Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីខែរ៉ាម៉ាឌន ជាចំណុចក្ដៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល-ហាម៉ាស?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 295
វិភាគអន្តរជាតិ៖ ហេតុអ្វីខែរ៉ាម៉ាឌន ជាចំណុចក្ដៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល-ហាម៉ាស? វិភាគអន្តរជាតិ៖ ហេតុអ្វីខែរ៉ាម៉ាឌន ជាចំណុចក្ដៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល-ហាម៉ាស?

(វ៉ាស៊ីនតោន)៖ កិច្ចចរចាស្ដីពីបទឈប់បាញ់នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា និងធានាឱ្យមាន ការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនកំពុងជាប់ឃុំនៅអ៉ីស្រាអែលបានជាប់គាំង ខណៈនៅសល់មិនដល់មួយសប្ដាហ៍ទៀតទេ អ្នកកាន់សាសនាអ៉ីស្លាមនៅជុំវិញពិភពលោកនឹងចាប់ផ្ដើមអនុវត្តកាតព្វកិច្ចតមអាហារនៅពេលថ្ងៃ ក្នុងខែរ៉ាម៉ាឌន (Ramadan)។

ក្រុមមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោន និងមជ្ឈិមបូព៌ា បានចាត់ទុកខែរ៉ាម៉ាឌន ដែលជាខែដ៏ពិសិដ្ឋសម្រាប់អ្នកកាន់សាសនាអ៉ីស្លាម និងដែលអាចនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយនេះ គឺជា កាលបរិច្ឆេទកំណត់ក្រៅផ្លូវការមួយ ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ចំពោះមុខការព្រួយបារម្ភថាការប៉ះទង្គិចគ្នាណាមួយ ក្នុងខែរ៉ាម៉ាឌន ងាយនឹងកាន់តែដុតបញ្ឆេះ ភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។ ក្រុមអ្នកចរចាមកពីប្រទេសកាតា អេហ្ស៉ីប និងសហរដ្ឋអាមេរិកបានព្យាយាមសម្របសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៤០នាក់ ដើម្បីដោះដូរជាមួយបទឈប់បាញ់រយៈពេល ៦សប្ដាហ៍ ការបង្កើនលំហូរជំនួយចូលក្នុងតំបន់ហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ចេញពី ពន្ធនាគារអ៉ីស្រាអែល។

តែកិច្ចចរចារយៈពេល ៣ថ្ងៃ ក្នុងទីក្រុងគែរ កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានបរាជ័យដោយមិនអាចសម្រេចបានច្រកចេញ ឬលទ្ធផលផ្លែផ្កាអ្វីនោះទេ ហើយអ៉ីស្រាអែល និងហាម៉ាស បានចោទប្រកាន់ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជុំវិញបរាជ័យនេះ។ អ៉ីស្រាអែលបានចោទហាម៉ាសថាបានច្រានចោលសំណើរបស់អ៉ីស្រាអែលទាមទារបញ្ជីឈ្មោះចំណាប់ខ្មាំង អ៉ីស្រាអែលនៅមានជីវិតដែលអាចនឹងត្រូវបានដោះលែងក្រោមក្របខណ្ឌនៃកិច្ចព្រមពៀង រីឯមន្ត្រីជាន់ខ្ពស់ហាម៉ាស លោក Osama Hamdan បាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែមីនា ថាហាម៉ាសចង់បានបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ រួមទាំងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា។ ប៉ុន្តែសំណើបែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងការប្ដេជ្ញាចិត្តរបស់លោក នាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ដែលបានប្រកាសប្រាប់ពិភពលោកថានឹងកម្ទេចក្រុមហាម៉ាសឱ្យបានដាច់ខាត។

ដោយលើកឡើងពីភាពចាំបាច់នៃបទឈប់បាញ់មុនខែរ៉ាម៉ាឌន លោក Majed al-Ansari ជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រីកាតា លើកឡើងនូវការព្រួយបារម្ភពី លទ្ធភាពនៃការផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល ហើយការព្រួយបារម្ភស្រដៀងគ្នានេះក៏ត្រូវបានលើកឡើងផងដែរដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានព្រមានពីស្ថានការណ៍ ដ៏គ្រោះថ្នាក់ជាទីបំផុត ប្រសិនបើមិនអាចមានបទឈប់បាញ់នៅមុនខែរ៉ាម៉ាឌនទេ។ ក្នុងខែរ៉ាម៉ាឌន ដែលនឹងមានការប្រារព្ធព្រឹត្តិការណ៍ពិសេសមួយចំនួន មិនត្រឹមតែងាយនឹងដុតបញ្ឆេះភ្លើង សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនឹងធ្វើឱ្យភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាឡើងកម្ដៅកាន់តែខ្លាំងផងដែរ។ លោក Benny Gantz ជាសមាជិកម្នាក់នៃ គណៈរដ្ឋមន្ត្រីកិច្ចការសង្រ្គាមរបស់អ៉ីស្រាអែល បានបញ្ជាក់ក្នុងសុន្ទរកថាមួយកាលពីខែកុម្ភៈថាអ៉ីស្រាអែលនឹងចាប់ផ្ដើមបើកការវាយលុកដោយកងទ័ពថ្មើរជើងចូលក្នុងទីក្រុង Rafah នៃភាគខាងត្បូងហ្កាហ្សា ប្រសិនបើចំណាប់ខ្មាំងនៅសេសសល់មិនត្រូវបានដោះលែងនៅមុនខែរ៉ាម៉ាឌនទេនោះ។

ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៥លាននាក់ កំពុងជ្រកកោនក្នុងទីក្រុង Rafah ហើយក្រុមអ្នកផ្ដល់ជំនួយបានព្រមានថាទីក្រុងមួយនេះនឹងក្លាយជា «ថ្លុកឈាម» បើកងទ័ពអ៉ីស្រាអែលពិតជា វាយលុកចូលទីក្រុង Rafah មែននោះ។ មកទល់នឹងពេលនេះមានជនជាតិប៉ាឡេស្ទីនលើស ៣០ ០០០នាក់ហើយត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ជាការសងសឹក ទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនដែលសម្លាប់មនុស្ស ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង។ ខណៈ ការផ្គត់ផ្គង់ជំនួយនៅតែមានការរឹតត្បិតខ្លាំង ក្រុមអ្នកធ្វើការលើកិច្ចការមនុស្សធម៌បានបង្កើនការចេញសារព្រមានពីគ្រោះទុរភិក្សក្នុងតំបន់ហ្កាហ្សា។ តួយ៉ាង ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានព្រមានកាលពីថ្ងៃចន្ទ ទី៤ ខែមីនាថាកុមារក្នុងតំបន់ហ្កាហ្សាចាប់ផ្ដើមស្លាប់ជាបណ្ដើរៗហើយដោយសារតែគ្រោះអត់ឃ្លាន។ ដូច្នេះបើ គ្មានបទឈប់បាញ់ទេ ចំនួនអ្នកស្លាប់ និងការបំផ្លិចបំផ្លាញក្នុងតំបន់ហ្កាហ្សាអាចនឹងធ្វើឱ្យប៉ះទង្គិចកាន់តែខ្លាំងដល់ផ្លូវចិត្តរបស់ជនមូស្លីម ឬអ្នកកាន់សាសនាអ៉ីស្លាមនៅទូទាំងតំបន់មជ្ឈិមបូព៌ា ជាពិសេសក្នុងពេលពួកគេត្រូវអនុវត្តកាព្វកិច្ចតមអាហារនៅពេលថ្ងៃក្នុងខែរ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋមួយក្នុងប្រតិទិនអ៉ីស្លាម។ «វានឹងបន្ថែមការមិនពេញចិត្ត និងការខឹងសម្បារលើស្ថានការណ៍ ដ៏រន្ធត់ដែលបានកើតឡើងរួចទៅហើយ ក៏ដូចជានឹងក្លាយជាការដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលអារ៉ាប់ យ៉ាងហោចណាស់ត្រូវបង្ហាញប្រជាជនរបស់ខ្លួនឃើញថាពួកគេកំពុងព្យាយាម ដោះស្រាយបញ្ហា»។ នេះជាការយល់ឃើញរបស់លោក Khaled Elgindy ជានាយកកម្មវិធីស្ដីពីប៉ាឡេស្ទីននៃវិទ្យាស្ថានមជ្ឈិមបូព៌ា (Middle East Institute)។

ជាការពិតណាស់ បើគេនិយាយពីភាពតានតឹងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន គឺមិនអាចមិននិយាយនោះទេពីវិហារអាល់អឹកស (Al-Aqsa) ក្នុងទីក្រុងហ្ស៊េរុយសាឡិម។ Al-Aqsa គឺជាជាទីសក្ការៈ ទាំងសម្រាប់ជនជាតិជ្វីហ្វ និងមូស្លីម ហើយក៏ជាប្រភពនៃភាពតានតឹងដ៏យូរអង្វែងមករវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនផងដែរ ជាពិសេសនៅអំឡុងខែរ៉ាម៉ាឌនតែម្ដង ជាពេលដែលជនមូស្លីម (អ្នកកាន់សាសនាអ៉ីស្លាម) រាប់សែននាក់ចង់ចូលក្នុងវិហារនេះ ដើម្បីថ្វាយបង្គំព្រះក្នុងខែរ៉ាម៉ាឌន និងការថ្វាយបង្គំនៅថ្ងៃសុក្រ។ លោក Joel Braunold ជានាយកគ្រប់គ្រងមជ្ឈមណ្ឌល Abraham សម្រាប់សន្តិភាពមជ្ឈិមបូព៌ា (Abraham Center for Middle East Peace) បាននិយាយថាការប៉ះទង្គិចគ្នាមួយក្នុងបរិវេណវិហារអាល់អឹកស គឺងាយនឹងផ្ទុះទៅជាបាតុកម្មតវ៉ា និងអំពើហិង្សា ជាទីបំផុត។ ជាឧទាហរណ៍៖ ការប៉ះទង្គិចគ្នារវាងជនជាតិប៉ាឡេស្ទីន និងប៉ូលិសអ៉ីស្រាអែលនៅឯវិហារអាល់អឹកស កាលពីឆ្នាំ២០២១ បានជំរុញឱ្យក្រុមហាម៉ាសបាញ់ស្រោចគ្រាប់រ៉ុក្កែតចូលក្នុងទឹកដី អ៉ីស្រាអែល ហើយការវាយប្រហារតាមផ្លូវអាកាសសងសឹករបស់យោធាអ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់។ តាមក្រុមអ្នកវិភាគ ក្រុមហាម៉ាសបានចាត់ទុកខ្លួនឯងជា «អ្នកការពារវិហារអាល់អឹកស» ពោលគឺនៅពេលបើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ចលនាប៉ាឡេស្ទីនមួយនេះបានដាក់ឈ្មោះឱ្យការវាយប្រហាររបស់ ខ្លួនថា «ប្រតិបត្តិការព្យុះអាល់អឹកស»។

