សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ព ត្រូវប្តេជ្ញាថែរក្សាសុខសន្តិភាព និងទប់ស្កាត់ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិយើង ទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសនានាឱ្យបានទាន់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង សមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំ នូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកលនិងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបន្តធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទចាប់ពីស្ថាប័នថ្នាក់ដឹកនាំបញ្ជា រហូតដល់កងឯកភាពឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវបំផុត៕