វិភាគអន្តរជាតិ៖ តើអារ៉ាប់នឹងប្រកាសសង្រ្គាមជាមួយអ៉ីរ៉ង់ ឬ?
#opinion
(វ៉ាស៊ីនតោន)៖ ក្រុមបណ្ដាប្រទេសអារ៉ាប់កំពុងប្រឈមមុខនឹងជម្រើសដ៏ពិបាកនៅប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃខាងមុខ ក្នុងនោះរួមមានទាំងលទ្ធភាពធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ដែលកំពុងបង្កើនការវាយប្រហារលើ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ អ៉ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនជាបន្តបន្ទាប់នៅទូទាំងតំបន់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីកំពូលៗរបស់អ៉ីរ៉ងជាច្រើននាក់។
អ៉ីរ៉ង់បាននិយាយថាគោលដៅចម្បងរបស់ខ្លួន គឺវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ដែលនេះមានន័យស្មើនឹងវាយប្រហារលើបណ្ដាប្រទេសអារ៉ាប់ដែលមិនត្រឹមតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល និងអ្នកនាំចេញថាមពលដ៏សំខាន់ប៉ុណ្ណោះទេ តែជាអ្នកទទួលឱ្យកងទ័ពអាមេរិកដាក់មូលដ្ឋានទ័ព។ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមបានថ្កោលទោសការវាយប្រហាររបស់តេហេរ៉ង់ ប៉ុន្តែការវាយប្រហារ លើអាកាសយានដ្ឋាន និងកោះទេសចរណ៍ Palm Jumeirah ក្នុងទីក្រុងឌូបៃ បាន និងកំពុងដាក់សម្ពាធលើពួកគេឱ្យធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រួមទាំងកាតា បានចំណាយពេលមួយឆ្នាំកន្លងទៅ ដើម្បីសម្របសម្រួលបញ្ចៀសកុំឱ្យសង្រ្គាមផ្ទុះឡើង ក៏ព្រោះតែពួកគេកំពុងកសាងកេរ្តិ៍ឈ្មោះក្នុងនាមជាគោលដៅវិនិយោគ ទេសចរណ៍ និងជាឋានសួគ៌នៃស្ថិរភាព ក្នុងតំបន់មជ្ឈិមបូព៌ា។ «ដូច្នេះការឈានចូលជើងក្នុងសង្រ្គាមក្នុងនាមជាភាគីយោធា គឺជាការបង្កើនជម្លោះកាន់តែធ្ងន់ធ្ងរ និងបង្កការខាតបង់ច្រើន»។ នេះជាការយល់ឃើញរបស់លោកស្រី Sanam Vakil ជានាយកកម្មវិធីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងមកពីស្ថាប័ន Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ តាមអ្នកជំនាញរូបនេះ បណ្ដាប្រទេសអារ៉ាប់ប្រហែលជានឹងមិនមានជម្រើសនោះទេ ប្រសិនបើអ៉ីរ៉ង់នៅតែបន្តពង្រីកការវាយប្រហារលើពួកគេ។ «យើងនឹងបានដឹងថាតើពួកគេនឹងសម្រេចចិត្តយ៉ាងណាក្នុងពេល ២៤ ទៅ ៤៨ម៉ោងខាងមុខ»។ នេះជាការបន្ថែមរបស់លោកស្រី Vakil។
ការវាយប្រហារដោយដ្រូនដែលគេសង្ស័យថាជារបស់អ៉ីរ៉ង់បានបញ្ឈប់ប្រតិបត្តិការនៅឯរោងចក្រចម្រាញ់ប្រេងដ៏ធំរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទ ខណៈក្រុមហ៊ុន QatarEnergy បានបញ្ឈប់ការផលិត ឧស្ម័នរាវធម្មជាតិនៅឯរោងចក្រនាំចេញដ៏ធំបំផុតមួយរបស់ពិភពលោក ក្រោយរងការវាយប្រហារ។ ស្នូរផ្ទុះក៏បានកើតឡើងផងដែរនៅក្នុងប្រទេសបារ៉ែន កូវ៉ែត កាតា និងអេមីរ៉ាតអារ៉ាប់រួម ដោយភាគីច្រើន ការផ្ទុះទាំងនោះបង្កឡើងដោយការស្ទាក់ចាប់បំផ្លាញមីស៊ីលអ៉ីរ៉ង់ដោយប្រព័ន្ធការពារដែនអាកាស។ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អ៉ីរ៉ង់បានវាយប្រហារលើកំពង់ផែមួយរបស់អូម៉ង់ ជាការវាយប្រហារមួយដែល កាតាចាត់ទុកថាជាទង្វើដ៏កំសាក។
អ៉ីរ៉ង់ត្រូវបានគេមើលឃើញថាទំនងជានឹងពង្រីកវិសាលភាពនៃការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ កំពង់ផែ និងអាកាសយានដ្ឋាន។ បំណែកពីមីស៊ីលដែលត្រូវបានស្ទាក់បំផ្លាញ បានធ្លាក់ចំអគារស្នាក់នៅ និងតំបន់ទេសចរណ៍ជាច្រើនក្នុងរដ្ឋធានីជាច្រើនរបស់ក្រុមប្រទេសអារ៉ាប់ជាហេតុបណ្ដាលឱ្យមានមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិ។ លោកស្រី Maha Yahya ជានាយកមជ្ឈមណ្ឌល Malcolm H. Kerr Carnegie Middle East Center មានមូលដ្ឋានក្នុងទីក្រុងបេរូត បាននិយាយថាលោកស្រីមិនរំពឹងទេថាអ៉ីរ៉ង់បង្កើនជម្លោះលឿនរហ័សបែបនេះ។ លោកស្រីបន្តថាអ៉ីរ៉ង់ប្រហែលជាមានអារម្មណ៍ថាពួកគេត្រូវតែធ្វើសកម្មភាពភ្លាមៗ ពីព្រោះពួកគេយល់ថានេះជាសង្រ្គាមដើម្បីបន្តរស់រាន បើទោះជាត្រូវប្រែក្លាយទៅជាសង្រ្គាមក្នុងតំបន់ទាំងមូលក៏ដោយ។
អេមីរ៉ាតអារ៉ាប់រួមបានបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងតេហេរ៉ង់ និងបានកោះហៅឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំទីក្រុង Abu Dhabi ដើម្បីថ្កោលទោសចំពោះការវាយប្រហាររបស់អ៉ីរ៉ង់។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបានឱ្យដឹងថាអ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគ ១៧៤គ្រាប់ មីស៊ីលគ្រូស ៨គ្រាប់ និងដ្រូនជិត៧០០គ្រឿងតម្រង់មកកាន់ទឹកដីរបស់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។
ជុំវិញការវាយប្រហារសងសឹករបស់អ៉ីរ៉ងដែរ លោក Mohammed Baharoon ជានាយកមជ្ឈមណ្ឌល Dubai Public Policy Research Center បានកត់សម្គាល់ថាអ៉ីរ៉ង់កំពុងប្រថុយយ៉ាងខ្លាំង នឹងការខាតបង់ ហើយវាជាកំហុសយុទ្ធសាស្ត្រដ៏ធំមួយ។ បណ្ដាប្រទេសអារ៉ាប់ជាពិសេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម កាលពីប៉ុន្មានឆ្នាំថ្មីៗនេះបានសម្រេចចិត្តជ្រើសរើសយកការផ្សះផ្សា និងចូលរួម ក្នុងកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយទីក្រុងតេហេរ៉ង់ ក្នុងនោះរួមមានទាំងបញ្ហាសន្តិសុខ។ ការធ្វើបែបនេះគឺដើរផ្ទុយពីនយោបាយដាក់សម្ពាធអតិបរមា និងធ្វើឱ្យអ៉ីរ៉ង់ឯកោរបស់សហរដ្ឋអាមេរិក។
បើតាមលោក Baharoon បណ្ដាប្រទេសអារ៉ាប់កំពុងកៀបនៅចំកណ្ដាលរវាងសហរដ្ឋអាមេរិកដែលចង់ប្រើប្រាស់ទឹកដីរបស់ពួកគេប្រឆាំងនឹងមីស៊ីលអ៉ីរ៉ង់សម្រាប់រយៈពេលច្រើនសប្ដាហ៍ទៅមុខ និងអ៉ីរ៉ង់ ដែលកំពុងបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងពួកគេ ដែលនេះកំពុងបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ពួកគេក្នុងការបន្តនៅស្ងៀមមិនតដៃវិញ។ តែទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះយល់ថា គ្មានប្រទេសអារ៉ាប់ណាមួយនឹងប្រញាប់ប្រញាល់ប្រកាសសង្រ្គាមនោះទេ ហើយពួកគេនឹងបន្តជ្រើសរើសយកការអត់ធ្មត់ និងជំរុញឱ្យមានដំណោះស្រាយការទូត។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃចន្ទ លោក Majed Al-Ansari ជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីកាតា បាននិយាយថាខណៈក្នុងពេលបច្ចុប្បន្នកំពុងជាប់ដៃការពារ ប្រទេស ទីក្រុងដូហានៅតែគាំទ្រដល់ការបិទបញ្ចប់សង្រ្គាមសព្វថ្ងៃតាមរយៈមធ្យោបាយសន្តិវិធី ហើយយើងជឿថាសង្រ្គាមនឹងបញ្ចប់តាមរយៈកិច្ចសន្ទនា៕
-Fresh News-






