Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីប្រារព្ធខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 309

CMF:

អរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ
ដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលនាំមកនូវសន្តិភាព
និងការឯកភាពជាតិពេញលេញ

ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្ស​រីករាយ ដែលបានចូលរួមជាអធិបតី ក្នុងពិធី «“អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា២០០៧-២១ មិថុនា ២០២៤)”» តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គ-មហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានរៀបចំឡើងនៅពេលនេះ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

អរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ចូលនិវត្តន៍ គន់ គីម ដែលបានធ្វើបទបង្ហាញ។ គាត់ទាមទារយូរហើយ។ តាំងពីចូលនិវត្តន៍ទៅ ឯកឧត្តម កាន់តែខ្លាំងខាងចលនា។ អម្បាញ់មិញ ខ្ញុំឃើញការជូនពរ ដូចជាអាចទទួលតួនាទីជាអាចារ្យថែមទៀត។ បើថាចលនាគឺចលនាមួយវេទិកា អត់មានសល់ សំខាន់អគ្គស្នងការប៉ូលីស …។

[ចប់សេចក្តីអធិប្បាយ ១]

ជាបឋម ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ, លោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន អញ្ជើញមកពី​រាជធានី-ខេត្ដ, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ​៣០០០នាក់ ដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីនេះ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

ឆ្លៀតឱកាសនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើ នឹករលឹក សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាគមអតីតយុទ្ធជន ជូនចំពោះលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនអតីតយុទ្ធជនជាទីស្រលាញ់រាប់អាន។

[ចប់សេចក្តីអធិប្បាយ ២]

ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា គឺជាទិវាប្រវត្ដិសាស្ដ្រប្រកបដោយមោទនភាព ដែលលោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ប្រារព្ធខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នំា២០២៤ ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ជាទីស្នេហានៃយើង ។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្ដិសាស្ដ្របានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសុខសន្ដិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្ដមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។ ជាពិសេស, ការប្រារព្ធទិវានេះ ក្នុងស្មារតីសម្ដែងការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្ដុង្គឧត្ដមរបស់វីរយុទ្ធជន វរីយុទ្ធនារី, ប្រជាជន និង អ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពតនិង បានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និង រីកចម្រើនរហូតដល់សព្វថ្ងៃ ។

ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់ជាអនុប្រធានទី ១ សមាគមអតីតយុទ្ធជនកម្ពុជា, ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធ លោកតាលោកយាយ, អ៊ំ ពូ មីង និង បងប្អូន វីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិជាទីស្នេហានៃយើង ។

​កម្ពុជាធ្លាប់បានហែលឆ្លងនូវដំណាក់កាលដ៏ជូរចត់ និង ផ្លាស់ប្ដូរជាប្រវត្ដិសាស្ដ្រជាច្រើនលើកដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានគិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី ១៨ខែ មីនា ឆ្នាំ ១៩៧០ ដឹកនាំដោយ សេនាប្រមុខ លន់ នល់ ដែលរបបនេះ ត្រូវបានផ្ដួលរំលំវិញនៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥, ពេលនោះ ប្រជាជនកម្ពុជាសង្ឃឹមបានរស់ក្នុងសុខសន្ដិភាព, ប៉ុន្ដែ សេចក្ដីសង្ឃឹមនោះ ក៏ត្រូវរលាយបាត់​បង់​ដោយការប្លន់អំណាច និង អនុវត្ដនូវនយោបាយគ្រប់គ្រងផ្ដាច់ការ, ប្រល័យពូជសាសន៍របស់ ប៉ុល ពត ក្នុងរយៈពេលតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ កម្ពុជា បានក្លាយទៅជាគុកឥតជញ្ជាំង, ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត។

ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកធ្ងន់ធ្ងរនេះបណ្ដាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោក-ឈរតស៊ូប្រកបដោយវីរភាព ប្រឆាំងនឹងរបបដ៏ខ្មៅងងឹត ហើយកងទ័ពរណសិរ្យ សាមគ្គីសង្គ្រោះជាតិកម្ពុជា, ដឹកនាំដោយ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គ-មហាពញាចក្រី ហេង សំរិន និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និង ទទួលបានការជួយឧបត្ថម្ភទាន់ពេលពីសំណាក់កងទ័ពស្ម័គ្រចិត្ដ​វៀតណាម បានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍, ទទួលបានជ័យជំនះ ដ៏ត្រចះត្រចង់នាថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ ដែលនេះ ជាសច្ចធម៌ប្រវត្ដិសាស្ដ្រ ដែលមិនអាចបំភ្លេចបាន។

ក្រោយ ថ្ងៃរំដោះ ៧ មករា, កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និង ការលំបាកជាច្រើនឥតគណនា ដែលជាផល​វិបាកនៃសង្គ្រាម និង ទប់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ។ ក្នុងដំណាក់កាលនោះ រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងខិតខំស្ដារសង្គម-សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេ ហើយដៃម្ខាងទៀត, ត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ ក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច និង នយោបាយ ពីខាងក្រៅយ៉ាងអយុត្ដិធម៌ ។

​ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្ដិភាព និង ការអភិវឌ្ឍនោះ, សម្ដេចអគ្គមហា-សេនាបតីតេជោហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និង ប្រតិបត្ដិករនយោបាយ បានដាក់ចេញនយោបាយ “ឈ្នះ–ឈ្នះ”នៅឆ្នាំ ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជា បាននំាមកនូវសន្តិភាពពេញលេញ, ការឯកភាពជាតិ និងឯកភាពទឹកដីទំាងស្រុង, គ្រប់កម្លាំងប្រដាប់អាវុធ និង អតីតយុទ្ធជន នៃភាគីទាំងអស់ នៅក្នុងជម្លោះ បានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ ។

ក្នុងដំណើរឆ្ពោះទៅមុខ, រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានកំណត់រួចហើយក្នុងគោលនយោបាយគណបក្សប្រជាជនកម្ពុជា សម្រាប់កសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០២៣-២០២៨,ដែលរាជរដ្ឋាភិបាលត្រូវអនុវត្ត ក្នុងនោះ ក៏បានរួមបញ្ចូលទាំងការអភិវឌ្ឍ និង ពង្រឹង ប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និង ចីរភាព ដែលនឹងជួយគាំពារប្រជាជនគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ហើយ នៅតែរក្សាជំហររួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព, ក្នុងនោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ បានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្ដជន, ជនបាត់បង់សមត្ថ​ភាព​ការងារ និង ជនមានពិការភាព តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធ​ជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ, ក្នុងនោះរួមមាន ការកសាងតំបន់ប្រវត្ដិសាស្ដ្រ ​យោធា, វិមានរំលឹកគុណ និង ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅតាមទីតាំង ប្រវត្ដិសាស្ដ្រជាដើម ដើម្បីជានិមិត្ដរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្ដុះមនសិការ «“កតញ្ញូ សុខដុម និង ការចូលរួម ”» និង ជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ, រៀនសូត្រ គោរព ដឹងគុណអំពីស្ថាប​និក​មគ្គុទេសក៍ឯក និង ប្រតិបត្ដិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្ដិភាពពេញលេញ, ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន និងវីរយុទ្ធនារីស្នេហាជាតិ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពសម្រាប់ជាតិយើង។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពអតីត-យុទ្ធជនដែលជានិវត្ដជន, ជនបាត់បង់សមត្ថភាពការងារ និង ជនមានពិការភាព តាមរយៈ៖

ទី១. ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និង ការគណនាស្របតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះ ក៏បានដំឡើងរបបសន្ដិសុខសង្គមប្រចាំខែ ដែលទាបជាង ឬ ស្មើ ៧៧ម៉ឺន ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្ត ចាប់ពីខែ មេសា ឆ្នាំ ២០២៤ ។

ទី២. ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥ ម៉ឺនរៀលនៅតែបន្ត។

ទី៣. ការដំឡើងរបបឧបត្ថម្ភប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ដ្រីរាជការស៊ីវិល និង សពអតីតយុទ្ធជន ។

ទី៤. ទិន្នន័យអតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និង សុវត្ថិភាពក្នុងការបើកផ្តល់របបសន្ដិសុខសង្គមប្រចាំខែជូនលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ។ ការបើកផ្តល់របបសន្ដិសុខសង្គមប្រចាំខែចំនួនពីរសប្ដាហ៍ម្ដងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្ដចាប់ពីខែមករា ឆ្នាំ ២០១៩ មកម៉្លេះ, តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដោយសហការ ជាមួយធនាគារ​ដៃគូដែលបើកត្រង់តាម ATM តែម្តង។

ទី៥. រាជរដ្ឋាភិបាល បានផ្ដល់ប័ណ្ណថែទាំសុខភាពពីរបបសន្តិសុខសង្គម(ប.ស.ស ) ជូន ជនមានពិការភាព និវត្ដជន និង ជនបាត់បង់សមត្ថភាពការងារ និង ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និង ព្យាបាលជំងឺនៅមន្ទីរពេទ្យដែល បានចុះកិច្ចសន្យាជាមួយ (ប.ស.ស)​ ដោយមិនបង់ប្រាក់ ។

ទី៦. ចាប់តាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២៣ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជន និង ដោយមានការយកចិត្ដទុកដាក់គិតគូរពី សម្ដេចតេជោប្រធានសមាគ​ម​អតីតយុទ្ធជនកម្ពុជា និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យើងបានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្ររាប់ពាន់ខ្នង ។

បច្ចុប្បន្ន, អតីតយុទ្ធជនសរុបចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់ កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះ ត្រូវបានកែសម្រួលជាបន្ដបន្ទាប់ស្របតាមកំណើន​សេដ្ឋកិច្ចជាតិ និង ការដំឡើងបៀវត្សមូលដ្ឋានមន្ដ្រីរាជការនិង កងកម្លាំង-ប្រដាប់អាវុធ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]

(១) ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា គឺការផ្តល់កិត្តិយស និងរំលឹកដល់គំរូវីរភាពអតីតយុទ្ធជនគ្រប់ជំនាន់

កិច្ចការទាំងអស់(ដែលបានរៀបរាប់)នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលបាននិងបន្តធ្វើ។ ការងារសម្រាប់អតីតយុទ្ធជន និវត្តជនមាន ៣ ដែលយើងគោលដៅ។ ទី១ គឺកិត្តិយស ទី២ គឺជីវភាព និងទី៣ គឺឱកាស … រៀងរាល់ឆ្នាំការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ប្រព្រឹត្តិទៅនៅថ្ងៃទី២១ មិថុនា តែឆ្នាំនេះយើងធ្វើនៅថ្ងៃ២៦ មិថុនា។ តើរាជរដ្ឋាភិបាលកំណត់ប្រារព្ធទិវាអតីតយុទ្ធជន ដើម្បីអី? គឺដើម្បីរំឭកគុណូបការៈ(ជាកិត្តិយស) បង្ហាញយុវជន និងប្រជាពលរដ្ឋជំ​នាន់ក្រោយ មិនថា ១០ ឬ ២០ ឬ ៥០ឆ្នាំទៀត អោយនៅតែបន្តចងចាំ។ បើចងចាំប្រវត្តិសាស្រ្ត ត្រូវចងចាំអ្នកដែលរួមចំណែកក្នុងប្រវត្តិសាស្រ្ត។ មិនត្រូវទុកចោល។ យើងមានពិធីជាច្រើនក្នុងប្រទេសក្នុងមួយឆ្នាំៗ ប៉ុន្តែទិវានី​មួយៗ ទាល់តែពិសេសណាស់។ អញ្ចឹងការកំណត់យក ២១ មិថុនា ដើម្បីជាការរំឭកនូវវីរភាពរបស់អតីតយុទ្ធជនគ្រប់ជំនាន់ នេះគឺជា(ការផ្ដល់)កិត្តិយសធំ … ហើយអ្វីដែលសំខាន់ គឺបំផុសនូវស្មារតីដឹងគុណជានិច្ចសម្រាប់អតីតយុទ្ធជន។

(២) ការផ្តល់ឱកាសជូនអតីតយុទ្ធជនចូលរួមដឹកនាំក្រុមប្រឹក្សាខេត្ត/ស្រុកជាការផ្ដល់កិត្តិយសនិងភាពជាតំ​ណាងដល់អតីតយុទ្ធជនទូទាំងប្រទេស​

ជាមួយនេះ ក្នុងការរៀបចំជាក្រុមប្រឹក្សាខេត្ត/ស្រុកកន្លងទៅ រាជរដ្ឋាភិបាលបានផ្ដល់កិត្តិយសការចូលរួម។ យើងមានអតីតយុទ្ធជន ១០ម៉ឺននាក់។ មិនអាចយកទាំង ១០ម៉ឺននាក់បានទេ ប៉ុន្តែការដាក់ចេញនូវគោលការណ៍ផ្ដល់ឱកាសជូនអតីតយុទ្ធជនមួយចំនួនដើម្បីចូលរួមដឹកនាំបន្តគឺជាការផ្ដល់កិត្តិយសធំ និងមានភាពជាតំ​ណាងឲ្យអតីតយុទ្ធជនទូទាំងប្រទេស​។ នេះគឺជាការគិតគូរពីរឿងកិត្តិយសដែលត្រូវធ្វើ។ ក្នុងកម្មវិធីផ្សេងៗ (កាលពី)ខ្ញុំនៅជាមេ(បញ្ជាការកងទ័ព)ជើងគោក យើងតែងតែអញ្ជើញការចូលរួម(ពីអតីតយុទ្ធជន)។ អ៊ំ ពូ មីង ថ្ងៃនេះបានពាក់ឯកសណ្ឋានឡើងវិញ។ តាមពិត ឯកឧត្ដម គន់ គីម ថា ខ្ញុំភ្លេចពាក់។

(៣) ទាហាន/នគរបាលមួយថ្ងៃ ត្រូវតែជាទាហាន/នគរបាលមួយជីវិត

ខ្ញុំត្រូវបានកំណត់តាមពិធីការថាអោយពាក់អីក៏ពាក់ហ្នឹងទៅ។ គេថាថ្ងៃនេះពាក់អាវធំ។ អាចធំឬមិនអាវធំ មិនសំខាន់ (ដែលសំខាន់គឺ)ទាហាន/នគរបាលមួយថ្ងៃ ត្រូវជាទាហាន/នគរបាលមួយជីវិត។ ជាការគិតគូរដល់កិត្តិយសនិងការងារ ទោះបីជាចូលនិវត្តន៍ក៏ដោយ នៅតាមភូមិ/ឃុំក៏ដោយ អង្គភាពពាក់ព័ន្ធមានកម្មវិធី នៅគ្រប់អង្គភាពចំណុះជើងគោក ខ្ញុំតែងតែងអញ្ជើញអតីត​យុទ្ធជនមកចូលរួម។ គឺជាគ្រួសារតែមួយ​។ មិនមែនធ្វើការងារ២០-៣០ឆ្នាំចប់ ចេញទៅ លែងជាគ្រួសារនៃកងកម្លាំងប្រដាប់អាវុធនោះទេ។ មិនមែនតែ(អ្នកជា)អតីតយុទ្ធជនជំនាន់នេះទេ។ ទៅថ្ងៃអនាគត អ្នកដែលកំពុងធ្វើការថ្ងៃនេះ ពេលចូលរ៉ឺត្រែតគឺជាអតីត(យុទ្ធជន)ហើយ។ នេះគឺជាសក្ខីភាពជាក់ស្ដែង។ យើងត្រូវរៀបចំក្រុមគ្រួសារអតីតយុទ្ធជន ដើម្បីជាការគិតគូរអំពីកិត្តិយស។

(៤) ការគិតគូរពីជីវភាពកងកម្លាំងប្រ​ដាប់អាវុធចូលនិវត្ត ជាការតបស្នង និងមិនទុកចោលទេ

ទី២ ជីវភាព។ កាលពីបំពេញការងារក្នុងសមាគមអតីតយុទ្ធជនដំបូង ខ្ញុំបានចុះទៅជួបលោកអ៊ំពូមីងមួយចំនួននៅតាមខេត្ត។ ពួកគាត់ថា តម្រូវការបានកើន។ ប៉ុន្តែបើប្រៀបធៀបអ្នកខ្លះ ចូលពីឆ្នាំ ៩០ជាង បាន(សោធននិវត្ត)តែ ៤ម៉ឺនរៀលទេ។ អញ្ចឹង ជីវភាពយើងបានកើនហើយ។ យើងគិតបន្ត។ មិនមែនថាចប់ពីជួរ ឈប់គិតនោះទេ។ អ្នកខ្លះលើកយោបល់ថា បើសិនជាយើងកាត់បន្ថយការគិតគូរ(ដល់អតីតយុទ្ធជន) ហើយដាក់ភាគច្រើនមកអ្នកដែលធ្វើការរាល់ថ្ងៃ​ ដើម្បីលើក(ទឹកចិត្ត) យ៉ាងម៉េចវិញ? ថាទេ! មិនអាចចោលបានទេ។ ការលើកកម្ពស់បៀវត្សរ៍មន្រ្តីរាជការដែលមានរាល់ថ្ងៃ គឺយើងបន្តធ្វើតាមលទ្ធភាពថវិកា តែក៏មិនកាត់ចោលអតីតមន្រ្តីរាជការ កងកម្លាំងប្រ​ដាប់អាវុធ ដែលចូលនិវត្តពីមុនមកដែរ។ នេះគឺជាការតបស្នង។ មិនដូចជាអ្វីដែលមជ្ឈដ្ឋានខ្លះថា រាជរដ្ឋាភិបាលទុកអតីតយុទ្ធជន អតីតមន្រ្តីរាជការចោលនោះទេ។

(៥) រដ្ឋចំណាយជាង ១០លានដុល្លារ/ឆ្នាំ បង្កើនបៀវត្សរ៍បថមជូនកងកម្លាំងប្រ​ដាប់អាវុធចូលនិវត្ត

លទ្ធភាពថវិការបស់យើងមានកំណត់ ប៉ុន្តែលោកអ៊ំពូមីងនៅទីនេះដឹងហើយពីការវិវត្តប្រែប្រួល។ ខ្ញុំទើបនឹងស៊ីញ៉េឲ្យបង្កើនបៀវត្សរ៍បឋមមិនឲ្យទាបជាង ៨២ម៉ឺន ៥ពាន់។ កាលមុន អ្នកខ្លះ ៧៧ម៉ឺន ឬក៏ក្រោមនេះ។ ឥឡូវយើង​ឡើង ៥ម៉ឺន។ ពិតណាស់ ឡើង ៥ម៉ឺន មិនច្រើនសម្រាប់ម្នាក់ៗ ប៉ុន្តែសម្រាប់ថវិកាជាតិ ក្នុង១០ម៉ឺននាក់ជាង (វាច្រើន)។ បានន័យថាក្នុងមួយខែ យើងដំឡើងជាង ១លានដុល្លារ។ អញ្ចឹង ១ឆ្នាំ បង្កើនជាង ១០លានដុល្លារ។ សួរថា តើនេះមិនមែនជាការគិតគូរទេឬ? គឺយើងបេះ រៀបចំ និងគិតគូរជាប្រចាំជូន ធ្វើយ៉ាងណាឲ្យ(បានជួយដល់)ជីវភាពរស់នៅ។ មិនត្រឹមតែប្រាក់សោធននោះទេ យើងគិតគូរទាំងរបបសម្រាប់គ្រួសារអតីតយុទ្ធជន។ អញ្ចឹងការគិតគូរនេះ ជាការគិតគូរក្នុងក្របខ័ណ្ឌជីវភាព។

(៦) បន្តធ្វើផ្ទះជូនអតីតយុទ្ធជនតាមបណ្ដាខេត្ត ដោយមានការចូលរួមពីរាជរដ្ឋាភិបាលនិងសប្បុរសជន

ក្រៅពីនោះ (ក៏មានការ)ធ្វើផ្ទះជូន។ ខ្ញុំសូមអរដល់សប្បុរសជនដែលបានចូលរួម។ អម្បាញ់មិញឯកឧត្ដម គន់ គីម អរគុណបានបន្តចលនា(អោយមានការចូលរួមវិភាគទានដល់ការកសាង)​ផ្ទះបន្តទៀត។ ខ្ញុំពិតជាមានមោទនភាពដែលរាជរដ្ឋាភិបាលបានគិតគូរ(ពីជីវភាពរបស់អតីតយុទ្ធជន) ព្រមទាំងបានចូលរួមចែក និងបានទៅឃើញគម្រោងអភិវឌ្ឍនូវផ្ទះជាច្រើន ដែលបានពីការចូលរួមរបស់រាជរដ្ឋាភិបា​ល បូកនឹងសប្បុរសជននានា ជូនអតីតយុទ្ធជននៅតាមបណ្ដាខេត្ត។ ខ្ញុំបានទៅនៅខាងចុងកាល់ នៅខាងបាត់ដំបង និងនៅកន្លែងច្រើនទៀត … អ្វីដែលជាមោទនភាពនោះគឺ រាល់ពេលខ្ញុំតែងតែបានសួរ, ជាពិសេសនៅភូមិភាគ៥, តើពួកគាត់ជាអតីតយុទ្ធជនមកពីអង្គភាពណា? ភាគច្រើននៃអ្នកដែលបានជួប គឺជាអ្នកដែលធ្លាប់វាយប្រយុទ្ធគ្នា។ អ្នកខ្លះធ្លាប់ជាយោធិន ជានាយទាហាន ជាពលទាហាននៅក្នុងអង្គភាពរបស់ខ្មែរក្រហម គឺអ្នកដែលធ្វើផែនការវាយប្រយុទ្ធគ្នា នឹងអ្នកដែលអង្គុយក្បែរម្នាក់ទៀតហ្នឹង ជាអតីត(ទាហាន)រដ្ឋកម្ពុជាឬរាជរដ្ឋាភិបាល។

(៧) ការបង្កើតភូមិ/ឃុំថ្មី សន្តិភាព ជាមោទនភាពជាតិ

យើងមោទនភាព មិនត្រឹមតែជួយសង់ផ្ទះនោះទេ ប៉ុន្តែបានបង្កើតជាភូមិមួយ ឈ្មោះភូមិសន្តិភាព ដែលអតីតខ្មែរយើងធ្លាប់កាប់ចាក់គ្នា មកអង្គុយជាមួយគ្នា ជាអ្នកភូមិផងរបងជាមួយគ្នា។ ការបង្កើតភូមិ/ឃុំថ្មី(ឈ្មោះសន្តិភាព)​នេះជាមោទនភាពជាតិយើង។ កាលពីមុននៅមានសេរីភាព (ខ្ញុំ)ចុះបានច្រើន។ ចុះបាននៅតាមបណ្ដាខេត្ត ហើយកសាងបានច្រើន។ ខ្ញុំសូមអរគុណចំពោះក្រុមការងារ ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ចូលនិវត្ត គន់ គីម។ កិច្ចការនេះយើងត្រូវបន្តធ្វើ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្រើនណាស់ មានទាំងការគិតគូរជា ប.ស.ស សម្រាប់អតីតយុទ្ធជន គ្រួសាររបស់អតីតយុទ្ធជនខ្លះ ក៏មានបណ្ណក្រីក្រមួយចំនួន​។ កន្លែង(ផ្សេង)ពីហ្នឹងយើងកំពុងគិតគូរក្របខណ្ឌណាមួយចំនួនទៀតដើម្បីគិតគូរបន្ថែម។

(៨) ដរាបណាមានឱកាសដឹកនាំ គណបក្សប្រជាជនកម្ពុជាបន្តលើកកំពស់ជីវភាពនិងកិត្តិយសអតីតយុទ្ធជន មន្ត្រីរាជការ​ជាបន្តបន្ទាប់

