សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍ របស់ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះរាល់ឧបសគ្គ សម្រេចបានសមិទ្ធផលជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងការគ្រប់គ្រង សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។
ក្រសួងមហាផ្ទៃបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបានសកម្មភាពភេរវកម្មទាំងឡាយ ទប់ស្កាត់ បានឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជនដឹកនាំប្រទេស ព្រមទាំងសម្រប សម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗ ឱ្យប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។
ឯកឧត្តមបានបន្តទៀតថា នៅឆ្នាំ២០២៣ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់អនុវត្តជា ប្រចាំ ដែលធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត រក្សាបាននូវប្រក្រតីភាពសង្គមគ្រប់វិស័យ។ ទោះបីស្ថានភាពបទល្មើសមានការកើនឡើង ប៉ុន្តែការបង្ក្រាបមានរហូតដល់ ៩០ភាគរយ នៃបទល្មើស ដែលបានកើតឡើង។ ការងារអត្តសញ្ញាណកម្ម ត្រូវបានពង្រឹងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញណ ខាងផ្លូវច្បាប់ពេញលេញ ព្រមទាំងទទួលបាននូវការគោរពសិទ្ធិ និងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។
សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងចំពោះការងារលាឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃដែលសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ជាពិសេសការចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។
សម្ដេចធិបតី បានមានប្រសាសន៍បន្តទៀតថា ក្រោយពីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មស្ថាប័ន ជាបណ្តើរៗបន្ថែម ដោយបានធ្វើវិចារណកម្មមុខងារ និងបានកែសម្រួលរបៀបរបបការងាររបស់អង្គភាពនីមួយៗឱ្យឆ្លើយតបទៅនឹងអាទិភាពការងារ និងការទទួលខុសត្រូវរបស់អង្គភាពទាំងនោះ ដោយក្នុងនោះ ក្នុងនីតិកាលថ្មីនេះ ក្រសួងបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី “ ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ” ដែលជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតួនាទី ភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចបានតាមគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់៕
.jpg)


.jpg)







.jpg)
.jpg)

.jpg)





















