Grand News Asia Close

លិខិតមិត្តអ្នកអាន៖ ការកកើត និង ឥទ្ធិពល នៃជាតិនិយម

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 1969
លិខិតមិត្តអ្នកអាន៖ ការកកើត និង ឥទ្ធិពល នៃជាតិនិយម លិខិតមិត្តអ្នកអាន៖ ការកកើត និង ឥទ្ធិពល នៃជាតិនិយម

(ភ្នំពេញ)៖ ជាតិនិយម ត្រូវបានផ្តល់និយមន័យថា ជាការបណ្តុះគំនិតនៃការលើកតម្កើងផលប្រយោជន៍ជាតិរបស់ខ្លួនជាធំ ដែលភាគច្រើនទាក់ទងនឹងផលប្រយោជន៍អធិបតេយ្យភាពជាតិនៃប្រទេស ឬមាតុភូមិរបស់ខ្លួន។ អ្នកជាតិនិយមគិតថា មធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើឲ្យរឿងនេះកើតឡើង និងជៀសវាងការគ្រប់គ្រង ឬការគាបសង្កត់ពីជាតិផ្សេង គឺចាំបាច់ត្រូវមានជាតិ ឬប្រទេសផ្ទាល់ខ្លួន។

តាមនិយមន័យផ្សេងមួយទៀតនៃជាតិនិយម គឺការកំណត់អត្តសញ្ញាណនៃជាតិសាសន៍របស់ខ្លួន និងគាំទ្រផលប្រយោជន៍របស់ខ្លួន ជាពិសេសចំពោះការមិនរាប់បញ្ចូល ឬការធ្វើឲ្យខូចប្រយោជន៍របស់ជាតិសាសន៍ដទៃ។

ប្រវត្តិសាស្ត្រនៃការកកើតឡើងនូវជាតិនិយម ត្រូវបានរកឃើញជាបួនដំណាក់កាល រួមមាន ១. សម័យបុរេទំនើបត្រូវបានចាត់ទុកថា ជាការចាប់ផ្តើមនៃជាតិនិយមនៅសម័យបុរាណ និងមជ្ឈិមសម័យនៅពេលដែលក្រុមមនុស្សរួមគ្នាមានភាសា វប្បធម៌ និងប្រពៃណីដូចគ្នា។ នៅចុងសតវត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩ លទ្ធិជាតិនិយមសម័យទំនើបត្រូវបានចាប់ផ្តើមដោយសារឥទ្ធិពលនៃបដិវត្តន៍នៅអាមេរិក និងបារាំង។ បដិវត្តន៍ទាំងពីរនេះបានបង្កើតឲ្យមានពីសញ្ញាណនៃប្រទេស និងគោលការណ៍នៃការគ្រប់គ្រងប្រទេសដោយខ្លួនឯង។

នៅចន្លោះសតវត្សរ៍ទី១៩ ដល់សតវត្សរ៍ទី២០ គឺជាចលនានៃការបង្រួបបង្រួមនៃបណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុប ហើយក្នុងពេលជាមួយគ្នានោះ វាគឺជាពេលដែលប្រទេសនានាក្នុងទ្វីបអឺរ៉ុបបានដាក់អាណានិគមនៅទូទាំងអាស៊ី និងអាហ្រ្វិក ហើយបានឈានទៅដល់ការតស៊ូដោយប្រទេស ក្រោមអាណានិគមដើម្បីឯករាជ្យរបស់ខ្លួនពីមហាអំណាចនៅអឺរ៉ុប ដែលជាវេលានៃការកើតឡើងយ៉ាងខ្លាំងនៃជាតិនិយម។ នៅក្នុងពេលនេះ យើងស្ថិតនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម ដែលជាតិនិយមនឹងកើតឡើងក្នុងចំណោមក្រុមផ្ទុយគ្នា អ្នកនយោបាយ និងការខិតខំប្រឹងប្រែងដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។

ជាតិនិយមនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានកំណត់ថាជាជាតិនិយមខ្មែរ។ ដោយសារជនជាតិខ្មែរ ជាប្រជាជនភាគច្រើន ដូច្នេះស្របតាមនិយមន័យនៃជាតិនិយមមានន័យថា ជាចលនាដែលបម្រើផលប្រយោជន៍ អត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិខ្មែរ។ អត្តសញ្ញាណជាតិខ្មែរ ត្រូវបានកត់សម្គាល់ថា បានចាប់ផ្តើមនៅសម័យអាណាចក្រអង្គរ ដែលជាចំណុចកំពូលនៃអរិយធម៌ខ្មែរ ដោយមានវប្បធម៌ និងស្ថាបត្យកម្មដ៏រុងរឿង។ នៅសម័យនោះ ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើង ហើយបានប្រែក្លាយជានិមិត្តរូប និងស្មារតីនៃមោទនភាព និងមរតកជាតិខ្មែរ។ វាច្បាស់ណាស់ថាទម្រង់នៃជាតិនិយមត្រូវបានកំណត់ឡើងជាពិសេសដោយប្រវត្តិសាស្ត្រ ហើយត្រូវបានបន្តពីមួយសម័យកាលមួយទៅមួយសម័យកាលមានដូចជា សម័យអាណានិគម សម័យឯករាជ្យភាព និងបរិបទនយោបាយសម័យទំនើប ដែលការវិវត្តន៍នៃជាតិនិយមខ្មែរមានឥទ្ធិពលជាពិសេសពីឫសគល់នៃប្រវត្តិសាស្ត្រ។

បារាំងបានគ្រប់គ្រងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ក្នុងអំឡុងការគ្រប់គ្រងរយៈពេល៩០ឆ្នាំ និងការកៀបសង្កត់ ដែលជាកត្តាជំរុញឲ្យកើតមានឡើងមនោសញ្ចេតនាស្រលាញ់ជាតិក្នុងចំណោមឥស្សរជន និងបញ្ញវន្តខ្មែរ។ នេះជាកាលៈទេសៈមួយដែលបានត្រួសត្រាយផ្លូវដល់ការបង្កើតចលនារំដោះជាតិ ដែលរួមមាន ចលនាខ្មែរសេរី ចលនាខ្មែរឥស្សរៈ និងចលនាខ្មែរក្រហម។ ជាតិនិយមខ្មែររបស់ចលនាខ្មែរក្រហម ត្រូវបានគេជឿថា បានរួមចំណែកដល់ការទទួលបានជ័យជម្នះ និងឡើងកាន់អំណោចរបស់ខ្លួន។ ការកើនឡើងនៃចលនាខ្មែរក្រហមក្រោមការដឹកនាំរបស់ ប៉ុល ពត ត្រូវបានមើលឃើញថា ជាជាតិនិយមជ្រុល។ របបនេះបានប្តេជ្ញាក្នុងការកសាងប្រទេសកម្ពុជា ដែលពឹងផ្អែកទៅលើកសិកម្មដែលជាគោលនយោបាយចំបង ដោយរំពឹងថាប្រទេសកម្ពុជាមិនទទួលរងឥទ្ធិពលពីបរទេស។ មនោសញ្ចេតនាជាតិនិយជ្រុលនេះ បានបណ្ដាលឲ្យមានភាពអន្តរាយដល់សង្គមជាតិ និងសេដ្ឋកិច្ច រហូតដល់មានការសម្លាប់ប្រជាជនអស់រាប់លាននាក់ និងការកើតមានអំពើប្រល័យពូជសាសន៍។

នួន ជា ដែលជាអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងក្រោយមកបានក្លាយជានាយករដ្ឋមន្ត្រីស្តីទី នៃរបបកម្ពុជាប្រជាធិបតេយ្យ បានផ្តល់និយមន័យខ្លីៗរបស់ខ្លួនអំពីជាតិនិយម និងស្នេហាជាតិថា ជាតិនិយម «ជាការស្រលាញ់ប្រទេសជាតិ» ប៉ុន្តែពឹងផ្អែកលើជំនួយបរទេស ចំណែកឯពាក្យស្នេហាជាតិគឺ «អារម្មណ៍ស្រលាញ់ប្រទេសជាតិ ត្រូវពឹងផ្អែកលើប្រជាជនខ្លួនឯង» ។

ជាការពិត នួន ជា បាននិយាយក្នុងឱកាសជាច្រើនថា គាត់មិនមានអារម្មណ៍សោកស្ដាយចំពោះអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមទេ។ គាត់ជឿជាក់ថា អ្វីដែលខ្មែរក្រហមបានធ្វើទៅលើប្រជាជនក្រោមការដឹកនាំរបស់គាត់ ដែលជាថ្នាក់ដឹកនាំកំពូលលំដាប់ទីពីរ គឺជាជម្រើសដ៏ត្រឹមត្រូវក្នុងការការពារប្រទេសពីការលេបត្របាក់ដោយការឈ្លានពានពីបរទេស។ គាត់បានទទួលស្គាល់ថា គាត់មានឆន្ទៈ និងមោទនភាពក្នុងការសម្លាប់ជនក្បត់ជាតិ ដែលគាត់ចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់ជាតិ។

នួន ជា ថែមទាំងបានអះអាងក្នុងឱកាសចុងក្រោយរបស់គាត់ថា «ខ្ញុំនៅតែនិយាយថា ខ្ញុំជាអ្នកស្នេហាជាតិ ហើយខ្ញុំត្រឹមត្រូវក្នុងការតស៊ូដើម្បីជាតិ។ អ្នកស្នេហាជាតិដោយមានការចូលរួមក្នុងសមរភូមិ គឺមនសិការក្នុងការស្នេហាជាតិ ព្រោះវាជាការចូលរួមក្នុងចលនាតស៊ូដ៏ពិតប្រាកដ។ ដូច្នេះហើយ ការលះបង់ដើម្បីជាតិ ប្រទេសជាតិ និងប្រជាជន ហើយលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជាតិ ទាមទារការសាកល្បងជាច្រើន ជាពិសេសអ្នកដែលមិនមែនជាកសិករ ដែលត្រូវការកម្លាំងចិត្តផ្ទាល់ខ្លួនជាច្រើនឆ្នាំ ដើម្បីក្លាយជាអ្នកជាតិនិយមពិតប្រាកដ»។

ផ្នែកមួយនៃគំនិតជាតិនិយមជ្រុលរបស់ខ្មែរក្រហម គឺការសន្យាផ្លាស់ប្តូរសង្គមកម្ពុជាដោយការបំបាត់អ្វីដែលជាឧបសគ្គ ចំពោះការគ្រប់គ្រងដោយខ្លួនឯង និងយុត្តិធម៌សង្គម តាមរយៈអំណាច និងថាមពលបដិវត្តន៍។ ដោយសារតែមេដឹកនាំខ្មែរក្រហមជឿថា ប្រជាជនកម្ពុជាដែលក្រីក្រតែងតែត្រូវបានគាបសង្កត់ និងធ្វើជាទាសករ ខ្មែរក្រហមបានស្វែងរកការរំដោះ និងផ្តល់អំណាចដល់អ្នកទាំងនោះ ដូច្នេះគេនឹងក្លាយជាម្ចាស់ប្រទេស។

នៅពេលដែលខ្មែរក្រហមបានគ្រប់គ្រងប្រទេស ខ្មែរក្រហមបានផ្តល់សិទ្ធិដល់ប្រជាជនមូលដ្ឋាន (អ្នកដែលរស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហមមុនឆ្នាំ ១៩៧៥) ដែលភាគច្រើនជាប្រជាជនក្រីក្រ។ ប្រជាជនថ្មី ឬប្រជាជន១៧ មេសា ត្រូវបានបង្ខំឲ្យធ្វើការកាន់តែខ្លាំង ហើយជារឿយៗត្រូវបានកំណត់ជាគោលដៅក្នុងការសម្លាប់ ។ ខ្មែរក្រហមក៏បានសម្លាប់ទាហាន និងសមាជិកបក្សរបស់ខ្លួនជាច្រើន ដែលត្រូវបានចោទប្រកាន់ថា ជាជនក្បត់ជាតិ ឬប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។

ដូចនិយមន័យនៃជាតិនិយមថា ជាភក្តីភាព និងការលះបង់ចំពោះជាតិ ជាពិសេសមនសិការជាតិ ដែលលើកតម្កើងជាតិសាសន៍មួយលើសជាតិសាសន៍មួយទៀត ហើយលើកស្ទួយជាសំខាន់ដល់វប្បធម៌ និងផលប្រយោជន៍របស់ខ្លួន ខុសពីជាតិសាសន៍ដទៃ ឬ ប្រទេសដទៃ។ ដូច្នេះ វានាំឲ្យមានការបង្កើតឡើងនូវការខុសគ្នា ដើម្បីមានការបែងចែងរវាង «យើង» និង «គេ» ។

សម្រាប់ខ្មែរក្រហម ពាក្យថា «យើង» បានសំដៅប្រទេសជាតិ ប្រជាជនក្នុងវណ្ណៈកសិករ បដិវត្តន៍ និងកងទ័ព និងប្រព័ន្ធសមូហភាព។ល។ ចំពោះពាក្យថា «គេ» គឺរាប់បញ្ចូលទាំងអ្នកដែលត្រូវបានវិនិច្ឆ័យថាជាចក្រពត្តិនិយម និងសមាជិកនៃវណ្ណៈសក្តិភូមិ-មូលធននិយម ដូចជា រាជវង្ស អ្នកដែលបម្រើរបប លន់ នល់ អ្នកមាន និងអ្នកដែលរស់នៅក្នុងទីក្រុង ឬទីរួមខេត្តជាដើម។ នៅក្នុងក្រសែភ្នែករបស់ខ្មែរក្រហម ក្រុមទាំងនេះជាក្រុមដែលមានគ្រោះថ្នាក់ ហើយត្រូវតែវិនាស។ ភាពខុសគ្នាបែបនេះក៏បានកើតឡើងនៅប្រទេសអាល្លឺម៉ង់ ដែលជនជាតិអាល្លឺម៉ង់ ត្រូវបានចាត់ទុកឲ្យខុសពីជនជាតិហ្វី ជនជាតិហ៊ូទូ ខុសពីទូស៊ី ជនជាតិទួគីខុសពីជនជាតិអាមេនី ជនជាតិបូស្នៀស៊ែបខុសពីអ្នកកាន់សាសនាមូស្លីមជាដើម។

ជាតិនិយមពិតជាមនោគមវិជ្ជាដ៏មានអានុភាព និងស្មុគ្រស្មាញជាមួយនឹងទម្រង់ និងផលប៉ះពាល់ផ្សេងៗ។ វាជាតួនាទីដ៏សំខាន់ក្នុងការថែរក្សា និងលើកស្ទួយឋានៈរបស់ប្រទេសជាតិ ប៉ុន្តែវានឹងជាគ្រោះថ្នាក់នៅពេលដែលវាឈានដល់ភាពជ្រុលនិយមខ្លាំងដែលអាចនាំឲ្យមានជម្លោះ សង្គ្រាម និងអំពើប្រល័យពូជសាសន៍។ សូម្បីតែនៅសហរដ្ឋអាមេរិក អ្នកប្រាជ្ញបានព្រមានពីការបន្តកើនឡើងនៃមនោគមវិជ្ជាជ្រុលនិយម របស់ក្រុមស្បែកស។ ការធ្វើឃាតទៅលើបណ្ឌិត Luther King និងប្រធានាធិបតី John F Kennedy គឺជាមេរៀនមួយក្នុងចំណោមមេរៀនផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

