Grand News Asia Close

វិភាគអន្តរជាតិ៖ ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង តើលោក ពូទីន ចង់បានអ្វីពីលោក គីម ជុងអ៊ុន?​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 433
វិភាគអន្តរជាតិ៖ ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង តើលោក ពូទីន ចង់បានអ្វីពីលោក គីម ជុងអ៊ុន?​ វិភាគអន្តរជាតិ៖ ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង តើលោក ពូទីន ចង់បានអ្វីពីលោក គីម ជុងអ៊ុន?​

(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ក្នុងពេល២៤ឆ្នាំ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ដើម្បីពង្រឹងសម្ព័ន្ធភាពថ្មីមួយទើបលេចចេញជាពន្លក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលត្រូវលោកខាងលិចចោទប្រកាន់ថាបានជួយរុស្ស៉ី ក្នុងសង្រ្គាមនៅ អ៊ុយក្រែន។ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានព្យាយាមដាក់ទណ្ឌកម្មឱ្យរុស្ស៉ី និងកូរ៉េខាងជើងឯកោនៅលើឆាកអន្តរជាតិ ប្រទេសទាំង២នេះបានខិតកាន់តែជិតគ្នាទាំងពាណិជ្ជកម្ម និងយោធា។ កងកម្លាំងរុស្ស៉ីត្រូវបានរាយការណ៍ថាអាចបាញ់គ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ក្នុងមួយថ្ងៃ លើកងកម្លាំងអ៊ុយក្រែន ដោយមានការផ្គត់ផ្គង់ពីកូរ៉េខាងជើង ស្របពេលកូរ៉េខាងជើងវិញអាចនឹង ទទួលបានជំនួយជាបច្ចេកវិទ្យាយោធា ជាថ្នូរត្រឡប់មកវិញ ដែលអាចនឹងក្លាយជារឿងឈឺក្បាលកាន់តែខ្លាំងសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងតំបន់អាស៊ីបូព៌ា។

* ហេតុអ្វីលោក ពូទីន ទៅជួបលោក គីម ដល់ព្យុងយ៉ាង?
តាមក្រុមអ្នកវិភាគលោកខាងលិច លោក ពូទីន នៅតែត្រូវការការជួយពីកូរ៉េខាងជើង ហើយលោកចង់បង្ហាញការអរគុណដោយផ្ទាល់ទៅកាន់លោក គីម ជុងអ៊ុន សម្រាប់ការផ្គត់ផ្គង់អាវុធឱ្យយោធារបស់ លោកយកទៅប្រើក្នុងសង្រ្គាមអ៊ុយក្រែន។ លោក គីម ជុងអ៊ុន បានអញ្ជើញលោក ពូទីន ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នៅពេលដែលមេដឹកនាំទាំង២ ជួបគ្នាក្នុងប្រទេសរុស្ស៉ីកាលពីខែកញ្ញា ឆ្នាំ២០២៣។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចេញរបាយការណ៍អះអាងជាបន្តបន្ទាប់ថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី យកទៅប្រើក្នុងសង្រ្គាមប្រឆាំងនឹង អ៊ុយក្រែន ហើយថាឃ្លាំងអាវុធរបស់កូរ៉េខាងជើង មានអាវុធ និងគ្រឿងបន្លាស់សល់ពីសម័យសូវៀតដែលស័ក្តិសមទៅនឹងអាវុធដែលកងទ័ពរុស្ស៉ីកំពុងប្រើប្រាស់សព្វថ្ងៃនៅលើសមរភូមិ។ ក៏ប៉ុន្តែ​ ទាំងរុស្ស៉ី និងកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងម្ដងហើយម្ដងទៀតថាប្រទេសទាំង២ មិនបានចុះកិច្ចព្រមព្រៀងអាវុធណាមួយនោះឡើយ។

* តើរុស្ស៉ីចង់បានអ្វី?
អ្វីដែលរុស្ស៉ីចង់បាន នោះគឺគ្រាប់កាំភ្លើងធំ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី និងគ្រឿងបន្លាស់មួយចំនួនសម្រាប់ប្រព័ន្ធអាវុធសល់ពីសម័យសូវៀតដែលកងទ័ពរុស្ស៉ី បាន និងកំពុងប្រើក្នុងសង្រ្គាមអ៊ុយក្រែនដូចជារថក្រោះ T-54 និង T-62។ រុស្ស៉ីកំពុងត្រូវការការគាំទ្រផ្នែកសព្វាវុធជាចំាបាច់ ជាពិសេសក្នុងពេលដែលជំនួយយោធាថ្មីទំហំរាប់ពាន់លានដុល្លារពី សហរដ្ឋអាមេរិក និងប្រទេសអ៉ឺរ៉ុបជាដៃគូ កំពុងត្រូវបានប្រគល់ទៅឱ្យអ៊ុយក្រែន។

* តើកូរ៉េខាងជើងវិញចង់បានអ្វី?
កូរ៉េខាងជើង ត្រូវការជំនួយជាច្រើន រាប់ចាប់ពីលុយ ទំនិញ និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍគម្រោងនាវាមុជទឹក និងផ្កាយរណបស៊ើបការណ៍យោធា។ ក្នុងកាលៈទេសៈសព្វថ្ងៃ ជំនួយគាំទ្រទាំងនោះពិតជា មានសារៈសំខាន់បំផុតចំពោះកូរ៉េខាងជើង ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច។ សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវបានវាយតម្លៃថាមានទំហំ ២៤.៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយចំណូល របស់ប្រជាជនកូរ៉េខាងជើង ក្នុងម្នាក់គឺស្មើប្រហែលនឹង ៣.៤ភាគរយប៉ុណ្ណោះនៃប្រាក់ចំណូលរបស់ប្រជាជនកូរ៉េខាងត្បូង។ បច្ចុប្បន្ន រុស្ស៉ីបានផ្ដល់ឱ្យកូរ៉េខាងជើង នូវស្បៀងអាហារ រ៉ែកម្រ និងបរិក្ខារ ប្រើប្រាស់ក្នុងការផលិតអាវុធ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Wonsik ដោយបន្ថែមថាប្រសិនបើការផ្ទេរអាវុធកាន់តែរីកធំ នោះរុស្ស៉ីអាចនឹងផ្ដល់បច្ចេកវិទ្យាយោធាបន្ថែមឱ្យ កូរ៉េខាងជើង។ ចំណូលរបស់កូរ៉េខាងជើងពីការផ្គត់ផ្គង់អាវុធ​ឱ្យរុស្ស៉ីត្រូវបានប៉ាន់ស្មានថាមានទំហំរាប់ពាន់លានដុល្លារ ហើយនេះអាចនឹងក្លាយជាការជំរុញដល់សេដ្ឋកិច្ចកូរ៉េខាងជើងដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាចកាលពីឆ្នាំ២០១១ និងលើសជំនាន់ឪពុក និងជីតារបស់លោក គីម ទៅទៀត។

ម្យ៉ាងវិញទៀត ដំណើរទស្សនកិច្ចរបស់លោក ពូទីន ក៏ជាសារនយោបាយមួយដ៏មានសារៈសំខាន់សម្រាប់លោក គីម ជុងអ៊ុនផងដែរ ក្នុងការបង្ហាញពី «ឥទ្ធិពលយ៉ាងរឹងមាំមួយរបស់លោកលើឆាកអន្តរជាតិ» ទៅកាន់ប្រជាជនកូរ៉េខាងជើង។

* តើជំនួបរវាងលោក គីម និងលោក ពូទីន មានឥទ្ធិពលអ្វីលើសង្គ្រាមនៅអ៊ុយក្រែន?
កាលពីប៉ុន្មានខែថ្មីៗនេះ លោក គីម ជុងអ៊ុន បានធ្វើអធិការកិច្ចទៅកាន់រោងចក្រផលិតអាវុធនៅក្នុងស្រុក និងដឹកនាំការធ្វើតេស្ដអាវុធស្ទើរជាប្រចាំ ដែលត្រូវបានកូរ៉េខាងត្បូងនិយាយថាលោក គីម អាចនឹង បញ្ជូនអាវុធទាំងនោះទៅឱ្យរុស្ស៉ី។ អាវុធទាំងនោះរួមមានយានទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះ ២៤០មីលីម៉ែត្រ ជាប្រភេទអាវុធដែលក្រុមអ្នកជំនាញអាវុធជឿថាជាប្រព័ន្ធមីស៊ីលបំពាក់ GPS និងអាចបាញ់បាន ចម្ងាយចន្លោះពី៤០គីឡូម៉ែត្រដល់៦០គីឡូម៉ែត្រ។ កូរ៉េខាងជើងក៏បានធ្វើតេស្ដផងដែរ មីស៊ីលបាលិស្ទីគបាញ់បានចម្ងាយ១១០គីឡូម៉ែត្រ។ យោធាអ៊ុយក្រែនកំពុងទទួលបានអាវុធបន្ថែមពីសហរដ្ឋអាមេរិក រួមមានមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ជាដើម។ អ្នកជំនាញអាវុធ លោក Joost Oliemans បាននិយាយថាប្រព័ន្ធអាវុធកូរ៉េខាងជើងអាចជួយប៉ះប៉ូវឱ្យរុស្ស៉ី ក្នុងពេលអ៊ុយក្រែនកំពុងបង្កើនការប្រើប្រាស់ មីស៊ីល ATACMS និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះមានបំពាក់ GPS (GMLRS) ដែលមានប្រសិទ្ធិភាពខ្ពស់នៅលើសមរភូមិ។ អ្នកជំនាញរូបនេះបន្តទៀតថាអាវុធកូរ៉េខាងជើង ប្រហែលជាមិនអាចប្រៀបផ្ទឹម ជាមួយអាវុធមួយចំនួនដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យអ៊ុយក្រែននោះទេ។ ក៏ប៉ុន្តែ ការណ៍ដែលមានគា្រប់កាំភ្លើងធំគ្រប់គ្រាន់ វាអាចអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីបន្តបាញ់ផ្លោងលើកងកម្លាំងអ៊ុយក្រែនកុំឱ្យរើខ្លួនរួច ខណៈមីស៊ីលបាលិស្ទីគណាមួយរបស់កូរ៉េខាងជើង អាចសម្រួលដល់កងទ័ពរុស្ស៉ីធ្វើឱ្យថយចុះនូវបរិមាណស្ដុកទុកមីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិក ដែលត្រូវបានដាក់ពង្រាយដើម្បីការពារ ទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន។

* អ្វីទៅជាផលវិបាកសម្រាប់សហរដ្ឋអាមេរិក?
ការផ្ទេរអាវុធបន្ថែមណាមួយរបស់កូរ៉េខាងជើងទៅឱ្យរុស្ស៉ី ក៏អាចនឹងបង្កើនតម្រូវការអាវុធរបស់អ៊ុយក្រែនផងដែរ។ បានន័យថាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបជាដៃគូ ត្រូវបង្កើនការផ្ដល់ជំនួយយោធា ដល់ទីក្រុងកៀវដូចគ្នាដែរ។ ជំនួយកាន់តែច្រើនដែលលោក គីម ជុងអ៊ុន ទទួលបានពីរុស្ស៉ី អាចនឹងជំរុញឱ្យលោកកាន់តែមានកម្លាំងចិត្ត ក្នុងការមិនអើពើចំពោះសំណើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹង កិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ។ លើសពីនេះទៅទៀត បច្ចេកវិទ្យាអាវុធថ្មីៗដែលទទួលបានពីរុស្ស៉ី នឹងជួយពង្រឹងសមត្ថភាពវាយប្រហាររបស់កូរ៉េខាងជើង លើគោលដៅនានាក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលសុទ្ធសឹងទទួលឱ្យកងទ័ពអាមេរិកឈរជើង ឬក៏អាចជួយឱ្យទីក្រុងព្យុងយ៉ាងសម្រេចបាននូវបច្ចេកវិទ្យាបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក ក៏ថាបាន។

បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង YTN អំឡុងទស្សនកិច្ចនៅកូរ៉េខាងជើង លោក ពូទីន និងលោក គីម ជុងអ៊ុន អាចនឹងចុះហត្ថលេខាលើសន្ធិសញ្ញាមួយសម្រាប់ការធ្វើអន្តរាគមន៍យោធាជួយគ្នា ក្នុងករណី បន្ទាន់ទៀតផង។ ប្រសិនបើរឿងបែបនេះកើតឡើងមែន នោះវានឹងបង្កភាពស្មុគស្មាញដល់សហរដ្ឋអាមេរិក ក្នុងការរៀបចំផែនការសម្រាប់ស្ថានការណ៍អាសន្នណាមួយ ហើយនឹងបង្កើនហានិភ័យនៃការធ្វើ សកម្មភាពយោធាផងដែរ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង