Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីបិទ កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 336

CMF:

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាអធិបតី នៅក្នុងពិធីបិទកិច្ចប្រ​ជុំត្រួត​ពិនិត្យ​ប្រចាំឆ្នាំ ២០២៣ នៃ​​ “កម្មវិធីកែទម្រង់ការគ្រប់គ្រង-ហិរញ្ញវត្ថុសាធារណៈ” ដែលជាកម្មវិធីកែទម្រង់​អន្តរវិស័​​យគន្លឹះមួយ របស់រាជរដ្ឋាភិបាល ។

ផ្អែកលើរបាយការណ៍លម្អិតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រ​សួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មុននេះ, ខ្ញុំសូម​ចូលរួមអបអរសាទរជាមួយអង្គពិធី ដែលកិច្ចប្រ​ជុំត្រួ​តពិនិត្យប្រចាំឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន ក្នុងរយៈ-ពេល ១ ថ្ងៃកន្លងទៅ ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ មកពីគ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងតំណាង​ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ហើយទទួលបាននូវលទ្ធផលល្អប្រសើរ តាមរយៈ ការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាយ៉ាង​សស្រាក់សស្រាំ សំដៅជួយកែលម្អយុទ្ធសាស្ត្រ​ឈាន ទៅមុខនៃកម្មវិធីកែទម្រង់នេះ ​។

ពិតណាស់, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ដែល​ជា​​របៀបវារៈ អាទិភាពនៅក្នុង «យុទ្ធសាស្រ្តចតុកោណ» ទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាល ​ក្នុង ៤ នីតិកាល បន្តបន្ទាប់កន្លងទៅ, បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា, ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ច​នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ទាំង-​សមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ។​ លើមូលដ្ឋាននេះ, រាជរដ្ឋាភិ​បា​ល នីតិកាលទី ៧ នៃរដ្ឋសភា នៅ​តែបន្ត​ផ្តល់សារៈសំខាន់ខ្ពស់ ​លើកម្មវិធីកែទម្រង់នេះ ដោយកំណត់ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជារបៀបវារៈ គោលនយោបាយអាទិភាពរបស់ខ្លួន ក្នុង «មុំទី ២» នៃ «ស្នូល»​ និង ក្នុង «មុំទី ៣» នៃ «បរិស្ថានគ្របដណ្តប់» របស់ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» ។

ក្នុងស្មារតីមោទនភាពខ្ពស់, ខ្ញុំសូមយកឱកាសដ៏មានអត្ថន័យនេះ ធ្វើការកត់សម្គាល់មួយចំនួន លើដំណើរ​ផ្លូ​វ​ និង ​​សមិទ្ធផ​ល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេល ២០ ឆ្នាំ (២០០៤-២០២៤) កន្លងទៅ ដូចខាងក្រោម ៖​

ទី១. យើងបានចាប់ផ្ដើមកែទម្រង់ ក្នុង​កាលៈទេសៈដ៏លំបាក ។ ខ្ញុំចងចាំមិនភ្លេចនូវ​ប្រសា​ស​ន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណា-ចក្រកម្ពុជា ក្នុង​ពិធីប្រកាសដាក់ឱ្យ​អនុវត្ត​ដំណាក់កាលទី ៤ នៃកម្មវិធីកែទម្រង់នេះ កាលពីដើមឆ្នាំមុន ថា :«កន្លងមក, យើងមិនបានរង់ចាំទាល់តែទទួលបានសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ទើបចាប់ផ្ដើមកិច្ចការកែទ​​ម្រង់នោះទេ ។ ផ្ទុយទៅវិញ, ដោយតម្កល់ឧត្តម-ប្រយោជន៍ជាតិ និង ប្រជាជន ជាធំ, យើងបានចា​ប់ផ្ដើមធ្វើការកែទម្រង់លើគោ​លនយោបាយ របស់យើង ជាបន្តបន្ទាប់ ដោយផ្ដោតលើអាទិភាពបន្ទាន់ទាំងឡាយ ស្របតាមបរិការណ៍ និង កាលៈទេសៈ នៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការដួលរលំនៃរបបប្រល័យពូជ – សាសន៍មកម្ល៉េះ ។ យ៉ាងណាមិញ, សុខសន្ដិភាព, ស្ថិរភាពនយោបាយ និង ឯកភា​ព​ជា​តិពេញផ្ទៃប្រទេស, ដែលយើងសម្រេចបានមកដោយលំបាកបំផុត, បានផ្ដល់ឱកាសឱ្យយើងអាចកែលម្អ និង​ ស្ថាបនាបន្ថែ​មទៀ​ត លើប្រព័ន្ធអភិបាលកិច្ចរបស់យើង តាមរយៈការរៀបចំការ​ងារកែទម្រង់ជាប្រព័ន្ធ និង ក្នុងលក្ខណៈជាកម្មវិធីរយៈពេលវែង ដែលមានការកំណត់ចក្ខុវិ​ស័​​យវែងឆ្ងាយ, មានការបែងចែកជាដំ​ណា​ក់កា​ល ប្រកប-ដោយភាពជាក់ស្ដែងនិយម ជាមួយនឹងគោលដៅជាក់លាក់, ព្រមទាំងមា​​នរចនាសម្ព័ន្ធដឹកនាំ និង មានយន្តការអនុវត្តច្បាស់​លាស់ ។ យុទ្ធ​សាស្ត្រនេះ បានបង្ហា​ញអំពីសេចក្ដីក្លាហាន, មហិច្ឆតា និង ឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកែទ​ម្រ​​​ង់ ដោយតម្រូវទៅតាម បរិបទកម្ពុជា និង ឆ្លើយតបបានតាមសេចក្ដីត្រូវការរបស់កម្ពុជា ប្រ​ក​បដោយមោទនភាព​, ប្រសិទ្ធភា​ព និង​ ស័ក្ដិសិទ្ធភាព»​ ។​

ទី២. ការកែទម្រង់នៅកម្ពុជា ប្រើប្រាស់អភិក្រមនៃការបោះជំហា​ន​​ជាដំណា​​ក់​កាល ។ គ្មា​នការសង្ស័​យ​ឡើយថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការកែទម្រង់គន្លឹះផ្សេងទៀត គឺជាឆ​ន្ទៈ​ផ្ទាល់របស់រាជរដ្ឋាភិបា​ល​ក្នុង​ទស្ស​ន​​វិស័យ​វែង-ឆ្ងាយនៃការអភិវឌ្ឍ​ជាតិ និង មាតុភូមិ ឱ្យ​កាន់តែរីកចម្រើនរុងរឿង​ និង ​ជឿនលឿន ។ ទន្ទឹមនេះ, អភិក្រម ក្នុ​ង​​ការអនុវត្តជាក់ស្ដែងនៃការកែទម្រង់ គឺជាបញ្ហាដែលត្រូវ​យកចិត្តទុកដាក់ខ្ពស់ ដើម្បី,ម៉្យាង, ធានាថា ការកែទម្រង់អាចប្រព្រឹត្តទៅដោយរលូន ជាមួយនឹងការរក្សាបាននូវស្ថិរភាព, ទាំងក្នុងក្របខណ្ឌស្ថាប័នអនុវត្ត ក៏ដូចជាក្នុងក្របខណ្ឌនៃសង្គមជាតិទាំងមូល; និង ម៉្យាងទៀត, ធានាថា ការកែទម្រង់ នឹងចូលរួមចំណែកជាវិជ្ជមាន ជាជំហានៗ ដល់កិច្ចប្រឹងប្រែងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ​ដូ​ចនេះ, ការកែទម្រង់តាមអភិក្រម «រៀនបណ្ដើរ-ធ្វើបណ្ដើរ» គឺជាស្មារតីដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យក ។ គុណតម្លៃដ៏សំខាន់មួយទៀតនៃ អភិក្រមកែទម្រង់ដោយបោះជំហានជាដំណាក់កាល (Pl​atform approach) នេះ គឺការផ្តល់លទ្ធភាពឱ្យយើង អាចដោះស្រាយ​បញ្ហាចំពោះមុខដែលជា​អាទិភាពបន្ទាន់ផង, ទន្ទឹមនឹងការអាច​ចាប់ផ្ដើ​ម​អ​​នុវត្តសាកល្បង នូវសមាសធាតុគន្លឹះនានា ដែលចាំបាច់សម្រាប់​ត្រៀមលក្ខណៈមុនការមកដល់នៃ​ដំណា​​ក់កាលបន្ទាប់ផង ។ ជាឧទាហរណ៍ជាក់ស្ដែង, ថវិកាកម្មវិធី ដែលជាសសរស្ដម្ភនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ត្រូវបានអនុវត្តសាកល្បង (Piloting) តាំងពីក្នុងដំណាក់កាលទីមួយ (២០​០​៤-២០០៨) មកម្ល៉េះ ក្នុង​គ្រាដែលយើងត្រូវដោះស្រាយ ចំពោះមុខ ជាបន្ទាន់ នូវ បញ្ហាកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ (Cash shortage) ។ ក្នុងន័យនេះ, អភិក្រមនៃការកែទម្រង់ ដោយបោះជំហានជាដំណាក់កាលនេះ អនុញ្ញាត​ឱ្យយើងកាត់បន្ថយបានជាអតិបរមា នូវ​ហានិភ័យដែលអាចកើតមានជាយថាហេតុ ពីការអនុវត្តដែលមានលក្ខណៈប្រញាប់ប្រញា​ល់ខ្លាំង (Drastic) ហើយជួនកាលឃ្លាតចេញពីតថភាពសង្គម ។ ជារួម, អភិក្រមជាយុទ្ធ​សាស្ត្រនេះ បានបង្ហា​ញអំពីសេចក្ដីក្លាហាន, មហិច្ឆតា និង ឆន្ទៈមោះ​មុ​ត របស់រាជរដ្ឋាភិបាលកម្ពុជា លើការកែទ​ម្រង់; ប៉ុន្តែ ទន្ទឹមនេះ, ដោយតម្រូវទៅតាមបរិបទកម្ពុជា ផង និង ឆ្លើយតបបាន តាមសេចក្ដីត្រូវការរបស់កម្ពុជា ផង ។

ទី៣. សមិទ្ធផលគន្លឹះធំៗ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ។ ជាការពិត, ការរីកចម្រើនផ្នែកសេដ្ឋ-កិច្ច និង សង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួត ជា​មួយនឹងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ របស់ជាតិ ។ ក្នុងស្មារតីនេះ, ខ្ញុំសូមគូសរំលេចនូវសមិទ្ធផលគន្លឹះធំៗមួយចំនួន ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលកន្លងមក សម្រាប់ជាមូលដ្ឋាននៃត្រៀមរៀបចំខ្លួនរបស់យើង ឈា​នឆ្ពោះទៅសម្រេ​ច​គោលដៅនៃដំណាក់កាលបន្តខាងមុខ ដូចខាងក្រោម ៖

សមិទ្ធផលគន្លឹះទី១ : ការកសាងបាននូវ​ភាពជឿទុកចិត្តបាននៃថវិកា (​Budget Credibility) ។ ក្នុងរយៈពេល ៥ ឆ្នាំ ដំបូងនៃការអនុវត្តដំណាក់កាលទី ១ នៃកម្មវិធីកែទម្រង់, យើងបានធ្វើឱ្យ​ថវិកាជាតិ ទទួលបាននូវ «ភាពជឿទុកចិត្ត», ដែលទទួលបាននូវការវាយតម្លៃខ្ពស់ ពីតួអង្គពាក់ព័ន្ធទាំងអស់, ទាំងប្រ​ជាពលរដ្ឋ មន្ត្រីរាជការ និង ​ស្ថាប័នហិរញ្ញវត្ថុជាតិ និង អន្តរជាតិ, តាមរយៈកិច្ចប្រឹងប្រែងកៀរគរចំណូល, ជាពិសេស ការពង្រឹងស្ថាប័ន និង ការធ្វើទំនើបកម្មរដ្ឋបាលសារពីរពន្ធ; ការកែទម្រង់​លើការព្យាករណ៍ចំណូ​ល និង ការប៉ាន់ស្មានចំណាយ តាមត្រីមាស និង ប្រចាំឆ្នាំ; ការលើកកម្ពស់តម្លាភាពថវិកា; ការធ្វើផែនការថវិកា; ការកែ-លម្អប្រព័ន្ធកត់ត្រា ក៏ដូចជាប្រព័ន្ធរាយការណ៍ និង ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ ជាដើម; ដែលទាំងអស់នេះ សុទ្ធសឹងជាសមាសធាតុគន្លឹះ ចូលរួមចំណែកដល់ការបង្កើនទំហំ និង ការពង្រឹង​ការគ្រប់គ្រងចំណូ​លថវិការដ្ឋ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រងចំណាយ ។

សមិទ្ធផលគន្លឹះទី ២ : ការកសាងបានជាមូលដ្ឋាន នូវ​សមាសធាតុចាំបាច់ទាំងឡាយនៃ​​ប្រព័ន្ធថវិកាទំនើប ឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ ។ ក្នុ​ងរយៈពេ​ល ២០ ឆ្នាំកន្លងមកនេះ, យើងកសាងបាន​នូវប្រព័ន្ធថវិកាមួយ ពីប្រព័ន្ធដែលការខ្វះចន្លោះជាច្រើន​ មកជាប្រព័ន្ធដែលមា​នសមាសធាតុ​​គ្រប់ជ្រុងជ្រោ​យ ដោយចាប់ផ្តើមពីដំណាក់កាលដំបូងនៃការធ្វើឱ្យ​ថវិកាមាន «ភាពជឿទុកចិត្ត»; បន្ទាប់មក, ក្នុង​ដំណាក់កាលទី ២ គឺការបន្តពង្រឹ​ង «គណនេយ្យភាពហិរញ្ញវត្ថុ»; ហើយបន្តមកទៀត, ក្នុងដំ​ណា​ក់កាលទី ៣ គឺការសម្រេចបានជាសារវ័ន្ត នូវ​សមាសធាតុគន្លឹះទាំងឡាយនៃ «ការផ្សារភ្ជាប់ថវិកាទៅនឹ​ងគោលនយោបាយ» តាមរយៈ​ការអនុវត្តថវិកាកម្មវិធី សំដៅធ្វើឱ្យ​ថវិការបស់យើងកាន់តែផ្លាស់ប្ដូរ ទៅជា​ថវិកាបែបវិមជ្ឈការ និង ផ្ដោតលើលទ្ធផល និង ​សមិទ្ធកម្ម ។ នៅខាងទិដ្ឋភា​ពឌីជីថល,​ ការគ្រប់គ្រងថវិកា​, ទាំងថវិកាថ្នាក់ជាតិ និង ថវិកាថ្នាក់ក្រោមជាតិ, ក៏ត្រូវបានផ្លាស់ប្ដូរជាបណ្ដើរៗ ទៅកាន់ការគ្រប់គ្រងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មា​នសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។ បន្តិចទៀត, ខ្ញុំនឹងប្រកាសដាក់ឱ្យ​ប្រើប្រាស់ប្រព័ន្ធនេះ ដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចំនួន ៤៤ បន្ថែមទៀត​ ដែលតាមរយៈនេះ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទាំងអស់នោះ នឹងត្រូវអនុវត្តនីតិវិធីចំណាយចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ពោលគឺលែងប្រើប្រាស់នីតិវិធីដោយក្រដាសទៀតហើយ ។​ ក្នុង​ន័យនេះ, បើពិនិត្យលើវដ្ដថវិកា (Budget cycle), ទាំងក្នុង​ដំណាក់កាលរៀបចំថវិកា,​ អនុម័តថវិកា, អនុវត្តថវិកា, ត្រួតពិនិត្យ តាមដាន និង ​វាយតម្លៃថវិកា, គឺ​​ប្រព័ន្ធថវិការបស់យើងមានសមាសធាតុចាំបាច់គ្រប់គ្រាន់, ទាំងលើទិដ្ឋភាពស្ថាប័ន, ប្រព័ន្ធគ្រប់គ្រង,​ ​ក្របខណ្ឌគតិយុ​ត្ត, យន្តការ, និង ធនធានមនុស្ស​, ដែលធ្វើឱ្យ​ស្ថាប័នរដ្ឋមានសមត្ថភាព ​អាចឆ្លើយតបបានកាន់តែប្រសើរឡើង ទៅនឹង​បញ្ហានានា, ជាពិសេស នៅពេលមានវិបត្តិ​មិនអាចស្មានទុកជាមុនបាន ។