ឯកឧត្តម​ គន់ គីម បានលើកសំណូមពរថា រាជរដ្ឋាភិបាលត្រូវតែបន្តជួយ។ ខ្ញុំនិយាយនៅទីនេះតែម្ដង។ ដ៏រាបណាគណបក្សប្រជាជនកម្ពុជានៅមានឱកាសដឹកនាំបន្ត រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ តិចឬច្រើន ដល់ការលើកកំពស់ជីវភាពនិងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការ​ ជាបន្តបន្ទាប់ និងគ្រប់ជ្រុង។ ពីមុន​យើងមានតែប្រាក់សោធន។ ឥឡូវយើងមានគោលនយោបាយរបបផ្ទះខ្លះ។ អ្នកដែលអត់ផ្ទះអត់ដី ជាអាទិភាពធំយើងរៀបចំជូន។ កន្លែងខ្លះគាត់មានដីតែអត់ផ្ទះ។ ​​យើងចលនាធ្វើផ្ទះជូននៅហ្នឹងកន្លែង។ ជីវភាព ការព្យាលបាលជំងឺផ្សេងៗ។ អរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចេញបណ្ណ(សំរាប់មើលថែសុខភាព) …​ ឯកឧត្តម ទៀ សី​ហា បានបញ្ជាក់ហើយថាមានសេវាពេទ្យយោធា បន្ថែមទៅលើបណ្ណ ប.ស.ស នេះ។ ពេទ្យភូមិភាគ ពេទ្យ១៧៩ ដែលធ្វើការព្យាបាលជូនដោយមិនគិតថ្លៃ។ បន្ថែមជម្រើសមួយទៀត គឺមានពេទ្យកងទ័ពនៅតាមភូមិភាគ ក្រ​សួង​ការពារជាតិនិងពេទ្យរដ្ឋគ្រប់កន្លែង (ដែលត្រូវប្រើ)បណ្ណ ប.ស.ស។ ខ្ញុំសូមគាំទ្រ ការប្រឹងប្រែងធ្វើដើម្បីផលប្រយោជន៍វិជ្ជមានរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការ កុំអោយតែធ្វើអីប៉ះពាល់ជាអវិជ្ជមានដល់ផលប្រ​យោជន៍ពួកគាត់ ដែលខ្ញុំមិនគាំទ្រ …។

(៩) ផ្តល់ឱកាសដល់អតីតយុទ្ធជនចូលរួមការងារសង្គមតាមរយៈក្រុមប្រឹក្សាឬក្រុមការងារផ្សេងៗ គិតគូរពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកនៅមានក​ម្លាំង និងកូនចៅ

ទី៣ គឺឱកាស។ គឺឱកាសសម្រាប់រស់នៅដោយមិនកាត់ផ្ដាច់។ កុំឱ្យមានអារម្មណ៍ថាចេញពីជួរទៅ ក៏បាត់(ការមើលខុសត្រូវ)ឈឹងតែម្ដង។ គឹនៅបន្តប្រទាក់ក្រឡានិងយកចិត្តទុកដាក់។ ផ្តល់ឱកាសចូលរួមផ្ទាល់ក្នុងការងារសង្គមតាមរយៈក្រុមប្រឹក្សាឬមួយក្រុមការងារផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ អតីតយុទ្ធជនក៏មិនមែនសុទ្ធ​តែវ័យចំណាស់ទាំងអស់ទេ។ យោងតាមច្បាប់របស់យើង អ្នកខ្លះក៏នៅក្មេង តែដាក់អោយចូលនិវត្តន៍ដោយសារស័ក្តិគាត់។ អ្នកខ្លះ ៣០ឆ្នាំជាង អ្នកខ្លះ ៤៨ឆ្នាំជាង យើងគិតចូលជាអតីតយុទ្ធជន។ មានការគិតគូរបណ្ដុះបណ្ដាលនិងព្យាយាមភ្ជាប់គោលការណ៍ឬជួយ។ ក្នុងការបណ្ដុះបណ្ដាលនេះ សូមក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតគូរផ្ដល់ឱកាស/អាហារូបករណ៍សំរាប់ ១លាន ៥សែន នាក់(ជូនពួកគាត់ផង) … គិតគូរពីអតីតយុទ្ធជនយើងដែលនៅមានក​ម្លាំង ហើយកូនចៅរបស់គាត់ផង ដែលត្រូវការរៀន ត្រូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈ … កន្លងទៅយើងបានផ្ដល់អាហារូបករណ៍ជាច្រើន។

(១០) ផ្ដល់អាទិភាពឱ្យកូនចៅយោធិនកំពុងធ្វើការ ឬអតីតយោធិន ចូលបម្រើកងទ័ពបន្តវេនពីឪពុកម្ដាយ

ឱកាសក្នុងការងារនេះ កន្លងទៅ កាលពីខ្ញុំនៅធ្វើជាមេជើងគោក ឆ្នាំ២០១៩យើងបានរើសទ័ពបំពេញឱ្យយោធិនដែលចូលនិវត្តន៍។ កាលនោះជាង ២ពាន់នាក់។ ខ្ញុំបានបង្កើតគណៈកម្មការមួយឱ្យអាទិភាពលើកូនចៅរបស់អតីតយុទ្ធជន កងទ័ព ប៉ូលីស អាវុធហត្ថ​​ CMAC។ យើងរើស​បានដូចជាង ៩​០% សុទ្ធតែបងប្អូ​ន តាមរយៈការប្ដូរគោលការណ៍ឱ្យ​រើសតាម ០១០ ពេលដែលទ័ពរត់ចោលជួរ ឬមួយក៏ទ័ពបោះបង់កម្រិតណាដែលយើងរើសថ្មី។ ខ្ញុំតែងតែចេញគោលការណ៍ឱ្យបណ្ដាយោធភូមិភាគ បណ្ដាអង្គភាពផ្ដល់អាទិភាពដល់កូនចៅរបស់យោធិនដែលកំពុងធ្វើការ ឬអតីតយោធិននៅទីនោះដើម្បីបានចូលបម្រើកងទ័ពបន្តវេនពីឪពុក-ម្ដាយ។

(១១) ក្នុងការរើសទ័ពបំពេញទៅថ្ងៃមុខ សូមផ្តល់អាទិភាពឱ្យអតីតយុទ្ធជននៅហ្នឹងមូលដ្ឋាន

ខ្ញុំសូម​​ផ្ដល់គោលការណ៍ណែ​នាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ទ័ពជើងគោក គ្រប់ប្រភេទទ័ព ក្នុងការរើសទ័ពថ្មីបំពេញទៅថ្ងៃក្រោយ សូមផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន កូនចៅអតីតប៉ូលីស កូនចៅអតីតអាវុធហត្ថ ដើម្បីឱ្យមានឱកាសបំពេញភារកិច្ចបន្តវេនពីឪពុក-ម្ដាយ។ ជាពិសេស ផ្ដោតលើអ្នកមូលដ្ឋានតែម្ដង។ បើរើសទ័ពរើសនគរបាលបំពេញឱ្យទៅភូមិភាគ៥ រកអ្នកដែលនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់។ ​កុំយកអ្នកភ្នំពេញឬមួយកន្លែងផ្សេងទៅ។ បើរើសបំពេញឱ្យយោធភូមិភាគទី២ រកពីខេត្តក្រចេះ … ទ័ពយើងភាគច្រើនមូលដ្ឋាន​តំបន់និយម។ សូមបន្តនូវគោលការណ៍នេះដើម្បីផ្ដល់ឱកាសជាការលើកទឹកចិត្តនិងឱកាសជូនអតីតយុទ្ធជនរបស់យើង។

(១២) ពេលសេដ្ឋកិច្ចល្អឡើងវិញ ពិនិត្យលទ្ធភាពរើសទ័ព ដែលផ្តល់អាទិភាពពី ៥០% ទៅ ៦០% អោយកូនចៅអតីតយុទ្ធ​ជន

