វិភាគអន្តរជាតិ៖ តើសន្ធិសញ្ញារុស្ស៉ី-កូរ៉េខាងជើង មានន័យយ៉ាងណាចំពោះចិន?
(វ៉ាស៊ីនតោន)៖ នៅក្នុងការប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិក ចិនបានតាំងខ្លួនឯងជាប្រទេសស្រឡាញ់សន្តិភាពមួយដែលប្រឆាំងនឹងការពុះចែកពិភពលោកជាប្លុក ហើយ បានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងបង្កើតប្លុកសម្ព័ន្ធមិត្តដែលនឹងរុញច្រានពិភពលោកធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់ថ្មីមួយ។ ក៏ប៉ុន្តែ ក្នុងពេលដំណាលគ្នា រុស្ស៉ី និងកូរ៉េខាងជើង ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិន បែរទៅជាបង្កើតសម្ព័ន្ធភាពថ្មីមួយនៅក្រោមសន្ធិសញ្ញាយោធាការពារគ្នាទៅវិញទៅមកក្នុងករណីមានសង្រ្គាមទៅវិញ ដែលនេះមិនខុស អ្វីពីការបង្កើតប្លុកដែលចិនតែងតែចោទប្រកាន់ដាក់សហរដ្ឋអាមេរិកនោះទេ។
សន្ធិសញ្ញាយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ក៏អាចនឹងបង្កបញ្ហាឈឺក្បាលសម្រាប់ទីក្រុងប៉េកាំងផងដែរ ដោយសារតែវាធ្វើឱ្យគេគ្រប់គ្នាមើលទៅហាក់ដូចជាបក្សសម្ព័ន្ធត្រីភាគីរវាងចិន រុស្ស៉ី និងកូរ៉េខាងជើង កំពុងលេចចេញជារូបរាងឡើង ខណៈប៉េកាំងផ្ទាល់ព្យាយាមបញ្ចៀសសម្ព័ន្ធភាពបែបនេះ។ «ទីក្រុងប៉េកាំងមានការប្រុងប្រយ័ត្នជាខ្លាំងដោយចង់នៅឱ្យឆ្ងាយពី ទិដ្ឋភាពនៃបក្សសម្ព័ន្ធចិន រុស្ស៉ី និងកូរ៉េខាងជើង ដ្បិតចង់រក្សាភាពបត់បែន»។ នេះជាការយល់ឃើញរបស់លោកស្រី Yun Sun ជានាយកកម្មវិធីចិនមកពីវិទ្យាស្ថាន Stimson Center មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។
ចាប់ពីឥលូវនេះទៅ ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អាចនឹងសម្រេចចិត្តថាការគំរាមកំហែងដែលបង្កឡើងដោយសន្ធិសញ្ញាយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ចាំបាច់តម្រូវ ឱ្យពួកគេពង្រឹងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីដែលប្រទេសទាំង៣បានប្រកាសនៅឯជំរំ Camp David កាលពីឆ្នាំ២០២៣ តាមរយៈការបង្កើនចំនួនកងទ័ព ឬពង្រឹងប្រព័ន្ធការពារ នៅតាមបណ្ដោយរបងផ្ទះចិន។ នៅក្រោមហេតុផលបែបនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងប្រហែលជាមិនពេញចិត្តនឹងការបង្កើតទំនាក់ស្អិតល្មួតរវាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុនឡើយ។ ម្យ៉ាង សន្ធិសញ្ញារវាងរុស្ស៉ី និងកូរ៉េខាងជើងត្រូវបានចុះហត្ថលេខាដោយលោក ពូទីន និងលោក គីម ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៩ ខែមិថុនា ក៏បង្ហាញផងដែរពីដែនកំណត់នៃភាពជាដៃគូរបស់ចិនជាមួយប្រទេសទាំង២នេះ។
លោក ស៊ី ជីនពីង បានប្រកាសពីភាពជាដៃគូគ្មានព្រំដែនជាមួយលោក ពូទីន និងបានសន្យាគាំទ្រឥតងាករេចំពោះកូរ៉េខាងជើង ដើម្បីប្រឆាំងនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។ ប៉ុន្តែ ដោយចងភ្ជាប់សម្ព័ន្ធភាពជាមួយរុស្ស៉ី និងកូរ៉េខាងជើង លោក ស៊ី ជីនពីង ក៏អាចនឹងប្រថុយរងថ្មបាក់ ដោយសារតែសកម្មភាពរបស់មេដឹកនាំនៃប្រទេស ទាំង២នេះដែរ។ ជាឧទាហរណ៍៖ សង្រ្គាមឈ្លានពានរបស់លោក ពូទីន នៅអ៊ុយក្រែន បានបំផ្លាញធ្ងន់ធ្ងរដល់ទំនាក់ទំនងរបស់ចិនជាមួយលោកខាងលិច ដែលបានចោទប្រកាន់ ប៉េកាំងថាមិនបានប្រឹងប្រែងគ្រប់គ្រាន់ក្នុងការបញ្ឈប់លោក ពូទីននោះឡើយ។ ចំណែក កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងវិញ បានជំរុញឱ្យប្រទេសក្បែរខាងចិនចំនួន២ គឺជប៉ុន និងកូរ៉េខាងត្បូង កាន់តែខិតជិតគ្នា ហើយចូលរួមក្នុងភាពជាដៃគូយោធាត្រីភាគីជាមួយសហរដ្ឋអាមេរិកទៀតផង។ ជាការពិតណាស់ ទោះជាមិនសូវត្រូវគ្នាជាមួយលោកខាងលិច តែលោក ស៊ី ជីនពីង នៅតែចង់រក្សាតំណែងចិនឱ្យបាន នៅក្នុងសណ្ដាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកនាពេលសព្វថ្ងៃ។
លោក John Delury ជាសាស្ត្រាចារ្យម្នាក់សិក្សាពីចិន នៃសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល បាននិយាយថា «សន្ធិសញ្ញារវាងលោក ពូទីន និងលោក គីម មិនមែនជា ព័ត៌មានល្អសម្រាប់ប៉េកាំងនោះទេ។ លោក ស៊ី ជីនពីង មិនដែលមានទំនាក់ទំនងងាយស្រួលជាមួយប្រទេសរឹងរូសដូចជាកូរ៉េខាងជើងឡើយ ហើយឥលូវលោកប្រហែលជាមាន ការព្រួយបារម្ភកាន់តែខ្លាំងថាការគំាទ្ររបស់លោក ពូទីន អាចនឹងកាន់តែធ្វើឱ្យលោក គីម បានចិត្ត»។ អ្នកជំនាញរូបនេះបន្តថានៅចន្លោះរវាងសង្រ្គាមនៅអ៊ុយក្រែន និងហានិភ័យ នៃជម្លោះនៅលើតំបន់ឧបទ្វីបកូរ៉េ លោក ពូទីន និងលោក គីម ប្រៀបដូចកម្លាំងអសិ្ថរភាព ក្នុងពេលមួយដែលចិនកំពុងទទួលបានផលចំណេញពីស្ថានភាពដើម។
ខណៈក្រុមអ្នកវិភាគមើលឃើញថាចិនចង់ដកខ្លួននៅឱ្យឆ្ងាយពីសន្ធិសញ្ញាថ្មីរវាងរុស្ស៉ី និងកូរ៉េខាងជើង អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២០ ខែមិថុនា មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ដោយគ្រាន់តែនិយាយថាវាជាបញ្ហារបស់មូស្គូ និងព្យុងយ៉ាង។ នៅត្រង់ចំណុចនេះដែរ អ្នកជំនាញទំនាក់ទំនងអន្តរជាតិ លោក Shi Yinhong មកពីសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំង បានកត់សម្គាល់ថា «មែនទែនទៅ នៅក្នុងគំនិតរបស់ចិន សន្ធិសញ្ញារវាងរុស្ស៉ី និងកូរ៉េខាងជើង គួបផ្សំជាមួយ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន អាចនឹងបង្កើនហានិភ័យ នៃការប្រឈមមុខដាក់គ្នា ឬអាចឈានទៅដល់ជម្លោះក្នុងតំបន់។ លោក Shi បាននិយាយថាសន្តិភាព នៅលើតំបន់ឧបទ្វីបកូរ៉េ គឺជាអាទិភាពកំពូលមួយសម្រាប់ចិន ដូច្នេះការកើនឡើងនៃការធ្វើយោធូបនីយកម្មក្នុងតំបន់ វាអាចនឹងធ្វើឱ្យផលប្រយោជន៍របស់ចិនប្រឈមមុខនឹង គ្រោះថ្នាក់ធំ។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១១មក លោក គីម ជុងអ៊ុន បានធ្វើរឿងជាច្រើនដែលធ្វើឱ្យលោក ស៊ី ជីនពីង មិនស្រណុកក្នុងចិត្តទេ ដូចជាការបង្កើនការធ្វើតេស្ត មីស៊ីល និងពង្រីកការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ ដំបូងឡើយ លោក ស៊ី ជីនពីង បានបដិសេធជួបលោក គីម ហើយរហូតដល់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីផែនការជួបលោក គីម ទើបលោក ស៊ី ជីនពីងប្ដូរចិត្ត មករៀបចំកិច្ចប្រជុំជាមួយលោក គីម ក្នុងឆ្នាំ២០១៨។ អ្នកជំនាញខាងកិច្ចការអន្តរជាតិមកពីសាកលវិទ្យាល័យ Georgetown និងជាប្រធានកម្មវិធីកូរ៉េ នៃមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោន លោក Victor Cha យល់ថាលោក ស៊ី ជីនពីងអាចនឹងមាន អារម្មណ៍ថាលោកត្រូវតែជួបលោក គីម សាជាថ្មី ពីព្រោះលោកប្រធានាធិបតីចិន មិនអាចបណ្ដោយទុកឱ្យលោក ពូទីន មានឥទ្ធិពលខ្លាំងជ្រុលពេកលើកូរ៉េខាងជើង ដែលជាអ្នកជិតខាង របស់លោកបាននោះឡើយ៕ ប្រភព៖ Fresh News