សមិទ្ធផលគន្លឹះទី ៣ : រាជរដ្ឋាភិបាលបានត្រៀ​មលក្ខណៈរួចរាល់ សម្រាប់ការចាប់យក «ប្រព័ន្ធថ​វិកាផ្អែកលើសមិទ្ធកម្ម» ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់- ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេច​ឱ្យបាន នៅក្នុង​ដំណាក់កាលទី ៤ (​២​០​២៣-២០២៧) នេះ នូវ «គណនេ​យ្យ​ភាពសមិទ្ធកម្ម» ដែលមានន័យថា ជាការទទួល-ខុសត្រូវលើលទ្ធផលចុងក្រោយ ។

សមិទ្ធផលគន្លឹះទី ៤ : ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និង ប្រកប-ដោយភាពធន់ និង ចីរភាព ​ក្នុង​រយៈពេលវែង ។ បើគិតចាប់ពីឆ្នាំ ២០០៤ មក, កម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងល្អ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ជាមួយនឹងការរក្សាបាននូវអត្រាអតិផរណាទាប ក្នុងរង្វង់ ៣% ប្រចាំឆ្នាំ និង អត្រាប្តូរប្រាក់មានស្ថិរភាព, លើ​កលែងតែក្នុង​អំឡុងនៃវិបត្តិកូវីដ-១៩ ប៉ុណ្ណោះ ដែ​លកំណើនមានការធ្លាក់ចុះ ដូចស្ថានភាពដែលប្រទេ​សសឹងទាំងអស់ទូទាំង​ពិភពលោក បានជួប​ប្រ​ទះ​ ។ ជាការពិត, ក្រោយពីស្ថានភាពនៃវិបត្តិកូវីដ-១៩ បានថមថយ, ទោះបីជាសេដ្ឋកិច្ចសកលនៅបន្តជួបនឹងបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់យ៉ាងណាក៏ដោយ, ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងរហ័ស មករកអត្រាកំណើនជាសក្តានុពលឡើងវិញ ។ ច្បាស់ណាស់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ បានដើរតួជាកត្តាមួយដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា មាន ភាពរឹងមាំយ៉ាងដូច្នេះ ។ ជារួម, លទ្ធផលដ៏ល្អនៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យ​កម្ពុជាសម្រេចបានកំណើនខ្ពស់ និង បន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវ ចំណាត់ថ្នាក់ជា ប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ ហើយបន្តជម្នះបានដោយជោគជ័យ នូវវិបត្តិផងទាំងពួង និង កំពុងបោះជំហានប្រក​បដោយភាពជឿជាក់ ទៅកាន់ឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង​ ជា ប្រទេស មា​នចំណូលកម្រិតខ្ពស់ នៅឆ្នាំ- ២០៥០ ។ សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ ជូនរាជរដ្ឋាភិបាលក្នុងការលើ​កកម្ពស់កម្រិតជីវភា​ព​រស់នៅ​​ របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ, ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ, និងបម្រើសេវាសាធា​រណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើងជាលំដាប់។

សមិទ្ធផលគន្លឹះទី ៥ : ការពង្រឹង​ឯករាជ្យជាតិ និង អធិបតេយ្យជាតិ។ ក្នុងបុព្វ-ហេតុ ឯករាជ្យ និង អធិបតេយ្យជាតិ, សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភា​ព​ជាម្ចាស់ និង តួនាទីរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដោ​​យ​​បានកាត់បន្ថយការ-ពឹងផ្អែកលើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំ មានទំហំមិនដល់ ២០ ភាគរយនៃថវិ​កាជាតិសរុបនោះទេ ។ ផ្ទុយទៅវិ​ញ, នៅក្នុងអតីតកាល ៣០ ឆ្នាំមុន, ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុប តែប៉ុណ្ណោះ, បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។

បន្ទាប់ពីចំណាប់អារម្មណ៍លើសមិទ្ធផល រយៈពេល​ ២០ ឆ្នាំកន្លងទៅ, ខ្ញុំសូមបែរការ-យកចិត្តទុកដាក់មកលើទិសដៅអនាគតដែលនៅចំពោះមុខយើងវិញម្ដង ។ ខ្ញុំសូមយកឱកាសដ៏ពិសេសនេះ ដើម្បីចែករំលែកការយល់ឃើញរប​​​ស់ខ្ញុំ, ក្នុង​នាមជាប្រមុខរាជរដ្ឋាភិបាល, ទៅលើទិសដៅអនាគត​ដែលយើងត្រូវធ្វើដំណើរ​រួមគ្នា លើវិថីនៃការកែទម្រង់ គ្រប់ជ្រុងជ្រោយ កាន់តែមុតស្រួច និង កាន់តែស៊ីជម្រៅ ​។ នៅក្នុង​សេចក្ដីដែលខ្ញុំលើកឡើងខាងក្រោ​មនេះ ក៏មាននូវអនុសាសន៍មួយចំនួន ដែលគ្រប់ក្រសួង-ស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការដឹកនាំការងារកែទម្រ​ង់កា​រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ អាចយកទៅធ្វើជាធាតុចូលបន្ថែម​ សម្រាប់ការតម្រង់ទិសការងារ និង ការរៀបចំយុទ្ធ​សា​ស្រ្តត​ទៅមុខ ផងដែរ ​​៖

ទី១. របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ត្រូវបានរំលេចច្បាស់លាស់រួចហើយ ក្នុង កម្មវិធីនយោបាយ, យុទ្ធសាស្រ្ត, និង គោលនយោបាយតាម វិស័យនានា, ជាពិសេស ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព : កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្ត ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្រ្តី នីតិកាលទី ៧ នៃរដ្ឋសភា, កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ ។ ខ្ញុំសូមទាញចំណាប់អារ​ម្មណ៍អង្គពិធីថា «ស្នូល» នៃយុទ្ធសាស្ត្របញ្ចកោណ គឺ ការកែ-ទម្រង់ និង ការពង្រឹងអភិបាលកិច្ច, ហើយកាលណានិយាយពីការកែទម្រង់អភិបាលកិច្ច គឺ យើងត្រូវគិតដល់ការកែទម្រង់ផ្នែកគ្រប់គ្រងស្ថាប័ន, ប្រព័ន្ធថវិកា, ក្របខណ្ឌគតិយុត្ត, និង ធនធានមនុស្ស, ជាកញ្ចប់តែមួយ សំដៅធ្វើទំនើបកម្មស្ថាប័ន​រដ្ឋ ឱ្យកា្លយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ,សេដ្ឋកិច្ច និងរដ្ឋបាលក្នុងការដឹកនាំ ការគ្រប់គ្រង និងការចាត់ចែងកិច្ចការប្រទេសជាតិ, ពិសេសការធានានិរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន, ព្រមជាមួយនឹងការកសាងជាតិ និង ការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ។​ ក្នុងស្មារតីនេះ, ខ្ញុំបានសម្រេចចិត្តទទួលដឹកនាំផ្ទាល់ លើការងារពាក់ព័ន្ធនឹង «វិធានការគន្លឹះ» ចំនួន ៣ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ ដែលខ្ញុំបានប្រកាសដាក់ចេញ ជាមួយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ក្នុង​សម័យប្រជុំ​ដំបូងនៃគណៈរដ្ឋមន្ត្រី គឺ ៖ ១. ការកែទម្រង់គុណភាពរដ្ឋបាលសាធារណៈ ដោយផ្តោតជាពិសេសលើ​ការជ្រើសរើ​សមន្ត្រី, ការពង្រឹងប្រសិទ្ធភាពស្ថាប័ន, និង ការរៀបចំនូវប្រព័ន្ធលើកទឹកចិត្តមួយដែលផ្អែកលើសមិទ្ធកម្ម; ២. ការកែទម្រង់គុណភាពវិស័យអប់រំ, ជាពិសេស ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា; និង ៣. ការកែទម្រង់គុណភាពវិស័យសុខាភិបាល, ជាពិសេស នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេស ។ ច្បាស់ណាស់ថា របៀបវារៈជាអាទិភាពទាំងអស់នេះ សុទ្ធតែមានការពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹង «កម្មវិធីកែ​ទ​ម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដែលខ្ញុំនឹងអធិប្បាយបន្ថែមខ្លះទៀត ក្នុងចំណុចបន្តបន្ទាប់ខាងក្រោម ។

ទី២. ពិតណាស់, ការកំណត់ និង ការដាក់ចេញ នូវ គោលនយោបាយ, យុទ្ធសាស្រ្ត និង កម្មវិធីអាទិភា​ពនានា ដែលមានភាពច្បាស់លាស់, ចំគោលដៅ និង គ្រប់ជ្រុងជ្រោយ សំដៅឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ក៏ដូចជាឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន គឺជាកិច្ចការដ៏មានសារៈសំខាន់ ។ ក៏ប៉ុន្តែ, ​អ្វីដែល​រឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺប្រសិទ្ធភាពនៃការអនុវត្ត ដើ​ម្បី​ប្រែក្លាយ​គោ​ល​នយោ​បាយ ឬ កម្មវិធីកែទម្រង់ទាំងឡាយដែលយើងបានដាក់ចេញមកនោះ ​​ឱ្យស្ដែងឡើ​ងជាលទ្ធផល ក្នុងភាព-ជាក់ស្តែង តាមការរំពឹងទុក ។ នេះ គឺជាចំណុចសំខា​ន់ ដែ​លយើងត្រូវព​ង្រឹង ចាប់​ពីពេលនេះតទៅ ។ ក្នុងស្មារតីនេះ, ខ្ញុំក៏បានលើកឡើងជារឿយៗកន្លងមកហើ​យ​ដែរថា អាណត្តិទី ​៧ នេះគឺជាអា​ណត្តិនៃ​ការពង្រឹ​ងគុណភាព​ និង សមត្ថភាពស្ថាប័ន​ លើមូលដ្ឋានដែលយើងមានស្រាប់ ជាជាងការពង្រីក​ ។ ក្នុង​ន័យនេះ, ដើម្បីឱ្យគោលនយោបាយ និង ការកែទម្រង់របស់យើង មានប្រសិទ្ធភាព និង ផ្ដល់ផលជាក់ស្ដែង បានល្អតាមការរំពឹងចង់បាន, ខ្ញុំសូមផ្ដល់អនុសាសន៍ឱ្យ​គ្រប់ក្រសួង-ស្ថាប័នទាំងអស់ នៅគ្រប់កម្រិត ត្រូវប្រកាន់យក «អភិក្រមធ្វើការប្រ​ទាក់ក្រឡាគ្នាជារដ្ឋាភិបាល​ទាំង​មូ​ល​​» (Whole of government approach) ឬ «អភិក្រម-ជវភាពនៃប្រព័ន្ធតួអង្គតែមួយ», ទាំងនៅក្នុង​ដំណាក់កាលរៀបចំ និង ដំណាក់កាលអនុវត្ត នូវ គោលនយោបាយ, យុទ្ធសាស្រ្ត និង កម្មវិធីនានា, ជាពិសេស ចំពោះការងារដែលមានចរិត អន្តរវិស័​យ, មានភាពប្រទាក់ក្រឡាគ្នា, និង ត្រូវការកិច្ចសហការរវាងតួអង្គច្រើន,​ ចៀសវាងធ្វើការងារដាច់ដោយដុំៗ ដែលជាហេតុអាចនាំទៅដល់ការបាត់បង់នូវប្រសិទ្ធភាព និង ប្រសិទ្ធ-ផលនៃការងារ ក៏ដូចជាបង្កនូវភាពមិនច្បាស់លាស់ក្នុងការទទួលខុសត្រូវ ។ បច្ចុប្បន្ន, យើងមានយន្តការប្រទាក់ក្រឡាអន្តរកែទម្រង់មួយ ដើម្បីសម្របសម្រួល​រវា​ង​កម្មវិធីកែទម្រង់គន្លឹះ ចំនួន ៤ គឺ : កម្មវិធីកែទម្រង់ការគ្រប់​គ្រ​ងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាល-សាធារណៈ, កម្មវិធី​កែទម្រង់តាមបែបវិមជ្ឈការ និង វិសហមជ្ឈ​ការ, និង​ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ ។​ ក្នុងស្មារតីធានាជំរុញបង្កើនប្រសិទ្ធភាពការងារ, ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តពង្រឹង,​ និង ក្នុងករណីចាំបាច់, ​ពិនិត្យកែសម្រួល​យន្តការនេះ​ផងដែរ ដើម្បីឱ្យយន្តការនេះ ក្លាយទៅជា​​គំរូមួយ​ ក្នុងការអនុវត្ត «​អភិក្រម​រដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដូចខ្ញុំបានលើកឡើងពីខាងលើ ។