កាលពីមុន កូវីដ-១៩ រាជរដ្ឋាភិបាលមានផែនការផ្ដល់គោលការណ៍រើសទ័ពស្មើនិងចំនួនទ័ពដែលចូលនិវត្តន៍។ ដោយសារកូវីដ-១៩ ​​​និងបញ្ហាខ្លះ ចំនួនទ័ពដែលរើសនោះ​ក៏មិនបានច្រើនដូច(ចំនួនចូលនិវត្ត)គ្នា។ ប៉ុន្តែក៏នៅមានការរើសបំពេញមួយចំនួន។ ថ្ងៃមុខ ពេលសេដ្ឋកិច្ចយើងល្អឡើងវិញ យើងនឹងពិនិត្យមើលលទ្ធភាពក្នុងការបង្កើនការរើសទ័ព។ ប៉ុន្តែដែលសំខាន់ គឺមិនថារើសតិចឬច្រើន គួរផ្ដល់អាទិភាព(ដូចបានរៀបរាប់មក)នេះ។ យ៉ាងណាក្តី យើងមិនហាមថាមិនឱ្យយុវជនស្ម័គ្រចិត្តផ្សេង​ទៀត(ចូលបំរើកងទ័ពទេ)។ មិនមែនផ្ដាច់មុខតែកូនចៅអតីតយុទ្ធ​ជនទេ។​ យើងអាចគិត ៥០% ទៅ ៦០% សម្រាប់(ជាកូតា)អាទិភាព។ សល់ ៤០%ទៀត យុវជនផ្សេងទៀតអាចដាក់ពាក្យបាន។ កាលយើងរើសទ័ពនៅនោះអញ្ចឹង។ អ្នកដាក់ពាក្យមានច្រើន។ យើងរើស​ដោយផ្ដល់ឱកាសទាំងកូនចៅអតីតយុទ្ធជន យោធិនដែលកំពុងបម្រើ និងកូនចៅប្រជាពលរដ្ឋធម្មតា​​។

យើងដាក់ទិសដៅមួយចំនួន តែភាគច្រើនដែលជាប់នោះគឺកូនចៅអតីតយុទ្ធជន។ ខ្ញុំថាការគិតគូរបែបនេះគឺសូមបន្តយកចិត្តទុកដាក់។ ខ្ញុំគិតថាកូនចៅអតីតយុទ្ធជនស្រួល ដឹងថាការលំបាកឪយ៉ាងម៉េច? ទាហានឥឡូវ ប៉ូលីសឥឡូវ តើលំបាកប៉ុណ្ណា បើ​ប្រៀបធៀបទៅជំនាន់ឪពុកម្តាយរបស់ខ្លួន?​ អញ្ចឹង បើមានការអី ចង់រត់ចោលជួរ រត់ទៅផ្ទះ ឪពុកម្តាយអាចប្រាប់(ថា) ទៅវិញឱ្យឆាប់។ សម័យឥឡូវទាហានដេកផ្ទះថ្ម នៅព្រំដែនក៏ផ្ទះថ្មដែរ។ ជំនាន់ឪអត់មានអីនៅទេ។ សូមយកចិត្តទុកដាក់លើការផ្តល់ឱកាសបន្ថែម ជាពិសេសការរើសទ័ពថ្មីនេះ ទាំងនគរបាល ទាំងអាវុធហត្ថ ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ហើយភាគច្រើនជើងគោក (ព្រោះ) ជើងគោកទ័ពធំ ហើយនៅគ្រប់ហ្នឹងកន្លែង។ អញ្ចឹងគឺសូមពិនិត្យយោបល់នេះ ហើយផ្តល់អាទិភាពនៅមូលដ្ឋានតែម្តង។

(១៣) សមាគមអតីតយុទ្ធជនបង្កើតនៅឆ្នាំ ២០០៧ ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់គោលនយោបាយតាំងពីដើមរៀងមក ព្រោះបានកំណត់ពីធន​ធានមនុស្ស និងធនធានថវិកា

សូមយកឱកាសនេះអរគុណដល់សមាគមអតីតយុទ្ធជន។ ការរៀបចំសមាគមអតីតយុទ្ធជននេះគឺសំដៅដោះស្រាយបញ្ហា ៣ (ខាងលើ)នេះ បន្ថែមទៅលើអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ គោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អតីតយុទ្ធជន និងមន្ត្រីរាជការ មិនមែនមានត្រឹមឆ្នាំ២០០៧ ទេ។ សមាគមបង្កើតឆ្នាំ ២០០៧ ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់គោលនយោបាយ(តាំងពីដើមរៀងមក) ដោយសាររាជរដ្ឋាភិបាលមានកំណត់ពីធន​ធានមនុស្ស និងធនធានថវិកា។ អញ្ចឹងហើយ យើងបង្កើតសមាគមអតីតយុទ្ធជនដើម្បីកៀរគរបន្ថែម។ នៅដំ​ណាក់កាលទី ១ ហើយជាមោទនភាពរបស់ខ្ញុំដែលបានចូលរួមផ្ទាល់ក្នុងការរៀបចំកែសម្រួលនៅឆ្នាំ ២០១៥។ ពេលដែលខ្ញុំនៅជាបញ្ជាការរងកងទ័ពជើងគោក បានប្រជុំច្រើនជាមួយថ្នាក់ដឹកនាំអគ្គបញ្ជាការជំនាន់នោះគឺឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ហើយតែងជួបជាមួយនាយទាហានជាថ្នាក់ដឹកនាំ។ យើងនិយាយឱ្យសាមញ្ញ ពូៗនៅអគ្គបញ្ជាការនិងនៅក្រសួង។​​ គាត់តែងតែលើកថាយន្តការរបស់យើងប្រទាក់ក្រឡាជាមួយអតីតយុទ្ធជន ហើយយើងពិនិត្យមើលដើម្បីយើងពង្រឹងបន្ថែម។

(១៤) ឬមួយរៀបចុះអង្គភាពទ័ពបម្រុង ឬមួយអភិវឌ្ឍសមាគមអតីតយុទ្ធជនដែលមានស្រាប់

យើងគិតមើលថា តើមានយន្តការអីខ្លះ។ កាលនោះមានគិតគូរ ២ជម្រើស។ ជម្រើសទី១ ដែលយើងគិតគូរមាន ការរៀបចំជាអង្គភាពទ័ពបម្រុងមួយដែលអតីតយុទ្ធជនចូលទៅក្នុងហ្នឹង។ គោលដៅគឺសម្រាប់ថែទាំគាត់ ប្រទាក់ក្រឡាទេ។ ប៉ុន្តែការរៀបចំបែបនេះគឺពិបាកក្នុងការអនុវត្ត។ អញ្ចឹង មើលជំរើសមួយទៀត គឺយើងមានសមាគមអតីតយុទ្ធជនស្រាប់ បង្កើតឆ្នាំ ២០០៧។​ ខ្ញុំបានជួបឯកឧត្តម អ៊ិត សំហេង។ ពេលនោះសមាគមយើងអត់ដូចឥឡូវទេ។ សមាគមអតីតយុទ្ធជនពេលនោះគឺក្រសួងសង្គមកិច្ចដើរតួនាទីសំខាន់ជាអាណាព្យាបាល។ គ្រាបង្កើតដំបូងដើរដាក់ជ្រកនៅក្រសួងសង្គមកិច្ច ហើយមន្ត្រីសង្គមកិច្ចពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុកជួយថែទាំ។ មន្ត្រីសង្គមកិច្ចខិតខំប្រឹងប្រែង ប៉ុន្តែលទ្ធភាពអត់គ្រប់។ កន្លែងខ្លះការិយាល័យស្រុកអត់មានផង។ ខេត្តខ្លះ (មាន) មន្ត្រីតិច។ អញ្ចឹងការបើកប្រាក់ ការប្រទាក់ក្រឡាអត់ជាប់។

(១៥) ឆ្នាំ ២០១៥ កែសម្រួលលក្ខនិ្តកៈសមាគមអតីតយុទ្ធជន ឱ្យកងកម្លាំងប្រដាប់អាវុធចូលរួមដោយផ្ទាល់ថែទាំអតីតកងកម្លាំងប្រដាប់អាវុធ

