពដែលខ្វះស្ថិរភាព។ បន្ទាប់ទៅ កម្ពុជាធ្លាក់ក្នុងសង្គ្រាមហែកហួរឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្រោមរដ្ឋប្រហារ។ បន្ទាប់ទៅយើងធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ទម្រាំតែរើបម្រាសរួចពីរបបប្រល័យពូជសាសន៍ ត្រូវប្រើពេលប៉ុន្មានទៀត? សុំមើលរូបភាពពីអតីតកាលឆ្នាំ ១៩៧៩ យើងមានអីខ្លះ? តើមាននោះត្រូវការជីកព្រែក ឬត្រូវការរកបាយឱ្យប្រជាជនស៊ីសិន? មិនមែនដូចឥឡូវទេ។ ពេលនោះគ្រាន់តែបញ្ហាផ្លូវជាតិ ធំជាងគេ ៧ម៉ែត្រ។ យើងប្រឹងថែទាំជួសជុលផ្លូវ ៧ម៉ែត្រហ្នឹងដើរទៅ។ តែឥឡូវ ៧ម៉ែត្រ ទៅលែងរួចហើយ។ នៅទីក្រុងភ្នំពេញស្ពានអាកាសផង ស្ពានអីផង នៅតែស្ទះចរាចរណ៍។ ស្ថានភាពវាមិនដូចគ្នាទេ។

(៣៣) ធានាឯករាជ្យភាពនយោបាយដឹកជញ្ជូន សេរីភាពក្នុងការដឹកជញ្ជូន ធ្វើអាជីវកម្ម និងទំនាក់ទំនងអន្តរជាតិ មិនចំណុះកត្តាប្រ​ធានសក្តិ ឬកត្តានយោបាយ តាមព្រែកជីកហ៊្វូណន-តេជោ

ពីមុនអត់មានលទ្ធភាពធ្វើទេ សូមស្គាល់ពីប្រវត្តិខ្លួនឯង។ អ្នកនិយាយខ្លះក៏ធ្លាប់រស់ក្នុងរបប ប៉ុល ពត ដែរ ម៉េចក៏មិនស្គាល់រឿង? ប៉ុន្តែអ្នកដែលភ្លេចប្រវត្តិសាស្ត្រ ភ្លេចកំណើតដើមខ្លួនឯងនេះ វាខុសពីមេអំបៅទេ ដែលខ្លួនកើតចេញពីដង្កូវ ហើយទីចុងបំផុតទៅខ្ពើមរអើមនូវសត្វដង្កូវ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំជាថ្មីម្តងទៀត អរគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះបងប្អូនជមរួមជាតិទាំងអស់គ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ការគាំទ្រចំពោះគម្រោងព្រែកជីកនេះ។ ទុកឱ្យមនុស្សម្នាក់ ឬមនុស្ស ៤-៥នាក់ ប្រឆាំងតទៅទៀតចុះ ដើម្បីឱ្យប្រវត្តិសាស្ត្រកត់សម្គាល់ថា អ្វីទៅដែលជាគំនិតរបស់ពួកគេ។ តើគេគាំទ្រផលប្រយោជន៍ជាតិ ឬក៏គាំទ្រផលប្រយោជន៍បរទេស? ព្រោះអ្វីដែលគេវិភាគដូចជនបរទេសវិភាគដូចគ្នា។ អ្នកឯងរើសទៅ រវាងម្ខាងគឺការដឹកជញ្ជូនដោយពឹងពាក់គេ ត្រូវរៀបចំនីតិវិធីសុំច្បាប់ ត្រូវបង់លុយឱ្យគេ និងម្ខាងទៀតរៀបចំនីតិវិធីត្រឹមតែផ្ទៃក្នុងគ្នាឯង និងបង់ប្រាក់ទៅលើបញ្ហាឈ្នួលដឹកជញ្ជូន។ សូម្បីឥឡូវតែជិះឡានតាក់ស៊ី ឬជិះម៉ូតូឌុប ឬជិះកង់បី គឺត្រូវតែចេញលុយឱ្យគេដែរ មិនមែនជិះទទេឯណា? ខ្ញុំនៅតែនិយាយពាក្យចុងក្រោយថា សូមមើលឱ្យហួសពីផលចំណេញខាងសេដ្ឋកិច្ច ឱ្យឈានដល់ឯករាជ្យខាងនយោបាយនៃការដឹកជញ្ជូន ដោយមិនត្រូវចំណុះឱ្យកត្តាប្រ​ធានសក្តិ ឬកត្តានយោបាយនោះទេ។ ខ្ញុំត្រូវការឯករាជ្យឱ្យប្រជាជនកម្ពុជា មានសេរីភាពក្នុងការដឹកជញ្ជូនធ្វើកអាជីវកម្មនៅក្នុងប្រទេស និងទំនាក់ទំនងអន្តរជាតិ តាមព្រែកជីកហ៊្វូណន-តេជោ។ សូមអរព្រះគុណ និងសូមប្រគេនពរចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ សូមប្រកប​ដោយពុទ្ធពរ និងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមអរគុណ៕

អត្ថបទទាក់ទង