ទី៣. នៅក្នុងគោលដៅនៃ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» ដែលសំដៅទៅដល់ការទទួលខុសត្រូ​វផ្អែកលើលទ្ធផល, ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលមកដល់ដំណាក់កាលយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលជាគោលដៅដ៏ចម្បងរបស់យើង នោះគឺ ការប្រែប្រួ​​លជាសារវ័ន្ត ផ្នែកគោលនយោបាយ និង យុទ្ធសាស្ត្រអាទិភាព ដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព, គុណភាព និង ការ​ទទួលខុសត្រូវ លើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និង មន្ត្រីរាជការ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល ។ ក្នុងន័យនេះ, សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ជាមួយនឹងការទទួលបាននូវការផ្ទេរសិទ្ធិអំណាច ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន, ក្រសួង-ស្ថាប័ន នីមួយៗ នឹងត្រូវមានការទទួលខុសត្រូវខ្ព​ស់ លើការប្រើប្រាស់ថវិកាឱ្យបានប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ព្រមទាំងចំគោលដៅកំណត់, ពោលគឺ, ម្ខាង, ត្រូវទទួលខុសត្រូ​វ​លើការសម្រេចឱ្យបាន នូវគោលបំណងគោលនយោបាយ, បេសកកម្ម និង សូចនាករលទ្ធផលរំពឹងទុករបស់ខ្លួន អនុលោមតាមគោលការណ៍នៃ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ»; និង ម្ខាងទៀត, ត្រូវទទួលខុសត្រូវយ៉ា​ងម៉ឺងម៉ាត់ លើការប្រើប្រាស់ថវិកាដែលត្រូវបានអនុម័តផ្ដល់ជូន ឱ្យបានប្រកបដោយប្រ​សិ​​ទ្ធភាព, តម្លាភាព និង គណនេយ្យភាព ព្រមទាំងធានាបាននូវ «តម្លៃនៃលុយ» ស្របតាមបទប្បញ្ញត្តិនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាធរមាន ។ ក្នុង-ស្មារតីនេះ, ខ្ញុំសូមស្នើថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គ-និម្មាបនករ និង ប្រតិបត្តិករ នៃកម្មវិធីកែទ​ម្រ​ង់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្តោតការ-យកចិត្តទុកដាក់លើកិច្ចការគន្លឹះមួយចំនួន ដោយរួមបញ្ចូល នូវ ៖ (១). ត្រូវបង្កើនភាពជា-ម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន ដោយរដ្ឋមន្ត្រី និង ប្រធានស្ថាប័ន ត្រូវជំរុញអនុវត្តប្រកបដោយភាពជាម្ចាស់ នូវកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល; (២).​ ត្រូវអនុវត្ត​ឱ្យបានខ្ជាប់ខ្ជួននូវ «​ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» ឆ្នាំ ២០២៣ និង ត្រូវរៀបចំបទដ្ឋានគតិ-យុត្ត​ចាំបាច់ទាំងឡាយ សម្រាប់អនុវត្ត​ច្បាប់នេះ ឱ្យបានទាន់ពេល; (៣). ត្រូវបន្តជំរុញអនុវត្តយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា និង យុទ្ធសាស្ត្រ កែទម្រង់ពាក់ព័ន្ធផ្សេងទៀត ឱ្យសម្រេចបានលទ្ធផល តាមការគ្រោងទុក; (៤). ត្រូវជំរុញ ការរៀបចំ និង ការអនុវត្តវិមជ្ឈការហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព; (៥). ត្រូវជំរុញ​ការរៀបចំ និង ការអនុម័តលើក្របខ​ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម; (៦). តូ្រវរៀបចំការវិភាគគ្រប់ជ្រុងជ្រោយ ដើម្បី​កំណត់កម្រិត​ស្មុគស្មាញនៃបញ្ហាទាំងអស់ នៅក្នុងកិច្ចដំណើរការកែទម្រង់ប្រព័ន្ធថវិកា, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, និង ត្រូវ​ស្វែងរក យុទ្ធសាស្ត្រ​ដោះស្រាយ​ ឱ្យ​ចំចរិតនៃបញ្ហានី​មួយ​ៗ​ សំដៅធានាថា ទិសដៅយុទ្ធសាស្ត្រ​នៃការកែទម្រង់ប្រព័ន្ធថវិកា ផ្អែកលើគោល-ការណ៍ «គណនេយ្យភាពស​មិ​ទ្ធ​​ក​ម្ម» ​នឹងសម្រេចបាន​តាមគោលដៅ​កំណត់​; និង (៧). ត្រូវបន្តធ្វើការសិក្សាលើក្របខណ្ឌ​សិទ្ធិអំណាច និង ​បន្ទាត់គណនេ​យ្យភាព ដែលត្រូវបានដាក់ចេញកន្លងមក ក្នុង​ក្របខណ្ឌការអនុវត្តថវិកា​កម្មវិធី និង អង្គភាពថវិកា, តាំងពី​កម្រិតគោលបំណងគោលនយោបាយ កម្រិតកម្មវិធី រហូតដល់កម្រិតសកម្មភាពប្រតិបត្តិ ហើយរៀបចំបន្ស៊ីជាមួយនឹងរចនាសម្ព័ន្ធរបស់ស្ថាប័ន​ ។

ទី៤. ខ្ញុំសូមលើកទឹកចិត្ត ដល់ គណៈកម្មាធិការដឹកនាំការងារកម្មវិធីកែទម្រ​ង់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យបន្តជំរុញលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបន្ស៊ី និង ប្រទាក់ក្រឡាគ្នា ជាមួយនឹងកម្មវិធីកែ-ទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ។

ទី៥. ដើម្បីធានាបាននូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ខ្លួន, រាជរដ្ឋាភិបាល ត្រូវការជាចាំបាច់នូវប្រព័ន្ធត្រួតពិនិត្យ តាមដាន និង វាយតម្លៃ ប្រកបដោយ សង្គតិភាព និង គុណភា​ព ។ បច្ចុប្បន្ន, យើងមាន​មុខងារសវនកម្ម និង អធិការកិច្ច ដែលកំពុងអនុវត្តដោយ​​ក្រសួង-ស្ថាប័ននានា​ រួមមាន ​: អាជ្ញាធរសវនកម្មជាតិ, ក្រសួ​ងអធិការកិច្ច, ក្រសួង- សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, ព្រមទាំង​សវនកម្ម​ផ្ទៃក្នុង ​និង អធិការកិច្ចនៅតាមក្រសួង-ស្ថាប័ន​នីមួយ​ៗ ។ ក្រៅពីប្រព័ន្ធត្រួតពិនិត្យអនុលោមភាពនេះ, យើងក៏បាន និង កំពុង ​ប្រើប្រាស់វិធីសាស្ត្រ «ត្រួតពិនិត្យ តាមដាន និង វាយតម្លៃ» (M&E) ផងដែរ ។ ប្រព័ន្ធត្រួតពិនិត្យទាំងនេះ ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ការពង្រឹងប្រសិទ្ធ-ភាព ក្នុងការអនុវត្តមុខងារ និង ភារកិច្ចរបស់ក្រសួង-ស្ថាប័ន ក៏ដូចជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ដូចនេះ, ទន្ទឹមនឹង​ការផ្ទេរសិទ្ធិអំណាច,​ មុខងារ និង ការគ្រប់គ្រងថវិកា ទៅកាន់អង្គភាពថវិកានានា ក៏ត្រូវមានការធានាផងដែរថា មុខងារត្រួតពិនិត្យទាំងនេះ ត្រូវបាន​ពង្រឹង ដើម្បីជា​កញ្ចក់ឆ្លុះដ៏ស័ក្ដិសិទ្ធ សម្រាប់ជួយ​ដល់ក្របខណ្ឌបន្ទាត់គណនេយ្យភាព ឱ្យ​មាន​ដំណើរការល្អ ។ យ៉ាងណាមិញ, រាជរដ្ឋាភិបាលក៏ទទួលស្គាល់ដែរថា ការអនុវត្តមុខងារអធិការកិច្ច, សវនកម្ម, ត្រួតពិនិត្យ តាមដាន និង វាយតម្លៃ ដោយក្រសួង-ស្ថាប័នច្រើនផ្សេងគ្នា ក៏អាចបង្កើតជាបញ្ហាប្រឈមមួយចំនួន ដែលដាក់បន្ទុកលើប្រសិទ្ធភាពការងារនៃវិស័យសា-ធារណៈ និង វិស័យឯកជន ផងដែរ ។ ដូច្នេះ,​ ខ្ញុំក៏សូម​លើកទឹកចិត្តឱ្យគណៈកម្មាធិការដឹកនាំកាងារកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំរុញធ្វើការសិក្សា និង ស្នើឡើងនូវក្រប-ខណ្ឌ​ធ្វើសុខដុមនីយកម្ម​មុខងារប្រព័ន្ធអធិការកិច្ច និង សវនកម្ម ដើម្បីជូនរាជរដ្ឋាភិបាលពិនិត្យ និង សម្រេច ឱ្យបានឆាប់ ផងដែរ។

ទី៦. ខ្ញុំក៏សូមគូសរំលចបន្ថែមនូវភាពចាំបាច់នៃការផ្សារភ្ជាប់ «ការពង្រឹងគណនេយ្យ-ភាពសមិទ្ធកម្ម» នៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅនឹង «ការលើក-តម្កើងវប្បធម៌គុណាធិបតេយ្យ» ផងដែរ, ពោលគឺ ការប្រកាន់យកគោលការណ៍ «គុណភាព, សមត្ថភាព និង គុណាធិបតេយ្យ» ជាវប្បធម៌ការងារ, ពិសេស នៅក្នុងការគ្រប់គ្រងធនធានមនុស្ស ។ ប្រការនេះ សំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាស និង ការលើកទឹកចិត្ត, ទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ, ប្រកបដោ​យ​សមធម៌ និង យុត្តិធម៌, ជូនដល់មន្ត្រី-បុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិ ស្របតាម​គុណវុឌ្ឍិ, បទពិសោធន៍, សមត្ថភាព, ឆន្ទៈ និង ​វិន័យ ក្នុងការបំពេញការងារ ។ គោលការណ៍នេះ ត្រូវអនុវត្តមិនត្រឹមតែក្នុង ក្រ​បខណ្ឌ នៃកម្មវិធីកែទម្រង់ការគ្រ​ប់គ្រ​ង​ហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ, ប៉ុន្តែ ​វាត្រូវតែក្លាយទៅជាគោលការណ៍អាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងអ​ភិបាលកិច្ច និង សមត្ថភាព-ស្ថាប័ន នៅគ្រប់កម្រិត ​។​

ទី៧. ចំណុចចុងក្រោយដែលខ្ញុំចង់លើក គឺពាក់ព័ន្ធទៅនឹងភាពចាំបាច់ ក្នុងការបន្តជ្រោងឱ្យកាន់តែខ្ពស់នូវ «ស្មារតីកែទម្រង់» ។ រយៈពេល ២០ ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាការពិត, សមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុងបច្ចុប្បន្នកាល, និង តទៅអនាគតកាល, គ្មានកិច្ចការកែទម្រង់ណាមួ​យដែលងាយស្រួលនោះទេ, ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ចការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការបង់ថ្លៃនោះដែរ ។ ដូចខ្ញុំធ្លាប់បានលើកឡើងក្នុងវេទិកាមួយចំនួន នាពេលកន្លងទៅ, កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើកត្តាសំខាន់បួន គឺ ៖ ទី១. ត្រូ​វ​មា​នចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការ-ប្ដេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមាន​ការចូលរួមដោយស្មោះត្រង់; និ​ង ទី៤. ត្រូវ-មានការលះបង់ ។ លើមូលដ្ឋាននេះ, ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងបន្តជ្រោងកាន់តែខ្ពស់ នូវ «ស្មារតីនៃការកែទម្រង់» និង នៅតែប្រកាន់ខ្ជាប់ នូវអភិក្រមទាំង ៥ ប្រការ របស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងាររបស់ខ្លួន ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និង ម៉ឺងម៉ាត់ ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ពោលគឺ ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់ ។

មុននឹងបញ្ចប់, ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានដឹកនាំផ្ទាល់ និង ជាប់លាប់ តាំងពីដើមទី លើការងារនេះ ប្រ​ក​បដោយភាពជាអ្នកដឹកនាំ និង វិជ្ជាជីវៈខ្ពស់ ។ ខ្ញុំក៏សូមកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជ​កា​រទាំងអស់នៃ​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជាគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមអនុវត្តកម្មវិធីកែទម្រង់នេះ ប្រកបដោយភា​ព​អត់ធ្មត់ និង ភាពជាម្ចាស់ ។ មួយវិញទៀត, ខ្ញុំក៏សូមថ្លែង-អំណរគុ​ណយ៉ាងជ្រាលជ្រៅ ដល់បណ្ដាដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែ​លតែងតែបានគាំទ្រ, ទាំងជាជំនួយបច្ចេកទេស និង ទាំងជាជំនួយហិរញ្ញវត្ថុ, ជាបន្តបន្ទា​ប់, តាំងពីដំណាក់កាលទី ១ រហូតមកដល់ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយនេះ ។

បន្ថែមលើនេះ, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមផ្ដាំផ្ញើ និង ជំរុញ, ជាថ្មីម្តងទៀត, ឱ្យ​គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និង គណនេយ្យភាពរបស់ខ្លួន ប្រកប​ដោយភាពជាម្ចា​ស់ និង ឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កា​លទី ៤» ។ ខ្ញុំសង្ឃឹមថា ដំណាក់កាលទី ៤ នឹង​ត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដក-ស្រង់នូវមេរៀន និង ពិសោធន៍ល្អៗ ព្រមទាំងការតាមដាន, ការត្រួតពិនិត្យ និង ការវាយតម្លៃ ជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ជម្នះនូវឧបសគ្គផងទាំងពួង ប្រកប-ដោយស្មារតីសាមគ្គី, កិច្ចសហការ និង ការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាន នូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ។

នៅចុងបញ្ចប់, ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសដាក់ឱ្យ​ប្រើប្រាស់ប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់ការអនុវត្តនីតិវិធីចំណាយចរន្តទាំងស្រុង ដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចំនួន ៤៤ បន្ថែមទៀត ចាប់ពីពេលនេះតទៅ ដែលនេះ គឺជាជោគជ័យដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការងារកែ-ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង សូមប្រកាសបិទ កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធា​រណៈ នាពេលនេះ៕

អត្ថបទទាក់ទង