អញ្ចឹងវាលេចចេញជាបញ្ហា ២។ បញ្ហា ១ គឺការភ្ជាប់ និងលទ្ធភាពភ្ជាប់ជាមួយនឹងអតីតយុទ្ធជនរបស់រដ្ឋរបស់យើងមានការលំបាក។ ពេលនោះមិនទាន់មាន ATM ទេ។ ការបើកប្រាក់ក៏លំបាកនិងយឺតយ៉ាវ។ មួយទៀត អតីតយុទ្ធជនមានអារម្មណ៍ថារងា។ រងាយ៉ាងម៉េច? ថា ធ្វើទាហានមួយជីវិត ធ្វើនគរបាលមួយជីវិត ដល់ពេលចូលនិវត្តន៍ទៅឱ្យក្រោមការដឹកនាំគ្រប់គ្រងរបស់ស៊ីវិលវិញ។ ​ពេលនោះ ទាហាននៅក្នុងសមាគមអតីតយុទ្ធជនតែរូបភាពជាក្របខ័ណ្ឌកិត្តិយសទេ។ នៅតាមខេត្ត យោធាខេត្តអី ចូលដូចជាកិត្តិយស មិនចូលក្នុងក្របខ័ណ្ឌរចនាសម្ព័ន្ធដឹកនាំទេ។ ជជែកជាមួយឯកឧត្តម អ៊ិត សំហេង ឯកឧត្តម មាស សាវន និងសុំគោលការណ៍ជជែកជាមួយឯកឧត្តម ប៉ុល សារឿង។ ពូៗ ជាច្រើនបានឯកភាពគ្នាថា យើងប្រើយន្តការអតីតយុទ្ធជន ប៉ុន្តែត្រូវកែសម្រួល ដើម្បីឱ្យកងកម្លាំងប្រដាប់អាវុធមានឱកាសចូលរួមដោយផ្ទាល់ ក្នុងការថែទាំអតីតកងកម្លាំងប្រដាប់អាវុធ។ ដូចហ្នឹងហើយ បាននៅឆ្នាំ ២០១៥ យើងសម្រេចកែសម្រួលលក្ខនិ្តកៈសមាគមអតីតយុទ្ធជន រៀបចំឱ្យអ្នកដែលដឹកនាំខេត្ត ស្រុក សមាគមអតីតយុទ្ធជននេះ មានប្រភពភាគច្រើនគឺពីកងកម្លាំងប្រដាប់អាវុធ ដោយយើងអាចបន្ថែម នគរបាល អាវុធហត្ថ និងកងទ័ពចូលក្នុងរចនាសម្ព័ន្ធដឹកនាំពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក …។

(១៦) ដើម្បីឱ្យសមាគមអតីតយុទ្ធជនកម្ពុជាដើរដោយប្រសិទ្ធភាព ត្រូវការអ្នកសកម្មធ្វើការជាអគ្គលេខាធិការ

ដោយហេតុនេះហើយ បានជានៅតាមខេត្ត យើងមាននគរបាល មាន PM អាវុធហត្ថ កន្លែងខ្លះមានយោធាខេត្តជាប្រធាន ប្រទាក់ក្រឡាចូលមកដល់ពេលនេះ។ (ការកែសំរួល)រចនាសម្ព័ន្ធតាំងពីឆ្នាំ ២០១៥ បានដើរនិងជួយដោះស្រាយគោលនយោបាយ និងពង្រីកលទ្ធភាព(ដោះស្រាយសេចក្តីត្រូវការ) … ឥឡូវយើងមាន ៤ អង្គភាព គឺនគរបាល អាវុធហត្ថ កងទ័ព និងសង្គមកិច្ច ចូលរួម។ ការរៀបចំបែបនេះដើម្បីធ្វើការងារ និងដើម្បីអោយមានចដំណើរការ។ យ៉ាងណាក្តី ការរៀបចំរចនាសម្ព័ន្ធនេះនៅមិនទាន់គ្រប់ទេ។ ដើម្បីឱ្យយន្តការនេះដើរ(កាន់តែមានប្រសិទ្ធភាព) ត្រូវរកអ្នកដែលសកម្មធ្វើការងារ។ ខ្ញុំចាំថាពេលនោះពិបាក Lobby ជាងគេគឺ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ឱ្យធ្វើជាអគ្គលេខាធិការនៃ ស.អ.ក។ ខ្ញុំ Lobby គាត់តាំងពី អូរអាល័យ អូរតាង៉ាវ … តែខ្ញុំដឹងគន្លឹះមួយថា បើខ្ញុំ Lobby គាត់ត្រង់ភ្លាមដឹងតែអត់បានហើយ។ កាលហ្នឹងគាត់នៅប្រធានអគ្គបញ្ជាការឯកភាព នៅសមរភូមិមុខ។ គាត់រវល់ណាស់។ ទាល់តែយកញញួរធ្ងន់។ កាលហ្នឹងខ្ញុំត្រឹមរងជើងគោក។ ទៅដាក់គោលការណ៍ជូននាយសេនាធិការចំរុះយ៉ាងម៉េច។ អញ្ចឹងយករូបមន្តទៅ Lobby សម្តេចតេជោមុន។ ព្រោះបើសិនជារៀបហើយ មានតែរចនាសម្ព័ន្ធ សមាគមអត់មានចលនាទេ។ អាចថាបានត្រឹមតែប្រជុំបូកសរុបប្រចាំឆ្នាំ។ ខ្ញុំចាំថាថ្ងៃហ្នឹងចុះមើលភូមិសាស្រ្តនៅអូរអាល័យ អូរតាង៉ាវ ហ្នឹងហើយនៅតំបន់ចរចា ដំបូងសាកសួរថា ពូ ឥឡូវសមាគមរៀបហើយត្រូវការពូជួយលេខាធិការថែមផង។ គាត់ថាអត់ទេ ជាប់ហើយ។ ដូចខ្ញុំគិតមែន តែខ្ញុំគិតបានមួយជំហានមុន។ ពុកគាត់ឯកភាពឲ្យពូធ្វើ។ គាត់ថា “បើពុកឲ្យពូធ្វើ ពូធ្វើ”។ គិតត្រូវ ដើរមួយជំហានមុន។

(១៧) សមាគមអតីតយុទ្ធជនកម្ពុជា ប្រទាក់ក្រឡាអតីតយុទ្ធជនរាប់ម៉ឺនរាប់សែន ជាសមិទ្ធផលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ខ្ញុំសូមអរគុណចំពោះការខិតខំចលនា ខិតខំគ្រប់បែបយ៉ាងនៅក្នុងប៉ុន្មានឆ្នាំនេះ។ ខ្ញុំនិយាយត្រង់ កាលឆ្នាំ ២០១៥ យើងចុះជួបជាមួយនឹងអ៊ំ ពូ មីង បងប្អូនមួយចំនួន មិនងាយស្រួលទេ។ កន្លែងខ្លះចូលទៅដំបូង អ៊ំៗគាត់ថាឲ្យ បាត់ទៅណាសមាគមទើបអើតមក។ អត់បាត់ទេ កំពុងរៀបចំ កំពុងគិត។ គ្រាន់តែលទ្ធភាពកាលនោះមិនជាប់។ អញ្ចឹង ២០១៥ ត្រឡប់មកនេះ មានចលនាផុសផុលណាស់។ ខ្ញុំសូមអរគុណទៅដល់សមាគមអតីតយុទ្ធជនទាំងថ្នាក់ជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ថ្នាក់ដឹកនាំកម្រិតជាតិបូកជាមួយនឹងថ្នាក់ដឹកនាំរាជធានីខេត្តទាំងអស់បានធ្វើការងារយ៉ាងសកម្ម។ បើគ្មានការងារសកម្មបែបនេះ ចលនាយើងមិនអាចផុសផុល ហើយដែលអតីតយុទ្ធជនរាប់ម៉ឺនរាប់សែនអ្នកត្រូវបានប្រទាក់ក្រឡាជាមួយបានទេ។ នេះគឺជាសមិទ្ធផលដែលកើតចេញពីការយកចិត្តទុកដាក់ពិតប្រាកដរបស់សមាគមអតីតយុទ្ធជន របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំអរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សប្បុរសជនទាំងអស់ក្នុងការជួយ។ ថវិកាជាតិយើងតម្លើងបានបៀវត្សតែមិនអាចតម្លើងបានគ្រប់។ យើងត្រូវបែងចែកប្រើគ្រប់មុខ។ ​​យើងតម្លើងបន្តិចម្តងៗ ប៉ុន្តែទំហំតម្រូវការច្រើន។

(១៨) រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តដឹកនាំ/ជំរុញជួយអតីតយុទ្ធជន/មន្រ្តីរាជការតាមលទ្ធភាពជារៀងរហូត

ជួបជាមួយនឹងឯកឧត្តម វង សូត ដំបូងនិយាយអំពីថាតើយ៉ាងម៉េច? គាត់ថាក្មួយអើយ ឥឡូវពូកំពុងជំពាក់ ១ លាន ៣ សែនដុល្លារ ដោយសារអ្នកដែលបានទទួលមរណៈភាព ក្នុងម្នាក់ត្រូវជូន ៤លានរៀល។ (អញ្ចឹង ១៣០០នាក់)។ គ្រាន់តែយើងរៀបចំយន្តការនេះចេញភ្លាម ចាប់ផ្តើមឡើង ២០០០ ជាងក្នុងពេលតែមួយ ព្រោះពីមុនដាក់ទៅយូរមិនដែលបាន ឥឡូវចាប់ផ្តើមបាន។ ការរៀបចំចលនានេះធំណាស់ ដើម្បីដោះស្រាយគោលនយោ​បាយ ការរៀបចំផ្ទះ ការរៀបចំគោលនយោបាយអាទិភាពផ្សេងៗ ជូនអតីតយុទ្ធជនដែលជាលក្ខណៈពិសេសតាមសមាគមនេះដែលបានធ្វើការងារជាច្រើន។ នេះគឺជាអ្វីដែលយើងធ្វើពិតមិនមែនត្រឹមតែនិយាយថាគិតពីជីវភាព គិតពីកិត្តិយស គិតពីឱកាសនោះទេ។ យើងបានធ្វើហើយ និងបន្តធ្វើទៀត។ រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះនឹងបន្តដឹកនាំ នឹងជំរុញការជួយដល់អតីតយុទ្ធជន អតីតមន្រ្តីរាជការតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេសមានឱកាសដឹកនាំប្រទេសនឹងបន្តជួយរហូតអត់ចប់។

(១៩) ជំនាន់កូនចៅអតីតយុទ្ធជន ទោះបីធ្វើទាហានឬមិនធ្វើទាហាន ក៏មិនមែនរស់​ក្នុងសម័យគ្រាប់ប្លោង

នេះជាការថ្លែងអំណរគុណចំពោះការជឿទុកចិត្ត ការចូលរួមនៅក្នុងការកសាងរំដោះប្រទេស ការការពាររួបរួមដើម្បីធានានូវសុខសន្តិភាព ស្ថេរភាព។ លោកអ៊ំ ពូមីងនៅទីនេះ បានធ្វើការងារច្រើន បានលះបង់ច្រើន ហើយខ្ញុំជឿថាលោកអ៊ំ ពូ មីង ក៏សប្បាយចិត្តដែរដែលថា ជំនាន់កូន ជំនាន់ចៅ ទោះបីធ្វើទាហាន មិនធ្វើទាហានមិនមែនរស់នៅ​ក្នុងសម័យគ្រាប់ប្លោង។ តំបន់ដែលយើងធ្លាប់វាយគ្នា ពេលខ្លះនៅផ្ទះជិត​គ្នាជាមួយនឹងគូបដិបក្ខកាលពី ២០ ឆ្នាំមុន។ ជាអង្គភាពជល់គ្នា រកតែសម្លាប់គ្នារាល់ថ្ងៃ។ តែឥឡូវនៅជាមួយគ្នា។ នេះជាកិច្ចការសំខាន់ ថ្ងៃមុនខ្ញុំទៅបាត់ដំបង បានជួបអ៊ំម្នាក់អាយុ ៦០ ឆ្នាំជាង។ មានក្មេងម្នាក់អាយុ ៤ឆ្នាំ។ ខ្ញុំសួរគាត់ថាចៅ? អត់ទេកូន។ ខ្ញុំថារួចកូនប៉ុន្មាន? កូន ៨ នាក់។ គាត់ថាអាយុ ៦០ ជាងអត់អីធ្វើនៅលេងៗ ទៅវាបានមក។ តែកូនគាត់បានទៅរៀន។ កូនធំៗមានប្តី ប្រពន្ធ មានការងារ។ តំបន់ច្រើនណាស់ដែលវាយគ្នា ឥឡូវទៅជាចំការ។ ទៅភូមិភាគ ៥ ភូមិភាគ ៤ មានច្រើន។

(២០) បណ្តារាជធានីខេត្តបន្តជួយផ្តល់ដីសាងសង់ស្នាក់ការ សអក និងសូមចូលរួមចលនាធ្វើផ្ទះជូនអតីតយុទ្ធជន

អំពីចលនាសាងសង់ផ្ទះ ទី១ បន្តសូមបណ្តារាជធានីខេត្តរបស់យើងនៅទីនេះបន្តជួយផ្តល់ដីដល់សមាគមអតីតយុទ្ធជនដើម្បីធ្វើស្នាក់ការបន្ថែមទៀត។ នៅសល់ ១២ ខេត្ត។ សូមបន្តជួយ។ អង្កាលខ្ញុំនៅជើងគោក ឯកឧត្តមនាយឧត្តមសេនីយ៍ ចេះតែចង់បេះពីជើងគោក។ ខ្ញុំថាពូ កងទ័ពជើងគោកអត់សូវមានដែរ។ បន្តិចទៀត ទ័ពរីកច្រើនណាស់។ ឥឡូវទ័ពមិនទាន់ពេញក្របខ័ណ្ឌ បន្តិចទៀតពេញ វានឹងពិបាក។ បន្តិចទៀតត្រូវការបំពាក់អាវុធ បំពាក់រថយន្ត បំពាក់អីច្រើនដល់កងទ័ព។ អត់កន្លែង។ ទៅជួយបេះពីខេត្តៗ ដីច្រើន។ ឥឡូវខេត្តជួយបន្តជួយផ្តល់ឲ្យបន្ថែម។ អត់យកទៅធ្វើទ្រព្យសម្បត្តិរបស់ឯកឧត្តម គន់ គីម ទេ គឺធ្វើសម្រាប់ស្នាក់ការផ្តល់សេវា និងទំនាក់ទំនងជូនអតីតយុទ្ធជន។ ហើយអតីតយុទ្ធជនមិនមែនតែលោកអ៊ំ ពូ មីងនៅទីនេះទេ គឺនឹងមានបន្តហូរហែ។ អ្នកដែលនៅអង្គុយទីនេះមិនទាន់ចប់មុខនាទី នៅជាកងទ័ពជាកងរាជអាវុធហត្ថ ជាប៉ូលីស តែបន្តិចទៀតចប់ទៅជាអតីតយុទ្ធជនដូចគ្នាទេ។ អញ្ចឹងគឺនឹងបន្តតទៅទៀត … បើថាមានឲ្យទាំងដី បើថាមានលទ្ធភាពជួយទាំងស្អីខ្លះថែមទៀតផងតាមខេត្ត ជួយចលនាផង ព្រោះខេត្តអាចមានលទ្ធភាពជួយចលនាដល់សប្បុរសជននៅហ្នឹងមូលដ្ឋាន។ ដូចយើងជួយនៅក្នុងកាកបាទក្រហមអញ្ចឹង ជួនកាលសមាគមអត់ច្រើនប៉ុន្មានទេ ជួយគ្នាទៅក្នុងនេះ។

