វិភាគអន្តរជាតិ៖ តើគេអាចរំពឹងអ្វីខ្លះពីអាណត្តិនៅសេសសល់របស់លោក ចូ បៃដិន?
(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ បានបើកចំហជម្រើសជាច្រើន និងសេរីភាព កាន់តែទូលាយក្នុងការអនុវត្តគោលនយោបាយការបរទេស ក្នុងរយៈពេល៦ខែនៃអាណត្តិនៅសេសសល់របស់លោក។ ការសន្និដ្ឋាននេះបើតាមក្រុមអ្នកជំនាញ អាចនឹងក្លាយជាការពិត នៅក្រោយការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកា ប្រសិនបើការសម្រេចចិត្តខាងគោលនយោបាយណាមួយដែលលោក បៃដិនបានធ្វើ មិនអាចមានឥទ្ធិពលលើយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ដែលបច្ចុប្បន្នគេជឿថាអាចជាលោកស្រី កាម៉ាឡា ហារីស ទេនោះ។
លោក បៃដិន នឹងត្រូវប្រឈមមុខនឹងឧបសគ្គមួយចំនួននៅក្នុងសភាទាំង២របស់សហរដ្ឋអាមេរិក សម្រាប់ការដាក់ចេញច្បាប់សំខាន់ៗ នៅមុនពេលរូបលោកចុះចេញពីតំណែង ខណៈ គណបក្សសាធារណរដ្ឋបន្តគ្រប់គ្រងរដ្ឋសភា។ ក៏ប៉ុន្តែ ដោយសារតែគោលនយោបាយការបរទេសស្ថិតនៅក្រោមអំណាចផ្ទាល់របស់ប្រធានាធិបតី លោក បៃដិន មានសេរីភាពគ្រប់គ្រាន់ ដើម្បីកែប្រែ ឬបន្តអនុវត្តគោលនយោបាយរបស់លោក។ ដូច្នេះយើងនឹងចាប់ផ្ដើមមុនគេពីតំបន់មជ្ឈិមបូព៌ា។
* ពាក់ព័ន្ធនឹងតំបន់មជ្ឈិមបូព៌ា៖ លោក ចូ បៃដិន អាចនឹងបង្កើនសម្ពាធលើអ៉ីស្រាអែល ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយជាមួយក្រុមហាម៉ាស ហើយលោកក៏អាចមាន ឱកាសព្យាយាមស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតដែរ។ ប៉ុន្តែ កិច្ចការនេះនឹងត្រូវជួបផលលំបាក ដរាបណាសង្រ្គាមក្នុងតំបន់ហ្កាហ្សានៅតែបន្ត។ សង្រ្គាម រវាងក្រុមហាម៉ាស និងអ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា ហើយនិងការគាំទ្រផ្នែកយោធាឥតងាករេរបស់រដ្ឋបាលលោក ចូ បៃដិន សម្រាប់រដ្ឋាភិបាលអ៉ីស្រាអែលបានបង្កឱ្យមានភាពចលាចល នៅក្នុងគណបក្សប្រជាធិបតេយ្យ ដោយសមាជិកមួយចំនួនរិះគន់លើការវាយប្រហាររបស់អ៉ីស្រាអែលដែលបានសម្លាប់ជនសស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់។
តែដោយសារប្រជាជនអាមេរិកភាគច្រើននៅតែគាំទ្រអ៉ីស្រាអែល វាអាចនឹងរឹតត្បិតលើជម្រើសរបស់លោក ចូ បៃដិន ក្នុងការដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំស្ដាំនិយមជ្រុលរបស់អ៉ីស្រាអែល ជុំវិញគោលនយោបាយមួយចំនួនរបស់ពួកគេ ដែលកំពុងដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់ ជាពិសេសនៅមុនការបោះឆ្នោតនៅខែវិច្ឆិកា។ ក៏ប៉ុន្តែ ខណៈសេតវិមាន បានចាប់ផ្ដើមបង្កើន ការដាក់ទណ្ឌកម្មលើអ្នកស្ដាំនិយមជ្រុលអ៉ីស្រាអែលនាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ នីតិវិធីនេះអាចនឹងកាន់តែមានសន្ទុះខ្លាំងនៅក្រោយការបោះឆ្នោតដោយលោក