សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងត្បូងបានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង គឺសម្ដេចតេជោបានខិតខំប្រឹងប្រែងពូនជ្រុំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងនឹងសហការគ្នារៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ។
នៅក្នុងឱកាសនោះផងដែរឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនជាលំដាប់ និងបន្តដោយការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ទំនាក់ទំនងនេះត្រូវបានពូនជ្រុំបន្ថែមទៀត រហូតដល់ក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។
ឯកឧត្តមបានចាត់ទុកតួអង្គសម្ដេចតេជោគឺជាអ្នកពូនជ្រុំនិងជាស្ថាបនិកនៃការបង្កើតនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថានៅក្នុងអាណត្តិឯកឧត្តមជាឯកអគ្គរដ្ឋទូត ឯកឧត្តមនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោបានអរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានលើកឡើងពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានកត់សម្គាល់ថា នៅឆ្នាំក្រោយខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ភាគីទាំងពីរគួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពីព្រោះថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យទៅហើយ ដូច្នេះទំនាក់ទំនងនេះគួរតែបន្ថែមទៀតដោយលើកកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតប ពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ រំពឹងថា នឹងអាចដំឡើងកម្រិតពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឯកឧត្តមផ្ទាល់នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាច្រើន ដើម្បីដំឡើងកម្រិតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់៕






