លិខិតមិត្តអ្នកអាន៖ ក្រុមប្រឆាំងនៅតែរក្សាទម្លាប់ចាស់គំរឹលរបស់ពួកគេ គឺប្រឆាំងគ្រប់រឿងទាំងអស់
វាលែងជាអាថ៌កំបាំងទៀតហើយ សម័យនេះប្រជាពលរដ្ឋកាន់តែឈ្លាសវ៉ៃ ការបោកប្រាស់របស់ក្រុមជនអគតិ ឬក្រុមប្រឆាំង មិនអាចបន្តរស់រានក្នុងផ្នត់គំនិតខ្មែរបានទៀតនោះទេ។ ជាក់ស្តែពួកគេ ប្រឆាំងគ្រប់តែរឿង សូម្បីតែគម្រោងព្រែកជីកហ្វូណនតេជោ ដែលប្រជាជនមួយនគរគាំទ្រ ក៏គេងើបមកប្រឆាំងទាំងទទឹងទិសផងដែរ។ គម្រោងព្រែកជីកហ្វូណនតេជោគឺជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយមហិច្ឆតា និងចក្ខុវិស័យវែងឆ្ងាយ ដែលជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលកម្ពុជាទាំង សម្តេចតេជោ ហ៊ុន សែន បន្តរហូតដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះមានគោលបំណងស្តារ និងពង្រីកលើប្រព័ន្ធដឹកជញ្ជូនជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានរបស់ប្រទេសកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ព្រោះជាប្រព័ន្ធដឹកជញ្ជូនបែបទំនើបសម្រាប់ធ្វើពាណិជ្ជកម្មផង និងជាប្រព័ន្ធធារាសាស្រ្តផង។
ចំពោះគម្រោងនេះមានជនអគតិមួយក្តាប់តូច រួមទាំងអតីតបក្សប្រឆាំងនិងបក្ខពួករត់ចោលស្រុកមួយក្តាប់តូចផង បែរជាក្តៅរោលរាល កើតទុកមិនសុខចិត្តនឹងការរើកលូតលាស់យ៉ាងឆាប់រហ័សរបស់កម្ពុជានេះទៅវិញ ដោយគេតែងតែងរិះគន់មិនឈប់ឈរមកលើរាជរដ្ឋាភិបាល ដោយលើកហេតុផលថា ព្រែកជីកនេះបម្រើផលប្រយោជន៍ឲ្យបរទេសទៅវិញ។ គម្រោងព្រែកជីកនេះ មានអត្ថប្រយោជន៍និងផលចំណេញច្រើនណាស់ដល់សេដ្ឋកិច្ចជាតិដែលយើងទទួលបាន ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការកើនឡើងនៃវិស័យទេសចរណ៍ ការកែលម្អផ្លូវទឹកសំរាប់ប្រព័ន្ធដឹកជញ្ជូនភស្តុភាកម្មតាមដងទន្លេ និងការលើកកម្ពស់តម្លៃអចលនទ្រព្យនៅក្នុងតំបន់តាមបណ្តោយព្រែកជីកហ្វូណន រួមទាំងការដោះស្រាយបញ្ហាប្រឈមដោយកាត់បន្ថយនូវហានិភ័យទឹកជំនន់នៅរដូវវស្សា បង្កើនសក្តានុពលទេសចរណ៍ និងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គម្រោងនេះថែមទាំងបានចូលរួមចំណែកក្នុងការពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោលជំហររក្សាបាននូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យនាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដូច្នេះយើងនឹងទទួលបាននូវផលចំណេញទាំងផ្នែកសេដ្ឋកិច្ច និងការវិនិយោគ។ មិនតែប៉ុណ្ណោះគម្រោងនេះនឹងចូលរួមកាត់បន្ថយនូវការចំណាយពេលវេលា និងរបាំងពន្ធគយ ព្រមទាំងទាក់ទាញការវិនិយោគ និងការអភិវឌ្ឍលើវិស័យដឹកជញ្ជូនតាមដងទន្លេ ផ្លូវសមុទ្រ និងកំពង់ផែ ទាំងកំពង់ផែទន្លេនិងកំពង់ផែសមុទ្រ ដោយជំរុញការអភិវឌ្ឍន៍នូវពហុវិស័យជាច្រើនរួមមាន៖ កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្ម ជាដើម។ ព្រមទាំងបង្កើតបាននូវមុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់ផងដែរ។ ក្រោយសាងសង់រួចព្រែកជីកហ្វូណនតេជោ និងជួយរក្សាបាននូវលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ ជីវចម្រុះផងដែរ។ យើងសង្កេតឃើញថាគម្រោងព្រែកជីកហ្វូណនតេជោ មានការគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលវាបានក្លាយទៅជាចលនាជាតិនិយមមួយដ៏ផុលផុស ដែលគួរជាទីមោទកភាពមួយ សូម្បីតែបរទេសមួយចំនួន ដូចជាប្រមុខរដ្ឋឡាវ លោក ថោង លុនស៊ីសូលីត និងមេដឹកនាំបរទេសមួយចំនួនទៀត ក៏បានសម្តែងការគាំទ្រដល់គម្រោងព្រែកជីកដែលគ្រោងដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ៥ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
យើងចង់សួរថា ក្នុងនាមពួកអស់លោកដែលមានឈាមជ័រជាជនជាតិខ្មែរនេះ តើអស់លោកមានបានគិតអំពីផលប្រយោជន៏ជាតិទេ? តាមពិតទៅពួកអស់លោកទៅវិញទេ ដែលបំរើឲ្យបរទេសនោះ ឧទាហរណ៍ដូចជាបញ្ហា EBA ជាដើម តាមពិតទៅពួកបក្សប្រឆាំងនិងបក្សពួកខ្លួនឯងទេ ដែលតែងតែចង់ឲ្យបរទេសកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជានោះ ព្រោះសព្វថ្ងៃនេះពួកគេតែងតែបង្កើតរឿងប្រឌិតអវិជ្ជមានមកលើរាជរដ្ឋាភិបាលកម្ពុជា យកទៅបង្ហាញអន្តរជាតិដើម្បីឲ្យគេមើលឃើញកម្ពុជាក្នុងរូបភាពអាក្រក់ ខ្មៅងងឹត ដូចជាយករឿងការពារសិទ្ធិមនុស្ស រឿងការពាររិស្ថាន ជាដើម។ ដែលធាតុពិត ដូចជារឿងអតីតក្រុមយុវជនមាតាធម្មជាតិ ដែលមានជនបរទេសឈ្មោះអាឡិចជាមេក្លោង ដែលក្រុមនេះជាក្រុមអង្គការខុសច្បាប់ ដែលបានទទួលជំនួយហិរញ្ញវត្ថុបរទេសពោលគឺជាហិរញ្ញប្បទានភារវកម្ម ដើម្បីបញ្ឆេះឲ្យមានចលនាបដិវត្តន៏ព៌ណ បង្កចលាចលនិងបង្ករអសន្តិសុខនៅក្នុងប្រទេសកម្ពុជា។ ថែមទាំងបានប្រមាថដល់អង្គព្រះមហាក្សត្រ ដែលប្រជាជនកម្ពុជាគោរពបំផុត តែពួកគេបែរជាយកព្រះជេស្តាព្រះអង្គមកប្រមាថលេងទៅវិញ។ ដូច្នេះការចោទប្រកាន់របស់តុលាការចំពោះក្រុមសំណល់សង្គម ដែលបានរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ គឺជារឿងត្រឹមត្រូវបំផុត។ ចំពោះការសម្តែងការព្រួយបារម្ភ ថាបញ្ហានេះអាចប៉ះពាល់ទៅដល់ការកាត់ផ្តាច់ប្រពន្ធអនុគ្រោះពន្ធ EBA នោះ តាមពិតទៅបញ្ហា EBA នេះគេនឹងលើកយកមកពិភាក្សានៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ឯណោះទេ ដោយវាយតម្លៃថា តើកម្ពុជាបានឆ្លងផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួចហើយឬនៅ? ហើយតើប្រទេសកម្ពុជាអាចឆ្លងផុតចូលទៅប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់បានដែរឬអត់? នៅពេលនោះសហគមន៏អ៊ឺរ៉ុបគេនឹងវាយតម្លៃថាតើគួរ ផ្តាច់ប្រពន្ធអនុគ្រោះពន្ធ EBA នេះឬត្រូវបន្តទៀតយ៉ាងណា។ សូមបញ្ជាក់ថា EBA នេះគេមិនមែនឲ្យយើងមួយជីវិតនោះទេ ត្រូវយល់ផងកុំល្ងង់ពេក តែស្ថានភាពសេដ្ឋកិច្ចរីកចម្រើនដល់កម្រិតមួយគេនឹងដកហើយ។ តាមពិតទៅមិនមែនសហគមន៏អ៊ឺរ៉ុបទេដែលជាអ្នកចង់ផ្តាច់ប្រពន្ធអនុគ្រោះពន្ធនោះ គឺក្រុមប្រឆាំងនិងក្រុមអង្គការដែលមាននិន្នាការប្រឆាំងទេ ដែលមានចេតនាអាក្រក់ចង់ឲ្យគេកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ព្រោះគេមិនចង់ឃើញខ្មែររីកចំរើន គេចង់ឲ្យខ្មែរខ្សោយដើម្បីគេងាយបោកប្រាស់ និងងាយគ្រប់គ្រង ដូច្នេះតើនេះឬជាអ្នកដែលគិតពីប្រយោជន៏ជាតិនោះ?
គម្រោងព្រែកជីកហ្វូណន តេជោនេះ ជាចំនុចខ្លាំងមួយរបស់កម្ពុជាដែលកំពុងមានការចាប់អារម្មណ៍ និងទន្ទឹងរង់ចាំឃើញគម្រោងនេះលេចរូបរាងឡើង ហើយគម្រោងនេះមានការចូលរួមចំណែកនិងគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ដូច្នេះវានឹងក្លាយជាចំនុចខ្សោយរបស់ក្រុមបក្សប្រឆាំងនិងបក្សពួក ដែលធ្វើឲ្យពួកគេមិនសប្បាយចិត្តនិងធ្លាក់ប្រជាប្រិយភាព អញ្ចឹងហើយបានជាពួកគេរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីមកបំផ្លាញប្រទេសកម្ពុជា និងប្រមុខរាជរដ្ឋាភិបាល លើគ្រប់រូបភាពដោយលើកយកបញ្ហានេះ បញ្ហានោះ មិនចេះចប់ មិនចេះហើយ នេះហើយជាសណ្តានក្បត់ជាតិរបស់ក្រុមនេះ៕
ដោយ៖ ជា ឧត្តម