វិភាគអន្តរជាតិ៖ ហេតុអ្វីវៀតណាម ក្រាលព្រំក្រហមទទួលលោក ពូទីន ខណៈល្អូកល្អិនជាមួយអាមេរិក?
(ហាណូយ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងដើម្បីជួបពិភាក្សា ជាមួយមេដឹកនាំគណបក្សកម្មុយនិស្ដ ក្នុងដំណើរឈប់សំចតចុងក្រោយរបស់លោកក្នុងប្រទេសចំនួន២ នៅអាស៊ី បន្ទាប់ពីបានចុះសន្ធិសញ្ញាយោធាជាមួយកូរ៉េខាងជើង កាលពីថ្ងៃពុធ។ សង្រ្គាម របស់លោក ពូទីន នៅអ៊ុយក្រែន បានធ្វើឱ្យរូបលោកឯកោពីលោកខាងលិច ហើយតម្រូវការអាវុធបានជំរុញឱ្យរូបលោកខិតកាន់តែកៀកទៅរកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ទាំងលោក ពូទីន និងលោក គីមមានសត្រូវរួមគឺសហរដ្ឋអាមេរិក ហើយជាការផ្ញើសារមួយទៅកាន់វ៉ាស៊ីនតោន មេដឹកនាំទាំង២បានចុះសន្ធិសញ្ញាយោធាមួយភ្ជាប់ជាមួយការសន្យាជួយគ្នាទៅវិញទៅមក ក្នុងករណីភាគីម្ខាងណា រងការឈ្លានពាន។
ផ្ទុយពីនៅកូរ៉េខាងជើង នៅទីក្រុងហាណូយ លោក ពូទីន នឹងត្រូវជួបជាមួយមេដឹកនាំវៀតណាម ដែលកំពុងព្យាយាមពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក។ តែយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ន មូស្គូនៅតែជាប្រភពផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ហាណូយ ហើយការរក្សាទំនាក់ទំនងបែបនេះជាមួយវៀតណាម គឺជាគោលបំណងធំមួយរបស់លោក ពូទីន។ វាជាទស្សនកិច្ច លើកទី៥ របស់លោក ពូទីន នៅវៀតណាម និងធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រួមទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានព្យាយាមស្វែងរក ការធានាពីទីក្រុងហាណូយថានឹងមិនជ្រើសរើសឈរនៅខាងមហាអំណាចណាមួយឡើយ។ សម្រាប់វៀតណាម ទស្សនកិច្ចរបស់លោក ពូទីន នឹងក្លាយជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងជាមួយ រុស្ស៉ីដែលជាដៃគូដ៏សំខាន់របស់ខ្លួនក្នុងវិស័យការពារជាតិ។ ទោះជាវៀតណាមបានធ្វើបច្ចុប្បន្នភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក៏ពិតមែន តែហាណូយនៅតែបន្តទិញអាវុធជាសម្ងាត់ពីរុស្ស៉ី ដោយបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ មុនលោក ពូទីន ទៅដល់វៀតណាម ទីក្រុងវ៉ាស៊ីនតោន បានរិះគន់ទីក្រុងហាណូយត្រង់ៗសម្រាប់ការអញ្ជើញលោក ពូទីន ធ្វើទស្សនកិច្ចផ្លូវរដ្ឋ ដោយសង្កត់ធ្ងន់ថា «ប្រទេសទាំងអស់មិនគួរផ្ដល់ឱកាស ឬវេទិកាឱ្យលោក ពូទីន លើកកម្ពស់សង្រ្គាមឈ្លានពានរបស់លោក និងប្រែក្លាយអំពើឃោរឃៅរបស់លោកទៅជារឿងធម្មតានោះទេ»។ យ៉ាងណាមិញ ក្នុងសប្ដាហ៍នេះដែរ ប្រធានាធិបតីថ្មីរបស់វៀតណាម លោក To Lam បានប្រាប់មន្ត្រីទូតរុស្ស៉ីថាហាណូយតែងតែចាត់ទុករុស្ស៉ីជាដៃគូជាអាទិភាពកំពូលមួយជានិច្ច នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។
* ទំនាក់ទំនងបន្តពីអតីតកាល
បើត្រឡប់ទៅកាលពីឆ្នាំ១៩៥០ សហភាពសូវៀតបានស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់វៀតណាមខាងជើង។ ទីក្រុងមូស្គូបានក្លាយជាម្ចាស់ជំនួយដ៏ធំរបស់វៀតណាម ជាពិសេសគឺ ការផ្ដល់ជំនួយយោធា នៅពេលដែលហាណូយត្រូវធ្វើសង្រ្គាមប្រឆាំងបារាំង និងសហរដ្ឋអាមេរិក។ ទំនាក់ទំនងក្នុងវិស័យការពារជាតិនេះឯងគឺជាស្នូលដ៏សំខាន់នៃទំនាក់ទំនងលើវិស័យជាច្រើនទៀត រវាងប្រទេសទាំង២ ដែលធ្លាប់មានមនោគមន៍វិជ្ជាកុម្មុយនិស្ដរួមគ្នាអស់ជាច្រើនឆ្នាំ។ លោក ពូទីន បានទៅដល់វៀតណាមដោយមានរដ្ឋមន្ត្រីការពារជាតិថ្មី លោក Andrei Belousov អមដំណើរទៅ ជាមួយ បានបង្ហាញយ៉ាងច្បាស់ថាបញ្ហាសន្តិសុខ និងយោធាគឺជារបៀវារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក។ លោក Nguyen The Phuong ជាអ្នកជំនាញខាងកិច្ចការយោធារបស់វៀតណាម មកពីសាកលវិទ្យាល័យ University of New South Wales ក្នុងប្រទេសអូស្ត្រាលី បាននិយាយថានៅក្នុងឃ្លាំងអាវុធរបស់វៀតណាម មានបរិក្ខារយោធាទិញពីរុស្ស៉ីចន្លោះពី៦០ ទៅ៧០ភាគរយ។ រុស្ស៉ីបានផ្គត់ផ្គង់ឱ្យវៀតណាមដូចជា ប្រព័ន្ធខែលប្រឆាំងមីស៊ីល នាវាមុជទឹកប្រភេទ Kilo-class ៦គ្រឿង យន្ដហោះចម្បាំង និងអាវុធជាច្រើនទៀត។ បើតាមអ្នកជំនាញរូបនេះដដែល នាវាចម្បាំង របស់វៀតណាមស្ទើរតែទាំងអស់ គឺទិញពីរុស្ស៉ី ខណៈរថក្រោះ T-90 របស់រុស្ស៉ីដែលវៀតណាមបានទិញកាលពីឆ្នាំ២០១៦ បានក្លាយជាឆ្អឹងខ្នងនៃកងរថក្រោះរបស់វៀតណាម។ នេះមានន័យថា វៀតណាមនឹងនៅតែបន្តពឹងផ្អែកលើរុស្ស៉ី ខាងវិស័យការពារជាតិ រាប់ឆ្នាំទៅមុខទៀត។
* ប្រឹងស្និទ្ធជាមួយសហរដ្ឋអាមេរិក តែនៅតែមានកូនចិត្តសង្ស័យ
ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ បានបង្កើនការព្រួយបារម្ភដល់ថ្នាក់ដឹកនាំវៀតណាមថាតើរុស្ស៉ីអាចបន្តធ្វើជាអ្នកផ្គត់ផ្គង់អាវុធគួរឱ្យទុកចិត្តតទៅមុខទៀតដែរ ឬទេ? ហើយក៏បាន និងកំពុងបង្កផលលំបាកដល់វៀតណាមផងដែរក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ីផង និងខិតទៅរកលោកខាងលិចផងក្នុងពេលជាមួយគ្នា។ ណាមួយ ថ្នាក់ដឹកនាំវៀតណាមមួយចំនួនកំពុង សង្ស័យពីសមត្ថភាពជាក់ស្ដែងនៅលើសមរភូមិរបស់រថក្រោះ T-90 ក្រោយមើលឃើញវីដេអូបង្ហាញពីដ្រូនរបស់អ៊ុយក្រែនអាចកម្ទេចរថក្រោះរបស់រុស្ស៉ី។ កាន់តែសំខាន់ជាងនេះទៅទៀត នោះគឺ វៀតណាមមានការព្រួយបារម្ភចំពោះទំនាក់ទំនងស៊ីជម្រៅរវាងរុស្ស៉ី និងចិន ដែលហាណូយចាត់ទុកថាជាការគំរាមកំហែងមួយ ដោយសារតែជម្លោះដែនទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង។ ម្លោះហើយ ជាវិធានការបង្ការទុកមុន វៀតណាមបានចាប់ផ្ដើមងាកទៅទិញអាវុធពីបណ្ដាប្រទេសផ្សេងទៀតដូចជាកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងសាធារណរដ្ឋឆែក ដើម្បីធ្វើពិពិធកម្មប្រភពទិញអាវុធ ហើយក៏កំពុង ព្យាយាមអភិវឌ្ឍឧស្សាហកម្មយោធានៅក្នុងស្រុកដែរ។ ចំណែក សហរដ្ឋអាមេរិកវិញបានបង្កើនការអនុម័តការលក់អាវុធឱ្យវៀតណាម។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថាថ្នាក់ដឹកនាំយោធាវៀតណាម នៅតែមានការសង្ស័យចំពោះសហរដ្ឋអាមេរិក។ វៀតណាមមិនអាចយកជោគវាសនាប្រទេសរបស់ខ្លួន ទៅផ្ញើនឹងប្រទេសមួយដូចជាសហរដ្ឋអាមេរិក ដែលរាល់ការលក់អាវុធត្រូវឆ្លងកាត់ការយល់ព្រម ជាមុនពីសភា ដែលអាចភ្ជាប់កិច្ចព្រមព្រៀងទៅនឹងបញ្ហាសិទ្ធិមនុស្សនោះទេ។
* រុស្ស៉ី និងវៀតណាម ចូលហ៊ុនគ្នារកស៊ីខាងប្រេង
រុស្ស៉ីជាម្ចាស់ភាគហ៊ុនដ៏សំខាន់មួយនៅក្នុងវិស័យរុករកប្រេង និងឧស្ម័នរបស់វៀតណាម។ Vietsovpetro គឺជាគម្រោងមួយដំណើរការរួមគ្នាដោយក្រុមហ៊ុនរុស្ស៉ី Zarubezhneft និងក្រុមហ៊ុនរដ្ឋវៀតណាម PetroVietnam ដែលកំពុងធ្វើប្រតិបត្តិការកន្លែងចម្រាញ់ប្រេង Bach Ho ធំបំផុតរបស់វៀតណាម។ ទាំងរុស្ស៉ី និងវៀតណាម បានកើបលុយរាប់លានដុល្លារពីគម្រោង Vietsovpetro ហើយក្រុមហ៊ុន Zarubezhneft និង Gazprom រួមទាំងក្រុមហ៊ុនរដ្ឋរុស្ស៉ីផ្សេងទៀត ក៏បានបោះទុនវិនិយោគក្នុងគម្រោងរុករកប្រេងជាច្រើនក្នុងប្រទេសវៀតណាមផងដែរ។ សម្រាប់រុស្ស៉ី គម្រោងទំាងនេះពិតជាមាន សារៈសំខាន់ ក្នុងបរិបទដែលការនាំចេញប្រេង និងឧស្ម័នទៅកានអឺរ៉ុបធ្លាក់ចុះ ដោយសារតែទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ប៉ុន្តែ គម្រោងទាំងនេះបែរជាធ្វើឱ្យចិនខឹងសម្បារទៅវិញ ព្រោះមានទីតាំងស្ថិត ក្នុងដែនទឹកដែលចិន និងវៀតណាមកំពុងមានជម្លោះអធិបតេយ្យ។
* លោក ពូទីន មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមេដឹកនាំធំៗរបស់វៀតណាម
នៅដើមទសវត្សរ៍ឆ្នាំ១៩៥០ ក្រុមមន្ត្រីបក្សកម្មុយនិស្ដវៀតណាម អ្នកជំនួញធំៗ វេជ្ជបណ្ឌិត គ្រូបង្រៀន និងទាហានរាប់ពាន់នាក់ បានឆ្លងកាត់ការបណ្ដុះបណ្ដាលនៅក្នុងអតីតសហភាពសូវៀត និងរុស្ស៉ី។ ក្នុងចំណោមអ្នកទាំងនេះក៏មានប្រធានបក្សកុម្មយនិស្ដសព្វថ្ងៃ លោក Nguyen Phu Trong ផងដែរ។ ប៉ុន្តែ អ្នកមួយចំនួនយល់ថាទំនាក់ទំនងស៊ីជម្រៅទាំងនោះត្រូវបានបោះបង់ចោលដោយអតីតមេដឹកនាំ សូវៀតចុងក្រោយគេ លោក Mikhail Gorbachev និងប្រធានាធិបតីរុស្ស៉ីដំបូងគេ លោក Boris N. Yeltsin។ «វៀតណាមមានអារម្មណ៍ថាលោក Gorbachev ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានបោះបង់ចោល វៀតណាម ក្រោមកិច្ចប្រឹងប្រែងស្ដារទំនាក់ទំនងល្អជាមួយចិន។ រីឯលោក Yeltsin ពេញមួយទសវត្សរ៍ឆ្នាំ១៩៩០ សឹងតែមិនបានចាប់អារម្មណ៍លើវៀតណាមឡើយ។ រហូតទាល់តែលោក ពូទីន ឡើងកាន់ អំណាចក្នុងឆ្នាំ២០០០ ទើបរុស្ស៉ីផ្ដើមពង្រឹងទំនាក់ទំនងជាមួយវៀតណាម ធ្វើឱ្យប្រជាជនវៀតណាមដឹងគុណជានិច្ច»។ នេះជាការលើកឡើងរបស់លោក Ian Storey មកពីវិទ្យាស្ថាន ISEAS-Yusof Ishak។
លោក Ian Storey បន្ថែមទៀតថាថ្នាក់ដឹកនាំវៀតណាមធំៗចូលចិត្តលោក ពូទីន ពីព្រោះរូបលោកបានធ្វើឱ្យទំនាក់ទំនងវៀតណាម និងរុស្ស៉ីត្រឡប់ទៅរកផ្លូវរីកចម្រើន៕ ប្រភពៈ News News