បៃដិននឹងប្រើវាជាការដាក់ សម្ពាធឱ្យមានកិច្ចចរចាសម្រេចឱ្យបាននូវបទឈប់បាញ់មួយសម្រាប់សង្គ្រាមហ្កាហ្សា ទុកជាមរតកនយោបាយរបស់លោកមុនចូលនិវត្តន៍។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៉ីស្រាអែលនឹង មានទឹកចិត្តមុះមុតដើម្បីប្រឆាំងនឹងសម្ពាធពីលោក ចូ បៃដិន ហើយសង្ឃឹមថារដ្ឋបាលលោក ដូណាល់ ត្រាំនឹងត្រឡប់មកវិញ។ លើសពីនេះទៅទៀត គ្មានអ្វីអាចធានាបានឡើយថាសម្ពាធ របស់លោក បៃដិន នឹងបំពេញតាមលក្ខខណ្ឌដែលក្រុមហាម៉ាសទាមទារដើម្បីឈានដល់បទឈប់បាញ់។ តួយ៉ាងដូចជាការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា ដែល ការធ្វើបែបនេះត្រូវបានអ៉ីស្រាអែលចាត់ទុកថាជាបរាជ័យ។
* សង្រ្គាមនៅអ៊ុយក្រែន៖ រដ្ឋបាលលោក ចូ បៃដិន អាចនឹងពន្លឿនការបញ្ជូនកញ្ចប់អាវុធថ្មីទៅឱ្យអ៊ុយក្រែនដែលអាចនឹងជួយបង្កើនសមត្ថភាពរបស់កងកម្លាំងអ៊ុយក្រែន ក្នុងការវាយប្រហារ លើគោលដៅយោធាលើទឹកដីរុស្ស៉ី ក្នុងនោះរួមមានដូចជាអាវុធរយៈចម្ងាយឆ្ងាយបាញ់ចំគោលដៅច្បាស់ៗ ដែលជារឿយៗរុស្ស៉ីចាត់ទុកថាប្រគល់អាវុធប្រភេទនេះជាការបង្កើនជម្លោះ។ នៅបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក លោក បៃដិនទំនងជាអាចនឹងជំរុញឱ្យមានការអនុម័តកញ្ចប់ថវិកាយោធាចុងក្រោយមួយ សម្រាប់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើ ទៅបាន។ ប៉ុន្តែ ជោគជ័យរបស់លោកលើកិច្ចការនេះ ក៏អាស្រ័យលើលទ្ធផលបោះឆ្នោតដែរ ពោលគឺលោក បៃដិន ត្រូវអ៊ុតមើលសិនថាតើក្រុមអ្នកសាធារណរដ្ឋដែលប្រឆាំងនឹងការផ្ដល់ជំនួយ យោធាបន្ថែមដល់អ៊ុយក្រែន អាចនឹងឡើងមកគ្រប់គ្រងសភា ឬក៏សេតវិមានបានដែរឬក៏យ៉ាងណា? បន្ថែមពីលើការពន្លឿនការបញ្ជូនអាវុធ លោក បៃដិនអាចនឹងបើកភ្លើងបៃតងបន្ថែមឱ្យ អ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិកវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី។ ការធ្វើបែបនេះអាចនឹងធ្វើឱ្យរុស្ស៉ីក្ដៅស្លឹកត្រចៀក មិនចង់ចូលអង្គុយចរចាភ្លាមៗ ទោះជា មានការព្យាករជាច្រើនថាលោក ត្រាំ អាចនឹងជាប់ឆ្នោតសាជាថ្មីក៏ដោយ។ ពីព្រោះការវាយប្រហារណាមួយរបស់អ៊ុយក្រែនក្នុងទឹកដីរុស្ស៉ី នឹងតម្រូវឱ្យមូស្គូត្រូវឆ្លើយតបវិញដោយយោធា។
ការសម្រេចចិត្តដកខ្លួនពីការប្រកួតរបស់លោក បៃដិន ក៏នឹងកាន់តែធ្វើឱ្យលោកមានសេរីភាពនយោបាយក្នុងការបន្តដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ី ដោយមិនចាំបាច់បារម្ភច្រើនពីផលប៉ះពាល់លើ សេដ្ឋកិច្ចអាមេរិក និងតម្លៃប្រេងសកលនោះទេ។ ជាពិសេសនៅក្រោយការបោះឆ្នោត គេអាចនឹងបានឃើញរដ្ឋបាលលោក បៃដិនពង្រឹងការអនុវត្តទណ្ឌកម្មកំណត់តម្លៃប្រេងដោយក្រុមប្រទេស G7 ប្រឆាំងនឹងរុស្ស៉ី ហើយក៏អាចនឹងបង្កើនការដាក់ទណ្ឌកម្មបន្ទាប់បន្សំលើស្ថាប័នហិរញ្ញវត្ថុទាំងឡាយណាដែលគាំទ្រដល់សេដ្ឋកិច្ច និងសមត្ថភាពរបស់រុស្ស៉ី ក្នុងការបន្តធ្វើសង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន។ ទណ្ឌកម្មទាំងនេះអាចនឹងត្រូវបានលោក ត្រាំដកចេញ ប្រសិនបើអាចត្រឡប់មកធ្វើជាប្រធានាធិបតីជាថ្មី តែការដាក់ទណ្ឌកម្មបន្ទាប់បន្សំបែបនេះអាចនឹងបង្ខំភ្លាមៗឱ្យក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗផ្ដាច់ទំនាក់ទំនងជាមួយរុស្ស៉ី លើវិស័យណាដែលជាប់ទណ្ឌកម្ម។
* ចំពោះចិន៖ ការដកខ្លួនរបស់លោក បៃដិន ទំនងជានឹងមិនធ្វើឱ្យមានការប្រែប្រួលធំដុំលើការប្រកាន់ជំហរតឹងរ៉ឹងចំពោះចិននោះទេ។ សម្រាប់អាណតិ្តនៅសេសសល់ រដ្ឋបាលលោក បៃដិន នឹងបន្តឆ្ពោះទៅមុខជាមួយការរឹតត្បិតលើវិស័យបច្ចេកវិទ្យារបស់ចិន ដែលត្រូវបានត្រៀមទុកជាច្រើនខែមកនេះ។ ជាឧទាហរណ៍ ទោះបីជានៅមុនការប្រកាសដកខ្លួន ក៏សេតវិមានត្រូវបាន រាយការណ៍ដែរថាបានពិចារណាលើច្បាប់ U.S. Foreign Direct Product ក្នុងគោលបំណងរឹតបន្តឹងលើការគ្រប់គ្រងការនាំចេញរាល់បន្ទះឈីបទាំងឡាយណាដែលប្រើបច្ចេកវិទ្យាអាមេរិក ទៅកាន់ចិន ជាចំណាត់ការមួយត្រូវបានអឺរ៉ុបមើលឃើញថាជាមធ្យោបាយដែលអាមេរិកបង្ខំឱ្យក្រុមហ៊ុនអឺរ៉ុប និងអាស៊ី កាត់ផ្ដាច់ការនាំចេញបច្ចេកវិទ្យាទៅចិន។ រដ្ឋបាលលោក បៃដិន ក៏អាច បន្តដាក់ចេញការរឹតត្បិតថ្មីៗផងដែរការប្រើប្រាស់បរិក្ខារទូរគមនាគមន៍របស់ចិននៅលើយានយន្ត។ រដ្ឋបាលលោក បៃដិន បានព្រមានជារឿយៗថានឹងដាក់ទណ្ឌកម្មប្រឆាំងលើក្រុមហ៊ុន ឬអង្គភាពចិនដែលបានបំពានលើទណ្ឌកម្មអាមេរិក ជុំវិញការនាំចេញបរិក្ខារយោធា ឬបច្ចេកវិទ្យាទៅឱ្យរុស្ស៉ី។ ម្លោះហើយ ក្នុងពេលឥលូវនេះ លោក បៃដិន ប្រហែលជាមិនចាំបាច់ត្រូវបារម្ភច្រើន ពីផលវិបាកទៀតនោះទេ ព្រោះតាមរយៈការដកខ្លួន លោក បៃដិននឹងកាន់តែមានសេរីភាពក្នុងការសម្លុតគំរាមដាក់ទណ្ឌកម្មនៅប៉ុន្មានដែលខាងមុខទៀតនេះដែលអាចឱ្យគេបានឃើញសេតវិមាន ចាត់វិធានការប្រឆាំងបន្ថែមលើក្រុមហ៊ុនចិនណាដែលត្រូវបានរកឃើញថាបំពានទណ្ឌកម្មរបស់អាមេរិកដាក់លើរុស្ស៉ី។
ដោយឡែក ពាក់ព័ន្ធនឹងអឺរ៉ុបវិញ លោក ចូ បៃដិន នឹងព្យាយាមដោះស្រាយបញ្ហាពាណិជ្ជកម្មនៅសេសល់ជាមួយសហភាពអឺរ៉ុប ក្នុងនោះអាចនឹងមានការយល់ព្រមលើការលុបចោលពន្ធគយ រួមទាំងអាចទម្លាក់ចោលនូវការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនដែលចង់ឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបអនុម័តពន្ធគយរួមលើការនាំចូលដែកថែប។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងអាមេរិក និងសហភាពអឺរ៉ុបអាចនឹងមានអាយុខ្លី ប្រសិនបើលោក ដូណាល់ ត្រាំ អាចត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មីមែននោះ៕ ប្រភព៖ Fresh News