ទី២ គឺចលនាធ្វើផ្ទះបន្ថែម។ យើងត្រូវបន្តធ្វើ។ ខ្ញុំទើបតែស៊ីញ៉េថ្ងៃមុន ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អំពីការរៀបចំយន្តការដីធ្លីនេះឡើងវិញ រៀបចំគណៈកម្មការឡើងវិញ។ កាលមុនឯកឧត្តម ជា សុផារ៉ា ជាប្រធាន។ ឥឡូវឯកឧត្តម សាយ សំអាល់ ឯកឧត្តម គន់ គីម នៅទីនេះ … អ្នកធ្វើផ្ទះ ថ្ងៃក្រោយសូមបន្ថែមបង្គន់ផង។ ឡើងគម្រោងមកភ្លេចបង្គន់។ ភាគច្រើន ខ្ញុំអ្នកចេញបង្គន់។ សប្បុរសជនចេញផ្ទះ។ ខ្ញុំថាដាក់ទាំងអស់តែម្តងទៅ។ បើធ្វើនៅហ្នឹងអត់មានបង្គន់ ដល់ម៉ោងឲ្យគាត់កាន់ចបទៅណា? យើងបូកជាមួយគ្នាតែម្តង … ខ្ញុំឯកភាពជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អ្នកដែលដាក់ពាក្យមានច្រើន។ យើងគួរផ្តល់អាទិភាព ដល់អ្នកដែលអត់មែនទែន។ យើងឲ្យអាទិភាពមុន។ ចាប់ឆ្នោតដើម្បីយើងពិនិត្យមើល។ ប៉ុន្តែ យើងនឹងព្យាយាមដើម្បីពង្រីកលទ្ធភាព ធ្វើឲ្យមានតម្លាភាព និងសមធម៌។ ការធ្វើផ្ទះ និងការផ្តល់ដីជូនអតីតយុទ្ធជនគឺជាផ្នែកមួយនៃការដោះស្រាយគោលនយោបាយធំណាស់។ សម្រាប់ប្រជាជន មានការស្នើសុំតាមយន្តការខេត្ត។ ប្រជាពលរដ្ឋដែលអត់មានដី ដីសម្បទានសង្គមកិច្ចផ្សេងៗ។ ការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងអតីតយុទ្ធជន អតីតមន្រ្តីរាជការ ដែលយើងបានខិតខំរួមគ្នាធ្វើនៅក្នុងពេលកន្លងទៅនេះ គឺផ្តល់ផលផ្លែផ្កាជាច្រើន។

សូមអរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានផ្តល់ការទុកចិត្តត្រឡប់មកវិញដល់សម្តេចតេជោនាពេលកន្លងមក តាមរយៈការគាំទ្រដល់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងទៅនេះ។ មានតែការជឿទុក​ចិត្តទៅដល់ការដឹកនាំគាំទ្ររបស់រាជរដ្ឋាភិបាលអាណត្តិមុន ដឹកនាំដោយសម្តេចតេជោដែលធ្វើគ្រប់បែបយ៉ាងតាមលទ្ធភាពដែលយើងធ្វើបាន ទើបបង្កើតជាផលប្រយោជន៍ថ្មីៗ ជូនអតីតយុទ្ធជន ដែលបានទទួលត្រឡប់មកវិញនូវការជឿទុកចិត្តបន្ត និងផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តបម្រើដល់លោកអ៊ំ ពូ មីង បងប្អូន តទៅទៀត។ នេះគឺជាការអរគុណ ហើយយើងនឹងបន្តធ្វើកិច្ចការរួមគ្នាបន្តទៅទៀត។

[ចប់សេចក្តីអធិប្បាយ ៣]

ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និង បានដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយ, ខ្ញុំសូម​ផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិស ធានាដល់ការសម្រេចបាននូវគោលដៅ ជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖

ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈកម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ដ និង បន្តចុះប្រមូលទិន្នន័យ អំពីស្ថានភាពជីវភាពបញ្ហាប្រឈម និង តម្រូវការរបស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការស៊ីវិល និង គ្រួសារ, និង រៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជនឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្ដល់នូវសេវាគាំពារសុខុ​មាល​ភាព​អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ។

ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្ដអនុវត្ដឱ្យបានល្អ និងមានប្រសិទ្ធភាព ក្នុងការបើកផ្ដល់របបសន្ដិសុខសង្គមសម្រាប់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន និង ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់ឧបត្ថម្ភបូជាសព និង ប្រាក់ឧបត្ថម្ភមួយលើក, តាមរយៈ មូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំជំរុញការអនុវត្ដគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និង គ្រួសារ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគ​សាធារណៈ របស់រាជរដ្ឋាភិបាល ។

ទី៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ដជំរុញការអនុវត្ដគោលនយោបាយ ស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារឱ្យកាន់តែមានប្រសិទ្ធភាព ។

ទី៤. សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវបន្ដពង្រឹង ពង្រីកសកម្មភាពសមាគមតាមស្មារតីនៃសេចក្ដីសម្រេចចិត្ដរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី ២ ។ សមាគម​អតីតយុទ្ធជនកម្ពុជា ត្រូវបន្ដធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទី អតីតយុទ្ធជនក្នុងសង្គម និង លើកទឹកចិត្ដឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និង ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមក្នុងចលនាប្រឡងប្រណាំង ៣ ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និង ប្រទេសជាតិ ។

ទី៥. ក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរដែនដី និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន, ជាពិសេស ត្រូវយកចិត្ដទុកដាក់ជួយឧបត្ថម្ភគាំទ្រ ដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក ។

នៅទីបញ្ចប់, ជាមួយនឹង ការអបអរសាទរគម្រប់ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នំា២០២៤ នាពេលនេះ, ខ្ញុំសូមជូន​​ពរ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, លោកតា លោកយាយ, អ៊ំ ពូ មីង និង បងប្អូនអតីតយុទ្ធជនទាំងអស់, សូមប្រកបនូវពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។ សូមអរគុណ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៤]

ឧបត្ថម្ភកម្មវិធី

ថ្ងៃនេះ មានការរៀបចំជូនគណៈកម្មការរៀបចំពិធី ថវិកា ២០លានរៀល។ ជូនសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជា ដែលចូលរួមព្រឹកនេះ ៥៨២នាក់ ម្នាក់ៗថវិកា ៥០ម៉ឺនរៀល។ ជូននិស្សិតសាកលវិទ្យាល័យការពារជាតិ ១០០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យការពារជាតិ ថវិកា ១០លានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៣លានរៀល។

ខ្ញុំផ្ទាល់និងគ្រួសារ សូមចូលរួមផ្ដល់ ៥០ផ្ទះ។ សង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ានៅទីនេះ មិនបានចូលរួម សូមបន្តចូលរួមកសាងផ្ទះជូនអតីតយុទ្ធជនឱ្យបានច្រើន។ ឥឡូវនៅ(ត្រូវការ) ២០០០ផ្ទះ? ផ្ទះខ្វះ ២០០០ ក្នុងផែនការ។ បានជិត ៣០០ផ្ទះ(ហើយ) ថែម ៥០ផ្ទះ បានជាង ៤០០ផ្ទះ។ អញ្ចឹងអាចមានបន្ថែមទៀត អាច(មានឧបត្ថម្ភ)បណ្ដើរតទៅទៀត ដើម្បីជួយគ្នាកសាងទៅលើកិច្ចការនេះ។

សូមអរគុណសាជាថ្មី ហើយសូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា ក៏ដូចជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងអស់ មន្រ្តីរាជការ ដែលបានចូលរួម ជាពិសេស លោកអ៊ំ ពូមីង បងប្អូនអតីតយុទ្ធជន និងគ្រួសារ ដែលបានចូលរួមនៅទីនេះ សូមសមប្រកបទៅដោយសេចក្ដីសុខ សេចក្ដីចម្រើន ទទួលបានពុទ្ធពរនិងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

អត្ថបទទាក់ទង