ការណ៍នេះធ្វើឱ្យក្រុមមន្ត្រីអ៉ីស្រាអែលមានការព្រួយបារម្ភថាក្រុមហាម៉ាសមានចេតនាពន្យារពេលកិច្ចចរចាលើបទឈប់បាញ់ ដើម្បីប្រើប្រាស់ខែរ៉ាម៉ាឌន ដុតបញ្ឆេះភាពតានតឹង និងបំផុសគំនិតប្រឆាំង អ៉ីស្រាអែលនៅក្នុងតំបន់ បន្ទាប់ពីកាលពីសប្ដាហ៍មុន មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh បានអំពាវនាវឱ្យជនជាតិប៉ាឡេស្ទីននាំគ្នាដើរជាក្បួនដង្ហែរទៅកាន់វិហារអាល់អឹកស នៅពេល ខែរ៉ាម៉ាឌនចាប់ផ្ដើម ស្របពេលដែលចលនាប្រដាប់អាវុធប៉ាឡេស្ទីនអ៉ីស្លាមជីហាដ មានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា ក៏បានធ្វើការអំពាវនាវស្រដៀងគ្នានេះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ទី៦ ខែមីនា ក្រុមប្រឹក្សាសន្តិសុខសេតវិមានបានចេញសារព្រមានមួយថាក្រុមប្រដាប់អាវុធមួយចំនួនដែលវ៉ាស៊ីនតោនចាត់ទុកជាភេរវករទំនងជានឹងប្រើសង្រ្គាមហ្កាហ្សា និងភាពតានតឹងណាមួយនៅបរិវេណវិហារអាល់អឹកស ដើម្បីញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់ពួកគេបើកការវាយប្រហារលើជនជាតិអ៉ីស្រាអែល និងគោលដៅពាក់ព័ន្ធនឹងលោកខាងលិច។ ចំណែក រដ្ឋមន្ត្រីសន្តិសុខជាតិអ៉ីស្រាអែលមាននិន្នាការស្ដាំនិយមជ្រុល លោក Itamar Ben-Gvir បានអំពាវនាវឱ្យមានការរឹតត្បិតយ៉ាងតឹងរ៉ឹងលើជនមូស្លីម ក្នុងនោះរួមមានទាំងជនជាតិអ៉ីស្រាអែលមានដើម កំណើតអារ៉ាប់ដែលចង់ចូលទៅថ្វាយបង្គំក្នុងវិហារអាល់អឹកស។ ប៉ុន្តែ ជាផ្នែកមួយនៃការបន្ធូរបន្ថយ និងទប់ស្កាត់ភាពចលាចលទ្រង់ទ្រាយធំ រដ្ឋាភិបាលអ៉ីស្រាអែលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថាជនមូស្លីមមួយចំនួនអាចនឹងត្រូវបានអនុញ្ញាតឱ្យចូលថ្វាយបង្គំនៅវិហារនេះដូចឆ្នាំមុនៗ។

តាមលោក Braunold ខណៈក្រុមអ្នកចរចាកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យបានមុនខែរ៉ាម៉ាឌន ការចាប់ផ្ដើមនៃខែដ៏ពិសិដ្ឋមួយនេះក៏មិនមែនមានន័យថានឹងបិទបញ្ចប់ កិច្ចប្រឹងប្រែងការទូតស្វែងរកបទឈប់បាញ់ទាំងស្រុងឡើយ ដោយបើមានសន្ទុះគ្រប់គ្រាន់ កិច្ចព្រមព្រៀងឈប់បាញ់មួយអាចនឹងសម្រេចឡើងក្នុងអំឡុងខែរ៉ាម៉ាឌន ក៏ថាបាន៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង