Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ បើអង្គការសង់ត្រាល់ពិតជាស្អាតស្អំមែន, មាសសុទ្ធមិនត្រូវខ្លាចភ្លើងឡើយ!

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 356
អ្នកវិភាគចៅចាក់ស្មុក៖ បើអង្គការសង់ត្រាល់ពិតជាស្អាតស្អំមែន, មាសសុទ្ធមិនត្រូវខ្លាចភ្លើងឡើយ! អ្នកវិភាគចៅចាក់ស្មុក៖ បើអង្គការសង់ត្រាល់ពិតជាស្អាតស្អំមែន, មាសសុទ្ធមិនត្រូវខ្លាចភ្លើងឡើយ!

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកក្កដា​​ ឆ្នាំ២០២៤ ខាងមុខនេះ ជាថ្ងៃឱសានវាទដែលអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា(សង់ត្រាល់)​ របស់ មឿន តុលា ត្រូវផ្ដល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជាជូនក្រសួងមហាផ្ទៃក្រោយមានបណ្តឹងពីកម្មកររាប់ម៉ឺននាក់ ដែលបានចោទប្រកាន់អង្គការនេះថាបានទទួលជំនួយថវិកាជាច្រើន តែមិនបានជួយអ្វីដល់កម្មករកម្មការិនីឡើយ ហើយថែមទាំងធ្វើរបាយការណ៍លម្អៀងបំភ្លៃការពិត បំផ្លាញផលប្រយោជន៍កម្មករកម្មការិនីថែមទៀត។ រហូតមកដល់ពេលនេះ អង្គការសង់ត្រាល់ មិនទាន់បានផ្តល់ព័ត៌មានជូនសមត្ថកិច្ចឡើយ ប៉ុន្តែពួកគេបែរជាព្យាយាមប្រើប្រាស់សម្ពាធអន្តរជាតិមកលើសមត្ថកិច្ចកម្ពុជាទៅវិញតាមរយៈការខ្ចីដៃសមាគម ឬអង្គការក្រៅរដ្ឋាភិបាលនានា និងជនបរទេសនានា។ ហេតុអ្វីបានជាទាំងមឿន តុលា​និងអង្គការសង់ត្រាល់ព្យាយាមប្រើឥទ្ធិពលបរទេស?

១-អង្គការសង់ត្រាល់ខ្លាចតម្លាភាព៖ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពជាពិសេសអង្គការក្រៅរដ្ឋាភិបាលដែលស៊ីឈ្នួលបរទេសធ្វើរបាយការណ៍លើផ្នែកសិទ្ធិមនុស្ស​ សិទ្ធិកម្មករ សិទ្ធិបញ្ចេញមតិទន្ទេញជាប់មាត់ពីតម្លាភាពនិងគណនេយ្យភាពលើការដឹកនាំនិងគ្រប់គ្រងជាពិសេសលើការគ្រប់គ្រងថវិកា។ ប៉ុន្តែនៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការអនុវត្តតម្លាភាពនិងគណនេយ្យភាពលើការទទួលហិរញ្ញវត្ថុនិងការប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួនដែលបានមកពីម្ចាស់ជំនួយស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បែរជាអង្គការសង់ត្រាល់នេះព្យាយាមគេចវេស និងរកលេសនេះរកលេសនោះទៅវិញ។ នេះបង្ហាញអង្គការនេះដើរចង្អុលនិងចោទប្រកាន់គេ ប៉ុន្តែភ្លេចមើលខ្លួនឯង ឬធ្វើជាមើលមិនឃើញនូវកំហុសរបស់ខ្លួន និងកាតព្វកិច្ចរបស់ខ្លួនដែលត្រូវបំពេញតាមច្បាប់ជាធរមាន។ អង្គការនេះពិតជាខ្លាចការពិត និងខ្លាចតម្លាភាពដែលខ្លួនតែងតែចង់បានទៅវិញ។ វាពិតជារឿងអស់សំណើចបំផុត។

២-អង្គការសង់ត្រាល់មិនមែនជាមាសសុទ្ធឡើយ៖ ប្រសិនបើអង្គការសង់ត្រាល់គ្មានអ្វីលាក់លៀម និងពិតជាយកប្រាក់ជំនួយបរទេសមកប្រើប្រាស់ដើម្បីផលប្រយោជន៍កម្មករកម្មការិនីពិតប្រាកដមែន, ទាំងមឿន តុលា និងថ្នាក់ដឹកនាំនៃអង្គការនេះគួរក្លាហានបើកចំហនូវគណនីធនាគាររបស់ខ្លួនដើម្បីឱ្យសាធារណជនបានដឹងថាតើប្រភពថវិកាមកពីណាខ្លះដែលខ្លួនបានទទួល និងបានប្រើប្រាស់ត្រឹមត្រូវដែរឬទេដើម្បីបញ្ជាក់និងបំភ្លឺដល់កម្មករកម្មការិនីថាខ្លួនមានភាពស្អាតស្អំ។ ប៉ុន្តែបើអង្គការនេះព្យាយាមលាក់បាំង និងគេចវេសពីការប្រកាសនូវហិរញ្ញវត្ថុរបស់ខ្លួនទៅតាមច្បាប់ មានន័យថា​ ប្រភពហិរញ្ញវត្ថុ និងជំនួយដែលខ្លួនទទួលអាចជាជំនួយកខ្វក់ដែលមានការពាក់ព័ន្ធនឹងផែនការទុច្ចរិតនានាក្នុងចេតនាបំផ្លិចបំផ្លាញសន្តិភាព និងស្ថិរភាពជាតិក្រោមលេសជំនួយលើការតស៊ូមតិនិងសិទ្ធិកម្មករដូចដែលពួកគេកំពុងតែធ្វើជាប្រចាំសព្វថ្ងៃេនះ។ ពួកគេមិនមែនជាមាសសុទ្ធឡើយ ទើបបានជាខ្លាចភ្លើងម្ល៉េះ។

៣-អង្គការសង់ត្រាល់ដឹងថាខ្លួនសកម្មភាពខ្លួនក្បត់នឹងផលប្រយោជន៍ជាតិនិងផលប្រយោជន៍កម្មករ៖ តាមរយៈភស្តុតាងដែលមានលើការគាំទ្ររបស់បរទេសចំពោះក្រុមបាតុករនៃអតីតបុគ្គលិកណាហ្គាវើល និងសកម្មភាពដ៏សកម្មនៃអង្គការសង់ត្រាល់ក្នុងការគាំទ្រលើក្រុមបាតុករ បង្ហាញថាអង្គការនេះមានការជាប់ទាក់ទងនឹងប្រភពហិរញ្ញវត្ថុណាមួយដែលផ្តល់ការគាំទ្រជាប្រចាំដល់ក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដែលចិញ្ចឹមទំនាស់ និងជំរុញញុះញង់ឱ្យធ្វើបាតុកម្មស្ទើរតែប្រចាំថ្ងៃព្រោះមានប្រាក់ឧបត្ថម្ភធ្វើបាតុកម្មពីក្រៅប្រទេស។ លើសពីនេះមន្ត្រីនៃអង្គការនេះឈ្មោះ ឃុន​ ថារ៉ូ គឺសកម្មខ្លាំងក្នុងការនៅពីក្រោយការតវ៉ានានា រៀបចំផែនការ និងតែងតែងចេញមុខក្នុងការបរិហារនិងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរ។ ការបង្ហាញពីប្រភពថវិកានឹងបង្ហាញថាតើអង្គការសង់ត្រាល់បានចូលរួមនិងបានរៀបចំផែនការអ្វីខ្លះសម្រាប់ក្រុមបាតុករជាអតីតបុគ្គលិកណាហ្គាវើលចិញ្ចឹមបញ្ហា និងបង្កបញ្ហាដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។ ការព្យាយាមគេចវេសពីការប្រកាសពីប្រភពជំនួយហិរញ្ញវត្ថុរបស់ខ្លួនក៏ដោយសារតែពួកគេអាចខ្លាចត្រូវបានគេរកឃើញថា មានការពាក់ព័ន្ធនឹងការគាំទ្របាតុកម្ម និងការជួលមនុស្សធ្វើបាតុកម្មជាដើម។ ហេតុដូច្នេះបានត្រូវរត់ទៅពឹងជំនួយបរទេសដើម្បីគេចវេសពីសវនកម្ម។