គម្រោងការធ្វើឃាតមិនបានសម្រេចទៅលើបេក្ខជនប្រធានាធិបតីក្នុងពេលថ្មីនេះ គឺជាសញ្ញាមួយ។
អ្នកប្រាជ្ញដែលមានឈ្មោះល្បីអំពីការសិក្សាអំពើប្រល័យពូជសាសន៍ លោកសាស្រ្តាចារ្យកិត្តិយស អាឡិច ហ៊ីនតុន បានសរសេរអំពីសញ្ញាព្រមាននៃអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលអាចកើតមាន ដោយការប្រើប្រាស់មនោគមវិជ្ជាដើម្បីបំផុសអណ្តាតភ្លើងនៃសេចក្តីស្អប់ ប្រភពដើមនៃគំនិតស្តាំជ្រុលនិយមនៃអ្វីដែលគេហៅថា ការប្រល័យពូជសាសន៍ដោយអំណាចស្បែកស និងការផ្លាស់ប្តូរ និងវិធីដ៏គួរឲ្យកត់សម្គាល់ដែល «យើង» និង «គេ» ដែលអំពើហិង្សាត្រូវបានគាំទ្រដោយស្ថាប័ន និងគោលនយោបាយ ដែលប្រកាន់ពូជសាសន៍។

ដោយមើលឃើញពីភាពជ្រុលនិយមនៃអំណាចស្បែកសនៅក្នុងសហសម័យ សាស្រ្តាចារ្យ អាឡិច ហ៊ីនតុន បានព្យាករណ៍ថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងអំពើឃោរឃៅអាចកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ អំពើទាំងនេះអាចទប់ស្កាត់បានកុំឲ្យកើតមានឡើង។

ដើម្បីអនាគតប្រទេសកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ មេដឹកនាំកម្ពុជាបានលើកឡើងយ៉ាងឈ្លាសវៃក្នុងការទប់ស្កាត់ នូវមនោគមវិជ្ជាជ្រុលនិយមមិនឲ្យចាក់ឫសកើតឡើងជាថ្មីនៅក្នុងសង្គមកម្ពុជា។ សម្តេចនាយករដ្ឋ មន្ត្រីបានរំឭកឡើងវិញនៅក្នុងសុន្ទរកថានាពេលថ្មីៗនេះថា «ប្រវត្ដិសាស្ដ្រដែលល្អយើងត្រូវខិតខំប្រឹងប្រែងដើម្បីជោគជ័យ ប៉ុន្ដែប្រវត្ដិសាស្ដ្រដែលជូរជត់ត្រូវចងចាំ ហើយធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្ដអំពើជ្រុលនិយមការកាប់សម្លាប់ប្រជាពលរដ្ឋ”។

លោកក៏បានផ្តល់អាទិភាពដល់ការអប់រំ ដែលជាយន្តការមួយក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដោយលោកមានប្រសាសន៍ថា «ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និង ស៊ីវិល ត្រូវតែគាំទ្រការងារអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។

យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្រ្តត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និង ឯកជន ចាប់ពីអនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និង ជំនាន់ផ្សេងគ្នារួមមាន តាមរយៈសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម។» ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីសមាសភាពផ្សេងនៃជាតិនិយម និងបរិបទប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីសម្របប្រទេសជាមួយនឹងនយោបាយសកលភាវូបនិយកម្មក្នុងពេលបច្ចុប្បន្ន ហើយការអប់រំអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងអំពើឃោរឃៅគួរតែនៅពាក់ព័ន្ធគ្រប់ពេល៕

ដោយ៖ ព្រំ ផល្លា

រឿងរ៉ាវអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម

អត្ថបទទាក់ទង