៤-អង្គការសង់ត្រាល់ពឹងបរទេស បង្ហាញពីសារធាតុនៃអ្នកបម្រើបរទេសដាច់ថ្លៃ៖ ប្រសិនបើអង្គការសង់ត្រាល់ពិតជាមានឆន្ទៈបម្រើផលប្រយោជន៍កម្មករកម្មការិនីខ្មែរពិតមែន គួរតែក្លាហានក្នុងការបង្ហាញពីតម្លាភាព​ដល់សាធារណជន។ ប៉ុន្តែសាធារណជនបានដឹងច្បាស់ណាស់ថាអង្គការសង់ត្រាល់នេះគឺជាកូនចឹងបរទេស ហើយ មឿន តុលា ផ្ទាល់ក៏ជាអ្នកបម្រើបរទេសដាច់ថ្លៃតាមរយៈថវិកាជំនួយដែលខ្លួនទទួលបានពីបរទេស។ ពួកគេតែងតែធ្វើសកម្មភាពផ្សេងៗក្នុងការបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាជាពិសេសគឺអនុវត្តនយោបាយ ៣ កុំរបស់ក្រុមប្រឆាំងក្បត់ជាតិ៖ អំពាវនាវបរទេសកុំទិញទំនិញពីកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំផ្តល់ជំនួយឱ្យកម្ពុជា។ ដើម្បីគេចពីទង្វើអាក្រក់របស់ខ្លួន អង្គការសង់ត្រាល់របស់ មឿន តុលា​ បានពឹងលើសមាគមកាត់ដេរ និងស្បែកជើងអាមេរិក AAFA និងសមាគមការងារយុត្តិធម៌​ FLA ព្យាយាមដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជានិងទាមទារឱ្យលុបចោលជាបន្ទាន់គម្រោងសវនកម្មលើអង្គការសង់ត្រាល់។ នេះគឺកម្ពុជា ហើយការធ្វើសវនកម្មផ្ទៃក្នុងលើអង្គការក្រៅរដ្ឋាភិបាលនៅលើទឹកដីកម្ពុជាជាកិច្ចការផ្ទៃក្នុងកម្ពុជា និងជាការពង្រឹងគោលការណ៍នីតិរដ្ឋនៅកម្ពុជា។ ដូច្នេះ អ្វីដែលអង្គការសង់ត្រាល់របស់ មឿន តុលា បាននិងកំពុងធ្វើក្នុងការខ្ចីដៃបរទេសមកបំពានកិច្ចការផ្ទៃក្នុងប្រទេស ជាទង្វើកញ្ជះបរទេស និងបង្ហាញកាន់តែច្បាស់ថាអង្គការសង់ត្រាល់ជាអ្នកបម្រើផែនការបរទេសដ៏ស្មោះត្រង់ និងដាច់ថ្លៃ ហើយធ្វើអ្វីៗដើម្បីបំផ្លាញសុខសន្តិភាពកម្ពុជា និងឆ្នាំងបាយកម្មករ និងបង្កើតការយល់ច្រឡំថារាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់លើបងប្អូនកម្មករកម្មការិនី។

វិធានការសវនកម្មលើអង្គការសង់ត្រាល់ដែលក្រសួងមហាផ្ទៃកម្ពុជាប្រកាន់យកជាវិធានការស្របតាមនីតិវិធីច្បាប់ និងជាការពង្រឹងនីតិរដ្ឋនៅកម្ពុជា។ អង្គការសង់ត្រាល់គួរសហការដោយស្មោះត្រង់ និងកុំព្យាយាមក្នុងការប្រើប្រាស់សម្ពាធបរទេសមកលើកម្ពុជាដែលជារដ្ឋឯករាជ្យ អធិបតេយ្យជាតិ ប្រកាន់នីតិរដ្ឋ គោរពសិទ្ធិមនុស្ស។ សូមកុំព្យាយាមបង្កើតភាពស្មុគស្មាញ, រឿងសាមញ្ញប៉ុណ្ណោះសម្រាប់អង្គការសង់ត្រាល់គឺការបង្ហាញ ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជាជូនក្រសួងមហាផ្ទៃ ជាការស្រេច។ ជីវិតមិនស្មុគស្មាញទេ ប៉ុន្តែមនុស្សទេដែលធ្វើឱ្យជីវិតស្មុគស្មាញ ហើយប្រសិនបើអង្គការសង់ត្រាល់ពិតជាស្អាតស្អំ មិនពាក់ព័ន្ធនឹងហិរញ្ញវត្ថុកខ្វក់ណាមួយ គួរអង្គការសង់ត្រាល់ កុំព្រួយបារម្ភជ្រុលហួសហេតុរហូតរត់ទៅពឹងពាក់ពីម្ចាស់ជំនួយរបស់ខ្លួន និងត្រូវក្លាហានបង្ហាញភស្តុតាងដើម្បីការពារខ្លួននៅចំពោះមុខច្បាប់ ហើយត្រូវប្រកាន់នូវទិសស្លោកបុរាណខ្មែរ «មាសសុទ្ធមិនខ្លាចភ្លើង»។ តែប្រសិនបើអង្គការសង់ត្រាល់ និងមឿន តុលា ព្រមទាំងគូកនគ្មានភាពក្លាហានបង្ហាញទិន្នន័យ នោះប្រាកដណាស់​ អង្គការសង់ត្រាល់ជាប្រតិបត្តិករផែនការទុច្ចរិតនៅកម្ពុជា៕​

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤
ដោយចៅចាក់ស្មុក

អត្ថបទទាក់ទង